អាជ្ញាធរខេត្តកែបចាប់ផ្តើមអនុវត្តគម្រោងបង្កើនសោភ័ណភាពឆ្នេរសមុទ្រ ទាក់ទាញភ្ញៀវទេសចរ

0

ដោយៈ ប៊ី

កែបៈ អាជ្ញាធរខេត្តកែបចាប់ផ្តើមចាក់ដី នៅមុខសាលាខេត្តកែប ដែលជាគម្រោងរៀបចំខឿនច្រាំងសមុទ្រ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនសោភ័ណភាពឆ្នេរសមុទ្រ ឱ្យកាន់តែស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរដែលមក លេងកម្សាន្ត។

លោកសោម ពិសិដ្ឋអភិបាលខេត្តកែប បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ការចាក់ដីនៅមុខសាលាខេត្តកែប គឺជាគម្រោងរៀបចំខឿនច្រាំងសមុទ្រ របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនសោភ័ណភាពឆ្នេរសមុទ្រ ឱ្យកាន់តែស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរដែលមក លេងកម្សាន្ត។

លោកបានឱ្យដឹងថា “ការរៀបចំគម្រោងនេះ គឺផ្អែកតាមចក្ខុវិស័យផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ នៃកម្មវិធីវិនិយោគ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្ដ និងស្របតាមសេចក្តីសម្រេចស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោល នៃការប្រើប្រាស់ដីក្រុងកែប ខេត្តកែប លើចក្ខុវិស័យឆ្នាំ២០៣០ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់”។

លោកបានថ្លែងបន្តថា ដូចនេះការចាក់ដីចាក់ខ្សាច់ចូលសមុទ្រ ពុំមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះទេ ប៉ុន្តែជាគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រ របស់រដ្ឋបាលខេត្តកែប ហើយទីតាំងនេះ ក៏មិនមែនជាទីតាំងដែលអនុញ្ញាតឱ្យអាជីវករ បោះសំរាមចូលទៅក្នុងសមុទ្រ ឬជាកន្លែងបង្ហូរទឹកកខ្វក់ចូលសមុទ្រ ដែលនាំឱ្យខូចឆ្នេរសមុទ្រតទៅទៀតទេ។

លោកបានបន្តថា ការចាក់ដីលុបសមុទ្រនៅមុខសាលាខេត្តកែបនេះ គឺជាគម្រោងរៀបចំខឿនច្រាំងសមុទ្រ ដែលត្រូវចាក់ដីនិងចាក់ខ្សាច់ពង្រីកឆ្នេរ ដើម្បីរៀបចំជាតំបន់គោលដៅទេសចរណ៍ថ្មី សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកសម្រាកលំហែកកម្សាន្ត នៅតាមបណ្ដោយឆ្នេរថ្មី និងនៅក្នុងគោលបំណង បម្រើផលប្រយោជន៍សាធារណៈ ពិសេសរក្សាសណ្ដាប់ធ្នាប់សាធារណៈនៅតំបន់នេះ ឱ្យកាន់តែមានភាពល្អប្រសើរ។

លោកសោម ពិសិដ្ឋបានបន្តថា“គម្រោងពង្រីកច្រាំងសមុទ្រនេះ គឺជាគម្រោងរបស់រដ្ឋ ដែលមិនមែនជាគម្រោងរបស់ឯកជន ឬបុគ្គល ឬក៏ក្រុមហ៊ុនណាមួយនោះទេ។ ហើយ ក្រោយពីពង្រីកច្រាំងសមុទ្រនេះហើយ គឺចុះបញ្ជីជាអចលនវត្ថុរបស់រដ្ឋបាលខេត្ត ជាអ្នកគ្រប់គ្រង បានន័យថាចុះទៅក្នុងបញ្ជីសារពើភណ្ឌរបស់ខេត្ត”។

លោកបានថ្លែងថា គម្រោងពង្រីកឆ្នេរសមុទ្រនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ រៀងរាល់បុណ្យសមុទ្រវិលជុំម្ដងៗ ខិតខំជំរុញឱ្យខេត្តតំបន់ឆ្នេររៀបចំទីតាំងសាធារណៈ ដើម្បីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុក ក្រៅស្រុក លម្ហែកម្សាន្ត ក៏ដូចជាការហាត់ប្រាណដើម្បីសុខភាព ជាសាធារណៈ។ បញ្ហា១ទៀតកន្លែងទីតាំងហ្នឹង គឺមិនមានឆ្នេរមានខ្សាច់សម្រាប់ងូតទឹកកម្សាន្តនោះទេ ហើយក៏ជាទីដែលអាជីវករបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្រ ហើយម្យ៉ាងទៀត ទីតាំងហ្នឹងជាក់ស្ដែង គឺមាន ដុំថ្មបាយក្រៀម ចុះទៅអាច នឹងមានគ្រោះថ្នាក់ផងដែរ។

កន្លែងពង្រីកឆ្នេរសមុទ្រខេត្តកែបនេះ មានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ទល់មុខ នឹងសាលាខេត្តកែប។ ចំពោះការលើកឡើង អំពីការបាត់បង់ផលប្រយោ​ជន៍របស់អាជីវករ ដែលកំពុងអាស្រ័យផលលើដីចំណីឆ្នេរសាធារណៈនៅតំបន់នេះ លោក អភិបាលខេត្តបញ្ជាក់ថា ការអនុវត្តន៍គម្រោងរៀបខឿនពង្រីកច្រាំងសមុទ្រនេះ មិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ ឬធ្វើការបិទការប្រកបអាជីវកម្មប្រចាំថ្ងៃ របស់អាជីវករនៅតំបន់នេះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here