ហាងឆេងតម្លៃដីធ្លីនៅក្រុងហូជីមិញប្រទេសវៀតណាម ហក់ឡើងខ្ពស់ពី២៥%ទៅ៤០%ក្នុងឆមាសទី១

ដោយៈសុខុម

ហូជីមិញ: ហាងឆេងតម្លៃដីធ្លីនៅក្រុងហូជីមិញ ប្រទេសវៀតណាមបានហក់ឡើងខ្ពស់ខ្លាំងបើធៀបទៅនឹងតម្លៃផ្ទះធម្មតា និងផ្ទះប្រភេទវីឡាដែលសាងសង់ ក្នុងតំបន់តែមួយ។ នេះបើយោងតាមរបាយការណ៍មួយចេញដោយក្រុមហ៊ុន CBRE Vietnam ដែលជាក្រុមហ៊ុនគ្រប់គ្រង និងពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ។

Aerial view of cityscape of Ho Chi Minh City aka Saigon, South Vietnam.

យោងតាមសារព័ត៌មាន The Business Times ចុះផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា នៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១ ទីផ្សារផ្ទះប្រភេទវីឡា និងផ្ទះធម្មតាទទួលបានគម្រោងថ្មីចំនួន៥ ដោយផ្តល់ជូនគេហដ្ឋានចំនួន៥០០ផ្ទះបន្ថែមទៀត។ គម្រោងទាំងអស់នេះ មានទីតាំងនៅខាងកើតនៃក្រុងហូជីមិញ ដោយក្នុងនោះ៤គម្រោងស្ថិតនៅក្នុងសង្កាត់លេខ៩ (District 9) និង១គម្រោងស្ថិតក្នុងសង្កាត់ Thu Duc។

ហាងឆេងតម្លៃផ្ទះប្រភេទវីឡា និងផ្ទះធម្មតាគឺមានសភាពនៅទ្រឹង ក្នុងតំបន់ភាគច្រើន។ នៅក្នុងសង្កាត់លេខ២ (District 2) តម្លៃលក់ជាមធ្យមបានហក់ឡើង១,៤%បើធៀបទៅនឹងត្រីមាសទី១។ ចំណែកឯក្នុងសង្កាត់លេខ៩ តម្លៃដីធ្លីបានហក់ឡើង១,៩%។ សង្កាត់ផ្សេងៗទៀត ដូចជា សង្កាត់ Binh Thanh សង្កាត់ Go Vap និងសង្កាត់លេខ១២ (District 12) បានហក់ឡើងពី ១,៥% ទៅ៣%បើធៀបនឹងត្រីមាសទី១។

ទន្ទឹមនេះ ទីផ្សារដីធ្លីបានហក់ឡើងខ្ពស់ជាងឆ្ងាយ។ នៅក្នុងតំបន់ដែលមានសភាពអ៊ូអរនៃសង្កាត់លេខ២ (District 2) ដូចជាតំបន់ Thanh My Loi Ward និងតំបន់ Binh Trung Dong Ward ជាដើម តម្លៃដីធ្លីបានហក់ឡើងពី១៦% ទៅ៤០%បើធៀបទៅនឹងត្រីមាសទី១។

នៅក្នុងតំបន់ Nha Be តំបន់ Thu Duc តំបន់ Binh Chanh និងសង្កាត់លេខ១២ តម្លៃលក់ហក់ឡើង២៥% បើធៀបទៅនឹងត្រីមាសទី១។ តម្លៃដីឡូតិ៍នៅតំបន់ Phu Huu Ward និងតំបន់ Phuoc Long B Ward ក្នុងសង្កាត់លេខ៩ ក៏បានហក់ឡើងខ្ពស់ដែរ។

និយាយអំពីការលក់វិញ គម្រោងដីឡូតិ៍ជាពិសេសគម្រោងដែលមានទីតាំងល្អ អាចលក់បានចន្លោះពី៥០%​ទៅ៩០% ក្រោយបើកគម្រោងលក់មិនបានប៉ុន្មាន។ នៅក្នុងត្រីមាសទី១ ដីឡូតិ៍ជាង៨៥០ឡូតិ៍ត្រូវបានលក់ចេញ ដោយកើនឡើង១៤%បើធៀបទៅនឹងត្រីមាសមុន។

ក្រុមអ្នកជំនាញនិយាយថា ទីផ្សារដីធ្លីកំពុងតែមានស្ថានភាពល្អប្រសើរ គួរឱ្យកត់សម្គាល់ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ នៅតាមតំបន់ជាយៗក្រុង។ តួយ៉ាង គម្រោងដីឡូតិ៍ដែលស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ព្រមទាំងផ្លូវល្បឿនលឿន HCMC-Long Thanh-Dau Giay Expressway ផ្លូវល្បឿនលឿន Ben Luc-Long Thanh Expressway និងផ្លូវ My Phuoc-Tan Van-Nhon Trach Road សុទ្ធតែមានតម្លៃហក់ឡើងខ្ពស់ខ្លាំង។

