ក្រុមហ៊ុនកម្ពុជានិងសិង្ហបុរីបណ្តាក់ទុនរួមប្រមាណ២០លានដុល្លារដើម្បីរុករករ៉ែនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសិង្ហបុរី Hong Lai Huat បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួ​យក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហការលើការរុករកធនធានរ៉ែនៅមជ្ឈមណ្ឌលកសិកម្មកម្ពុជា-សិង្ហបុរីរបស់ខ្លួន។

កិច្ចសហប្រតិបត្តិការនេះ មានទឹកប្រាក់វិនិយោគប្រមាណ២០លានដុល្លារអាមេរិក (២៦,៥ លានដុល្លារសឹង្ហបុរី) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Edge Singapore នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

អនុស្សារណៈយោគយល់បញ្ជាក់ថាទាំងក្រុមហ៊ុន HLH Agriculture និងក្រុមហ៊ុន Cambodia Hei Shi Mineral ចាត់ទុកគ្នាទៅវិញទៅមកជាដៃគូយុទ្ធសាស្ត្រ ហើយនឹងផ្តោតលើការងារក្នុងរយៈពេល៣ខែ ដើម្បីឈានដល់កិច្ចព្រមព្រៀងកាតព្វកិច្ច។

តាមរយៈអនុស្សារណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងបង្កើតការបណ្តាក់ទុនរួមគ្នា (JV) ដែលក្រុមហ៊ុន HLH Agriculture នឹងទទួលខុសត្រូវក្នុងការផ្តល់ដី និងការបែងចែកសិទ្ធិរុករករ៉ែ។

ក្រុមហ៊ុន Cambodia Hei Shi Mineral នឹងផ្តោតលើកំណត់ត្រារុករករ៉ែ ដើម្បីដំណើរការប្រតិបត្តិការរុករករ៉ែ និងទទួលខុសត្រូវរាល់ការចំណាយ ដែលបានកើតឡើងចំពោះការជួលកម្លាំងពលកម្មជំនាញ បុគ្គលិក គ្រឿងម៉ាស៊ីន និងជំនួយបច្ចេកទេស ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ប្រតិបត្តិការរុករករ៉ែ ក្នុងថវិកាប្រតិបត្តិការដែលបានព្រមព្រៀងរវាងភាគីទាំងពីរ។

ក្រុមហ៊ុន HLH Agriculture នឹងទទួលបាន៦០% នៃប្រាក់ចំណេញដែលបានមកពីក្រុមហ៊ុនបណ្តាក់ទុនរួម។ រយៈពេលនៃការបណ្តាក់ទុនរួម នឹងមានរយៈពេល១០ឆ្នាំ និងអាចបន្តរយៈពេលនៃកិច្ចព្រមព្រៀងបន្ថែមទៀត។

ការបណ្តាក់ទុនរួមនេះ នឹងប្រើប្រាស់ធនធានរ៉ែ ដែលមាននៅក្នុងដី សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងអាគារនានានៅខាងក្នុងមណ្ឌលកសិកម្ម របស់ក្រុមហ៊ុន HLH ។

លើសពីនេះ កិច្ចសហការនេះ នឹងផ្តល់ឱកាសការងារបន្ថែមទៀតនៅកម្ពុជា ជាពិសេសសម្រាប់ប្រជាជនក្នុងស្រុក ដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក Ong Jia Jing នាយកគ្រប់គ្រងទូទៅ និងជានាយកប្រតិបត្តិក្រុមហ៊ុន Hong Lai Huat បានថ្លែងថា “ប្រតិបត្តិការរុករករ៉ែ នឹងស្ថិតនៅក្នុងតំបន់សាងសង់របស់មណ្ឌលកសិកម្ម។ ធនធានរ៉ែធម្មជាតិល្អ ត្រូវបានរកឃើញនៅលើទឹកដីរបស់យើង ដូចជា ថ្មម៉ាប និងថ្មក្រានីត ហើយភាពជាដៃគូនេះ នឹងជួយឱ្យក្រុមហ៊ុននេះអាចជីកយករ៉ែ និងផ្គត់ផ្គង់រ៉ែធម្មជាតិល្អៗទាំងនេះ ដើម្បីបំពេញតម្រូវការទីផ្សារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមណ្ឌលកសិកម្ម។

លោក Ong បន្ថែមថា“ ធនធានរ៉ែដែលទាញបាន ក៏នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការរីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាម្ចាស់ភាគហ៊ុនរបស់យើង សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ៕

តំបន់ជុំវិញព្រលានយន្តហោះថ្មីកាន់តែរីកចម្រើនជាមួយនឹងកំនើនជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ជុំវិញព្រលានយន្តហោះថ្មី ស្ថិតក្នុងរង្វង់ប្រមាណ១០គីឡូម៉ែត្របាននិងកំពុងទាក់ទាញការវិនិយោគលើផ្នែកដីធ្លី ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍គំរោងលំនៅដ្ឋាន ដីឡូត៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ស្រុកកណ្តាលស្ទឹង ស្រុកស្អាង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ស្រុកបាទី ក្នុងខេត្តតាកែវ ប្រជាជនក្នុងមូលដ្ឋានខាងលើសុទ្ឋតែរីកមុខមាត់ សាងសង់ផ្ទះធំៗព្រោងព្រាត ដោយសារការកើនឡើងតម្លៃដីធ្លីរបស់ខ្លួន ហើយពួកគាត់បានលក់យកមកសាងសង់ផ្ទះ និងពង្រីកមុខរបររបស់ពួកគេ។

