សមាជិកព្រឹទ្ឋសភាអាមេរិកព្រមានពីហានិភ័យនៃការប្រើប្រាស់រូបិយប័ណ្ណឌីជីថល

ដោយៈ គៀតឈូ

វ៉ាស៊ីនតោនៈ សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Elizabeth Warren កាលពីម្សិលមិញ បានអំពាវនាវដល់អ្នកធ្វើគោលនយោបាយអាមេរិក ឱ្យចូលរួមដោះស្រាយបញ្ហានានា ទាក់ទងនឹងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (cryptocurrency) កំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

លោកស្រី Warren ដែលជាអ្នកវិភាគ និងអ្នកតស៊ូមតិដ៏លេចធ្លោនៅ Wall Street ផងដែរនេះបាននិយាយថា ការរំពឹងទុកពីកំណើនរបស់cryptocurrency ដែលកំពុងជំរុញប្រជាជនអាមេរិកឱ្យវិនិយោគរាល់ថ្ងៃ ទំនងជាមិនអាចកើតឡើងជាប្រយោជន៍ ដល់ប្រជាជននោះទេ ហើយផ្ទុយទៅវិញ រដ្ឋាភិបាលត្រូវតែធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ។

លោកស្រីបាននិយាយនៅក្នុងសន្និសីទសភាមួយថា “Cryptocurrency បានបង្កើតឱកាស ដើម្បីបោកប្រាស់វិនិយោគិន ជួយឧក្រិដ្ឋជន និងធ្វើឱ្យអាកាសធាតុមានវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។ ការគំរាមកំហែង ដោយរូបិយប័ណ្ណcrypto បង្ហាញថាសភា និងនិយតករសហព័ន្ធ មិនអាចបន្តលាក់បាំងបានទេ ដោយសង្ឃឹមថា crypto នឹងបាត់ទៅវិញ។ ប៉ុន្តែវាមិនបាត់ទៅណាទេ។ វាគឺពេលវេលាដើម្បីប្រឈមនឹងបញ្ហាទាំងអស់នេះ”។

លោកស្រី Warren បានគាំទ្រធនាគារកណ្តាលអាមេរិក ក្នុងការពិចារណា ក្នុងការដាក់ដំណើរប្រាក់ដុល្លារឌីជីថល ដោយនិយាយថា វាអាចជម្រុញជនជាតិអាមេរិកក្រីក្រ និងធ្វើឱ្យប្រព័ន្ធទូទាត់កាន់តែប្រសើរ ប្រសិនបើប្រាក់ដុល្លារឌីជីថល ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវ។

ទោះយ៉ាងណា បក្សសាធារណរដ្ឋបានបញ្ចេញសំលេងខ្លាំងជាងមុន ដោយចោទសួរថា តើផលិតផលដែលគាំទ្រ ដោយធនាគារកណ្តាលមួយនេះគឺចាំបាច់ ឬអត់ ហើយតើវាអាចមានន័យយ៉ាងដូចម្តេចចំពោះប្រព័ន្ធធនាគារប្រពៃណី។

លោក Pat Toomey សមាជិកព្រឹទ្ធសភាបាននិយាយថា “យើងមិនត្រូវការធនាគារដែលឧបត្ថម្ភដោយរដ្ឋ ដើម្បីជ្រៀតជ្រែកជាមួយប្រព័ន្ធធនាគារសេរី ដែលកំពុងជោគជ័យនេះទេ”៕

ក្រុមហ៊ុនយក្ស Alibaba គ្រោងផលិតរថយន្តដឹកទំនិញបើកបរស្វ័យប្រវត្តិ

ដោយៈសុខុម

ប៉េកាំង: នាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Alibaba Group Holding Ltd បានទម្លាយឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ មិថុនា នេះថា ក្រុមហ៊ុនយក្សនេះគ្រោងផលិតរថយន្តដឹកទំនិញ ដែលបើកបរដោយស្វ័យប្រវត្តិ ជាមួយក្រុមហ៊ុនដឹកទំនិញCainiao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន The Edge Markets។

