ការវិនិយោគអចលនទ្រព្យក្នុងបរិបទកូវីដ១៩ នៅតែមានកម្មភាព ដើម្បីជួយគាំទ្រកំណើនសេដ្ឋកិច្ច

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការធ្វើពាណិជ្ជកម្ម និងវិនិយោគទៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសម្ពុជា ត្រូវបានគេមើលឃើញថា នៅតែមានសកម្មភាពក្នុងបរិបទនៃជំងឺកូវីដ១៩នេះ ដែលជាប្រការមួយល្អប្រសើរ សម្រាប់ជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា ជាច្រើនបានលើកឡើងថា វិស័យអចលនទ្រព្យមិនប៉ះពាល់នោះទេ តែប៉ះពាល់សម្រាប់ភ្នាក់ងារអចលនទ្រព្យទៅវិញ។ ក្នុងន័យនេះចង់សំដៅថា ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងនេះក្ដី ក៏វិស័យនេះនៅតែដើរតួនាទីសំខាន់ ហើយក៏អ្នកវិនិយោគនៅតែបន្តគម្រោង និងអភិវឌ្ឍន៍គម្រោងថ្មីៗជាបន្តបន្ទាប់ ដោយមិនមានគម្រោងធំៗណាត្រូវពន្យារ ឬផ្អាកព្រោះតែកូវី១៩នោះឡើយ ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកលមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ មិថុនានេះថា នៅក្នុងវិបត្តិកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ២០២០មក គម្រោងវិនិយោគធំៗតូចជាច្រើន នៅតបន្តដំណើរការអភិវឌ្ឍ និងសងាង់ជាបន្តបន្ទាប់ ដោយមិនបានផ្អាកនោះឡើយ តែសម្រាប់ការទិញលក់ គឺពិតជាមានបញ្ហាមែន បើធៀបនឹងស្ថានភាពមុនពេលមានវិបត្តិកូវីដ១៩។

លោកបន្តថា “វាមិនមែនតែប្រទេសកម្ពុជានោះទេ ដែលមានបញ្ហាលើការទិញលក់អចលនទ្រព្យ ប្រទេសដទៃទៀតជាពិសេសប្រទេសជិតខាងកម្ពុជា ក៏ជួបបញ្ហាហើយមានលក្ខណៈធ្ងន់ធ្ងរជាងកម្ពុជាទៅទៀត”។

លោកសំ សុខនឿនបានបន្តថា ទោះជាយ៉ាងណាការទិញលក់អចលនទ្រព្យមិនមែនស្ងាត់ អត់មានអ្នកទិញនោះទេ ការទិញលក់អចលនទ្រព្យនៅកម្ពុជា នៅតែមានគ្រាន់តែមិនមានសកម្មភាពច្រើនដូចជាមុនប៉ុណ្ណោះ ដូច្នេះវាបានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើអចលនទ្រព្យនៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩នេះនៅតែមានសកម្មភាពដដែល។

ជាមួយគ្នានេះ លោកឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បាន ឱ្យដឹងផងដែរថា នៅក្នុងវិបត្តិកូវីដ១៩ផ្នែកខ្លះនៃវិស័យអចលនទ្រព្យ ត្រូវបានមើលឃើញមានការថមថយពិតមែន តែផ្នែកខ្លះទៀតនៅតែមានដំណើរការអភិវឌ្ឍ និងទទួលបានការវិនិយោគជាពិសេសវិនិយោគិនក្នុងស្រុក ពីព្រោះវិនិយោគិនបរទេសក្នុងដំណាក់កាលនេះមិនអាចចូលមកដោយសេរី ដូចកាលមុនពីវិបត្តិនោះឡើយ ព្រោះតែការរឹតត្បិតនៃការធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយ ។

តាមការព្យាករមួយចំនួនទៀតបានឲ្យដឹងផងដែរថា វិស័យអចលនទ្រព្យអចលនទ្រព្យនិងពាណិជ្ជកម្មក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងមានកំណើនជាវិជ្ជមានឡើងវិញ ខណៈឆ្នាំ២០២០ កន្លងទៅវិស័យនេះ បានធ្លាក់ចុះជាអវិជ្ជមាន ដែលទាញឱ្យសេដ្ឋកិច្ចកម្ពុជាទាំងមូល កាលពីឆ្នាំមុនបានធ្លាក់ចុះជាអវិជ្ជមានផងដែរ។

ដោយឡែកក្នុងឆ្នាំ២០២១នេះ វិស័យសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថា នឹងមានកំណើនឡើងក្នុងរង្វង់៤ភាគរយ ខណៈវិស័យទ្រទ្រ់ងសេដ្ឋកិច្ចកម្ពុជាក៏រំពឹងថា ងើបឡើងវិជ្ជមានវិញផងដែរ៕

សម្ដេចតេជោ ស្នើឱ្យទូតថ្មីរបស់ឆែកជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតឆែកថ្មីប្រចាំប្រទេសកម្ពុជា ជំរុញការធ្វើសហប្រតិបត្តិការបន្ថែមទៀត ដោយជំរុញឱ្យវិនិយោគិន និងធុរជននៃសាធារណៈរដ្ឋឆែក ដាក់ទុននិងធ្វើពាណិជ្ជកម្មជាមួយកម្ពុជាបន្ថែម ខណៈកម្ពុជាក៏ជាប្រទេសមួយ ដែលមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនបរទេសផងដែរ។

ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងជំនួបជាមួយនឹងលោក Martin Vavra ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណៈរដ្ឋឆែកប្រចាំកម្ពុជា ។

យោងតាមប្រសាសន៍លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់ឲ្យដឹងក្រោយជំនួបថា ក្នុងជំនួបនេះលោក ម៉ាទីន បានជម្រាបជូនសម្តេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅថែមទៀត។

