ម៉ាកយីហោសណ្ឋាគារ Sofitel ដ៏ល្បីល្បាញមានប្រភពចេញពីណានិងបានពង្រីកខ្លួនដូចម្តេច?

ដោយៈឧត្តម

ភ្នំពេញ: មនុស្សជាច្រើនប្រហែលជាបានដឹងហើយថា សូហ្វីតែល ភ្នំពេញ ភោគីត្រា (Sofitel Phnom Penh Phokeethra) គឺជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅជាប់របងផ្សារទំនើប Aeon 1។

ប៉ុន្តែទន្ទឹមនេះ ប្រហែលជាមានមនុស្សមិនច្រើនឡើយ ដែលមិនដឹងថាម៉ាកយីហោ (Brand) សណ្ឋាគារប្រណីតមួយនេះ មានប្រភពចេញពីណា ហើយនរណាជាម្ចាស់ និងមានប្រវត្តិបែបណា។ អញ្ចឹង! ឆ្លៀតពេលមកស្វែងយល់ត្រួសៗទាំងអស់គ្នា!។

Sofitel Hotels & Resorts គឺជាខ្សែសង្វាក់សណ្ឋាគារប្រណីត ដែលមានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានក្រុមហ៊ុនបដិសណ្ឋារកិច្ចបារាំង Accor កាន់កាប់ចាប់តាំងពីឆ្នាំ១៩៨០។

*ប្រវត្តិ
ធនាគារអន្តរជាតិបារាំង Banque Paribas បានបើកសណ្ឋាគារSofitel ដំបូងបង្អ​ស់នៅក្នុងទីក្រុង Strasbourg ប្រទេសបារាំង ដោយដាក់ឈ្មោះថា Sofitel Strasbourg Grande Île នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៤ ពោលគឺកាលពី៥៧ឆ្នាំមុន ហើយវាក៏ជាសណ្ឋាគារប្រណីតលំដាប់ផ្កាយ៥ ទី១ដែរនៅក្នុងទីក្រុងនេះ។

*ការពង្រីកខ្លួននៅបរទេស
នៅទសវត្សរ៍ឆ្នាំ១៩៧០ Sofitel បានក្លាយជាខ្សែសង្វាក់សណ្ឋាគារអន្តរជាតិ។ សណ្ឋាគារSofitel ទី១ នៅសហរដ្ឋអាមេរិក បានបើកដំណើរការក្នុងឆ្នាំ១៩៧៥ ក្នុងទីក្រុង Minneapolis រដ្ឋ Minnesota។
Sofitel បានឈានជើងចូលក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយវិធីសាស្ត្រពិសេសរួមមានការដុតនំបុ័ងបារាំង នៅនឹងកន្លែងផ្ទាល់ បម្រើស្រាបារាំង ជាច្រើនប្រភេទដល់ភ្ញៀវ និងជួលមេចុងភៅបារាំង ឱ្យគ្រប់គ្រងផ្ទះបាយជាដើម។

សណ្ឋាគារនេះ បានចាប់ផ្ដើមទទួលបានប្រាក់ចំណេញ ក្រោយបើកដំណើរការរយៈពេល១៨ខែ។ នៅឆ្នាំ១៩៧៦ Sofitel អ្នកបង្កើតឈ្មោះសណ្ឋាគារនេះ បានបើកសណ្ឋាគារមួយ ដែលមានឈ្មោះថា Sofitel Philippine Plaza Manila ជាសណ្ឋាគារលំដាប់ផ្កាយ៥ ដំបូងបង្អស់នៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយប្លង់សណ្ឋាគារនេះត្រូវបានឌីហ្សាញឡើង ដោយស្ថាបត្យករជនជាតិហ្វីលីពីន ឈ្មោះLeandro Locsin។

នៅឆ្នាំ១៩៨០ Sofitel ត្រូវបានក្រុមហ៊ុនបដិសណ្ឋារកិច្ចAccor ទិញយក ហើយក្រុមហ៊ុននេះ មានម៉ាកយីហោសណ្ឋាគារល្បីៗ ដូចជា ម៉ាកយីហោ Novotel ម៉ាកយីហោ Mercure និងម៉ាកយីហោ Ibis ជាដើម។
សណ្ឋាគារSofitel ទី១ នៅប្រទេសកូឡុំប៊ី បានបើកដំណើរការក្នុងឆ្នាំ១៩៩៥ ហើយសណ្ឋាគារ Sofitel ទី១ នៅប្រទេសជប៉ុន បានបើកដំណើរការក្នុងឆ្នាំ១៩៩៦។ ក្នុងឆ្នាំ១៩៩៧ ក្រុមហ៊ុនបានប្រកាសបើកដំណើរការសណ្ឋាគារ Sofitel New York Hotel តម្លៃ៩០លានដុល្លារ នៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នៅដើមទសវត្សរ៍ឆ្នាំ២០០០ Sofitel បានបន្តពង្រីកខ្លួនមកដល់អាស៊ី រួមមាននៅប្រទេសថៃ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ហើយចូលមកដល់ប្រទេសកម្ពុជា នៅឆ្នាំ២០១១។ Sofitel ក៏បានបើកដំណើរការសណ្ឋាគារ Sofitel Tokyo (ជប៉ុន) សណ្ឋាគារ Sofitel St James London (អង់គ្លេស) សណ្ឋាគារ Sofitel Chicago Water Tower (សហរដ្ឋអាមេរិក) សណ្ឋាគារ Sofitel Lafayette Square Washington D.C. (សហរដ្ឋអាមេរិក) សណ្ឋាគារ Sofitel Marrakech (ម៉ារ៉ុក) សណ្ឋាគារ Sofitel Silom Bangkok (ថៃ) សណ្ឋាគារ Sofitel Montréal (កាណាដា) និងសណ្ឋាគារ Sofitel Buenos Aires (អាហ្សង់ទីន) ផងដែរ។
នៅចន្លោះឆ្នាំ២០០៣ និងឆ្នាំ២០០៤ Sofitel បានបើកដំណើរការ១៤ទីតាំង រួមមានទាំងសណ្ឋាគារ Sofitel Mexico City ដែលជាសណ្ឋាគារទី១ របស់ខ្លួននៅប្រទេសម៉ិកស៊ិក និង៧ទីតាំងថ្មីទៀតនៅអាស៊ី។ នៅត្រឹមឆ្នាំ២០១០ Sofitel មានជាង២០ទីតាំងនៅក្នុងប្រទេសចិន ហើយសរុបនៅទូទាំងពិភពលោកមានជាង២០០ទីតាំង។

