ហេតុអ្វីអ្នកវិនិយោគិនរកចំណូលខ្ពស់ពីការវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា ធៀបនឹងបណ្តាប្រទសដទៃក្នុងតំបន់?

ដោយៈ ប៊ី

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានអះអាថា វិស័យអចលនទ្រព្យកម្ពុជានៅតែមានសក្តានុពលមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលជាប្រទេសមួយ ដែលអាចផលចំណេញបានប្រាក់ចំណូលបានខ្ពស់ ពីការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ។

លោកច្រឹក សុខនីម ប្រធាន CVEA បានបញ្ជាក់កាលថ្មីៗនេះថា ប្រទេសកម្ពុជា មានសក្ដានុពលខ្ពស់ ក្នុងការទិញ-លក់ លើវិស័យអចលនទ្រព្យ ខណៈអ្នកខ្លះគ្រាន់តែមានចំណេះខ្លះៗ ក្នុងវិស័យអចលនទ្រព្យ ភាគច្រើនគឺសុទ្ធសឹងតែទទួលបាននូវប្រាក់ចំណេញ កុំឱ្យតែទិញអចលនទ្រព្យ ដែលខុសច្បាប់ និងចាញ់បោកគេប៉ុណ្ណោះ។

លោកបានថ្លែងថា “ក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជា ជាតំបន់មួយ ដែលរកនូវប្រាក់ចំណូលខ្ពស់ អំពីការវិនិយោគ លើវិស័យអចលនទ្រព្យ”។

លោកបានលើកឡើងថា វិស័យអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ជាវិស័យមួយ ដែលមានសារៈសំខាន់ សម្រាប់ឲ្យអ្នកវិនិយោគិន ពីក្រៅប្រទេស ចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនោះទៀត លោកបានឱ្យដឹងថា អ្នកវិនិយោគិនពីក្រៅប្រទេស មើលឃើញអំពីគោលនយោបាយ របស់កម្ពុជា ដែលដឹកនាំពីសម្ដេចតេជោ ហ៊ុន សែន មានភាពរឹងមាំ និងគាំទ្រលើវិស័យអចលនទ្រព្យ តាមរយៈប្រព័ន្ធធនាគារ សុវត្ថិភាព និងសុខសន្ដិភាព ជាដើម -ល-។

ទន្ទឹមគ្នានេះ លោកក៏បានសម្លឹងឃើញថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាជននៅក្នុងស្រុក ជាពិសេសក្នុងរាជធានីភ្នំពេញ បានចាប់ផ្ដើមវិនិយោគ លើវិស័យអចលនទ្រព្យមានចំនួនច្រើន ព្រោះពួកគាត់យល់ដឹងច្រើន ក្នុងវិស័យអចលនទ្រព្យ។

លោកបានលើកឡើងថា នៅពេលប្រទេសជួបប្រទះបញ្ហាអ្វីមួយ មិនថាបញ្ហាជំងឺកូវីដ១៩ ឬក៏បញ្ហាអ្វីនោះទេ ប្រជាជននៅក្នុងស្រុក សេដ្ឋកិច្ចនៅក្នុងស្រុក គឺជាអាទិភាព សម្រាប់អ្នកដែលនៅក្នុងស្រុក ក្នុងការវិនិយោគ លើវិស័យនានា។

បើតាមប្រធានសមាគមបានឲ្យដឹងថា ចំនួនទឹកប្រាក់វិនិយោគនៅក្នុងស្រុក គឺមានចំនួនច្រើនជាង ចំនួនទឹកប្រាក់អ្នកវិនិយោគនៅក្រៅស្រុក ក៏ប៉ុន្ដែដើម្បីពង្រឹង ទំហំសេដ្ឋកិច្ច កម្ពុជាត្រូវការអ្នកវិនិយោគនៅក្រៅស្រុក មកធ្វើការវិនិយោគ ដើម្បីឲ្យសេដ្ឋកិច្ច កាន់តែមានការរីកចម្រើន និងទទួលបាននូវប្រាក់ចំណូល៕

ដំណឹងល្អ! អាជ្ញាធរភ្នំពេញប្រកាសបើកឱ្យដំណើរអាជីវកម្មផ្សាររដ្ឋទាំងអស់ឡើងវិញចាប់ពីថ្ងៃនេះ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ បានចេញសម្រេចជូនដំណឹងមួយដល់អាជីវករ ដែលធ្វើអាជីវកម្មគ្រប់ប្រភេទនៅក្នុងផ្សាររដ្ឋទូទាំងរាជធានីភ្នំពេញថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ២០២១នេះតទៅ សាលារាជធានីភ្នំពេញអនុញ្ញាតឱ្យអាជីវកម្មគ្រប់ប្រភេទ លក់ដូរជាប្រក្រតីឡើងវិញ ក្នុងលក្ខខណ្ឌផ្សាររដ្ឋទូទាំងភ្នំពេញ។