តាមរយៈការចុះសង្កេតផ្ទាល់ របស់ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia កាលពីថ្ងៃទី៩ មិថុនាកន្លងមកនេះបានសង្កេតឃើញថា ជីវភាពរបស់ប្រជាពលរដ្ឋនៅជុំវិញព្រ​លានយន្តហោះអន្តរជាតិភ្នំពេញថ្មីប្រមាណ៩០ភាគរយ មានភាពល្អប្រសើរឡើង បើធៀ​បនឹងមុនពេលគំរោង ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីប្រកាសសាងសង់ ដែលដីនៅតំបន់នោះ ជាដីស្រែ ជាដីបឹងមានតម្លៃត្រឹម៥០០០ ទៅ១០០០០ដុល្លារក្នុងមួយហិកតា ប៉ុន្តែបច្ចុប្បន្នតម្លៃដីបានកើនឡើងដល់៣០ម៉ឺន ទៅ១លានដុល្លារក្នុងមួយហិកតា អាស្រ័​យលើតំបន់ និងមូលដ្ឋានភូមិសាស្រ្តនិមួយៗ។

មន្រ្តីមូលដ្ឋានបានបង្ហើបឲ្យដឹងថា បើទោះបីតម្លៃកើនឡើងខ្ពស់ក្តី ប៉ុន្តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅមូលដ្ឋានភាគច្រើន លែងមានដីនៅសល់ច្រើនទៀតហើយ ព្រោះទាំងបឹង និងដីទំនេរនានានៅជុំវិញព្រលានយន្តហោះថ្មី សុទ្ឋតែជាដីរបស់អ្នកមានអំណាច អ្នកមាន​ឥទ្ឋិពលដូចជាអ្នកឧកញ៉ា លោកឧកញ៉ា និងឈ្មួញធំៗអស់ទៅហើយ។

លោកសន សៀប ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Key Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទោះបីមានបញ្ហាវិបត្តិកូវីដ១៩ក្តី ប៉ុន្តែសកម្ម ភាពនៃការទិញលក់ដីធ្លី សកម្មភាពនៃការអភិវឌ្ឍន៍ និងតម្លៃដីធ្លីនៅតាមតំបន់ក្រវ៉ាត់ក្រុងទី៣ តំបន់ជុំវិញព្រលានយន្តហោះថ្មី បានកើនឡើងខ្ពស់ ទាំងសកម្មភាពទិញលក់ និងតម្លៃក៏បានកើនឡើងផងដែរ។

លោកបន្តថា “តម្លៃដីនៅតែកើនឡើងក្នុងឆ្នាំ២០២១នេះ ទោះបីជាមានវិបត្តិកូវីដ១៩ក្តី ប៉ុន្តែតំបន់ដែលតម្លៃដីកើនឡើងមានចំនួនតិចតួចប៉ុណ្ណោះ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា សកម្មភាពទិញលក់ដីធ្លីបានកើនខ្ពស់ឡើងវិញហើយ ប៉ុន្តែភាគច្រើនកើតមានតែនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលភាគច្រើនជាងគេ៕

មកដឹងពីប្លង់គោលលំអិតរបស់រាជធានីភ្នំពេញ ខណៈចំនួនប្រជាជននឹងកើនដល់៥លាននាក់នៅឆ្នាំ២០៣០

ដោយៈគង់ សូរិយា

ភ្នំពេញៈ តើប្លង់គោលរាជធានីភ្នំពេញ ត្រូវបានបែងចែកយ៉ាងដូចម្តេច និងសកម្ម​ភាពនៃការអភិវឌ្ឈ បានដើរតាមផែនការមេរបស់ខ្លួនឬទេ? ខណៈប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងនេះ នឹងកើនដល់ ៥លាននាក់នៅឆ្នាំ២០៣០ខាងមុខ។

ប្លង់គោលរាជធានីភ្នំពេញ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័ត ជាផ្លូវការរួចហើយ ដោយបានបែកចែករាជធានីចំណាស់នេះ ជា១៤តំបន់ខុសៗគ្នា តាមលក្ខណៈប្រជាសាស្រ្ត សេដ្ឋកិច្ច និងកំណើននគរូបនីយកម្ម។

យោងតាមសេចក្តីព្រាងប្លង់គោលរាជធានីភ្នំពេញ ដែល propertyarea.asia សូមលើកយកមកបង្ហាញជាថ្មីបានបង្ហាញថា រដ្ឋាភិបាលបាន​កំណត់លក្ខណៈវិនិច្ឆ័យលើ១៤ចំណុច ដូចជា ទី១ ទម្រង់សេដ្ឋកិច្ចរាជធានីភ្នំពេញ ទី២ការដឹកជញ្ជូន ទី៣ ទីផ្សារអចលនវត្ថុ ទី៤ ទីផ្សារអចលនទ្រព្យ ទី៥ សង្កាត់មិនរៀបរយ ទី៦ ការកកើតនិងការរីកចំរើនរបស់ទីក្រុងពីឆ្នាំ១៨៥០ ដល់ឆ្នាំ១៩៩៣ ទី៧ លក្ខណៈសម្បត្តិរូបសាស្រ្តនិងតួនាទីលំហក្រុង ទី៨ សន្ទុះនិងបុគ្គលិកលក្ខណៈភ្នំពេ ញ ទី៩ ទេសភាព និងសមាសភាគទីក្រុង ទី១០ កសិកម្មនិងនគរូបនីយកម្ម ទី១១ ហេដ្ឋារចនាសម្ព័ន្ឋទីក្រុង ទី១២ មធ្យោបាយនិងសេវាសាធារណៈ ទី១៣ និន្នាការនិងទស្សនវិស័យនៃនគរូបនីយកម្មភ្នំពេញ និងទី១៤ ទស្សនវិស័យសេដ្ឋកិច្ចសង្គមនិងលំហ។​