*ការប្រើយុទ្ធសាស្ត្រពង្រីកខ្លួន
នៅក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor បានសម្រេចចិត្តអនុវត្តន៍គំរូអាជីវកម្មវិនិយោគរួមគ្នា លើសិទ្ធិកាន់កាប់៦ក្នុងចំណោមសណ្ឋាគារ Sofitel ចំនួន១១ទីតាំងនៅទ្វីបអាមេរិកខាងជើង ដើម្បីទទួលបានឱកាសរីកចម្រើនថ្មីៗ។ បន្ទាប់មកនៅក្នុងឆ្នាំ២០០៧ ម៉ាកយីហោសណ្ឋាគារនេះបានល្បីសុះសាយពេញពិភពលោក។ ប៉ុន្តែនៅឆ្នាំ២០០៨ Sofitel បានក្លាយជាម៉ាកយីហោ សម្រាប់តែសណ្ឋាគារផ្ដាច់មុខ ហើយបានចំនួនសណ្ឋាគារ ត្រូវបានកាត់បន្ថយ៥០%មកនៅត្រឹម៨៩ទីតាំង ប៉ុន្តែបានកើនឡើងវិញដល់១២០ទីតាំងនៅត្រឹមឆ្នាំ២០១២។

សណ្ឋាគារ Hotel Carrasco នៅក្រុង Montevideo ដែលជាសណ្ឋាគារ Sofitel ទី១ នៅប្រទេសអ៊ុយរូហ្គាយ និងសណ្ឋាគារ Sofitel Legend Metropole នៅក្រុងហាណូយ ប្រទេសវៀតណាម បានបើកដំណើរការ។ សណ្ឋាគារ Sofitel Vienna Stephansdom ដែលមាន១៨២បន្ទប់នៅប្រទេសអូទ្រីស និងដែលឌីហ្សាញឡើង ដោយស្ថាបត្យករជនជាតិបារាំង ឈ្មោះ Jean Nouvel ត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១០។

សណ្ឋាគារ Grand Amsterdam បានបើកសំណើរការក្នុងឆ្នាំ២០១១។ នៅឆ្នាំ២០១៣ Sofitel បានពង្រីក៨ទីតាំងទៀតនៅតំបន់មជ្ឈិមបូព៌ា។ សណ្ឋាគារ Dubai Downtown បានបើកដំណើរការក្នុងឆ្នាំ២០១៤ ហើយសណ្ឋាគារSofitel Jeddah នៅប្រទេសអារ៉ាប៊ីសាអូឌីត បានបើកដំណើរកាតក្នុងឆ្នាំ២០១៥។

តំបន់ដែលមានគម្លាតពីកណ្តាលរាជធានីភ្នំពេញប្រមាណ៣០គីឡូម៉ែត្រកំពុងមានការអភិវឌ្ឈយ៉ាងលឿន

ដោយៈគង់ សូរិយា

ភ្នំពេញៈ បច្ចុប្បន្ននេះនិន្នាការនៃការអភិវឌ្ឍលើវិស័យសំណង់ អចលនទ្រព្យនានាកំពុងរីកសាយភាយ ចេញពីកណ្តាលរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានាជាប់ព្រំប្រទល់ទីក្រុងនេះ ដោយសារកត្តាជាច្រើន។

ការរីកចម្រើននេះ គាំទ្រដោយកត្តាគោលនយោបាយ ដ៏ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ដែលបានបោះទុន​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ការដាក់ចេញនូវគោលនយោ​បាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ប្រមុខ រដ្ឋាភិបាល និងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនជីវភាពរស់នៅដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១០ មិថុនាកន្លងមកថា ភាពរីកចម្រើននៃប្រទេស​មួយអាស្រ័យ លើការដឹកនាំរបស់មេដឹកនាំប្រទេសនោះថា មានគោលនយោបាយដឹកនាំត្រឹមត្រូវឬទេ? មេដឹកនាំប្រទេសនោះមានខួរក្បាលសេដ្ឋកិច្ច និងរៀបចំផែនទីចង្អុលបង្ហា ញផ្លូវច្បាស់លាស់ឬទេ?។

លោកបន្តថា “ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី វិស័យអចលនទ្រព្យកម្ពុជាមានភាពលេចធ្លោ និងទាក់ទាញការវិនិយោគច្រើន បើធៀបជាមួយ​ប្រទេសក្នុងតំបន់”។ លោកបន្តថា “មូលហេតុ គឺដោយសារកម្ពុជាមានផលចំណេញខ្ពស់ពីការវិនិយោគ ដោយសារការដាក់ចេញ នូវគោលនយោបាយលើកទឹកចិត្តយ៉ាងទូលំទូលាយពីរដ្ឋាភិបាល សម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស”។

