តើកត្តាអ្វីខ្លះធ្វើឲ្យទីផ្សារអចលនទ្រព្យមានភាពប្រែប្រួល?

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តម្លៃអចលនទ្រព្យមានការប្រែប្រួលខុសៗគ្នា បើទោះបីជាអចលនទ្រព្យនោះស្ថិតនៅក្នុងទីតាំងតែមួយ ក្នុងសង្កាត់ឬខណ្ឌតែមួយក្ដី មិនថាជាដីធ្លី ផ្ទះឬអចលនទ្រព្យផ្សេងៗទៀតឡើយ ។

តើកត្តាអ្វីខ្លះ ដែលបានជំរុញឱ្យអចលនទ្រព្យ មានការប្រែប្រួលតម្លៃខុសៗគ្នាបែបនេះ?។

លោកឧកញ៉ា ចេង ខេងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិលបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៨ កក្កដានេះថា អចលនវត្ថុមានច្រើនប្រភេទដូចជាប្រភេទ អាជីវកម្ម ពាណិជ្ជកម្ម កសិកម្ម និងលំនៅឋានជាដើម ដូច្នេះអចលនវត្ថុទាំអស់នេះគឺសុទ្ធតែមានតម្លៃ ហើយមានកត្តាជាច្រើន ធ្វើឱ្យប៉ះពាល់ដល់តម្លៃរបស់វា ដូច្នេះហើយមុននឹងយើងធ្វើការវិនិយោគទៅលើប្រភេទ នៃអចលនវត្ថុទាំងអស់នេះគឺយើងត្រូវសិក្សាជាមុនសិន ។

លោកបន្តថា “អចលនវត្ថុគឺសំខាន់ណាស់ទៅលើទីតាំង ។អចលនវត្ថុនោះស្ថិតនៅតំបន់ណា ទីតាំងណាហើយមានផ្លូវទៅដល់ណា មានទំហំប៉ុណ្ណា ហើយការធ្វើដំណើរទៅដល់ទីតាំងអចលនវត្ថុនោះប្រើពេលប៉ុន្មាន និងស្ថិតនៅក្នុងតំបន់ដែលមានសក្ដានុពលខ្លាំងប៉ុន្មាន តម្លៃវាប៉ុន្មានដែរ”។

លោកបន្តថា មួយវិញទៀត តម្លៃអចលនទ្រព្យទាំងអស់មានការប្រែប្រួល ក៏ពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ មានទឹកភ្លើងហើយឬនៅ ហើយវាជាតំបន់លិចទឹកដែរទេ នៅពេលវាភ្លៀង។ មជ្ឈដ្ឋានជុំវិញក៏សំខាន់ណាស់ដែរ ចំពោះបម្រែបម្រួលសម្រាប់តម្លៃអចល​នទ្រព្យ ទោះបីអចលនវត្ថុនោះស្ថិតនៅក្នុងតំបន់មួយល្អក៏ដោយ ប៉ុន្តែបើមជ្ឈដ្ឋានជុំវិញអចលនវត្ថុនោះ មានភាពអាណាធិបតេយ្យ អសុវត្ថិភាព ក្នុងការរស់នៅ ក៏ធ្វើឱ្យតម្លៃអចលនវត្ថុខុសពីតម្លៃទីផ្សារជុំវិញផងដែរ ។

លោកឧកញ៉ាចេង ខេងបានបន្ថែមថា មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លីតំបន់នោះ ត្រូវសួរខ្លួនឯងថាតើវិនិយោគដើម្បីទុកចំណេញ ឬដើម្បីទុកអភិវឌ្ឍន៍ជាបុរីឬអភិវឌ្ឍន៍ជាអ្វីមួយ។ មុននឹងសម្រេចចិត្តវិនិយោគលើដីធ្លី ត្រូវមើលថាតើតំបន់នោះ នឹងមានសក្ដានុពលនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ហើយចំណេញប៉ុន្មានភាគរយ ។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា លើកឡើងផងថា តម្លៃអចលនទ្រព្យក៏មានការប្រែប្រួល ទៅតាមតម្រូវការជាក់ស្ដែង ការអភិវឌ្ឍនៅជុំវិញតំបន់នោះ ។ ម្យ៉ាងទៀតការពង្រីកទីក្រុង កាន់តែធំក៏ធ្វើឱ្យតម្លៃអចលនទ្រព្យ ក៏មានការប្រែប្រួលឡើងថ្លៃជាងមុនជាបន្តបន្ទាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here