នៅក្នុងសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់ផងដែរថា ថ្វីត្បិតតែ អាជ្ញាធរប្រកាសឱ្យធ្វើអាជីវកម្មឡើងវិញក៏ពិតមែន តែគ្រប់ផ្សាររដ្ឋទាំងអស់រួមនឹងអាជីវករផងដែរនោះ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រោះជំងឺនេះនៅតែបន្តរាលដាលក្នុងសហគមន៍នៅឡើយ។

ជាមួយគ្នានេះដែរ ក្នុងករណីជនណាបុគ្គលណាមិនចូលរួមសហការជាមួយអាជ្ញាធរទេនោះ នឹងត្រូវចាត់វិធានការមិនលើកឡើងឡើយ។

អាជីវករលក់ដូរនៅតាមផ្សារមួយចំនួនបានបង្ហាញពីការសប្បាយរីករាយ ដែលអាជ្ញាធរបានបើកឱ្យធ្វើអាជីវកម្មពោលគឺលក់ដូរមិនមែនចំណីអាហារ ដូចជាសម្លៀកបំពាក់ អេឡិត្រូនិក ជាងមាសជាដើម ។

លលកស្រួយ ឌីណាអាជីវករលក់មាសនៅផ្សារមួយកន្លែងក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមកក្រុមអ្នកលក់ដូរមិនមែនចំណីអាហារគឺ មិនមានចំណូលអ្វីទាល់តែសោះ ព្រោះតែការបិទផ្សារ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងកូវីដ១៩បន្តបន្ទាប់ទៀត ហើយការបិទនេះយើងក៏យល់ព្រមធ្វើតាមសំណូម ដើម្បីចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល តែការបិទរាងយូរដែរហើយ។

លោកបន្តថា នៅពេលមានការប្រកាសបើកវិញនេះ ពួកយើងក៏ត្រៀមខ្លួនក្នុងការបើកដំណើរការអាជីវកម្មឡើងវិញនិងត្រូវចូលរួមអនុវត្តន៍ជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការឆ្លងរាលដាលបន្តទៀត ។

លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងផងដែរថា ការបើកផ្សារឡើងវិញធ្វើឱ្យអាជីវករ ដែលត្រូវផ្អាកដំណើរការកន្លងមកអាចចាប់ផ្ដើមឡើងវិញ និងអាចរកប្រាក់ចំណូលឡើងវិញ ក្រោយពេលបាត់បង់ប្រាក់ចំណូលរាប់ខែមកហើយ។

លោកបានសំណូមពរដល់អាជ្ញាធរត្រូវរឹតបន្តឹង ចំពោះវិធានការអនាម័យបន្ថែមទៀត នៅពេលបើកអាជីវកម្មឡើងវិញដើម្បីទប់ស្កាត់មិនឱ្យមានការឆ្លងរាលដាលក្នុងសហគមន៍កាន់តែធំឡើងថែមទៀត ហើយត្រូវតាមដានពិនិត្យចំពោះក្រុមអាជីវករ និងពលរដ្ឋទាំងឡាយណាដែលមិនគោរពតាមវិធានការដើម្បីឱ្យពួកគេបានយល់នឹងគោរពតាមឱ្យបានត្រឹមត្រូវ៕

អ្នកជំនាញៈវិស័យអចលនទ្រព្យកំពុងមានដង្ហើមដកឡើងវិញបណ្តើរហើយ

ដោយៈសុខហេង

ភ្នំពេញៈ អ្នកជំនាញមួយចំនួនបានិយាយថា វិស័យអចលនទ្រព្យអាចនឹងមានដង្ហើមងើបឡើងវិញ ក្រោយវិបត្តិកូវីត១៩ បានធ្វើទុកបុកម្នេញច្រើនក្នុងអំឡុងខែមិនា និងខែមេសាកន្លងមកនេះ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Avance Real Estate បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនងថា ការបើកអោយមានការធ្វើដំណើរ តាមទីសាធារណៈឡើងវិញជារឿងមួយល្អ ។ លោកបន្តថា វិស័យសេដ្ឋកិច្ច វិស័យជំនួញ ក៏ដូចជាវិស័យដីធ្លី ត្រូវពឹងផ្អែក លើការបើកអោយមានចរាចរណ៍ឡើងវិញមួយចំនួនដែរ។
មានន័យថា អ្វីដែលរដ្ឋាភិបាលបានបើកឡើងវិញ ដោយមានការណែនាំអំពីការគោរពវិធានគោលការណ៍សុខភាព ក៏ដូចជាជួយជម្រុញល្បឿនទៅលើការចាក់វ៉ាក់សាំងដលើប្រជាជនទូទាំងប្រទេស ហើយក្នុងនាមលោកជាអ្នកជំនួញដីធ្លីម្នាក់ លោកពិតជាគាំទ្រវិធានការនេះមួយរយភាគរយ។