លោក Cheng Li នាយកផ្នែកបច្ចេកវិទ្យា នៃក្រុមហ៊ុនដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឈានមុខគេរបស់ចិន មួយនេះក៏បានលើកឡើងថា ក្រុមហ៊ុនដឹកជញ្ជូន Cainiao មានគម្រោងដាក់ឱ្យប្រើប្រាស់មនុស្សយន្ត (Robot) ដឹកប្រគល់ទំនិញដោយស្វ័យប្រវត្តិចំនួន១.០០០គ្រឿងនៅក្នុងប្រទេសចិន នៅឆ្នាំ២០២២។

ការប្រកាសនេះ ធ្វើឡើងស្របពេលក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗសរុបរាប់សិបក្រុមហ៊ុន រួមមាន ក្រុមហ៊ុនអ៊ីនធឺណិតឈានមុខគេ Baidu Inc របស់ចិនផង កំពុងពន្លឿនការងារអភិវឌ្ឍប្រព័ន្ធយានយន្តបើកបរដោយស្វ័យប្រវត្តិ។

មជ្ឈដ្ឋានទូទៅរំពឹងយ៉ាងមុតមាំថា ប្រព័ន្ធយានយន្តបើកបរ ដោយស្វ័យប្រវត្តិនេះនឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងធំសម្បើម ដល់ឧស្សាហកម្មដឹកជញ្ជូន។

ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ ដែលបើកបរដោយស្វ័យប្រវត្តិផ្សេងទៀត ក៏រួមមានក្រុមហ៊ុន TuSimple Holdings Inc របស់សហរដ្ឋអាមេរិក ដែលបានចុះបញ្ជីភាគហ៊ុននៅខែមេសា ដើមឆ្នាំនេះផងដែរ៕

បុរីថ្មីមួយស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីបានចាប់ផ្តើមសាងសង់ និងបើកលក់ជាផ្លូវការ

ដោយៈចាន់ថា

ភ្នំពេញៈ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានបន្តស្រូបយកការវិនិយោគកាន់តែច្រើន ជាក់ស្តែងបុរីថ្មីមួយបានប្រកាសបើកការដ្ឋានសាងសង់ និងលក់ជាផ្លូវការនាព្រឹកថ្ងៃទី១០ មិថុនានេះ។

បុរីថ្មីនេះមានឈ្មោះ “បុរីខេមរភូមិ” បានលេចចេញរូបរាង និងប្រណិតភាពរបស់ខ្លួនជាផ្លូវការ ក្បែតំបន់ព្រលានយន្តហោះថ្មី នៃស្រុកកណ្តាលស្ទឹង នាពេលឆាប់ៗខាងមុននេះហើយ បន្ទាប់ពី ការដ្ឋានសាងសង់ សំណងបុរីខេមរភូមិនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ នៅលើផ្ទៃដីប្រមាណ៣ហិចតា ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកស្រី សុខ បូរី ប្រធានផ្នែកលក់បុរីខេមរភូមិ បានអោយដឹងនាពិធីបញ្ចុះបឋមសិលាសាងសង់បុរីនេះថា គំរោងបុរីខេមរភូមិនេះ ត្រូវបានវិនិយោគឡើង ដោយក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដីចំនួន៣ហិចតា ដែលមានចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្កូវជាតិលេខ២ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និង ខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ) គឺត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកប។

គំរោង បុរីខេមរភូមិន្ទ ដែលត្រូវចាប់ផ្តើម សាងសង់ជាផ្លូវការនេះ មានការអភិវឌ្ឈន៍ ចេញជាសំណង់ លំនៅដ្ឋាន ជាង១០០ផ្ទះ ដែលចែកចេញជា ៣ប្រភេទផ្ទះ ក្នុងនោះ មានប្រភេទផ្ទះល្វែង អាជីវកម្ម ឬ (Shop house ),ប្រភេទផ្ទះវីឡាកូនកាត់ (link house)និង ប្រភេទផ្ទះវីឡាទោល(Single Villa)ហើយ ដែលសំណង់លំនៅដ្ឋានទាំងនេះ ប្រើពេលសាងសង ជាង១ឆ្នាំ (ចាប់ពីខែមិថុនា ឆ្នាំ២០២១ នេះ រហូតដល់ ខែមិថុនា ឆ្នាំ២០២២)។

