ដោយៈសុជាតា
ភ្នំពេញៈ តំបន់ជាយក្រុង ភាគខាងលិចរាជធានីភ្នំពេញ ដែលបញ្ចូលជាខណ្ឌចុងក្រោយ នោះគឺខណ្ឌកំបូល ដែលត្រុវបង្កើតឡើងដោយអនុក្រឹត្យ ឆ្នាំ២០១៩ កន្លងទៅនេះ បានស្រូបទាញគម្រោងអភិវឌ្ឍជាច្រើនដូចជា បុរី លំនៅដ្ឋាន រោងចក្រសហគ្រាសច្រើន ប៉ុន្តែអ្នកវិនិយោគផ្សារទំនើប មិនទាន់បោះទីតាំងនៅតំបន់នេះនៅឡើយ។
ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ គិតពីរង្វង់មូលចោមចៅ ជាតំបន់មានមនុស្សរស់នៅរាប់ម៉ឺនសែននាក់ ប៉ុន្តែហេតុអ្វីបានជាតំបន់នេះ មិនទាន់ទាក់ទាញការវិនិយោគ ផ្សារទំនើប។
អ្នកជំនាញខាងដីធ្លីបានលើកឡើងថា ខណ្ឌកំបូលនេះ បន្តអភិវឌ្ឍទាំងហេដ្ឋរចនាសម្ពន្ធ និង គម្រោងបុរីជាបន្តបន្ទាប់ ព្រមទាំងហាងទំនើបៗជាច្រើន ដែលធ្វើអោយតម្លៃដីធ្លីបន្តកើនឡើងគួរអោយកត់សំគាល់។
លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គីរៀលធី បានប្រាប់ Property area asia នារសៀលថ្ងៃទី៣១ សីហានេះថា តម្លៃដីនៅតំបន់នេះ ជាមធ្យមគឺចន្លោះពី៥០ ទៅ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ សម្រាប់ផ្លូវខាងក្នុង និងផ្លូវកៅស៊ូទំហំ៨ ម៉ែត្រ គឺមានតម្លៃ ១០០ ដុល្លារ ទៅ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសម្រាប់ដីនៅផ្លូវធំ គឺមានតម្លៃចន្លោះពី២០០ដុល្លារ ទៅ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកបន្ថែមទៀតថា “ការទិញលក់ អចលនទ្រព្យនៅខណ្ឌកំបូល គឺធ្លាក់ចុះបន្តិច ដោយសារតែវិបត្តិ Covid 19 ហើយគម្រោងអភិវឌ្ឍភាគច្រើនជាបុរី ស្នាក់នៅ សម្រាប់អតិថិជនកម្រិតមធ្យម និងក្រោមមធ្យម”។
ប៉ុន្តែសម្រាប់អ្នកលក់ដីឡូលំនៅដ្នាន និងគេហដ្ឋានស្នាក់នៅ លោក អែក វណ្ណដា ប្រធានទីផ្សារក្រុមហ៊ុនBDS បានលើកឡើងថា ការទិញលក់អចលនទ្រព្យ នៅតំបន់នេះ បានធ្លាក់ចុះអស់៥០ភាគរយ ដោយសារវិបត្តិសកលនេះ ។ អតិថិជនអ្នកទិញលំដាប់មធ្យមជាច្រើន បានថមថយការទិញដីធ្លីនៅតំបន់នេះ ដោយរំពឹងរង៉ចាំសភាពធូរស្រាលឡើញវិញ។
លោកបន្ថែមទៀតថា នាពេលបច្ចុប្បន្ននេះ តំបន់កំបូល គឺមានគម្រោងអភិវឌ្ឍធំៗ ដូចជា បុរីពិភពថ្មី កម្រោងអភិវឌ្ឍរបស់អ្នកឧកញ៉ា ពុង ឃាងសែ និង ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅ ក្រុងសីហនុ ដែលសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់។
ខណ្ឌកំបូល គឺស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ ដោយកាត់ចេញពីផ្នែកខ្លះនៃខេត្តកណ្តាល និង ផ្នែកខ្លះនៃខណ្ឌពោធិសែនជ័យ។ ហើយខណ្ឌគឺ មាន៧សង្កាត់ ស្នើនឹង ៩៣ភូមិ នៅក្នុងនោះ៦សង្កាត់ បានកាត់ចេញពីខណ្ឌពោធិសែនជ័យ និងមួយសង្កាត់ទៀតពិខាងដង្កោ។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ថា តំបន់ភាគខាងលិចក្រុងភ្នំពេញ ពិតជាមានភាពមមាញឹក ដែលមានការកកស្ទះចរាចរណ៍ជាប្រចាំ ដោយសារតំបន់នេះសម្បូររោងចក្រ សហគ្រាស និងលំនៅដ្ឋានតម្លៃមធ្យមច្រើន ប៉ុន្តែការដែលអ្នកវិនិយោគផ្សារទំនើបនៅតំបន់នេះ អាចមានមូលហេតុមួយចំនួនដូចជា អំណាចនៃការទិញរបស់ប្រជាជននៅតំបន់នេះ នៅមានកម្រិត ភាពមិនសូវមានសណ្តាប់ធ្នាប់នៃការធ្វើចរាចរណ៍លើដងផ្លូវ និងការមិនទាន់ចាប់អារម្មណ៍ពីអ្នកវិនិយោគធំៗមួយចំនួន ដែលមើលរំលងសក្តានុពលតំបន់នេះផងដែរ។
លោកបន្តថា “ការដែលមានវត្តមានផ្សារទំនើបធំៗ នៅកណ្តាលរាជធានីភ្នំពេញ គឺដោយសារប្រជាពលរដ្ឋ នៅកណ្តាលក្រុងមានជីវភាពធូរធារខ្លាំង សម្បូរជនបរទេសរស់នៅ និងជាទីកន្លែងសម្រាប់ការលំហែរបស់ភ្ញៀវទេសចរណ៍ផងដែរ”៕