ប្លង់គោលរាជធានីភ្នំពេញ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ តាមរយៈអនុក្រិតស្តីពី “ការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជ​ធានីភ្នំពេ​ញឆ្នាំ២០៣៥”។ យោ​ងតាមមាត្រា២ នៃអនុក្រិតលេខ៧៧ អនបប្រក ចុះថ្ងៃទី៧ មិថុនា​ឆ្នាំ២០១២ បានកំណត់ថា ប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌជាផែនការកំណត់ចក្ខុវិស័យនិងយុទ្ឋសាស្រ្តរួម សម្រាប់ការអភិវឌ្ឈផ្នែករូបវ័ន្ត​ហេដ្ឋារចនាសម្ព័ន្ឋ និងគមនាគមន៍សំខាន់ៗ និងធ្វើសមាហរណកម្មថ្នាក់រាជធានី ថ្នា​ក់​​ស្រុក ថ្នាក់ខ័ណ្ឌទៅនឹងតំបន់និងថ្នាក់ជាតិ។

ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា គោលដៅប្រើប្រាស់ដីរាជធានីភ្នំពេ​ញឆ្នាំ២០៣៥ ជាឯកសារយុទ្ឋសាស្រ្តបំរើឲ្យមហិច្ឆតារបស់រាជរដ្ឋាភិបាល ក៏ដូចជាសាលារាជធានីភ្នំពេញមាន​គោលដៅ និងទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រង និងតំរង់ទិសការអភិវឌ្ឈសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ប្រជុំជនពាក់ព័ន្ឋទាំងទ្បាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំនើននៃការវិនិយោគឯកជន និងចំនួនប្រជាជនក្នុង​រាជធានី តាមរយៈការតំរង់ទិស និងជំរុញការវិនិយោគសាធារណៈស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងអភិវឌ្ឈន៍តាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ”។

នៅឆ្នាំ២០១៣ ប្រជាជនសរុបនៅរាជធានីភ្នំពេញ មានចំនួន១.៦៨៨.០៤៤នាក់ (តាមការធ្វើអង្កេតប្រជាសាស្រ្តកម្ពុជាឆ្នាំ២០​១​៣នៃក្រ​សួងផែនការ)ហើយអាចកើនដល់៣លាននាក់នៅឆ្នាំ២០២០។ កំនើនន​គរូបនីយកម្ម និងកំណើនសាងសង់សំណង់ធំថ្មីៗ លើសពី៥ជាន់មានប្រមាណ៦២៨​អាគារ និងសំណង់បុរីចំនួន១១០ទីតាំង ពង្រាយនៅទាំងខ័ណ្ឌក្នុងក្រុង និងជាយក្រុង​និងបានជំរុ​ញការរីកទីក្រុងទៅតំបន់ខាងក្រៅ ចេញពីខ័ណ្ឌកណ្តាលក្រុងស្ទើរតែហួសពីតំបន់រដ្ឋបាលរបស់ខ្លួន។

លោកម៉េង ប៊ុណ្ណារិទ្ឋមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណ​ង់បានថ្លែងថា ក្នុងប្លង់គោលនេះបានរៀបចំរាជធានីភ្នំពេញ ប្រមាណ១៥តំបន់​ខុសៗគ្នា ដូចជាតំបន់ពាណិជ្ជកម្ម តំបន់លំនៅដ្ឋាន តំបន់ឧស្សាហកម្ម តំបន់កសិកម្ម​តំបន់ដែលត្រូវអភិរ័ក្សជាដើម ប៉ុន្តែនៅពេលប្លង់គោលនេះត្រូវសិក្សាលំអិត តំបន់និមួយៗអាចនឹងមានច្រើនជាងនេះ អាស្រ័យលើស្ថានភាពជាក់ស្តែង។

នៅពេលសាកសួរថាតើទីក្រុងភ្នំពេញ នឹងត្រូវពង្រីកបន្ថែមទៀតឬយ៉ាងណា​លោកម៉េង ប៊ុណ្ណារិទ្ឋបានថ្លែងថា “នៅពេលនយោបាយកម្ពុជានៅតែមានស្ថិរភាព សេដ្ឋកិច្ចកម្ពុជាបន្តកើនទ្បើង និងមានកំណើននៃការអភិវឌ្ឈ ការពង្រីកក្រុងអាចត្រូវ ពិនិត្យតាមស្ថានភាពជាក់ស្តែងរៀងរាល់៥ឆ្នាំម្តង”។ លោកបន្ថែមថា“ប្លង់របស់យើងអាចមានការ​លំអៀង ដូច្នេះការពង្រីកទីក្រុងនឹងត្រូវសិក្សាទ្បើងវិញ តាមស្ថានភាពជាក់ស្តែង​នៃការរីកចំរើននគរូបនីយកម្មនិងកំណើនប្រជាសាស្រ្ត”។