លោកបានបន្ថែមថា “សាធារណៈរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាងជិតស្និទជាមួយនឹងកម្ពុជា។ ឈរនៅលើមូលដ្ឋាននេះ លោកបានសន្យា ជូនសម្តេចតេជោថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងលើវិស័យវិនិយោគ ។លោកក៏បានជំរាបជូនសម្តេចតេជោដែរថា សាធារណៈរដ្ឋឆែក នឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស”។

សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរជូនចំពោះលោក ម៉ាទីន វ៉ាវរ៉ា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅកម្ពុជា។

សម្តេចតេជោ បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលសាធារណៈរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ពីនោះទៅទៀត ក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលសេសសល់ បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម។ សម្តេចតេជោ បានឱ្យលោកអគ្គរដ្ឋទូតថ្មីរបស់ឆែកប្រចាំកម្ពុជា យកចិត្តទុកដាក់ ទៅលើការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទៅលើការអភិវឌ្ឍធនធានមនុស្ស ខណៈកម្ពុជាក៏បាន និងកំពុងតែជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាចចាក់បានដល់ទៅ១០លាននាក់ ត្រឹមតែវិច្ឆិកាខាងមុខ៕

លោកឧកញ៉ាលឹម ហេងៈតម្រូវការជ័រកៅស៊ូនឹងកើនឡើងច្រើនសម្រាប់ផ្គង់ផ្គង់ ខណៈ ក្រុមហ៊ុនធំៗបីប្រកាសចូលទីផ្សារកម្ពុជា

ដោយៈតារា

ភ្នំពេញៈថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានរំពឹងថា ទីផ្សារជ័រកៅស៊ូនឹងអាចមានស្ថិរភាពល្អ នឹងមានការដាំដុះដំណាំកៅស៊ូច្រើនជាងមុន ខណៈកម្ពុជាកំពុងទទួលបានឱកាសវិនិយោគ នៃរោងចក្រផលិតសម្បកកង់រថយន្ត ដែលនឹងត្រូវការជ័រកៅស៊ូច្រើនសម្រាប់ផ្គត់ផ្គង់។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នេះថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំប្រឹងប្រែងទាក់ទាញអ្នកវិនិយោគ ឲ្យមកបណ្តាក់ទុននៅកម្ពុជា ជាក់ស្តែងការទទួលបានក្រុមហ៊ុនផលិតសំបកកង់រថយន្តនាពេលនេះ គឺជាឱកាសដៃគូរវិនិយោគអ្នកដាំដុះដំណាំកៅស៊ូ ទាំងអ្នករកស៊ីទទួលទាន ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកដាំដុះកៅស៊ូ ក្នុងស្រុកបានកំពុងរង់ចា។

លោកឧកញ៉ាបន្តថា “ការដាំដុះកៅស៊ូ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូប្រមាណ៤០ម៉ឺនហិចតា ហើយនៅក្នុងមួយឆ្នាំៗ កម្ពុជាបាននាំចេញកៅស៊ូជាច្រើនផងដែរ”។លោកបន្តថា “ចំពោះគម្រោង ដែលកម្ពុជាទទួលបានការវិនិយោគ បង្កើតរោងចក្រសំបកកង់រថយន្តនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ដោយយើងរំពឹងថា ជ័រកៅស៊ូនៅកម្ពុជានឹងមានទីផ្សារងើបវិញ ជាពិសេសរក្សាស្ថិរភាពតម្លៃល្អ”។

លោកឧកញ៉ាលឹម ហេងបានបន្តថា យើងក៏រំពឹងផងដែរថា នឹងមានការដាំដុះដំណាំកៅស៊ូនេះកាន់តែច្រើន ជាដែលជាផ្នែកដ៍សំខាន់ ក្នុងការជួយលើកកម្ពស់ដល់ប្រជាពល រដ្ឋដែលជាអ្នកដាំដុះ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារនៃការនាំចេញកៅស៊ូបានធ្លាក់ចុះ។

ក្រុមហ៊ុនផលិតសម្បកកង់រថយន្តធំៗចំនួន៣ បានប្រកាសចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះក្រុមហ៊ុនJiangsu General Science Technology បានប្រកាសបោះទុនវិនិយោគតម្លៃជាង២០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានសមត្ថភាពផលិតសំបកកង់ រថយន្តប្រមាណ៦លានសំបក ក្នុងមួយឆ្នាំៗ។ ចំណែកក្រុមហ៊ុន “CART TIRE CO., LTD” ដែលសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដោយគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានបោះទុនវិនិយោគ បង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ១៥ លានដុល្លារអាមេរិក។

ចំណែកក្រុមហ៊ុន Sailun Group កំពុងពិចារណាបង្កើតរោងចក្រផលិតកង់រថយន្តដឹកអ្នកដំណើរនៅប្រទេសកម្ពុជា ដោយគ្រោងបោះទុនវិនិយោគចំនួន ១,១៨ ពាន់លានយន់ ត្រូវប្រមាណ១៨០ លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅក្នុងខេត្តស្វាយរៀងផងដែរ៕

ទីផ្សារលំនៅដ្ឋាននៅបណ្តាយផ្លូវជាតិលេខ១នៅតែមានលេចធ្លោជាងគេធៀប នឹងផ្នែកផ្សេងៗទៀត

ដោយៈ ម៉ាណេត

ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ ឬខណ្ឌច្បារអំពៅនៅតែសកម្មភាពធម្មតា និងទាក់ទាញគម្រោងលំនៅដ្ឋានជាច្រើន ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ខណៈលំនៅដ្ឋាននៅតបណ្តោយផ្លូវនេះឃើញថា មានរីកចម្រើនច្រើនជាងគេ ធៀបនឹងផ្នែកផ្សេងៗក្នុងវិស័យអចលនទ្រព្យ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ ដែលបទពិសោធន៍ជាច្រើនឆ្នំាបានថ្លែងប្រាប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះថា វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ១ មានការចម្រើនខ្លាំងជាងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសវិស័យលំនៅដ្ឋាន។

