អគ្គនាយកដ្ឋានពន្ធដារក្រើនរំលឹកជាថ្មីដល់សាធារណៈជនពីការបង់ពន្ធលើអចលនទ្រព្យដែលផុតកំណត់ចុងខែកញ្ញាខាងមុខនេះ

0

ដោយៈ ប៊ី

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២១ នឹងផុតកំណត់នៅ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

តាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កន្លងមកបានឱ្យដឹង មានម្ចាស់អចលនទ្រព្យមួយចំនួន នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា “ដើម្បីជំរុញការប្រមូលពន្ធលើអច​ល​នទ្រ​ព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២១នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង បាននូវការកកស្ទះ ការប្រជ្រៀត គ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ដែលអាចនាំឲ្យមានបាតុភាពអសកម្ម ដោយប្រការណាមួយ”។

អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់ អញ្ជើញមកប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានពន្ធដារបន្ដថា ចំពោះការខកខានមិនបានដាក់លិខិត ប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា ម្ចាស់អចលនទ្រព្យទាំងអស់ ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានទាន់ពេលវេលាកំណត់ខាងលើជាពុំខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here