បើតាមការបញ្ជាក់ របស់ លោកស្រី សុខ បូរី សំរាប់សំណង់លំនៅដ្ឋាន នៅក្នុង បុរីខេមរភូមិនេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៊ីវិល័យ ស្របទៅតាមតម្រូវការ និងទំហំខុសៗគ្នា សំរាប់អតិថិជន ក្នុងនោះ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (linkhouse) មានទំហំដី ៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៤ម៉ែត្រ គុណ ១០ ម៉ែត្រ, មាន២បន្ទប់គេង និង៣បន្ទប់ទឹក មានតំលៃចាប់ពី ៤.៨៨០០ ដុល្លារ អាមេរិច ឡើងទៅ។

ប្រភេទផ្ទះល្វែង អាជីវកម្ម ឬ (Shop house) មានទំហំដី ៤.២ម៉ែត្រ គុណ ២៥ម៉ែត្រ និងមានទំហំផ្ទះ ៤.២ម៉ែត្រ គុណ១៤.៥ម៉ែត្រ ) មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក ដែលមានតំលៃចាប់ពី ៩.៨៨០០ ដុល្លារ អាមេរិច ឡើងទៅ។ និងទី៣ ជាប្រភេទផ្ទះវីឡាទោល ឬ (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ១២ម៉ែត្រ មាន៦បន្ទប់គេង និង៧បន្ទប់ទឹក នៅសល់ដីចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រ កន្លះ ទៅ៨ម៉ែត្រ អាចចតរថយន្តបាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ ដែលមានតំលៃ ចាប់ពី ១៣ម៉ឺន ៨ពាន់ ៨០០ដុល្លារឡើងទៅ។ បានន័យថា តំលៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះ នៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។

ទី៣ ជាប្រភេទផ្ទះវីឡាទោល ឬ (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ១២ម៉ែត្រ មាន៦បន្ទប់គេង និង៧បន្ទប់ទឹក នៅសល់ដីចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រ កន្លះ ទៅ៨ម៉ែត្រ អាចចតរថយន្តបាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ ដែលមានតំលៃ ចាប់ពី១៣,៨៨០០ដុល្លារឡើងទៅ។ បានន័យថា តំលៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះនៅក្នុងគំរោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុង រយះពេល២ឆ្នាំ។

ចំណែក លោកស្រី ឃួន លក្ខិណា អគ្គនាយិការង ក្រុមហ៊ុន Monarchy land & Investment និងជាតំណាង គំរោងបុរីខេមរភូមិ ក៏បានបន្ថែមដែរថា លក្ខណះពិសេស នៃគម្រោង បែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អ រស់នៅ ដោយភាពថ្លៃថ្នូរ និងមោទនភាព នៃបូរីខេមរភូមិរបស់យើងនេះ គឺមានទីតាំងភូមិអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងាយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល។

គំរោងនេះមានចម្ងាយតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២) ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់ ពិសេសនៅក្បែរ ផ្សារទំនើបអីអន៣ និងមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ. ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ។

លោកស្រីឃួន លក្ខិណាបានបន្តថា បន្ទាប់ពីគម្រោងបុរីខេមរភូមិនេះ ក្រុមហ៊ុន Monarchy land & investment នឹងមានគម្រោង អភិវឌ្ឈន៍ដំណង់លំនៅដ្ឋានបែបធម្មជាតិ ដែលជាគម្រោងទី២ បន្តពីគម្រោងទីមួយនេះ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតាខ្មៅ នៅមិនឆ្ងាយ ពីស្រុកកណ្ដាលស្ទឹងនេះ លើផ្ទៃដីប្រមាណ៣០ហិចតា ដែលជាដីមានភូមិសាស្ត្រ នៅតំបន់ជាប់មាត់ទន្លេ។

