រដ្ឋាភិបាលនឹងដាក់ដំណើរការ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថលក្នុងពេល​ដ៏ខ្លី​ខាងមុខនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រដ្ឋាភិបាល​កំពុងតែ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខនេះ។

គោលនយោបាយនេះ ដើម្បី​ផ្ដល់​ទិសដៅ​គោលនយោបាយ ​កាន់តែ​ច្បាស់លាស់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការធ្វើ​ឱ្យ​មាន​លក្ខណៈ​ឌីជីថល​ដល់​សេដ្ឋកិច្ច និង​សង្គម និង​ត្រូវ​ប្រើប្រាស់​ជា​យុទ្ធសាស្ដ្រ​ដ៏សំខាន់​ សម្រាប់​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

លោក​ហួត ពុំរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍​ឲ្យ​ដឹងក្នុងសិក្ខាសាលាពាក់ព័ន្ឋ នឹងគោលនយោបាយឌីជីថលកាលពីម្សិលម៉ិញនេះថា ស្ថិតក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ​នេះ ទិន្នន័យ និង​កម្មវិធី​ឌីជីថល​មាន​សារៈសំខាន់ ​ក្នុង​ការទទួលយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​។ តាមន័យ​នេះ​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ ​ដែល​រួមមាន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ត្រូវតម្រូវ​ឱ្យធ្វើ​ការងារ​ជាមួយគ្នា​ ដើម្បី​ផ្ដួចផ្ដើម និង​អភិវឌ្ឍ​កម្មវិធី​ឌីជីថល ដែល​រួមបញ្ចូល​គ្នា និង​សហការ​បង្កើត​ផលិតផល និង​សេវាកម្ម​ឌីជីថល​ដើម្បី​បម្រើប្រជាជន”។

លោក​បន្តទៀតថា “​ដើម្បី​ជំរុញ និង​បង្កើនល្បឿន​ការទទួល​យក​ឌីជីថល ​នៅក្នុង​ចំណោម​ប្រជាជន ​តាមរយៈ​ការទទួលបាន​សេវាកម្ម​សាធារណៈ ​កាន់តែ​ទូលំទូលាយ រដ្ឋាភិបាល​នឹង​ដឹកនាំ​ក្នុងការ​បង្កើត​កម្មវិធី​ឌីជីថល​រដ្ឋ ដោយ​លើកកម្ពស់​មាតិកា​ឌីជីថល និង​ធ្វើ​ពិពិធកម្ម​កម្មវិធី​”។

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ដ្រ​នៃ​ការស្ទុះ​ងើបឡើង​វិញ​រហ័ស លោក​បន្តថា កម្មវិធី​ឌីជីថល​សំខាន់ៗ​មួយចំនួន និង​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់​រួចហើយ ជាពិសេស​កម្មវិធី​ការផ្លាស់ប្តូរ​ទិន្នន័យ​កម្ពុជា ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ក្លាយទៅជា​ផ្លេតហ្វម​មូលដ្ឋាន ​ដែល​ផ្ដល់​ការចុះបញ្ជី​អាជីវកម្ម​អនឡាញ ខណៈ​ច្រក​ទ្វារ​ទូទាត់​ជាតិ ដែលជា​ការទូទាត់​ឌីជីថល និង​គម្រោង​បាគង រូបិយប័ណ្ណ​ឌីជីថល​ធនាគារកណ្ដាល​ (CBDC) ព្រមទាំង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​ទៀត​ដូចជា​ការចុះហត្ថលេខា និង​អត្តសញ្ញា​ឌីជីថល​ជាដើម​។

លោកហួត ពុំបានបន្ថែមថា​ “​កម្ពុជា​មាន​សុទិដិ្ឋនិយម​ថា ការធ្វើឱ្យ​មាន​លក្ខណៈ​ឌីជីថល និង​ព័ត៌មាន​ឌីជីថល​នឹង​ជំរុញ​ភាពធន់ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បរិយាប័ន្ន​នៅក្នុង​បរិបទ​ការស្ទុះ​ងើបឡើង​វិញ​ក្រោយ​ជំងឺ​កូវីដ​១៩​”។លោកបន្ថែមថា “”ភាពជោគជ័យ​នៃ​ការផ្លាស់ប្តូរ​នេះ​ នឹង​ទាមទារ​ឱ្យមាន​ការគាំទ្រ​ដ៏ពេញទំហឹង និង​ការសហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់”។

យោងតាមរបាយការណ៍​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ​២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ស្តីពី “​ការធ្វើឱ្យ​ដំណើរការ​វេទិកា​ឌីជីថល​សម្រាប់​អាស៊ី” បាន​បង្ហា​ញថា ប្រាក់​ចំណូល​ឌីជីថល​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៩ មាន​ចំនួន​សរុប៤៧០​លាន​ដុល្លារ​។ បើ​គិត​តាម​វិស័យ ពាណិជ្ជកម្ម​អេឡិចត្រូនិក​មាន​ចំនួន២៧,៦ ​ភាគរយ សេវាកម្ម​អេឡិចត្រូនិកមាន៧,៨​ភាគរយ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល១០,២​ភាគរយ បច្ចេកវិទ្យា​ផ្សព្វផ្សា​យ​ពាណិជ្ជកម្ម (AdTech) ១២,៧​ភាគរយ ការដឹកជញ្ជូន៣,៨​ភាគរយ និង​ការធ្វើ​ដំណើរ​អនឡាញ៣៧,៩ភាគរយ​៕

