គម្រោងវិនិយោគថ្មីៗចំនួន៦ បោះទុនទឹកប្រាក់១០០លានដុល្លារនៅភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈគម្រោងវិនិយោគថ្មីៗចំនួន៦ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា (CDC) ប្រកាសបោះទុនវិយោគ៩៩,៦លានដុល្លារក្នុងរយៈពេល៣ខែ គិតចាប់ពីមីនា ដល់ដើមខែមិថុនា ឆ្នាំ២០២១។ នេះបើយោងតាមការបុកសរុបគេទំព័រ Propertyarea.asia។

គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១ ក្រុមហ៊ុន XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។

ទី២ ក្រុមហ៊ុនISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។

ទី៣ ក្រុមហ៊ុន “HERBA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, មានទុនវិនិយោគប្រមាណ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការ​ងារបានចំនួន១២០កន្លែង។

ទី៤ ក្រុមហ៊ុន SPARKBAGS (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោ​ក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។

ទី៥-ក្រុមហ៊ុន RUIXUE (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ១៩៨ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។

ទី៦-ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៨កន្លែង។

លោកច្រឹក សុខនីមប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារវត្ថុកម្ពុជាបានថ្លែងប្រាប់ថា បច្ចុប្បន្ន រោងចក្រសហគ្រាសថ្មីៗភាគច្រើន ដែលចូលមកវិនិយោគនៅទីក្រុងភ្នំពេញ បានបោះទីតាំងនៅតំបន់ជាយក្រុង ដោយសារសាលាក្រុងបានដាក់ចេញសម្រេចមួយ ដែលតម្រូវឱ្យផ្លាស់ប្តូរទីតាំងពីក្នុងទីក្រុង ទៅជាយក្រុង។

លោកបានថ្លែងបន្តថា “ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ វិស័យរោងចក្រ ឧស្សាហកម្មនៅកម្ពុជា នៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ដែលបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពលសម្រាប់ការវិនិយោគនានា ពិសេសវិស័យរោងចក្រ និងឧស្សាហកម្ម”៕

ក្រុមហ៊ុន Royal Group Co.,LTD គ្រោងធ្វើអាជីវកម្មខ្សាច់ពីរកន្លែងនៅខេត្តកោះកុង

ដោយៈគង់ សូរិយា

កោះកុងៈ ក្រុមហ៊ុន Royal Group Co, Ltdបានដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីធ្វើអាជីវកម្មបូមខ្សាច់ចំនួនពីរទីតាំង នៅក្នុងខេត្តកោះកុង ខណៈអ្នកជំំនាញបរិស្ថានបានលើកឡើងពីឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនេះ នឹងរងផលប៉ះពាល់នាពេលអនាគត។

ជាមួយនឹងសំណើរនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានចុះពិនិត្យគម្រោងស្នើសូមជួលដីរដ្ឋធ្វើអាជីវកម្មខ្សាច់ ចំនួន២គម្រោងរបស់ក្រុមហ៊ុន Royal Group Co.,LTD ស្ថិតនៅឃុំត្រពាំងរូង ស្រុកកោះកុង និងឃុំប្រឡាយ ស្រុកថ្មបាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១កន្ល​ងមកនេះ។

ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែង លើគម្រោងស្នើធ្វើអាជីវកម្មខ្សាច់របស់ក្រុមហ៊ុន ក្រុមការងារនៃស្ថាប័នពាក់ព័ន្ធ នឹងរៀបចំកំណត់ហេតុរួម ដើម្បីដាក់ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច ក្នុងនោះរដ្ឋបាលខេត្ត បានស្នើសូមនូវចំណុចមួយចំនួនដូចជា ទី១-ក្រុមហ៊ុនសិក្សាផលប៉ះពាល់ឱ្យបានច្បាស់លាស់ ទៅលើបរិស្ថាន និងសង្គម។ ទី ២-ដោះស្រាយផលប៉ះពាល់ និងសំណងនានា ប្រសិនបើការអនុវត្តគម្រោងមួយនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ដីកម្មសិទ្ធ ឬប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន។

ទី៣-ជួយលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការជ្រើសរើសកម្មករ រឺបុគ្គលិកពីក្នុងភូមិ ឃុំ ដែលទីតាំងគម្រោងបានអនុវត្តន៍ ទី៤-ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ នៅក្នុង និងក្បែរទីតាំងគម្រោងវិនិយោគ និងទី៥-ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ត្រូវគោរពតាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានា ដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានតម្រូវការចាំបាច់៕

សម្តេចតេជោសម្រេចដឹកនាំផ្ទាល់លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្របពេលចំនួនឆ្លងជំងឺនេះនៅតែមានច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដឹកនាំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក)ដោយផ្ទាល់ ដោយអមដោយឧបនាយ​ក​រដ្ឋមន្រ្តី៤រូប ក្នុងនោះអនុប្រធានប្រចាំការ១រូប និងអនុប្រធានចំនួន៤រូប ព្រមទាំងសមាជិកជាច្រើននាក់ទៀតផងដែរ។

យោងតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលបានចេញផ្សាយនៅល្ងាចថ្ងៃទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១កន្លងមកបានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន ក៏បានកំណត់ឲ្យមានគណៈប្រចាំការមួយ ជាសេនាធិការប្រចាំការផងដែរ ដោយសមាសភាពប្រធានមួយរូប គឺឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយអនុប្រធាន២រូប និងសមាជិក។

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
* ដឹកនាំការប្រយុទ្ធនឹងជំងឺកូវីដ១៩
* កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ដ្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សំដៅកាត់បន្ថយឲ្យបានជាអតិបរមា នូវផលប៉ះពាល់ដល់វិស័យសុខាភាពសាធារណៈ និងធានា​ដល់និរន្ដរភាព នៃកិច្ចដំណើរការ និងជំរុញការស្ទុះងើបឡើង នៃវិស័យសង្គម-សេដ្ឋកិច្ចតាម “គន្លងប្រក្រតីភាពថ្មី”។

* ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩។
* គ្រប់គ្រងផលប៉ះពាល់លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទាំងកម្រិតជាតិ និងអន្ដរជាតិ និង
* ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាមួយដៃគូដែលមានការពាក់ព័ន្ធ។

ជាមួយគ្នានេះ មាត្រា៥ នៃអនុក្រឹត្យនេះក៏បានកំណត់ពី គណៈកម្មការក្រោមឱវាទរបស់ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រួមមាន៖
* គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សរសេរជាអក្សរកាត់ថា «គ.អ.ក»
* គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សរសេរជាអក្សរកាត់ថា “គ.វ.ក-១៩”។
* គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្ម វ៉ាក់សាំងកូវីដ១៩ សរសេរជាអក្សរកាត់ថា”គ.ល.វ”។
* គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានី-ខេត្ត សរសេរជាអក្សរកាត់ថា “គ.រ.ខ”។

ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតគណៈកម្មការ ឬយន្ដការផ្សេងទៀត ដោយសេចក្ដីសម្រេច តាមសំណើរបស់គណៈប្រចាំការ នៃ គ.ប.ក ដើម្បីបម្រើឲ្យការប្រយុទ្ធនឹងជំងឺកូវីដ១៩៕

អភិបាលក្រុងព្រមានពីហានិភ័យនៃការប្រែក្លាយតំបន់មួយចំនួនជាតំបន់លឿងទុំ និងក្រហមជាថ្មី

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងបានព្រមានថា ការធ្វេសប្រហែសភ្លេចការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់អាចជាហានិភ័យ បណ្តាលឱ្យភូមិសាស្ត្រមួយចំនួន នឹងត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត។

លោកលើកឡើងបែបនេះ ក្នុងសេចក្តីណែនាំបន្ថែមស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ១១ ខែមិថុនាកន្លងមកនេះ។

លោកឃួង ស្រេង បានឱ្យដឹងថា ក្រោយពេលដែលរាជរដ្ឋាភិបាល បានសម្រេចបិទបញ្ចប់ការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រដ្ឋបាលរាជធានីភ្នំពេញ បានបន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការចំនួន៣ គឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម។

ជាការកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ ស្របពេលដែលវិធានការត្រូវបានបន្ធូរបន្ថយ ម្ចាស់ក្រុមហ៊ុនឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ រោងចក្រ សហគ្រាស អាហារដ្ឋាន ផ្សារម៉ាត ផ្សាររដ្ឋ-ឯកជន កម្មករ-និយោជិត អាជីវករ និងប្រជាពលរដ្ឋមួយចំនួនហាក់មានការធ្វេសប្រហែសភ្លេចការការពារខ្លួន និងមិនបានយកចិត្តទុកដាក់អនុវត្ត ឬអនុវត្តន៍មិនបានត្រឹមត្រូវនូវវិធានការកំណត់។

លោកឃួង ស្រេង បានព្រមានថា “ទង្វើនេះ គឺជាហានិភ័យអាចបណ្តាលឱ្យមានការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ហើយអាចនាំឱ្យភូមិសាស្ត្រមួយចំនួន ត្រូវប្រែក្លាយទៅជាតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហមជាថ្មីម្តងទៀត”។

លើសពីនេះ លោក ឃួង ស្រេង បានបញ្ជាដល់រដ្ឋបាលខណ្ឌទាំង ១៤ និងមន្ទីរ-អង្គភាពជំនាញ ត្រូវចុះត្រួតពិនិត្យគ្រប់ពេលវេលា នូវសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបានលើកលែង និងសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលត្រូវបន្តផ្អាកដំណើរការ ព្រមទាំងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ក្នុងមូលដ្ឋាននីមួយៗ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ។ បើបុគ្គលណាមួយមិនព្រមសហការ ឬមិនអនុវត្តត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់៕

ហេតុអ្វីទើបសំណង់លំនៅឋានបែបបុរីគួរតែភ្ជាប់មកជាមួយនឹងបរិក្ខាររស់នៅដូចជាខុនដូរ?

ភ្នំពេញៈ តើកុមារភាពរបស់អ្នកមានលក្ខណៈបែបណាទៅ? ទិដ្ឋភាពពីកុមារភាពរបស់អ្នកអាចនឹងផុស ឡើងនៅក្នុងការគិតរបស់អ្នក ហើយអ្នកនឹងចងចាំច្បាស់បំផុតនូវផ្ទះដែលអ្នកបានធំធាត់ឡើង។ ការចងចាំជាច្រើនដែលពាក់ព័ន្ធជាមួយនឹងទីកន្លែង និងពេលវេលា តើផ្ទះណាដែលអ្នកអបអរសាទរ ថ្ងៃកំណើតរបស់ខ្លួន? តើផ្ទះណាដែលអ្នកអាចរីករាយនឹងរត់លេងកម្សាន្តជាមួយនឹងក្មេងៗជិតខាង? កន្លែងដែលយើងបានធំធាត់ និងលេងកម្សាន្តមានសារៈសំខាន់ណាស់នៅក្នុងជីវិតរបស់យើង។