ក្រុមហ៊ុន CBRE និយាយថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គម្រោងធំៗនឹងត្រូវចាប់ផ្ដើម បើកក្នុងតំបន់ជាច្រើននៃទីក្រុងនេះ។ ទន្ទឹមនឹងនេះ ការអភិវឌ្ឍហេដ្ឋារចនាស ម្ព័ន្ធ និងការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ការដឹកជញ្ជូននឹងធ្វើឱ្យតម្លៃដីធ្លី ហក់ឡើងកាន់តែខ្ពស់បន្ថែមទៀត។

ទោះជាយ៉ាងណា វានឹងមិនអាចផ្ទុះខ្លាំងដូចក្នុងឆ្នាំ២០០៧ ដែលតម្លៃដីហើមខ្លាំងស្ទើរមិនគួរឱ្យជឿនោះឡើយ ហើយក្រុមហ៊ុន CBRE ជឿថា បណ្ដាអ្នកវិនិយោគនឹងមានការប្រុងប្រយ័ត្នជាងមុន នៅក្នុងការសម្រេចចិត្តវិនិយោគ ហើយចំណុចនោះនឹងជួយធ្វើឱ្យទីផ្សារដីធ្លីកាន់តែមានស្ថិរភាព៕

អ្នក​វិនិយោគចិនដែលស្គាល់កម្ពុជាច្បាស់បានបន្តពង្រីកការវិនិយោគនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា អ្នកវិនិយោគចិននៅកម្ពុជា បានបន្តពង្រីកការ វិនិយោគនៅកម្ពុជា ខណៈអ្នកវិនិយោគមួយចំនួនបានរង់ចាំមើល និងមួយចំនួនទៀតបានពន្យាគំរោងរបស់ពួកគេ។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យ ដែលមានបទពិសោធន៍ និងវិភាគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៥ មិថុនាកន្លងមកថា តាមនិន្នាការជាក់ស្តែងយើងឃើញអ្នកវិនិយោគចិន ដែលបានវិនិយោគនៅកម្ពុជារួចហើយ បានពង្រីកឱកាសវិនិយោគរបស់ពួកគេ ប៉ុន្តែក៏មានអ្នកវិនិយោគមួយចំនួនតូចបានពន្យាគំរោង និងរង់ចាំស្ថានភាពល្អប្រសើរឡើងវិញផងដែរ។

លោកស្រីបន្តថា “ខ្ញុំសង្កេតឃើញវិនិយោគិនចិនភាគច្រើន បានពង្រីការវិនិយោគនៅកម្ពុជា​ ដើម្បីចាប់យកឱកាសពេលទីផ្សារវិលមករកភាពប្រក្រតីវិញ ប៉ុន្តែក៏មានអ្នកវិនិយោគមួយចំនួនបានរង់ចាំមើលផងដែរ”។ លោកស្រីបន្តថា “ទោះជាយ៉ាងណា អ្នកវិនិយោគចិនថ្មីៗ មិនទាន់បានឈានជើងមកកម្ពុជានៅឡើយទេ​ ដោយសារការបារម្ភពីស្ថានភាពជំងឺកូវីដ១៩”។

វិនិយោគិនរបស់ចិន បានក្លាយជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា លើវិស័យជាច្រើនដូចជា វិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង ហេដ្ឋារចនាសម្ព័ន្ឋ វារីអគ្គិសនី វិស័យ​សំណង់ និងអចលនទ្រព្យជាដើម។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា កម្ពុជាមានគុណសម្បត្តិជាច្រើន ដែលនឹងទាក់ទាញការវិនិយោគពីប្រទេសចិនកាន់តែច្រើននាពេលអនាគត ដែលគុណសម្បត្តិទាំងនោះមានដូចជា ទំនាក់ទំនងល្អរវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភូមិសាស្រ្តនយោបាយដែល​ប្រទេសទាំងពីរត្រូវការគ្នាទៅវិញទៅមក ការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលបានរុញសេដ្ឋកិច្ចកម្ពុជាមានកំនើនរ៉ឹងមាំ ការរៀបចំច្បាប់បទដ្ឋានគតិយុត្តិនានា ដែលជួយសម្រួល និងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែមានភាពល្អប្រសើរ។

លោកបន្តថា “បើទោះបីជាមានទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរក្តី ប៉ុន្តែបើអ្នកវិនិយោគមិនអាចរកផលចំណេញបាន និតិវិធីច្បាប់ស្មុគ្រស្មាញ មិនអំណោយផល​ដល់ការវិនិយោគ ក៏អ្នកវិនិយោគចិនមិនមកកាន់កម្ពុជានោះដែរ”។លោកបន្តថា “ភាពអំណោយ​ផលនៃលក្ខខ័ណ្ឌភូមិសាស្រ្ត និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងធ្វើឲ្យកម្ពុជា ចិនកាន់តែខិតជិតគ្នាមួយកម្រិតទៀត”៕