លោកស្រីបន្តថា “នៅទីនោះយើងនិង ប្រែក្លាយជាគម្រោងបែបលំនៅឋានសួនបរិស្ថានធម្មជាតិបៃតងសុទ្ធសាធ ហើយសង្ឍឹមថា នឹងទទួលបានការគាំទ្រដូចគ្នា និងបុរីខេមរភូមិនេះផងដែរ”៕

គម្រោងបូកគោលែនដ៏កំពុងឆ្ពោះទៅមុខជាមួយនឹងការចាប់ផ្តើមសាងសង់ផ្ទះ អាជីវកម្មនិងសួនដ៏ប្រណីត

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ជាមួយនឹងសក្តានុពលទីតាំងអំណោយផល គំរោងបូកគោលែនដ៏ដែលស្ថិតនៅក្នុងទីក្រុងបូកគោ ដែលសាងសង់ជាទីក្រុងឆ្លាតវៃ កំពុងវិវត្តន៍ទៅមុខយ៉ាងប្រសើរ ជាមួយនឹងការសាងសង់ផ្ទះល្វែង ផ្ទះអាជីវកម្ម សួនច្បារនិងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត។

ស្ថិតនៅក្បែរតំបន់រដ្ឋបាលក្រុងបូកគោថ្មី គំរោងបូកគោលែនដ៏កំពុងទាក់ទាញអតិថិជនអ្នកវិនិយោគជាតិ អន្តរជាតិ ដោយសារម្ចាស់គំរោងបាននិងកំពុងធ្វើការវិនិយោគ ជាមួយនឹងទំនុកចិត្ត និងមានដើមទុនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវចិត្ត និងឆ្លើយតបតាមតម្រូវការរបស់អតិថិជន។

អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCoolor Tanបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ មិថុនានេះថា ជាមួយនឹងទីតាំងមានភាពអំណោយផល ដែលអាចប្រកបអាជីវកម្មបាន ពិសេសការសាងសង់ហាងកាហ្វេរូបជាផ្ទះយន្តហោះ បាននិងកំពុងធ្វើឲ្យគំរោងបូកគោលែនដ៏ ទាក់ទាញការវិនិយោគយ៉ាងច្រើន ពីអ្នកវិនិយោគក្នុងស្រុក ពិសេសអ្នកមានបំណងសាងសង់ផ្ទះលំហែរ នៅក្នុងជើងភ្នំបូកគោ ក៏ដូចជារស់នៅក្នុងទីក្រុង ដែលផ្តោតលើបរិស្ថានបៃតង និងមិនបំពុលបរិស្ថាននេះ។

លោកបន្តថា “ការរីកចម្រើននៃទីក្រុងបូកគោ នឹងផ្តល់ឲ្យអ្នករស់នៅតំបន់នេះទទួលបានផលចំណេញពីការវិនិយោគ និងផ្តល់នូវការរស់នៅប្រកបដោយផាសុខភាព”។

គំរោងបូកគោលែនដ៏ បានផ្តល់ឲ្យអ្នកវិនិយោគ ឬសាងសង់ផ្ទះលំហែរនូវដីឡូត៍ដែលមានស្តង់ដាអន្តរជាតិ ព្រោះមានការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ ជាមួយទំហំផ្លូវ១៨ម៉ែត្រ មានការរៀបចំប្រព័ន្ឋទឹកស្អាត អគ្គិសនី និងប្រព័ន្ឋលូធំៗ ដែលផ្តល់ឲ្យអ្នកវិនិយោគមិនចាំបាច់បារម្ភពីការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ។

លោកCoolor Tanបានបន្តថា តំបន់ស្ថិតនៅក្នុងទីក្រុងរណបបូកគោ កំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ដែលចាប់អារម្មណ៍ជាមួយទស្សទានអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃរបស់រដ្ឋាភិបាល ដោយបច្ចុប្បន្ននេះក្រុមការងារបច្ចេកទេសនៃរដ្ឋបាលខេត្តកំពត និងក្រុមហ៊ុនSokha Hotel Groupកំពុងរៀបចំសាងសង់អាគាររដ្ឋបាលក្រុង បន្ទាប់ពីស្ថាប័នទាំងពីរ សម្រេចជ្រើសរើសទីតាំងសំរាប់ ការសាងសង់អាគាររដ្ឋបាលខេត្ត កាលពីសប្តាហ៍មុន។