លោកស្រីបានថ្លែងថា “វិស័យអចលនទ្រព្យនៅភ្នំពេញ មានមានការរីចម្រើនទៅទិសទាំងអស់។ តែបើនិយាយអំពី វិស័យអចលនទ្រព្យនៅបណ្តោយផ្លូវជាតិលេខ១ យើងឃើញថា មានការរីកដុះដាលទៅលើអភិវឌ្ឍន៍លំនៅដ្ឋាន ពិសេសចាប់ពីក្បាលស្ពាន់ច្បារអំពៅទៅមុខ១០គីឡូម៉ែត្រ ការអភិវឌ្ឍន៍លំនៅដ្ឋានចាប់កម្រិតមធ្យមឡើងទៅមានច្រើន ហើយចាប់១០គីឡូមែត្រទៅមុខទៀត សម្បូរដោយការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ”។

លោកស្រីអាន សុធីតាបានបន្តថា តម្លៃលំនៅដ្ឋានកម្រិតមធ្យមនៅតាមបណ្តោយផ្លូវជាតិលេខ១អាចរកទិញបាន១៥ម៉ឺន ទៅ៣០ម៉ឺនដុល្លារក្នុងមួយយូនីត ហើយតម្លៃលំនៅដ្ឋានតម្លៃសម្យរម្យអាចរកទិញបានចន្លោះពី៣ម៉ឺ ទៅដល់៥ម៉ឺនដុល្លារ ប៉ុន្តែមានវាចម្ងាយឆ្ងាយពីស្ពានច្បារអំពៅ។

លោកស្រីសង្កេតឃើញថា “ការសាងសង់គម្រោងផ្សេងៗ នៅតាមបណ្តោយផ្លូវលេខ១នេះ នៅតែមានសកម្មភាពដំណើរការធម្មតា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩”។ លោកស្រីបន្តថា “ជាធម្មតា សកម្មភាពសាងសង់គម្រោងដំណើរ គឺដោយសារម្ចាស់គម្រោងមានលំហូរសាច់ប្រាក់ល្អ និងការត្រៀមទុកក្នុងការដោះសាយបញ្ហា អំឡុងពេលវិបត្តិណាមួយ”។

ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងទី២ សម្រាប់ការផ្គត់ផ្គង់ លំនៅហដ្ឋានផ្ទាល់ដីនាពេលបច្ចុប្បន្ន បន្ទាបពីខ័ណ្ឌសែនសុខ ជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីថ្មីៗនេះ។

ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទីដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោងដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារលំនៅដ្ឋាននៅតែមានសក្តានុពលនៅឡើយ ទោះបីវិបត្តិជំងឺកូវីដក្តី ប៉ុន្តែចរន្តនៃការទិញលក់នៅតែមានភាពល្អប្រសើរ បើទោះជាមិនមានកំនើនខ្ពស់ដូចកំឡុងមុនវិបត្តិកូវីដ១៩ក្តី។

លោកបន្តថា “ដោយឡែកបញ្ហាហេដ្ឋារចនាសម្ព័ន្ឋ ដែលងាយស្រួលតភ្ជាប់មកនាន់រាជធានី បានធ្វើឲ្យតំបន់ច្បារអំពៅ មានភាពររីកចម្រើនទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ស្របពេលកំណើនប្រជាសាស្ត្រកើនឡើង ជាប្រចាំនៅតំបន់នេះ។ លោកបន្តថា “កំនើននៃការទិញលក់បុរី ដោយសារលក្ខខ័ណ្ឌបង់ប្រាក់កាន់តែងាយស្រួល ពិសេសមានការគាំទ្រពីធនាគារកាន់តែច្រើន”៕

តើវត្តមានផ្សារទំនើបEAON Mall4នឹងឆ្ពោះទៅកាន់ផ្នែកណាមួយនៃក្រុងភ្នំពេញ?

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ខណៈផ្សារទំនើបAEON Mall3កំពុងសាងសង់យ៉ាងសកម្ម និងគ្រោងបញ្ចប់តាមផែនការរបស់ខ្លួន វត្តមានផ្សារទំនើបAEON Mall4 រំពឹងនឹងកើតឡើងនៅពេលបន្ទាប់។

ខណៈគេមើលឃើញសក្តានុពលខេត្តសៀមរាប និងក្រុងព្រះសីហនុជាជម្រើស សំរាប់វិនិយោគផ្សារAEON Mall4 អ្នកជំនាញមួយរូបបានសម្លឹងឃើញផ្ទុយពីនេះ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៤ មិថុនានេះថា ការបង្ហាញវត្តមានរបស់ក្រុមហ៊ុនផ្សារទំនើបខ្នាតយក្សនេះ បាននិងកំពុងជំរុញការលើកកំពស់មុខមាត់កម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានមកវិនិយោគដោយជោគជ័យ លើផ្សារទំនើបAEON Mall1, AEON Mall2និងកំពុងសាងសង់ផ្សារទំនើបAEON Mall3 នៅលើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

លោកបានមានប្រសាសន៍បន្តថា “បើសួរថាតើផ្សារទំនើបAEON Mall4នឹងបោះទីតាំងនៅតំបន់ណា ខ្ញុំគិតថាផ្សារទំនើបទី៤នឹងបោះទីតាំងនៅភាគខាងជើង នៃក្រុងភ្នំពេញ ដែលស្ថិតនៅក្បែរនឹងផ្លូវជាតិលេខ៦អា ជាមួយនឹងមហាវិថីឈ្នះ ឈ្នះ”។