ទោះជាយ៉ាងណាអ្នកជំនាញបានព្រមានថា ការអភិវឌ្ឍរាជធានីភ្នំពេញនាពេលបច្ចុ​ប្បន្ននេះ មិនមានផែនការនិងកំណត់តំបន់ប្រើប្រាស់ដី ឲ្យបានច្បាស់លាស់នៅឡើយទេ ពិសេសមិនទាន់មានការបែងចែកតំបន់ណា ត្រូវប្រើប្រាស់បែបណានៅឡើយទេ។

អ្នកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអតីតនាយិកាប្រចាំប្រ ទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ដោយសារមិនទាន់មានការបែងចែកច្បាស់លាស់ បានធ្វើឲ្យសកម្មភាពសាងសង់អាគារខ្ពស់ៗ នៅរាជធានីភ្នំពេញ មិនមានសណ្តាប់ធ្នាប់របៀបរៀបរយ និងរក្សាបាននូវគុណភាពអាគារទាំងបរិស្ថាន គម្លាត និងខ្យល់អាកាសចេញចូលបានគ្រប់គ្រាន់នោះទេ។

អ្នកស្រីបន្តថា “ការណ៍នេះនឹងធ្វើឲ្យប៉ះពាល់ដល់ សុខមាលភាពនៃការរស់នៅ ប៉ះពាល់ដល់គុណភាពជីវិត និងប៉ះពាល់ដល់អ្នកអភិវឌ្ឈន៍នាពេលអនាគតផងដែរ”។ អ្នកស្រី​បន្តថា “ក្នុងចំណោមអាគារខ្ពស់ៗ រាប់រយនៅរាជធានីភ្នំពេញ មានតែអាគារប្រមាណ២០ប៉ុណ្ណោះ ដែលបានអនុវត្តន៍ និងគោរពតាមគោលការណ៍អភិវឌ្ឍន៍បែបបៃតង”៕

បញ្ហាប្រឈមអ្វីខ្លះ ដែលធ្វើឲ្យអ្នកវិនិយោគនិងភ្នាក់ងារអចលនទ្រព្យបរាជ័យក្នុងការចចារលើការទិញលក់

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនួញផ្នែកដីធ្លី ឬភ្នាក់ងារអចលនទ្រព្យ តែងតែប្រឈមបញ្ហាជាច្រើន​ដែលធ្វើឲ្យខ្លួនបរាជ័យ ក្នុងការចចាទិញលក់ជាមួយអតិថិជន ឬរវាងម្ចាស់អចលនទ្រព្យនិងអ្នកទិញ។

អ្នកលក់ក្រឡិកក្រឡុច
បញ្ហានេះទំនងជាកើតច្រើនជាងគេ ក្នុងពិភពអចលនទ្រព្យ ដែលអ្នកទិញនិងភ្នាក់​ងារអចលនទ្រព្យជួបប្រទះញឹកញាប់ជាងគេ នោះគឺម្ចាស់ដីក្រឡាស់មិនលក់អចលនទ្រព្យ​របស់ខ្លួន ដោយសារហេតុផលជាច្រើនដូចជា ការដំឡើងថ្លៃបន្ថែម ការយកលេសពីការមិនមានប្លង់ច្បាស់លាស់ ការរារាំងពីសាច់ញាតិណាមួយរបស់ពួកគេ។
ករណីបែបនេះ បានធ្វើឲ្យភ្នាក់ងារអចលនទ្រព្យក្រពុលមុខ និងបាក់មុខច្រើនជាងគេ ក្នុងការចំណាយពេលវេលាផង ចំណាយថវិកាផង និងបាត់បង់ទំនុកចិត្តពីអតិថិជនរបស់ខ្លួនផង។

ការបង្កើនតម្លៃលើសពីតម្លៃដើម
មនុស្សភាគច្រើនលោភលន់ ពួកគេតែងតែចង់បានលុយច្រើន ដោយបានបង្កើនតម្លៃដី ឬអចលនទ្រពន្យនានា ដែលខ្លួនដាក់លក់ជូនអតិថិជន ហើយករណីបែបនេះនៅតែកើតមានជាហូរហែរ។

ប៉ុន្តែការបន្ថែមឬបង្កើនតម្លៃលើម្ចាស់អចលនទ្រព្យ មិនប្រាកដជាជោគជ័យនោះទេ ប៉ុន្តែពួកគេក៏ប្រឈមមុខនឹងភាពបរាជ័យ និងបាត់បង់ទំនុកចិត្តពីអតិថិជនផងដែរ។ ករ​ណីបែបនេះ ភ្នាក់ងារអចលនទ្រព្យបែបនេះ មិនសូវទទួលបានជោគជ័យក្នុងមុខអាជីព​របស់ខ្លួននោះទេ។

ការរំលោភលើកិច្ចសន្យា
ករណីបែបនេះ មានទាំងអ្នកទិញ និងអ្នកលក់ផងដែរ ប៉ុន្តែភាគច្រើនករណីបែបនេះកើតពីអ្នកលក់ច្រើនជាង ដោយសារដឹងថាតម្លៃអចលនទ្រព្យរបស់ខ្លួន នឹងឡើងថ្លៃបន្ថែមទៀត ឬមានអ្នកឲ្យតម្លៃខ្ពស់ជាង។
ការរំលោភលើកិច្ចសន្យាទិញលក់ គ្មានផលចំណេញអ្វីរវាងភាគីទាំងពីរ ក្រៅពីខាតពេលវេលា ខាតប្រាក់កាក់ និងសន្សំរឿងដាក់ខ្លួនប៉ុណ្ណោះ។