ច្រកព្រំដែនទ្វេរភាគីជាមួយប្រទេសជិតខាងចំនួន៩នឹងត្រូវដំឡើងជាច្រកទ្វារអន្តរជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ច្រកទ្វារព្រំដែនទ្វេរភាគីជាមួយប្រទេសជិតខាងចំនួន៩ នឹងត្រូវដំឡើងជាច្រកទ្វារអន្តរជាតិនាពេលខាងមុខ ដើម្បីសម្រួលការដឹកជញ្ជូននិងលំហូរពាណិជ្ជកម្ម។

យោងតាមឯកសារក្រសួងមហាផ្ទៃបានឲ្យដឹងថា កម្ពុជាមានច្រកទ្វារព្រំដែនសម្រាប់ទំនាក់ទំនងក្រៅប្រទេសចំនួនសរុប៨៣កន្លែង ដែលមានទាំងច្រកទ្វារព្រំដែនគោក ព្រំដែនទឹក និងអាកាស។

មានច្រកទ្វារព្រំដែនចំនួន៩កន្លែង ជាប់ខេត្តចំនួន៩ ដែលរដ្ឋាភិបាលកំពុងសម្រេចត្រៀមដំឡើង ទៅជាច្រកព្រំដែនអន្តរជាតិនៅពេលខាងមុខ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ច្រកទ្វារទាំង ០៩ កន្លែងដែលគ្រោងដំឡើងជាច្រកទ្វារអន្តរជាតិរួមមាន ទី១ ច្រកទ្វារទ្វេភាគី ដា (ខេត្តត្បូងឃ្មុំ) ទី២ ច្រកទ្វារតំបន់ សំរោង (ខេត្តស្វាយរៀង) ទី៣ ច្រកទ្វារ ស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) ទី៤ ច្រកទ្វារតំបន់ ជប់គគីរ (ខេត្តឧត្តរមានជ័យ) ទី៥ច្រកទ្វារតំបន់ អានសេះ (ខេត្តព្រះវិហារ) ទី៦ ច្រកទ្វារតំបន់ ផ្លូវ ៥៦ (ថ្មដា) (ខេត្តពោធិ៍សាត់) ទី៧ ច្រកទ្វារទ្វេភាគី ជ្រៃធំ (ខេត្តកណ្តាល) ទី៨ ច្រកទ្វារ ម៉ឺនជ័យ (ខេត្តព្រៃវែង) និងទី៩ កំពង់ផែ កែប (ខេត្តកែប)៕

 

ខេត្តព្រះសីហនុកំពុងធ្វើដំណើរឆ្ពោះទៅរកការអភិវឌ្ឍតាមលំនាំនៃទីក្រុងShenzhen ឈានមុខគេលើពិភពលោក

ដោយៈ ម៉ាណេត

ព្រះសីហនុៈ ខេត្តព្រះសីហនុត្រូវបានមើលឃើញថា មានរីកចម្រើនឥតឈប់ឈររាប់ចាប់អាគារទំនើបខ្ពស់ៗ រហូតដល់កំពង់ផែទឹកជ្រៅ ដែលច្រកនាំចេញចូលសំខាន់សម្រាប់ផលិតផលកម្ពុជា និងផលិតផលពីអន្តរជាតិ ខណៈរដ្ឋាភិបាលកំពុងយកចិត្តទុកក្នុងការប្រែក្លាយខេត្តនេះ ឱ្យជាទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

យោងតាមអនុក្រឹត្យ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គណៈកម្មធិការនេះ មានអក្សកាត់ «គ.ប.ដ» ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយអនុប្រធាន២រូប និងមានសមាសភាពសរុប២៥រូប។

សារព័ត៌មាន Global Time បានចុះផ្សាយកាលពីថ្មីៗនេះថា បន្ទាប់ពីអនុញ្ញាត ឱ្យនាវា MS Westerdam និងអ្នកដំណើរនិងនាវិកចំនួន២០០០នាក់ ចូលចតនៅកំពង់ផែកាលពីខែកុម្ភៈឆ្នាំ២០២០កន្លងមកនេះ បានធ្វើកំពង់ផែក្រុងព្រះសីហនុ ដែលមានសភាពស្ងប់ស្ងាត់ និងតូចមួយនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យមានការយកចិត្តទុកដាក់ជាសកល និងភាពអូអរឡើងវិញ។

ក្រៅពីការផ្តល់ជូនការចាកចេញ ប្រកបដោយសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ ក្រុងព្រះសីហនុ កំពុងស្ថិតនៅក្នុងការផ្តល់ឱកាស ដល់អ្នករស់នៅក្នុងតំបន់នេះយ៉ាងច្រើនផងដែរ ។

ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន បាននាំឱ្យមានការអភិវឌ្ឍន៍សួនឧស្សាហកម្ម រោងចក្រ លំនៅដ្ឋាន ពាណិជ្ជកម្ម សណ្ឋាគារភោជនីយដ្ឋាននិងកាស៊ីណូផងដែរ។ ទីក្រុងទេសចរណ៍មាត់សមុទ្រ កំពុងផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាទីក្រុងShenzhen និងក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មនុស្សមួយចំនួនបានចាប់ផ្តើមហៅក្រុងព្រះសីហនុថាជាទីក្រុង Shenzhen ទី២។ ផ្លូវឆ្ពោះទៅការអភិវឌ្ឍមិនងាយស្រួលទេ ព្រោះទីក្រុងនៅតែប្រឈមនឹងបញ្ហាអភិវឌ្ឍន៍ជាច្រើន ប៉ុន្តែការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងការបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបានក្លាយជាការមូលមតិគ្នាលើវិធីដើម្បីឆ្ពោះទៅមុខ។