ផលចំណេញពីការវិនិយោគប្រចាំឆ្នាំខ្ពស់ បានធ្វើឲ្យដីធ្លីក្លាយជាផ្នែកដែលទាក់ទាញការទិញលក់ច្រើនជាងគេ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ផលចំណេញពីការវិនិយោគខ្ពស់បបានធ្វើឲ្យចរន្តនៃការទិញលក់ដីធ្លី មានភាពសកម្មជាងគេក្នុងចំណោមផ្នែកដទៃទៀត នៃវិស័យអច​លនទ្រព្យ។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធីតា អតីតនាយិកាក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៥ មិថុនាកន្លងមកថា ការវិនិយោគ ទិញលក់មានភាពសកម្មជាងគេនាពេលបច្ចុប្បន្ននេះ គឺការវិនិយោគលើដីធ្លី និងលំនៅដ្ឋានដែលបានសាងសង់ចប់ភាគច្រើន។ ចំណែកផ្នែកដទៃទៀត នៅមានកម្រិតយឺតយ៉ាវនៅឡើយ។

លោកស្រីបន្តថា “មូលហេតុដែលការវិនិយោគផ្នែកដីធ្លី មានភាពសកម្មជាងគេគឺដោយសារផលចំណេញពីការវិនិយោគលើដីធ្លី មានក្នុងរង្វង់១២ភាគរយក្នុងមួយឆ្នាំ ខណៈផ្នែកផ្សេងៗទៀតក្នុងវិស័យនេះ ផលចំណេញនៅមានកម្រិត”។ លោកស្រីបន្តថា “ផលចំណេញនៃការវិនិយោគខ្ពស់នេះហើយ ទើបសកម្មភាពទិញលក់ដីធ្លីបានចាប់ផ្តើម​មានភាពសកម្មឡើងវិញ”។

ជាមួយគ្នានេះ លោកលឹម សុជាតិប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ដោយ​សារកម្ពុជាមានភាពអំណោយផលជាច្រើនលើវិនិយោគ បានធ្វើឲ្យដីធ្លីក្លាយជាផ្នែកមួយ ដែលផ្តល់ឱកាចំណេញច្រើននាពេលបច្ចុប្បន្ន និងពេលអនាគត។

លោកបន្តថា “ការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញ និងអាចរកផលចំណេ​ញបានច្រើន លើកលែងតែការទិញដី ប៉ះចំដីដែលមានបញ្ហា។ ហេតុនេះដើម្បីបញ្ចៀសបញ្ហា អ្នកវិនិយោគគួរប្រឹក្សាយោបល់ជាមួយអ្នកជំនាញ”៕

ទីផ្សារលក់រាយចាប់ផ្តើមកម្រើកឡើងវិញបន្ទាប់ពីមានការបន្ធូរបន្ថយលើការធ្វើដំណើរ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទីផ្សារលក់រាយ វិស័យទីផ្សារលក់រាយ បានចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណើរៗ បន្ទាប់ពីរដ្ឋាភិបាលបន្ធូរបន្ថយ ដល់ការធ្វើដំណើររបស់ប្រជាជន ខណៈទីផ្សារលក់រាយត្រូវបានមើលឃើញថា ទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។

អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់តាមសារអេឡិចត្រូនិកនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះថា បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈក្នុងទីផ្សារលក់រាយ ដោយសារវិបត្តិកូវិដ១៩ សកម្មភាពក្នុងទីផ្សារនេះចាប់ផ្តើមកម្រើកឡើងវិញបន្តិច ខណៈម្ចាស់គម្រោង និងអ្នកជួលមួយចំនួនបានផ្តើមចរចារគ្នាក្នុងការជួលផងដែរ។

អ្នកនាងបានថ្លែងថា “បន្ទាប់ពីការបិទខ្ទប់នៅរាជធានីភ្នំពេញ ត្រូវបានដកចេញ សកម្ម​ភាព នៅក្នុងទីផ្សារលក់រាយបានកើនឡើងវិញ តែទោះជាយ៉ាងក៏ដោយ សកម្មភាពនៅមិនទាន់ច្រើនដូចមុនព្រឹត្តិការណ៍២០ ខែកុម្ភៈ”។

អ្នកបានថ្លែងបន្តថា បច្ចុប្បន្ននេះ ការពិភាក្សាអំពីការជួលមួយចំនួន រវាងម្ចាស់គម្រោ​ង និងអ្នកលក់រាយមានកើតលើបានបន្តបន្ទាប់ ពីត្រូវពន្យាពេលអស់មួយរយៈអំឡុងខែមេសា និងឧសភាកន្លងទៅនេះ។

អ្នកនាងបានឱ្យដឹងថា បច្ចុប្បន្នមានគម្រោងផ្សារលក់រាយ (ផ្សារទំនើប) ចំនួន៣១គម្រោង ដែលកំពុងប្រតិបត្តិការនៅរាជធានីភ្នំពេញ ដែលស្មើនឹង៤០០.០០០ម៉ែត្រក្រឡា។

របាយការណ៍ស្រាវជ្រាវរបស់ CBRE Cambodia បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ ២០២១ មានគម្រោងផ្សារលក់រាយ (Retail Project) ចំនួន៤បានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារ ដែលធ្វើឱ្យផ្ទៃក្រឡាកន្លែងលក់រាយ ក្នុងក្រុងភ្នំពេញកើនដល់ជិត ៥០ ម៉ឺនម៉ែត្រការ៉េ។

