ហាងឆេងដីធ្លីនៅក្រុងបាងកក ហក់ឡើងខ្ពស់នៅក្នុងឆមាសទី២ ឆ្នាំ២០២១

0

ដោយៈសុខុម

បាងកក: យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីពេលថ្មីៗនេះឱ្យដឹងថា ហាងឆេងដីធ្លីនៅក្រុងបាងកក ប្រទេសថៃ បានហក់ឡើងយ៉ាងឆាប់រហ័ស នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយសារការងើបឡើងនៃសេដ្ឋកិច្ច។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) នៃប្រទេសនេះបានលើកឡើងថា តម្លៃដីធ្លីនៅក្រុងបាងកក បានហក់ឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ២០២០ រហូតដល់ទៅ១៧,១% នៅក្នុងសន្ទស្សន៍តម្លៃដីទំនេរក្នុងត្រីមាសទី៤។

លោកថ្លែងថា សន្ទស្សន៍តម្លៃដីធ្លីបានហក់ឡើងខ្លាំង ចាប់តាំងពីឆ្នាំ២០១៩ ប៉ុន្តែបានបង្អង់ល្បឿននៅក្នុងត្រីមាសទី៣ ឆ្នាំ២០២០ មកនៅត្រឹមកំណើន០,៧%។ ទោះជាយ៉ាងណា នៅត្រីមាសទី៤ តម្លៃដីបានហក់ឡើងរហូតដល់៧,៣%។

លោកបានគូសបញ្ជាក់ថា ការប្រែប្រួលតម្លៃដីធ្លីនៅទីក្រុងបាងកក គឺដោយសារដីដែលមានទីតាំង ស្ថិតនៅជិតបណ្តាញផ្លូវដែកដឹកជញ្ជូនសាធារណៈ បានហក់ឡើងថ្លៃខ្ពស់ជាងតម្លៃដីជាមធ្យមដល់ទៅ២ទៅ៤ដង។

តម្លៃដីធ្លីនៅជិតបណ្តាញផ្លូវដែក ដឹកជញ្ជូនសាធារណៈ Blue Line ពីសង្កាត់ Bang Khae ឆ្ពោះទៅផ្លូវ Phutthamonthon Sai 4 បានហក់ឡើងខ្ពស់បំផុត នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ដល់ទៅ៦៧.៦%។

ចំណែកដីនៅជិតបណ្តាផ្លូវដែកដឹកជញ្ជូនសាធារណៈ Green Line ពីស្ថានីយ Ku Kot ឆ្ពោះទៅកាន់សង្កាត់ Lam Luk Ka បានហក់ឡើងថ្លៃខ្ពស់បំផុត នៅចន្លោះត្រីមាសទី៤ ឆ្នាំ២០១៩ ដល់ត្រីមាសទី២ ឆ្នាំ២០២០ មុនពេលធ្លាក់ចុះមកនៅក្រោមកម្រិតតម្លៃ។

ដីដែលហក់ឡើងថ្លៃខ្ពស់បំផុតទី២ នៅត្រីមាសទី៤ ឆ្នាំ២០២០ គឺដីនៅជិតបណ្តាញផ្លូវដែកដឹកជញ្ជូនសាធារណៈ Light Red Line ពីសង្កាត់ Taling Chan ឆ្ពោះទៅសង្កាត់ Sala Ya ដោយហក់ឡើងរហូតដល់ទៅ៤៣,៤%។

មានបណ្ដាញផ្លូវដែកដឹកជញ្ជូនសាធារណៈថ្មីៗចំនួន៣ ស្ថិតក្នុងចំណោមតំបន់ហាងឆេងដីហក់ឡើងខ្ពស់បំផុតទាំង៥ នៅក្នុងសន្ទស្សន៍តម្លៃដី ដោយក្នុងនោះរួមមានទាំងបណ្ដាញផ្លូវដែកដឹកជញ្ជូនសាធារណៈ Gold Line នៅសង្កាត់ Thon Buri បណ្ដាញផ្លូវដែកដឹកជញ្ជូនសាធារណៈ Orange Line ពីសង្កាត់ Taling Chan ឆ្ពោះទៅមជ្ឈ​មណ្ឌលវប្បធម៌ (Cultural Centre) និងបណ្ដាញផ្លូវដែកដឹកជញ្ជូនសាធារណៈ Blue Line ពីស្ថានីយ Hua Lamphong ឆ្ពោះទៅសង្កាត់ Bang Khae ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here