សម្ដេចតេជោដាក់ចេញបទបញ្ជាឱ្យអភិបាលខេត្តនានាកែសម្រួលវិធានការធ្វើចត្តាឡីស័កលើការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ

ដោយៈ លក្ខិណា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាជាបន្ទាន់ឱ្យអភិបាលខេត្តត្រូវពិនិត្យនិងកែប្រែឡើងវិញចំពោះ សេចក្តីសម្រេចរឹតបន្តឹងជ្រុលចំពោះពលរដ្ឋត្រលប់ចូលខេត្តវិញ ។

សាររបស់សម្ដេចបានប្រកាសជាបន្ទាន់ក្រោយពេលអភិបាលខេត្តមួយចំនួនបានប្រកាសតម្រូវឱ្យពលរដ្ឋចូលក្នុងខេត្តរបស់ខ្លួនធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃ ។សម្ដេចមានប្រសាសន៍ថា ការធ្វើបែបនេះគឺវាមិនខុសពីការការបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ ហើយដូចជាបិទប្រទេសបិទក្រុងបិទតំបន់និងហាក់បីដូចជាពលរដ្ឋឆ្លងប្រទេសទៅប្រទេសមួយទៀតអញ្ចឹងដែរ ។

សម្ដេចតេជោបានមានប្រសាសន៍បន្តថា យើងត្រូវបន្តគ្រប់គ្រងនិងធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យថាមានហានិភ័យថាមានផ្ទុកកូវីដ១៩ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក តែមិនមែនធ្វើចំពោះពលរដ្ឋដែលឆ្លងខេត្តចំពោះខ្លួននោះទេ។ សម្ដេចមានប្រសាសន៍ថា “ខេត្តណាដែលបានចេញសេចក្តីសម្រេចហើយ សូមកែប្រែសេចក្តីសម្រេចនោះជាបន្ទាន់និងឱ្យមានការចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែនសំដៅ មិនឱ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាកនិងនាំទៅដល់ការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ”។

សម្ដេចមានប្រសាសន៍បន្ថែមថា បើសិនជាខេត្តនោះតម្រូវឱ្យអ្នកចូលខេត្តខ្លួនធ្វើចត្តាឡីស័កហើយខេត្តផ្សេងៗធ្វើដូច្នេះដែរ បើអញ្ចឹងមិនបាច់រកស៊ីអីទេ ចត្តាលីស័ក១៤ថ្ងៃ គឺខាតពេលខាតវេលារកស៊ីហើយក៏មិនខុសពីការបិទប្រទេសឡើងវិញដែរ និងធ្វើឱ្យគាំងក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋជាដើម ។

កាលពីព្រឹកមិញនេះ មានខេត្តពីរបានប្រកាសតម្រូវឱ្យអ្នកដែលចូលខេត្តខ្លួនត្រូវធ្វើចត្តាឡីស័ក១៤គឺខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង ដូច្នេះសម្ដេចបញ្ជាឱ្យខេត្តទាំងពីរនេះ កែសម្រួលសេចក្តីសម្រេចរបស់ខ្លួន ដែលអាចធ្វើឱ្យសេចក្តីសម្រេចនេះជ្រុលហួសនាំទៅដល់ការរំខានដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងប៉ះពាល់សេដ្ឋកិច្ចបន្ថែមទៀត៕

ភាគហ៊ុននៅអាស៊ី ហក់ឡើងខ្ពស់ដោយសារចំណាត់ការរបស់មហាយក្សចិន ជាមួយអូស្ត្រាលី

ដោយ:សុខុម

គូឡាឡាំពួ: យោងតាមសារព័ត៌មាន The Edge Markets ឱ្យដឹងថា ភាគហ៊ុន និងតម្លៃទំនិញនៅតំបន់អាស៊ី បានហក់ឡើងខ្ពស់នៅថ្ងៃព្រហស្បតិ៍ ទី៦ ឧសភានេះ ស្របពេលមជ្ឈដ្ឋានសាធារណៈមានក្ដីសង្ឃឹមចំពោះការងើបឡើងនៃសេដ្ឋកិច្ច។