កំណើននៃការដាក់ចូលទីផ្សារនេះ បានធ្វើឱ្យតម្លៃជួលមានការប្រែប្រួលខ្លះ ដូចជា កន្លែងជួលលក់រាយប្រភេទ Prime High Street (ហាងលក់ទំនិញតាមផ្លូវធំៗ) បច្ចុប្បន្នមានតម្លៃជួលមធ្យម២៣,៦១ដុល្លារ ក្នុង១ម៉ែត្រការ៉េរយៈពេល១ខែ ធ្លាក់ចុះ១០ភាគរយ បើធៀបត្រីមាសទី៤ ឆ្នាំ ២០២០ ប្រភេទ Prime Shopping Mall និង Prime Retail Podium មានតម្លៃនៅថេរ គឺ២៨,៤៦ ដុល្លារ និង២៤,៥០ដុល្លារ និងប្រភេទ Community Mall តម្លៃ២២,៣១ដុល្លារ កើនឡើង៤,២ភាគរយ។

របាយការណ៍ឱ្យដឹងទៀតថា ក្នុងត្រីមាសទី១ អត្រាប្រើប្រាស់កន្លែងជួលលក់រាយធ្លាក់ចុះ៨,៦ ភាគរយមកនៅត្រឹម៧៤,៩ភាគរយ ខណៈចំនួនអ្នកទិញទំនិញនៅកន្លែងលក់រាយធ្លាក់ចុះយ៉ាងច្រើន៕

ខេត្តព្រះសីហនុស្វាគមន៍ស្ពានក្រោមដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា

ដោយៈ សុខ ហេង

ព្រះសីហនុៈ ខេត្តព្រះសីហនុនឹងស្វាគមន៍ស្ពានក្រោមដីជាលើកដំបូង ដែលសមិទ្ឋផលនេះ មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ កងវិស្វកម្មសម្តេចតេជោហ៊ុន សែន ខេត្តសៀមរាប បានចូលរួមស្តារ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៤ ប្រវែង6700m ទទឹង29m ន្លោះបង្គោលគីឡូម៉ែត្រ 216 +00 ដល់គីឡូម៉ែត្រលេខ 222 +700 ដែលជាគម្រោងដ៏មានអាទិភាព និងសក្តានុពលរបស់រាជរដ្ឋាភិបាលក្នុងខេត្តព្រះសីហនុ។

កំណត់ផ្លូវប្រវែង7600m ស្ថិតក្នុងភូមិសាស្រ្តលេខ១ ក្រុងព្រះសីហនុ ដែលត្រូវបានស្តារ និងស្ថាបនាឡើងវិញនេះ ជាកំណត់ផ្លូវដ៏មមាញឹក កកស្ទះចរាចរណ៍គ្រប់ពេលវេលា ពិសេសកកស្ទះដោយរថយន្តកុងតឺនើ រថយន្តដឹកជញ្ជូនធ្ងន់ៗ ប្រជាពលរដ្ឋរស់នៅច្រើនកុះករ មានសាលារៀន រោងចក្រ សហគ្រាស និងជាមាត់ច្រកចេញចូល យ៉ាងកកកុញ នៃតំបន់កំពង់ផែមាត់សមុទ្រ របស់កម្ពុជា។

ជាកំណាត់ផ្លូវមួយដែលស្ថាបនាឡើង ពីសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចរបស់ព្រះករុណាព្រះបរមរតនកោដ្ឋ មានទទឹងមិនដល់១០ម៉ែត្រ។ កសាងក្រោមការជួយគាំទ្រពីរដ្ឋាភិបាលអាមេរិក បច្ចុប្បន្ននេះការស្តារ និងស្ថាបនាឡើងវិញ ត្រូវបានពង្រីក ទទឹងតួផ្លូវរហូតដល់ទៅ29m មានទ្រូងកណ្តាលចែកផ្លូវជាពីរ ដែលផ្លូវធ្វើចរាចរណ៍នៃរថយន្តតូច ធំ បីកន្លងទៅ បីកន្លងមក ផ្លូវម៉ូតូ ផ្លូវសម្រាប់ថ្មើរជើង ពិសេសទៅទៀតមានទីតាំងសម្រាប់បទត្រឡប់ក្រោយ របស់រថយន្តកុងតើនើ ឬរថយន្តសណ្តោងរើម៉កចំនួន២កន្លែង ដែលមានទទឹងរហូតដល់ទៅ៦០ម៉ែត្រ ពិសេសការស្ថាបនាផ្លូវថ្មើជើងក្រោមដីចំនួន២កន្លែង មិនធ្លាប់មាននៅក្នុងប្រវត្តសាស្រ្តកម្ពុជា។

មួយកន្លែងស្ថិតនៅចំពីមុខ វិទ្យាល័យហ៊ុនសែនឃ្លាំងលើ និងមួយកន្លែងទៀត ស្ថិតនៅទីប្រជុំជន រោងចក្រ សម្រាប់សិស្សានុសិស្ស កម្មករ កម្មការិនី ជួយសម្រួលដល់ការឆ្លងកាត់ និងកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុណាមួយ។

