ចំណេះដឹង​ទីផ្សា​រៈ​គន្លឹះ​បង្កើត​ទំនុកចិត្ត​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ជនជាតិ​ចិន

ដោយៈ សាវុធ

ភ្នំពេញៈ ពាណិជ្ជករ​ពី​ជុំវិញ​ពិភពលោក កំពុងតែ​សម្លឹងមើល​ទីផ្សារ​ដ៏​ធំ​របស់​ចិន ប៉ុន្តែ​រាល់​កិច្ចព្រមព្រៀង​ទាំងអស់ អាច​នឹង​ជួប​បញ្ហា​រាំងស្ទះ​បើ​លោកអ្នក មិន​ស្គាល់​របៀបរបប​ខុស​ទំនង​មួយចំនួន ដូច​ជាការ​គ្រាន់តែ​ស្លៀកពាក់​ពណ៌​ស ទៅ​ច​ចារ​គ្នា​ជាដើម។

រឿង​សំខាន់បំផុត ដែល​លោកអ្នក​ត្រូវ​យល់ នៅពេល​កំពុងតែ​ច​ចារកិច្ច​ការ ពាណិជ្ជកម្ម​អ្វីមួយ​ជនជាតិ​ចិន គឺ​លោកអ្នក​ត្រូវការ​គេ ប៉ុន្តែ​គេ​មិន​ត្រូវការ​លោកអ្នក​ទេ ហើយ​សូម​ចងចាំ​គន្លឹះ​ទាំងនេះ៖

ទី១) ស្គាល់​បរិបទ​នយោបាយ

នៅក្នុង​ប្រទេស​ចិន គេ​អាច​ឃើញ​ក្រុមមន្ត្រី​បក្ស​សកម្ម នៅ​ស្ទើរតែ​គ្រប់​ក្រុមហ៊ុន ទាំង​ធំ​ទាំង​តូច ជាពិសេស​ក្រុមហ៊ុនធំ។ លើសពីនេះទៅទៀត គ្រប់​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​នឹង​បរទេស​ការចូលរួម ពី​មន្ត្រី​បក្ស​ក្នុង​កិច្ចការ រដ្ឋបាល​ជា​តម្រូវការ​ស្របច្បាប់។ គ្រប់ការ​សម្រេចចិត្ត​ទាំង​អស់ពី​ដៃគូ​ចិន ផ្អែកលើ​មូលដ្ឋាន​នយោបាយ ហើយ​យក​ល្អ​លោកអ្នក​មិនត្រូវ​បង្ខំ​គេ ឱ្យ​ងាក​ចេញពី​បន្ទាត់ នយោបាយ​ទេ។

បើ​លោកអ្នក​បង្ហាញ​ការយល់ដឹង បរិបទ​នយោបាយ​ក្នុងប្រទេស​ចិន ដៃគូ​ច​ចារ​របស់​លោកអ្នក នឹង​ចាត់ទុក​លោកអ្នក​ថា ជា​មនុស្ស​មាន​ពិសោធន៍​ច្រើន និង​ជា​បុគ្គល​គួរឱ្យ​ទុកចិត្តបាន។ បរិបទ​នយោបាយសំខាន់ៗ ដែល​ត្រូវតែ​ដឹង​មានដូចជា ផែនការ​ប្រាំ​ឆ្នាំ កម្មវិធី​រយៈពេល​យូរអង្វែង ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ដូចជា​កម្មវិធី​ក្រវ៉ាត់ និង​វិថី​ជាដើម។

ទី២) សម្រេចចិត្ត​និង​បត់បែន​ឱ្យ​រហ័ស

គេ​ប៉ាន់ប្រមាណ​ថា​មាន​ក្រុមហ៊ុនថ្មីៗ ប្រហែល១២,០០០កើត​រាល់ថ្ងៃ ក្នុងប្រទេស​ចិន ដែល​បង្កើតបានជា​បរិ​ស្ថាន ប្រកួតប្រជែង​ឥតឈប់ឈរ។ គ្រប់​ពេលដែល​មានឱកាស គេ​តែងតែ​ឃើញ ក្រុមហ៊ុន​រាប់សិប​សម្រុក​ទៅ​ដណ្តើមយក។ ក្រុមហ៊ុន​ណា​ដែល​អាច​ចាប់យក​ឱកាស​ថ្មី​បាន នឹង​ឈរជើង​ជា​អ្នកឈ្នះ ក្នុង​ទីផ្សារ​ចិន​ដ៏​ធំ ដែលមាន​អ្នកប្រើប្រាស់១,៥ពាន់​លាន​នាក់។ ហេតុផល​នេះហើយ បានជា​ក្រុមហ៊ុន​ចិន រីកចម្រើន​យ៉ាង​រហ័ស។

ការប្រកួតប្រជែង​ខ្លាំង​បែបនេះ​ជៀស​មិន​ផុត ពី​ការលួចចម្លង​ស្នាដៃ​គ្នា​ទេ។ ដូច្នេះ​សូម​ត្រៀម​ចិត្ត​ទុក ជាស្រេច​ថា​ផលិតផល របស់លោក​អ្នកនឹង​មាន​គេ ផលិត​នៅក្រៅ​ក្រុមហ៊ុន​លោកអ្នក​ដែរ។ ក្រុមហ៊ុន​ចិន ដែលធំៗនិង​ជោគជ័យ ធ្វើ​ពាណិជ្ជកម្មផ្សេងៗជាច្រើន ដែល​មិន​ទាក់ទង​គ្នា ក្នុងពេល​តែមួយ។ ជនជាតិ​ចិន​បត់បែន​តាម​ស្ថានភាព ផ្លាស់ប្តូរ​របស់​ទីផ្សារ​រហ័ស​ណាស់ ដូច្នេះ​គេ​ក៏​រំពឹង​ចង់បាន​ដៃគូ​ដែល​គិត និង​ធ្វើ​រហ័ស​ដែរ។