ការហក់ឡើងនេះកើតមានឡើង ខណៈរូបិយប័ណ្ណដុល្លារអូស្រ្តាលី ធ្លាក់ថ្លៃ បន្ទាប់ពីមហាយក្សចិន ប្រកាសថា ខ្លួននឹងឈប់ចរចារឿងសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលក្រុងកង់បេរ៉ា។

MSCI ដែលជាសន្ទស្សន៍ផ្សារភាគហ៊ុនធំបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រៅពីប្រទេសជប៉ុន បានហក់ឡើង០,២៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុនជប៉ុន Nikkei បានហក់ឡើង១,៨% នៅពេលវាបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃបុណ្យឈប់សម្រាករយៈពេល៥ថ្ងៃ។

ភាគហ៊ុនចិន ដែលបានបន្តការជួញដូរជាលើកដំបូងចាប់តាំងពីសប្តាហ៍មុនដែរនេះ ទទួលបានលទ្ធផលចម្រុះនៅក្នុងការជួញដូរដំបូង ដោយសន្ទស្សន៍ផ្សារភាគហ៊ុនក្រុងសៀងហៃ Shanghai Composite បានហក់ឡើង០,៤៥% ហើយសន្ទស្សន៍ផ្សារភាគហ៊ុន CSI300 បានដាំក្បាលចុះ០,២%។

នៅ Wall Street ដែលជាសង្កាត់ផ្សារភាគហ៊ុនដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ផ្សារភាគហ៊ុន Dow Jones កាលពីយប់មិញបានហក់ឡើង០,២៩% ចំណែកឯផ្សារភាគហ៊ុន S&P 500 បានហក់ឡើង០,០៧%។

ទោះជាយ៉ាងណា ផ្សារភាគហ៊ុន Nasdaq Composite បានដាំក្បាលចុះ០,៣៧%កាលពីថ្ងៃពុធ ទី៥ ឧសភា នៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាគ្រាក់ៗបានដាំក្បាលចុះ ក្រោយការធ្លាក់ចុះខ្លាំងកាលពីថ្ងៃអង្គារ ទី៤ ឧសភា។

ភាគហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់បានដាំក្បាលចុះ បន្ទាប់ពីសំណើរបស់លោកស្រី Janet Yellen រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក ដែលសុំឱ្យដំឡើងអត្រាការប្រាក់ប្រហែលជាមានភាពចាំបាច់ខ្លាំងដើម្បីបញ្ឈប់សេដ្ឋកិច្ចពីការរីកចម្រើនឆាប់រហ័សពេក។ ទោះជាយ៉ាងណា ក្រោយមកលោកស្រីបានលើកឡើងថា លោកស្រីមិនបាន “ព្យាករ ឬណែនាំ” ឱ្យដំឡើងអត្រាការប្រាក់ខែក្នុងរយៈពេលដ៏ខ្លីខាងមុខនេះឡើយ៕

ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់ ប្រជាពលរដ្ឋ​ហាក់​រីករាយ​ចេញ​ប្រកបការងារ​ធ្វើការ​ឡើងវិញ

ដោយៈ​វ​ឌ្ឈ​នៈ

ភ្នំពេញៈ នៅលើ​ដងផ្លូវ​ចរាចរណ៍​ង​វិញ ប្រជាពលរដ្ឋ​ហាក់​សប្បាយរីករាយ ជាមួយនឹង​ស្នាមញញឹម បន្ទាប់ពី​ពួកគេ​អាច​ចេញ​បំពេញការងារ ប្រកបមុខរបរ និង​ស្តារ​អាជីវកម្ម​ឡើងវិញ​បណ្តើរ។

ក្នុង​រយៈពេល៣សប្ដាហ៍​កន្លងទៅ​ផុត​ទៅ ដែលជា​ពេលវេលា​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទីបំផុត​រដ្ឋាភិបាល ក៏បាន​សម្រេច​បញ្ចប់​ការបិទ​ខ្ទប់​និង​អនុញ្ញាតឱ្យ​ពលរដ្ឋ​នៅ​តំបន់​លឿង ចេញ​ប្រកបការងារ​និង​ធ្វើការ​ឡើងវិញ ដែល​ធ្វើឱ្យ​ចរាចរណ៍​នៅ​ថ្ងៃ​ដំបូង​នៃ​ការបើក​ទីក្រុង​ឡើងវិញ ចាប់ផ្ដើម​មមាញឹកខ្លះៗដោយ​តំបន់។

