ការវិនិយោគផ្ដោតលើតែមួយវិស័យពេលជួបវិបត្តិ នឹងមានបញ្ហាលំហូរសាច់ប្រាក់

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិនិយោគិនដែលជោគជ័យ និងវៃឆ្លាត គឺគេវិនិយោគទៅវិស័យជាច្រើនក្នុងពេលតែមួយ និងមិនផ្ដោតទៅលើតែវិស័យមួយឡើយ ព្រោះពេលមានវិបត្តិដោយសា​រ​តែកត្តាណាមួយនេះ អ្នកវិនិយោគលើវិស័យតែមួយ នឹងប្រឈមនឹងហានិភ័យខ្ពស់ជាងអ្នកដែលវិនិយោគលើច្រើនវិស័យឬហៅថាវិនិយោគចម្រុះ។

លោកង៉ែត ជូនដែលជាអ្នកជំនាញហិរញ្ញវត្ថុនៅកម្ពុជាមួយរូបបានឱ្យដឹងតាមទូឬរស័ព្ទកាលពីថ្ងៃទី១៧ ឧសភានេះថា នៅពេលដែលប្រទេសមានបញ្ហាដោយសារតែសេដ្ឋកិច្ច ដូចជាអតិផរណាឡើងខ្ពស់ ម្ចាស់អាជីវកម្មដែលមានអាជីវកម្មច្រើនក្នុងដៃ និងច្រើនវិស័យអាចយកពីអាជីវកម្មមួយ មកទប់នឹងអាជីវកម្មមួយទៀត ដែលអាចទប់មិនឱ្យអាជីវកម្មណាមួយធ្លាក់ចុះខ្លាំង ដូច្នេះហើយទើបការវិនិយោគចម្រុះ មានអត្ថប្រយោជន៍ច្រើនជាងការវិនិយោគតែមួយវិស័យ។

លោកបន្តថា “នៅប្រទេសរីកចម្រើន គេមានជម្រើសវិនិយោគច្រើនប្រភេទ តែភាគច្រើនគេចូលចិត្តវិនិយោគលើផ្សារហ៊ុន ដែលការវិនិយោគពេញនិយម សម្រាប់វិនិយោគិននិងពលរដ្ឋរបស់គេ”។លោកបន្តថា “ការវិនិយោគលើផ្សារហ៊ុននេះ ក៏មានច្រើនបែបច្រើនសណ្ឋានដែរ ដូចជា ការវិនិយោគទៅលើក្រុមហ៊ុនណាមួយដាច់ដោយឡែក ជាក់ស្ដែងមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Tesla ជាដើម ។ ក្រៅពីនោះក៏មានការវិនិយោគលើផ្សារហ៊ុនរួម ការវិនិយោគទៅលើអត្រាប្តូរប្រាក់ដទៃទៀតផងដែរ”។

លោកង៉ែត ជូបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា វិនិយោគិនអាចជ្រើសរើសនូវប្រភេទវិនិយោគទៅតាមចំណងចំណូលចិត្ត និងសក្ដានុពលនៃការវិនិយោគ ជាពិសេសគួរវិនិយោគអ្វីដែលជាជំនាញរបស់ខ្លួន បើសិនជាវិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនូវប្រភេទវិស័យដែលមិនដឹងមិនចេះគឺមានហានិភ័យខ្លាំងណាស់ ។

លោកធួន ស៊ីណានប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាហ្វិកកម្ពុជាបានឡើងលើកថា ការវិនិយោគចម្រុះនឹងជួយឱ្យអាជីវកម្មមួយ ជួយទប់អាជីវកម្មមួយទៀតនៅពេលមានបញ្ហា ជាក់ស្ដែងដូចនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ អ្នកវិនិយោគលើវិស័យទេ​ស​ចរណ៍ ពិតជាមានហានិភ័យខ្ពស់និងប្រឈមខ្លាំង ព្រោះវិស័យនេះបានធ្លាក់ចុះខ្លាំង។ តែបើសិនជាម្ចាស់អាជីវកម្មនោះ មានការវិនិយោគផ្សេងក្រៅពីទេសចរណ៍ គេអាចយកផលចំណេញពីអាជីវកម្មផ្សេងនោះមកជួយទប់ទេសចរណ៍។

លោកបានបន្តថា នៅក្នុងវិបត្តិកូវីដ១៩ លោកមើលឃើញថាអ្នកប្រកបអាជីវកម្មវិស័យទេសចរណ៍ជាច្រើន បានងាកទៅរកការវិនិយោគលើអចលនទ្រព្យតែមួយមុខ ដែលការណ៍នេះ លោកគិតថាវាមិនអាចទទួលបានប្រាក់ចំនេញនោះទេ ពួកគេគួរតែងាកទៅរកអាជីវកម្មណា ដែលមានតម្រូវការខ្ពស់នៅក្នុងដំណាក់កាលនេះ ដូចជាវិស័យកសិកម្ម ដែលម្នាក់ៗត្រូវការស្បៀង បរិភោគប្រចាំថ្ងៃជាដើម៕

ហេតុដូចម្ដេចបានជាអត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋាននៅសិង្ហបុរីបន្ត ហក់ឡើងច្រើនខែជាប់ៗគ្នា?