លោកយិន លាងគង់បានបន្តថា ជាមួយនឹងកំនើនប្រជាសាស្រ្ត ការរីកចម្រើនផ្នែកនគរូបនីយកម្ម ការរីកចម្រើននៃជីវភាពរស់នៅ គុណភាពជីវិតរបស់ប្រជាជនកាន់តែប្រ​សើរឡើង បានធ្វើឲ្យតំបន់ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីកណ្តាលរាជធានី កំពុ​ងលេចចេញនូវបុរី សំណង់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម រោងចក្រ​ សហគ្រាស ស្ទើរគ្រប់ទិសទាំងអស់ នៃទិសទាំង៤ជុំវិញក្រុងភ្នំពេញ។

ជាក់ស្តែងតំបន់ស្ថិតនៅអមផ្លូវជាតិលេខ៤ បច្ចុប្បន្នបានលេចចេញនូវបុរី លំនៅ ដ្ឋាន រោងចក្រ សហគ្រាសតភ្ជាប់ពីរាជធានី ដល់ខេត្តកំពង់ស្ពឺ។ តំបន់ផ្លូវជាតិលេខ៣កំពុងតភ្ជាប់ពីរាជធានីភ្នំពេញ ដល់ផ្សារអង្គតាសោម។ តំបន់អមផ្លូវជាតិលេខ១ បាននិងកំពុងរីកសាយភាយ ចេញពីកណ្តាលរាជធានីភ្នំពេញ​ ដល់ស្រុកលើកដែក ខេត្តកណ្តាល។ តំបន់ផ្លូវជាតិលេខពីរកំពុងរីកសាយភាយដល់ស្រុកបាទី ខេត្តតាកែវ តំបន់ផ្លូវជាតិលេខ៦ កំពុងរីកសាយភាយដល់ ស្រុកមុខកំពូលបណ្តើរៗ។

លោកបន្តថា “សុខសន្តិភាពមានតម្លៃជាស្នួល ជាព្រលឹងនៃការអភិវឌ្ឍ ហេតុនេះការរក្សាបាននូវសុខសន្តិភាព នឹងនាំឲ្យមានការរីកចម្រើនសេដ្ឋកិច្ចជាតិ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ នឹងនាំមកនូវវិបុលភាព និងភាពសុខដុមរមនាក្នុងសង្គមគ្រួសារខ្មែរ ហើយមុខមាត់ខ្មែរលើឆាកអន្តរជាតិ បាននិងកំពុងផ្លាស់ប្តូរជាមួយទស្សនវិស័យភ្លឺស្វាងជាងមុន ជាមួយនឹងគុណតម្លៃជាងមុន និងជាមួយនឹងការឈានទៅរកប្រៀប ដែលមានទំនុកចិត្ត និងជឿជាក់ជាងមុន ពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ៕

អ្នកឧកញ៉ាសៀ ឬទ្ធីៈ វិស័យអចលនទ្រព្យនៅតែមានសន្ទុះទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនួញក្នុងវិស័យអចលនទ្រព្យ ល្បីឈ្មោះមួយរូបនៅកម្ពុជាបានលើកថា ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ វិស័យអចលនទ្រព្យកម្ពុជា នៅតែមានសន្ទុះ ហើយគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ នៅតែទទួលបានការគាំទ្រពីប្រជាជន។

អ្នកឧកញ៉ាសៀ ឬទ្ធីប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប និងអ្នកជំនួញក្នុងវិស័យអចលនទ្រព្យដ៏ល្បីឈ្មោះនៅកម្ពុជា បានថ្លែងក្នុងសារមួយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា “ក្នុងនាមយើងជាអ្នកអភិវឌ្ឍន៍ ខ្ញុំតែងនិយាយថា “រាល់បញ្ហាគឺជាឱកាស”។

អ្នកឧកញ៉ាបានថ្លែងថា “ទោះបីជាកូវីដ១៩នេះគឺជាបញ្ហាសកល ប៉ុន្តែក្រុមហ៊ុនយើងមិនបានបញ្ឈប់ការវិនិយោគនោះទេ យើងមើលឃើញថា វិស័យអចលនទ្រព្យនៅតែមានសន្ទុះ ហើយនៅតែមានការគាំទ្រពីសំណាក់អតិថិជនរបស់យើង”។

អ្នកឧកញ៉ាបានបន្តទៀតថា តួយ៉ាងថ្មីៗនេះ យើងបានសម្ពោធនូវគម្រោងថ្មីរបស់យើងគឺ “ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីដ” ដែលគម្រោងនេះនឹងសាងសង់ អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹងលើផ្ទៃដីចំនួន៣៥.០០០ហិកតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍថ្មីរបស់រាជធានីភ្នំពេញ។

គម្រោង “ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ“ ធ្វើការសាងសង់សម្រាប់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនវើលប្រ៊ីដគ្រុប ដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និងលំនៅឋានដ៏ប្រណិតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និងភាពជឿជាក់ក្នុងការរស់នៅ របស់អតិថិជន។

ស្ថិតនៅក្នុងរង្វង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” មានចំងាយត្រឹមតែ១៥នាទីប៉ុណ្ណោះ ពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែមានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់ មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត ដែលក្នុងនោះ មានស្ពានជាង៤កន្លែង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាស ដែលតភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលត្រូវបានរចនាឡើង សម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀត ដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ៕

