ក្រុមហ៊ុនGoogleគ្រោងវិនិយោគលើគម្រោងបណ្ដាញខ្សែកាបក្រោមសមុទ្រវែងជាងគេបំផុតនៅលើពិភពលោក

ដោយៈ សុខុម

ញូវយ៉ក: ក្រុមហ៊ុន Google បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅថា ខ្លួនមានគម្រោងតបណ្ដាញខ្សែកាបក្រោមសមុទ្រថ្មីមួយដែលនឹងភ្ជាប់សហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល ប្រទេសអ៊ុយរូហ្គាយ និងប្រទេសអាហ្សង់ទីន ដើម្បីបង្កើនសមត្ថភាពតភ្ជាប់អ៊ីនធឺណិតរវាងតំបន់ទាំងនេះ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃសុក្រ ទី១១ ខែមិថុនា នេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សអាមេរិក Alphabet មួយនេះបានលើកឡើងតាមរយៈផូសក្នុង Blog មួយថា បណ្ដាញខ្សែកាបថ្មីដែលមានឈ្មោះថា Firmina នេះនឹងក្លាយជាបណ្ដាញខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោក។

ក្រុមហ៊ុននេះនិយាយថា បណ្ដាញខ្សែកាបនេះនឹងរត់ពីឆ្នេរខាងកើត (East Coast) នៃសហរដ្ឋអាមេរិក ឆ្ពោះទៅទីក្រុង Las Toninas នៃប្រទេសអាហ្សង់ទីន ហើយបន្តទៅដល់រដ្ឋ Praia Grande នៃប្រទេសប្រេស៊ីល និងក្រុង Punta del Este នៃប្រទេសអ៊ុយរូហ្គាយ។

ក្រុមហ៊ុនដដែលបានគូសបញ្ជាក់ថា “បណ្ដាញខ្សែកាប Firmina នឹងជួយឱ្យអ្នកប្រើប្រាស់នៅទ្វីបអាមេរិកខាងត្បូង (South America) ប្រើប្រាស់សេវារបស់ក្រុមហ៊ុន Google បានកាន់តែងាយស្រួល។ បណ្ដាញខ្សែកាបដែលមានសំណុំខ្សែតូចចំនួន១២សំណុំនេះនឹងធ្វើឱ្យល្បឿនអ៊ីនធឺណិតដើរលឿន និងមានសុវត្ថិភាពខ្ពស់រវាងទ្វីបអាមេរិកខាងជើង និងទ្វិបអាមេរិកខាងត្បូង ដោយធ្វើឱ្យអ្នកប្រើប្រាស់អាចប្រើផលិតផលរបស់ក្រុមហ៊ុន Google ដូចជា Search, Gmail និង YouTube ព្រមទាំងសេវាកម្ម Google Cloud បានយ៉ាងលឿនផងដែរ”។

ការប្រកាសនេះក៏ធ្វើឡើងស្របពេលដែលតម្រូវការសេវាអ៊ីនធឺណេត និងសេវាកម្ម Cloud Service កំពុងកើនឡើងខ្លាំង ខណៈវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានជំរុញឱ្យមនុស្សងាកទៅប្រើប្រាស់អ៊ីនធឺណិតច្រើនជាងពេលណាៗទាំងអស់ មិនថាធ្វើការ ទិញទំនិញ ឬកម្សាន្ត។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ថា តើគម្រោងនេះនឹងចាប់ផ្ដើមពេលណា បញ្ចប់ជាស្ថាពរនៅពេលណា និងចំណាយអស់ដើមទុនប៉ុន្មានឡើយ៕

សិក្សាលើមូលដ្ឋានសំខាន់ៗចំនួន៥ ដើម្បីទិញអចលនទ្រព្យទទួលបាន ផលចំណេញច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រៅពីការប្រកបរបរអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ ប្រជាពលរដ្ឋទូទៅ ក៏ពេញនិយមយកប្រាក់ទៅវិនិយោគលើអចលនទ្រព្យផងដែរ ប៉ុន្តែការទទួលបាន​ផលចំណេញពីការវិនិយោគ គេត្រូវការវិធីសាស្រ្តច្បាស់លាស់ និងត្រឹមត្រូវ។