លោកជាវ តាយអភិបាលខេត្តកំពតធ្លាប់បានមានប្រសាសន៍ថា តំបន់ទីក្រុងបូកគោថ្មីកំពុងទាក់ទាញសក្តានុពល នៃគម្រោងវិនិយោគថ្មីៗជាច្រើន ពិសេសទោះបីខេត្តមានវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែគំរោងអភិវឌ្ឍន៍នានា នៅក្នុងខេត្តមិនបានផ្អាកសកម្មភាពសាងសង់ ឬគំរោងរបស់ពួកគេនោះទេ៕

គម្រោង “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” តម្លៃ២០០លានដុល្លាផ្តល់នូវការបង់រំលស់មិនយកការប្រាក់រហូតដល់រយៈពេល៦០ខែ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាមួយនឹងការប្តេជ្ញាចិត្តលើការសាងសង់ ដើម្បីឲ្យទាន់ព្រឹត្តិការណ៍កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ខាងមុខ “ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” បាននិងកំពុងផ្តល់នូវកញ្ចប់បង់ប្រាក់ពិសេស ដោយមិនគិតការប្រាក់រហូតដល់៦០ខែជាមួយម្ចាស់គម្រោងផ្ទាល់។

ការផ្តល់ជូនពិសេសនេះ ផ្តោតលើការបង់រំលស់លំនៅដ្ឋានដូចជា៖ ខុនដូ វីឡាភ្លោះ ថោនហៅស៍ រ៉ូហៅស៍ រហូតដល់ ៦០ខែ ដោយគ្មានការប្រាក់ (0% Interest) ។ មិនតែប៉ុណ្ណោះ អតិថិជនអាចមានឱកាសឈ្នះរង្វាន់ជាច្រើន ដូចជា សាឡុងមួយឈុត ទូរទ ស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់សំលៀកបំពាក់ ម៉ាស៊ីនបូមធូលី និងសំភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត។

គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់មួយ នឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើងរាជធានីភ្នំពេញក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការសាងសង់ សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅលើទឹកដីអច្ឆរិយៈ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ នឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគរាជសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន៣៥.០០០ហិកតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ។

សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាពដ៏គួរ  ឲ្យចាប់អារម្មណ៍បំផុតបែបនេះ គឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និងជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។

ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើប ដែលមានខុនដូ១២អាគារស្មើនឹង១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ១អគារស្មើនឹង១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

មិនតែប៉ុណ្ណោះ “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និងផ្សេងៗទៀត។

បន្ទាប់ពីការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ត្រូវបានបញ្ចប់ យើងមានជំនឿយ៉ាងមុតមាំថា “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹងផ្លាស់ប្តូរមុខមាត់តែស្រស់អស្ចារ្យ នឹងចូលរួមចំណែកលើកសម្រស់ រាជធានីភ្នំពេញទៅជាទីក្រុងកីឡា និងជាទីប្រជុំជនដែលមានទំនើបកម្មក្នុងតំបន់ជាក់ជាពុំខានឡើយ។

ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាស ដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើង សម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀត ដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និងភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។

ជាពិសេសក្នុងដំណាក់កាលនេះ គម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដមានប្រូម៉ូសិនពិសេសដែលអតិថិជនអាច ទំនាក់ទំនងអាសយដ្ឋាន៖ ការិយាល័យលក់ អគារ The Bridge SOHO វិថីរដ្ឋសភា សង្កាត់ទន្លេបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កក់ឥលូវនេះដើម្បីទទួលបានតំលៃពិសេស: 085 611 147 / 087 611 147៕

ការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុបើកដំណើរការដើម្បីសម្រួលការផ្តល់ សេវាកម្មដល់ពលរដ្ឋចិននៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា បានដាក់ឱ្យដំណើរការហើយ កាលដើមសប្តាហ៍នេះ ដើម្បីផ្តល់សេវាកម្មការពារ និងជំនួ​យដល់ពលរដ្ឋចិនក្នុងខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។ នេះបើយោងតាមប្រភពពីស្ថានទូតចិននៅកម្ពុជា។