ពេលនេះ តើអ្នកចង់ឲ្យកូនៗធំធាត់នៅក្នុងបរិស្ថានបែបណា? សាកស្រម៉ៃថាអ្នកអាចនាំបុត្រធីតា ទៅលេងនៅសួនសត្វដែលមានចម្ងាយត្រឹមតែ 5 នាទីពីគេហដ្ឋាននៅព្រឹកថ្ងៃអាទិត្យ ហើយរៀនហែល ទឹក ឬលេងបាល់ទាត់នៅពេលល្ងាច នេះគឺជាពេលវេលាជាមួយក្រុមគ្រួសារដែលមនុស្សគ្រប់គ្នាស្រម៉ៃ ចង់បាន។
តើអ្នកគិតថាអាចទៅរួចឬទេ? សាកគិតមើលថា បើយើងធ្វើការក្នុងថេរវេលាប្រហែល 8 ម៉ោង ក្នុងមួយថ្ងៃ ឬជាប់រវល់ មិនគួរនឹងបញ្ឈប់អ្នកពីការធ្វើនូវសកម្មភាពដែលអ្នកស្រឡាញ់ ឬផ្អាកមិនឲ្យអ្នក មានពេលវេលាផ្ទាល់ខ្លួននោះទេ។ ផ្ទះបន្ទាប់ទៀតរបស់អ្នកគួរតែស្ថិតនៅក្នុងបរិស្ថានដ៏ល្អបំផុតសម្រាប់ ឲ្យបុត្រធីតារបស់លោកអ្នក ព្រមទាំងអាចឲ្យអ្នករីករាយជាមួយនឹងសកម្មភាពផ្សេងៗផងដែរ។

គេហដ្ឋានដ៏ស្រស់ស្អាតព្រមជាមួយនឹងបរិក្ខាររស់នៅ ចម្ងាយត្រឹមតែ 5 នាទីពីកន្លែងដែល អ្នករស់នៅអាចគិតថាជារឿងដែលមិនអាចទៅរួច ក៏ប៉ុន្តែបុរី ណាឌីជឿជាក់ថានេះជារឿងដែលយើងអាច ធ្វើបាន។ បុរី ណាឌីបានជ្រើសរើសនូវទីតាំងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ការអភិវឌ្ឍគម្រោង លំនៅឋាន ដែលរួមមានទាំងការបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗផង និងត្រូវបានព្យាករណ៍ថានឹងក្លាយ ជាតំបន់ពាណិជ្ជកម្មដូចជាខណ្ឌបឹងកេងកងនាពេលអនាគតផង។

នៅក្នុងបុរី ណាឌី លោកអ្នកនឹងទទួលបាននូវភាពរីករាយ ជាមួយនឹងបរិក្ខាររស់នៅធម្មជាតិដ៏ សម្បូរបែបប្រកបដោយឯកជនភាពដូចជា សួនផ្កាសាគូរ៉ាបែបខ្មែរ សាលកញ្ចក់ សួនឯកជន អាគារ សិក្សា និងធ្វើការងារ ក្លឹបហោសណាឌី និងកន្លែងហាត់ប្រាណណាឌីជាមួយនឹងអាងហែលទឹកដ៏ ស្រស់ស្អាត។ លោកអ្នកអាចធ្វើការហាត់ប្រាណនាពេលព្រឹកមុនពេលទៅបំពេញការងារ ឬបណ្ដើរ សត្វចិញ្ចឹមជាមួយនឹងទេសភាពដ៏ស្រស់បំព្រង និងរចនាឡើងដើម្បីផ្សារភ្ជាប់ធម្មជាតិឲ្យក្លាយជាផ្នែក មួយនៃការរស់នៅប្រចាំថ្ងៃរបស់អ្នក។

ក្លឹបហោស ណាឌីគឺជាបរិបទថ្មីដែលលោកអ្នកមិនធ្លាប់បានឃើញនៅក្នុងគម្រោងអភិវឌ្ឍបុរី ផ្សេងទៀត លោកអ្នកអាចប្រើប្រាស់នូវបរិក្ខាររស់នៅដែលធ្លាប់បានឃើញតែនៅក្នុងគម្រោងខុនដូ លំដាប់ខ្ពស់តែប៉ុណ្ណោះ។ ក្លឹបហោស ណាឌីផ្ដល់នូវទីតាំងសម្រាប់សកម្មភាពកម្សាន្តក្នុងអាគារដូចជា កន្លែងលេងហ្គេម បណ្ណាល័យ កន្លែងសិក្សា និងធ្វើការងារ និងសាលទទួលភ្ញៀវសម្រាប់អ្នកស្នាក់នៅក្នុង បុរីទាំងអស់។ សាលកញ្ចក់ គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ពិធីជប់លៀងផ្សេងៗដូចជា ពិធីមង្គលការ ពិធីខួបកំណើត ឬក៏ពិធីជួបជុំផ្សេងៗដែលអាចផ្ដល់ផាសុកភាពសម្រាប់គេហដ្ឋានរបស់អ្នក។

សួនហាត់ប្រាណ និងសួនផ្កាសាគូរ៉ាបែបខ្មែរនឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ឲ្យបុត្រធីតា របស់លោកអ្នកបង្កើតនូវ ការចងចាំដែលមិនអាចបំភ្លេចបានជាមួយនឹងសកម្មភាពខាងក្រៅជាច្រើន ជួបជាមួយនឹងមិត្តភក្ដិថ្មី ដើរកម្សាន្តជាមួយនឹងធម្មជាតិ និងចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារ នៅក្នុងបរិវេណសុវត្ថិភាព នៃបុរី ណាឌី។ ខណៈពេលដែលបុរី ណាឌីផ្ដល់ជូននូវបរិក្ខាររស់នៅដ៏សម្បូរ បែបសម្រាប់អ្នកស្នាក់នៅ ក្នុងបុរី ណាឌីហើយ អ្នកក៏កំពុងតែរស់នៅក្នុងសង្កាត់ដ៏មានភាពរស់រវើកបំផុត ក្នុងទីក្រុងភ្នំពេញផងដែរ។