នេះជារបៀបវាយតម្លៃអចលនទ្រព្យមុននឹងទិញ ដើម្បីប្រាកដក្នុងចិត្តថាអចលនទ្រព្យរបស់អ្នក នឹងផ្តល់ផលចំណេញក្នុងរយៈពេលខ្លីខាងមុខ
១. ជ្រើសរើសទីតាំង
ទីតាំងអចលនទ្រព្យ គឺសំខាន់ណាស់ដែលវានឹងជះឥទ្ធិពល ដល់តម្លៃនៃអចលនទ្រព្យរបស់អ្នក ដោយត្រូវជ្រើសរើសទីតាំងដែលស្ថិតនៅជាប់នឹងផ្លូវធំ ហើយមានមនុស្សជិះកាត់ចេញចូលច្រើន សូមកុំរើសទីតាំងមានផ្លូវទាល់។អ្នកអាចសាកសួរអាជ្ញាធរ ពីគម្រោងអភិវឌ្ឍន៍នៅរយៈពេល ៣ឬ៥ឆ្នាំខាងមុខទៀត ដើម្បីដឹងថា តំបន់នោះនឹងមានការអភិវឌ្ឍឆាប់រហ័ស។

២. ប្រភេទសំណង់អាគារ
ថ្វីត្បិតថាបើអ្នកជ្រើសរើសទីតាំងបានល្អហើយ តែបើអ្នកមិនចេះត្រួតពិនិត្យមើលគុណភាពនៃសំណង់អាគារ ច្បាស់ណាស់ថាមិនយូរមិនឆាប់ អ្នកនឹងត្រូវចំណាយលុយច្រើនដើម្បីជួសជុលវាឡើងវិញ។

៣. បៀបធៀបតម្លៃអចលនទ្រព្យដែលនៅជិតគ្នា
មុននឹងសម្រេចចិត្តទិញខុនដូ ផ្ទះ ដី អ្នកគួរធ្វើការប្រៀបធៀបតម្លៃអចលនទ្រព្យដែលនៅជិតគ្នាសិន តើកន្លែងដែលអ្នកទិញមានតម្លៃទាបជាង ឬថ្លៃជាងគេ? ចុះបើថ្លៃជាងគេ តើវាបណ្តាមកពីមូលហេតុអ្វី? បើទិញអចលនទ្រព្យដែលមានតម្លៃថ្លៃជាងគេ ច្បា​ស់ណាស់ថា អ្នកនឹងពិបាកនៅពេលដែលលក់ចេញទៅវិញ។

៤. ត្រួតពិនិត្យមើលប្លង់ តើអចលនទ្រព្យដែលអ្នកទិញមានប្លង់រឹងដែរឬទេ?
អ្នកត្រូវដឹងថា បច្ចុប្បន្នអ្នកណាក៏ចង់ទិញអចលនទ្រព្យ ដែលមានប្លង់រឹងដែរ។ បើអ្នកទិញអលចនទ្រព្យ ដែលមិនមានប្លង់ត្រឹមត្រូវ អ្នកនឹងត្រូវប្រឈមជាមួយនឹងហានិភ័យច្រើនយ៉ាង។

៥. ហេដ្ឋារចនាសម្ព័ន្ធ
អ្នកត្រូវដឹងថាតើតំបន់ដែលអ្នកចង់ទិញ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ឬមានទឹកលិចឬអត់? បើអ្នកមិនបានសង្កេតមើលចំណុចនេះទេ វានឹងបង្កជាហានិភ័យខ្លាំង ពិបាកទាំងការរស់នៅ ហើយអចលនទ្រព្យក៏ត្រូវជាប់គាំងនិងមិនអាចលក់ចេញដែរ។

នៅមានចំណុចជាច្រើនទៀតដែលអ្នកគួររៀនសូត្រ និងចេះពីរបៀបថ្លឹងថ្លែងមុននឹងសម្រេចចិត្តទិញអចលនទ្រព្យនៅទីតាំងណាមួយ ពាក្យមួយគេនិយាយថា “មើល ១០០ ទិញ ១” មានន័យថាត្រូវមើលកន្លែងឲ្យគ្រប់ជ្រុងជ្រោយ ឬដើរមើលឲ្យច្រើនកន្លែងមុននឹងសម្រេចចិត្តទិញ៕