លោកប៉ូ អ៊ាវគង់បានបញ្ជាក់ថា “មិនមានចំណុចណាល្អជាងនេះនោះទេ ដើម្បីស្តារវិស័យសេដ្ឋកិច្ចកម្ពុជា អោយមានការងើបឡើងវិញ ក៏ដូចជាស្តារសេដ្ឋកិច្ចយើងអោយងើបឡើងវិញបានទាន់ពេលវេលា”។លោកបន្តថា “វាបានផ្តល់នូវចំណុចមួយ ដែលល្អ ខ្លាំង ព្រោះវិស័យអចលនទ្រព្យ ក៏ស្ថិតនៅក្នុងបរិបទមួយនៃវិបត្តិសេដ្ឋកិច្ចដែរ”។

ដូច្នេះការបិទខ្ទប់កន្លងមកនេះលោកគិតថា វិស័យអចលនទ្រព្យបានធ្វើអោយសកម្មភាពអាជីវកម្មមួយចំនួនកាន់តែបន្តធ្លាក់ ព្រោះការណាត់ជួបគ្នាក៏មិនបាន ហើយអចលនទ្រព្យខុសពីវិស័យមួយចំនួនទៀត ដូចជា វិស័យលក់រាយ វិស័យសេវាកម្ម ឬក៏ម្ហូបអាហារអីផ្សេង យើងអាចដឹកជញ្ជូនអោយអតិថិជនបាន តែជាក់ស្តែងវិស័យអចលនទ្រព្យ រាល់ការសម្រេចចិត្ត រាល់ការធ្វើអ្វីមួយវាឆ្លងកាត់បានលុះត្រា តែអតិថិជនយើង ក៏ដូចជាដៃគូបានទៅមើលដល់ទីតាំងជាមុនសិន មិនមែនគាត់មើលព័ត៌មានលើទូរស័ព្ទហើយគាត់សម្រេចចិត្តនោះទេ។

បើសិនជាការបិទខ្ទប់ ធ្វើអោយអាក់ខានសកម្មភាពមួយចំនួន ក្នុងវិស័យអចលនទ្រព្យ សូម្បីតែការទិញ លក់ ឬជួល មានការប៉ះពាល់ខ្លាំងជាងគេ ដូច្នេះហើយការបើកឡើងវិញ នូវសកម្មភាពចរាចរណ៍ឡើងវិញ វាជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីអាចបង្កើតជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជម្រុញដល់អ្នកដែលពាក់ព័ន្ធ ក្នុងវិស័យនេះចាប់ផ្តើមគិតគូរឡើងវិញអំពីវិស័យនេះ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីមបានមានប្រសាសន៍ថា ចរន្តទិញលក់បានងើបឡើងវិញបណ្តើរៗហើយ ហើយការទិញលក់ដីធ្លីមានសកម្មភាពច្រើនជាងគេ ពិសេសខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ និងតំបន់ដែលមានការអភិវឌ្ឍនានា។
លោកបន្តថា “ទីផ្សារដីធ្លីបានងើបឡើងវិញហើយ ប៉ុន្តែតម្លៃមិនហក់ឡើងនៅឡើយទេ ដោយសារអ្នកវិនិយោគពេលនេះភាគច្រើនស្វែងរកតម្លៃក្រោមទីផ្សារ”៕

ក្រុមហ៊ុនថ្មីៗចំនួន៣ប្រកាសទុនជិត១៥លានដុល្លារបង្កើតទីតាំងផលិតកម្មនៅកណ្តាល តាកែវ និងភ្នំពេញ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនថ្មីៗចំនួន៣ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ប្រកាសបោះទុនវិនិយោគប្រមាណ១៤.៩លានដុល្លារ ដោយមានទីតាំងផលិតកម្មនៅខេត្តកណ្តាល ខេត្តតាកែវ និងភ្នំពេញ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១- J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៣កន្លែង។

ទី២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៧៤៨កន្លែង។

ទី៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤២៤កន្លែង៕

ផ្សារហ៊ុនលើពិភពលោកនៅតែរក្សាបានភាពរឹងមាំខណៈសេដ្ឋកិច្ចជុំវិញពិភព លោកកំពុងងើបឡើងវិញ

ដោយៈ គៀតឈូ

តូក្យូៈ ផ្សារហ៊ុនលើពិភពលោក នៅតែរក្សាបានសុខភាពរ៉ឹងមាំនៅថ្ងៃចន្ទនេះ ប៉ុន្តែមូលបត្របំណុលរបស់អាមេរិក បានធ្លាក់ចុះជាមួយនឹងកម្រិតទាប រយៈពេល៣ខែជាប់ៗគ្នា ខណៈវិនិយោគិនរំពឹងថាស្ថានភាពផ្សារហ៊ុនកាន់តែប្រសើរ បន្ទាប់ពីកិច្ចប្រជុំរបសធនាគារកណ្តាលអាមេរិកនៅចុងសប្តាហ៍នេះ។