នៅមិនឆ្ងាយប៉ុន្មានពីបុរី ណាឌី មានមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនដែលកំពុងធ្វើការអភិវឌ្ឍ និងត្រូវបានព្យាករណ៍ថានឹងបញ្ចប់នៅពេលដែលលោកអ្នកចូលទៅស្នាក់នៅក្នុងបុរី ណាឌី។ គេហដ្ឋានថ្មីរបស់អ្នកនឹងមានចម្ងាយត្រឹមតែ 10 នាទីពីទីតាំងដ៏មានប្រជាប្រិយភាពក្នុងទីក្រុងភ្នំពេញ ដូចជា ភ្នំពេញសាហ្វារី ពហុកីឡដ្ឋានមរតកតេជោ សួនទឹកហ្កាដិនស៊ីធី និងកន្លែងវាយកូនហ្គោល ហ្កាដិនស៊ីធី។

ជ្រើសរើសនូវពេលវេលាកុមារភាពដ៏ល្អបំផុតសម្រាប់បុត្រធីតារបស់លោកអ្នក ជ្រើសរើសបុរី ណាឌី។ សូមអញ្ជើញមកទទួលយកការផ្ដល់ជូនយ៉ាងពិសេសពីបុរី ណាឌីនៅក្នុងឱកាសនៃកម្មវិធី សម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី។

សម្រាប់ព័ត៌មានបន្ថែមអំពីបុរី ណាឌីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
BOREY NADI BY GC CITY : https://www.facebook.com/NADIBYGCC
Phone Number/ Telegram: 096 606 6688
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Reside

វ៉ាក់សាំងកូវីដ-១៩ ពិតជាសំខាន់សម្រាប់ស្ដារទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តរបស់ថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍

សុខុម

បាងកក: កាសែត Bangkok Post បានចុះផ្សាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ច និងវិស័យទេសចរណ៍ដែលជំរុញដោយវ៉ាក់សាំងកូវីដ-១៩ នឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តពឹងផ្អែកលើវិស័យទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ រស់រានឡើងវិញ។

លោក Vichai Viratkapan អគ្គនាយកស្ដីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (Real Estate Information Center (REIC)) បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិឆ្លងរាតត្បាតវីរសកូវីដ-១៩ កាលពីឆ្នាំកន្លងទៅ។

លោកបានគូសបញ្ជាក់ថា “នៅតាមគោលដៅទេសចរណ៍ដូចជា ភូកេត ហួហ៊ីន ក្នុងខេត្ត Prachuap Khiri Khan និង Cha-am ក្នុងខេត្ត Phetchaburi ជាដើមឃើញថា ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆមាសទី២ ចុងឆ្នាំ២០២០ នៅពេលដែលការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជះផលប៉ះពាល់ធ្ងន់ធ្ងរមិនធ្លាប់មានមកលើឧស្សាហកម្មទេសចរណ៍”។

នៅភូកេត តម្រូវការអចនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះយ៉ាងខ្លាំង ដោយលក់បានតែ៤៤៣យូនីតប៉ុណ្ណោះក្នុងឆមាសទី២ ចុងឆ្នាំ២០២០ គឺធ្លាក់ចុះខ្លាំងបើធៀបទៅនឹងចំនួនជិត៣.៨០០យូនីតដែលលក់បានក្នុងឆ្នាំ២០១៨ នៅពេលពលរដ្ឋមានអារម្មណ៍ថាការងាររបស់ខ្លួនគ្មានសុវត្ថិភាព បន្ទាប់ពីផ្ទុះការឆ្លងរាតត្បាតកូវីដ-១៩។

ទីផ្សារអចលនទ្រព្យប្រភេទលំនៅដ្ឋានបានដាំក្បាលចុះជាបន្តបន្ទាប់ ពីចំនួន៧៤១យូនីតក្នុងឆមាសទី១ ដើមឆ្នាំ២០២០ ពីចំនួន១.១១៨យូនីតក្នុងឆមាសទី២ ចុងឆ្នាំ២០១៩ ពីចំនួន២.២៩៦យូនីតក្នុងឆមាសទី១ដើមឆ្នាំ២០១៩ ពីចំនួន៣.១៤០យូនីតក្នុងឆមាសទី២ ចុងឆ្នាំ២០១៨ និងពីចំនួន៣.៧៨៨យូនីតក្នុងឆមាសទី១ ដើមឆ្នាំ២០១៨។

ការផ្គត់ផ្គង់អចលនទ្រព្យប្រភេទលំនៅដ្ឋានថ្មីៗនៅភូកេត បានប្រឈមនឹងការធ្លាក់ចុះខ្លាំងស្រដៀងគ្នា ដោយលក់បានតែ៤២៣យូនីតប៉ុណ្ណោះក្នុងឆមាសទី២ ចុងឆ្នាំ២០២០ បើធៀបទៅនឹងចំនួន៣.៩០០យូនីតដែលលក់បាននៅក្នុងឆមាសទី១ ដើមឆ្នាំ២០១៨។

លោក Phattanan Phisutvimol ប្រធានសមាគមអចលនទ្រព្យនៅភូកេត (Phuket Real Estate Association) បានថ្លែងថា ការលក់អចលនទ្រព្យប្រភេទលំនៅដ្ឋាននៅភូកេត កាលពីឆ្នាំមុនក៏បានដាំក្បាលចុះខ្លាំងដែរ ជាពិសេសនៅតាមតំបន់ក្រុង ខណៈពេលដែលប្រាក់ចំណូលរបស់ពលរដ្ឋបានបាត់បង់ដោយសារតែការឆ្លងរាតត្បាតវីរុសកូវីត-១៩។