សភាអាមេរិកបានស្តីបន្ទោសក្រុមហ៊ុនធំៗរបស់ខ្លួនពាក់ព័ន្ធនឹងការគាបសង្កត់កម្លាំងពលកម្មនៅចិន

ដោយៈ ម៉ាណេត

វ៉ាស៊ីនតោនៈ សមាជិកព្រឹទ្ធសភាអាមេរិក កាលពីម្សិលមិញ បានស្តីបន្ទោសក្រុមហ៊ុនអាមេរិក រួមមានក្រុមហ៊ុនAmazon ក្រុមហ៊ុន Apple និងក្រុមហ៊ុន Nike ដែលមិនអើពើលើបញ្ហាគាបសង្កត់កម្លាំងពលកម្មនៅប្រទេសចិន ដោយលើកហេតុផលថា ក្រុមហ៊ុនទាំឱ្យកំពុងធ្វើឱ្យប្រជាជនអាមេរិកជាប់ពាក់ព័ន្ធជាមួយគោលនយោបាយគាបសង្កត់របស់ទីក្រុងប៉េកាំង។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាស្តីពីការបង្ក្រាបរបស់ប្រទេសចិនទៅលើជនជាតិ uyghurs និងជនជាតិភាគតិចមូស្លីមដទៃទៀតនៅក្នុងតំបន់ Xinjing ភាគខាងលិចរបស់ខ្លួន សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Marco Rubio បាននិយាយថា ក្រុមហ៊ុនអាមេរិកជាច្រើនមិនបានទទួលបានការពិត ដែលថាពួកគេកំពុង “ចំណេញ” ពីការរំលោភបំពានរបស់រដ្ឋាភិបាលចិននោះទេ។ នេះបើយោងតាមការសារព័ត៌មាន CNA នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

លោក Rubio បាននិយាយថា “សម្រាប់ក្រុមហ៊ុនដូចជាក្រុមហ៊ុន Nike ក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Coca-Cola កំពុងប្រើប្រាស់កម្លាំងពលកម្មដោយគាបសង្កត់។ ពួកគេទទួលបានអត្ថប្រយោជន៍ពីការគាបសង្កត់កម្លាំងពលកម្ម ឬប្រភពពីអ្នកផ្គត់ផ្គង់ដែលត្រូវបានគេសង្ស័យថាបានប្រើប្រាស់ការគាបសង្កត់កម្លាំងពលកម្មដោយបង្ខំ។ គួរឱ្យ ស្តាយក្រុមហ៊ុនទាំងនេះបានធ្វើឱ្យយើងទាំងអស់គ្នាស្មុគស្មាញនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ”។

ក្រុមហ៊ុន Thermo Fisher Scientific បាននិយាយថា កាលពីឆ្នាំ២០១៩ ថា ខ្លួននឹងបញ្ឈប់ការលក់ឧបករណ៍វិទ្យាសាស្ត្រទៅឱ្យតំបន់ Xinjiang បន្ទាប់ពីក្រុមសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយបានចងក្រងឯកសារ ដែលអាជ្ញាធរនៅទីនោះកំពុងបង្កើតមូលដ្ឋានទិន្នន័យឌីអិនអេសម្រាប់ជន Uyghurs។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថាការចងក្រងឯកសារមិនទាន់មានការស្រាវជាវគ្រប់គ្រាន់ទេ។

លោក Rubio បាននិយាយដោយសំអាងលើក្រុមហ៊ុន Thermo Fisher Scientific ថា “ភស្តុតាងទាំងអស់គឺថា ពួកគេនៅតែបន្តផ្តល់នូវផលិតផលទាំងនេះ ដែលអាចជួយដល់ការរំលោភសិទ្ធិមនុស្ស”។