សន្ទស្សន៍ក្រុមហ៊ុន Nikkei របស់ជប៉ុនបានកើនឡើង០,៣៥ភាគរយ ខណៈសន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុន MSCI ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រៅប្រទេសជប៉ុន បានធ្លាក់ចុះ០,១ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ។

នៅទូទាំងពិភពលោកទីផ្សារមូលធនរំពឹងទុក នៃការងើបឡើងវិញ ដោយសារសេដ្ឋកិច្ចនៅលើពិភពលោកកំពុងងើបឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ និងការរំពឹងទុករឿងល្អៗ ដែលចេញគោលនយោបាយរូបិយវត្ថុ បន្ទាប់ពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក។

សន្ទស្សន៍តម្លៃហ៊ុនរបស់ក្រុមហ៊ុនMSCI ជុំវិញពិភពលោក សន្ទស្សន៍ក្រុមហ៊ុនអាមេរិក S&P 500 និងក្រុមហ៊ុន STOXX របសអឺរ៉ុប បានបិទការជួញដូរនៅក្នុងកម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ។

ការកើនឡើងនេះ នៃសន្ទស្សន៍ទីផ្សារហ៊ុននេះ នឹងនៅតែបន្ត បើទោះបីជាទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ លើសពីការរំពឹងទុករបស់ទីផ្សារ។

លោក Norihiro Fujito ប្រធានអ្នកយុទ្ធសាស្រ្តវិនិយោគនៅក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាននិយាយថា “កត្តាធំមួយក្នុងការរក្សាបាននូវកំណើននៅក្នុងផ្សារហ៊ុន គឺថាធនាគារកណ្តាលអាមេរិក បានលើកឡើងថាអត្រាអតិផរណានឹងមានការផ្លាស់ប្តូរ ហើយខ្លួននឹងរក្សាគោលនយោបាយរូបិយវត្ថុ”៕

ដំណឹងរីករាយៈកម្ពុជាមានសមត្ថភាពផលិតរ៉ូបូតដែលអាចថែរទាំអ្នកជំងឺ

ដោយៈគង់ សូរិយា

ភ្នំពេញៈ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បច្ចុប្បន្នបានកំពុងតេស្តសាកល្បងនូវរ៉ូបូតថ្មីមួយ ដែលមានសមត្ថភាពក្នុងការដឹកចំណីអាហារ ជាពិសេសផ្តោតទៅលើការធ្វើសេវាកម្មពេទ្យ ដើម្បីផ្តល់ភាពងាយស្រួល និងបន្ថែមប្រសិទ្ធភាពនៃការធ្វើការរបស់ក្រុមគ្រូពេទ្យ។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លោក សុទ្ធី បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១៤ មិថុនានេះថា ការបង្កើតរ៉ូបូតនេះឡើង ក្រោមគំនិតផ្តួចផ្តើម និងការចង្អុលបង្ហាញរបស់លោកបណ្ឌិតពេជ សោភ័ន រដ្ឋលេខាធិប្រចាំការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបន្តថា សាលាខិតខំប្រឹងប្រែងបង្កើតរ៉ូបូតថ្មីនេះឡើង ដើម្បីឲ្យវេជ្ជបណ្ឌិត ឬពេទ្យបញ្ជាពីចម្ងាយ ដើម្បីបញ្ជូនទៅសួរសុខទុក្ខ ផ្តល់អាហារ ថ្នាំពេទ្យ វ៉ាស់កម្តៅ ក៏ដូចជាមើលនូវចង្វាក់បេះដូង ជាដើមរបស់អ្នកជំងឺ ដោយធ្វើការសាសងគ្នារវាងអ្នកជំងឺ និងគ្រូពេទ្យតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

លោកឲ្យដឹងទៀតថា រ៉ូបូតនេះដែរ អាចប្រើប្រាស់បានជំនួស ក្នុងសេវាកម្មជញ្ជូនចំណីអាហារ និងសម្ភារៈផ្សេងៗទៀត ហើយរ៉ូបូតថ្មីនេះគ្រោងដាក់បង្ហាញជាសាធារណៈក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day)នាថ្ងៃទី១៥ ខែមិថុនាស្អែកនេះ គួបផ្សំនឹងប្រធានបទ “ធីវ៉េតធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់”ដើម្បីចង់បង្ហាញនូវស្នាដៃរបស់គ្រូ និងសិស្សដែលពួកគាត់អាចធ្វើការងារនេះបានទាំងអស់នៅលើបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់វិស័យឯកជន ក៏អាចសិក្សា និងទំនាក់ទំនងដើម្បីជួយឧបត្ថម្ភ ឬជួយផ្តល់គំនិតបាន ក្នុងការផលិត ដើម្បីបំពេញតម្រូវការដល់អ្នកប្រើប្រាស់និងខ្វះខាត ដែលតម្រូវសហការគ្នាធ្វើឲ្យផលិតផលនេះ កាន់តែមានប្រសិទ្ធិភាព និងមានគុណភាព។

