ដោយៈគង់ សូរិយា
កែបៈ ជាខេត្តមួយតូចច្រឡឹង និងមានទេសភាពខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ឋ និងជាខេត្តមានផលសមុទ្រមានរសចាតិឆ្ងាញ់ជាងគេ ក្នុងចំណោមតំបន់K4 កែបមានអាថ៌កំបាំងជាច្រើន ដែលអ្នកមិនធ្លាប់បានដឹង។
ប៉ុន្តែជាដំបូង គេហទំព័រPropertyarea.asiaសូមលើកយកមកបង្ហាញពីឈ្មោះកោះចំនួន១២ ដែលមានមូលដ្ឋាននៅក្នុងខេត្តនេះជាមុនសិន។
កោះទាំងនោះមានឈ្មោះដូចជា រួមមាន៖ ១-កោះទន្សាយ,២-កោះត្បាល់,៣-កោះស្វាយ,៤-កោះពោធិ៍,៥-កោះម៉ាក់ប្រាង,៦-កោះអាចម៍សេះ,៧-កោះអង្រ្កង់,៨-កោះស្វាយព្រៃ,៩-កោះហាលត្រី,១០-កោះការ៉ាង,១១-កោះកុក,១២-កោះម្ទេស និងទី១៣-គឺតំបន់ថ្មប៉ប្រះទឹក។
ជាខេត្តតូចមួយ ដែលពីមុនមានឋានៈត្រឹមជាក្រុងមួយ នៃដែនរដ្ឋបាលខេត្តកំពត ខេត្តកែបបច្ចុប្បន្នមានការអភិវឌ្ឍយ៉ាងគាប់ប្រសើរ លើផ្នែកហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ តំបន់ឆ្នេរ ផ្សាររាត្រី និងកំពង់ផែកោះទន្សាយ ដែលបាននិងកំពុងសាងសង់យ៉ាងសកម្ម។
ខេត្តនេះជាខេត្តតែមួយគត់នៅកម្ពុជា ដែលមានឧទ្យានជាតិកណ្តាលក្រុង ដែលបុព្វហេតុនេះហើយ បានធ្វើឲ្យខេត្តនេះមានអាកាសធាតុត្រជាក់មនោរម្យ ដែលអ្នកបានទៅសំរាកលំហែរនៅខេត្តនេះជ្រុះអស់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ស្រាយ។
មូលហេតុនេះហើយ ដែលខេត្តកែបធ្លាប់ទទួលបានពានរង្វាន់កម្រិតអាស៊ាន ក្នុងនាមជាខេត្តមាន “ទឹកស្អាត ដីស្អាត និងខ្យល់អាកាសស្អាត”។
អ្វីកាន់ពិសេសធនធានជលផលពីសមុទ្រក្នុងខេត្តកែប មានរសជាតិឆ្ងាញ់ជាងគេ ដោយសារខេត្តនេះមានស្មៅសមុទ្រច្រើន ហើយក៏មានការកឃើញថា ខេត្តនេះមានហ្វូងត្រីដូហ្វីនទាំងហ្វូងៗ មកលេងនៅប្រជុំកោះពោធ៍ និងចុងកោះទន្សាយផងដែរ។
អភិបាលរងខេត្តកែប លោក វ៉ៅ សុខាបានមានប្រសាសន៍៍ឲ្យដឹងថា ប្រជុំកោះមួយចំនួន ក្នុងដែនសមុទ្រខេត្តកែប កន្លងមកក៏មានក្រុមហ៊ុនមួយចំនួន មកសិក្សាគម្រោង ដើម្បីធ្វើការអភិវឌ្ឍន៍នៅលើដែនកោះ ប៉ុន្តែក្រុមហ៊ុនទាំងនោះក៏មិនទាន់បានកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៅឡើយទេ។
លោកបន្តថា “ទោះជាបែបណា ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាកោះខ្លះក៏មានពលរដ្ឋរស់នៅ ដែលភាគច្រើនប្រកបមុខរបរនេសាទក្នុងសមុទ្រ ហើយរំពឹងទុកថាក្នុងចំណោមកោះទាំងនោះ នឹងមានការអភិវឌ្ឍន៍នាពេលខាងមុខនេះផងដែរ”។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនទ្រីភាពរបស់លោកឧកញ៉ាទ្រី ភាពបាននិងកំពុងគិតគូរៀបចំផែនការអភិវឌ្ឈន៍កោះទន្សាយ ដើម្បីជាទីសំរាកលំហែរ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
លោកបន្តថា “ជាមួយគ្នានេះ ខេត្តក៏បាននិងកំពុងរៀបចំអភិវឌ្ឍន៍ឆ្នេរ តំបន់កំសាន្តនាពេលរាត្រី និងសេវាកម្មជាច្រើនទៀត ដើម្បីទាក់ទាញទេសចរណជាតិ និងអន្តរជាតិ”៕