ទី៣) ស្គាល់​បរិបទ​វប្បធម៌

ប្រទេស​ចិន​តែងតែមាន​ទំហំ​ធំ ជានិច្ច​ខាង​ភូមិសាស្ត្រ។ ដើម្បី​រក្សា​សណ្តាប់ធ្នាប់ នៅ​ទូទាំងប្រទេស គេ​បាន​បង្កើតឱ្យមាន​ទំនៀមទម្លាប់ រួម​និង​សកម្ម​ការគ្រប់គ្រង ដោយ​រួមទាំង​សកម្មភាព ពាណិជ្ជកម្ម​ផង តាំងពី​រាប់ពាន់​ឆ្នាំ​មកហើយ។ ជា​រឿង​ចាំបាច់ ដែល​អ្នកជំនួញ​ទាំងអស់ ត្រូវគោរព​និង អនុវត្តន៍​តាម​ប្រពៃណី យូរអង្វែង​ទាំងអស់នេះ ដោយសារ​ដៃគូ​ពាណិជ្ជកម្ម​ចិន នឹង​វាយតម្លៃ​លោកអ្នក ចំពោះ​កម្រិតយល់ដឹង រឿង​វប្បធម៌​ទាំងអស់នេះ។

ភាពស្មុគស្មាញ​មួយ ខាង​វប្បធម៌​ដែល​ដៃគូ​ពាណិជ្ជកម្ម​ចិន ចូលចិត្ត​អនុវត្តន៍​គឺ​គេ​ប្រើប្រាស់​ជំនួប​ប្រជុំ លើកទីមួយ​ដែល​ច្រើន តែមាន​រយៈពេល​យូរ ដើម្បី​យល់ដឹង និង​វាយតម្លៃ​លោកអ្នក ហើយ​ជាទូទៅ​កិច្ចប្រជុំ​ផ្លូវការ មិនមាន​ការនិយាយ​រឿង​ពាណិជ្ជកម្ម​អ្វី​ទេ។

ទី៤) លើកសំណើ​យុទ្ធសាស្ត្រ​ជាជាង​កិច្ចព្រមព្រៀង​ជាក់លាក់

គំរូ​ពាណិជ្ជកម្ម​ចិន​តែងតែ​សម្លឹងមើល វែងឆ្ងាយ​ដោយសារ​ជនជាតិ​ចិន មាន​ទម្លាប់​គិតគូរ​ផ្តោតលើ ភូមិសាស្ត្រ​ទូលំទូលាយ។ ហេតុ​ដូច្នេះហើយ គេ​នឹងមិន​ពេញចិត្ត​នៅពេល លោកអ្នក​ផ្តល់ជូន ត្រឹមតែ​ជាការ​លក់​ផលិតផល​របស់លោក​អ្នក​នោះទេ បើទោះជា​ផលិតផល​នោះ មាន​ភាព​ទាក់ទាញ និង​អស្ចារ្យ​យ៉ាងណាក៏ដោយ។ នៅក្នុង​ប្រទេស​ចិន គេ​ចូលចិត្ត​កិច្ច​សហការគ្នា រយៈពេល​យូរអង្វែង។

ហេតុដូច្នេះ​ហើយ​ដៃគូ​ពាណិជ្ជកម្ម ដែល​គួរឱ្យ​ទុកចិត្តបាន គឺ​មនុស្ស​ដែល​បាន​បង្កើត​យុទ្ធសាស្ត្រ ដើម្បី​ឈរជើង​នៅក្នុង​ទីផ្សារ​ចិន​យូរអង្វែង។ ភាពជា​ដៃគូ​របៀបនេះ ធ្វើ​ឱ្យគេ​ទុកចិត្ត​ខ្លាំងណាស់។ សំណើច​ចារ​ដ៏​ប្រសើរ គួរតែមាន​លក្ខណៈ​របៀប​នេះ​ថា “នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ឬ​ជំហាន​ដំបូង នៃ​ចង្វាក់​ផលិតផល របស់​យើង​ប៉ុណ្ណោះ យើង​នឹង​បង្កើត​បរិមាណ… ហើយ​នេះ​ជា​រៀប​ដែល​យើង មើលឃើញ​ពាណិជ្ជកម្ម​របស់​យើង នៅក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខ” ។

ទី៥) និយាយឱ្យចំ​សាច់រឿង

ដោយសារតែ​ស្រឡាញ់​ផែនការ ពាណិជ្ជកម្ម​យុទ្ធសាស្ត្រ អ្នកជំនួញ​ចិន រំពឹង​ចង់ឃើញ​ទិន្នន័យ និង​តួលេខច្បាស់ៗ គឺ​មិនមែន​គ្រាន់តែ​ពាក្យ​រៀបរាប់​វែង​អន្លាយ​ទេ។ ជំនួស​ឱ្យ​គំនិត​នៃ​គម្រោង​មិនជា​ក់លាក់ លោកអ្នក​ត្រូវ​បង្ហាញ​ផែនការ​ពាណិជ្ជកម្មត្រង់ៗ ដែល​មានការ​ប៉ាន់​ប្រ​ម៉ាណ ច្បាស់ និង​កំណត់ រយៈពេល​នៃ​ការទទួលបាន ផលចំណេញ​មកវិញ។

អ្នកជំនួញ​ចិន សព្វថ្ងៃ​មាន​ភាព​វៃឆ្លាត​និង​ដឹង​ច្រើនណាស់ ទាក់ទង​និង​ហិរញ្ញវត្ថុ ហើយ​ភាគច្រើន នៃ​អ្នក​ទាំងនោះ​រៀន​នៅ​សាលា​ពាណិជ្ជ។ សូម​ចងចាំ​ចំណុច​មួយទៀត ថា ផែនការ​ពាណិជ្ជកម្ម ដែល​ល្អ​ត្រូវ​សរសេរ ឬ​បកប្រែ​ទៅជា​ភាសា​ចិន៕ Khmerinkorea៕

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បង្ហាញ​ភាព​អស្ចារ្យ​មិន​ចាញ់​ពហុ​កីឡដ្ឋាន​អន្តរជាតិនៅលើ​ពិភពលោក

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​សាងសង់ឡើង​ដោយ​ឈរលើ​ទស្សនទាន​បៃតង ដោយ​លក្ខណៈពិសេស​រប​ស់​កីឡដ្ឋាន​ធំ​នេះ មាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស៦ម៉ឺន​នាក់ ក្នុង​រយៈ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ និង​មិន​ចាញ់​ពហុ​កីឡដ្ឋាន​អន្តរជាតិផ្សេងៗនោះទេ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ដំណាក់កាល​ទី១ កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គ្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី ១០០លាន ទៅ២០០លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​មួយ​ភាគ​ធំ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​សង្កាត់​ព្រែក​តា​មាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ។ ពហុ​កីឡដ្ឋាន​នេះ មាន​ចម្ងាយ១២គីឡូម៉ែត្រ​ពី​វត្តភ្នំ សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង៨៥ហិកតា។