លោកយិន លាងគង់បានបន្តថា មូលហេតុដែលលោកគិតថា ផ្សារទំនើបAEON Mall4 នឹងសាងសង់នៅតំបន់នេះ ដោយសារហេតុផលសំខាន់ៗចំនួន៥ ដូចជា ទី១ តំបន់នេះកំពុងមានការវិនិយោគបុរីកាន់តែច្រើន ដែលភាគច្រើនជាបុរីលំដាប់ប្រណីត ហេតុនេះ រយៈពេល៣ទៅ៥ឆ្នាំក្រោយ ការបង្ហាញវត្តមានរបស់ផ្សារនៅតំបន់នេះ គឺជាពេលវេលាដ៏សមស្របជាមួយនឹងកំនើនប្រជាពលរដ្ឋ ចូលទៅរស់នៅតំបន់នេះ ទី២ តំបន់នេះមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់យ៉ាងល្អប្រសើរ ដោយមានស្ពានលី យ៉ុងផាត់ ដែលតភ្ជាប់ជាមួយផ្លូវ៦អា ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ទី៣ តំបន់នេះបច្ចុប្បន្នបានក្លាយជារមណីយដ្ឋានរួចទៅហើយ ដោយមនុស្សរាប់រយនាក់បានទៅកំសាន្តនៅវិមានឈ្នះ ឈ្នះ សួនទឹកដ៏ធំ សួនសត្វសាហ្វារីវើលដ៏ ពិសេសនៅពេលពហុកីឡដ្ឋានមរតកសម្តេចតេជោសាងសង់ចប់ តំបន់នេះនឹងកាន់តែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ទី៤ តំបន់នេះមានដីទំនេរធំ ហើយវិនិយោគិនដែលវិនិយោគសាងសង់ផ្សារទំនើបAEON Mall2 ក៏បានទិញដីរបស់អ្នកឧកញ៉ាលី យ៉ុងផាត់ផងដែរ និងទី៥ ការវិនិយោគទីក្រុងមិត្តភាពកម្ពុជា ចិន និងគំរោងលំនៅដ្ឋាន មជ្ឈមណ្ឌលពា ណិជ្ជកម្មជាច្រើនទៀត ក៏ជាកត្តាមួយគាំទ្រហេតុផលខាងលើផងដែរ។

លោកយិន លាងគង់បានបន្តថា ក្រុងព្រះសីហនុជាទីតាំងដ៏មានសក្តានុពល ក្រុងសៀមរាបជាបណ្តុំទេសចរណ៍៍ ប៉ុន្តែអំណាចនៃការទិញរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅមានកម្រិតនៅឡើយ បើធៀបនឹងទីក្រុងភ្នំពេញ ដែលប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗមានប្រមាណ៧០០០ដុល្លារក្នុងមួយឆ្នាំ៕

អង្គការសុខភាពពិភពលោកអំពាវនាវឲ្យមានការចូលរួមពីសហគមន៍ឲ្យបានកាន់តែច្រើន ដើម្បីទប់ស្កាត់ជំងឺកូវីដនៅកម្ពុជា

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ អង្គការសុខភាពពិភពលោក(WHO) បានជំរុញឱ្យមានអន្តរាគមន៍បន្ថែម ដែលមានប្រសិទ្ធភាពជាងមុន និងអំពាវនាវឱ្យមានការចូលរួមពីសហគមន៍ឱ្យបានច្រើន ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះ។

អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយនៅរសៀលថ្ងៃទី ១៣ ខែមិថុនាកន្លងមកនេះ ដោយបានជំរុញឱ្យមានសកម្មភាពរួមគ្នា និងការចូលរួមរបស់សហគមន៍ទាំងមូល។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត លី អែឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា “យើងត្រូវធ្វើអ្វីៗទាំងអស់ ដែលយើងអាចធ្វើទៅបាន ដើម្បីការពារការរីករាលដាលនៃមេរោគ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាព សង្គម និងសេដ្ឋកិច្ច”។លោកស្រីបញ្ជាក់ថា “វាចាំបាច់ណាស់ ក្នុងការស្វែងរកមធ្យោបាយ ដែលមានប្រសិទ្ធភាពជាងមុន ដើម្បីធានាការអនុវត្ត និងគោរពតាមវិធានការ សុខភាពសាធារណៈ និងសង្គម ជាពិសេសតាមរយៈការចូលរួមឱ្យបានច្រើនជាងមុនរបស់ សហគមន៍គ្រប់គ្នា”។

អង្គការសុខភាពពិភពលោក បានធ្វើការស្ទង់មតិមួយ កាលពីខែឧសភាឆ្នាំ២០២១ថ្មីៗនេះ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺកូវីដ១៩ ក្នុងនោះលទ្ធផលបានរកឃើញថា សហគមន៍នៅកម្ពុជាមានភាពនឿយណាយ និងយល់ឃើញថា ស្ថានភាពមានហានិភ័យកម្រិតទាប។

លោកស្រី លី អៃឡែន បានមានប្រសាសន៍ថា “លទ្ធផលរកឃើញទាំងនេះ ធ្វើឱ្យខ្ញុំព្រួយបារម្ភ។ ខ្ញុំយល់ច្បាស់ថា ប្រជាពលរដ្ឋយើងមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល១៨ខែមក ប៉ុន្តែយើងគ្មានជម្រើសផ្សេងទៀតទេ”។ លោកស្រីបន្តថា “យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់”។

លោកស្រីវេជ្ជបណ្ឌិត Li Ailan មានប្រសាសន៍ថា ខណៈពេលដែលរដ្ឋាភិបាលបានធ្វើការមិនខ្លាចនឿយហត់ និងទាំងយប់ទាំងថ្ងៃ ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុស ដើម្បីជួយសង្គ្រោះជីវិត និងការពារសុខភាព លទ្ធផលនៃការស្ទង់មតិរៀបចំដោយអង្គការសុខភាពពិភពលោក កាលពីខែឧសភា ឆ្នាំ ២០២១ ថ្មីៗនេះ ដើម្បីស្វែងយល់អំពីអាកប្បកិរិយា និងការយល់ឃើញអំពីជំងឺកូវីដ១៩ បានរកឃើញថាសហគមន៍នៅកម្ពុជា មានភាពនឿយណាយ និងយល់ឃើញថាស្ថានភាពមានហានិភ័យមានកម្រិតទាប។