លោកបានបន្ថែមទៀតថា “ប្រាក់ចំណូលរបស់ពលរដ្ឋភាគច្រើននៅភូកេត បានធ្លាក់ចុះទាបជាងមុនខ្លាំង ស្របពេលដែលធនាគារនានាចាប់ផ្ដើមប្រយ័ត្នប្រយែងជាងមុនចំពោះការអនុម័តឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ)។ កត្តានេះបានធ្វើឱ្យអតិថិជនជួបការលំបាកយ៉ាងខ្លាំង”។

ភ្នាក់ងារអចលនទ្រព្យខ្លះបានប្រើប្រាស់បណ្ដាញដ៏រឹងមាំរបស់ខ្លួនជាមួយធនាគារនានាដើម្បីសុំឈ្មោះ និងព័ត៌មានទំនាក់ទំនងទៅអ្នកទិញ ដែលទទួលបានកម្ចីទិញផ្ទះជាមួយគម្រោងលំនៅដ្ឋានផ្សេងទៀតរួចទៅហើយ ហើយបានទាក់ទងទៅពួកគេដោយផ្ដល់លក្ខខណ្ឌទាក់ទាញដើម្បីឱ្យអ្នកទិញទាំងនោះប្ដូរចិត្តមកទិញគម្រោងរបស់ខ្លួនជំនួសវិញ។ ចុងបញ្ចប់ អ្នកទិញក៏បានផ្លាស់ប្ដូរចិត្ត ហើយងាកមកទទួលយកលក្ខខណ្ឌផ្ដល់ឱ្យថ្មីដែលល្អជាង។

លោកបានបន្ថែមទៀតថា “នៅពេលមានអ្នកទិញកាន់តែតិចទទួលបានការអនុម័តកម្ចី អ្នកទិញជាច្រើនបានប្ដូរចិត្តដោយសារតែយុទ្ធសាស្ត្រទាំងនេះ។ នៅក្នុងគម្រោងខ្លះ មានការផ្លាស់ប្ដូរអតិថិជនដល់ទៅ៣ដងក៏មាន”។

លោក Phattanan Phisutvimol បញ្ជាក់ថា ទោះជាយ៉ាងណា ការរំពឹងចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចនៅភូកេត ប្រហែលជាមិនអាចកើតឡើងឡើយដោយសារតែកត្តា២យ៉ាង។

កត្តាទី១ គឺសម្បទានដែលអាចទៅរួចសម្រាប់ពលរដ្ឋថៃ ដែលអាចមកលេងនៅភូកេត បាននៅពេលនេះ ខណៈជនបរទេសអាចមកលេងបានក្រោយការបើកព្រំដែនឡើងវិញ។

លោកបានពន្យល់ថា “នៅពេលភូកេត ចាប់ផ្ដើមស្វាគមន៍ភ្ញៀវទេសចរបរទេសឡើងវិញ យើងគ្មានទំនុកចិត្តទេថា ភ្ញៀវទេសចរជនជាតិថៃ ដែលចាក់វ៉ាក់សាំងរួចនៅតែអាចឆ្លងវីរុសកូវីដ-១៩”។

លើសពីនេះទៀត ថៃ ត្រូវបានចាត់ទុកជាប្រទេសមានហានិភ័យដោយសារចំនួនករណីឆ្លងវីរុសកូវីដ-១៩ កើនឡើងខ្ពស់ ដូចនេះតម្រូវការពីភ្ញៀវទេសចរបរទេស និងជើងហោះហើរអន្តរជាតិមកកាន់ភូកេត នៅតែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា៕

អ្នកជំនាញៈ ការទិញលំនៅដ្ឋានតាមរយៈការបង់រំលស់មានទំាងគុណសម្បត្តិនិងគុណវិបត្តិ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលបច្ចុប្បន្ននេះ ការលក់លំនៅដ្ឋានដោយផ្ដោតលើការបង់រំលស់កាន់តែមានភាពទូលំទូលាយ និងពេញនិយម ហើយស្ទើរតែគ្រប់គម្រោងអភិវឌ្ឍន៍គឺសុទ្ធតែផ្ដោតលើការបង់រំលស់ជូនអតិថិជនដោយផ្ទាល់ ឬបង់រំលស់ជាមួយធនាគារដែលជាដៃគូរបស់ម្ចាស់គម្រោងអភិវឌ្ឍន៍។

ស្របពេលការបង់រំលស់លំនៅដ្ឋាននៅកាន់តែមានភាពទូលំទូលាយ និងពេញនិយម អ្នកជំនាញបានពន្យល់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង់រំលស់លំនៅដ្ឋាន ដល់អ្នកបង់រំលស់ ឬអ្នកមានបំណងចង់ទិញ តាមរយៈការបង់រំលស់ជាមួយម្ចាស់គម្រោង និងធនាគារជាដើម។

លោកង៉ែត ជូនសេដ្ឋវិទូមួយរូបបានមានប្រសាសន៍កាលពីថ្មីៗនេះថា ការទិញផ្ទះដោយបង់រំលស់វាក៏បានផ្ដល់គុណសម្បត្តិ និងគុណវិបត្តិផងដែរ ដោយគុណសម្បត្តិនោះ អ្នកទិញមិនចាំបាច់មានប្រាក់គ្រប់ចំនួននៃតម្លៃផ្ទះក៏អាចទិញផ្ទះរស់នៅបានសមរម្យ ដោយធ្វើការបង់រំលស់ជាប្រចាំខែទៅកាន់ម្ចាស់គម្រោងលំនៅដ្ឋាន ឬបង់ទៅធនាគារ ដែលជាដៃគូរបស់ម្ចាស់គម្រោងលំនៅដ្ឋាន។

