ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន Prime Road Alternative (Cambodia) នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់គម្រោងថាមពលពន្លឺព្រះអាទិត្យ៦០មេហ្គាវ៉ាត់ (លូឡា) នៅភាគនិរតី នៃខេត្តកំពង់ឆ្នាំង ដែលមានតម្លៃ៣៧.៤លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង។
លោកអ៊ុក រស់ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានថ្លែងប្រាប់កាសែតអន្តរជាតិមួយ កាលពីមិ្សលមិញថាគម្រោងនេះនឹងត្រូវសាងសង់ក្នុងរយៈពេលជាងមួយឆ្នាំកន្លះនៅស្រុកទឹកផុស ជិតព្រំដែនស្រុកសាមគ្គីមានជ័យនៅភាគអាគ្នេយ៍ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
លោកបាននិយាយថា ក្រុមហ៊ុន Prime Road Alternative បានបញ្ចប់ដំណើរការដោះស្រាយផលប៉ះពាល់ ដែលពាក់ព័ន្ធនឹងអ្នកភូមិ និងជុំវិញការព្រួយបារម្ភអំពីការខូចខាតដំណាំនៅតំបន់ជុំវិញនោះហើយ។ ទោះបីជាយ៉ាងក៏ដោយ ក៏លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់ ក្នុងការបើកការដ្ឋានសាងសង់គម្រោងនេះនៅឡើយទេ។
លោកបានបន្ថែមថា ក្រុមហ៊ុននឹងលក់ថាមពល ដែលបង្កើតដោយកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដល់ក្រុមហ៊ុនអគ្គិសនីរដ្ឋកម្ពុជា (EdC) ដើម្បីផ្គត់ផ្គង់បណ្តាញអគ្គិសនី និងចែកចាយអគ្គិសនីនៅទូទាំងប្រទេសជា ពិសេសតំបន់ដែលខ្វះថាមពល។
លោករស់បានមានប្រសាសន៍ថា “ខេត្តកំពង់ឆ្នាំងបានទទួលគំរោងថាមពលពន្លឺព្រះអាទិត្យជាបន្តបន្ទាប់ ដោយសារទីតាំងភូមិសាស្ត្រអំណោយផល ដែលទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ហើយយើងមានបណ្តាញអគ្គិសនីចំនួនពីរ ដើម្បីបញ្ជូនអគ្គិសនីទៅបណ្តាញអគ្គិសនីជាតិ”។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី៥ ខែមករា បានអនុម័តគម្រោងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prime Road Alternative៕