ដោយៈវឌ្ឈនៈ
ភ្នំពេញៈ កំណើនកង់សម្រាប់ហាត់ប្រាណ នៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានតម្រូវការខ្ពស់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ មនុស្សជាច្រើនក៏ចាប់ផ្ដើមយកកង់ ធ្វើជាវិធីសាស្ត្រសម្រាប់ហាត់ប្រាណ ដែលធ្វើឱ្យទីផ្សារលក់កង់នៅក្នុងប្រទេសកម្ពុជាកាន់តែមានកំណើន។
បណ្ដាហាងលក់កង់ជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបង្ហាញពីកំណើននៃការលក់កង់សម្រាប់ជិះហាត់ប្រាណ ដល់ប្រជាជនកម្ពុជា នៅក្នុងបរិបទកូវីដ១៩នេះ ជាពិសេសកង់ ដែលមានតម្លៃក្រោម១ពាន់ដុល្លារអាមេរិកក្នុងមួយគ្រឿង។
កញ្ញាឈុន លីហ្សាអ្នកគ្រប់គ្រងហាងកង់ Camp Bike បានឱ្យដឹងនាព្រឹកថ្ងៃទី៣១កក្កដានេះថា កាលពីមុនហាងកង់ Camp bike មានទីតាំងនៅឯខេត្តកំពង់ចាមឯណោះ ហើយក្រោយមក ក៏បានពង្រីកសាខាមកកាន់រាជធានីភ្នំពេញ ដោយសារតែមានការគាំទ្រនិងមានអតិថិជនកាន់តែច្រើនទិញ កង់និងរកសេវាកម្មជួសកង់ ហាងរបស់កញ្ញាក៏បានពង្រីកសាខាជាបន្តបន្ទាប់ទៀតនៅក្នុងរាជធានីភ្នំពេញ ។
កញ្ញាបន្តថា ទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ក៏ហាងកង់Camp Bike នៅតែលក់កង់ចេញជារៀងរាល់ថ្ងៃ ដោយក្នុងហាងមួយៗ អាចលក់ចេញបានប្រមាណជាមធ្យម១០គ្រឿង ក្នុងតម្លៃកង់វិញនៅចន្លោះពី៣០០ ដុល្លារទៅ៥០០ដុល្លារ និងមានថ្ងៃខ្លះក៏មានលក់ចេញនូវកង់តម្លៃលើស១០០០ដុល្លារអាមេរិកផងដែរ។
កញ្ញានិយាយថា “អ្នកដែលទិញកង់ជិះហាត់ប្រាណពេលនេះ ភាគច្រើនគឺជាយុវវ័យ ដោយអ្នកខ្លះទិញជាលក្ខណៈជាក្រុម និងខ្លះទៀតជិះលក្ខណៈលំហែរតែម្នាក់ឯងជាដើម”។
កញ្ញាបន្ថែមថា កង់ដែលលក់នៅក្នុងហាងរបស់កញ្ញា ភាគច្រើនជាកង់នាំចូលពីប្រទេសអ៊ីតាលី តៃវ៉ាន់និងប្រទេសផ្សេងទៀត ក្នុងនោះក៏មានកង់ផលិតនៅក្នុងប្រទេសកម្ពុជាដែរ តែកង់ផលិតនៅក្នុប្រទេសកម្ពុជាមានតម្លៃខ្ពស់មិនសូវមានអ្នកទិញប៉ុន្មានទេ ។
បើតាមលោកសន ទឹប អ្នកទិញកង់ជិះហាត់ប្រាណក៏បាននិយាយថា កង់ដែលលោកទិញ គឺជាកង់នាំចូលពីបរទេស ក្នុងតម្លៃជាង៣០០ដុល្លារអាមេរិក។ ការទិញកង់ជិះហាត់ប្រាណរបស់លោកនៅពេលនេះ គឺដើម្បីលំហែរផង ដើម្បីសុខភាពផង កាត់បន្ថយដល់ការនឿយហត់ពីការងារផង ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាលោកស៊ាង ថៃ បានឱ្យដឹងថា កម្ពុជាជាប្រទេសនាំចេញកង់ធំមួយលើពិភពលោក ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនជិះកង់នាំចូលពីប្រទេស ដោយសារតែកង់ដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិដូចជាអឺរ៉ុប និងអាមេរិកជាដើម ដែលជាប្រភេទកង់មានតម្លៃខ្ពស់៕