ក្រៅពីរ៉ូបូតខាងលើនេះ កាលពីឆ្នាំ២០១៩ កម្ពុជាបានបង្កើតរ៉ូបូតដំបូងបង្អស់មានឈ្មោះថា រ៉ូបូខេម ព្រះកុសមៈជាប្រភេទរ៉ូបូត Humanoid ដែលរូបរាងដូចមនុស្សមានសមត្ថភាពខ្ពស់ ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្ស ក្នុងការឆ្លើយឆ្លង និងធ្វើសកម្មភាពផ្សេងៗ។ លើសពីនេះ គឺអាចនិយាយឆ្លងឆ្លើយបាន ២ភាសា ទាំងភាសាខ្មែរ និងអង់គ្លេស៕

ក្រុមហ៊ុនNagaCorpគ្រោងប្រមូលទុន២០០លានដុល្លារដើម្បីទប់ទាល់នឹងការចំណាយលើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងដោយមហាសេដ្ឋីម៉ាឡេស៊ី Chen Lip Keong បានឱ្យដឹងថា ខ្លួនគ្រោងប្រមូលទុនចំនួន២០០លានដុល្លារតាមរយៈការចេញបណ្ណបំណុលបន្ថែម ដើម្បីពង្រឹងតុល្យភាពហិរញ្ញវត្ថុរបស់ខ្លួន ខណៈវិបត្តិកូវីដ១៩កំពុងបង្កផលប៉ះពាលដល់ចំណូលរបស់ខ្លួននៅទីក្រុងភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានForbes កាលពីសប្តាហ៍មុន។

NagaWorld ដែលជារមណីយដ្ឋានបែបចម្រុះក្នុងរាជធានីភ្នំពេញ ប្រកាសបានផ្អាកដំណើរការ តាំងពីដើមខែមីនា បន្ទាប់ពីបុគ្គលិក១១នាក់បានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺបន្ថែមទៀតរដ្ឋាភិបាលកម្ពុជាកាលពីសប្តាហ៍មុនបានហាមប្រាមការប្រមូលផ្តុំចាប់ពី១៥នាក់ឡើង និងបានបញ្ជាឱ្យបិទកន្លែងកំសា ន្តរួមមានកាស៊ីណូ និងក្លឹបរាត្រីនៅក្នុង និងជុំវិញរាជធានី។

ក្រុមហ៊ុន NagaCorp បានឱ្យដឹងនៅក្នុងឯកសារដែលដាក់ជូនផ្សារភាគហ៊ុនហុងកុងថា “ប្រតិបត្តិការអាជីវកម្មរបស់យើងនៅតែត្រូវបានផ្អាក ហើយយើងមិនបានបង្កើតប្រាក់ចំណូលណាមួយឡើយ”។ នៅឆ្នាំ២០២០ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនបានធ្លាក់ចុះពី៥២១លានដុល្លារ មកត្រឹម១០២លានដុល្លារ ដោយសារវិបត្តិកូវីដ១៩។

ជាមួយនឹងស្ថានភាពរាតត្បាតកាន់តែអាក្រក់ឡើងនៅកម្ពុជាក្នុងឆ្នាំនេះ ក្រុមហ៊ុន NagaCorp បានសម្រេចចិត្តបោះផ្សាយបណ្ឌបំណុលបន្ថែមបណ្ឌបំណុលដើមចំនួន៣៥០លានដុល្លារ ដែលបានបោះចេញកាលពីខែកក្កដា ឆ្នាំ២០២០។

ទោះបីជាការសន្សំពីការចំណាយ និងសាច់ប្រាក់ និងប្រាក់បញ្ញើបច្ចុប្បន្នរបស់ក្រុមហ៊ុនមានចំនួន៤៥១,៧ លានដុល្លារគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ និងគិតពីភាគលាភ៨១,៧លានដុល្លារគ្រោងនឹងទូទាត់ទៅឱ្យភាគហ៊ុនិកនៅខែក្រោយ។ ក្រុមហ៊ុនបានឱ្យដឹងថា សាច់ប្រាក់ងាយស្រួលរបស់យើងអាចជួយដល់ការចំណាយប្រតិបត្តិការ និងចំណាយការប្រាក់ច្រើនបានជាង៦ខែទៅមុខ។

