ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អាគារកប់ពពកលំដាប់ពិភពលោក បាននិងកំពុងសាងសង់ និងត្រៀមសាងសង់នាពេលខាងមុខ ដែលវត្តមានអាគារមានកំពស់ជាង២០០ម៉ែត្រ ដល់៥៦៨ម៉ែត្រ នឹងផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញទៅកាន់កម្រិតថ្មីមួយទៀត។
បច្ចុប្បន្នក្នុងចំណោមអាគារខ្ពស់ៗទាំង៤ មានអាគារបីកំពុងចាប់ផ្តើមដំណើរការបុកគ្រឹះសាងសង់បណ្តើរៗហើយ។
គំរោងMesong Tower
វិនិយោគដោយក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងហុងកុង អាគារកំពស់៧១ជាន់នេះ ស្មើនឹងកំពស់២៧២ម៉ែត្រនេះ កំពុងធ្វើការបុកគ្រឹះសាងសង់ហើយ ដែលមានទីតាំងនៅជិតស្ពាននាគភ្លោះលើទីក្រុងកោះពេជ្រ។
អាគារដែលមានខុនដូ អាផាតម៉ិន ការិយាល័យ និងសេវាកម្មកំសាន្តេះជាច្រើននេះ កំពុងតែដំណើរការសាងសង់ ដោយឆ្ពោះទៅមុខយឺតៗ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩។
មជ្ឈមណ្ឌលកំសាន្តលំដាប់ពិភពលោកNaga3
មជ្ឈមណ្ឌលកំសាន្ត និងពាណិជ្ជកម្មលំដាប់ពិភពលោកNaga3 ដែលបោះទុនវិនិយោគ៣៥០០លានដុល្លារអាមេរិក កំពុងខួងគ្រឹះយ៉ាងសកម្ម ដែលគំរោងនេះនឹងជាផ្នែកមួយនៃLand Markនៃទីក្រុងភ្នំពេញ។
ក្រៅពីកាស៊ីណូ សណ្ឋាគារ អាផាតម៉ិន ខុនដូ មជ្ឈមណ្ឌលកំសាន្ត កាស៊ីណូ មជ្ឈមណ្ឌលកំសាន្តNaga3 បាននិងកំពុងវិនិយោគលើគំរោងជាច្រើនទៀត នៅក្នុងមជ្ឈមណ្ឌលនេះ។
ក្រុមហ៊ុនNaga Cord ដែលកំពុងវិនិយោគអភិវឌ្ឍគម្រោងនេះបានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។
នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។
Naga3 នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០ ទៅលើមជ្ឈម ណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោងមានចំនួន៥០០ ០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ៕
មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៤០០ម៉ែត្រ
ក្រុមហ៊ុនចិនដ៏ធំមួយ កំពុងវិនិយោគលើផ្ទៃដីប្រមាណ៥ហិកតា នៅទីតាំងអតីតៈតំបន់ក្មេងលេងនាពេលរាត្រី ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់៤០០ម៉ែត្រនៅតំបន់នេះផងដែរ។ នេះបើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC។
បច្ចុប្បន្នក្រុមហ៊ុនដែលមកពីប្រទេសចិននេះ បាននិងកំពុងចាប់ផ្តើមដំណើរការការដ្ឋានសាងសង់បណ្តើរៗផងដែរ ប៉ុន្តែដំណើរការសាងសង់ហាក់យឺតយ៉ាវបន្តិច ប្រហែលមកពីវិបត្តិសេដ្ឋកិច្ចសកល បណ្តាលមកពីជំងឺកូវីដ១៩។
គំរោងនេះដ៏ធំនេះ គ្រោងវិនិយោគទឹកប្រាក់ជាង១៣០០លានដុល្លារអាមេរិក និងទទួលបានការអនុម័តយល់ព្រម ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចហើយ។
មជ្ឈមណ្ឌលពាណិជ្ជកម្មThai Boon Rongកំពស់៥៦៨ម៉ែត្រ
បន្ទាប់ពីប្រកាសតាំងពី៤ឆ្នាំមុន ហើយនៅតែមិនទាន់បានសាងសង់ បានធ្វើឲ្យសាធារណៈជនហាក់អស់សង្ឃឹម ប៉ុន្តែកាលពីសប្តាហ៍កន្លងមក លោកសាស្រ្តាចារ្យទួស សាភឿនប្រធានក្រមវិស្វករនៃគម្រោងលំដាប់យក្ស ដែលគ្រោងបោះទុនវិនិយោគ៣០០០លានដុល្លារនេះបានឲ្យដឹងថា គំរោងនេះនឹងសាងសង់នាពេលខាងមុខ ដោយមិនមានការបញ្ឈប់នោះទេ។
លោកសាស្រ្តាចារ្យបានបន្តថា “ក្រុមហ៊ុនបានបញ្ចប់ការងារបច្ចេកទេស លើប្លង់អាគារ ការធ្វើតេស្តដី ការសង់ជញ្ជាំងទប់ដីរួចហើយ ដោយរង់ចាំតែពេលវេលាចាប់ផ្តើមសាងសង់ប៉ុណ្ណោះ”។លោកបន្តថា “ក្រុមហ៊ុនមិនមានវិបត្តិហិរញ្ញវត្ថុណាមួយនោះទេ គឺលុយមាននៅក្នុងដៃរួចហើយ”។
មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោកនេះ រួមបញ្ចូលនូវផ្សារទំនើបលំដាប់អន្តរជាតិ ខុនដូ អាផាតម៉ិនកំរិតផ្កាយ៥ សណ្ឋាគារកម្រិតផ្កាយ៦ ការិយាល័យ មជ្ឈមណ្ឌលកំសាន្ត និងសេវាកម្មជាច្រើនទៀត ពិសេសអាគារនេះនឹងមានកន្លែងសំរាប់ទស្សនាទេសភាពរាជធានីភ្នំពេញផងដែរ។
លោកសាស្រ្តាចារ្យទួស សាភឿនបានថ្លែងថា “នៅពេលសាងសង់ចប់ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗលំដាប់ពិភពលោក មកដាក់ការិយាល័យកណ្តាលនៅកម្ពុជា ដោយសារបច្ចុប្បន្នរាជធានីភ្នំពេញ មិនទាន់មានការិយាល័យលំដាប់ពិភពលោកនៅឡើយទេ”។ លោកបន្តថា “វានឹងជាមុខមាត់ និងជាមោទនភាពរបស់កម្ពុជានាពេលអនាគត”៕