ការសាងសង់​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ត្រូវបាន​សាងសង់ឡើង​ដោយ​ឈរលើ​ទស្សនទាន​បៃតង «Green Sport» ដោយមាន​សំណង់​អគារ​តែ ៣០ភាគរយ​ប៉ុណ្ណោះ ហើយ៧០ភាគរយ​ជា​តំបន់​បៃតង មានដូចជា​ដើមឈើ ស្មៅ និង​ទឹក… ហើយក៏​មានការ​កាត់បន្ថយ​ប្រើប្រាស់​ថាមពល​អគ្គិសនី ដោយ​ប្រើប្រាស់​បច្ចេកទេស​រចនា​ប្លង់ ដែលមាន​ខ្យល់​ចេញចូល និង​ពន្លឺព្រះអាទិត្យ​ចេញចូល​គ្រប់កន្លែង។

ពហុ​កីឡដ្ឋាន​ធំ​នេះ ក៏មាន​សណ្ឋាគារ​ចំនួន៣៤បន្ទប់ ហាង​លក់ទំនិញ​សម្លៀកបំពាក់​កីឡា ឧបករណ៍ សម្ភារៈ​កីឡា​គ្រប់​ប្រភេទ និង​ផលិតផលផ្សេងៗ មាន​បំពាក់​កន្លែង​កម្សាន្ត​រប​ស់​កុមារ មាន​សាល​ហាត់​កីឡា​មួយចំនួន​ក្រោម​អគារ​ធំ ហើយ​លក្ខណៈពិសេស​នោះ​របស់​កីឡដ្ឋាន​ធំ​នេះ គឺមាន​ច្រក​សុវត្ថិភាព​ច្រើន ដែល​អាច​រំដោះ​មនុស្ស៦ម៉ឺន​នាក់​ក្នុង​រយៈ​តែ៧នាទី​ប៉ុណ្ណោះ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ពហុ​កីឡដ្ឋាន​ជាតិ ដ៏​ទំនើប​មួយ​របស់​កម្ពុជា ដែល​សាងសង់ឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ ។

ជាមួយនេះ លោក​វ៉ា​ត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ត្រូវបាន​សាងសង់​បាន៩៥ភាគរយ​ហើយ ខណៈ​នៅសល់៥ភាគរយ​ទៀត ក្រុមការងារ​នឹង​បន្ត​ធ្វើឱ្យ​រួចរាល់ឆាប់ៗនេះ ដើម្បី​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

លោក​វ៉ា​ត់ ចំរើន​បានឱ្យដឹង​យ៉ាង​ដូច្នេះ​ថា “សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ដោយសារតែ​រៀបចំ​ការកសាង​កីឡដ្ឋាន​នេះ (ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​បាន៩៥ភាគរយ​ហើយ គឺថា​នៅ​សេសសល់​រឿង​បន្តិចបន្តួច​ទេ ដែល​កំពុងតែ​បន្ថែម និង​កែលម្អ​តែប៉ុណ្ណោះ កៅអី​ក៏បាន​បំពាក់ ស្មៅ​ក៏​ឃើញ​ល្អ ប៉ុន្តែ នៅសល់តែ​បន្តិចបន្តួច​ទេ ដោយ​គ្រោង​នឹង​បញ្ចប់ឆាប់ៗនេះ” ។

លោក​បានឱ្យដឹងថា នៅក្នុង​អញ្ជើញ​ចូល​ទស្សនកិច្ច ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នេះ ដោយ​សម្តេច​បានលើកឡើង​នេះ​ជា​សម្បត្តិ​ដ៏​មហាសាល និង​ជា​មរតក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៀត ជាពិសេស​គឺ​យុវជន​ផងដែរ៕

កត្តាសំខាន់ៗចំនួន៤ ដែល​ធ្វើ​ឲ្យ​ដី​នៅ​កម្ពុជា​មិន​ងាយ​ធ្លាក់​តម្លៃ​ទោះ​កំពុង​ជាប់​ក្នុង​វិបត្តិ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ មាន​អ្នកវិនិយោគ​ដីធ្លី​ជាច្រើន​បាន​និយាយថា តម្លៃ​ដីធ្លី​នៅ​កម្ពុជា​ភាគច្រើន មិន​ងាយ​ធ្លាក់​តម្លៃ​ទេ លើកលែងតែ​ករណី​ម្ចាស់​ដី​ឬ​អចលនទ្រព្យ​នានា​ជាប់បំណុល​ឬ​គាំង​លំហូរ​សាច់ប្រាក់​ជាដើម។

តើ​អ្វី​ជា​មូលហេតុ​នៅ​ពីក្រោយ ដែល​ដី​មិន​ធ្លាក់​ថ្លៃ លោក​យិន លាង​គង់ ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល ដែល​បាន​វិភាគ​និង​តាមដាន​ការវិវត្ត ក្នុង​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​មន​ប្រសាសន៍​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី៦ ឧសភា​កន្លងមក​ថា មាន​ហេតុផល​ឬ​កត្តាសំខាន់់ៗចំនួន៥ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី និង​អចលនទ្រព្យ​នៅ​ម​កម្ពុជា​មិន​ធ្លាក់​ថ្លៃ​ដូចជា

កត្តា​នគ​រួប​នីយកម្ម

ប្រជាពលរដ្ឋ​បានឃើញ​យ៉ាងច្បាស់ ពី​និន្នាការ​អភិ​វ​ឌ្ឈ​ន៍​របស់​រដ្ឋាភិបាល លើ​ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ការកសាង​គោលនយោបាយថ្មីៗជាប់​ជាប្រចាំ ដើម្បី​ឲ្យ​កម្ពុជា​ដើរ​ទាន់​សម័យកាល ពិសេស​ការពង្រីក​ក្រុង​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារ​កំនើន​ប្រជាសាស្ត្រ និង​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម ពិសេស​ការកើនឡើង​នូវ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ប្រចាំឆ្នាំ។

ការរីកចម្រើន​នគរូបនីយកម្ម ដែល​ផ្សារភ្ជាប់​មិនអាច​កាត់ផ្តាច់​បាន រវាង​សេដ្ឋកិច្ច សង្គម និង​កត្តា​ប្រជាសាស្ត្រ​នេះហើយ ដែល​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មើលឃើញថា ទីផ្សារ​អចលនទ្រព្យ​នៅមាន​ការរីកចម្រើនរ​យៈ​ពេល​វែង​បន្តទៀត។