ក្រុងព្រះសីហនុមានមូលដ្ឋានគ្រឹះល្អ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ ទោះយ៉ាងណាប្រជាជនកម្ពុជានៅមានលទ្ឋភាពតិចតួច ដើម្បីឆ្លើយតបស្របទៅនឹងទីផ្សារថ្មីនេះ មានន័យថា ការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នៅតែប្រឈមនឹងកង្វះដើមទុន និងហេដ្ឋារចនាសម្ព័ន្ធបាននិងកំពុងអភិវឌ្ឍន៍។ ទុនវិនិយោគរបស់ចិនបានចាប់ផ្តើមជួយប្រទេសកម្ពុជា ឱ្យជៀសផុតពីឧបសគ្គទាំងនេះ។

កោះរ៉ុងព្រះសីហនុ មានអគារពាណិជ្ជកម្ម និងលំនៅដ្ឋានថ្មីៗជាច្រើន ដែលមានសំណង់ជាច្រើនទៀត ដែលធ្វើរកទីកន្លែងណាមួយ នៅក្នុងទីក្រុងព្រះសីហនុនៅទំនេរនោះទេ។

ខេត្តព្រះសីហនុបានអភិវឌ្ឍន៍ ពីទីក្រុងកំពង់ផែសមុទ្រដ៏ស្ងប់ស្ងាត់ ទៅជាទីក្រុងមានសភាពអ៊ូអរ នៅពេលដែលជនជាតិចិនកាន់តែច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក្រុមហ៊ុន និងអចលនទ្រព្យ ដូចទៅនឹងទីក្រុងShenzhen។

និន្នាការនេះ ត្រូវបានអមដោយការកើនឡើង នៃឧស្សាហកម្មសេវាកម្មទីក្រុងជាមួយភោជនីយដ្ឋាន និងសណ្ឋាគារចិន។

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានលើកឡើងថា ក្រោមការគាំទ្រពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ វិទ្យាស្ថានរៀបចំផែនការ និងរចនាប្លង់ទីក្រុងស៊ីនជិន បាននឹងកំពុងជួយក្រុងព្រះសីហនុ ក្នុងការរៀបចំបញ្ចូលទៅជា “ទីក្រុងសិនជិនកម្ពុជា” ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។

តើទីក្រុងShenzhenមានលក្ខណៈពិសេសបែបណា
ទីក្រុង Shenzhen ត្រូវបានគេចាត់ទុកថា ជាចំណុចសំខាន់នៃកំណែទម្រង់របស់ប្រទេសចិនអស់រយៈពេល៤០ឆ្នាំ ហើយឥឡូវនេះត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលច្នៃប្រឌិត ឈានមុខគេមួយរបស់ពិភពលោក។ ការកើនឡើងនេះ គឺជាករណីសិក្សាមួយសម្រាប់កំណើនសេដ្ឋកិច្ចបន្តរបស់ចិន។

ទី១ កំណែទម្រង់របស់ទីក្រុងសិនជិន ត្រូវបានគាំទ្រដោយរដ្ឋាភិបាលកណ្តាល។ ក្នុងខួបលើកទី៤០ នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងសិនជិន លោកប្រធានាធិបតីស៊ី ជីនពីង បានប្រកាសគាំទ្រដល់កំណែទម្រង់សាកល្បងទីក្រុង ដោយមានការអនុញ្ញាតគ្រប់ជ្រុងជ្រោយ មានតម្រូវការលើការធ្វើកំណែទម្រង់ស៊ីជម្រៅទូលំទូលាយ ការបើកទូលាយការធ្វើទំនើបកម្ម ប្រព័ន្ធអភិបាលកិច្ច និងជំរុញការអភិវឌ្ឍយ៉ាងសកម្ម។

ទី២ កម្លាំងពលកម្មវ័យក្មេង ដែលមានថាមពលខ្លាំងក្លាបានធ្វើឱ្យក្រុង Shenzhen ក្លាយជាចំណុចស្នូល នៃការផ្លាស់ប្តូរនិងរីកចម្រើន សម្រាប់អ្នកច្នៃប្រឌិតថ្មីរបស់ចិនជំនាន់ថ្មី។ ទីក្រុង Shenzhen មានសមាមាត្រខ្ពស់បំផុត នៃចំនួនប្រជាជនសរុបទីក្រុងណាមួយទូទាំងពិភពលោក។

ទី៣ ការតភ្ជាប់ក្នុងតំបន់បានបង្កើតទីក្រុងសិនជិន ជាមូលដ្ឋានសម្រាប់ការកែទម្រង់ និងបើកទូលាយរបស់ចិន៕

ដំំណឹងល្អៈរដ្ឋសភាអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិនហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋសភាបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិនហើយ នាព្រឹកថ្ងៃទី១៥ មិថុនានេះ ខណៈមន្រ្តីពាណិជ្ជកម្មបានថ្លែងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍៍ជាច្រើនដល់កម្ពុជា។