ទាក់ទិនទៅនិងគម្រោងស្ថាបនាផ្លូវធ្វើដំណើរថ្មើជើង ឆ្លងថ្នល់ក្រោមដីទាំងពីរគម្រោងនោះ លោកឧត្តមសេនីយ៍ទោ វង្ស សំអាត មេបញ្ជាការរង កងវិស្វកម្មតេជោហ៊ុនសែនសៀមរាបបានឲ្យដឹងថា៖ ផ្លូវនេះទទឹង២៩ម៉ែត្រ ចែកចេញជា៦គន្លង គឺធំណាស់ មិនអាចអោយប្រជាជនរត់កាត់ថ្នល់បានទេ ចឹងហើយបានវិស្វករយើងសិក្សាដើម្បីជៀសផុតបិគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋយើង គឺធ្វើផ្លូវថ្មើជើងក្រោមដីនេះតែម្តង ។

ផ្លូវសថ្មើជើងក្រោមដីនេះផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋ ក្នុងនោះអាចឆ្លងកាត់ ឬអាចបណ្តើរកង់ម៉ូតូ ចុះមកឆ្លងកាត់តាមនិង ដោយមានទទឹង៧ម៉េត្រ បណ្តោយ៥៣ម៉ែត្រ កម្ពស់៣ម៉ែត្រ២តឹក ដោយចែកចេញជាពីរ ដែលផ្នែកខាងស្តាំដែលមានគន្លងកណ្តាលនោះ អ្នកដែលមកខាងស្តាំ គឺដើរគន្លងខាងស្តាំ អ្នកមកពីគន្លងខាងឆ្វេង ត្រូវដើរគន្លងខាងឆ្វេង ពិសេសមានផ្លូវសម្រាប់ជនពិការដើរ និងសងខាងមានបំពាក់ដោយបង្កាន់ដៃ ដើម្បីបង្ការគ្រោះថ្នាក់លើពលរដ្ឋ ដែលកើតឡើងដោយប្រការណាមួយ និងមានកន្លែងស្តុកទឹក ដែលមាន ម៉ូទ័រ បូមទឹកពីរ មួយសម្រាប់បូមទឹកមធ្យមបូមដោយខ្លូនឯងធម្មតា និងមួយទៀតនៅពេលដែលទឹកច្រើនគឺវាធ្វើការម្តងទាំងពីរតែម្តង។

នៅផ្នែកខាងលើវិញបំពាក់ភ្លើងសម្រាប់បំភ្លឺ មានកង្ហារសម្រាប់បឺតខ្យល់ចេញ និងបឺតខ្យល់ចូល ដើម្បីអោយបរិយាការក្នុងផ្លូវក្រោមដីនេះ មានខ្យល់អាកាសបរិសុទ្ធ មិនធំក្លិនស្អុត មិនធំក្លិនច្អាប អុកស៊ីសែនដែលផ្តល់មកធ្វើអោយអ្នកធ្វើដំណើរឆ្លងកាត់ទីនេះបានគ្រប់គ្រាន់។

ដោយបានការគាំទ្រពីរដ្ឋាភិបាល ពិសេសបានទទួលស្គាល់ស្នាដៃធំៗ ពីកងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រគល់ភារកិច្ច ជូនដល់កងវិស្វកម្មសម្តេចតេជោហ៊ុនសែនសៀមរាប ចូលរួមស្ថាបនា និងស្តារហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តផ្លូវ ស្ពាន ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពល លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍របស់ប្រទេសកម្ពុជា៕

រដ្ឋាភិបាលទទួលបានប្រាក់២៦៣១លានដុល្លារតាមរយៈក្រុមហ៊ុនចុះបញ្ជីរ អាជីវកម្មតាមអនឡាញ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រមូលប្រាក់ចំនួន២៦៣១លានដុល្លារអាមេរិក ពីការចុះបញ្ជីរក្រុមហ៊ុនដែលបានដាក់ស្នើតាមប្រព័ន្ឋអនឡាញ ចំនួន៦៩៧៤ ដើម្បីចុះបញ្ជីរជាផ្លូវការ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា រយៈពេល១ឆ្នាំការដាក់ ឱ្យដំណើរការនេះ មានការស្នើសុំបញ្ជីអាជីវកម្មសរុប៦៩៧៤សំណើ ក្នុងនោះពាក្យស្នើសុំដែលបានអនុម័ត៦១៦៤សំណើ និងពាក្យស្នើសុំដែលកំពុងត្រួតពិនិត្យ៨១០សំណើ ដោយមិនមានពាក្យស្នើសុំណាមួយបានបដិសេធឡើយ។

សម្រាប់ទំហំដើមទុនសរុបសម្រាប់ក្រុមហ៊ុន ដែលទទួលបានការចុះបញ្ជីប្រមាណ២៦៣១លានដុល្លារ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានដំណើរការដោយរលូន និងប្រកបដោយផ្លែផ្លានេះ ជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការតម្រង់ទិសដោយការយកចិត្តទុកដាក់ខ្ពស់ ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងកិច្ចសហការដែលមិនអាចខ្វះបាន របស់ក្រសួង-ស្ថាប័នចូលរួម រួមមាន ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ស្របពេលដែលទទួលបានការសាទរ និងមតិវិជ្ជមានដ៏ច្រើនលើសលុបពីវិស័យឯកជន ថ្នាលចុះបញ្ជីនេះ បានដាក់ឱ្យប្រើប្រាស់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានជួយសម្រួល និងធ្វើឱ្យការងារចុះបញ្ជីអាជីវកម្មនៅកម្ពុជា ប្រព្រឹតិ្តទៅដោយរលូន និងឥតដាច់។