កញ្ញា​ឡុង រចនា បុគ្គលិក​ធ្វើការ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​និយាយថា បន្ទាប់ពី​រដ្ឋាភិបាល​បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ រយៈពេល៣សប្ដាហ៍​តាំងពី​ចូលឆ្នាំ​ខ្មែរ​មក កញ្ញា និង​សមាជិកគ្រួសារ ក្នុងផ្ទះ​មិនបាន​ចេញទៅ​ណា​នោះទេ ក្រៅតែពី​ចេញទៅ​ចាក់​វ៉ាក់សាំង និង​ទិញ​ស្បៀង​នៅជិតៗផ្ទះ។

កញ្ញា​បន្តថា “វា​ពិតជា​គួរឱ្យ​ធុញ​ខ្លាំងណាស់ ដែល​ត្រូវ​សំងំ​នៅក្នុង​ផ្ទះមួយថ្ងៃៗដោយ​មិន​បានធ្វើ​អ្វី ប៉ុន្តែ​ពេលនេះ​អា​រ្ម​ណ៍​ហាក់​ធូរស្រាល​បន្តិច។ កញ្ញា​បន្តថា “ក្រោយពេល​រដ្ឋាភិបាល​ប្រកាស​បើក​ឡើងវិញ​នៅថ្ងៃនេះ កញ្ញា​ក៏បាន​ចាក​ចេញពីផ្ទះ​និង​បានចាប់ផ្ដើម​បំពេញការងារ​ឡើងវិញ បន្ទាប់ពី​ខកខាន​ជិត​មួយខែ​កន្លងមក” ។

នៅ​ថ្ងៃ​ដំបូង​នៃ​ការបើក​ក្រុង​នេះ កញ្ញា​បាន​សង្កេតឃើញ តំបន់​មួយចំនួន​នៅ​បិទ​ដដែល ហើយ​ទីតាំង​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់ ដើម្បី​ទៅកាន់​ធ្វើការ​ក៏​មិន​អនុញ្ញាតឱ្យ​ឆ្លងកាត់​ដូច្នេះ​កញ្ញា​ត្រូវ​ជិះ​ទៅរក​ផ្លូវ​វាង ដើម្បី​បាន​ទៅ​ការិយាល័យ​ធ្វើការ ។

ដោយឡែក​ម្ចាស់​ភោជនីយដ្ឋាន​មួយកន្លែង នៅ​ជិត​ផ្សារ​កំបូល​ក្នុង​ខណ្ឌ​កំបូល​ក៏បាន​ឱ្យដឹងថា ចាប់តាំងពី​បិទ​ខ្ទប់​ភ្នំពេញ​មក អាជ្ញាធរ​ក៏បាន​ចុះ​បិទផ្លូវ​ច្រកចេញចូល​តូចធំ​នៅក្នុង​តំបន់ ធ្វើឱ្យ​ការលក់ដូរ​មិន​ដាច់​ឡើយ ក៏ត្រូវ​បង្ខំចិត្ត​បិទទ្វារ​មួយរយៈ។ ក្រោយ​ពេលដែល​រដ្ឋាភិបាល ប្រកាស​បើកផ្លូវ​និង​បញ្ចប់​ការបិទ​ខ្ទប់​នោះ លោក​ក៏បាន​ចាប់​បើក​ដំណើរការ​ឡើងវិញ ជាមួយ​ការ​កុម្ម៉ង់​ខ្ចប់​តែប៉ុណ្ណោះ ហើយ​ក៏មាន​ភ្ញៀវ​មក​ទិញ​ខ្ចប់​ជា​ហូរហែរ គ្រាន់​បាន​ចំណូល​ខ្លះ​សម្រាប់​បើក​ជូន​បុគ្គលិក​របស់ខ្លួន។