សម្តេចពញ្ញាចក្រីហេង សំរិនប្រធានរដ្ឋសភាបានដឹកនាំកិច្ចប្រជុំនេះ តាមរយៈប្រព័ន្ឋវីដេអូ ដោយអង្គប្រជុំក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ជូនដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញផងដែរ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន នឹងផ្តល់ផលប្រយោជន៍ច្រើនសំរាប់កម្ពុជា ដោយកម្ពុជាអាចពង្រីកទំហំពាណិជ្ជកម្មទៅកាន់ប្រទេសចិន និងធ្វើឲ្យកម្ពុជាអាចទាក់ទាញក្រុមហ៊ុនចិន អាមេរិក អឺរ៉ុបច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទំនិញទៅកាន់ប្រទេសចិនដោយរួចពន្ឋ។

លោកបន្តថា “បើកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលផលិតទំនិញរបស់ចិន ដើម្បីចែកចាយទៅកាន់់បណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសជាច្រើនទៀតនៅលើពិភពលោក”៕

 

អ្នកជំនាញៈ ការទិញលក់ដីធ្លីនៅតែមានភាពលេចធ្លោជាងគេក្នុងវិស័យអចលនទ្រព្យ

ដោយៈ សុខ ហេង

ភ្នំពេញៈ ការរកស៊ីទទួលទានក្នុងវិស័យដីធ្លីនៅតែមានភាពលេចធ្លោច្រើនជាងវិស័យផ្សេងៗទៀត ធៀបនឹងផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យ។ នេះបើយោងតាមការបញ្ជាក់របស់លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ាន់ស៍រៀលអ៊ីស្ទេត នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយគេហទំព័រ Property area.Asia កាលពីកាលពីថ្មីៗនេះ។

លោកបានថ្លែងថា ដំណាក់កាលទី១ មិនថាខុនដូ ឬការជួលអាគារ ហាក់ដូចជានៅទ្រឹងនៅឡើយ ព្រោះមិនទាន់មានតម្រូវការភ្លាមៗពិអ្នកទិញ បើទោះបីជារដ្ឋាភិបាលបានបើកឱ្យមានសកម្មភាពពចរាចរណ៍ឡើងវិញក៏ដោយ។

លោកបានថ្លែងបន្តថា ចំពោះខុនដូ ទីផ្សារភាគច្រើនជាជនបរទេស ហើយការធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតនៅមិនទាន់អាចដំណើរការបានដូចមុនបាន ព្រោះតែជំងឺកូវីដ១៩ ដោយឡែកសម្រាប់ប្រជាជនក្នុងស្រុកមិនទាន់មានតម្រូវការនៅឡើយ។

លោកបន្តថា ដំណាក់កាលទី២ ទាក់ទងនិងការជួលអាគារការិយាល័យ កត្តានេះទាមទារឱ្យមានការបង្កើតក្រុមហ៊ុន ឬក៏ការស្វែងរកទីតាំងរបស់ក្រុមហ៊ុនក្រៅស្រុកដែលចូលមកអភិវឌ្ឍន៍នៅក្នុងស្រុក។

លោកបានឱ្យដឹងទៀតថា ទាក់ទងជាមួយបញ្ហានេះដែរលោកអ៊ាវគង់បញ្ជាក់ខ្លីថា កម្រិតនៃការជួលនិងការផ្លាស់ទីលំនៅរបស់អ្នកជួលមិនសូវមានទេ ដោយសារអ្វី? ទី១ គាត់បង្ការហានិភ័យនៃការឆ្លងជំងឺដោយសារការផ្លាស់ប្តូរទីតាំង ទី២ ការិយាល័យក្រុមហ៊ុនៈ ក្រុមហ៊ុនមួយចំនួនដែលស្ថិតក្នុងស្ថានភាពបែបនេះ (កូវីដ) កំពុងសម្លឹងមើលអំពីឥរិយាបថនៃទីផ្សារក្រោយការបើកឡើងវិញនៃសកម្មភាពធ្វើដំណើររបស់ពលរដ្ឋក្នុងស្រុក។

ម្យ៉ាងបើទោះជាអាជីវកម្មមួយចំនួនបានបើកឡើងវិញក៏ពិតមែន ក៏ប៉ុន្តែព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់អាចបិទបញ្ចប់បាននៅឡើយទេ ចំណែកអត្រាឆ្លងជំងឺដ៏កាចសាហាវមួយនេះនៅតែឡើង ចុះរាល់ថ្ងៃ ដែលអាចនិយាយបានថា ទាំងឆ្លង និងព្យាបាលជាមានចំនួនប្រហាក់ប្រហែលគ្នា (Balance) បើទោះបីរដ្ឋាភិបាលខិតខំពន្លឿនការចាក់វ៉ាក់យ៉ាងណាក្តី ចំណុចនេះហើយដែលលោក គិតថា សូម្បីអ្នកចង់បើកអាជីវកម្មមួយចំនួន នៅពិចារណានៅឡើយ។ ចំណែកការបើកអាគារការិយាល័យមួយចំនួនក៏មិនសូវមានដែរ។

លោកអ៊ាវគង់បានឱ្យដឹងថា “ក្រោយរដ្ឋាភិបាលបានបើកឲ្យមានសកម្មភាពឡើងវិញ អំឡុងជាមួយខែមុននេះឃើញថា មានអតិថិជន ក៏ដូចជាអ្នកវិនិយោគលើវិស័យដីធ្លី ចាប់ផ្តើមកម្រើកឡើងវិញបានមួយចំនួនដែរ ដោយសារពួកគេអាចធ្វើដំណើរបាន ហើយងាយស្រួលចេញចូល និងណាត់ជួបគ្នា ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលផង និងអាចចុះទៅមើលដល់ទីតាំង ការដ្ឋាន ជាដើម ចំណុចទាំងនេះហើយដែលលោកគិតថា វិស័យដីធ្លីមានភាពលេចធ្លោជាងវិស័យផ្សេងៗទៀត នៃអចលនទ្រព្យរបស់កម្ពុជា”៕