ជាជំហានបន្ទាប់ ការដាក់ឱ្យដំណើរការដំណាក់កាលទី២ ដែលអនុញ្ញាតឱ្យធុរជនអាចស្នើសុំ អាជ្ញាបណ្ណ ឬវិញ្ញាបនបត្រ ពីក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ នឹងត្រូវដាក់ចេញអនុវត្ត ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

 

ប្រទេសG7ប្រកាសបង្កើតគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រកួត ប្រជែងគម្រោងBRIរបស់ចិន

ដោយៈ គៀតឈូ

ភ្នំពេញៈ ដោយក្រឡេកមើលការអភិវឌ្ឍន៍របស់ប្រទេសចិន កិច្ចប្រជុំកំពូលG7 ដែលទើបនឹងបញ្ចប់នៅចក្រភពអង់គ្លេស បានប្រកាសផែនការនៃគំនិតផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណង ដើម្បីប្រកួតប្រជែងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) របស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់ Global Times នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ទោះបីជាគម្រោងនេះត្រូវប្រសិទ្ធនាមថាជា “គំនិតផ្តួចផ្តើមកសាងពិភពឱ្យប្រសើរឡើងវិញ” (B3W) តែអ្នកជំនាញបានលើកឡើងថា វាគ្មានប្រយោជន៍ទេ សម្រាប់នរណាម្នាក់ ដែលជឿថាផែនការរបស់ G7 នឹងកើតឡើងទេ។

ជាមួយគ្នានេះដែរ មិនសេចក្តីលម្អិតណាមួយ ទាក់ទងនឹងគម្រោងគំនិតផ្តួចផ្តើម ផ្តោត លើគម្រោងហេដ្ឋរចនាសម្ព័ន្ធរបស់ប្រទេសG7 ភ្នាក់ងារសារព័ត៌ Reuters បានឱ្យដឹងថា “គំនិតផ្តួចផ្តើមនេះមានទំហំទឹកប្រាក់៤០ទ្រីលានដុល្លារ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០៣៥”។

ប៉ុន្មានខែមុនការប្រកាសពីគំនិតផ្តួចផ្តើមនេះ បណ្តាញសារព័ត៌មាននានាបានលើកឡើងពីផែនការ ដែលកំពុងពិភាក្សាដោយមេដឹកនាំអាមេរិក និងអង់គ្លេស ហើយចាប់តាំងពីពេលនោះមក គម្រោងនេះត្រូវបានជនជាតិចាត់ទុកថាជា“ការលួចចម្លងគម្រោងBRI”។

គម្រោងនេះត្រូវបានស្វាគមន៍យ៉ាងខ្លាំង ដែលថាប្រទេសអ្នកមាននៅក្រោមក្រប ខ័ណ្ឌG7 កំពុងធ្វើការរួមដើម្បីជួយជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចប្រទេសកំពុងអភិវ ឌ្ឍន៍ ប្រសិនបើពួកគេអាចធ្វើបាន។

លោក Wang Yiwei នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Renmin University of China បាននិយាយថា ទោះយ៉ាងណា ការជួយប្រទេសកំពុងអភិវឌ្ឍន៍ ប្រហែលជាមិនត្រូវដាក់ក្នុងរបៀបវារៈ នៃបណ្តាប្រទេសនៅខាងលិច ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។

លោកបានថ្លែងបន្តថា នៅពីក្រោយផែនការនៃកម្រោងB3W វាគឺជាចេតនារបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាអនុភាពនៅលើពិភពលោក ក្រោយវិបត្តិកូវីដ១៩។ លើសពីនេះទៀត សហរដ្ឋអាមេរិកអាចប្រើវិធានការនេះ ដើម្បីបញ្ចេញវិបត្តិអតិផរណាផ្ទៃក្នុងរបស់ខ្លួនទៅកាន់ពិភពលោក។

បើធៀបនឹងគំនិតផ្តួចផ្តើមBRI វាច្បាស់ថាគម្រោងរបស់G7 មិនបម្រើផលប្រយោ ជន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទេ។

លោកSong Wei អ្នកសិក្សាស្រាវជ្រាវនៅបណ្ឌិត្យសភាសហប្រតិបត្តិការអន្តរជាតិនិងពាណិជ្ជកម្មចិនបានថ្លែងថា “បណ្តាប្រទេសអាហ្រ្វិកជាឧទាហរណ៍ បាននិងកំពុងប្រ ឈមនឹងកង្វះខាងផ្នែក វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ដែលមានទំហំទឹកប្រាក់១០៨ពាន់លានដុល្លារ។ ការខ្វះខាតនេះបានក្លាយជាឧបសគ្គដ៏ធំ សម្រាប់ការអភិវឌ្ឍទ្វីបមួយ។ ហើយហេតុអ្វី G7 មិនអើពើពីបញ្ហាមួយនេះ?”។