លោកបានថ្លែងបន្តថា បើទោះបីជាពួកគេមានប្រាក់គ្រប់គ្រាន់ក្ដី តែពួកគេក៏អាចយកប្រាក់នោះទៅរកស៊ីឬបង្កើតជាអាជីវកម្មផ្សេង ហើយមួយចំនួនសម្រាប់បង់ផ្ទះដែលទិញបង់រំលស់។ លោកបានបន្តថា ការទិញផ្ទះដោយបង់រំលស់នេះដែរ ក៏មានគុណវិបត្តិផងដែរ បើសិនជាអ្នកទិញនោះមានប្រាក់ចំណូលមិនថេរ ឬមិនបានគិតគូរពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនមុនសម្រេចចិត្តទិញ។

លោកបានថ្លែងថា “ការទិញផ្ទះបង់រំលស់រយៈពេលយូរ មិនគួឱ្យលើសពី៣០ភាគរយនៃប្រាក់ចំណូលប្រចាំខែនោះឡើយ។ ឧទាហរណ៍ថា អ្នកមានប្រាក់ចំណូល១០០០ដុល្លារក្នុងមួយខែ ដូច្នេះអ្នកទិញផ្ទះដោយបង់រំលស់ត្រឹមមួយខែ៣០០ដុល្លារបានហើយ ហើយ៧០០ដុល្លារទៀតគឺទុកសម្រាប់ចំណាយប្រចាំខែ ទៅលើចំណីអាហារ សម្លៀកបំពាក់ ថ្លៃកូនរៀន និងមស្រាប់បង្ការពេលមានការឈឺថ្កាត់ជាដើម”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បានឱ្យដឹងថា ការលក់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺភាគច្រើនផ្ដល់សេវាកម្មបង់រំលស់ដល់អតិថិជន ហើយក៏មិនបានសិក្សាលំអិតពីប្រាក់ចំណូលរបស់អតិថិជនដែរ ដូច្នេះហើយទើបយើងឃើញថាមានអតិថិជនមួយចំនួនទិញផ្ទះបានតែរយៈពេល២ឬ៣ឆ្នាំក៏ចាប់ផ្ដើមជួបបញ្ហាហិរញ្ញវត្ថុ និងលក់ផ្ទះនោះវិញទាំងខាតស្ទើរតែពាក់កណ្ដាលក៏មាន។

លោបានថ្លែងថា “ទាំងនេះហើយ ដែលយើងឃើញគម្រោងលំនៅដ្ឋានខ្លះ មានតែផ្ទះតែអត់មានមនុស្សរស់នៅ”។

លោកបន្តថា ការអភិវឌ្ឍលំនៅឋាននាពេលបច្ចុប្បន្ននេះ គួរតែគិតគូរពីទីផ្សារជាក់ស្ដែង ដោយមិនមែនសង់ហើយអត់មានអ្នកនៅទេ ឬសង់ដើម្បីតែលក់ទៅអ្នកដែលមានផ្ទះរួចហើយ ដោយពួកគេទិញដើម្បីតែទុកចំណេញនៅពេលបន្ទាប់។ ការធ្វើបែបនេះក៏អាចធ្វើឱ្យមានបញ្ហាតម្លៃលំនៅដ្ឋាននៅណាមួយផងដែរ។

លោកបានឱ្យដឹងថា ជាការកត់សម្គាល់ នៅជុំវិញរាជធានីភ្នំពេញ នៅពេលនេះ ត្រូវបានមើលឃើញថា វិនិយោគិនបានសម្រុកអភិវឌ្ឍលំនៅដ្ឋាន ទាំងលំនៅដ្ឋានតម្លៃសមរម្យ លំនៅដ្ឋានតម្លៃមធ្យម និងលំនៅដ្ឋានតម្លៃខ្ពស់ជាប្រភេទវីឡាជាច្រើនគម្រោង ហើយគម្រោងខ្លះក៏ទទួលបានការគាំទ្រ គម្រោងខ្លះទៀត ក៏មានបញ្ហាក្នុងការលក់ ផងដែរ៕

តើអចលនទ្រព្យពាណិជ្ជកម្មនៅកម្ពុជាផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកធ្វើការនិងអ្នករស់នៅ?

ដោយៈ ម៉ាណេត

ភ្នំពេញៈ អចលនទ្រព្យពាណិជ្ជកម្ម សំដៅទៅកាអភិវឌ្ឍន៍អចលនទ្រព្យទាំងឡាយណាដែលប្រើសម្រាប់ការធ្វើអាជីវកម្ម ដែលរួមសណ្ឋាគារ ផ្សារទំនើប អគារការិយាល័យ ហាងលក់ទំនិញដុំ ឬរាយ អគារសេវាកម្មចម្រុះ និងអគារអាផាតមិនជាដើម។

បច្ចុប្បន្ន វិស័យសំណង់អចលនទ្រព្យបានកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ពិសេសទីក្រុងភ្នំពេញ និងក្រុងពះសីហនុ។ ក្នុងរយៈកាលចុងក្រោយនេះ គម្រោងសំណង់អគារបានកើនឡើងយ៉ាងច្រើននៅទីក្រុងភ្នំពេញ។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia បានថ្លែងប្រាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ អាគារពាណិជ្ជកម្មបែបចម្រុះ (mixed-use development) មានលក្ខណៈពិសេសជាច្រើន រួមបញ្ចូលទាំងខុនដូ ការិយាល័យ ផ្សារទំនើប និងសេវាកម្មជាច្រើនទៀត។

ទាក់ទងនឹងអាគារពាណិជ្ជកម្មបែបចម្រុះនេះ លោកបានលើកឡើងថា ប្រទេសជិតខាង ដូចជាប្រទេសសិង្ហបុរី និងថៃជាដើមបានអភិវឌ្ឍន៍អាគារពាណិជ្ជកម្មច្រើនរួចទៅហើយ ហើយបច្ចុប្បន្នអ្នកអភិវឌ្ឍន៍បាននាំមកការអភិវឌ្ឍបែបនេះមកកម្ពុជាដែរ ដូចជាគម្រោង Bridge គម្រោង The Peak និងគម្រោងជាច្រើនចាប់ផ្តើមមានការអភិវឌ្ឍន៍ជាអាគារពាណិជ្ជកម្មបែបចម្រុះជាបន្តបន្ទាប់។