ដោយៈសុខុម

សិង្ហបុរី:  ទិន្នន័យពីគេហទំព័រអចលនទ្រព្យ SRX នៅសប្ដាហ៍នេះបានបង្ហាញថា អត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋានក្នុងប្រទេសសិង្ហបុរី បានបន្តហក់ឡើងរយៈពេល៤ខែជាប់ៗគ្នាគិតត្រឹមខែមេសា។ នេះបើយោងតាមសារព័ត៌មាន The Business Times ចុះផ្សាយនៅថ្ងៃទី១៧ ឧសភា នេះ។

ទន្ទឹមនេះ ក្រុមប្រឹក្សាលំនៅដ្ឋាន និងការអភិវឌ្ឍន៍ (Housing & Development Board- HDB) នៃប្រទេសនេះបាននិយាយថា អត្រាថ្លៃឈ្នួលបានបន្តហក់ឡើងរយៈពេល១០ខែជាប់ៗគ្នា ជាពិសេសអត្រាថ្លៃឈ្នួលខុនដូ និងផ្ទះល្វែងបានកើនឡើង១,៣%ក្នុងខែមេសា បើធៀបនឹងខែមីនា។

ហេតុអ្វីបានជាអត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋានបន្តហក់ឡើងមិនឈប់? ខាងក្រោមនេះជាកត្តាមួយចំនួន ដែលក្រុមអ្នកវិភាគលើកឡើងថា ជាមូលហេតុដែលធ្វើឱ្យអត្រាថ្លៃឈ្នួលខុនដូ និងលំនៅដ្ឋានកើនឡើង៖

*ការសាងសង់ពន្យារពេល

លោក Lee Sze Teck នាយកស្រាវជ្រាវមកពីទីភ្នាក់ងារអចលនទ្រព្យ Huttons Asia បានធ្វើការកត់សម្គាល់ថា អ្នកទិញកាន់តែច្រើនកំពុងប្រឈមមុខ នឹងការពន្យារពេលសាងសង់បញ្ចប់ជាស្ថាពរនូវលំនៅដ្ឋាន ឬផ្ទះឯកជនថ្មីៗរបស់ពួកគេ។

អ្នកទិញទាំងនេះប្រហែលជាជ្រើសរើសជួលខុនដូ ឬលំនៅដ្ឋានដែលមានតម្លៃខ្ពស់ជាងធម្មតាបន្តិច ដើម្បីទទួលបានលក្ខខណ្ឌជួល ដែលមានភាពបត់បែន ហើយកត្តានោះប្រហែលជារួមចំណែកធ្វើឱ្យថ្លៃឈ្នួលកាន់តែកើនឡើងខ្ពស់ក្នុងខែមេសា។

គម្រោងសាងសង់មួយចំនួន អាចនឹងត្រូវពន្យារពេលមួយឆ្នាំទៀត ដោយសារវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាតវីរុសកូវីដ-១៩ ដែលធ្វើឱ្យខ្វះកម្លាំងពលកម្ម។

*ការសម្រុកលក់ផ្ទះពេលផ្ទះឡើងថ្លៃ

លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគនៅទីភ្នាក់​ងារអចលនទ្រព្យ OrangeTee & Tie បានលើកឡើងថា ថ្លៃឈ្នួលបានកើនឡើង ខណៈតម្រូវការខ្ពស់ជាងការផ្គត់ផ្គង់។ លោកស្រីបានបន្តថា ផ្ទះទំនេរមិនសូវមានទេ ហើយចំនួនផ្ទះដែលទើបសាងសង់រួចថ្មីៗក៏មានកម្រិត។

លោកស្រីថា អ្នកខ្លះបានសម្រុកលក់ផ្ទះរបស់ខ្លួន ពេលដែលផ្ទះឡើងថ្លៃ ហើយសុខចិត្តជួលផ្ទះនៅជាបណ្ដោះអាសន្ន។

*តម្រូវការការងារ

លោកស្រី Christine Sun លើកឡើងថា តម្រូវការជួលផ្ទះក៏កើនឡើង ដោយសារនាយកប្រតិបត្តិវ័យក្មេងៗ ដែលរើចេញពីក្រុមគ្រួសាររបស់ខ្លួន ដើម្បីបានកន្លែងធំទូលាយ និងភាពឯកជន ព្រោះពួកគេត្រូវធ្វើការងារពីផ្ទះរយៈពេលវែង។

លោក Nicholas Mak ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅទីភ្នាក់ងារអច​លនទ្រព្យ ERA Singapore ក៏បានលើកឡើងដែរថា ជនបរទេសមួយចំនួនដូចជានិស្សិត អ្នកជំនាញ និងអ្នកនៅក្នុងបន្ទុករបស់ពួកគេ នៅតែបន្តមកដល់ប្រទេសសិង្ហបុរី ជាបន្តប   ន្ទាប់។

*ការរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យា

លោក Lee Sze Teck នាយកស្រាវជ្រាវមកពីទីភ្នាក់ងារអចលនទ្រព្យ Huttons Asia បានលើកឡើងថា អត្រាថ្នៃឈ្នួលផ្ទះ បានកើនឡើងកាលពីខែមេសា ខណៈក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យា និងផលិតកម្មកំពុងចាប់ផ្ដើមរើសបុគ្គលិកឡើង  វិញ។

លោកបានបន្ថែមថា ក្រុមហ៊ុននានាទូទាំងពិភពលោក កំពុងវិនិយោគនៅសិង្ហបុរី នៅឡើយ៕

ស្ពានអាកាសផ្លាស់ប្តូរទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបញ្ចប់ការដំឡើងប្រអប់

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុកំពុងបង្កើនល្បឿន ដោយរហូតមកទល់ពេលនេះ ស្ពាន និងការចាក់ផ្លូវកៅស៊ូបាននិងកំពុងធ្វើឡើងយ៉ាងសកម្ម។

ជាក់ស្តែងតាមរយៈផេកផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានបង្ហា​ញឲ្យដឹងនាព្រឹកថ្ងៃទី១៧ ឧសភានេះថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១នៃការិយាល័យគ្រប់គ្រងគម្រោងទី៣នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុបានបញ្ចប់ការដំឡើងប្រអប់ girder ដែលជារបកគំហើញដ៏សំខាន់មួយ នៅក្នុងការសាងសង់សំណង់ស្ពាន។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលមានប្រវែងជិត២០០គីឡូម៉ែត្រនេះ ជាសមិទ្ឋផលមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានបង្កើតឡើងដោយប្រទេស​ចិន។

វាជាផ្លូវប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងជួយជម្រួលការធ្វើដំណើរ ការដឹកជញ្ជូន ទំនិញ និងជំរុញការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា៕

ការពង្រីកនិងកែលំអរផ្លូវជាតិលេខ២សម្រេចវឌ្ឍនភាពកាន់តែប្រសើរឡើង

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ តាមការវាយតម្លៃរបស់មន្រ្តីជំនាញ ការស្ថាបនាពង្រីកនិងកែលំអរផ្លូវជាតិលេខ២ កំពុងសម្រេចបានវឌ្ឍនភាពកាន់តែប្រសើរ ខណៈក្រុមហ៊ុនកូរ៉េកំពុងពន្លឿនការ​ស្ថាបនាផ្លួវនេះ។

ផ្លូវ​ជាតិ​លេខ​២ ដែលត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ កាត់​ខេត្ត​កណ្តាល​ទៅ​ដល់​ក្រុង​ដូនកែវ ខេត្ត​តាកែវ កំពុង​ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​របស់​កូរ៉េ។ ផ្លូវ​មួយ​ខ្សែ​នៅ​ភាគ​ខាងត្បូងនេះ គ្រោង​ចំណាយថវិកា​សាងសង់​ជាង៥៦លាន​ដុល្លារ គឺ​ជា​បណ្តាញ​ផ្លូវ​សេដ្ឋកិច្ច​ភ្ជាប់​ ទៅ​កាន់​ប្រទេស​វៀតណាម ​តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំឌិន និង​ជា​ខ្សែ​ផ្លូវ​ភ្ជាប់​ទៅ​ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​នៅ​ស្រុក​កណ្តាលស្ទឹង​។

ដំណើរការ​ស្ថាបនា​ផ្លូវ​ប្រវែង​ជាង៦០គីឡូម៉ែត្រ​នេះ ធ្លាប់​រង​ការ​ស្តី​បន្ទោស​ពីសម្តេ​ចតេជោហ៊ុន សែននាយក​រដ្ឋមន្ត្រីនៃកម្ពុជា ដល់​ក្រសួង​សាធារណការ ដោយសារ​ភាព​យឺតយ៉ាវ​ក្នុង​ការ​សាងសង់ ខណៈ​ក្រុមហ៊ុន Hanshin ដែល​ជា​ក្រុមហ៊ុន​របស់​កូរ៉េ​ ជា​អ្នក​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ។

តាម​គ្រោង​ការ​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២២ ដោយ​មានការ​​​ជួសជុល​ពង្រីកចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល​ដល់​អូរចំបក់ក្រុងដូនកែវ រួមទាំង​ការ​ស្ថាបនា​ផ្លូវ​ខ្នែង​មួយ​ខ្សែ​ទៀត ចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិ​លេខ៣ ខេត្តតាកែវ៕

អាជ្ញាធររាជធានីនឹងបង្រួមតំបន់ក្រហមឱ្យនៅតូចជាងមុនដើម្បីផ្តាច់ឫសគល់កូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញត្រៀមបង្រួមតំបន់ក្រហម ដែលជាតំបន់មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ១៩ មកនៅទំហំតូចជាងមុន រហូតដល់តាមខ្នងផ្ទះ អគារឬនៅតាមខុនដូ ហើយអាជ្ញាធររាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តការងារនេះនៅថ្ងៃ១៩ ខែឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឫសគល់កូវីដ១៩។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង ក្នុងកិច្ចប្រជុំ តាមរយៈ video conference ជាមួយអភិបាលខណ្ឌទាំង១៤ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ ដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទីតាំងឱ្យបានច្បាស់លាស់ ពាក់ព័ន្ធនឹងការបង្រួមតំបន់ក្រហមឱ្យនៅតូចរហូតតាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូនៅថ្ងៃ១៩ ខែ ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឫសគល់ជម្ងឺកូវីដ១៩។