ទោះជា​យ៉ាងណា​អាជ្ញាធរ នៅតែ​ជំរុញ​ឲ្យ​ប្រជា​ពល​ដ្ឋ​បង្ការ​ហានិភ័យ នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅផ្ទះ បើ​មិនចាំបាច់ និង​អនុវត្តន៍​តាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​អនុវត្តន៍​នួវ​គោលការណ៍៣កុំ និង៣ការពារ៕

រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង ដើម្បី​បង្កើត​ភាពសាំ​សង្គម និង​សេដ្ឋកិច្ច

ដោយៈ​គង់ ម៉ា​លីន

ភ្នំពេញៈ រាជរដ្ឋាភិបាល បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១

យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ទទួលបាន​នា​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ “ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១” ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​ការចរចា និង​ការពិគ្រោះ​យោបល់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវ​ដ៏-១៩ ត្រូវយក “ផែនការ​យុទ្ធសាស្ត្រ​យុទ្ធ នា ការ​ជាតិ​ប៉ាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ សំដៅ​បង្កើត​ឱ្យបាន​ភាពស៊ាំ​សង្គម-សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២១” ទៅ​រៀបចំ​ជា​ផែនការ​លម្អិត សម្រាប់​អនុវត្ត​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់” ៕

 

ការស្ថាបនាផ្លូវទាំង៣៨ខ្សែតម្លៃ១៤០លានដុល្លារនៅក្រុងសៀមរាបសម្រេចបាន៣០ភាគរយ ខណៈអាជ្ញាធរជំរុញការពង្រឹងគុណភាព

          ដោយៈគង់ សូរិយា

          សៀមរាបៈ ការស្ថាបនាផ្លូវចំនួន៣៨ខ្សែ ដើម្បីលើកកំពស់សោភ័ណភាពទូទាំងក្រុងសៀមរាប សម្រេចបានប្រមាណ៣០ភាគរយហើយ ស្របពេលអាជ្ញាធរដាក់ចេញវិធានការណ៍ចំនួន៤ចំណុច ដើម្បីពង្រឹងគុណភាពផ្លូវនេះ។

រដ្ឋបាលខេត្តសៀមរាបនាថ្ងៃទី៤ ឧសភាកន្លងមក បានចេញគោលការណ៍ថ្មី៤ចំនុចធំៗ ដាក់ឱ្យដល់អាជ្ញាធរមូលដ្ឋាន ក្រុមការងារស្ថាបនា និងម្ចាស់សំណង់ អនុវត្ត ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពការដ្ឋានផ្លូវ៣៨ ខ្សែនៅសៀមរាប។

អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៦លោក ង៉ាន់ ភិរុណបានមានប្រសាសន៍ឲ្យដឹងថា គោលការណ៍ទាំង ៤ចំនុច នោះ រួមមាន ទី១-ក្រុមការងារទាំងអស់ត្រូវពិនិត្យ តាមដាន និងវាយតម្លៃបញ្ហាបច្ចេកទេសសាងសង់ ជាប្រចាំ។ លើសពីនេះ គ្រប់អង្គភាពសាងសង់ទាំងអស់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដើម្បីចូលរួមកាត់បន្ថយភាពខ្ជះខ្ជាយថវិកាជាតិ និង ពេលវេលា ។

ទី២-រដ្ឋបាលសង្កាត់ត្រូវជួយសម្របសម្រួល លើការងារដាក់ពាក្យស្នើសុំភ្ជាប់ប ណ្តាញលូទឹកស្អុយរបស់ប្រជាពលរដ្ឋ ដោយបើកឱ្យអង្គភាពលូបានចូល ទៅផ្សព្វផ្សាយ និងចែកពាក្យស្នើសុំ។ ទី៣-ត្រូវពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ និងអនុវត្តតាមស្តង់ដាបច្ចេកទេស ធ្វើយ៉ាងណាឱ្យការងារសម្រេចបានទាន់ពេលវេលា។ ទី៤-ពន្លឿនដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់។ កន្លងមក ៤ ទីតាំង បានដោះស្រាយរួចរាល់ និង ១ ទីតាំងទៀត ត្រូវស្នើសុំគោលការណ៍បន្តពីថ្នាក់ដឹកនាំ។