ដំណឹងរីករាយៈសម្តេចតេជោប្រកាសថាកម្ពុជាអាចទាញយកមាសបាន៣តោនក្នុងមួយឆ្នាំ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រសម្រាញ់រ៉ែមាសស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា តទៅ ដែលជាភាពជោគជ័យ លើកដំបូងលើការធ្វើអាជីវកម្មរ៉ែមាស ដែលអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារលិខិតផ្ញើជូនជនរួមជាតិពីដំណឹងដ៏រីករាយនេះថា ក្រុមហ៊ុនដែលអនុញ្ញាឱ្យធ្វើអាជីវកម្មរ៉ែមាសនេះ មានឈ្មោះថា រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី។ ក្រុមហ៊ុននេះ បានសិក្សាស្រាវជ្រាវស្វែងរុករកអស់ រយៈពេលប្រមាណ១៤ឆ្នាំមកហើយ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ការសិក្សាបានបង្ហាញថា រ៉ែមាសដែលក្រុមហ៊ុនបានសិក្សារួចមកនោះ គឺអាចផលិតមាសសុទ្ធបានប្រមាណ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារ ក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ។

សម្តេចតេជោបានឱ្យដឹងផងដែរថា រ៉ែមាសដែលក្រុមហ៊ុនធ្វើអាជីវកម្មនេះ នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុល ជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា “ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម”។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចាប់ផ្តើមអាជីវកម្មរ៉ែមាសនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក នៅក្នុងវិស័យរ៉ែ ពិតជាអាចទាញយកធនធានធម្មជាតិក្រោមដី មកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើងបានប្រកបដោយ ការទទួលខុសត្រូវខ្ពស់ លើការការពារផលប្រយោជន៍បរិស្ថាន និងសង្គម។

ក្នុងសារលិខិតនេះសម្តេចតេជោ បានក្រើនរំលឹកផងដែរថា មិនឱ្យមានការធ្វើអាជីវកម្មមិនមានវិជ្ជាជីវៈ រួមទាំងរ៉ែមាសលក្ខណៈគ្រួសារ ដែលប្រឈមនឹងគ្រោះថ្នាក់។

សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា “ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្ត ឱ្យសាធារណជនទាំងឡាយចាប់យក របរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្ម ដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុន ច្រើននិងជំនាញពិតប្រាកដ”។

អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយ ដៃជាលក្ខណៈគ្រួសារ បានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ។ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្រប សម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ក៏ពុំមានច្រើនដែរ។

ទន្ទឹមនឹងនេះការធ្វើអាជីវកម្ម ទ្រង់ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្ម ប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។
សម្តេចតេជោ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋលះបង់ នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា បណ្តាក្រុមហ៊ុនរ៉ែទាំងអស់ នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូ នៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ដូចក្រុមហ៊ុនអូស្ត្រាលីនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន៕

ធនាគារចិនព្រមានពីការកើនឡើងនៃបំណុលអាក្រក់និងភាពផុយស្រួយក្នុង វិស័យអចលនទ្រព្យ

ដោយៈ គៀតឈូ

ភ្នំពេញៈ និយតករធនាគារនិងធានារ៉ាប់រងកំពូលរបស់ចិន បានលើកឡើងថា ធនា គារគួរបង្កើនការការពារពីការកើនឡើង នៃកម្ចីដែលមិនដំណើរការ ខណៈប្រទេសចិនដកចេញវិធានការសង្គ្រោះមួយចំនួន អំឡុងវិបត្តិជំងឺកូវីដ១៩ ដើម្បីជួយក្រុមហ៊ុននានាទប់ទ ល់នឹងការធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

កាលឆ្នាំ២០២០ ធនាគារកណ្តាលបានលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុ បន្ទាបអត្រាការប្រាក់ ដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ និងពន្យារពេលការទូទា ត់ជាមួយនឹងវិធានការផ្សេងៗទៀត ដើម្បីជួយដល់អ្នកខ្ចី ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

លោក Guo Shuqing និយតករធនាគារ បានថ្លែងប្រាប់វេទិកាហិរញ្ញវត្ថុនៅទីក្រុងសៀងហៃថា “អត្រាកម្ចីសម្រាប់សហគ្រាសធំ និងមធ្យមមួយចំនួនបានកើនឡើង ហើយហានិភ័យឥណទាននៅស្ថាប័នធនាគារបានកើនឡើង”។

លោកបានព្រមានថា និន្នាការនៃកើនឡើងផុយស្រួយ ក្នុងវិស័យអចលនទ្រព្យ (real estate bubbles) ក្នុងស្រុកនៅតែមានសភាពធ្ងន់ធ្ងរ ដោយសារការលើកទឹកចិត្ត ក្នុងការផ្តល់កម្ចីជាមួយនឹងអត្រាការប្រាក់ទាប។

បំណុលក្រុមហ៊ុនបានកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសចិនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានទំហំទឹកប្រាក់ រហូតដល់១៤ពាន់លានដុល្លារនៅឆ្នាំ២០២០ យោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ។

ធនាគារនៅប្រទេសចិន បានពង្រីកប្រាក់កម្ចីថ្មីចំនួន៣ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យពីធនាគារប្រជាជនចិន៕

ធនាគារហត្ថាប្រកាសបង្កើនដើមទុនដល់១៤០លានដុល្លារដើម្បីពង្រីកសេវាកម្ម ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ

ដោយៈ ប៊ី

ភ្នំពេញៈ ធនាគារហត្ថា ប្រកាសបង្កើនដើមទុនពី១១៥លានដុល្លារអាមេរិក ដល់១៤០លានដុល្លារអាមេរិក បន្ទាប់ពីភាគហ៊ុនិកបានចាក់បញ្ចូល ដើមទុនចុះបញ្ជីថ្មីបន្ថែមចំនួន២៥លានដុល្លាអារមេរិក។ នេះបើយោងតាមការសេចក្តីជូនដំណឹងរបស់ធនាគារហត្ថានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

សេចក្តីជូនដំណឹងបានឱ្យដឹងថា “ធនាគារហត្ថា បានកែប្រែលក្ខន្តិកៈ ដើម្បីបង្កើនដើមទុនចុះបញ្ជីពី១១៥លានដុល្លារអាមេរិក ដល់១៤០លានដុល្លារអាមេរិក បន្ទាប់ពីភាគហ៊ុនិក បានចាក់បញ្ចូលដើមទុនចុះបញ្ជីថ្មីបន្ថែម ចំនួន២៥លានដុល្លាអារមេរិកនិងបញ្ចូល លោក Pairote Cheunkrut ជាអភិបាលថ្មី ជំនួស លោកស្រី Voranuch Dejakaisaya ដែលបានលាលែង”។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះថា ធនាគារហត្ថាទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពជារួចហើយ ក្នុងការបង្កើនដើមទុននេះ ដោយធនាគារបន្ថែមដើមទុន២៥លានដុល្លារ។

លោកឧកញ៉ាបានឱ្យដឹងថា “យើងដំឡើងដើមទុននេះ ដោយសារទី១គឺយើងត្រូវការពង្រីកសេវាកម្មរបស់យើង ដែលមានន័យថា យើងចង់ផ្តោតអារម្មណ៍ទៅលើការផ្តល់សេវាកម្មផ្តល់កម្ចីទៅវិស័យSME ឱ្យបានកាន់តែច្រើនឡើង ព្រោះយើងដឹងហើយថា បន្ទាប់ពីវិបត្តិកូវីដនេះទៅ ប្រជាជន និងអតិថិជនរបស់យើងប្រាកដ ជាត្រូវការដើមទុនច្រើន ដូច្នេះយើងត្រូវបម្រុងដើមទុនទុកជាមុន”។

លោកឧកញ៉ាបានឱ្យដឹងថា “ចំណុចទី២ យើងត្រូវការដើមទុនបន្ថែម ដើម្បីសាងសង់អាគារការិយាល័យផ្ទាល់ខ្លួនរបស់យើង”។

គិតត្រឹមដំណាច់ឆ្នាំ ២០២០ ធនាគារ ហត្ថា មានការិយាល័យសរុបចំនួន១៧៧ និងបណ្តាញអេធីអឹមចំនួន១៣៧ នៅទូទាំងប្រទេស។ លើសពីនេះ អតិថិជនបានមកបើកគណនីជាមួយធនាគារហត្ថា គឺជិត៥០ម៉ឺនគណនី ដោយក្នុងនេះ គណនីបញ្ញើសន្សំមានជិត ៣០ម៉ឺនគណនី និងគណនីឥណទានជិត ២០ម៉ឺនគណនី។

ជាមួយគ្នានេះដែរ សំពាធឥណទានរបស់ធនាគារនេះ បានកើនឡើងដល់ជាង១ ៣០០ លានដុល្លារអាមេរិក ស្មើនឹងកំណើនប្រមាណ២៦% បើធៀបនឹងឆ្នាំ២០១៩ និងចំណែកសំពាធប្រាក់បញ្ញើសន្សំ បានកើនឡើងដល់ជិត៨០០លានដុល្លារអាមេរិក ដែលមានកំណើនប្រមាណជាង៣២% បើធៀបនឹងឆ្នាំ២០១៩។

ចំណែកអតិថិជន ដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារចល័ត បានកើនឡើងរហូតដល់១០៥% គឺកើនឡើងពីជាង៨០០០នាក់ ទៅដល់ជាង១៦,០០០នាក់ បន្ទាប់ពីស្ថាប័ននេះ បានដាក់ឲ្យប្រើប្រាស់ សេវាធនាគារចល័ត ដែលទើបបានធ្វើទំនើបកម្មរួចរាល់កាលពីចុងឆ្នាំ២០២០៕

អចលនទ្រព្យកែបនឹងមានសន្ទុះមួយកម្រិតទៀតក្រោយរដ្ឋបាលខេត្តគ្រោងកែ លម្អឆ្នេរកម្សាន្តបន្ថែម

ដោយៈវឌ្ឈនៈ

កែបៈ ក្រោយរដ្ឋបាលខេត្តកែប បានប្រកាសពីការកែលម្អឆ្នេរកម្សាន្ត នៅខេត្តកែបបន្ថែមទៀត ដើម្បីទាក់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិក្រោយវិបត្តិកូវីដ១៩ នឹងធ្វើឱ្យអចលនទ្រព្យនៅក្នុងខេត្តនេះ មានសន្ទុះមួយកម្រិតទៀត ជាពិសេសការទិញលក់ដីធ្លី។

ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកែប និងកំពត បានបង្ហាញពីសុទិដ្ឋិនិយមចំពោះ វិស័យអចលនទ្រព្យ នៅក្នុងខេត្តបន្ថែមទៀតក្រោយពេលរដ្ឋបាលខេត្ត ប្រកាសកែលម្អឆ្នេរ ខណៈកន្លងមកទោះបីជាកម្ពុជា ជួបវិបត្តិដោយសារតែកូវីដ១៩ក្ដី ក៏សកម្មភាពនៃការទិញលក់អចលនទ្រព្យជាពិសេសដីធ្លី នៅក្នុងតំបន់នេះនៅតែមានជាហូរហែរ រហូតដល់អ្នកទិញនៅតែបន្តទិញទុក និងទិញដើម្បីអភិវឌ្ឍន៍នៅពេលចប់កូវីដ១៩។

លោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យនៅខេត្តកំពត និងកែបបាននិយាយឲ្យដឹងនាព្រឹកថ្ងៃទី១០ មិថុនានេះថា គម្រោងកែលម្អឆ្នេរកម្សាន្តសាធារណៈ នៅក្នុងខេត្តកែប វាពិតជាល្អណាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរ ហើយភ្ញៀវទេសចរក៏នឹងមានកន្លែង សម្រាប់កម្សាន្តកាន់តែច្រើន ដែលអាចធ្វើឱ្យចំនួនភ្ញៀវមកលេងខេត្តកែប កាន់តែច្រើននៅពេលអនាគត។

លោកថា “នៅពេលភ្ញៀវមកលេងកាន់តែច្រើន ពេលនេះតម្រូវការកន្លែងស្នាក់នៅ និងភោជនីយដ្ឋានស្តង់ដារក៏នឹងមានកំណើន ដែលជំរុញឱ្យមានការវិនិយោគលើប្រភេទសណ្ឋាគារ ផ្ទះសំណាក់និងភោជនីយដ្ឋានបន្ថែម ដូច្នេះតម្រូវការទីតាំងសម្រាប់អភិវឌ្ឍន៍នឹងកើនឡើងឆាប់ៗ”។

លោកបន្តថា សម្រាប់ដីធ្លីនៅក្នុងខេត្តកែប បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែភ្ញៀវស្វែងរកដីធ្លីសម្រាប់ទុកចំណេញ ឬទិញដើម្បីទុកអភិវឌ្ឍន៍អនាគតក៏នៅតែមានបន្តបន្ទាប់ ជាពិសេសភ្ញៀវនៅរាជធានីភ្នំពេញ ។ ប៉ុន្តែ នៅក្នុងអំឡុងពេលនៃការបិទស្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ការទិញលក់បានស្ងប់ស្ងាត់បន្តិចហើយវាក៏មានសកម្មភាពឡើងវិញ ពេលរដ្ឋាភិបាលបានបិទបញ្ចប់ការបិទខ្ទប់និងបម្រាមគោចរ ។

ភ្នាក់ងារអចលនវត្ថុផ្សេងទៀតនៅក្នុងតំបន់នេះ ក៏បានបញ្ចេញទស្សនៈស្រដៀងគ្នានេះដែរថា កែប ជាខេត្តជាប់មាត់សមុទ្រមួយនៃប្រទេសកម្ពុជា ហើយវាក៏នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ដូច្នេះប្រជាពលរដ្ឋរាជធានីភ្នំពេញ ដែលចង់ទៅកម្សាន្តនៅកែប អាចធ្វើដំណើររយៈពេលខ្លីជាងមុន ហើយក៏មានផ្លូវស្រួល ដូច្នេះ នៅពេលចប់កូវីដ១៩ ខេត្តនេះនឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ហើយពេលនោះ តម្រូវការលើវាកម្មបម្រើភ្ញៀវទេសចរនឹងមានកំណើនដូចគ្នា។

ជាមួយគ្នានឹងការកែលំអរឆ្នេរ អាជ្ញាធរខេត្តកែបក៏បាននិងកំពុងសាងសង់ផ្សាររាត្រី និងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយផងដែរ ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្តនេះ ដែលសំដៅលើកកំពស់មុខមាត់របស់ខេត្តបន្ថែមទៀត។

រដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ ក៏បានបញ្ចប់ការរៀបចំផែនការមេ លើកកំពស់វិស័យទេសចរណ៍ ដោយប្រែក្លាយខេត្តកែបជាតំបន់សម្រាកវិស្សមកាលកម្រិតខ្ពស់ សំរាប់ខេត្តតូចច្រឡឹងនេះ។ ជាពិសេសរដ្ឋាភិបាល នឹងមិនអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាស ដែលបង្កការបំពុលផ្សែងនោះទេ៕

ផ្សារបោះដុំជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ក្នុងកម្មវិធីបើកចុះឈ្មោះដំបូងរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 – ចាប់តាំងពីការបើកទទួលចុះឈ្មោះគម្រោងផ្សារជីស៊ី អូរឫស្សីចាប់តាំងពីថ្ងៃទី 29 ខែឧសភា 2021 នៅក្នុងការិយាល័យតាំងបង្ហាញដំបូងបង្អស់នៅអូឡាំព្យាស៊ីធី ផ្សារជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបយ៉ាងច្រើនលើស លប់ពីសំណាក់សហគ្រិនក្នុងស្រុក និងក្រៅប្រទេស ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគជាដើម។