ការវិនិយោគលើអចលនទ្រព្យប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង

ដោយ សុខុម

ញូវយ៉ក: ក្រុមហ៊ុន Asia Capital Real Estate Management (ACRE) បានទម្លាយឱ្យដឹងថា យោងតាមការរំពឹងទុកថា ការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនៅតំបន់អាស៊ីអាគ្នេយ៍ នឹងមានសន្ទុះកើនឡើង ខណៈក្រុមហ៊ុននេះកំពុងផ្ដល់ហិរញ្ញប្បទានបៃតងដើម្បីជួយគាំទ្រដល់ផ្នែកនេះ។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីថ្ងៃទី១៤ មិថុនា។

ការទម្លាយនេះធ្វើឡើង ខណៈពេលដែលធនាគារថៃ UOB Thailand ប្រកាសកាលពីថ្ងៃច័ន្ទ ទី១៤ មិថុនា ថា ខ្លួនបានផ្ដល់ឥណទានបៃតងចំនួន៦៧៥លានបាត (ប្រមាណ២២លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍគម្រោង Homa Phuket Town ដែលជាគម្រោងអាផាតម៉ិនជួលក្នុងតម្លៃធូរថ្លៃ និងមិនប៉ះពាល់ដល់បរិស្ថាននៅភូកេត ប្រទេសថៃ។

ធនាគារ UOB Thailand បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅរយៈពេល៥ឆ្នាំក្រោយ ក្រុមហ៊ុន ACRE មានគោលដៅវិនិយោគក្នុងទំហំទឹកប្រាក់ជាង២៥០លានដុល្លារដើម្បីអភិវឌ្ឍគម្រោង Homa ចំនួន៦នៅក្នុងប្រទេសថៃ ដោយចាប់ដៃគូសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំនៅដ្ឋានរួមរបស់ថៃ Noon Capital។ ក្រុមហ៊ុននេះក៏មានគម្រោងណែនាំម៉ាកយីហោនេះទៅកាន់ទីផ្សារនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

លោក Blake Olafson នាយកគ្រប់គ្រងគម្រោង Acre and Homa បានលើកឡើងថា ការវិនិយោគអចលនទ្រព្យប្រភេទលំនៅដ្ឋានរួមប្រកបដោយនិរន្តរភាពនេះគឺជាខន់សិប (គំនិត) ថ្មីដែលក្រុមហ៊ុន ACRE កំពុងណែនាំទៅកាន់ទីផ្សារប្រទេសថៃ។

បង្កើតឡើងក្នុងឆ្នាំ២០១១ ACRE គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគអចលនទ្រព្យមួយដែលគ្រប់គ្រងមូលធនសម្រាប់វិនិយោគិនជាស្ថាប័ន និងជាបុគ្គលតាមរយៈការវិនិយោគ និងមូលនិធិបំណុល។ គេហទំព័ររបស់ក្រុមហ៊ុននេះបានបញ្ជាក់ថា ក្រុមហ៊ុននេះមានទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រងលើសពី ១,៨ពាន់លានដុល្លារអាមេរិក ដោយមានការិយាល័យនៅប្រទេសសិង្ហបុរី ក្រុងអាត្លង់តា និងក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

អាជ្ញាធរខេត្តកែបកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់កម្សាន្តកម្រិតខ្ពស់ដើម្បីត្រៀមទទួលបានភ្ញៀវទេសចរ

ដោយៈ ប៊ី

កែបៈ អាជ្ញាធរខេត្តកែបកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២កន្លែងបន្ថែមទៀត ដើម្បីត្រៀមទទួលបានភ្ញៀវទេសចរកាន់តែច្រើន ក្រោយស្ថានភាពជំងឺកូវីដ១៩ មានភាពធូរស្រាលនាមខាងមុខ។

អភិបាលរងខេត្តនិងជាអ្នកនាំពាក្យខេត្តកែបលោកវ៉ៅ សុខាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ទោះបីជាកម្ពុជាប្រឈមនឹងជំងឺកូវីដ១៩ក៏ដោយ ក៏រដ្ឋបាលខេត្តនៅតែបន្ត សកម្មភាពអភិវឌ្ឍខេត្តជាបន្តបន្ទាប់ ដើម្បីឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាខេត្តទេសចរណ៍សម្រាកលំហែបែបប្រណិតកម្រិតខ្ពស់នាពេលអនាគត។

លោកបានបន្តថា បច្ចុប្បន្នឆ្នេរខ្សាច់ក្នុងខេត្ត ដែលមានស្រាប់មានសភាពតូចចង្អៀត ធ្វើឲ្យពិបាកក្នុងការទទួលភ្ញៀវមកកម្សាន្ត ដូច្នេះហើយទើបអាជ្ញាធរខេត្ត ត្រូវតែខិតខំបំពេញបន្ថែមនូវទីតាំងទេសចរណ៍បន្ថែម ជាពិសេសទីតាំងសម្រាកលំហែ តំបន់ឆ្នេរខ្សាច់កម្សាន្ត តំបន់អេកូទេសចរណ៍ជាដើម ដើម្បីលើកកម្ពស់គុណភាពទេសចរណ៍ និងជួយធ្វើឲ្យប្រជាពលរដ្ឋ មានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋ កាន់តែល្អប្រសើរឡើងថែមទៀត។