ការវិនិយោគ​ជាមួយ​មូលធន​ខ្លួនឯង

បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សាកល​កាលពី​ឆ្នាំ២០០៨ បានធ្វើ​ឲ្យ​មាន​បដិវត្តន៍​ផ្នត់គំនិត​ក្នុង​វិស័យ​អចលនទ្រព្យ ដោយ​ប្រជាពលរដ្ឋ​វិនិយោគ​មាន​ភាព​ឆ្លាត​វៃ​ជាង​មុន ពិចារណា វិភាគ​ច្រើនជាង​មុន ពិសេស​ពួកគាត់​ភាគច្រើន​បាន​ប្រើប្រាស់​មូលធនហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន សម្រាប់​យកមក​ធ្វើការ​វិនិយោគ។

ដោយ​សារភាព​សុទិដ្ឋិនិយម និង​មើលឃើញ​កាលានុវត្តន៍​ភាព​នៅតែមាន សម្រាប់​ពួកគាត់ ទើប​ម្ចាស់​អចលនទ្រព្យ​នានា​ទាំង​ដីធ្លី ផ្ទះសម្បែង ម្ចាស់​អាគារ​ពាណិជ្ជកម្ម​ឬ​លំនៅដ្ឋាន​សហកម្ម​សិទ្ធ មិន​ងាយ​បញ្ចុះតម្លៃ (លើកលែងតែ​គំរោង​ខ្លះ ដែល​បញ្ចុះតម្លៃ​ដើម​យក​ទុន​មក​សាងសង់) ដោយ​សុខចិត្ត​ទុក​អចលនទ្រព្យ​របស់ខ្លួន ដើម្បី​យក​តម្លៃ​ល្អ ឬ​ទទួលបាន​ផលចំណេញ​ខ្ពស់ ទើប​ពួកគេ​សម្រេចចិត្ត​លក់​ចេញ។

ការព្យាករណ៍​ពី​កំនើនសេដ្ឋកិច្ច

ការរីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា ដោយសារ​កំលាំងចលក​រសំខាន់ៗ ដូចជា វិស័យ​វាយណភ័ណ្ឌ កាត់ដេរ ស្បែកជើង កាបូប​ធ្វើដំណើរ វិស័យ​កសិកម្ម វិស័យ​ទេសចរណ៍ ពិសេស​វិស័យ​សំណង់ និង​អចលនទ្រព្យ​បាន និង​កំពុង​ក្លាយជា​កំលាំងចលករ​ជំរុញ​កំនើនសេដ្ឋកិច្ច បានធ្វើ​ឲ្យ​សេដ្ឋវិទូ​ស្ថាប័នធំៗជាច្រើន​ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ តែងតែ​ព្យាករណ៍​ពី​កំនើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ជាប់​ជាប្រចាំ លើកលែងតែ​ឆ្នាំ២០២០ និង​ក្រោយ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​ឆ្នាំ២០០៨ ។

ការផ្សព្វផ្សាយ​ពី​ព៌​ត​មាន​ពី​កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​ពី​សំណាក់ ស្ថាប័ន​ព៌​ត​មាន​ដ៏​សម្បូរបែប​នៅ​កម្ពុជា បានធ្វើ​ឲ្យ​អ្នកវិនិយោគ​កាន់តែ​ទ​ទូល​បាន​ព៌​ត​មាន សម្រាប់​វិភាគ​ពិចារណា​កាន់តែច្រើន ហេតុនេះ​ទើប​ពួកគេ​មិន​ងាយ​សម្រេចចិត្ត​លក់​អចលនទ្រព្យ​របស់​ពួកគេ ក្នុងកំឡុងពេល​មាន​វិបត្តិ។

ទម្លាប់​សង្គម

ដោយសារ​ប្រ​ព័​ន្ឋ​នៃ​ការគិត​បាន​បន្ត​ដូច​ខ្សែទឹក​ហូរ វា​បាន​ក្លាយជា​ទម្លាប់ ដែល​ពិបាក​ក្នុងការ​ផ្លាស់ប្តូរ​ផ្នត់គំនិត របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ជាក់ស្តែង​ទំនិញ​លើ​ទីផ្សារ​ភាគច្រើន នៅពេល​ឡើងថ្លៃ​ហើយ ពួកគាត់​មិន​ងាយ​បញ្ចុះតម្លៃ​មកវិញ​នោះទេ។ ចំណែក​អ្នកទិញ​ដីធ្លី ឬ​អ្នកវិនិយោគ​ក៏ដូចជា ពួកគាត់​នៅតែមាន​ទម្លាប់​មិន​ងាយ​លក់​ចេញ ទោះបីជា​ទីផ្សារ​មាន​វិបត្តិ​ក៏ដោយ បើទោះបីជា​លំហូរ​សាច់ប្រាក់​របស់គាត់​គ្មាន​វិបត្តិ​ទេ តម្លៃ​អចលនទ្រព្យ​របស់​ពួកគេ នឹងមិន​បញ្ចុះ​នោះទេ ដោយសារ​ពួកគេ​មាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ និង​គិត​បែប​លេងសើច​ថា ទោះបី​ទុន​យូរ​ទៀត​ក៏​មិន​ស្អុយ​ដែរ។

ផ្នត់គំនិត​មួយទៀត គឺ​អ្នកវិនិយោគ​ភាគច្រើន​នៅតែមាន​សុទិដ្ឋិនិយម និង​តែងតែ​ប្រកាន់យក​ទស្សន “ដី​មិន​កើនឡើង​ទេ តែ​មនុស្ស​កើនឡើង​រាល់ថ្ងៃ” ៕

កម្ពុជា​កំពុង​ពង្រីក​មហិច្ឆតា​លើ​ការប្រកួតប្រជែង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស ដើម្បី​ឆ្លើយ​តទៅ​នឹង​កំនើន​ពាណិជ្ជកម្ម ទេសចរណ៍

ដោយៈ វ​ឌ្ឈ​ន

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន នឹង​កំពុង​ធ្វើ​ពិពិធ​កម្ម​ព្រលានយន្តហោះ នៅក្នុង​ប្រទេស​ដោយមាន​ទាំង​ពង្រីក​ផ្លូវ​រត់ និង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​ថ្មី ក្នុង​ទុនវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​ការ​អាកាស និង​ប្រកួតប្រជែង​នៅក្នុង​តំបន់ ព្រមទាំង​លំហូ​វិនិយោគ​មកពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក។

អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​លោក​ស៊ិន​ចាន់ សេរី​វុត្ថា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា រដ្ឋាភិបាល​បាន​បោះទុន​ជាង៣០០០លាន​ដុល្លារ​អាមេរិក ក្នុងការ​ពង្រីក​និង​ស្តារឡើងវិញ នូវ​ព្រលានយន្តហោះ​ទាំង៣របស់​កម្ពុជា ដើម្បី​ជំរុញ​ឱ្យ​វិស័យ​អាកាសចរណ៍​កម្ពុជា កាន់តែ​ការ​តែ​ទំនើប និង​អាចឱ្យ​យន្ត​ហោ​ធុន​ធំ​អាច​ចុះចត​បាន។

លោក​បន្ថែមថា “ទំហំ​ទុន​នៃ​ការ​វិយោគ​ចំណាយ​លើ​ព្រលាន​យន្ត នៅ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ រួមទាំង​គម្រោង​ព្រលានយន្តហោះថ្មីៗផ្សេងទៀត អញ្ចឹង​យើង​គ្រោង​ចំណាយ​ជាង៣០០០លាន​ដុល្លារ​អាមេរិក” ។

រាជរដ្ឋាភិបាល​បាន និង​កំពុងតែ​ដំណើរការ​អភិវឌ្ឍ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អាកាសយានដ្ឋាន​ជាតិ-អន្តរជាតិ​ចំនួន៣ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​និង​ធ្វើ​ទំនើបកម្ម​អាកាសយានដ្ឋាន​ដោយ​ក្រុមហ៊ុន (SCA) ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ដ៏​ធំ ក៏​បាននិងកំពុង​បញ្ចប់​ការសាងសង់ ព្រលានយន្តហោះ​លំដាប់​អ​នរជាតិ តារា​សាគរ ខេត្តកោះកុង​ផងដែរ។

ក្រៅពី​អាកាសយានដ្ឋាន​អន្តរជាតិ កម្ពុជា​ក៏​គ្រោង​ឱ្យមាន​អ​កាស​យានដ្ឋាន​ក្នុងស្រុក​មួយចំនួនទៀត​ដូចជា អាកាសយានដ្ឋាន​បាត់ដំបង អាកាសយានដ្ឋាន​ស្ទឹងត្រែង អាកាសយានដ្ឋាន​កោះកុង និង​អាកាសយានដ្ឋាន​ប៉ោយប៉ែត​ជាដើម​នាពេល​អា​នាគ​ត។

លោក​ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យដឹងថា ការធ្វើ​ពិពិធ​កម្ម​ព្រលាន​យន្ត​របស់​កម្ពុជា នាពេល​បច្ចុប្បន្ននេះ គឺ​ឆ្លើយតប​ទៅនឹង​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នាពេលខាងមុខ និង​សម្រាប់ធ្វើ​ការប្រកួតប្រជែង ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក។

លោក​បន្តថា “វា​ជា​ចំណុច​ល្អ​ខ្លាំង​មែនទែន សម្រាប់​ប្រទេស​កម្ពុជា ព្រោះថា​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​នេះ គឺមាន​សារៈសំខាន់​ណាស់ នៅក្នុង​ទសវត្សរ៍​នេះ ពីព្រោះ​យើង​ដឹង​ហើយ​ថា ការរីកចំរើន​នៅក្នុង​ប្រទេស​នាមួយៗ វា​មាន​ការេ​ប្រកួតប្រជែង​គ្នា​ខ្លាំងណាស់” ។ លោក​បន្ថែមថា “ការដឹកជញ្ជូន​តាមផ្លូវ​ការន​នេះ បាន​នឹង​កំពុងមាន​ការប្រកួតប្រជែង​ខ្ពស់ និង​មាន​សក្តានុពល​ខ្លាំង ដោយ​មិនមែន​ប្រកួតប្រជែង​ឆ្នាំ​នោះទេ តែ​គេ​ប្រកួតប្រជែង​ជាមួយនឹង​ពេលវេលា គេ​គិត​ខែ មក​អាទិត្យ និង​ថ្ងៃ  ហើយ​កន្លែង​ខ្លះ​គេ​គិត​ម៉ោង​ថែមទៀត” ។

លោក​ហូ វណ្ឌី បាន​បញ្ជាក់ថា ល្គឹកណា​កម្ពុជា មិន​ជួប​នូវ​វិបត្តិផ្សេងៗ ដូចជា​វិបត្តិ​នយោបាយ វិបត្តិ​គ្រោះ​ទុ​រ​ភឹ​ក្ស ឬ វិបត្តិ​ជំងឺ​ផ្សេង​នោះទេ កម្ពុជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ និង​ការវិនិយោគ​កាន់តែច្រើន​ថែមទៀត ពីព្រោះថា រាជរដ្ឋាភិបាល​កម្ពុជា ចង់ឃើញ​នូវ​ការអភិវឌ្ឍន៍​ដ៏​លេចធ្លោ និង ការប្រកួតប្រជែង​ខ្លាំង​នៅក្នុង​តំបន់​ផងដែរ។

ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹងថា ការដែល​រាជរដ្ឋាភិបាល​បានដាក់​ទុនវិនិយោគ រាប់ពាន់​លាន​ដុល្លារ​អាមេរិក លើ​ការពង្រីក និង​ការសាងសង់​ព្រលានយន្តហោះ​ថ្មី នៅក្នុង​ប្រទេស​នេះ មិនមែនជា​គម្រោង ដែល​ត្រូវបាន​ធ្វើឡើង​នៅថ្ងៃនេះ​នោះទេ ពោលគឺ​រាជរដ្ឋាភិបាល​មាន​ផែនការ​អភិវឌ្ឍ​តាំងពី​យូ​រាប់​ឆ្នាំ​ណាស់​មកហើយ។

លោកស្រី​បន្តថា “ការធ្វើ​ពិធ​កម្ម​ព្រលានយន្តហោះ​នេះ គឺ​ការឆ្លើយតប​ទៅនឹង ទំហំ​នៃ​ការវិនិយោគ និង​ទេសចរណ៍​ហូរ​ចូលមក​កម្ពុជា​កាន់តែច្រើន​ឡើង ពីមួយ​ឆ្នាំ​កាលពី​កន្លងមកនេះ” ។ លោកស្រី​បន្ថែមថា “នេះ​ក៏​ជា​ល្អ​សម្រាប់​វិស័យ​ដឹកជញ្ជូន តាមផ្លូវ​អាកាស​របស់​កម្ពុជា ដែលមាន​សមត្ថភាព អាច​ទទួល​ចុះចត​នូវ​យន្តហោះធំៗនិង​ទទួល​ជើងហោះហើរ​បាន​កាន់តែច្រើន​ថែមទៀត ខណៈដែល​កម្ពុជា​នៅ​ខ្វះខាត​ជើងហោះហើរ​ត្រង់” ៕

ស្វែងយល់​ពី​ភូមិ​គំរូ​មិត្តភាព​កម្ពុជា ចិន​នៅ​ស្រុក​បាទី​ខេត្តតាកែវ តើ​មាន​សមិទ្ធផល​អ្វីខ្លះ?