គម្រោងស្ថាបនារផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខនេះ៕

បើគិតត្រឹមខែមីនា ឆ្នាំ២០២១ គម្រោងនេះសម្រេចបានប្រមាណជាង៣០% ហើយ។

ក្រសួងសាធារណៈការបង្ហាញអត្ថន័យគំនូសព៌ណលឿងដែលអ្នកធ្វើដំណើរ គួរស្វែងយល់

          ដោយគង់ សូរិយា

          ភ្នំពេញៈ តាមអម្មតានៅលើទ្រូងផ្លូវ តែងតែមានគំនូសជាច្រើនដែលអ្នកធ្វើដំណើរខ្លះដឹង និងខ្លះមិនដឹងពីអត្ថន័យរបស់វា។ ថ្ងៃនេះក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន​បង្ហាញពីអត្ថន័យគំនូសព៌ណលឿនលើទ្រូងផ្លូវ។

តើអ្នកដឹងទេថាគំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ (SINGLE YELLOW SOLID LINE) មានន័យដូចម្តេច​​ និងប្រើដើម្បីអ្វី ? ចម្លើយគំនូសសញ្ញាទោលជាប់ ពណ៌លឿង តាមបណ្ដោយទ្រូងផ្លូវ (SINGLE YELLOW SOLID LINE)។ ប្រើសំរាប់បែងចែកទ្រូងផ្លូវ ជាពីរទិសចរាចរផ្ទុយគ្នា និងហាមបើកបរជាន់ ឬឆ្លងកាត់ ។ គំនូសសញ្ញានេះ ប្រើលើផ្លូវដែលមានចរាចរធម្មតា។

ក្រសួងធ្វើការស្នើសុំបងប្អូនប្រជាពលរដ្ឋ សហការរាយការណ៍ តាមរយៈកម្មវិធីថែរ​ទាំផ្លូវ ( ROAD CARE Mobile App)​​ ក្នុងករណីឃើញមានគំនូសសញ្ញាចរាចររលុប ដើម្បីអាចឱ្យមន្រ្តីជំនាញ​​ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។

លើសពីនេះទៅទៀតបងប្អូនប្រជាពលរដ្ឋ ក៏អាចចូលរួមសហការរាយការណ៍ពីផ្លូវ​ដែលត្រូវជួសជុលថែទាំ និងសញ្ញាចរាចរបានផងដែរ។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យើង ​​ដើម្បី​​ធ្វើដំណើរបានងាយស្រួល​ និងមានសុវត្ថិភាព៕

 

សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្ម ក្រោយវិបត្តិកូវីដ១៩ ធូរស្រាល

ដោយៈ ម៉ាណេត

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជានឹងពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មឱ្យសម្រេចបានក្នុងឆ្នាំនេះ ដើម្បីដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្ម  បន្ទាប់វិបត្តិកូវីដ១៩ មានភាពធូរស្រាល។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នេះថា សភាពាណិជ្ជកម្មកម្ពុជាបានដាក់សំណើរទៅក្រសួងយុត្តិធម៌ ដើម្បីពន្លឿនដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មមុនព្រឹត្តិការណ៍២០ កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ប៉ុន្តែបន្ទាប់មកព្រឹត្តិការណ៍បានកើតឡើង ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការរៀបចំតុលាការពាណិជ្ជកម្មនេះ។

លោកឧកញ៉ាបានថ្លែងបន្តថា រហូតពេលនេះ ដំណើរការនៃការបង្កើតតុលាការនេះមិនទាន់ចេញជារូបរាងឡើយទេ ដោយសារតែវិបត្តិកូវីដ១៩ និងការកាត់បន្ថយចំនួនមន្ត្រីធ្វើការនៅពាក់ព័ន្ធ ដែលបណ្តាលមានឱ្យការរាំងស្ទះការងាររៀបចំតុលាការនេះ។