លោកវ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជួបជាមួយលោកប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសម្ពោធរួមគ្នានូវការិយាល័យកុងស៊ុល ប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា។

ការិយាល័យកុងស៊ុលប្រចាំខេត្តព្រះសីហនុ ជាការិយាល័យកុងស៊ុលទី២ ដែលភាគីចិនបង្កើតនៅប្រទេសកម្ពុជា ក្រៅរាជធានីភ្នំពេញនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ប្រទេសចិន ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។

ទីតាំងសេវាកម្មរបស់ការិយាល័យកុងស៊ុល ប្រចាំខេត្តព្រះសីហនុ នៃស្ថានទូតចិនប្រចាំកម្ពុជា រួមមានខេត្តចំនួន៤ គឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ដើម្បីផ្តល់សេវាកម្មការពារ និងជំនួយដល់ពលរដ្ឋចិនក្នុងខេត្តទាំង៤នេះ៕

 

អ្នកជំនាញៈ ក្រុមហ៊ុនស្រុកត្រូវពង្រឹងភាពខ្លាំងដើម្បីត្រៀមប្រកួតប្រជែងជាមួយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញអន្តរជាតិបានលើកឡើងថា ការឈានចូលទីផ្សារកម្ពុជារបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ នឹងបង្កើតភាពប្រកួតប្រជែងថ្មីៗ ដែលទាមទារ ឱ្យក្រុមហ៊ុនក្នុងស្រុក ពង្រឹងភាពខ្លាំងរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងក្នុងការចាប់យកចំណែកទីផ្សារ។

អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំនេះថា ការឈានចូលទីផ្សារកម្ពុជារបស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិគឺរឿងល្អ ដែលបង្ហាញថាទីផ្សារកម្ពុជា មានសក្តានុពល និងនៅតែមានឱកាសច្រើនសម្រាប់ការបង្កើតចំណូល។

អ្នកនាងបានថ្លែងថា “ពេលនេះយើងត្រូវចេះសម្របខ្លួនទៅតាមស្ថានភាពទីផ្សារ និងកំណត់សេវាកម្ម ឬផលិតផលអ្វីដែលទីផ្សារត្រូវការ”។អ្នកនាងបានបន្តថា “ការប្រកួតប្រជែងថ្មីៗគឺជារឿងមួយល្អ នៅពេលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យផ្សេងៗ ឈានជើងចូលទីផ្សារកម្ពុជា ដោយសារគាត់មើលទីផ្សាររបស់យើងមានសក្តានុពល និងឱកាសក្នុងការបង្កើតចំណូល ហើយក្រុមហ៊ុនថ្មីៗ ដែលចូលមកទីផ្សាររបស់យើង នឹងនាំមកបទពិសោធន៍ និងចំណេះដឹងថ្មីៗមកកាន់ទីផ្សារក្នុងស្រុក”។

អ្នកបានឱ្យដឹងទៀតថា ទាក់ទងនឹងការប្រកួតប្រជែង វាតែងតែមានហើយនៅពេ​លក្រុមហ៊ុនថ្មីៗឈានទីផ្សារមួយណាមួយ ហើយក្នុងនោះ ក៏មានចំណុចខ្លាំង និងខ្សោយរបស់ក្រុមហ៊ុនដែលចូលមកទីផ្សារ ដោយសារក្រុមហ៊ុនមានឯកទេសរៀងៗ ដើម្បីបម្រើដល់ទីផ្សារ។

អ្នកនាងបានលើកឡើងថា ក្រុមហ៊ុន ដែលមានវត្តមានស្រាប់នៅទីផ្សារកម្ពុជា គួរពង្រឹងភាពខ្លាំងរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែង នៅពេលដែលក្រុមហ៊ុនទាំងនោះបង្ហាញវត្តមាននៅទីផ្សារកម្ពុជា៕