ថ្វីបើការិយាល័យតាំងបង្ហាញនេះទើបតែបើកទ្វារប៉ុណ្ណោះ ប៉ុន្តែផ្សារជីស៊ី អូរឫស្សីមានចក្ខុវិស័យមួយជារបស់ខ្លួនរួចជាស្រេច ក្នុងការរៀបចំនូវផែនការសម្រាប់ពេលអនាគត។ ផ្សារជីស៊ី អូរឫស្សី នឹងក្លាយខ្លួនទៅជាទីតាំងដ៏មានភាពល្បីល្បាញសម្រាប់ទេសចរក្នុង ស្រុក និងក្រៅប្រទេសដែលតំណាងឲ្យប្រវត្តិសាស្ត្រ និងអត្តសញ្ញាណដែលផ្សារភ្ជាប់នូវអតីតកាល មកបច្ចុប្បន្នកាល និងទៅកាន់អនាគត កាលផងដែរ។ ផ្សារជីស៊ី អូរឫស្សីគឺជាការរួមបញ្ចូលគ្នានៃបេតិកភណ្ឌវប្បធម៌ខ្មែរដែលតំណាងឲ្យ គុណតម្លៃ និងចំណេះដឹង ប្រពៃណី និងទំនៀមទម្លាប់ ជំនាញ និងទ្រព្យសម្បត្តិ សម្រាប់ផ្ទេរពីមួយជំនាន់ទៅមួយជំនាន់។

លោក Caleb Loh ដែលជានាយកគម្រោងជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍ថា “ការិយាល័យតាំងបង្ហាញនៃផ្សារបោះដុំ ជីស៊ី អូរឫស្សីដំបូងគេបង្អស់មានទីតាំងស្ថិតនៅចំកណ្ដាលស្នូលនៃរាជធានីភ្នំពេញ ដែលរួមមានហាងគម្រូមួយបង្ហាញឲ្យអ្នកដែលមក ទស្សនាទាំងអស់អាចគិតអំពីអាជីវកម្មដែលពួកគេអាចបើកដំណើរការបាននៅទីនេះ”។

លោកបានបន្ថែមថា “មានអតិថិជនជាច្រើនបានសាកសួរអំពីគម្រោងផ្សារបោះដុំជីស៊ី អូរឫស្សី។ ពួកគេចង់ឃើញថាទីនោះមាន រូបរាងដូចម្ដេចខ្លះ និងធ្វើយ៉ាងណាទើបពួកគាត់អាចមកមើលពីផលិតផលនេះជាក់ស្ដែង។ ភ្ញៀវទាំងអស់សុទ្ធតែបង្ហាញនូវចំណាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះគម្រោងថ្មីរបស់យើង នេះជាហេតុដែលធ្វើឲ្យយើងបង្កើតនូវការិយាល័យតាំងបង្ហាញនេះឡើងដើម្បីឲ្យអតិថិជនអាច អញ្ជើញ មកមើលក៏ដូចជាសិក្សាអំពីគម្រោងរបស់យើង។ ភ្ញៀវទាំងអស់អាចសាកសួរអំពីគម្រោងលម្អិត តម្លៃ និងការបង់ប្រាក់ដើម្បីធ្វើការ ទិញនៅពេលដែលគម្រោងបើកលក់ក្នុងអំឡុងពេលប៉ុន្មានខែទៅមុខ។

ក្រុមហ៊ុនជីស៊ី អូរឫស្សី ក.អ ធ្លាប់បានធ្វើការចែករំលែកអំពីការផ្ដល់ជូនពិសេសសម្រាប់អតិថិជនដែលចុះឈ្មោះទុកជាមុន តាំងពីពេលដែលការិយាល័យតាំងបង្ហាញបើករហូតដល់នៅពេលឥឡូវនេះអត្រាចុះឈ្មោះបានលើសពី 100% រួចទៅហើយ។ លោក Caleb Loh ដែលជានាយកគម្រោងនៃជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍បន្ថែមថា “សម្រាប់ពេលបច្ចុប្បន្ននេះការទទួល ចុះឈ្មោះលើកទី 1 ត្រូវបានផ្អាករួចទៅហើយ រហូតដល់មានការជូនដំណឹងបន្ថែមទៀត។ សូមរង់ចាំទទួលព័ត៌មានបន្ថែមទៀតអំពីការ ទទួលចុះឈ្មោះលើកទី 2 និងការផ្ដល់ជូនពិសេសៗបន្ថែមទៀតនឹងប្រកាសនៅពេលឆាប់ៗខាងមុខនេះ។ ផ្សារជីស៊ី អូរឫស្សីនឹងនៅតែបន្ត ផ្ដល់ជូនជម្រើសបង់ប្រាក់ដែលពិសេស និងងាយស្រួលសម្រាប់ឲ្យអតិថិជនទាំងអស់ អាចក្លាយជាម្ចាស់តូបក្នុងក្ដីស្រម៉ៃនៅក្នុងផ្សារជីស៊ី អូរឫស្សី”។

បន្ថែមពីលើនេះ ផ្សារជីស៊ី អូរឫស្សីក៏កំពុងតែធ្វើការសាងសង់នូវការិយាល័យលក់គម្រោងរបស់ខ្លួន នៅពីមុខទីតាំងគម្រោង ហើយ ការិយាល័យថ្មីនេះគ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញាដែលអនុញ្ញាតឲ្យអតិថិជនទាំងអស់អាចឃើញពីគម្រោង និងដំណើរការសាងសង់ក្នុង ពេលតែមួយ។

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖

បញ្ចប់

ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ  វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ  360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ  និង Lixin Century Innovation Park ក្រុងព្រះសីហនុ។

រៀបរៀងដោយការិយាល័យទីផ្សារ GCC 

 សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

អ្នកនាង Leong Ka Yen

ប្រធានផ្នែកទីផ្សារ

លេខទំនាក់ទំនង: +855 96 820 6822  Email: [email protected]

 លោកង៉ែត ឧត្តមមុន្នី

ប្រធានត្រួតពិនិត្យទីផ្សារ

លេខទំនាក់ទំនង: +855 98 831 868 Email: [email protected]