អ្នកនាំពាក្យក្រុមហ៊ុន Amazon បាននិយាយថា “នៅពេលណាដែលយើងទទួលបានភស្តុតាងនៃការគាបសង្កត់កម្លាំងពលកម្ម យើងចាត់វិធានការនិងបញ្ឈប់សិទ្ធិក្នុងការលក់ភ្លាម”។

ក្រុមហ៊ិន Coca-Cola បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ក្រុមហ៊ុនផ្សេងៗទៀត ដែលបានលើកឡើងមិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់សារព័ត៌មាន Reuters នោះទេ៕

សម្តេចតេជោបង្កើតគណៈកម្មធិការអន្តរក្រសួងដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ដោយៈ ម៉ាណេត

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាសម្រេចបង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង រៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

តាមអនុក្រឹត្យ ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គណៈកម្មធិការនេះ មានអក្សកាត់ «គ.ប.ដ» ដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយអនុប្រធាន២រូប និងមានសមាសភាពសរុប ២៥រូប។

គ.ប.ដ. មានតួនាទីនិងភារកិច្ចដូចតទៅ៖
– ដឹកនាំនិងសម្របសម្រួលអន្តរក្រសួង ស្ថាប័នក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ផ្តល់ការណែនាំជាយុទ្ធសាស្ត្រនិងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– តាមដាននិងត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ
– រៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ជូន ក្រុមប្រឹក្សារៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
– ធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ – បំពេញភារកិច្ចផ្សេងទៀតតាមការណែនាំរបស់ប្រធាន ក.ផ.ស.។

ខេត្តព្រះសីហនុ ដែលជាខេត្តមាត់សមុទ្រ បានក្លាយជាប៉ូលសេដ្ឋកិច្ចសំខាន់ថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្រៅពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក្រៅពីកន្លែងទេសចរណ៍ និងច្រកចេញចូលទំនិញ ដោយមានកំពង់ផែធំជាងគេ ខេត្តនេះមានការលូតលាស់យ៉ាងលឿនរហ័សនូវសំណង់អគារចម្រុះ។

ខេត្តព្រះសីហនុ រយៈពេល៤ឆ្នាំចុងក្រោមនេះ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ មានសំណង់សរុបបានអនុញ្ញាតឲ្យសាងសង់មានចំនួន១,៥១៤អគារ មានក្រឡាផ្ទៃសរុប១៤,៧៣៦,៥៥៩ម៉ែត្រការ៉េ និងទុនវិនិយោគសរុប ៨,០៤៩,៦៩២,៨៣១ដុល្លារអាមេរិក៕

ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE)–អគារពាណិជ្ជកម្មលំដាប់ខ្ពស់កណ្តាលរាជធានីភ្នំពេញ

ភ្នំពេញៈ សេដ្ឋកិច្ចពាណិជ្ជកម្មនៅកម្ពុជា កំពុងតែបន្តដំណើរទៅមុខ ស្របពេលវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន បានបន្តបោះទុនវិនិយោគ តាមរយៈការបង្កើតក្រុមហ៊ុន សហគ្រាស និងពង្រីកទំហំអាជីវកម្មឱ្យកាន់តែប្រសើរ នៅកម្ពុជា។

ទន្ទឹមនឹងការរីកចំរើននេះ ការស្វែងរកទីតាំងល្អ និងសក្តិសម សម្រាប់ប្រភេទមុខជំនួញទាំងនោះ OCIC ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន និងសំណង់អគារធំៗ នៅកម្ពុជា បាននាំមកនូវគម្រោងថ្មីស្រឡាងមួយ ស្ថិតនៅក្នុងតំបន់មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលមានឈ្មោះហៅជាផ្លូវការថា ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE)។

គម្រោង ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE) ដំណាក់កាលទី១ ត្រូវបានប្រកាសដាក់លក់ជាផ្លូវការកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ មានទីតាំងតាមបណ្ដោយមហាវិថីព្រះសីហនុ ជាប់អាងទឹកអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្ថិតក្នុងតំបន់មានចរន្តសេដ្ឋកិច្ចខ្ពស់ អំណោយផលទៅដល់ប្រតិបត្តិការអាជីវកម្មគ្រប់ប្រភេទ។