លោកឧកញ៉ាបានលើកឡើងថា នៅពេលស្ថានវិបត្តិកូវីដ១៩ មានភាពធូរស្រាល យើងនិងក្រសួងពាក់ព័ន្ធនឹងជំរុញការពន្លឿនការងារនេះឱ្យបានលឿន ដើម្បីសម្រួលផ្នែកច្បាប់ដល់វិវាទផ្សេងៗពាក់ព័ន្ធនឹងបញ្ហាក្នុងវិស័យធុរកិច្ចផ្សេងៗ និងពាណិជ្ជកម្មជាដើម។

លោកឧកញ៉ាបានលើកឡើងថា ឧទាហរណ៍ សមាជិកសភាពាជ្ជកម្មកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៍បុរី ជួបនឹងបណ្តឹងដោយមិនសមហេតុផល វាអាចធ្វើឱ្យរាំងស្ទះដល់គម្រោងនេះដែរ។

លោកឧកញ៉ាបានថ្លែងថា “នេះគឺជាអ្វីដែលយើងខ្លាចបំផុត ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហានេះ យើង ក្នុងនាមជាវិស័យឯកជន ចូលរួមពង្រឹងផ្នែកច្បាប់នេះ ហើយការកាត់ក្តីប្រកបដោយតម្លាភាព និងបច្ចេកទេសផ្នែកពាណិជ្ជកម្មផង ព្រោះកន្លងមក មានវិវាទអាជីវកម្មគឺត្រូវប្តឹងឡើងតុលាការទូទៅ ដូច្នេះវាមានភាពច្របូកច្របល់ ហើយរួមផ្សំជាមួយនឹងតុលាការខិលខូចមួយចំនួនតូច វាអាចបង្កជាបញ្ហា បង្កឱ្យក្តីនេះជាប់គាំងរាប់សិបឆ្នាំក៏មានដែរ”។

លោកបានឱ្យដឹងថា “យើងចង់បានតុលាការពាណិជ្ជកម្មមួយ ដែលដឹកនាំដោយប្រធានតុលាការ ដែលមានភាពយុត្តិធម៌ និងតម្លាភាព ហើយវាជាការទាក់ទាញវិនិយោគផងដែរ ប្រសិនបើយើងមានការអនុវត្តច្បាប់ត្រឹមត្រូវ ហើយវិនិយោគិនមិនមានការភ័យខ្លាចនឹងការដាក់ទុនកម្ពុជានោះទេ និងវាថែមបង្កើតទំនុកចិត្តដល់វិនិយោគិនផងដែរ”។

លោកស៊ាង ថៃរដ្ឋលេខាធិការ និង​ជា​មន្រ្តី​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្មមិនអាចសុំធ្វើការអត្ថាធិប្បាយបាននោះទេ ទាក់ទងនឹងដំណើរការនៃការរៀបចំតុលាការនេះ ដោយលើកឡើងថា កំពុងជាប់ប្រជុំ។

កាលពីដើមឆ្នាំនេះ ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការរៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ ដោយ​មាន​សមាសភាព​មន្ត្រីជំនាញច្បាប់ ដែល​ពាក់ព័ន្ធចំនួន២០រូប។ នេះបើតាម​សេចក្តីសម្រេច​​របស់​ក្រសួង​យុត្តិ​ធម៌​នៅថ្ងៃទី២១​មករា។ ស្ថាប័នយុត្តិធម៌ថ្មីមួយនេះ ​ត្រូវបានគេរំពឹងថា ជាយន្តការមួយ​ជួយ​ទាក់​ទាញ​អ្នក​វិនិយោគ​មកកម្ពុជាបន្ថែមទៀត។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ត្រូវបានដកស្រង់សម្តីចេញកាសែភ្នំពេញប៉ុស្តិ៍កាលពីដើមឆ្នាំនេះ ដោយបានលើកឡើង​ថា បើតាម​ច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​តុលាការ​កម្ពុជា​ឆ្នាំ​២០១៤ ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវបាន​បង្កើតឡើង​ហើយ​រួម​ជាមួយ​នឹង​តុលាការ​ព្រហ្មទណ្ឌ និង​តុលាការ​រដ្ឋប្បវេណី​។ ប៉ុន្តែ​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ មិនទាន់​អាចដាក់​ដំណើរការបាន​ដោយសារ​ខ្វះខាត​ធនធាន​មួយចំនួន ខណៈ​ក្រសួង​ជាប់​ធ្វើ​ការងារ​អាទិភាព​មួយចំនួន​។