ក្រុមហ៊ុនNagaCorp ត្រូវបានបង្កើតឡើងដោយលោក Chen ក្នុងឆ្នាំ១៩៩៥ បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណកាស៊ីណូនៅភ្នំពេញ ដែលអាចដំណើរការរហូតដល់ឆ្នាំ២០៦៥។ បញ្ជីអ្នកមានរបស់ប្រទេសដែលបានចេញផ្សាយកាលពីសប្តាហ៍មុន លោក Chen គឺជាអ្នកមានសម្បត្តិច្រើនបំផុតទី៩នៅប្រទេសម៉ាឡេស៊ី ដែលទ្រព្យសម្បត្តិសរុបប្រមាណ៣,៤ពាន់លានដុល្លារ៕

តើអ្នកជំនាញអចលនទ្រព្យអន្តរជាតិនិយាយពីអ្វីខ្លះទាក់ទងនឹងទីផ្សារលំនៅដ្ឋាននៅកម្ពុជា?

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិ បានលើកឡើថា ទីផ្សារលំនៅដ្ឋានលំដាប់ប្រណីតនៅកម្ពុជាចាប់មានការកម្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ដែលបណ្តាលមកពីវិបត្តិកូវីដ១៩ ខណៈទីផ្សារមួយនេះបានត្រៀមរួចជាស្រេច ក្នុងការសាគមន៍អ្នកជីវភាពធូរធារ ឬអ្នកមានពីបរទេសក្នុងការរស់នៅកម្ពុជា។

លោក Crispian Knowles ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia បានថ្លែងប្រាប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា ទីផ្សារលំនៅដ្ឋានលំដាប់ប្រណីត ឬលំនៅដ្ឋានតម្លៃថ្លៃនៅកម្ពុជាបាននិងកំពុងមានការរីកចម្រើនខ្លាំង មិនត្រឹមតែនៅតំបន់ជិតទីក្រុង និងជាយក្រុងនោះទេ។

លោកបានថ្លែអបន្តថា ក្នុងរយៈពេល២ខែចុងក្រោយនេះ អ្នកមានជាច្រើនចាប់អារម្មណ៍ ក្នុងការទិញលំនៅដ្ឋានបែបប្រណីត ខណៈវិស័យលំនៅដ្ឋានបែបប្រណីតនៅកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទទួលបានអ្នកមាន សម្រាប់ទាំងការវិនិយោគ និងរស់នៅតាមបែបស៊ីវីល័យក្នុងលំនៅដ្ឋានលំដាប់ប្រណីត។ លោកបានថ្លែងថា តម្រូវការលំនៅដ្ឋានតម្លៃចាប់ពី១លានដុល្លារឡើង នៅមានអ្នករកទិញជាបន្តបន្ទាប់ សម្រាប់ប្រជាជនអាចមានលទ្ធភាពទិញសម្រាប់វិនិយោគ ឬទិញសម្រាប់រស់នៅដើម។

លោកបាននិយាយថា “ទោះបីយ៉ាងក៏ដោយ វិបត្តិកូវីដ១៩ នៅបន្តប៉ះពាល់វិស័យអចលនទ្រព្យនៅកម្ពុជា និងនៅតែមិនទាន់មានភាពល្អប្រសើរ ដូចមុនសម័យកូវីដ១៩ ប៉ុន្តែរយៈពេល២ខែចុងក្រោយ វិស័យអចលលនទ្រព្យបែបប្រណីត ចាប់ផ្តើមមានទីផ្សារឡើងវិញ សម្រាប់អ្នកមាន”។

ជាមួយគ្នានេះដែរ លោកបានលើកឡើថា ខុនដូ ក៏ត្រូវបានចាត់ទុកជាប្រភេទលំនៅដ្ឋានផងដែរ ហើយបើនិយាយទីផ្សារខុនដូបែបប្រណីតនៅកម្ពុជា វាមិនមានភាពល្អប្រសើរ ដូចមុនវិបត្តិកូវីដ១៩នោះទេ ប៉ុន្តែទីផ្សារមួយនេះនៅតែទទួលបានអតិថិជនជាបន្តបបន្ទាប់ផងដែរ ដោយសារអតិថិជនរបស់ទីផ្សារមួយនេះ គឺអ្នកទិញពិតប្រាកដ។

លោកបន្តថា មួយវិញទៀត ស្តង់ដារគម្រោងខុនដូបែបប្រណីតនៅកម្ពុជាគឺអាចស្វាគមន៍អ្នកវិនិយោគគ្រប់ទិសទីបាន ដោយសារអ្នកអភិវឌ្ឍន៍គម្រោងបែបនេះផ្តោតលើគុណភាពសាងសង់ និងការរចនាទាំងខាងក្នុង និងខាងក្រៅ ដែលបង្កលក្ខណៈងាយស្រួលការរស់នៅ។