 

ដំណឹងល្អៈរដ្ឋាភិបាលចិនអនុញ្ញាតឱ្យកម្ពុជានាំចូលត្រីដំរី បង្កងប៉ាក ខ្យង និងអន្ទង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលរដ្ឋាភិបាលនៃប្រទេសចិន បានសម្រេចអនុញ្ញាតឱ្យកម្ពុជាអាចនាំចូលសត្វបួនប្រភេទ ទៅកាន់ទីផ្សាររបស់ខ្លួន មានដូចជា ត្រីដំរី ខ្យង បង្កងប៉ាក និងអន្ទង់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកវេង សាខុនបានមានប្រសាសន៍ឲ្យដឹងនាថ្ងៃទី១០ មិថុនានេះថា ការនាំចេញសត្វបួនប្រភេទនេះទៅចិន គឺក្រសួងបានដាក់ស្នើ រយៈពេលជាង១ឆ្នាំហើយ ទើបពេលនេះទទួលបានការអនុញ្ញាតជាផ្លូវការ។

លោកបានចាត់ទុកការសម្រេចនេះ ជាដំណើងដ៏រីករាយមួយសម្រាប់ប្រជាជនកម្ពុជា។

អគ្គនាយកដ្ឋានគយ នៃប្រទេសចិន បានអំពាវនាវឱ្យប្រទេសកម្ពុជា គួរតែពង្រឹងការត្រួតពិនិត្យមុននាំចេញ។
លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្តល់ឲ្យកម្ពុជានូវកាលានុវត្តន៍ភាគយ៉ាងច្រើន ទាក់ទងនឹងពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសចិន ពិសេសកម្ពុជានឹងទាក់ទាញក្រុមហ៊ុនចិន អឺរ៉ុប អាមេរិកកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសចិនដោយរួចពន្ឋ៕

តំបន់ភាគខាងត្បូងរាជធានីកំពុងទាក់ទាញការវិនិយោគលើលំនៅឋានបែបប្រណិត

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញបាន និងកំពុងបង្ហាញពីសក្ដានុពលក្នុងការទាគ់ទាញការវិនិយោគ លើគម្រោងលំនៅឋានប្រណិតៗ ក្នុងពេលគម្រោងធំៗជាច្រើនក៏ពុងបង្ហាញរូបរាងជាបន្តបន្ទាបផងដែរ ដូចជា គម្រោងព្រលាយន្តហោះអន្តរជាតិថ្មី គម្រោងផ្សារទំនើបអ៊ីអន៣ និងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀតរបស់រដ្ឋជាដើម។

លោកស្រីសុខ បូរី ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានប្រណិតមួយនៅតំបន់ភាគខាងត្បូង រាជធានីភ្នំពេញបានឱ្យដឹងថា កត្តាដែលជំរុញឱ្យក្រុមហ៊ុនជ្រើសរើសយកទីតាំង ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍលំនៅឋានប្រណិតសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ ដោយសារតែក្រុមហ៊ុនបានសម្លឹងមើលឃើញ សក្ដានុពលអភិវឌ្ឍន៍មួយចំនួន ក្នុងនោះផ្លូវក៏មានជួសជុលនិងសាងសង់ឡើងវិញ ហើយផ្លូវថ្មីៗក៏មានច្រើន ដែលជំរុញឱ្យសក្ដានុពលទាក់ទាញ ការវិនិយោគលើលំនៅឋាន មកកាន់តំបន់នេះកាន់តែច្រើនទៀត។

លោកបន្តថា “អនាគតពលរដ្ឋនឹងផ្លាស់ប្តូរមករស់កាន់តែច្រើន ព្រោះនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅជិតផ្សារទំនើបអ៊ីអន៣ និងមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនទៀត”។

លោកស្រីបន្តថា នៅពេលខាងមុខឆាប់ៗនេះ តំបន់ភាគខាងត្បូងនឹងកាន់តែទាក់ទាញបន្ថែមទៀតដល់ការអភិវឌ្ឍលំនៅឋានប្រណិតៗ ដោយបច្ចុប្បន្នសកម្មភាពនៃការអភិវឌ្ឍ នៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ កាន់តែមានភាពមមាញឹកទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី ។

ជាមួយគ្នានេះ លោកសន សៀននាយកក្រុមហ៊ុនអចលនទ្រព្យ ឃីរៀលអ៊ីស្ទេតក៏បានឱ្យដឹងផងដែរថា តំបន់ភាគខាងត្បូងរាជធានីភ្នំពិសេស ជាពិសេសនៅ ខណ្ឌដង្កោ តម្លៃដីមានសន្ទះងើបខ្ពស់ខ្លាំងជាងគេ ដែលទាញឱ្យតម្លៃជាធម្យមនៅរាជធានីភ្នំពេញ មានសន្ទុះដដែល ។ កត្តាដែលជំរុញឱ្យតម្លៃដីនៅតំបន់នេះ មានសន្ទុះងើបខ្ពស់ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធធំៗ បានរត់កាត់តំបន់នេះ ដូចជាផ្លូវ៦០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុងនិងផ្លូវសំខាន់ៗជាច្រើនទៀត ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុបានលើកឡើងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនទីនោះ នឹងទទួលបានការវិនិយោគ លើវិស័យអចលនទ្រព្យកាន់តែច្រើន ពីព្រោះវិនិយោគិនអចលនទ្រព្យគេចូលចិត្តតំបន់ណា ដែលមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធច្រើន៕