លោកស្រីបន្តថា “លទ្ធផលរកឃើញទាំងនេះ ធ្វើឲ្យខ្ញុំព្រួយបារម្ភ។ ខ្ញុំយល់ច្បាស់ថា ប្រជាពលរដ្ឋយើងមានការធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងវីរុសអស់រយៈពេល ១៨ខែមក ប៉ុន្តែយើងគ្មានជម្រើសផ្សេងទៀតទេ”។ លោកស្រីបន្ថែមថា “យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រជាពលរដ្ឋគ្រប់រូប មានតួនាទីសំខាន់ណាស់”៕

 

ក្រុមហ៊ុនAgile Groupប្រកាសលក់ភាគហ៊ុនតម្លៃជាង១ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនPing Anដើម្បីធ្វើពិពិធម្មហិរញ្ញវត្ថុរបស់ខ្លួន

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Agile Group Holdings ប្រកាសលក់ភាគហ៊ុនតម្លៃ៧.០៥ពាន់លានយ័ន (ប្រមាណ១,០៨ពាន់លានដុល្លារអាមេរិក) នៅក្នុងគម្រោងអចលនទ្រព្យចំនួន៧ ទៅឱ្យក្រុមហ៊ុនPing An Insurance Group។ នេះបើយោងតាមការចេញផ្សាយរបស់ South China Morning Post កាលពីថ្មីៗនេះ។

ការលក់ភាគហ៊ុននឹងនាំមកនូវសាច់ប្រាក់ ដែលត្រូវការជាចាំបាច់ មុនពេលបទ ប្បញ្ញត្តិ រឹងបន្តឹងលើការកម្ចីចូលជាធរមាន ហើយអនុញ្ញាតឱ្យក្រុមហ៊ុនPing An ពង្រីកខ្លួនកាន់ធំ នៅក្នុងទីផ្សារអចលនទ្រព្យដ៏ធំរបស់ប្រទេសចិន។

ក្រុមហ៊ុន Agile ដែលបានចុះបញ្ជីនៅហុងកុង កំពុងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងការអភិវឌ្ឍជាច្រើន ជាពិសេសនៅភាគខាងត្បូងនិងខាងកើត និងភាគកណ្តាលនៃប្រទេ សចិនទៅឱ្យក្រុមហ៊ុនPing An។

ក្រុមហ៊ុនអចលនទ្រព្យ ដែលមានទីស្នាក់ការកណ្តាលនៅក្វាងចូវ បានឱ្យដឹងនៅក្នុងឯកសារមួយថា “នេះអាចធ្វើឱ្យមានការធ្វើពិពិធកម្ម ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងជួយសម្រួលដល់ក្រុមហ៊ុន ដើម្បីបំពេញតាមតម្រូវការដើមទុនចរន្ត ការសម្រាប់ការអភិ វឌ្ឍគម្រោងអចលនទ្រព្យ”។

គម្រោងទាំង៧នេះ គ្របដណ្តប់លើផ្ទៃដី១,៧៦លានម៉ែត្រការ៉េ ក្នុងនោះគម្រោងចំនួនបីស្ថិតនៅក្នុងទីក្រុង Zhongshan, Qingyuan និង Huizhou ក្នុងខេត្ត Guangdong មួយស្ថិតនៅខេត្ត Hainan និងគម្រោងផ្សេងៗទៀតនៅសល់គឺនៅទីក្រុង Yang Yang, Zhengzhou និង Tianjin ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ចាប់ពីដើមឆ្នាំ២០២១ អ្នកអភិវឌ្ឍន៍ ដែលមិនបានបំពេញតាមតម្រូវការ ហិរញ្ញវត្ថុជាក់លាក់ចំនួន៣ នឹងត្រូវបានដាក់ឱ្យស្ថិតការរឹតបន្តឹង ឬត្រូវបានហាមឃាត់ទាំងស្រុងពីការខ្ចីប្រាក់។

លោក Zhang Bo ប្រធានអ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ58 Anjuke Real Estate Research Institute បានមានប្រសាសន៍ថា “ក្រុមហ៊ុនធានារ៉ាប់រងវិនិយោគ លើអ្នកអភិវឌ្ឍន៍អចលនទ្រព្យ គឺជានិន្នាការដ៏ធំមួយក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ ទោះបីពួកគេមិនបានអភិវឌ្ឍអចលនទ្រព្យក៏ដោយ និន្នាការរបស់ពួកគេក្នុងឧស្សាហកម្មអចលនទ្រព្យ តាមរយៈការទិញភាគហ៊ុននៅក្នុងគម្រោងនានា គឺកើតឡើងរួចទៅហើយ”៕

តើសកម្មភាពពុះដីឡូត៏បានជួយអ្វីខ្លះដល់សង្គមនិងសេដ្ឋកិច្ច?

ដោយៈលក្ខិណា

ភ្នំពេញៈ នៅរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សកម្មភាពពុះដីឡូត៏ ត្រូវបានគេមើលឃើញថា មានកំណើនកាន់តែខ្លាំង បើទោះបីជាមកដល់ពេលនេះ មានវិបត្តិនៃជំងឺកូវីដ១៩ក្ដី ក៏សកម្មភាពនេះ នៅតែមានភាពផុសផុល ដោយការពុះលក់ដីឡូត៍ ក៏កាន់តែឆ្ងាយពីរាជធានីភ្នំពេញ ជាពិសេសនៅបណ្ដាខេត្តដែលមានសក្ដានុពលខ្ពស់។

តើការពុះដីឡូត៏វាមានផ្ដល់ប្រយោជន៍អ្វីខ្លះដល់សង្គមនិងសេដ្ឋកិច្ចក៏ដូចជាពលរដ្ឋ?

បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យ បានលើកឡើងពីផលប្រយោជន៍ នៃការពុះដីឡូត៍ចំពោះសង្គមជាតិ ដូចជា ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ការជួយដល់ពលរដ្ឋដែលមានជីវភាព ក្រោមមធ្យមក្នុងការទិញដី ដែលអាចបង់រំលស់សម្រាប់សង់ផ្ទះនៅពេលដែលមានសន្សំលុយបានគ្រប់គ្រាន់។

លោកឧកញ៉ាម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា គម្រោងដីឡូត៍មួយចំនួន មុននឹងពុះគេបានធ្វើផ្លូវចូលទៅគម្រោ​ងរបស់គេ ដើម្បីឱ្យអតិថិជនមើលទៅគម្រោងដីឡូត៍នោះ ពិតជាមានផ្លូវពិតប្រាកដមែន ដែលជាការសម្រួលដល់ពលរដ្ឋ ក្នុងតំបន់ពុះដីឡូត៏នោះ ដូច្នេះវាបានជួយដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋមួយចំណែកផងដែរ។

លោកបន្តថា “សកម្មភាពពុះដីឡូត៍ និងទិញលក់ដីឡូត៏នេះហើយ ដែលជាចំណែកក្នុងចំណូលពន្ធដារ តាមរយៈការបង់ពន្ធប្រថាប់ត្រា នៅពេលទិញផ្ដាច់ពីម្ចាស់គម្រោង ដែលអាចឱ្យទទួលបានពន្ធពីវិស័យនេះ សម្រាប់ជាចំណូលរដ្ឋ ដើម្បីប្រើប្រាស់តាមតម្រូវការ”។ លោកបន្តថា “ការពុះដីឡូត៍នេះដែរ ក៏បានជួយកែប្រែពីតំបន់ដែលមើលទៅដាច់ស្រយាលទៅជាតំបន់មួយ នឹងមានសក្ដានុពលលំនៅឋាននៅពេលអនាគត”។

ម្យ៉ាងទៀតសម្រាប់ពលរដ្ឋ ដែលមិនមានលទ្ធភាពទិញផ្ទះ ឬទិញដីដោយបង់ផ្ដាច់សម្រាប់សង់ផ្ទះ អាចទិញដីឡូត៍ ដោយបង់រំសល់ប្រចាំខែទៅម្ចាស់គម្រោង ព្រោះគម្រោងជាច្រើនបានផ្ដល់លក្ខខណ្ឌបង់រំលស់ដល់អតិថិជនរបស់ខ្លួន ។

ជាមួយគ្នានេះ លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានឱ្យដឹងថា ទីផ្សារដីឡូត៍ នៅតែមានសក្ដានុពលនិងមានតម្រូវការ ពីព្រោះថាប្រជាពលរដ្ឋមួយចំនួនធំនៅតែមិនទាន់មានលទ្ធភាព ទិញផ្ទះសម្រាប់ស្នាក់នៅ សមរម្យនៅឡើយទេ។ ដូច្នេះជម្រើ​សរបស់ពួកគេ មានតែទិញដីឡូត៍ ដើម្បីទុកសង់ផ្ទះនៅពេលពួកគេមានលទ្ធភាពសង់ផ្ទះ សំរាប់រស់នៅ ។

លោកបន្តថា ម្យ៉ាងទៀត ការទិញដីឡូត៏គឺអត់ចេះខុសនោះទេ ព្រោះដីដែលយើងទិញហើយ វានៅតែជាដីរបស់យើង ហើយនៅពេលអនាគត បើសិនជាយើងមានលទ្ធភាពទិញផ្ទះ ក៏អាចលក់ដីនោះចេញវិញយកចំណេញបានដែរ៕

កម្ពុជាគ្រោងពង្រីកទិសដៅនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ទីផ្សារអន្តរជាតិធំៗចំនួន៥បន្ថែមទៀត

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Top Planning Japan (TPJ) សហការជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នឹងពង្រីកទិសដៅនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី បន្ទាប់នាំចេញទីផ្សារជប៉ុនទទួលបានជោគជ័យ។

ការបង្ហាញទិសដៅនាំចេញថ្មីៗនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អញ្ជើញមកពិនិត្យសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ ដែលមានទីតាំងនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយសម្រួលពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី១៣ ខែមិថុនាកន្លងមកនេះ។

ជាមួយគ្នានេះ សហការជាមួយសមាគមស្វាយចន្ទីកម្ពុជា កសាងឃ្លាំងស្តុកគ្រាប់ស្វាយចន្ទីស្រស់ ដែលមានសមត្ថភាពស្តុកទុកគ្រាប់យ៉ាងតិច៥០០០តោន ដើម្បីធានាបរិមាណផ្គត់ផ្គត់ និងតម្លៃកិច្ចសន្យា។ នៅឆ្នាំ២០២៣ ក្រុមហ៊ុនTPJ គ្រោងបង្កើតរោងចក្រកែច្នៃ ដែលមានសមត្ថភាពផលិតបានរហូតដល់ ២ ០០០-៣ ០០០តោន/ឆ្នាំ។

តាមរបាយការណ៍របស់នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឲ្យដឹងថា ដោយមានការគាំទ្រពីអង្គការ JICA) ក្រុមហ៊ុន TPJ បានទទួលគម្រោងគាំទ្រ ដើម្បីសិក្សាលំអិតអំពីស្ថានភាពទូទៅ នៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ក្នុងគោលបំណងកសាងផែនការមេសម្រាប់អភិវឌ្ឍន៍ និងលើកកកម្ពស់ផលិតផលស្វាយចន្ទីកម្ពុជា រយៈពេល១៤ខែ ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន៤ (ព្រះវិហារ កំពង់ធំ សៀមរាប និងខេត្តកំពង់ចាម)។

ជាការសាកល្បងអនុវត្តន៍គម្រោង ក្រុមហ៊ុន TPJ បានចុះកិច្ចព្រមព្រៀងជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ក្នុងការទិញគ្រាប់ស្វាយចន្ទី ដើម្បីធ្វើការកែច្នៃសាកល្បងប្រមាណចំនួន១៥០តោន។ ទទួលបានទុនវិនិយោគពាណិជ្ជកម្ម ពីក្រុមហ៊ុន បានចរចារទិញគ្រាប់ស្វាយចន្ទី តាមការចរចារតម្លៃលើប្រភេទ និងគុណភាពតាមទីផ្សារជាក់ស្តែងប្រមាណ២០ម៉ឺនដុល្លាក្នុងឆ្នាំ២០២០។