លោកបានថ្លែងបន្តថា “ជារួមយើងដឹងហើយថាខេត្តកែបនេះជាខេត្តមួយតូច ហើយដើម្បីកំណត់ចក្ខុវិស័យរបស់ខេត្តនេះគឺវិស័យទេសចរណ៍ជាស្នូល ដូច្នេះយើងមានឆ្នេរសព្វថ្ងៃនេះប្រហែល ៤៥០ម៉ែត្រទេ គឺមានភាពតូចចង្អៀត ដែលពិបាកក្នុងការទាក់ទាញភ្ញៀវទេសចរដែរ”។

លោកបានថ្លែងបន្តថា “ដូច្នេះថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត គឺបានខិតខំកៀរគរដៃគូវិនិយោគឯកជន ដើម្បីពង្រីកវិសាលភាពបន្ថែម ដោយសារយើងគិតឃើញថា ឆ្នេរយើងនេះទឹករាក់ យើងអាចកែច្នៃដោយកែលម្អទាំងនេះ ហើយយើងរកខ្សាច់ដែលមានគុណភាពដើម្បីយកមកចាក់បំពេញតាមបណ្ដោយនេះ ដែលអាចធ្វើឲ្យយើងមានកន្លែង លេងថ្មី ហើយពង្រីកវិសាលភាពធំទូលាយ ដែលអាចទទួលភ្ញៀវ ទេសចរបានកាន់តែច្រើនជាងមុន”។

គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ចំនួន២កន្លែងបន្ថែមទៀតនោះ ទីមួយគឺមានទីតាំងឆ្នេរខ្សាច់កម្សាន្ត ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដែលទីតាំងទាំងពីរនេះ នឹងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងទៀតផង៕

បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍មានសុទិដ្ឋិនិយមថាទីផ្សារអចលនទ្រព្យនឹងហក់ឡើងនៅឆមាសទី២ ចុងឆ្នាំ២០២១

ដោយៈ សុខុម

បាងកក: បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានសុទិដ្ឋិនិយមចំពោះឆមាសទី២ ចុងឆ្នាំ២០២១ នេះដោយសារតែកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេស និងកត្តាវិជ្ជមានមួយចំនួនដែលជំរុញឱ្យតម្រូវការលំនៅដ្ឋានកើនឡើង។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

លោក Theerathat Singnarongthon ជំនួយការនាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Property Perfect (PF) បានលើកឡើងថា កម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលបានចាប់ផ្ដើមនៅខែនេះកំពុងផ្ដល់នូវទស្សនវិស័យល្អប្រសើរជាងមុនសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ។

លោកបានបន្ថែទៀតថា “នៅឆ្នាំនេះពលរដ្ឋស៊ាំនឹងការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាងឆ្នាំកន្លងទៅ។ ពលរដ្ឋដែលចាក់វ៉ាក់សាំងរួច នឹងមានអារម្មណ៍សុវត្ថិភាពជាងមុននៅក្នុងការចុះទៅមើលទីតាំងគម្រោងនានាដើម្បីទិញផ្ទះ”។

លោកបានគូសបញ្ជាក់ថា តម្រូវការលំនៅដ្ឋានក៏នឹងត្រូវជំរុញដោយសារវិធានការនានារបស់រដ្ឋាភិបាល អត្រាការប្រាក់ទាប និងយុទ្ធនាការទាក់ទាញនានាពីសំណាក់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។

ក្រុមហ៊ុន PF បានរក្សាគោលដៅលក់មុនបញ្ចប់គម្រោង (Presale) ចំនួន១៦,៤ពាន់លានបាត (ប្រមាណ៥២៧លានដុល្លារ) និងប្រាក់ចំណូល១៨,២ពាន់លានបាត (ប្រមាណ៥៨៤លានដុល្លារ) សម្រាប់ដំណាច់ឆ្នាំ២០២១។

នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ ក្រុមហ៊ុនបានកត់ត្រាការលក់មុនបញ្ចប់គម្រោងចំនួន៣,៤៩ពាន់លានបាត (ប្រមាណ១១២លានដុល្លារ) ដោយធ្លាក់ចុះ១% និងប្រាក់ចំណូល២,៦២ពាន់លានបាត (ប្រមាណ៨៤លានដុល្លារ) ដោយធ្លាក់ចុះ២៩%ឆ្នាំធៀបនឹងឆ្នាំ។

លោក Theerathat Singnarongthon បានលើកឡើងថា “ល្បឿននៃការចាក់វ៉ាក់សាំងជាកម្លាំងចលករដ៏សំខាន់មួយដែលជួយដល់វិស័យសណ្ឋាគារនៅក្នុងឆមាសទី២។ យើងនឹងកាត់បន្ថយការវិនិយោគណាដែលបង្កើតបំណុលខ្ពស់ ហើយផ្ដល់ប្រាក់ចំណេញទាប។ យើងក៏នឹងរិះរកបង្កើតអាជីវកម្មថ្មីៗដែលកំពុងទទួលផលពីវិបត្តិកូវីដ-១៩ ផងដែរ”។