នៅមានករណីច្រើនទៀត ដែលគេហទំព័រ Propertyarea.asia នឹងដកស្រង់យកមកផ្សាយជូននាពេលបន្តបន្ទាប់ទៀតនាពេលខាងមុខនេះ៕

ក្រុមហ៊ុនចិនធំមួយគ្រោងពង្រីកការវិនិយោគលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូន ឆាងហឺ របស់វិនិយោគិនចិន គ្រោងពង្រីកការវិនិយោគលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន នាពេលខាងមុខ ស្របពេលដែលកម្ពុជាកំពុងត្រៀមស្វាគមន៍ទេសចរចិននៅត្រីមាសទី៤ ឆ្នាំ២០២១នេះ សម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំង តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ១៩។

លោកបណ្ឌិតសុខ សុក្រឹត្យាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយលោក ឈិន វិនស៊ឹង (Chen Wensheng) អនុប្រធានសមាគមពាណិជ្ជកម្មហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន ឆាងហឺ ប្រចាំនៅកម្ពុជា។

លោកឈិន វិនស៊ឹងបានលើកឡើងថា “ក្រុមហ៊ុនលោកមានគម្រោងពង្រីកការវិនិយោគ ទៅលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន នាពេលខាងមុខ និងបានលើកសំណើក្នុងការផ្តល់កិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងនេះផងដែរ”។

ជាមួយគ្នានេះដែរ លោកបណ្ឌិតសុខ សុក្រឹត្យាបានស្នើភាគីចិនបន្តជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគលើសេវាកម្មផ្សេងៗទៀត ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតជាពិសេស ខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រោះជាគោលដៅដែលមានសក្តានុពលទេសចរណ៍ខ្ពស់។

លោកបណ្ឌិតបានបន្ថែមថា កម្ពុជាគ្រោងនឹងបើកទទួលស្វាគមន៍ទេសចរចិននៅត្រីមាសទី៤ ឆ្នាំ២០២១នេះ សម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំង បានពេញលេញ តាមរយៈ កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ។

ក្នុងនោះដែរលោកឈិន វិនស៊ឹង (Chen Wensheng) ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សានូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ ហើយលោកឈិន វិនស៊ឹង បានសន្យាថានឹងខិតខំជួយជំរុញអ្នកវិនិយោគ និងទេសចរចិនឱ្យមកវិនិយោគ ក្នុងវិស័យទេសចរណ៍ វិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងទៀត នាពេលដ៏ខ្លីខាងមុខនេះ។

រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានអនុម័តដាក់ ឱ្យអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២០-២០២៥) ដោយផ្តោតចក្ខុវិស័យក្នុងការកែទម្រង់វិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយយកមកវិញនូវចំនួនទេសចរចិនចំនួន២លាននាក់ ក្នុងឆ្នាំ២០២៣ខាងមុខនេះ៕

តើកត្តាអ្វីខ្លះជំរុញឱ្យខណ្ឌសែនសុខក្លាយជាជម្រើសទី១សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្ទាល់ដី?

ដោយៈ ប៊ី

ភ្នំពេញៈ ខណ្ឌសែនសុខត្រូវបានមើលមានសន្ទុះលើតម្រូវការអចលនទ្រព្យយ៉ាងឆាប់រហ័ស ពិសេសអភិវឌ្ឍលើវិស័យបុរីលំនៅដ្ឋាន ហើយលក្ខណៈភូមិសាស្ត្រពិសេស នៅក្នុងខណ្ឌនេះជំរុញឱ្យតំបន់ក្លាយជម្រើសទី១សម្រាប់ការអភិវឌ្ឍន៍លំនៅដ្ឋាន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីថ្មីៗនេះបានឱ្យដឹងថា ខ័ណ្ឌសែនសុខ នៅតែជាជម្រើសទី១ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋានផ្ទាល់ដីជាច្រើន ដោយសារតែផ្ទៃរៀបស្មើដ៏ធំទូលាយរបស់ខ័ណ្ឌមួយនេះ ការរីកចម្រើននូវបណ្ដាញផ្លូវថ្នល់ និងការកើនឡើងវត្តមានស្ថាប័ន សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម ដែលជម្រុញឱ្យមានចលនាសកម្មភាពសេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់។

ខ័ណ្ឌច្បារអំពៅ ដែលស្ថិតនៅម្ខាងទៀតនៃទីក្រុងភ្នំពេញ ឈរនៅលេខរៀងឆ្ងាយទី២ សម្រាប់ការផ្គត់ផ្គង់គេហដ្ឋាននាពេលបច្ចុប្បន្ន។ ខ័ណ្ឌដែលមានលក្ខណៈជ្រោយកោះមួយនេះ ជាទិសដៅប្រកបដោយភាពពេញនិយម សម្រាប់អ្នកអភិវឌ្ឍបុរី។ ទោះបីជាយ៉ាងណាក៏ដោយ ខ័ណ្ឌដង្កោរ នឹងវ៉ាដាច់ខ័ណ្ឌច្បារអំពៅ សម្រាប់ការផ្គត់ផ្គង់លំនៅដ្ឋាន បើសិនជារាល់គម្រោង ដែលត្រូវបានចុះបញ្ជីរទាំងអស់ក្នុងខ័ណ្ឌមួយនេះ ត្រូវបានបញ្ចប់។