លោកបានថ្លែងថា ឆ្នាំ២០២១គឺពេលវេលាមួយល្អសម្រាប់ការវិនិយោគលើវិស័យអចនទ្រព្យនៅកម្ពុជា ទាំងលំនៅដ្ឋាន និងផ្នែកផ្សេងៗនៃវិស័យអចលនទ្រព្យ ដោយសារសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំនេះ ស្របពេលកំណើនសេដ្ឋកិច្ចពិភពលោកចាប់ផ្តើបបង្ហាញសញ្ញាវិជ្ជមាន៕

លោកឡោ វិចិត្រត្រូវបានតែងតាំងជាទីប្រឹក្សាផ្នែកព៌តមាននិងទីផ្សារសំរាប់Propertyarea.asia

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ គេហទំព័រPropertyarea.asia បានសម្រេចប្រកាសតែងតាំងលោកឡោ វិចិត្រជាទីប្រឹក្សានៃគេហទំព័រនេះ ដោយលោកនឹងទទួលបន្ទុកផ្នែកប្រឹក្សាព៌តមាន និងទទួលបន្ទុកទីផ្សារ ដើម្បីជួយគេហទំព័រនេះឈានឡើងមួយកម្រិតទៀត។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia និងគេហទំព័រCambodiafinancialtimes.com លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៤ មិថុនានេះថា ជាមួយនឹងចំណេះដឹងទូលំទូលាយ លើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច នយោបាយ ព៌តមាន លោកឡោ វិចិត្រនឹងចូលរួមផ្តល់ប្រឹក្សាយោបល់ដល់ដល់គេហទំព័រទាំងពីរ ដើម្បីជំរុញការរីកចម្រើនវិស័យសារគមនាគមន៍នៅកម្ពុជា។

លោកឡោ វិចិត្រក៏មានតួនាទីជាអនុប្រធានសមាគមអចលនទ្រព្យសកល ប្រចាំរាជធានីភ្នំពេញផងដែរ ដែលបច្ចុប្បន្នលោកបាននិងកំពុងដើរតួនាទីអប់រំ ផ្សព្វផ្សាយលើកកំពស់វិស័យអចលនទ្រព្យ ពិសេសលោកក៏ជាប្រធានក្លឹបCMC ដែលមានគោលដៅលើកកំពស់់សេដ្ឋកិច្ច និងចំណេះដឹងដល់ស្រ្តីជាសហគ្រិនផងដែរ។

លោកយិន លាងគង់បានបន្តថា “យើងមានកិត្តិយស ក្នុងការតែងតាំងលោកឡោ វិចិត្រ ដោយសារតែចំណេះដឹង ជំនាញ និងភាពប៉ិនប្រសព្វលើការទំនាក់ទំនងរបស់លោកក្នុងសង្គម”។ លោកបន្តថា “លោកឡោ វិចិត្រនឹងរួមចំណែកជួយលើកកំពស់ និងផ្សព្វផ្សាយពីគេហទំព័រទាំងពីរ ឲ្យឈានឡើងមួយកម្រិតទៀត”៕

កោះមរកតខេត្តព្រះសីហនុចាប់បើកឡើងវិញជាមួយការសម្ភោធគម្រោង ផ្ទះវីឡាទំនើបបែបអភិជន

ដោយៈគង់ ម៉ាលីន

ព្រះសីហនុៈ កោះមរកត ដែលភាគច្រើនគេនិយមស្គាល់ និងហៅថាកោះពស់គឺជាកោះមួយ ដែលស្ថិតនៅជិតដែនគោកនៃក្រុងព្រះសីហនុជាងគេ បើប្រៀបធៀបនឹងកោះផ្សេងៗ។កោះនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីមានការសាងសង់ស្ពានតពីដីគោ កចូលទៅ កាន់កោះនេះរួចរាល់។ លក្ខណៈពិសេសរបស់កោះនេះ គឺឆ្នេរខ្សាច់សក្បុសយ៉ាងប្រណិត អមជាមួយនឹងទេសភាពព្រៃឈើ លើកោះនិងធម្មជាតិក្នុងទឹកដែលប្រៀបបានទៅនឹងឋានសួគ៌ និងបានទាក់ទាញភ្ញៀវទេសចរណ៍គ្រប់កន្លែងមកកំសាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។

ក្រៅពីភាពអំណយផលពីធម្មជាតិនេះ កោះមរកតក៏បានអភិវឌ្ឍន៍គម្រោងផ្ទះវីឡារីសតលំហែកាយលក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅ លើ កោះនេះផងដែ រ។ គម្រោងវីឡាបែបប្រណីតនេះមានសរុប៣៦ខ្នង សុទ្ធសឹងតែ នៅ ជាប់មាត់សមុទ្រ និងបែងចែកចេញជា៥ប្រភេទ រួមមានវីឡាអរឃីត (Orchid)។ វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ (Plumeria) វីឡាមែ កណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។