លោក​បាន​ថ្លែងថា​ “​ទើបតែ​មក​ដល់​ពេល​នេះ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តមរដ្ឋមន្ត្រី​ថ្មី​គាត់​យកចិត្ត​ទុកដាក់​ក្នុង​ការធ្វើ​ម៉េច​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​តុលាការ​ទាំង​២ ​នេះ​តាមច្បាប់​ស្ដីពី​ការរៀបចំ​អង្គការ​ចាត់តាំង​តុលាការ​របស់​យើង​​ឱ្យបាន​ក្នុង​ដំណាច់ឆ្នាំ​ ២០២១ ​នេះ​»​។

លោក​បន្តថា តុលាការ​ទាំង​ ២ ​នេះ​មិន​ស្ថិតនៅ​ដាច់ដោយឡែក​ពី​តុលាការ​ធម្មតា​ដែល​មាន​ស្រាប់​នោះទេ គ្រាន់តែ​ចែកជា​ជំនាញ ដោយ​មាន​ការបែងចែក​ចៅក្រម​ជំនាញ​ទៅ​តាម​ជំនាញ ហើយ​បែងចែក​សំណុំរឿង​ទៅតាម​ប្រភេទ​សំណុំ​រឿង​។ កាលពី​កន្លងទៅ​សំណុំរឿង​វិវាទ​ពាណិជ្ជកម្ម និង​សំណុំ​វិវាទ​ការងារ​ត្រូវបាន​ដោះស្រាយ​ដោយ​តុលាការ​រដ្ឋប្បវេណី​។ ក្រោយពេល​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ​ត្រូវ​បាន​ដាក់​ដំណើរការ សំណុំរឿង​បែបនេះ​លែង​ចូលទៅ​តុលាការ​រដ្ឋប្បវេណី​ទៀតហើយ​។

លោក​ថ្លែងថា​ “​ការបង្កើត​តុលាការ​ការងារ​នេះ​គឺ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​សំណុំរឿង​។ អ្នក​ដែល​ត្រូវ​ដោះស្រាយ​គាត់​មាន​ជំនាញ​ច្បាស់លាស់ ហើយ​គាត់​ទទួលបន្ទុក​តែ​សំណុំរឿង​នោះទេ មិនចាំបាច់​ទទួលបន្ទុក​សំណុំរឿង​ជាច្រើន​ដែល​ធ្វើឱ្យ​គាត់​មាន​ការលំបាក និង​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការស្រាវជ្រាវ​។ វា​ក៏​ចូលរួម​ក្នុងការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ផងដែរ​”៕

ហានិភ័យខ្ពស់ៈរដ្ឋបាលរាជធានីព្រមានអ្នកទិញទំនិញតាមអនឡាញបង្កើនការប្រុងប្រយ័ត្នបន្ទាប់ពីរកឃើញអ្នកដឹកឆ្លងជំងឺកូវីដ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្យ័ត្នលើការទិញគំនិញតាមអនឡាញ បន្ទាប់ពីរងឃើញអ្នកដឹកទំនិញបានឆ្លងជំងឺកូវីដ១៩។

រហូតមកដល់ពេលនេះ អាជ្ញាធរបានអះអាងថា ក្រសួងសុខាភិបាលបានរកឃើញថា មានអ្នកលក់ទំនិញតាមអនឡាញ និងអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ឆ្លងជំងឺកូវីដ១៩។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលតែងតែទិញទំនិញតាមអនឡាញ និងប្រើសេវាដឹកជញ្ជូនទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។

លោកបានអះអាងយ៉ាងដូច្នេះថា សូមបងប្អូនដែលទិញអាហារអនឡាញ ប្រុងប្រយ័ត្នពេលទូរទាត់លុយ និងការយកអាហារ ដោយអនុវត្តតាមវិធានសុខាភិបាល ដើម្បីកុំឲ្យឆ្លងកូវីដ ព្រោះអ្នកអនឡាញក៏ឆ្លងដែរ