លោកស្រី តាំង ហួរនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានថ្លែងប្រាប់ថា បច្ចុប្បន្នខណ្ឌសែនសុខ បានប្រែក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់រួចទៅហើយ ព្រោះតំបន់នេះបានបំពេញ ទៅដោយគម្រោងបុរីលំនៅដ្ឋានធំៗ ក៏ដូចជាបណ្តុំលំនៅដ្ឋានកម្រិតខ្ពស់ រួមជាមួយវត្តមាននៃអគារខ្ពស់ៗ ដែលបម្រើឱ្យវិស័យពាណិជ្ជកម្ម។

លោកស្រីបញ្ជាក់ថា “កាលពីមុនតំបន់ខណ្ឌសែនសុខ សម្បូរទៅនឹងការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ប៉ុន្តែឥលូវខុសពីមុន”។

លោកស្រីបានបន្តថា “ការវិនិយោគលើគម្រោងលំនៅដ្ឋានកម្រិតមធ្យមនៅតំបន់នេះ លែងមានទៀតហើយ ប៉ុន្តែសម្រាប់គម្រោងមជ្ឈមណ្ឌល ពាណិជ្ជកម្មគឺនៅមានឱកាស ជាពិសេសវិស័យខុនដូកម្រិតមធ្យម ដោយសារតែតម្លៃដីនៅតំបន់ខណ្ឌនេះ បានឡើងខ្ពស់ផុតពីកម្រិតនៃការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតទាប ឬក្រោមមធ្យមនោះទៀតហើយ”។

ទិន្នន័យដែលចេញផ្សាយដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងឆមាសទី១ ឆ្នាំ ២០២០ នេះមានតម្លៃជាង៣,៨៤ពាន់លានដុល្លារ កើនឡើង១៣,២៦ ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំមុន។ នៅក្នុងឆមាសទី១ ឆ្នាំនេះការស្នើសុំគម្រោងវិនិយោគលើវិស័យសំណង់មានចំនួន២ ៥២២គម្រោង កើនឡើង៤៧៥ ធៀបនឹងឆមាសទី ១ ឆ្នាំមុនមានចំនួន២ ០៤៧គម្រោង៕

ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីជំរុញការលក់ផលិតផលខ្មែរ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មនឹងដាក់ដំណើរការផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (CambodiaTrade) ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។

ផ្សារនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច និងមធ្យម។

បច្ចុប្បន្ននេះ ផ្សារត្រូវបានបើកសម្រាប់ការចុះឈ្មោះជាមុនទៅដល់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់លក់ផលិតផលនៅលើទីផ្សារ។

ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះបាន សហគ្រាសធុនតូច និងមធ្យមត្រូវតែបំពេញតាមលក្ខន្តិកៈដូចខាងក្រោម៖ ទី១ ជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម ទី២ មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព និងទី៣ លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា៕

សិង្ហបុរីត្រៀមបញ្ចេញទុន១,៨ពាន់លានដុល្លារលើកម្មវិធីវិនិយោគបៃតង

ដោយៈ គៀតឈូ

ភ្នំពេញៈ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS)បានឱ្យដឹងពីថ្ងៃទី៩ ខែមិថុនានេះថា ខ្លួននឹងវិនិយោគ១,៨ពាន់លានដុល្លារអាមេរិក (ប្រហែល ២,៤ ពាន់លានដុល្លារសិង្ហបុរី) ដើម្បីចាប់ឱកាសវិនិយោគទាក់ទងនឹងអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

នាយកគ្រប់គ្រង MAS លោក Ravi Menon បានប្រកាសថា ទុនវិនិយោគនេះនឹងត្រូវដាក់ចេញ ក្រោមកម្មវិធីវិនិយោគបៃតង (GIP) ដើម្បីផ្តោតលើការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
លោកបានបន្ថែមថា “កម្មវិធី GIP នឹងជួយលើកកម្ពស់ភាពធន់នឹងអាកាសធាតុ ទាក់ទាញស្ថាប័នគ្រប់គ្រងហិរញ្ញវត្ថុផ្នែកបរិស្ថានមកសិង្ហបុរី និងការផ្តល់មូលនិធិជួយដល់គម្រោងប្រកបដោយនិរន្តរភាពបរិស្ថាននៅក្នុងតំបន់អាស៊ី និងតំបន់ដទៃទៀត។

ស្ថាប័នគ្រប់គ្រង ដែលត្រូវបានតែងតាំងដោយអាជ្ញាធរសិង្ហបុរីទាំងនេះ នឹងបង្កើតមណ្ឌលបរិស្ថានប្រកបដោយនិរន្តរភាពក្នុងនៅសិង្ហបុរី ហើយពួកគេនឹងចាប់ផ្តើមដាក់ចេញមូលនិធិថ្មី ដែលផ្តោតលើអភិបាលកិច្ចបរិស្ថាន សង្គម និងសាជីវកម្ម (ESG) ។