ឆ្នាំ២០២១ នេះសិប្បកម្មគ្រោងទិញគ្រាប់ស្វាយចន្ទី ចំនូន១០០០តោន ពីកសិករ ដែលក្នុងនោះ ក៏នឹងសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទីសរីរាង្គ ចំនួន៣០តោនដែលទទួលទិញពីសហគមន៍ ផលិតគ្រាប់ស្វាយចន្ទីសរីរាង្គក្នុងខេត្តព្រះវិហារ។

ដោយមានការជួយជ្រោមជ្រែងពីនាយកដ្ឋានកសិ-ឧស្សាហកម្ម នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Top Planning Japan (TPJ) បានចុះអនុសារណៈយោគយល់គ្នា (MOU) ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង។

MOU នេះមានគោល បំណងលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីស្រស់ និងផ្តល់តម្លៃខ្ពស់ដល់កសិករក្នុងតំបន់ និងកសិករដែលបានចុះកិច្ចសន្យាផលិតកម្មកសិកម្ម ធានាគុណភាព និងសុវត្ថិភាពគ្រាប់ស្វាយចន្ទី បង្កើតឱកាសការងារ និងប្រាក់កម្រៃសមរម្យដល់ស្រ្តី និងយុវជននៅក្នុងសហគមន៍ និងលើក កម្ពស់សមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារនៅក្នុងតំបន់ និងទីផ្សារអន្តរជាតិ។ បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន១០តោន/ខែ។

លទ្ធផលនៃការអនុវត្ត MOU និងដោយមានកិច្ចសហការល្អ ជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ធ្វើឲ្យគ្រាប់ស្វាយចន្ទីកែច្នៃរួចបានបង្ហាញខ្លួន នៅលើទីផ្សារជប៉ុននាពេលថ្មីៗនេះ។ ជាក់ស្តែង នៅថ្ងៃទី៧ ខែឧសភា សិប្បកម្មគ្រាប់ស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចចំនួន៧តោន ទៅកាន់ប្រទេសជប៉ុនសម្រាប់លើកទី១ ហើយលើកទី២ គឺនៅថ្ងៃនេះតែម្តងមានចំនួន៩តោន បានដាក់ចូលក្នុងទូកុងទីន័ររួចរាល់ គ្រោងនាំចេញនៅថ្ងៃទី១៧ខាងមុខ ហើយសង្ឃឹមថា ផលិតផលខ្មែរនេះនឹងទៅដល់ទីក្រុង OSAKA នៅថ្ងៃទី១៥ ខែកក្កដា។

សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យ សំបូរ គ្រោងនាំចេញក្នុងបរិមាណ៩តោន ជារៀងរាល់ខែ ហើយបរិមាណនេះនឹងមានការកើនឡើង តាមការបញ្ជាទិញពីទីផ្សារជប៉ុននាពេលអនាគត។ ក្រៅពីទីផ្សារអន្តរជាតិ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានផ្គត់ផ្គងឲ្យទីផ្សារក្នុងស្រុក ដូចជា សហករណ៍សរីរាង្គខ្មែរ លក់ដុំ លក់រាយជូនអតិថិជនទៅតាមបណ្តាខេត្ត និងតំបន់ទេសចរណ៍ប្រាសាទសំបូរព្រៃគុកផងដែរ៕

តើមហាសេដ្ឋីអចលនទ្រព្យមានលុយច្រើនបំផុតនៅអូស្ត្រាលីជានរណា?

ដោយៈសុខុម

អូស្រ្តាលី: វិស័យអចលនទ្រព្យជាវិស័យមួយ ដ៏មានសក្កានុពលខ្លាំងក្លា មិនអាចប្រកែកបាន ដែលធ្វើឱ្យអ្នកជំនួញប្រឡូកក្នុងវិស័យនេះ មិនតិចនាក់ឡើយបានក្លាយជាមហាសេដ្ឋី ក្នុងមួយឆ្នាំៗទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ។

ក្រឡេកមកមើលវិស័យអចលនទ្រព្យ ក្នុងប្រទេសអូស្ត្រាលីឯណេះវិញ វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលស្ត្រីមួយរូបបានក្លាយជាមហាសេដ្ឋីអចលនទ្រព្យ មានលុយច្រើ​នបំផុតក្នុងប្រទេសនេះ។

ចង់ដឹងថាតើគាត់ជានរណា មានលុយច្រើនកម្រិតណា និងមានប្រវត្តិបែបណា សូមមកស្វែងយល់ទាំងអស់គ្នាដូចខាងក្រោម!

យោងតាមគេហទំព័រអចលនទ្រព្យអូស្ត្រាលី realestate.com.au ដែលបានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា លោកស្រីGina Rinehart បានជាប់ឈ្មោះជាមហាសេដ្ឋីអចលនទ្រព្យ មានលុយច្រើនបំផុតជាថ្មីម្ដងទៀត ជាមួយនឹងទ្រព្យសម្បត្តិសរុបរហូត ដល់ទៅ៣៦,៣៨ពាន់លានដុល្លារ ដោយកើនឡើងពីចំនួន១៦,២៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។

សារព័ត៌មានអូស្ត្រាលីបានចុះផ្សាយថា ទ្រព្យសម្បត្តិរបស់លោកស្រីបានកើនឡើងដល់កម្រិតនេះ ដោយសារតម្លៃរ៉ែដែកហក់ឡើងខ្ពស់ និងការកើនឡើងការនាំចេញទៅកាន់ប្រទេសចិន។