លោកបានថ្លែងថា មូលហេតុដែលអ្នកអភិវឌ្ឍន៍ធ្វើការអភិវឌ្ឍពាណិជ្ជកម្មបែបចម្រុះបែបនេះ គឺដោយសារ វាមានភាពងាយស្រួលសម្រាប់អ្នកធ្វើការ អ្នករស់នៅ និងអ្នកប្រកបអាជីវកម្មនៅកន្លែងគម្រោងអាគារពាណិជ្ជកម្មតែម្តង។ វាថែមទាំងជួយសន្សំពេលវេលា។
លោកបានឱ្យដឹងទៀតថា “ឧទាហរណ៍ បើសិនជាយើងធ្វើការ ឬរកស៊ី យើងស្នាក់នៅ និងធ្វើការក្នុងអាគារ ដែលមានសេវកម្មចម្រុះនៅនឹងមួយកន្លែងតែម្តង ដូច្នេះវាធ្វើឱ្យយើងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

លោកបានបន្តថា គោលបំណងរបស់អ្នកអភិវឌ្ឍន៍អាគារពាណិជ្ជកម្មបែបចម្រុះគឺដើម្បីបម្រើសេវាកម្មដល់ទាំងអ្នកធ្វើការ និងអ្នករស់នៅក្នុងគម្រោងរបស់ខ្លួន។

ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ គេអាចសង្កេតឃើញមានវត្តមានអគារពាណិជ្ជកម្មជាច្រើន កំពុងត្រូវបានសាងសង់ និងលេចជារូបរាងបណ្ដើរៗ តួយ៉ាងដូចជា អាគារ The Prince Happiness Plaza អគារ The Peak និង អគារ Prince International Plaza ជាដើម៕

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅរសៀលថ្ងៃនេះ

ដោយៈ ប៊ី

ភ្នំពេញៈ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិនចំនួន១លានដូសដូសទៀត នឹងដឹកមកដល់កម្ពុជានៅរសៀលថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត។

វ៉ាក់សាំង១លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៧ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី១ មានចំនួន១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា ជើងទី២ មានចំនួន៥០ម៉ឺនដូសដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ជើងទី៣ មានចំនួន៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា និងជើងទី៤ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់ថ្ងៃទី១៦ ខែឧសភា និងជើងទី៥ មានចំនួន១លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៣ ខែឧសភា និងជើងទី៦ ដឹកមកកម្ពុជាចំនួន១លានដូស នៅថ្ងៃទី៨ ខែមិថុនា ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

គិតពីត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ២៦លានដូស។

នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

តើម៉ាកយីហោសណ្ឋាគារដ៏មានកិត្យានុភាព Rosewood មានប្រភពចេញពីណា និងចំណុចពិសេសអ្វីខ្លះ?

ដោយៈវឌ្ឈនៈ

ភ្នំពេញ: តើម៉ាកយីហោ (Brand) នៃសណ្ឋាគារ Rosewood មានប្រភពចេញពីទីណា មានប្រវត្តិបែបណា ហើយនរណាជាម្ចាស់? កុំឱ្យខាតពេកយូរ មកស្វែងយល់ទាំងអស់គ្នា។

*ប្រវត្តិ
លោកស្រី Caroline Rose Hunt ដែលជាជនជាតិអាមេរិក បានបង្កើតម៉ាកយីហោ Rosewood នៅក្រុង Dallas រដ្ឋតិចសាស សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៩ ដោយចង់បង្កើតសណ្ឋាគារប្រណីត ដើម្បីផ្ដល់សេវាកម្មពិសេស ដែលមានការយកចិត្តទុកដាក់ខ្ពស់ចំពោះភ្ញៀវ។ មួយឆ្នាំក្រោយមក លោកស្រី Caroline Rose Hunt បានប្រែក្លាយភូមិគ្រឹះរបស់លោក Sheppard King ដែលជាមហាសេដ្ឋីរកស៊ីខាងកប្បាស ទៅជាសណ្ឋាគារ Rosewood ដំបូងបង្អស់ដោយដាក់ឈ្មោះថា The Mansion on Turtle Creek មានទីតាំងស្ថិតនៅតំបន់ Turtle Creek ក្នុងរដ្ឋ Pennsylvania។

*ការទិញយកដោយក្រុមហ៊ុន Rosewood Hotel Group
ក្រុមហ៊ុនបដិសណ្ឋារកិច្ច Rosewood Hotel Group ដែលមានមូលដ្ឋាននៅក្រុងហុងកុង (កាលពីមុនមានឈ្មោះថា New World Hospitality ហើយបានប្ដូរឈ្មោះថ្មីថា Rosewood Hotel Group នៅខែឧសភា ឆ្នាំ២០១៣) គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Chow Tai Fook Enterprises។

កាលពីមុន Rosewood Hotel Group គឺជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ New World China Land របស់ New World Group។ ក្រុមហ៊ុននេះបានប្រកាសនៅខែមិថុនា ឆ្នាំ២០១១ថា ខ្លួនបានចុះកិច្ចព្រមព្រៀងទិញលក់ ដើម្បីទិញយកក្រុមហ៊ុន Rosewood Hotels & Resorts ពីក្រុមហ៊ុន Rosewood Corp និងក្រុមហ៊ុន Maritz, Wolff & Co។