ស្ថាប័នទាំងនេះក៏នឹងកសាងសមត្ថភាពហិរញ្ញវត្ថុបៃតងតាមរយៈកម្មវិធីបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាបង្កើតការស្រាវជ្រាវកាន់តែស៊ីជម្រៅលើកិច្ចខិតខំប្រឹងប្រែងបច្ចេកវិទ្យាហិរញ្ញវត្ថុបៃតង។

កម្មវិធី GIP ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើន ដែលបានលើកឡើងនៅក្នុងរបាយការណ៍ស្តីពីនិរន្តរភាព ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តស្តីពីការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន។

លោក Menon បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរអាកាសធាតុបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់វិស័យហិរញ្ញវត្ថុ។ វិស័យនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

លោកបានបន្តថា “ហិរញ្ញវត្ថុគឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាអនាគតប្រកបដោយនិរន្តរភាព ហើយវាអាចគាំទ្រដល់ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចដែលប្រើកាបូនតិច តាមរយៈការចាក់បញ្ចូលដើមទុនទៅក្នុងបច្ចេកវិទ្យាបៃតង និងហេដ្ឋារចនាសម្ព័ន្ធ”៕

គម្រោងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជតម្លៃ១,៧លានដុល្លារនឹងចូលរួមអភិវឌ្ឍន៍វិស័យវារីវប្បកម្មកម្ពុជា

ភ្នំពេញ ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននិងកំពុងសាងសង់ស្ថានីយ៍ផលិតកូនត្រីពូជមួយកន្លែងលើផ្ទៃដីទំហំ ១០,៤ហិកតា នៅភូមិបាដើម សង្កាត់សាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមគម្រោងហិរញ្ញប្បទានធនាគារពិភពលោក (M-IWRMP3-C1) ចំនួន មួយលានពីរប្រាំសែនដុល្លារអាមេរិក ។គម្រោងនេះ នឹងជូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យវារីវប្បកម្មកម្ពុជា ហើយវានឹងអាចកាត់បន្ថយបាននូវការនាំចូលផលិតផលវារីវប្បកម្មពីបរទេសមកក្នុងស្រុកផងដែរ ។

យោងតាមការបង្ហោះព័ត៌មានរបស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា សំណង់នេះមានទ្រង់ទ្រាយធំ ដែលបានរៀបចំទៅតាមរចនាបទ និងបច្ចេកទេសខ្ពស់ បំពាក់ដោយឧបករណ៍ សម្ភារៈបរិក្ខារទំនើបៗសម្រាប់ដំណើរការ។ ស្ថានីយនេះនឹងបម្រើដល់ការសិក្សាស្រាវជ្រាវ បង្កាត់ភ្ញាស់ ប្រភេទត្រីកំពុងរងគ្រោះថ្នាក់ និងផ្គត់ផ្គង់កូនត្រីពូជ ដែលមានតម្លៃសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។

លោកបន្តថាស្ថានីយ៍ផលិតកូនត្រីពូជនេះ មានស្រះមេអាចស្ដុកទឹកបាន ២០.១៤០ ម៉ែត្រត្រីគុណ ដែលយកប្រភពទឹកពីទន្លេសេកុង ដោយប្រើម៉ូទ័របូមទឹកចំនួន៣គ្រឿង និងមានស្រះកូនត្រីចំនួន១២ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះត្រីមេពូជចំនួន៦ទៀត មានប្រព័ន្ធប្រឡាយបញ្ចេញនិងបញ្ចូលទឹក ស្រះចម្រោះទឹកកខ្វក់និងកាកសំណល់ ដើម្បីកែលម្អរគុណភាពទឹក សម្រាប់ប្រើប្រាស់ឡើងវិញ និងការការពារបរិស្ថាន ដោយមិនបង្ហូរផ្ទាល់ចូលទៅក្នុងទន្លេ និងមានទំនប់ការពារទឹកជំនន់ដែលអាចកើតឡើងជាយថាហេតុ ។

លោកបន្ថែមថា ស្ថានីយ៍នេះ មានអគារសម្រាប់ការងារពិសោធន៍ស្រាវជ្រាវ បណ្ដុះបណ្ដាល ការិយាល័យ បណ្ណាល័យ អគារបង្កាត់ ភ្ញាស់ និងថែបំប៉នកូនត្រីចំនួន៦ ព្រមទាំងអគារស្នាក់នៅ សម្រាប់មន្ត្រីរាជការ និស្សិត និងកម្មករ។ ក្នុងស្ថានីយ៍នេះ ក៏បានសាងសង់ឃ្លាំងផ្ទុកសម្ភារ ឃ្លាំងស្ដុកចំណី រោងម៉ាស៊ីនភ្លើង ប្រព័ន្ធផ្លូវបេតុង និង បណ្ដាញអគ្គិសនី ចំណតរថយន្ត របងការពារ រោងយាម និងអណ្តូងទឹកស្អាត។

លោកបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ១៩កំពុងរាលដាលឆ្លងក្នុងសហគមន៍ក៏ដោយ ក៏រដ្ឋបាលជលផលបាននិងកំពុងជំរុញការសាងសង់ស្ថានីយ៍នេះ ឱ្យបានរួចរាល់ជាស្ថាពរនៅខែតុលាឆ្នាំ២០២១ តាមការគ្រោងទុក។
ស្ថានីយ៍នេះនឹងមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសការអភិវឌ្ឍវារីវប្បកម្មនៅភូមិភាគ ឦសាន និងធនធានជលផលទឹកសាប ។