លោកឃួង ស្រេងបានមានប្រសាសន៍ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីពិនិ   ត្យ និងពិភាក្សាទៅលើទីតាំងតំបន់ក្រហមទាំងអស់ នៅក្នុងរាជធានី ដើម្បីយើងបង្រួមតំបន់ក្រហមនេះឱ្យមកនៅតូចជាងមុន រហូតមកនៅត្រឹមតាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូតែម្ដង នៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ ។

ចំពោះទីតាំងតំបន់ក្រហម ម្ចាស់មូលដ្ឋានត្រូវតែទទួល ខុសត្រូវ អនុវត្តឱ្យបានម៉ឺង ម៉ាត់បំផុត ជៀសវាងការនាំជំងឺកូវីដ១៩ពីតំបន់ក្រហមនេះ ទៅទីតាំងគេផ្សេងទៀត។ យើ​ងសុខចិត្តឈឺចាប់នៅក្នុងមូលដ្ឋានរបស់យើង កុំឱ្យបន្តការឈឺចាប់ទៅមូលដ្ឋានគេផ្សេង។

លោកឃួង ស្រេងបានឱ្យដឹងទៀត ចំពោះទីតាំងដែលបិទខ្ទប់ អាជ្ញាធរខណ្ឌត្រូវមើលការខុសត្រូវឱ្យបានម៉ត់ចត់បំផុត ទាំងបញ្ហាសុខភាពប្រជាពលរដ្ឋនិងស្បៀងអាហារ ព្រោះថា ស្បៀងរបស់យើង មានគ្រប់គ្រាន់ មិនខ្វះចែកជូនប្រជាពលរដ្ឋនោះទេ។

ដោយឡែក ចំពោះការងារដែលត្រូវអនុវត្តនៅថ្ងៃទី១៩ ខែឧសភានេះ គឺការបង្រួមតំបន់ក្រហមមកនៅតូចជាងមុន មកនៅតាមខ្នងផ្ទះតាមអគារឬនៅតាមខុនដូ ដើម្បីផ្ដាច់ឱ្យបានឫសគល់ជំងឺកូវីដ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ធ្វើការណែនាំនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវវិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តបីកុំនិង៣ការពារ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី វិធានការការពាររបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៕

 

កម្មវិធី ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking App) ជំនាន់ថ្មី បានដាក់ឱ្យដំណើរការហើយ

  • ភ្នំពេញ 17 ឧសភា 2021 ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ដែលជាគ្រឹះស្ថានធំមួយក្នុងចំណោមគ្រឹះស្ថានធនាគារធំៗចំនួន 5 នៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីសេវាធនាគារចល័តលើទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា « ប្រាសាក់ម៉ូបាលប៊ែងឃីង | PRASAC Mobile Banking » ជូនដល់អតិថិជន និងសាធារណជនដើម្បីទទួលបាននូវបទពិសោធន៍ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីនិងទំនើបក្នុងការធ្វើ ប្រតិបត្តិការហិរញ្ញវត្ថុបានងាយៗ ដោយខ្លួនឯង គ្រប់ទីកន្លែង និងពេលវេលា។កម្មវិធីនេះត្រូវបានដាក់ឱ្យទាញយកនៅ App Store និង Google Play Store ដោយឥតគិតថ្លៃ។ កម្មវិធី PRASAC Mobile Banking ជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្ដល់លទ្ធភាពជូនអតិថិជនចូលប្រើប្រាស់គណនីរបស់ខ្លួន និងធ្វើប្រតិបត្តិការធនាគារដ៏សម្បូរបែបប្រកបដោយភាពលឿនរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទេរប្រាក់ឆ្លងធនាគារ ទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ ស្កេន QR កូដទូទាត់ថ្លៃទំនិញនិងសេវា ពិនិត្យសមតុល្យគណនីគណនីបញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ទៅវ៉ាឡេត និងមុខងារផ្សេងៗជាច្រើនទៀត។លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានប្រសាសន៍ថា «ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុដែលបានធ្វើឱ្យផ្លាស់ប្ដូរទិដ្ឋភាពនៃការផ្ដល់សេវាធនាគារ និងស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-19 ប្រាសាក់ មានក្ដីសោមនស្សដែលបានដាក់ឱ្យដំណើការកម្មវិធីសេវាធនាគារលើទូរស័ព្ទដៃថ្មីនេះ​ដើម្បី​ផ្ដល់ជូន​នូវភាពងាយស្រួល​សម្រាប់អតិថិជន ដើម្បីឱ្យពួកគាត់អាចគ្រប់គ្រងគណនីធនាគារ​បានគ្រប់ពេលទោះបីពួកគាត់​មានភាពមមាញឹកយ៉ាងណាក្ដី។ ការដាក់ឱ្យដំណើរការ​កម្មវិធី PRASAC Mobile Banking ស្ដែងពីការបន្តការខិតខំនិងប្ដេជ្ញាចិត្ត​ដើម្បីផ្ដល់ជូនអតិថិជន​នូវ​ដំណោះស្រាយហិរញ្ញវត្ថុ​យ៉ាងងាយស្រួល។ យើងនៅតែ​ប្ដេជ្ញាចិត្តខិតខំផ្ដល់ជូនផលិតផលនិងសេវាដ៏ល្អប្រសើរជូនអតិថិជន និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ​ក្នុងប្រទេសកម្ពុជា»។