គម្រោងថ្មីស្រឡាងមួយនេះទទួលបានការសាទរ និងចំណាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន អំពីរចនាបទនៃអគារពាណិជ្ជកម្មថ្មី មានភាពស៊ីវីល័យ ប្រណិត បំពាក់មកជាមួយជណ្ដើរយន្តប្រអប់ និងចំណតយានយន្តក្រោមដីឯកជន ដែលសាកសមបំផុតសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ អគារពាណិជ្ជកម្មទាំង១១ខ្នង នាដំណាក់កាលដំបូង មានកម្ពស់ចាប់ពី៨ជាន់ឡើងទៅ១០ជាន់ ក្នុងទំហំសរុបចាប់ពី១,៧៥០ម៉ែត្រក្រឡា ទៅ៣,០០០ម៉ែត្រក្រឡា មានទទឹងចាប់ពី៨ទៅ១០ម៉ែត្រ និងបណ្ដោយ២០ទៅ២៣ម៉ែត្រ។

ការបង្កើតគម្រោង ហ្គោលឌិន សឃ្វែរ (GOLDEN SQUARE) នេះ ស្ថិតក្នុងគោលបំណងផ្គត់ផ្គង់បន្ថែម ទៅដល់សេចក្ដីត្រូវការរបស់វិនិយោគិន និងពាណិជ្ជករគ្រប់រូប ដែលកំពុងស្វែងរកទីតាំងល្អ ឬមានតម្រូវការពង្រីកបន្ថែមនូវមុខជំនួញ អាជីវកម្ម ឬសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ។ បច្ចុប្បន្ននេះ GOLDEN SQUARE បានកំពុងចាប់ផ្ដើមការដ្ឋានសាងសង់ហើយ ដោយត្រៀមនឹងបញ្ចប់ក្នុងរយៈពេល១៨ខែខាងមុខ ដែលនេះគឺជាឱកាសក្នុងការជ្រើសរើសទីតាំងដ៏ល្អ របស់អតិថិជនទាំងអស់ ព្រោះអគារនីមួយៗ ត្រូវបានសិក្សា និងវាយតម្លៃអំពីគុណភាពយ៉ាងច្បាស់លាស់ ពីក្រុមស្ថាបត្យករជំនាញ ដើម្បីធានាទៅដល់ការប្រើប្រាស់រយៈពេលវែង ពិសេសគឺគម្រោងនេះនឹងក្លាយទៅជាតំបន់ពាណិជ្ជកម្មចម្រុះនៅចំកណ្ដាលទីក្រុងភ្នំពេញ។

សម្រាប់អតិថិជនជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់កក់ ឬសាកសួរព័ត៌មានបន្ថែមទៀតអំពីគម្រោង អាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទផ្នែកលក់ដូចខាងក្រោម៖

ប្រព័ន្ធ Cellcard: 092 801 809/ 089 985 988/ 099 720 727
ប្រព័ន្ធ Smart: 093 801 809/ 086 985 988/ 086 720 727
ទូរស័ព្ទលើតុ: 023 2222 08/ 023 2222 09

អ្នកជំនាញៈ ដីឧស្សាហកម្មនៅតែមានតម្រូវការទោះស្ថិតក្នុងវិបត្តិកូវីដ១៩

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ទោះស្ថិតក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាបន្តបន្ទាប់ ដែលកត្តាជំរុញឱ្យតម្រូវដីឧស្សាហកម្មមានការបន្តបន្ទាប់។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដីឧស្សាហកម្មនៅតែមានតម្រូវការបន្តបន្ទាប់ ខណៈរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រ និងទីតាំងផលិតកម្មជាច្រើន ទោះស្ថិតក្នុងស្ថិតក្នុងវិបត្តិកូវីដ១៩។

