ដោយៈវឌ្ឈនៈ
ភ្នំពេញៈ គម្រោងពង្រីកទីក្រុងភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលចេញប្រកាសរួចរាល់ហើយថា នឹងពង្រីកឱ្យដល់១០០គីឡូម៉ែត្រកាំរង្វង់ ដែលវិធីសាស្ត្រតែមួយគឺការកាត់យកដីរដ្ឋបាលខេត្តជាប់ភ្នំពេញ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ការពង្រីកផ្ទៃដីរាជធានីភ្នំពេញ នឹងធ្វើឱ្យដីដែលនឹងកាត់ចូលរាជធានី ហក់ឡើងថ្លៃមួយកម្រិតទៀត ។
ប្រជាពលរដ្ឋរស់នៅជុំវិញរាជធានីជាពិសេស នៅក្នុងទឹកដីនៃខេត្តកណ្ដាលហាក់រំពឹងថា នៅពេលរាជរដ្ឋាភិបាលកាត់ដីរបស់ពួកគេ ចូលក្នុងរាជធានីភ្នំពេញនឹងធ្វើឱ្យតម្លៃដីមានប្រែប្រួល ហើយពួកគេនឹងទទួលបានផលពីការឡើងតម្លៃដីធ្លីនេះដែរ។
លោកជា កុយប្រជាពលរដ្ឋរស់នៅស្រុកអង្គស្នួល នៃខេត្តកណ្ដាលបានឱ្យដឹងថា នៅពេលដែលទីតាំងដែលលោករស់នៅ ត្រូវបានកាត់ចូលក្នុងទឹកដីរាជធានីភ្នំពេញ លោករំពឹងថា អាជ្ញាធរនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែម ហើយពេលនោះ នឹងធ្វើឱ្យតម្លៃដីធ្លីនៅតំបន់លោករស់នៅ នឹងមានការឡើងថ្លៃ ហើយពលរដ្ឋក៏នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃតម្លៃដីធ្លីនេះដែរ។
លោកបន្តថា “តាមពិតទៅដីធ្លីនៅតំបន់ដែលយើងរស់នៅ បានឡើងថ្លៃរួចទៅហើយ តាំងពីមានសកម្មភាពពុះដីធ្លីកក្រើកម្ល៉េះ ប៉ុន្តែបើសិនជាទីតាំងយើងរស់នៅត្រូវបានកាត់ចូលក្នុងក្រុងភ្នំពេញទៀត វារឹតតែធ្វើឱ្យគេចាប់អារម្មណ៍ច្រើន ព្រោះមានឈ្មោះជាអ្នកភ្នំពេញ ដីភ្នំពេញ”។
បើតាមអ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន ក៏បានបង្ហាញពីសុទិដ្ឋនិយមខ្ពស់ ចំពោះវិស័យអចលនទ្រព្យនៅជុំវិញរាជធានីភ្នំពេញផងដែរ ដោយរំពឹងថាវិស័យដីធ្លីនៅជុំវិញរាជធានី នឹងកាន់តែមានសក្ដានុពលខ្ពស់នៅពេលឆាប់ៗខាងមុខនេះ ។
លោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានលើកឡើងថា វិនិយោគិនដីធ្លីដែលចង់វិនិយោគ ទទួលបានប្រាក់ចំណេញខ្ពស់ គួរតែងាកទៅរកតំបន់ជាយក្រុងឆ្ងាយពីក្រុង ព្រោះតែតម្លៃដីធ្លីនៅតំបន់ទាំងនោះ នៅមានកម្រិតទាបនៅឡើយ តែបើសិនជាពួកគេវិនិយោគនៅកណ្ដាលក្រុង នឹងមិនងាយទទួលបានផលចំណេញនោះឡើយ ដោយសារតែដីនៅកណ្ដាលក្រុង ឬនៅជិតក្រុងវាបានឡើងថ្លៃខ្ពស់រួចទៅហើយ ដូច្នេះវាមិនងាយនឹងឡើងបន្តទៀតទេ គឺទិញដីកណ្ដាលក្រុងដើម្បីអភិវឌ្ឍន៍តែម្ដង ។
លោកបន្តថា តំបន់ជាយក្រុងដែលលោកមើលឃើញថា មានសក្ដានុពលក្នុងការអភិវឌ្ឍ និងទទួលបានផលចំណេញខ្ពស់ គឺតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជាតំបន់បណ្ដោយផ្លូវ៥១ នៃខេត្តកំពង់ស្ពឺ ផ្លូវ៤១ ជាដើម ហើយវិស័យដែលមានសក្ដានុពលខ្ពស់គឺឧស្សាហកម្ម ពីព្រោះវាជាតំបន់ងាយស្រួល ក្នុងការផ្សាភ្ជាប់ទៅនឹងកំពង់ផែទឹកជ្រៅ ងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូល៕