លោកបានបញ្ជាក់ថា ឧស្សាហកម្មគោលដៅថ្មីគឺស្រោមដៃប្លាស្ទិក ដោយផលិតកម្មគ្រោងនឹងចាប់ផ្ដើមនៅខែនេះ។
គម្រោងនានារបស់ក្រុមហ៊ុន PF នៅក្នុងផ្នែកអាជីវកម្មថ្មីនេះនឹងបង្កើតប្រាក់ចំណូលបាន៣ពាន់លានបាត (ប្រមាណ៩៦លានដុល្លារ) នៅត្រឹមដំណាច់ឆ្នាំនេះ និង១០ពាន់លានបាត (ប្រមាណ៣២១លានដុល្លារ) នៅឆ្នាំក្រោយ។

លោកស្រី Athika Boonrodchoo អនុប្រធានផ្នែកបែងចែកមូលធន និងវិនិយោគនៃក្រុមហ៊ុន Sena Development Plc បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រីគ្មានគម្រោងថ្មីៗទេនៅក្នុងឆមាសទី២ ចុងឆ្នាំ២០២១ នេះដោយសារតែរលកទី៣ នៃការឆ្លងរាលដាលវីរុសកូវីដ-១៩។ ក្រុមហ៊ុនកំពុងផ្ដោតលើគម្រោងនានាដែលមានស្រាប់។

លោកស្រីបានបន្ថែមថា “ទោះបីជាមានកម្មវិធីចាក់វ៉ាក់សាំងនេះក្ដី ក៏ទស្សនវិស័យរបស់យើងសម្រាប់ទីផ្សារអចលនទ្រព្យក្នុងឆមាសទី២ នៅតែមិនផ្លាស់ប្ដូរពីឆមាសទី១ ដដែល។ យើងគ្មានជំនឿចិត្ត ហើយមិនថាពេលណាទើបការចាក់វ៉ាក់សាំងនឹងឈានដល់១០០%នៃចំនួនប្រជាជននោះទេ”។

ទោះជាយ៉ាងណា ក្រុមហ៊ុន Sena Development Plc នៅតែមានផែនការចាប់ផ្ដើមគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានថ្មីៗសរុបចំនួន១៨គម្រោងដែលមានទំហំទឹកប្រាក់សរុប១៦,៨ពាន់លានបាត (៥៤០លានដុល្លារ) នៅក្នុងឆ្នាំ២០២១ នេះ។

ក្រុមហ៊ុន Sena Development Plc លក់មុនបញ្ចប់គម្រោងបាន១,០៥ពាន់លានបាត (៣៤លានដុល្លារ) និងការផ្ទេរកម្មសិទ្ធិ១,៣៤ពាន់លានបាត (៤៣លានដុល្លារអាមេរិក) នៅក្នុងឆមាសទី១ ដើមឆ្នាំនេះ។

ប្រមាណ៨០%នៃចំនួនសរុបនេះគឺបានពីខុនដូ ដែលលក់មុនបញ្ចប់គម្រោងបាន៨២២លានបាត (២៦,៥លានដុល្លារអាមេរិក) និងការផ្ទេរកម្មសិទ្ធិ១ពាន់លានបាត (៣២លានដុល្លារអាមេរិក)។

ក្រុមហ៊ុន Sena Development Plc កំណត់គោលដៅលក់មុនបញ្ចប់គម្រោង១១ពាន់លានបាត (៣៥៣លានដុល្លារ) និង១០ពាន់លានបាត (៣២១លានដុល្លារ) ត្រឹមដំណាច់ឆ្នាំ២០២១៕

ហេតុអ្វីអ្នកវិនិយោគិនរកចំណូលខ្ពស់ពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ធៀបនឹងបណ្តាប្រទសដទៃក្នុងតំបន់?

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអះអាថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្តានុពលមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលជាប្រទេសមួយ ដែលអាចផលចំណេញបានប្រាក់ចំណូលបានខ្ពស់ ពីការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធាន CVEA បានបញ្ជាក់កាលថ្មីៗនេះថា ប្រទេសកម្ពុជា មានសក្ដានុពលខ្ពស់ ក្នុងការទិញ-លក់ លើវិស័យអចលនទ្រព្យ ខណៈអ្នកខ្លះគ្រាន់តែមានចំណេះខ្លះៗ ក្នុងវិស័យអចលនទ្រព្យ ភាគច្រើនគឺសុទ្ធសឹងតែទទួលបាននូវប្រាក់ចំណេញ កុំឱ្យតែទិញអចលនទ្រព្យ ដែលខុសច្បាប់ និងចាញ់បោកគេប៉ុណ្ណោះ។

លោកបានថ្លែងថា “ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ជាតំបន់មួយ ដែលរកនូវប្រាក់ចំណូលខ្ពស់ អំពីការវិនិយោគ លើវិស័យអចលនទ្រព្យ”។

លោកបានលើកឡើងថា វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ជាវិស័យមួយ ដែលមានសារៈសំខាន់ សម្រាប់ឲ្យអ្នកវិនិយោគិន ពីក្រៅប្រទេស ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត លោកបានឱ្យដឹងថា អ្នកវិនិយោគិនពីក្រៅប្រទេស មើលឃើញអំពីគោលនយោបាយ របស់កម្ពុជា ដែលដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន មានភាពរឹងមាំ និងគាំទ្រលើវិស័យអចលនទ្រព្យ តាមរយៈប្រព័ន្ធធនាគារ សុវត្ថិភាព និងសុខសន្ដិភាព ជាដើម -ល-។