    លោកបានបន្ថែមថា «ដើម្បីអាចរីករាយនឹងមុខងារថ្មីរបស់កម្មវិធី PRASAC Mobile Banking អតិថិជនដែលកំពុងប្រើប្រាស់ត្រូវធ្វើបច្ចុប្បន្នកម្មកម្មវិធី ចំណែកឯអតិថិជនថ្មីអាចទាញយកកម្មវិធីនេះ និងបើកគណនីសន្សំនៅប្រាសាក់ទើបអាចប្រើប្រាស់បាន។ អតិថិជននឹងបានបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីធនាគារបែបឌីជីថលដ៏ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដែលយើងខ្ញុំនឹងផ្ដល់ជូន»។

    លោក សូនី បន្ថែម «តាងនាមឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិករបស់ប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះអតិថិជន​ទាំងអស់ដែលបានជ្រើសរើសប្រាសាក់ជាដៃគូធនាគារដ៏ទុកចិត្ត និងរីកចម្រើនជាមួយគ្នា»។ មុខងារសំខាន់ៗនៃកម្មវិធី PRASAC Mobile Banking ជំនាន់ថ្មីនេះរួមមាន៖

    • ការចូលប្រើប្រាស់ដោយប្រើខ្ចៅដៃ ឬ ផ្ទៃមុខ
    • ផ្ទេរប្រាក់ឆ្លងធនាគារ
    • ពិនិត្យសមតុល្យគណនីបញ្ញើមានកាលកំណត់
    • ផ្ទេរប្រាក់ពីគណនីទៅគណនីនៅក្នុងរង្វង់ប្រាសាក់
    • ផ្ទេរប្រាក់តាមលេខសម្ងាត់
    • ទូទាត់វិក្កយបត្រភ្លើង ទឹក សំរាម និងថ្លៃសាលា
    • បញ្ចូលកាតទូរស័ព្ទ
    • ស្កេន QR កូដ ដើម្បីទូទាត់នៅតាមបណ្ដាហាងទំនិញនិងសេវា
    • ទទួលបានសារជូនដំណឹងគ្រប់ពេលធ្វើប្រតិបត្តិការ
    • ពិនិត្យសមតុល្យគណនីនិងប្រវត្តិប្រតិបត្តិការ
    • រកទីតាំងសាខា ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់ប្រាសាក់នៅជិតបំផុត
    • ពិនិត្យមើលអត្រាប្ដូរប្រាក់
    • និងមុខងារផ្សេងជាច្រើនទៀត

    ព័ត៌មានបន្ថែមអំពីកម្មវិធី PRASAC Mobile Banking សូមចូលទៅកាន់ https://bit.ly/3ygtsao ឬហៅទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 096 999 911 ។

    សូមទាញយកកម្មវិធី PRASAC Mobile Banking ពី link ដូចខាងក្រោម៖

    LATEST PRASAC MOBILE BANKING APP RELEASED

    Phnom Penh, 17 May 2021: PRASAC MFI Plc., one among top 5 commercial banks in Cambodia, has announced the launch of new version of its own mobile banking application called ‘PRASAC Mobile Banking’ for all customers and public to get a friendly user experiences, new and modern FinTech in making self-financial transactions at anywhere and anytime.

    The app is now available for downloading on App Store and Google Play Store completely free of charge. The latest PRASAC Mobile Banking is designed to offer customers the speed, efficiency and maximum security while accessing their accounts and executing the​ full banking transactions.

    The app allows users to perform interbank fund transfer, pay the bills, top-up mobile phone, scan QR code for paying bills of goods and services, view term deposit accounts, transfer to wallet and more great features.

    Mr. Say Sony, PRASAC’s Executive Vice President, said: “In the fast-paced growth of financial technology changing the banking landscape and amid Covid-19 pandemic, PRASAC is pleased to launch the new mobile application to offer convenience to our esteemed customers so that they can manage their bank account on the go amid their busy schedules. The launch of PRASAC Mobile Banking is a continuation of our efforts and commitment to provide customers with convenient financial solutions. We remain committed in our endeavors to provide excellent products and services to our customers and to promote the financial inclusion in Cambodia.”

    He added, “To enjoy the new features of PRASAC Mobile Banking, existing users need to update the app whereas new customers need to download the app and open a savings account at PRASAC. Customers will experience the effortless and highly secure digital mobile banking ever provided.”

