ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនផលិតម៉ូតូ និងឡាំម៉ាតាកង់បីឥណ្ឌាBajaj Auto បានប្រកាសកាលពីទី២ កក្កដា ថា ក្នុងខែកក្កដា ឆ្នាំ២០២១ ខ្លួនលក់ម៉ូតូសរុបបានចំនួន៣.៦៩.១១៦ (3,69,116) គ្រឿងដោយកើនឡើង៤៤% បើធៀបនឹងចំនួន២.៥៥.៨៣២ (2,55,832) គ្រឿង ដែលក្រុមហ៊ុនលក់បានក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC-TV18។
ការលក់ក្នុងស្រុកក្នុងខែកក្កដា ឆ្នាំនេះបានចំនួន១.៦៧.២៧៣ (1,67,273) គ្រឿង បើធៀបនឹងចំនួន១.៥៨.៩៧៦ (1,58,976) គ្រឿងដែលលក់បានក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ ការលក់ម៉ូតូសរុបបានចំនួន៣.៣០.៥៦៩ (3,30,569) គ្រឿង ដោយកើនឡើង៣៩% បើធៀបនឹងចំនួន២.៣៨.៥៥៦ (2,38,556) គ្រឿងដែលលក់បានក្នុងខែដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុននេះក៏បានលើកឡើងដែរថា ការលក់ឡាំម៉ាតាកង់បីសរុបរបស់ខ្លួនបានកើនឡើងលើសទ្វេដង រហូតដល់ដល់ចំនួន៣៨.៥៤៧ (38,547) គ្រឿង បើធៀបនឹងចំនួន១៧.២៧៦ (17,276) គ្រឿងដែលលក់បានក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញក្នុងខែកក្កដាក៏បានកើនឡើងលើសទ្វេដងផងដែរ ដល់ចំនួន២០១.៨៤៣ (201,843) គ្រឿង បើធៀបនឹងចំនួន៩៦.៨៥៦ (96,856) នៅក្នុងខែដូចគ្នាកាលពីឆ្នាំមុន។
លោក Rakesh Sharma នាយកប្រតិបត្តិក្រុមហ៊ុន Bajaj Auto បានថ្លែងទៅកាន់សារព័ត៌មាន CNBC-TV18 ថា តួលេខខាងលើនេះឆ្លុះបញ្ចាំងពីស្ថានភាព និងទស្សនវិស័យពាណិជ្ជកម្មល្អប្រសើររបស់ក្រុមហ៊ុនលោក ហើយលោករំពឹងទុកដោយសុទិដ្ឋិនិយមថា និន្នាការទាំងនេះនឹងនៅបន្ត។
អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេគឺថា ប្រទេសកម្ពុជា យើងដែលជាសមាជិកមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានក្លាយជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតម៉ូតូ និងឡាំម៉ាតាកង់បីឥណ្ឌា មួយនេះ ខណៈស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មានភាពប្រសើរឡើងជាលំដាប់។
ទាក់ទិននឹងការនាំចេញ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ប្រជាជននៅក្នុងប្រទេសភាគច្រើនមានជីវភាពកាន់តែល្អប្រសើរ ហើយក្នុងពេលជាមួយគ្នានេះ ប្រទេសហ្វីលីពីន ប្រទេសនេប៉ាល់ និងប្រទេសកម្ពុជា បានក្លាយជាទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុនលោក។
លោកបានបន្ថែមទៀតថា ទីផ្សាររបស់ក្រុមហ៊ុនលោកនៅអាមេរិកឡាទីន អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែរ។
លោកបានគូសបញ្ជាក់ថា “ក្នុងរយៈពេលពីរបីខែខាងមុខនេះ ប្រសិនបើស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសហ្វីលីពីន និងប្រទេសកម្ពុជា មានសភាពធូរស្រាលច្រើន ក្រុមហ៊ុននឹងបង្កើនការនាំចេញឱ្យបានច្រើន”៕