ទន្ទឹមគ្នានេះ លោកក៏បានសម្លឹងឃើញថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាជននៅក្នុងស្រុក ជាពិសេសក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមវិនិយោគ លើវិស័យអចលនទ្រព្យមានចំនួនច្រើន ព្រោះពួកគាត់យល់ដឹងច្រើន ក្នុងវិស័យអចលនទ្រព្យ។

លោកបានលើកឡើងថា នៅពេលប្រទេសជួបប្រទះបញ្ហាអ្វីមួយ មិនថាបញ្ហាជំងឺកូវីដ១៩ ឬក៏បញ្ហាអ្វីនោះទេ ប្រជាជននៅក្នុងស្រុក សេដ្ឋកិច្ចនៅក្នុងស្រុក គឺជាអាទិភាព សម្រាប់អ្នកដែលនៅក្នុងស្រុក ក្នុងការវិនិយោគ លើវិស័យនានា។

បើតាមប្រធានសមាគមបានឲ្យដឹងថា ចំនួនទឹកប្រាក់វិនិយោគនៅក្នុងស្រុក គឺមានចំនួនច្រើនជាង ចំនួនទឹកប្រាក់អ្នកវិនិយោគនៅក្រៅស្រុក ក៏ប៉ុន្ដែដើម្បីពង្រឹង ទំហំសេដ្ឋកិច្ច កម្ពុជាត្រូវការអ្នកវិនិយោគនៅក្រៅស្រុក មកធ្វើការវិនិយោគ ដើម្បីឲ្យសេដ្ឋកិច្ច កាន់តែមានការរីកចម្រើន និងទទួលបាននូវប្រាក់ចំណូល៕

ដំណឹងល្អ! អាជ្ញាធរភ្នំពេញប្រកាសបើកឱ្យដំណើរអាជីវកម្មផ្សាររដ្ឋទាំងអស់ឡើងវិញចាប់ពីថ្ងៃនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បានចេញសម្រេចជូនដំណឹងមួយដល់អាជីវករ ដែលធ្វើអាជីវកម្មគ្រប់ប្រភេទនៅក្នុងផ្សាររដ្ឋទូទាំងរាជធានីភ្នំពេញថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ២០២១នេះតទៅ សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យអាជីវកម្មគ្រប់ប្រភេទ លក់ដូរជាប្រក្រតីឡើងវិញ ក្នុងលក្ខខណ្ឌផ្សាររដ្ឋទូទាំងភ្នំពេញ។

នៅក្នុងសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែ អាជ្ញាធរប្រកាសឱ្យធ្វើអាជីវកម្មឡើងវិញក៏ពិតមែន តែគ្រប់ផ្សាររដ្ឋទាំងអស់រួមនឹងអាជីវករផងដែរនោះ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅតែបន្តរាលដាលក្នុងសហគមន៍នៅឡើយ។

ជាមួយគ្នានេះដែរ ក្នុងករណីជនណាបុគ្គលណាមិនចូលរួមសហការជាមួយអាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការមិនលើកឡើងឡើយ។

អាជីវករលក់ដូរនៅតាមផ្សារមួយចំនួនបានបង្ហាញពីការសប្បាយរីករាយ ដែលអាជ្ញាធរបានបើកឱ្យធ្វើអាជីវកម្មពោលគឺលក់ដូរមិនមែនចំណីអាហារ ដូចជាសម្លៀកបំពាក់ អេឡិត្រូនិក ជាងមាសជាដើម ។

លលកស្រួយ ឌីណាអាជីវករលក់មាសនៅផ្សារមួយកន្លែងក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមកក្រុមអ្នកលក់ដូរមិនមែនចំណីអាហារគឺ មិនមានចំណូលអ្វីទាល់តែសោះ ព្រោះតែការបិទផ្សារ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងកូវីដ១៩បន្តបន្ទាប់ទៀត ហើយការបិទនេះយើងក៏យល់ព្រមធ្វើតាមសំណូម ដើម្បីចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល តែការបិទរាងយូរដែរហើយ។

លោកបន្តថា នៅពេលមានការប្រកាសបើកវិញនេះ ពួកយើងក៏ត្រៀមខ្លួនក្នុងការបើកដំណើរការអាជីវកម្មឡើងវិញនិងត្រូវចូលរួមអនុវត្តន៍ជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការឆ្លងរាលដាលបន្តទៀត ។

លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងផងដែរថា ការបើកផ្សារឡើងវិញធ្វើឱ្យអាជីវករ ដែលត្រូវផ្អាកដំណើរការកន្លងមកអាចចាប់ផ្ដើមឡើងវិញ និងអាចរកប្រាក់ចំណូលឡើងវិញ ក្រោយពេលបាត់បង់ប្រាក់ចំណូលរាប់ខែមកហើយ។

លោកបានសំណូមពរដល់អាជ្ញាធរត្រូវរឹតបន្តឹង ចំពោះវិធានការអនាម័យបន្ថែមទៀត នៅពេលបើកអាជីវកម្មឡើងវិញដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍កាន់តែធំឡើងថែមទៀត ហើយត្រូវតាមដានពិនិត្យចំពោះក្រុមអាជីវករ និងពលរដ្ឋទាំងឡាយណាដែលមិនគោរពតាមវិធានការដើម្បីឱ្យពួកគេបានយល់នឹងគោរពតាមឱ្យបានត្រឹមត្រូវ៕