    Mr. Sony continued, “On behalf of PRASAC’s Management and Staff, I would like to sincerely thank valued customers for choosing PRASAC as their trusted banking partner and growing together.” The top features of the all-new PRASAC Mobile Banking include:

    • Fingerprint or Face ID login,
    • Interbank fund transfer,
    • View term deposit accounts,
    • Transfer fund from account to accounts within PRASAC,
    • Cash-by-Code,
    • Pay bills of EDC, PPWSA, PPSWMA and tuition fee,
    • Top-up mobile phone,
    • Scan QR Code and pay bills at merchant outlets,
    • Receive instant push notifications each time transaction is made,
    • Check account balance and transaction details,
    • Find the nearest PRASAC branch, ATM or CDM,
    • View currency rates,
    • And more great features.

    For further inquiry on the latest PRASAC Mobile Banking, please visit https://bit.ly/3ygtsao or call our call center number 086 999 911 or 023 999 911 or 096 999 9911.

    Please download PRASAC Mobile Banking App:

ខេត្តព្រះសីហនុចាប់ផ្តើមរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ របស់ខ្លួនជាផ្លូវការ

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ រដ្ឋបាលខេត្តព្រះសីហនុបានចាប់ផ្តើមរៀបចំនិមិត្តសញ្ញាលើក្រុង ស្រុក ឃុំសង្កាត់របស់ខ្លួនជាផ្លូវការហើយ។

នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកឯម ភាពបានដឹកនាំកិច្ចប្រជុំពិភាក្សារៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ទូទាំាំងខេត្តព្រះសីហនុ ដោយបានមានប្រសាសន៍បើកកិច្ចប្រជុំ ពិនិត្យពិភាក្សានិមិត្តសញ្ញារបស់រដ្ឋបាលក្រុងស្រុកទាំង៥ ដែលក្រុមការងារបានធ្វើការប្រជុំពិភាក្សា ចូលរួមកែលម្អនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុកជាបន្តបន្ទាប់នាពេលកន្លងមក និមិត្តសញ្ញារដ្ឋបាលក្រុងស្រុកនីមួយៗ ត្រូវមានការបញ្ជាក់ពីប្រវត្តិនៃនិមិត្តសញ្ញា សក្តានុភាព និងភូមិសាស្ត្រក្រុង-ស្រុកនីមួយៗ ស្របទៅនឹងនិមិត្តសញ្ញា ម្យ៉ាងទៀតនិមិត្តសញ្ញាក្រុងស្រុកទាំង៥ ត្រូវរចនាអក្សរ និងខ្លឹមសារឯកភាពគ្នា ដើម្បីដាក់ជូនអភិបាលខេត្ត សម្រេចមុននឹងបញ្ជូនបន្តសុំសេចក្តីសម្រេច ពីក្រសួងមហា​ផ្ទៃយកមកប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ ។

លោកបានបន្តថា កន្លងមកយើងបានបង្កើតក្រុមការងាររៀបចំ និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក ហើយការងារនេះ បានអូសបន្លាយរយ:ពេលយូរខែហើយ ដើម្បីធ្វើការប្រជុំពិភាក្សាធ្វើការកែសម្រួល និងបញ្ជាក់ពីខ្លឹមសារ និងអត្ថន័យនៃរូបសញ្ញា និងសក្តានុពលរបស់ក្រុងស្រុកនីមួយៗ ដូច្នេះក្រុងស្រុកនីមួយៗត្រូវបំពេញឯកសារឱ្យបានលឿន ដើម្បីដាក់ជូន លោកអភិបាលខេត្តពិនិត្យសម្រេច និងបន្តបញ្ជូនទៅក្រសួងមហាផ្ទៃសម្រេចយកមកប្រើប្រាស់ជាផ្លូវការ៕

រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែ ជាទិសដៅនៃការរអភិវឌ្ឍឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល។

យោងតាមឯកសារព៌តមានរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនដែលបាន​បង្ហាញលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន កាលពីចុងសប្តាហ៍មុនបានបង្ហាញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែ ក្រុងព្រះសីហនុកំពុងមានសកម្មភាព យ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែករក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់៧% ប្រកប​ដោ​យចីរភាព ជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់បំផុត បានជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យឆ្ពោះទៅមុខ។

មានទីតាំងអំណោយផលឋិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាននូវការការពារដ៏រឹងមាំពីគ្រោះធម្មជាតិ។ បរិមាណទំនិញឆ្លងកា​ត់ឧបករណ៍លើកដាក់នៅក្នុងកំពង់ផែនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំ​ទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើតឡើងជាលំដាប់។

ឯកសារដដែលបានឲ្យដឹងថា ស្របពេលជាមួយគ្នានេះដែរ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំការពង្រីកកំពង់ផែ និងបង្កើតប្រព័ន្ធកំពង់ផែ EDI (Electronic Data Intercharge) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវ ការនៃនាវាចេញចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាចឆ្លើយតបទៅនឹងកំណើនវិនិយោគពីបរទេស ជាពិសេស សំដៅធ្វើឱ្យកម្ពុជាក្លាយជាទីតាំងយុទ្ធសាស្ត្រមួយ ប្រកបដោយការប្រកួតប្រជែងនៅតំបន់អាស៊ី ទាក់ទងនឹងវិស័យ ភស្តុភារកម្ម និងការដឹកជញ្ជូន។