ដោយ​គង់ សូរិយា

ភ្នំពេញៈ ចំណងមិត្តភាព​កម្ពុជា ចិន​មិនអាច​បំបែក​បាន! ចំណងមិត្តភាព​នេះ​បាន​រុញ​កម្ពុជា ឲ្យ​ឈាន​ឡើងលើ​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ប្រពៃណី​វប្ប​ធ៌​ម។

ផ្សារភ្ជាប់​នូវ​ទឹកចិត្ត និង​មិត្តភាព​ឲ្យ​កាន់តែ​រីកដុះដាល​សម្រាប់​ប្រជាជាតិ​ទាំងពីរ ប្រទេស​ចិន បាន​កសាង​និង​រៀ​ចំ​គំរោង​ភូមិ​គំរូ​មិត្តភាព​កម្ពុជា-ចិន គឺ​បង្កើតឡើង​ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ។

ក្រៅពី​គម្រោង​ភូមិ​គំរូ​នេះ ចិន​ក៏បាន​ប្រគល់​អគារសិក្សា «ចំណងមិត្តភាព​វិថី​សូត្រ​សមុទ្រ» ចំនួន​ពីរ​ខ្នង​ជូន​កម្ពុជា​ផងដែរ។

គម្រោង​ភូមិ​គំរូ​មិត្តភាព​ចិន​និង​កម្ពុជា ដែល​រៀបចំ​ដោយ​មូលនិធិ​របស់​ចិន គឺ​សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ ដែលមាន​ទីតាំង​ក្នុងភូមិ​តា​នន ស្រុក​បាទី ខេត្តតាកែវ ត្រង់ចំណុច​គីឡូ​លេខ៦០ នៃ​ខាងត្បូង​រាជធានី​ភ្នំពេញ។

បន្ថែម​ពីនេះ គម្រោង​នេះ​មាន​ចំនួន​ទឹកប្រាក់​សរុប​ជិត១.៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ផ្តល់ជូន​ដោយ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍។

មន្ត្រី/មូលនិធិ​ខាងលើ​បានឱ្យដឹងថា ការអនុវត្ត​គម្រោង​ខាងលើនេះ​ក្នុង​គោលបំណង​ជួយ​កសាង​ផ្លូវថ្នល់ តាម​ទីជនបទ​ជូន​ដល់​ភូមិ​ខាងលើ ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ កែលម្អ​ស្ថានភាព​នៃ​វិស័យ​អប់រំ និង​សុខាភិបាល និង​អភិវឌ្ឍន៍​គម្រោង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងភូមិ មានដូចជា ការចិញ្ចឹម​សត្វ បង្កើត​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស កែលម្អ​បរិស្ថាន​សាធារណ​ក្នុងភូមិ​ជាដើម។

ចំណែក ឯ​អគារសិក្សា​ទាំងពីរ​ខ្នង ក៏​ជា​អំណោយ​របស់​មូលនិធិ​ខាងលើ​ផងដែរ រួមមាន​សាលាបឋមសិក្សា​អង្គ​កំន​ប់ ស្ថិតក្នុង​ស្រុក​បាទី និង​វិទ្យាល័យ​សុខ​អាន ដូង​ខ្ពស់​ស្ថិតក្នុង​ស្រុក​បូរី​ជលសារ ដែល​ចំណាយ​ទឹកប្រាក់ សរុប​ជាង៥០ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ អគារ​និមួយៗមាន​ចំនួន២ជាន់ ដែលមាន​ថ្នាក់រៀន​សរុប១២បន្ទប់ និង​មាន​តុ​និង​កៅអី សម្ភារៈ​សម្រាប់​បង្រៀន និង​អំពូល​ភ្លើង​អគ្គិ​នី​គ្រប់គ្រាន់ ហើយ​អគារ​និមួយៗអាច​ផ្ទុក​សិស្សានុសិស្ស​ជាង៩៦០រូប​ផងដែរ៕

ចំណេះដឹង​ថ្មីៈ​សិក្សា៤ចំណុច​នេះ​សិន​មុន​សម្រេចចិត្ត​ទិញ​ឬ​ជួល​ផ្ទះ​គេ​ស្នាក់នៅ

ដោយៈ សាវុធ

ភ្នំពេញៈ ប្រជាជន​ខ្មែរ​មួយចំនួនធំ ជាពិសេស​អ្នក​ដែលមាន​គ្រួសារ​ហើយ ប្រាកដជា​ធ្លាប់​សួរ​ខ្លួនឯង​ហើយ​ថា គួរ​ទិញ​ផ្ទះ​ឬ​ជួល​ផ្ទះ ការទិញ​ផ្ទះ​គឺជា​ការសម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ ដូចនេះហើយ​ចាំបាច់ ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់ មុន​សម្រេចចិត្ត​កុំ​ឲ្យ​ខូច​ការណ៍។

ថ្ងៃនេះ យើង​នឹង​លើកយក​ចំណុច​ខ្លះ ដើម្បី​ឲ្យ​អ្នក​ទាំងអស់គ្នា​ពិចារណា​ថា​តើ​គួរ​ទិញ​ផ្ទះ​ឬ​ជួល​ផ្ទះៈ

ទី១) ថ្លៃ​ទិញ​និង​ថ្លៃ​ជួល

ការទិញ​ផ្ទះ ត្រូវ​ការចំណាយ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ ប៉ុន្ដែ​ការជួល​ផ្ទះ​មិនបាច់​ចំណាយលុយ​ទាំង​ដុំ​នោះទេ។