រដ្ឋាភិបាលកំពុងរកដំណោះស្រាយបញ្ហាប្រឈមនីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រសួងពីរបានបើកកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាពការងារ និងដោះស្រាយទៅលើបញ្ហាប្រឈមធ្វើឱ្យប្រសើរឡើង នូវនីតិវិធីបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិយានជំនិះ នៅក្នុងវិក្កយបត្ររួមតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស។

ក្រុមការងារបច្ចេកទេសតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំប្រជុំពិភាក្សានេះ តាមរយៈប្រព័ន្ធវិដេអូពីចម្ងាយ (Zoom)កាលពីថ្ងៃទី៩មិថុនា។

កិច្ចប្រជុំដែលដឹកនាំដោយ លោកលឹម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ និងជាសហប្រធានក្រុមការងារ អ.ព.ដ. និង លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយក ដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារ ស.ក.ដ.។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងដើម្បីពិនិត្យទៅលើការបង់ពន្ធផ្លូវ ការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូននិងប្រព័ន្ធទិន្នន័យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងដាក់ពាក្យផ្ទេរកម្មសិទ្ធិយានជំនិះ ការបង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងការបង់ពន្ធផ្លូវក្នុងពេលតែមួយ នៅទីតាំងផ្តល់សេវាតែមួយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានលឿនរហ័ស កាត់បន្ថយពេលវេលា និងនីតិវិធីស្មុគស្មាញ ក្នុងការសម្រួលនីតិវិធីផ្តល់សេវាជូនប្រជាពលរដ្ឋ គឺ “ធ្វើឱ្យមានតម្លាភាព មានប្រសិទ្ធភាព និងឱ្យបានឆាប់រហ័ស”។

នីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រា រួមគ្នា ត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។

គំនិតផ្តួចផ្តើមនេះ ដើម្បីជួយសម្រួលដល់យន្តការងារ ដែលធានានូវភាពងាយស្រួល ចំណេញពេលវេលា ដល់ប្រជាពលរដ្ឋ ព្រមទាំងធានានូវប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ និងការប្រមូលពន្ធ និងទទួលបានការគាំទ្រ និងសាទរជាខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ គិតចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ការផ្ទរកម្មសិទ្ធិយានយន្តបានចំនួន២៥,០៤០គ្រឿងហើយ៕

ក្រុមហ៊ុនដឹកជញ្ជូនទំនិញ UPS រំពឹងទទួលបានប្រាក់ចំណូលសរុប១០០ពាន់លានដុល្លារ

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុនដឹកជញ្ជូនទំនិញ United Parcel Service Inc ហៅកាត់ UPS បាននិយាយកាលពីថ្ងៃពុធ ទី៩ មិថុនា ថា ខ្លួនរំពឹងទទួលបានប្រាក់ចំណូលសរុបប្រមាណ១០០ពាន់លានដុល្លារនៅឆ្នាំ២០២៣ នៅពេលក្រុមហ៊ុននេះ ដាក់ចេញគោលដៅហិរញ្ញវត្ថុរយៈពេល៣ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមទិន្នន័យរបស់ Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធ ទូទាំងពិភពលោកបង្ហាញថា ក្រុមហ៊ុនដឹកជញ្ជូនទំនិញធំបំផុតក្នុងពិភពលោកមួយនេះ បានព្យាករអំពីប្រាក់ចំណូលពេញមួយឆ្នាំ ចន្លោះពី៩៨ពាន់លានដុល្លារ ទៅ១០២ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ បើធៀបទៅនឹងការប៉ាន់ប្រមាណជាមធ្យមរបស់អ្នកវិភាគចំនួន១០០,១៩ពាន់លានដុល្លារ។

ក្រុមហ៊ុននេះបានបញ្ចេញរបាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណូលចំនួន៨៤,៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។
ក្រុមហ៊ុន UPS ក៏បាននិយាយដែរថា ខ្លួនរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យ នៅក្នុងវិសាលភាពបំភាយទាំង៣ គឺវិសាលភាពទី១ (Scope 1) វិសាលភាពទី២ (Scope 2) និង វិសាលភាពទី៣ (Scope 3) ក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួនទូទាំងពិភពលោកត្រឹមឆ្នាំ២០៥០។