ជាងនេះទៅទៀត កម្ពុជាគ្រោងនឹងពង្រីកសមត្ថភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត តាមរយៈ ការកសាងចំណតផែកុងតឺន័រថ្មីមួយជម្រៅទឹក១៤,៥ម៉ែត្រ ប្រវែង៣៥០ម៉ែត្រ ដែលនឹងធានាដល់ការចូល ចតនាវាកុងតឺន័រខ្នាតធំៗ មានចំណុះរហូតដល់ទៅ ៦០.០០០តោន ឬស្មើនឹង៩៣% នៃចំនួននាវាប្រចាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។

សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស នៅក្នុងតំបន់អាស៊ាន៕

កម្ពុជានឹងទាក់ទាញក្រុមហ៊ុនវិនិយោគអាមេរិកកាន់តែច្រើន ខណៈប្រទេសនេះមានបរិយាកាសវិនិយោគកាន់តែប្រសើរឡើង

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា កម្ពុជានឹងទាក់ទាញវិនិយោគិនជាច្រើនពីសហរដ្ឋអាមេរិកនា ពេលអនាគត តាមរយៈការវិនិយោគលើផ្នែកអេឡិចត្រូនិច និងផ្នែកឧស្សាហកម្មធុនមធ្យមនៅកម្ពុជា ទៅតាមរបត់នៃចន្តរសេដ្ឋកិច្ច។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនរបស់អាមេរិកទទួលជោគជ័យនៅកម្ពុជាមានជាច្រើន ដែលកត្តាទាំងនេះបានកើតឡើងពីទំទុកចិត្ត ក្នុងនោះសម្រាប់បរិបថនៃប្រជាជនកម្ពុជាវិញ គឺនៅតែស្រឡាញ់គោលការណ៍ និងការស្រឡាញ់គុណភាពផលិតផលរបស់សហរដ្ឋអាមេរិកជាដើម។

លោកបណ្ឌិតបានបន្តថា ក្នុងនោះចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនអាមេរិក ក៏ដោយសារមានការរួមចំណែករវាងរាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ការប្រកួតប្រជែងនៅកម្ពុជាស្នើរភាពគ្នាជាដើម ដែលនាំឲ្យ សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ន បានក្លាយជាដៃគូយ៉ាងសំខាន់ នៅក្នុងវិស័យពាណិជ្ជកម្ម ។

លោកបណ្ឌិតបានបន្តទៀតថា ពាក់ព័ន្ធការវិនិយោគនេះ កម្ពុជាគឺជាប្រទេសដែលមានទីផ្សារតូច ក្នុងនោះកម្ពុជាក៏បានដើរក្រោយគេបន្តិចនៅក្នុងតំបន់អាស៊ានដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម តែនៅពេលខាងមុខ លោកបណ្ឌិត រំពឹងថា វិនិយោគិនសហរដ្ឋអាមេរិក នឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ជាពិសេសរុញការវិនិយោគលើវិស័យអេឡិចត្រូនិច នឹងឧស្សាហកម្មធុនមធ្យមដូចជា ផ្នែកតម្លើងរថយន្ត និងការតម្លើងគ្រឿងចក្រផ្សេងៗទៀតនៅកម្ពុជា គឺស្របតាមរបត់នៃចន្តរសេដ្ឋកិច្ច ខណៈប្រទេសមួយចំនួននឹងអាចដើរផុតវិស័យនេះ ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុប ក៏ដូចGSP ពីអាមេរិក និងទទួលប្រព័ន្ធGSP ពីអង់គ្លេស ហើយក៏បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយច្រើនជាបណ្តាប្រទេសមួយចំនួន។

លោកឧកញ៉ាបានថ្លែងថា ទាំងអស់នេះ ជាកត្តាដែលទាក់ទាញវិនិយោគប្រទេសកម្ពុជា ស្របពេលដែលអាមេរិក និងចិនដំឡើងពន្ធលើគ្នាទៅវិញទៅមក ក្នុងសង្រ្គាមពាណិជ្ជកម្ម ដូច្នេះវាធ្វើឱ្យមានប្រទេសណា ដែលមានភាពអនុគ្រោះពន្ធ ដូចជាប្រទេសកម្ពុជា គឺគេសម្លឹងឃើញហើយ។

លោកឧកញ៉ាបានថ្លែងបន្តទៀតថា ដើម្បីអាចឱ្យក្រុមហ៊ុនអាមេរិកនាំចេញទៅចិនងាយស្រួល គឺមានក្រុមហ៊ុនមកផលិតនៅកម្ពុជា ព្រោះមានភាពអនុគ្រោះ ហើយដើម្បីងាយស្រួលក្នុងការនាំចេញអាមេរិក ចិននឹងមកផលិតនៅកម្ពុជាផងដែរ ដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធGSPនាំចេញទៅអាមេរិក។

ដូច្នេះភាពទាក់ទាញទាំងនេះហើយ ដែលធ្វើឱ្យទាំងក្រុមហ៊ុនអាមេរិក និងចិនកំពុងសម្លឹងឃើញកម្ពុជាយើង ហើយមិនត្រឹមតែក្រុមហ៊ុនអាមេរិក និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្រុមហ៊ុនពីប្រទេសផ្សេងៗ ដែលមានបំណងចង់នាំចេញទៅប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ក៏សម្លឹងរកប្រទេសកម្ពុជាជាទីតាំងផលិតផងដែរ។

ទាក់ទងនិងការវិនិយោគរបស់ក្រុមហ៊ុនមកពីសហរដ្ឋអាមេរិកនៅកម្ពុជា បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញឲ្យដឹងថា គិតមកដល់បច្នុប្បន្ន ចំនួនក្រុមហ៊ុន និងសហគ្រាសរបស់សហរដ្ឋអាមេរិក ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មសរុបមានចំនួន៤២៧ ក្នុងនោះក្រុមហ៊ុនមានចំនួន៣៨៧ និងសហគ្រាសមានចំនួន៤០សហគ្រាស។

ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជី និងកំពុងប្រតិបត្តិការនៅកម្ពុជា, នាពេលថ្មីៗនេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកក្នុងពិរព័ណ៌តាមរយៈអេឡិចត្រូនិច ថា ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិកដូចជា៖ ក្រុមហ៊ុន Ford, Facebook, Coca-Cola និងក្រុមហ៊ុន Piza ជាដើម បច្ចុប្បន្នកំពុងទទួលបានជោគជ័យនៅកម្ពុជា ក្នុងនោះឯកឧត្តមសង្ឃឹមថា នឹងមានក្រុមហ៊ុនសហរដ្ឋអាមេរិកផ្សេងៗទៀត អាចទទួលបានភាពរីកចម្រើនកាន់តែច្រើននៅក្នុងមុខរបរផងដែរ៕

អ្នកជំនាញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពីភ្នំពេញទៅបណ្ដាខេត្តនឹងបង្កើនភាពទាក់ទាញដល់ការវិនិយោគអចលនទ្រព្យ

ដោយៈ វិឌ្ឍនៈ

ភ្នំពេញ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានា នឹងជំរុញ និងទាក់ទាញ ដល់ការវិនិយោគនៅក្នុងខេត្តនោះកាន់តែខ្លាំង ជាពិសេសបណ្ដាខេត្ត ដែលមានសក្ដានុពលខ្លាំងក្នុងការទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានលើកឡើងស្រដៀងៗគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តនានាក្នុងប្រទេស គឺជាកត្តាទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងកាលពីថ្មីៗនេះថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទីនោះនឹងទទួលបានការវិនិយោគ និងចាប់អារម្មណ៍ពីសំណាក់វិនិយោគិន ជាក់ស្ដែងនៅជុំវិញរាជធានីភ្នំពេញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ត្រូវធ្វើឡើងជាបន្តបន្ទាប់ដើម្បីទាក់ទាញដល់វិនិយោគិនក្នុងនិងក្រៅប្រទេសដាក់ទុនវិនិយោគ។

លោកបានថ្លែងបន្តថា អ្នកវិនិយោគសម្លឹងមើលទីតាំងណា ដែលមានការអភិវឌ្ឍផ្លូវថ្នល់ ប្រព័ន្ធទឹក និងភ្លើង ហើយបន្ទាប់មកគេនឹងជ្រើសរើសធ្វើជាទីតាំង សម្រាប់ការអភិវឌ្ឍគម្រោងរបស់ពួកគេ។
លោកបន្តថា ដូចគ្នានេះដែរ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តសក្ដានុពលនឹងជំរុញឱ្យវិនិយោគិនទៅបណ្ដាក់ទុនវិនិយោគនៅក្នុងខេត្តនោះផងដែរ ហើយសព្វថ្ងៃនេះ រដ្ឋាភិបាលបានពង្រីកផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តដូចជាផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅកាន់ខេត្តកំពត ផ្លុវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ និងផ្លូវជាតិលេខទៅកាន់ខេត្តសៀមរាបជាដើម។

លោកបានឱ្យដឹងថា “ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តមួយចំនួន ពេលនេះ គេអាចទៅមកវិលល្ងាចដោយមិនចាំបាច់សម្រាកនៅទីនោះក៏បានដែរ ដោយសារតែផ្លូវស្រួលអាចធ្វើបានលឿនរហ័ស ដូចនេះវិនិយោគិនអាចទៅមើលគម្រោងណាមួយភ្លេត ហើយត្រលប់មកភ្នំពេញដោយងាយស្រួល និងអាចសល់ពេលវេលាសម្រាប់ធ្វើការទៀតផង”។

យោងតាមរបាយការណ៍ស្ថិតិបំណុលរបស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ក្នុងចំណោមថវិកាបំណុលដែលកម្ពុជាទទួលបានពីដៃគូអភិវឌ្ឍន៍នានា គឺភាគច្រើនលើសលុបយកមកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធតែម្ដង ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ ទៅកាន់បណ្ដាខេត្តសក្ដានុពល និងក្នុងខេត្តនោះផ្ទាល់តែម្ដង៕