អ្នក​ត្រូវ​ថ្លឹងថ្លែង​ឲ្យ​បាន​ច្បាស់ ពី​គុណ​វិ​បិ​ត្ត និង​គុណសម្បត្តិ​ក្នុង​ការទិញ​ផ្ទះ ព្រោះ​វា​អាចមាន​ការប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​អ្នក។

ទី២) អត្ថប្រយោជន៍​នៃ​ការ​ក្លាយជា​ម្ចាស់ផ្ទះ

ពេលដែល​អ្នក​បង់​ផ្ដាច់​ថ្លៃ​ផ្ទះ អ្នកជា​ម្ចាស់​កម្មសិទ្ធិ១០០ភាគរយ ហើយ​អ្នក​មិនចាំបាច់​ខ្វល់ខ្វាយ​រឿង​រក​កន្លែង​នៅ​ថ្មី ឬ​ប្ដូរ​ទីតាំង​បន្ទាប់ពី​ដាច់​កុងត្រា​ជួល​ផ្ទះ។

ផ្ទះ​គឺជា​អចលនទ្រព្យ ដែល​ប្រជាជន​ខ្មែរ​ទុកដូចជា ទ្រព្យសម្បត្តិ​ដែល​ទុក​យូរ​កាន់តែ​ឡើងថ្លៃ កាន់តែ​ចំណេញ។

អ្នក​អាចធ្វើ​ការជួសជុល កែច្នៃ​ផ្ទះ​របស់​អ្នក​បាន ដោយ​សេរី​មិនចាំបាច់​សូម​ការអនុញ្ញាត​ពី​ម្ចាស់ផ្ទះ។

ទី៣) គុណ​វិ​បិ​ត្ត​នៃ​ការ​ក្លាយជា​ម្ចាស់ផ្ទះ

បច្ចុប្បន្ននេះ ប្រជាជន​ខ្មែរ​និយម​ទិញ​ផ្ទះ តាមរយៈ​ការបង់​រំ​លោះ។ ការបង់​រលោះ​ពេលខ្លះ ក៏បង្ក​ជា​ផលវិបាក​ដល់​អ្នក​ដែរ ដោយសារតែ​ការប្រាក់​ខ្ពស់ និង​ត្រូវ​ការចំណាយ  រយៈពេល​យូរ​ទម្រាំ​បង់​ផ្ដាច់។

អ្នក​ត្រូវ​ចំណាយ​ប្រាក់​សន្សំ របស់​អ្នក​ទាំងអស់​សម្រាប់​ទិញ​ផ្ទះ ពេលខ្លះ​ត្រូវ​កាត់បន្ថយ​ការចំណាយ​ផ្ទាល់ខ្លួន​ទៀតផង។

ត្រូវ​ចាំ​ថា ពេលខ្លះ​អ្នក​ចាំបាច់ ត្រូវធ្វើ​ការជួសជុល​ក​ន្លែ​ង​ខូចខាត​ដូចជា​តំបូល បន្ទប់ទឹក ចង្ក្រាន​បាយ​ជាដើម។ ម្យ៉ាងវិញទៀត អ្នក​ក៏ត្រូវ​ទិញ​គ្រឿង​សង្ហារ​រឹមថ្មីៗ និង​របស់​ប្រើប្រាស់ផ្សេងៗពេល​រើ​ចូល​នៅ ដែល​បន្ថែម​ពីលើ​ការចំណាយ។

ប្រសិនបើ​អ្នករស់នៅ​ជាមួយ​ដៃគូ ហើយ​ឈានដល់​ការ​បែកខ្ញែក​នោះ​ការបែងចែក​ទ្រព្យសម្បត្តិ​អាចមាន​ភាពស្មុគស្មាញ។

ប្រសិនបើ​ផ្ទះ​អ្នក​ចុះថ្លៃ ស្រប​ពេលដែល​អ្នក​ចង់​លក់ ដោយសារ​អ្នក​ជាប់បំណុល​នោះ​អាចជា​ហានិភ័យ​មួយ​ដែល​គួរ​ពិចារណា។

៤)សួរ​ខ្លួនឯង​តើ​អ្នកមាន​លទ្ធភាព​ទិញ​ទេ?

ជំហាន​ដំបូង​ឆ្ពោះទៅរក​ការទិញ​អចលនទ្រព្យ គឺ​ត្រូវ​គិត​ឱ្យបាន​ច្បាស់​ថា តើ​អ្នក​អាច​ទិញ​វា​បាន​ដែរឬទេ? ព្រោះ​ចំនុច​ខាងក្រោម​ជា​អ្វី ដែល​អ្នក​ត្រូវ​ចំណាយ ប្រសិនបើ​អ្នកទិញ​ផ្ទះ: ប្រាក់​បង់​រំ​លោះ ឬ​សាច់ប្រាក់​សម្រាប់​ទិញ​ផ្ទះ ថ្លៃ​សេវាកម្មផ្សេងៗ ពន្ធ​ផ្ទះ ការចំណាយ​លើ​ថ្លៃ​ជួសជុល​ខូចខាត និង​វិក្ក​យ​ប័ត្រ​ប្រចាំខែ​លើ​ថ្លៃ​ទឹក​ភ្លើង​ជាដើម៕ Spean៕

រឿងសំខាន់ៗចំនួន៣ដែលអ្នកត្រូវដឹងនៅពេលជំងឺកូវីដបញ្ចប់នាពេលខាងមុខ

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា រឿងសំខាន់ៗជាច្រើន ដែលអ្នកត្រូវដឹងក្រោយពេលបញ្ចប់វិបត្តិកូវីដ១៩ ដែលវាមានជាប់ពាក់ព័ន្ឋនឹងគុណភាពជីវិតរបស់អ្នក ទាំងប្រាក់ចំណូល និងផែនការវិនិយោគ។

អ្នកវិភាគនៅក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចបានលើកឡើងថា ជំងឺកូវីដមិនត្រឹមតែប៉ះពាល់លើវិស័យអចលនទ្រព្យទេ គឺគ្រប់វិស័យទាំងអស់ ដែលជំងឺកូវីដបានជះឥទ្ឋិពល ទៅលើបញ្ហាសេដ្ឋកិច្ចចំពោះគ្រួសារ ក្នុងប្រទេស ឬពិភពលោកទាំងមូល ពោលគឺជំងឺនេះបានឲ្យយើងដឹងថា “អ្វីដែលយើងមានគឺខ្លួនយើង និងគ្រួសាររបស់យើង”។