World Bankព្យាករថាសេដ្ឋកិច្ចពិភពលោកនឹងទទួលបានកំណើន៥,៦%ក្នុងឆ្នាំនេះដែលជាអត្រាល្អបំផុតចាប់តាំងពីឆ្នាំ១៩៧៣

ដោយៈ សុខុម

សេអ៊ូល: ធនាគារពិភពលោក (World Bank) បានធ្វើការព្យាករជាថ្មីថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងកញ្ចប់ថវិកាយ៉ាងធំសម្បើមសម្រាប់ស្ដារសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសអ្នកមាន នឹងជួយជំរុញឱ្យសេដ្ឋកិច្ចពិភពលោកទទួលបានកំណើនលឿនបំផុតក្នុងរយៈពេលជិត៥ទសវត្សរ៍មកនេះ។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃទី៩ មិថុនា។

ក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនស្តីពីទស្សនវិស័យសេដ្ឋកិច្ចសកល (Global Economic Prospects) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៨ មិថុនា World Bank ដែលជាទីភ្នាក់ងារប្រឆាំងភាពក្រីក្រនៅក្នុងប្រទេសចំនួន១៨៩ បានព្យាករថា សេដ្ឋកិច្ចពិភពលោកនឹងទទួលបានកំណើន៥,៦%នៅឆ្នាំនេះ ពោលគឺកើនឡើងពី៤,១%ដែលខ្លួនបានព្យាករកាលពីខែមករា។

កាលពីឆ្នាំ២០២០ សេដ្ឋកិច្ចពិភពលោកបានដាំក្បាលចុះ៣,៥% នៅពេលដែលការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានសកម្មភាពសេដ្ឋកិច្ចរាំងស្ទះ និងបង្ខំឱ្យអាជីវកម្មនានាបិទទ្វារ ហើយមនុស្សសម្ងំនៅតែក្នុងផ្ទះ។

ប្រសិនបើដូចការព្យាករទុកមែន កំណើននេះនឹងធ្វើឱ្យឆ្នាំ២០២១ ក្លាយជាឆ្នាំដែលទទួលបានកំណើនលឿនបំផុតចាប់តាំងពីឆ្នាំ១៩៧៣ ដែលកាលនោះទទួលបានកំណើន៦,៦%។

ទោះជាយ៉ាងណា World Bank ព្យាករថា ការងើបឡើងនៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ នេះនឹងមិនស្មើគ្នាឡើយ ព្រោះបណ្ដាប្រទេសអ្នកមានដូចជាហរដ្ឋអាមេរិក ជាដើមមានលទ្ធភាពចំណាយប្រាក់របស់អ្នកជាប់ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន។

ធនាគារនេះលើកឡើងថា ៩០%នៃបណ្ដាសេដ្ឋកិច្ចជឿនលឿននឹងអាចវិលទៅរកស្ថានភាពមុនពេលផ្ទុះវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២២ បើគិតជាប្រាក់ចំណូលក្នុងមនុស្សម្នាក់ ចំណែកឯបណ្ដាប្រទេសកំពុងអភិឌ្ឍន៍មានតែ១ភាគ៣ប៉ុណ្ណោះ។

World Bank កំពុងអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងកូវីដ-១៩ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបឱ្យកាន់តែទូលំទូលាយ ព្រោះអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសទាំងនោះមានសន្ទុះយឺត។

ធនាគារនេះរំពឹងថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នឹងទទួលបានកំណើន៦,៨%នៅឆ្នាំ២០២១ ដោយកើនឡើងពី៣,៥%ដែលខ្លួនបានព្យាករកាលពីខែមករា។ សេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះបានដាំក្បាលចុះ៣.៥%កាលពីឆ្នាំ២០២០ នៅពេលដែលវិបត្តិកូវីដ-១៩ បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនានាស្ទើរតែជាប់គាំងទាំងស្រុងអំឡុងរដូវផ្ការីក។

ទោះជាយ៉ាងណា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងគំហុក រួមជាមួយអត្រាការប្រាក់ទាប និងការចំណាយយ៉ាងធំសម្បើមរបស់រដ្ឋាភិបាលបានធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញយ៉ាងឆាប់រហ័ស។

តាមការព្យាករថា មហាយក្សចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក និងជាប្រទេសទី១ ដែលងើបផុតពីការដាំក្បាលចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ-១៩ នឹងទទួលបានកំណើន៨,៥%ក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានកំណើនត្រឹមតែ២,៣%កាលពីឆ្នាំ២០២០។

ប្រទេសចំនួន១៩នៅអឺរ៉ុប ដែលប្រើរូបិយប័ណ្ណអឺរ៉ូ រួមគ្នាត្រូវបានរំពឹងថានឹងទទួលបានកំណើន៤,២% ក្រោយដាំក្បាលចុះ៦,៦%កាលពីឆ្នាំមុន។ ហើយប្រទេសជប៉ុន ត្រូវបានព្យាករថានឹងទទួលបានកំណើន២,៩%នៅឆ្នាំនេះ បន្ទាប់ពីទិន្នផលសេដ្ឋកិច្ចបានដាំក្បាលចុះ៤,៧%កាលពីឆ្នាំមុន៕