នៅពេលនិយាយដល់ការលើកកម្ពស់គំនិតផ្តួចផ្តើមBRI លោកខាងលិចព្យាយាមធ្វើយ៉ាង ដើម្បីបង្កាច់បង្ខូចក្របខ័ណ្ឌសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងដាក់សម្ពាធលើប្រទេសដទៃទៀត កុំឱ្យបង្កើតសហប្រតិបត្តិការជាមួយចិន។

លោកSong បាននិយាយថា បណ្តាប្រទេសលោកខាងលិចមួយចំនួន បានព្យា យាមដាក់ចេញផែនការស្រដៀងគ្នា ដើម្បីប្រកួតប្រជែងជាគំនិតផ្តួចផ្តើមBRI ក្នុងនោះក៏ប្រទេសអូស្ត្រាលី និងជប៉ុនផងដែរ៕

តើព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនឹងមានវិសាលភាពកម្រិតណាសម្រាប់ ដំណាក់កាលទី១

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលបាននិងកំពុងសាងសង់បាននិងកំពុងឆ្ពោះទៅមុខយ៉ាងសកម្ម ប៉ុន្តែអ្នកប្រហែលមិនដឹងទេថា តើដំណាក់កាលទី១របស់ព្រលាននេះ នឹងមានវិសាលភាពកម្រិតណា។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនារសៀលថ្ងៃទី១៥ មិថុនានេះថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ជាព្រលានកម្រិត4F ដែលអាចចុះចតយន្តហោះកម្រិតអន្តរទ្វីបបាន ព្រោះផ្លូវរត់របស់យន្តហោះមានប្រវែងរហូតដល់៤០០០ម៉ែត្រ។

លោកបន្តថា ក្នុងដំណាក់កាលនេះ ក្រុមហ៊ុននឹងសាងសង់ផ្លូវរត់ចំនួន១ប៉ុណ្ណោះ ក្នុងចំណោមផ្លូវរត់ចំនួនពីរ និងស្ថានីយ៍ទទួលអ្នកដំណើរ នឹងសាងសង់តែមួយចំហៀងប៉ុណ្ណោះ ហើយការពង្រីកបន្ថែមទៀត នឹងធ្វើឡើងតាមដំណាក់កាលជាក់ស្តែងនឹងធ្វើឡើងតាមផែនការមេរបស់ក្រុមហ៊ុន។ លោកបន្តថា ការសាងសង់ព្រលានយន្តហោះនេះ គឺសមស្របនឹងចំនួនភ្ញៀវធ្វើដំណើរ ដដែលរំពឹងទទួលបាន១៧លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

តាមផែនការរបស់ក្រុមហ៊ុនបានឲ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងបោះទុនវិនិយោគ១៥០០លានដុល្លារ នឹងបញ្ចប់ដំណាក់កាលទី១ នៅឆ្នាំ២០២៣ខាងមុខ ដែលអាចទទួលអ្នកដំណើរបាន១៥លាននាក់ក្នុងមួយឆ្នាំ និងនៅឆ្នាំ២០៣០ ព្រលាននេះនឹងពង្រីកដំណាក់កាលទី១ ដែលអាចទទួលអ្នកដំណើរបាន៣០លាននាក់ និងដំណាក់កាលទី២ នឹងពង្រីកនៅឆ្នាំ២០៥០ដែលអាចទទួលអ្នកដំណើរបាន៥០លាននាក់។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ក្នុងដំណាក់កាលទី១នេះ ក្រុមហ៊ុនត្រូវចំណាយទុនវិនិយោគប្រមាណ៧០០លានដុល្លារអាមេរិក ហើយទុនវិនិយោគនេះមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយ៕

ក្រុមហ៊ុនធានារ៉ាប់រងចិនប្រកាសទិញអាគារការិយាល័យនៅទីក្រុងប៉េកាំង ក្នុងតម្លៃ១,៤ពាន់លានដុល្លារ

ដោយៈ គៀតឈូ

ប៉េកាំងៈ ក្រុមហ៊ុនធានារ៉ាប់រងសុខភាព Hexie ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបានទិញអាគារ SK Tower នៅទីក្រុងប៉េកាំងក្នុងតម្លៃ៩,០៦ពាន់លានយ័ន (១,៤ពាន់លានដុល្លារ) ពីក្រុមហ៊ុន SK Group ដែលជាក្រុមហ៊ុនធំជាងគេទីបី របស់ប្រទេសកូរ៉េខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SCMP កាលពីថ្មីៗនេះ។

យោងតាមក្រុមហ៊ុន Cushman & Wakefield ដែលជាទីប្រឹក្សារបស់ក្រុមហ៊ុនធានារ៉ាប់រងខាងលើបានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ គឺជាប្រតិបត្តិការទិញលក់ដ៏ធំបំផុត សម្រាប់អាគារការិយាល័យមួយ នៅក្នុងប្រទេសចិន ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩នេះ។

វាអាចនឹងក្លាយជាកិច្ចព្រមព្រៀងទិញ លក់ធំបំផុតសម្រាប់ឆ្នាំនេះ សម្រាប់ជាគម្រោងអចលនទ្រព្យពាណិជ្ជកម្មតែមួយនៅក្នុងប្រទេសចិន។