លោកបានថ្លែងថា ការប្រើប្រាស់ដីឧស្សាហកម្មនេះមានចំនួន២យន្តការ។ យន្តការទី១ គឺការផ្លាស់ប្តូរទីតាំងរោងចក្រពីក្នុងទីក្រុងភ្នំពេញ ទៅក្រៅក្រុងភ្នំពេញ ដែលតម្រូវឱ្យមានការរៀបចំរួចរាល់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ហើយយន្តការទី២ រោងចក្រថ្មីៗ ដែលចាប់ផ្តើមការវិនិយោគនៅកម្ពុជា និងបំណងចង់ធ្វើជាឧស្សាហកម្មធំៗ ដើម្បីបម្រើឱ្យតម្រូវការរបស់ពួកគាត់ជ្រើសរើសទីតាំងដែលងាយស្រួលក្នុងការដឹកជញ្ជូន។

លោកបានថ្លែងបន្តថា “ភាគច្រើន ដីឧស្សាហកម្ម ត្រូវបានក្រុមហ៊ុន ជ្រើសរើសយកជាទីតាំងផលិតម្ម ដោយសារតែទីតាំងទាំង២ អំណោយផលដល់ការដឹកជញ្ជូន ហើយការជ្រើសរើសដីធ្វើជាទីតាំងផលិតកម្មរបស់ក្រុមហ៊ុនទាំងនេះ ភាគច្រើន ធ្វើតាមរយៈពេលដៃគូពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចផ្តល់ព័ត៌មានដល់ក្រុមហ៊ុនវិនិយោគទាំងនេះ”។

លោកបានឱ្យដឹងថា “ប្រាកដណាស់ ការឈានចូលរបស់ក្រុមហ៊ុនវិនិយោគលើវិស័យឧស្សាហកម្ម ឬរោងចក្រ នឹងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ ដែលក្រុមហ៊ុនបានបោះទីទាំងផលិតកម្ម ដោយសារវានឹងបង្កើតការងារដល់ប្រជាជន និងលើកម្ពស់កម្រិតជីវភាពមួយកម្រិតទៀត”។

រដ្ឋាភិបាល តាមយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន៤០គម្រោង ដែលបោះទុនវិនិយោគ២.១១៥,៥លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១នេះ និងបង្កើតការងាររាប់ម៉ឺនកន្លែង សម្រាប់ប្រជាជននៅក្នុងស្រុក បើទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក៏ដោយ។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុន Advance Real Estate បានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ ការវិនិយោគទៅលើរោងចក្រ ដូចជា ការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ។

លោកបានឱ្យដឹងទៀតថា “នៅក្នុងពេលនេះ វិស័យ ដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះ និងវិស័យផ្សេងៗជាច្រើនទៀត”៕

ខេត្តព្រះសីហនុទាក់ទាញគម្រោងវិនិយោគធំៗចំនួន៦ជាមួយទុនជាង១៣៥៤លានដុល្លាររយៈពេលបីខែចុងក្រោយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ រយៈពេលពេល៣ខែចុងក្រោយ គិតខែមីនា ដល់ដើមខែមិថុនា ឆ្នាំ២០២១ គម្រោងវិនិយោគធំៗចំនួន៦ ដែលបានអនុម័តដោយរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសបោះទុនសរុបជាង១.៣៥៤លានដុល្លារ នៅខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាជនក្នុងតំបន់នេះរាប់ពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី១- “INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០០កន្លែង។

ទី២- “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” គម្រោងរោងចក្រ ផលិតថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២០កន្លែង។

ទី៣- “FANG HUA POLYURETHANE MATERIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតអេប៉ុងស៍ ខ្នើយ គ្រែសាឡុងពូក និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២០កន្លែង។

ទី៤- CAMBODIAN QI MING XING JIA JU YONG PIN CO., LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២២កន្លែង។

ទី៥-JIN BEI PALACE CO., LTD : គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង។

ទី៦-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។

រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មពហុបំណងនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥ ២០២៥ ដែលគោលនយោបាយនេះ បាននិងកំពុងលើកស្ទួយការអភិវឌ្ឍ ក្នុងខេត្តនេះលឿនស្ទើរមិនគួរឲ្យជឿដោយត្រឹមរយៈពេល៤ឆ្នាំ ខេត្តនេះទទួលបានទុនវិនិយោគ៨០០០លានដុល្លារអាមេរិកលើវិស័យសំណង់ និងអចលនទ្រព្យ៕