កិច្ចព្រមព្រៀងទិញលក់នោះ ត្រូវបានបញ្ចប់សព្វគ្រប់នៅខែកក្កដា ឆ្នាំ២០១១ ដោយក្រុមហ៊ុន Rosewood Hotel Group បានលើកឡើង តាមរយៈសេចក្ដីប្រកាសព័ត៌មានថា Rosewood នឹងធ្វើប្រតិបត្តិការជាម៉ាកយីហោប្រណីត នៃអាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុនកំពុងសម្លឹងចាប់ឱកាស ពង្រីកខ្លួនទ្វេដងក្នុងរយៈពេល៥ឆ្នាំ។

Rosewood Hotels & Resorts ត្រូវបានបង្កើតឡើងនៅក្រុង Dallas រដ្ឋតិចសាស ក្នុងឆ្នាំ១៩៧៩ ដោយលោកស្រី Caroline Rose Hunt ដែលជាកូនស្រីរបស់លោក H. L. Hunt ដែលជាមហាសេដ្ឋីប្រេង និងជាសកម្មជននយោបាយ មកពីគណបក្សសាធារណ រដ្ឋ។

ក្រុមហ៊ុននេះ ត្រូវបានក្រុមហ៊ុន Rosewood Corp និងក្រុមហ៊ុន Maritz, Wolff & Co លក់ក្នុងឆ្នាំ២០១១ ឱ្យទៅក្រុមហ៊ុន New World Hospitality ក្នុងតម្លៃ២២៩លានដុល្លារ រួមជាមួយសណ្ឋាគារ៥ ទីតាំងទៀតដែលលក់ក្នុងតម្លៃ៥៧០លានដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុនសណ្ឋាគារ និងរីហ្សតប្រណីតអន្តរជាតិមួយនេះ ធ្វើប្រតិបត្តិការសណ្ឋាគារចំនួន២៨ ទីតាំងនៅក្នុងប្រទេសចំនួន១៦ ដូចជា៖

*ប្រតិបត្តិការនៅទ្វីបអាមេរិក
សហរដ្ឋអាមេរិក ប្រទេសម៉ិកស៊ិក កោះ British Virgin Islands កោះបាហាម៉ា និងប្រទេសប្រេស៊ីល។
*ប្រតិបត្តិការនៅទ្វីបអឺរ៉ុប
ប្រទេសអង់គ្លេស ប្រទេសអ៊ីតាលី ប្រទេសបារាំង
*ប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា
ប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមមេរីរ៉ាត
*ប្រតិបត្តិការនៅទ្វីបអាស៊ី
ប្រទេសចិន ប្រទេសថៃ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា។
*នាយកប្រតិបត្តិបច្ចុប្បន្នរបស់ Rosewood Hotel Group
យោងតាមគេហទំព័រcnbc.com ឱ្យដឹងថា ស្ត្រីវ័យក្មេងឈ្មោះSonia Cheng ដែលជានិស្សិត បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard University ដ៏ល្បីល្បាញមកពីគ្រួសារមហាសេដ្ឋីចិនហុងកុងមួយ ដែលមានទ្រព្យសម្បត្តិ២០ពាន់លានដុល្លារ។ គ្រួសារនេះ រកស៊ីខាងគ្រឿងអលង្ការ និងអចលនទ្រព្យ។

ស្ត្រីវ័យក្មេង Sonia Cheng បានគ្រប់គ្រងក្រុមហ៊ុន Rosewood Hotel Group ចាប់តាំងពីឆ្នាំ២០១១ មក ហើយបានក្លាយជានាយកប្រតិបត្តិ នៃក្រុមហ៊ុននេះនៅអាយុ៣០ឆ្នាំរហូតមកទល់បច្ចុប្បន្ន។

បង្ហាញវត្តមាននៅទីណានៃរាជធានីភ្នំពេញ
Rosewood Phnom Penh ជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដែលមានទីតាំង ស្ថិតនៅចំចំណុចបេះដូង នៃរាជធានីភ្នំពេញ។

ដោយមានកម្ពស់ផុតពីផ្ទៃដី១៨៨ម៉ែត្រ សណ្ឋាគារនេះកាន់កាប់ជាន់កំពូលចំនួន១៤ជាន់ នៃអគារកញ្ចក់ Vattanac Capital Tower ដែលជាសំណង់ស្ថាបត្យកម្មថ្មី ដ៏ល្បីល្បាញនៅក្នុងរាជធានី និងជានិមិត្តរូបនៃប្រទេសកម្ពុជានាសម័យទំនើប។

ចំណុចពិសេសដាច់គេ
សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏មានសក្តានុពលនេះ មានចំណុចពិសេសលើសគេនោះគឺ ទឹកអប់ និងសាប៊ូសម្រាប់លាងសំអាតរាងកាយ ត្រូវបានផលិតដោយយកចេញពីរុក្ខជាតិ ផ្កា និងភាពល្អឯកនៃធនធានធម្មជាតិរបស់ប្រទេស ដែលពួកគេទៅបោះទុនវិនិយោគ។

ជាក់ស្តែងសណ្ឋាគារ Rosewood ស្ថិតនៅអាគារវឌ្ឈនៈភ្នំពេញ បានជ្រើសរើសយកអ្នកផលិតទឹកអប់ល្បីឈ្មោះបំផុតពីប្រទេសបារាំង ដើម្បីមកផលិតទឹកអប់សំរាប់ប្រើប្រាស់ក្នុងសណ្ឋាគារនេះ។

អ្នកផលិតទឹកអប់ដ៏ជាញជ័យ បានជ្រើសរើសយកផ្កាព្រៃ នៅឧទ្យានជាតិកុសុមៈគិរីរម្យ និងឧទ្យានជាតិវីរៈជ័យ នៅខេត្តរតនៈគិរី ដើម្បីយកមកផលិតទឹកអប់សំរាប់ដាក់ប្រើប្រាស់ជាប្រចាំក្នុងសណ្ឋាគារនេះ៕