លោក Alvin Yip ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Cushman បានមានប្រសាសន៍ថា “ទីផ្សារទីក្រុងប៉េកាំង គឺជាទីតាំងស្នូលដ៏សំខាន់មួយ សម្រាប់វិនិយោគិនជាយូរណាស់មកហើយ និងជាទីតាំងដែលមានប្រតិបត្តិការទិញលក់ធំៗ មានទំហំទឹកប្រាក់លើសពី៥០ពាន់លានយ័ន (៧,៨ពាន់លានដុល្លារ) ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា”។

ក្រុមការងាររបស់លោកបានធ្វើកិច្ចព្រមព្រៀងទិញលក់ ដែលមានតម្លៃប្រហែល១០ពាន់លានយ័ននៅឆមាសទីមួយនៃឆ្នាំនេះ ដែលរួមបញ្ចូលទាំងការលក់អាគារ Beijing Diamond Plaza នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង។

ប្រតិបត្តិការទិញលក់អាគារSK Tower គឺពិតជាអស្ចារ្យខ្លាំងណាស់ ខណៈការិយាល័យកម្ពស់៣៥ជាន់ ស្ថិតនៅចំកណ្តាលសង្កាត់ពាណិជ្ជកម្ម កណ្តាលក្រុងប៉េកាំង។ អាគារមានទំហំ១០៧.៦២៧ ម៉ែត្រក្រឡា (១,២ លានហ្វីតការ៉េ) ត្រូវបានលក់ដោយក្រុមហ៊ុនអភិវឌ្ឍន៍CapitaLand ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទៅឱ្យក្រុមហ៊ុន SK Group ក្នុងឆ្នាំ២០០៨។ កិច្ចព្រមព្រៀងទិញលក់នោះ ក៏ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Cushman ផងដែរ៕

តើគេប្រើប្រាស់យុទ្ធសាស្រ្ត Land Bankingយ៉ាងដូចម្តេច តើអ្នកណាបង្កើត យុទ្ឋសាស្រ្តនេះ?

ដោយៈគង់ សូរិយា

ភ្នំពេញៈ យុទ្ឋសាស្រ្តLand Banking ត្រូវបានមហាសេដ្ឋីលើពិភពលោកជាច្រើនយកមកអនុវត្តន៍ និងទទួលបានជោគជ័យ ដោយសារពួកគេមានចំណេះដឹង ផែនការយុទ្ឋសាស្រ្តច្បាស់លាស់។

Land Banking ជាយុទ្ធសាស្រ្តវិនិយោគលើវិស័យដីធ្លី ដោយទិញដីស្តុកទុក ក្នុងដំណាក់កាលដែលមនុស្សជាច្រើន មើលមិនឃើញពីតម្លៃ ឬឱកាសក្នុងការវិនិយោគ រួចលក់ចេញនៅពេលដែលទីផ្សារ ចាប់មានតំរូវការខ្លាំងនិងទទួលបានតម្លៃខ្ពស់។

វិនិយោគិនភាគច្រើន មិនបានគិតដល់ការវិនិយោគបែបនេះទេ ដោយសារតែដីធ្លីទាំងនោះ មិនទំនងអាចបង្កើនប្រាក់ចំណូល ឬទាញប្រយោជន៍ពីវាបាន ប៉ុន្តែLand Banking គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដែលអ្នកវិនិយោគឆ្លាតវៃនៅតែយកមកប្រើរហូតដល់សព្វថ្ងៃនេះ។

យុទ្ធសាស្រ្ត Land Banking ត្រូវបានបង្កើតឡើងកាលពី៥០០ឆ្នាំមុន ដោយ
លោក John Jacob Astor ដែលបានប្រើប្រាស់យុទ្ធសាស្រ្តនេះ ហើយក្លាយជាមហាសេដ្ឋីដំបូងគេក្នុងសហរដ្ឋអាមេរិក។

លោក John Jacob Astor បានទិញដីទុកយ៉ាងច្រើន ក្នុងទីក្រុងមែនហាថែន (Manhattan) ក្នុងទីក្រុងញូយ៉ក ខណៈពេលនោះមិនមាននរណាម្នាក់ ចាប់អារម្មណ៍អំពីឱកាសនោះឡើយ។

លោក John Jacob Astor ទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ១១០,១ ពាន់លានដុល្លារអាមេរិក ធ្វើឲ្យលោកក្លាយជាអ្នកមានលំដាប់ទី៤ ក្នុងប្រវត្តិសាស្ត្រអាមេរិក។

ការវិនិយោគ Land Banking គឺតម្រូវឲ្យអ្នកវិនិយោគមានភាពអត់ធ្មត់ខ្លាំង និងរង់ចាំឱកាស ដោយសារមនុស្សភាគច្រើន ចង់វិនិយោគទទួលបានលទ្ធផលភ្លាមៗ។ ហើយការវិនិយោគនេះ ក៏ត្រូវការចេះមើលពីទីផ្សារ និងទំនោរនៃការអភិវឌ្ឍផងដែរ ដើម្បីជៀសវាងហានិភ័យ៕