ដំណឹងល្អៈកំណាត់ផ្លូវល្បឿនលឿនចំណុចច្រកចេញទី១អាចឲ្យយានយន្តធ្វើ ដំណើរឆ្លងលកាត់បានហើយ

ដោយៈគង់ សូរិយា

ព្រះសីហនុៈ នៅទីបំផុត ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបានវឌ្ឈនភាពរបស់ខ្លួនយ៉ាងប្រសើរ ដោយ ច្រកចេញនៃស្ពានបម្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានសម្រេចរួចរាល់ហើយ ដែលយានជំនិះអាចធ្វើដំណើរចេញ ឬចូលតាមផ្លូវល្បឿនលឿន។

ការបើកឲ្យធ្វើចរាចរបាននេះ ជាការជួយសម្រួលក្នុងការដឹកជញ្ជួនឲ្យមានភាពងាយស្រួល និងឆាប់រហ័ស។ នេះបើយោងតាមទំព័រផ្លូវការរបស់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ៥១,៣៥ភាគរយហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ទោះបីជាប្រទេសកម្ពុជា កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ១៩០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕

SUNDOOR ជម្រើសនៃសោភ័ណភាព និងការលើកកំពស់បរិស្ថាន

ដោយគង់ សូរិយា

ភ្នំពេញៈ ផ្តើមចេញពីគុណភាព សោភ័ណភាព និងទំនុកចិត្ត បានធ្វើឲ្យផលិតផលទ្វារ និងពិដាន តុ ទូដែលផលិតដោយក្រុមហ៊ុន SUNDOOR ជាប់ជាជម្រើសនៃការសមរិតសំរាំងមួយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។

ផ្តោតលើការប្រើប្រាស់​វត្ថុធាតុដើម​កកើត​ឡើងវិញ ក្រុមហ៊ុន SUNDOOR កំពុង​រូ​ម​ចំណែក​ជាមួយ​រដ្ឋាភិបាល ដោយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​លើក​កំពស់​គុណភាព​ជីវិត​ឲ្យ​កាន់តែ​ប្រសើរឡើង។

ក្រុមហ៊ុន SUNDOOR ត្រូវបាន​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​មាន​ជំនាញ​ខ្ពស់​ក្នុង​ការផលិត​ពិ​ដាន និង​ទ្វារ​ប្រភេទ PVC សម្រាប់​ដាក់​បន្ទប់​គេង ខុន​ដូ មន្ទីរពេទ្យ សាលារៀន វីឡា ផ្ទះល្វែង ដែលមាន​គុណភាព​ល្អ មិន​រីក​រួម មិន​ស្រក អាច​កម្មង់​ទំហំ​ទៅតាម​តម្រូវការ ប្រកបដោយ​គុណភាព សោភ័ណភាព ដែល​កំពុងមាន​ប្រជាប្រិយភាព នៅក្នុង​វិស័យ​សំណង់​កម្ពុជា​នាពេល​បច្ចុប្បន្ន។

ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​ទ្វារ ពិ​ដាន SUNDOOR មាន​ក្រុម​អ្នកជំនាញ សមត្ថភាព និង​ភាពម៉ឺងម៉ាត់ ដោយមាន​ការត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ចូលប្រឡូក ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​កម្ពុជា ដែលជា​ស្ថាប័នធំៗមាន​ស្រាប់។ ក្រុមហ៊ុន​មាន​ក្ដី​រំពឹង និង​ជឿជាក់​យ៉ាងច្បាស់​ក្នុង​កិច្ចដំណើរការ​របស់ខ្លួន ដែល​នឹង​ឈានទៅរក​ភាពជោគជ័យ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។

ក្រុមហ៊ុន​នេះ​កំពុង​ប្រើប្រាស់​វត្ថុធាតុដើម ដែល​កកើត​ឡើងវិញ មាន​លក្ខណៈ​សន្សំសំចៃ និង​មិន​បំពុលបរិស្ថាន ដោយបាន​ប្រើប្រាស់​ម៉ាស៊ីនទំនើបៗ នាំ​មកពី​ប្រទេស​ចិន ក្នុង​គោលដៅ​ជម្រុញ​សង្វាក់​ផលិតកម្ម​ល្អ និង​បង្កើត​សោភ័ណភាព គុណភាព​ផលិតផល​របស់ខ្លួន ដើម្បី​ឆ្លើយតប​នឹង​សំណង់​បៃតង ដែល​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ផង និង​កាត់​បន្ថយកំដៅ​ផង ពិសេស​បង្កើត​សោភ័ណភាព​ក្នុង​វិស័យ​សំណង់​ផង។