ប្រភេទវីឡាទាំងអស់សុទ្ធតែ បានរចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្តោតទៅលើគុណភាព និងការរស់នៅ បែបស៊ីវីល័យជាពិសេ សជាមួយនឹងទេសភាពឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតបានជាទេ សភាពអស្ចារ្យមិនអាចកាត់ថ្លៃបាន។ រីឯទំហំផ្ទះនីមួយៗក៏សុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ងាយស្រួលក្នុងការរស់នៅ និងកំសាន្តអារម្មណ៍ បន្ទាប់ពីទំនេរពីការប្រកបរបររបស់លោក អ្នក។

វីឡាទាំងអស់ក៏លំអទៅ ដោ យក្បាច់រចនាបែ បស្ថាបត្យកម្មខ្មែរ ដោយប្រើប្រាស់ឈើប្រណិត និងកញ្ចក់ធំៗ អាចអោយពន្លឺជះចូលក្នុងផ្ទះបានល្អ ជាមួយនឹងខ្យល់អាកាសយ៉ាងស្រស់ស្រាយទៀត។

ងាកមកមើលទៅ ទីតាំងនៃកោះពស់វិញលោក អ្នកប្រាកដជាបានដឹងហើយថាវាមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីទីប្រជុំជនក្រុងព្រះសីហនុ ហើយការធ្វើដំណើរគឺរឹតតែ ងាយស្រួល ដោយលោក អ្នកអាចប្រើប្រាស់ស្ពានឆ្លងចូលទៅ ក្នុងនោះតែម្តង។

ការរស់នៅ នៅ កោះនេះគឺពុំបង្កអោយមានជាសម្លេងរំខាន ការស្ទះចរាចរណ៍
រឺក្លិនផ្សែងពុលដូចនៅក្នុងទីក្រុងនោះទេ ។ រឺឯហេដ្ឋារចនារចនាសម្ព័ន្ឋ នៅក្នុងកោះក៏ត្រូវបានសាងសង់រួចរាល់យ៉ាងត្រឹមត្រូវ ស័ក្តិសមនឹងឈ្មោះកោះមរកតនេះតែម្តង។

គ្រប់ចំនុចលម្អិតទាំងអស់នៅ ក្នុងគម្រោងវីឡាប្រណិតលើកោះមរកតនេះ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាម្ចាស់អចលនទ្រព្យទាំងអស់នៅ លើកោះនេះនឹងទទួលបានបទពិសោធន៍ លំដាប់ផ្កាយប្រាំមិនធ្លាប់មាននៅ ក្នុងគម្រោងលំឋានលំហែកាយក្នុងប្រទេសកម្ពុជាកន្លងមកនោះទេ ។

ក្រៅ ពីនេះនៅ ក្នុងគម្រោងក៏មានបំពាក់ប្រព័ន្ធការពារ ជាមួយបច្ចេកទេសទំនើបចុងក្រោយបង្អស់ អមជាមួយការមើលថែរ ពីសន្តិសុខយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាពីសុវត្ថិភាពរបស់អ្នករស់នៅ។ មិនត្រឹមតែ ចំនុចនេះទេ លោក អ្នកដែលរស់នៅ ក្នុងគម្រោងនេះ ក៏អាចប្រើ ប្រាស់មណ្ឌលសុខភាព ដែលផ្តល់ជូនដូចជាសេ វាកម្មស្បា ហាត់ប្រាណ និងការមើលថែរសុខភាពជាច្រើនទៀត។

គម្រោងនេះសាកសមបំផុតសម្រាប់អតិថិជន ដែលស្វែងរកផ្ទះលំហែកាយប្រកបដោ យឯកជនភាពនៅជាប់មាត់សមុទ្រ និងមានតម្លៃសមរម្យ ប៉ុន្តែមានគុណភាព និងការរៀបចំមិនចាញ់គម្រោងផ្សេងៗ នាមជ្ឍឹមប្រទេសលោ កអ្នកពិតជាមិនខកបំណងក្នុងការជ្រើសរើសវីឡានៅ កោះមរកតនេះជាក់ជាមិនខាន។

គម្រោងវីឡាលំហែរកាយបែបអភិជននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន កោះពស់(ខេ មបូឌា) អ៊ីនវេ សមិនគ្រុប អិលធីឌី (KPIG)។ ក្រុមហ៊ុននេះមានចក្ខុវិស័យក្នុងការរៀ បចំកោះមរកតនេះអោយក្លាយជាទិសដៅទេសចរណ៍ ពហុបំណងដែលនឹងអនុញ្ញាតអោយភ្ញៀវទេសចរណ៍ និងអ្នកដែលរស់នៅទីនោះ ទទួលបានបទពិសោធន៍ការរស់នៅពិសេសបែបអភិជន ដែលមិនធ្លាប់មានពីមុនមក៕