លោក កើត ឆែ បានគូសបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលនិយមប្រើប្រាស់សេវាកម្មនេះ ត្រូវបង្កើននូវការគិតគូរឲ្យខ្លាំងបន្ថែមទៀត ចំពោះទំនិញណាដែលមានហានិភ័យ ព្រោះក្នុងករណីអ្នកលក់មានផ្ទុកជំងឺកូវីដ ហានិភ័យនៃការឆ្លងមានកម្រិតខ្ពស់។ ប៉ុន្ដែក្នុងករណីទំនិញដែលអាចកម្ដៅបាន ឬលាងសម្អាតបានល្អ អាចមិនមានហានិភ័យនៃការឆ្លង។

ទោះជាយ៉ាងណាមិញ លោក កើត ឆែ នៅតែអំពាវនាវយ៉ាងទទូចឲ្យប្រជាពលរដ្ឋ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល។ ដោយឡែក ការទូរទាត់លុយពេលទិញទំនិញ សូមប្រើប្រាស់តាមប្រព័ន្ធអេឡិចត្រូនិច៕

សម្តេចតេជោបញ្ចប់ការធ្វើចត្តាឡីស័កនិងគ្មានវិជ្ជមានជំងឺកូវីដ

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមមុននេះបន្តិចថា ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើ ចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពី គ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថាខ្ញុំពុំមានកូវីដ១៩នោះទេ។

សម្តេចបន្តទៀតថា “មុនទៅឥណ្ឌូនេស៊ី និងក្រោយត្រឡប់ មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព”៕

ដំណឹងល្អៈប្រជាពលរដ្ឋនៅភ្នំពេញអាចចេញទៅខេត្ត ប្រជាជននៅខេត្តអាចចូល មករាជធានីប៉ុន្តែត្រូវអនុវត្តន៍

          ដោយៈ គង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ អាចធ្វើដំណើរចេញទៅតាមបណ្ដាខេត្តផ្សេងៗបាន ប៉ុន្ដែត្រូវតែគោរពតាមវិធានរបស់ខេត្តនីមួយៗ ដែលខ្លួនចង់ទៅ ពិសេសការតម្រូវឲ្យយកសំណាក ឬការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិតជាដើម។

លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះថា  ដោយឡែក សម្រាប់អ្នកដែលរស់នៅតាមបណ្ដាខេត្ត ដែលមិនមានហានិភ័យ ពោលមិនមានការឆ្លងរីករាលដាលខ្លាំងនោះ ក៏អាចធ្វើដំណើរចូលមករាជធានីភ្នំពេញបានដូចគ្នាផងដែរ ប៉ុន្ដែត្រូវតែគោរពតាមវិធានការនានា របស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសត្រូវកំណត់ច្បាស់ បុគ្គលនោះមិនមែនជាអ្នកមកពីតំបន់ហានិភ័យ។

តាមរយៈសេចក្ដីណែនាំថ្ងៃទី៤ ខែឧសភា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់ចំណុចទី៥ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងការត្រួតពិនិត្យការចេញ-ចូលភូមិសាស្ដ្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន។

សម្រាប់អ្នកដែលធ្វើដំណើរចេញពីតំបន់ ដែលមានការផ្ទុះឆ្លងរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ជាអាទិ៍ ការយកសំណាករបស់អ្នកដំណើរ ដើម្បីវិភាគរហ័សរកមេរោគកូវីដ១៩, ការពង្រឹងវិធានការសុខាភិបាលនានា ដូចជា ការពាក់ម៉ាស និងការររក្សាគម្លាតសុវត្ថិភាព និងការពង្រឹងវិធានការចត្តាឡីស័កជាដើម។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ តាមបណ្ដាខេត្តផ្សេងៗជាច្រើន បានប្រកា​សដាក់ចេញនូវវិធានការរៀងៗខ្លួនជាបន្ដបន្ទាប់ ដូចជា ការតម្រូវឲ្យអ្នកដែលធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេង ហើយមានបំណងចូលមកធ្វើការ ឬមកលេងសាច់ញាតិនៅក្នុងខេត្ដរបស់ខ្លួន គឺតម្រូវឲ្យយកសំណាកពិនិត្យរកជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាកំហិត៕