គោលបំណង​ចម្បង​របស់​ក្រុមហ៊ុន ក្នុង​រយៈពេល​នេះ គឺ​ចាំបាច់​បំផុត​ធ្វើ​គ្រប់​មធ្យោ​បាយ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន ធ្វើយ៉ាងណា​ពង្រីក​វិសាលភាព និង​ចែកចាយ​នៅលើ​ទីផ្សារ​គ្រប់​បណ្តា​ខេត្ត ក្រុង​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា។

ក្រុមហ៊ុន​ក៏មាន​បេសកកម្ម​ពិសេស ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល ពិសេស​ក្រ​សួងបរិស្ថាន ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាត់បន្ថយ​ការបំពុល​បរិស្ថាន ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ​របស់​រាជរដ្ឋាភិបាល​ផងដែរ៕

ក្រុមហ៊ុនផលិតកងចិនដ៏ធំត្រៀមបង្កើនទុនដល់ជាង៣៥៥លានដុល្លារដើម្បីពង្រីកសមត្ថភាពផលិតកង់នៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផលិតកង់ចិន Sailun បាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយកាលពីដើមខែនេះថា ក្រុមហ៊ុនគ្រោងបង្កើនគម្រោងវិនិយោគរបស់ខ្លួនទ្វេដង នៅក្នុងការផលិតសំបកកង់នៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន European Rubber Journal កាលពីមិ្សលមិញ។

ដំបូងឡើយ ក្រុមហ៊ុនផលិតសំបកកង់នេះ កាលពីខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញផែនការសាងសង់រោងចក្រ ផលិតសំបកកង់រថយន្តនៅកម្ពុជា ដោយគ្រោងបោះទុនចំនួន១៤២លានអឺរ៉ូ (១,១ពាន់លានយន់)។

នៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ខ្លួន ក្រុមហ៊ុន Sailun បានឱ្យដឹងថា ខ្លួនគ្រោងនឹងបង្កើនទុនដល់ទៅ២៩២លានអឺរ៉ូ (ជាង៣៥៥លានដុល្លារអាមេរិក) ដើម្បីបង្កើ​នសមត្ថភាពផលិតប្រចាំឆ្នាំពី៥លានយូនីត (ឯកតា) ទៅដល់៩លានយូនីតក្នុងមួយឆ្នាំ។

ក្រុមហ៊ុន Sailun បានឱ្យដឹងថា “យើងបានសាងសង់រោងចក្រមួយ នៅប្រទេសវៀតណាមរួចហើយ ហើយរោងចក្រថ្មីមួយនៅក្បែរប្រទេសកម្ពុជា អាចប្រើប្រាស់ធនធានបន្ថែមគ្នាទៅវិញទៅមកទាំងពីរទីតាំង”។

រោងចក្រនេះ នឹងមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Qilu ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ហើយនឹងគ្រប់គ្រងដោយក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Sailun ហើយនឹងបង្កើតការងារថ្មីចំនួន១.០៤៥កន្លែង។

ក្រុមហ៊ុន Sailun បានឱ្យដឹងថា ការសាងសង់គម្រោងនេះ នឹងចំណាយពេល២ឆ្នាំដើម្បីបញ្ចប់ ហើយត្រូវបានរំពឹងថានឹងរកប្រាក់ចំណេញសុទ្ធ ជាមធ្យម៤៧លានអឺរ៉ូជារៀងរាល់ឆ្នាំ ពីការលក់ជាមធ្យមចំនួន២៧៦លានអឺរ៉ូ។
ក្រុមហ៊ុន Sailun បានបន្ថែមថា សំបកកង់ផលិតនៅរោងចក្រនេះ នឹងត្រូវនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប៕