*ប្រវត្តិ
លោកស្រី Gina Rinehart បានប្រសូត្រនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៥៤ (៦៧ឆ្នាំ) នៅមន្ទីរពេទ្យ St John of God Subiaco Hospital ក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលី ភាគខាងលិច។ គាត់គឺជាកូនទោលរបស់លោកឪពុក Lang Hancock ដែលជាមហាសេដ្ឋីរ៉ែដែក និងអ្នកម្ដាយ Hope Margaret Nicholas។

គាត់បានរស់នៅជាមួយឪពុកម្ដាយ រហូតដល់អាយុ៤ឆ្នាំនៅ Nunyerry ដែលស្ថិតនៅចម្ងាយប្រមាណ៦០គីឡួម៉ែត្រ នាខាងជើងនៃតំបន់ Wittenoom។

បន្ទាប់មកគ្រួសាររបស់គាត់ បានផ្លាស់ទៅ Mulga Downs Station នៅតំបន់ Pilbara ។ ក្រោយមក លោកស្រី Gina Rinehart បានរៀននៅសាលា St Hilda’s Anglican School for Girls ក្នុងទីក្រុង Perth។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ គាត់បានបន្តការសិក្សាដោយចាប់យកជំនា​ញសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ University of Sydney ប៉ុន្តែគាត់បានឈប់រៀនពាក់កណ្ដាលទី ដើម្បីជួយធ្វើការឱ្យលោកឪពុក។ អ្នកស្រីទទួលបានចំណេះដឹងយ៉ាងទូលំទូលាយ អំពីឧស្សាហកម្មរ៉ែដែកនៅតំបន់ Pilbara។

មិនតែប៉ុណ្ណោះ លោកស្រី Gina Rinehart ថែមទាំងបានជួយសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុន Hancock Prospecting Pty Ltd (HPPL) របស់ឪពុកឱ្យក្លាយជាក្រុមហ៊ុនឯកជនដ៏ជោគជ័យបំផុតមួយ នៅក្នុងប្រវត្តសាស្ត្រអូស្រ្តាលីទៀតផង។

នៅឆ្នាំ១៩៧៣ ស្ថិតក្នុងវ័យ១៩ឆ្នាំ លោកស្រី Gina Rinehart បានស្គាល់គ្នា និងចាប់ចិត្តស្រលាញ់គ្នា ជាមួយបុរសជនជាតិអង់គ្លេស ឈ្មោះ Greg Milton ខណៈពេលពួកគាត់ទាំង២ធ្វើការនៅតំបន់ Wittenoom។ ពេលនេះហើយដែលលោក Greg Milton បានប្ដូរនាមត្រកូលខ្លួនមកជា Hayward។ គូស្នេហ៍មួយគូនេះ បង្កើតបានកូនប្រុសម្នាក់ឈ្មោះ John Langley នៅក្នុងឆ្នាំ១៩៧៦ និងកូនស្រីម្នាក់ទៀតឈ្មោះ Bianca Hope ក្នុងឆ្នាំ១៩៧៧។

ទោះជាយ៉ាងណា ប្តីប្រពន្ធនេះបានចែកផ្លូវគ្នានៅឆ្នាំ១៩៧៩ ហើយបានលែងលះជាផ្លូវការនៅឆ្នាំ១៩៨១។ ក្នុងឆ្នាំ១៩៨៣ លោកស្រី Gina Rinehart បានរៀបការស្វាមីក្រោយឈ្មោះ Frank Rinehart ដែលជាមេធាវីក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុន Arco នៅឡាសវ៉េហ្គាស សហរដ្ឋអាមេរិក។ ជាចំណងដៃ ពួកគាត់បង្កើតបានកូន២នាក់ ដោយម្នាក់ឈ្មោះ Hope នៅឆ្នាំ១៩៨៦ និងម្នាក់ទៀតឈ្មោះ Ginia នៅឆ្នាំ១៩៨៧។

ស្វាមីក្រោយរបស់លោកស្រីគឺលោក Frank Rinehart បានទទួលបានអាហារូបករណ៍ទៅសិក្សា នៅសាកលវិទ្យាល័យ Harvard ដោយសារលោកបានផ្ដល់សេវាជួយដល់ទ័ពអាកាសសហរដ្ឋអាមេរិក នៅពេលនោះ។ គាត់ខំប្រឹងរៀនខ្លាំងណាស់ រហូតក្លាយជានិស្សិតពូកែនៅ Harvard College និង Harvard Law School ខណៈលោកក៏កំពុងសិក្សាជំនាញវិស្វកម្ម និងមានការពេញម៉ោង១ និងការងារក្រៅម៉ោង២។ ប៉ុន្តែជាអកុសល ស្វាមីក្រោយ Frank Rinehart ក៏បានទទួលមរណភាពនៅក្នុងឆ្នាំ១៩៩០។

លោកស្រី Gina Rinehart និងលោកស្រី Rose Porteous ភរិយាក្រោយរបស់លោកឪពុកLang Hancock ដែលបានរៀបការស្វាមីក្រោយឈ្មោះ Willie Porteous បន្ទាប់ពីឪពុករបស់លោកស្រី បានទទួលមរណភាពមិនបានយូរប៉ុន្មាន បានប្ដឹងផ្ដល់គ្នាឡើងតុលាការចាប់ពីឆ្នាំ១៩៩២ ជុំវិញការស្លាប់ និងការក្ស័យធនក្រុមហ៊ុនអចលនទ្រព្យរបស់ឪពុកលោកស្រី។ ក្ដីក្ដាំតុលាការនេះបានអូសបន្លាយរយៈពេល១៤ឆ្នាំទើបបញ្ចប់។

ក្នុងឆ្នាំ១៩៩៩ រដ្ឋាភិបាលអូស្ត្រាលី បានអនុម័តសំណើសុំដាក់ឈ្មោះជួរភ្នំមួយថា Hancock Range ដើម្បីគោរពដល់គ្រួសាររបស់លោកស្រី Gina Rinehart ព្រោះគ្រួសាររបស់លោកស្រី បានរួមចំណែកច្រើនណាស់ ដល់ការបង្កើតឧស្សាហកម្មរ៉ែនៅតំបន់ Pilbara៕