វិសាលភាពទី១ សំដៅលើការបំភាយឧស្ម័នចេញ ពីប្រតិបត្តិការផ្ទាល់របស់ក្រុមហ៊ុន ហើយវិសាលភាពទី២ សំដៅលើការបំភាយឧស្ម័នចេញពីថាមពល ដែលក្រុមហ៊ុនមួយប្រើប្រាស់ សម្រាប់ប្រតិបត្តិការរបស់ខ្លួន ដូចជា អគ្គិសនីដើរដោយថាមពលឧស្ម័នដែលខ្លួនបានទិញជាដើម។ ចំណែកឯវិសាលភាពទី៣ សំដៅលើការបំភាយឧស្ម័នចេញពីទ្រព្យសកម្មដែលកាន់កាប់ ឬគ្រប់គ្រងដោយក្រុមហ៊ុនមួយ។

ក្រុមហ៊ុន USP ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩០៧ ពោលគឺកាលពី១១៤ឆ្នាំមុន នៅក្រុង Seattle សហរដ្ឋអាមេរិក។ គិតត្រឹមឆ្នាំ២០១៨ ក្រុមហ៊ុននេះមានទ្រព្យសកម្ម សរុបចំនួន៥០,០១៦ពាន់លានដុល្លារ និងមានបុគ្គលិកប្រមាណ៤៨១.០០០នាក់៕

រដ្ឋាភិបាលកម្ពុជានិងថៃបន្តជំរុញកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបានគោលដៅពាណិជ្ជកម្មចំនួន១៥ពាន់លានដុល្លារ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ បន្តជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្ម ទ្វេភាគីចំនួន១៥ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ការជំរុញការបង្កើនទំហំទ្វេភាគីនេះ បានធ្វើឡើងក្នុងឱកាស ដែលឧបនាយករដ្ឋមន្ដ្រីប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឧប​នា​យករដ្ឋមន្ដ្រីដន ប្រាម៉ាត់វិណៃ (Don Pramudwinai) រដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ស្តីពកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍រួមនៃប្រជាជនកម្ពុជា និងថៃ នៅទីក្រុងឆុងឈីង ប្រទេសចិន។

ក្រសួងការបរទេសបានបញ្ជាក់ថា ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មទ្វេរភាគីចំនួន១៥ពាន់លានដុល្លារ ដែលត្រូវបានកំណត់ដោយ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្រ្តីរួមលើកទី៣ កាលពីខែកញ្ញា ឆ្នាំ២០១៧ ប្រមុខការទូតទាំងពីរ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃភាគីទាំងពីរខិតខំទ្វេដង ដើម្បីសម្របសម្រួលលំហូរពាណិជ្ជកម្ម នៅតាមប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន។

ជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាព នឹងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីកម្ពុជា-ថៃ លើកទី១១ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២ នៅកម្ពុជា ហើយសង្ឃឹមថា កិច្ចប្រជុំនេះនឹងអាចរៀបចំដោយមានការចូលរួមដោយផ្ទាល់។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា រដ្ឋមន្រ្តីការបរទេសទាំងពីរបានគូសបញ្ជា​ក់ពីសារៈសំខាន់ នៃកិច្ចសហការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសកិច្ចសហការនៅតាមតំបន់ព្រំដែន។

លោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុនបានសម្តែងនូវការកោតសរសើរ ចំពោះប្រ​ទេសថៃ ដែលបានផលិតវ៉ាក់សាំងដោយជោគជ័យ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលថៃ ព្រមទាំងវិស័យឯកជន ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ព្រមទាំងបានយកចិត្តទុកដាក់ថែទាំ សុខុមា​លភាពប្រជាជនកម្ពុជា ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌពហុភាគី រួមមានអាស៊ាន (ASEAN) និងអាស៉ី-អឺរុប (ASEM) ព្រមទាំងបានបញ្ជាក់ជាថ្មី​នូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងចំណងមិត្តភាព ដែលមានតាំងពីយូរលង់មកហើយ និងភាពជាអ្នកជិតខាងល្អ រវាងព្រះរាជាណាចក្រទាំងពីរ៕