“អ្វីសំខាន់បំផុតគឺការមិនដាក់ស៊ុត ក្នុងកន្រ្តកតែមួយ មានន័យថា យើងត្រូវធ្វើពិពិធកម្ម ដើម្បីបញ្ចៀសហានិភ័យ។ ដូច្នេះបើយើងវិនិយោគ គឺមិនត្រូវវិនិយោគលើវិស័យអចលនទ្រព្យទាំងអស់ទេ”។ លោកស្រីបន្តថា “បើវិនិយោគលើវិស័យស​ណ្ឋាគារ យើងមិនត្រូវវិនិយោគតែលើវិស័យនេះមួយទេ ព្រោះបើយើងវិនិយោគលើវិស័យតែមួយ បើវាដួលគឺដួលទាំងអស់ នេះជាអ្វីដែលជំងឺកូវីដបានបង្រៀនយើង ពីភាពបត់បែនក្នុងការវិនិយោគ”។លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបញ្ជាក់ឲ្យដឹង។

លោកស្រីអាន សុធីបានបន្ថែមថា ជាមួយគ្នានេះ យើងក៏មិនត្រូវវិនិយោគរហូតដល់អស់លុយពីក្នុងខ្លួននោះទេ គឺយើងត្រូវតែមានលុយត្រៀម សម្រាប់បង្ការហានិភ័យណាមួយកើតឡើង ព្រោះយើងមិនដឹងថាមានអ្វីនឹងកើតឡើងនោះទេ។

លើសពីនេះ លោកង៉ែត ជូអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនគួរស្វែងរកឬបង្កើតឲ្យមានចំណូលទី២ ក្នុងជីវិតរបស់ខ្លួនបន្ទាប់ពីវិបត្តិជំងឺកូវីដ ព្រោះការមានប្រភពចំណូលតែមួយ នឹងបង្កហានិភ័យដល់ខ្លួនឯង និងគ្រួសាររបស់ខ្លូននៅពេលមានវិបត្តិកើតមានឡើង ដូចជាវិបត្តិជំងឺកូវីដជាដើម។

បញ្ហាពិតប្រាកដបាន និងកំពុងកើតមានលើគ្រួសារខ្មែរ ដែលពឹងផ្អែកលើប្រភពចំណូលតែមួយ ដោយសារការពឹងផ្អែកលើប្រាក់ខែនៅស្ថាប័នណាមួយ ឬក្រុមហ៊ុនណាមួយ នៅពេលក្រុមហ៊ុននោះបិទទ្វារ ឬក្ស័យទុន នឹងធ្វើឲ្យយើងមានបញ្ហាលំហូរសាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារផងដែរ៕

ផ្សារទំនើប AEON MALL3 សាងសង់ជាមួយល្បឿនយ៉ាងលឿន ខណៈតំបន់ ផ្លូវ៦០ម៉ែត្រកាន់តែរសរវើក

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ផ្សារទំនើបលំដាប់អន្តរជាតិAEON MALL3ស្ថិតនៅលើមហាវិថីសម្តេច

តេជោហ៊ុន សែនបាននិងកំពុងសាងសង់យ៉ាងលឿន បើទោះកម្ពុជាកំពុងជាប់ផុងក្នុងវិបត្តិជំងឺកូវីដក្តី។

ផ្សារទំនើបលំដាប់អន្តរជាតិនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៧ តុលានេះ។

តាមរយៈការធ្វើដំណើរកាត់គំរោងនេះ នាល្ងាចថ្ងៃទី៦ ឧសភានេះ ក្រុមអ្នកយកព៌តមានគេហទំព័រPropertyarea.asia បានផ្តិតយករូបភាពមួយចំនួននៃគំរោងនេះ ដោយសង្កេតឃើញថា អាគារជាច្រើននៃគំរោងនេះបានផុសផុតពីដី និងមានកំពស់ពីរទៅបីជាន់រួចហើយ ខណៈកម្មករ និងរថយន្តដឹកសម្ភារៈសំណង់កំពុងធ្វើការងារយ៉ាងមមាញឹក។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍នៅពេលចូលរួម ពិធីបើកការដ្ឋាន​សាងសង់ជាផ្លូវការនូវផ្សារទំនើបAEON MALL3ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ផ្សារទំនើបគម្រោងទី៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណីតៗ និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអ៊ីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អ៊ីអន ម៉ល ទី១និងទី២ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកបានបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូចការរំពឹងទុករបស់យើងនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវវគម្រោងទី៣របស់ខ្លួន នៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះថែមទៀត”

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមា​ណជា១២លាននាក់ក្នុងមួយឆ្នាំ៕

អង្គការសុខភាពពិភពលោកទទួលថាវ៉ាក់សាំង Sinovacមានប្រសិទ្ធិភាពទប់ស្កាត់ ជំងឺកូវីដ១៩

ដោយៈ ប៊ី

អន្តរជាតិៈ ក្រុមហ៊ុនអ្នកជំនាញរបស់អង្គការ សុខភាពពិភពលោកបានបញ្ជាក់ថា វ៉ាក់សាំងជំងឺកូវីដ-១៩ Sinovac ផលិតដោយក្រុមហ៊ុនចិន  មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ប្រឆាំងនឹងជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យអាយុក្រោម៦០ឆ្នាំពិតមែន ប៉ុន្តែខ្វះទិន្នន័យគុណភាព លើហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់ WHO បានពិនិត្យវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ពីការសាកល្បងដំណាក់កាលទី៣ នៅក្នុងប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី ទួរគីនិងឈីលី។

ការវាយតម្លៃនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីក្រុមអ្នកជំនាញរបស់ស្ថាប័នជំនា ញខាងប្រឹក្សាយុទ្ធសាស្ត្រ បានបង្ហាញពីទំនុកចិត្តទាប ចំពោះទិន្នន័យដែលផ្តល់ដោយក្រុមហ៊ុនផលិតឱសថចិនមួយទៀតឈ្មោះ Sinopharm លើវ៉ាក់សាំងកូវីដរបស់ខ្លួន ទាក់ ទងនឹងហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកជំងឺមួយចំនួន។

ទោះបីជាងយ៉ាងក៏ដោយ ក៏ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ មានជំនឿចិត្តទៅលើសមត្ថភាពរបស់វ៉ាក់សាំងនេះ ក្នុងការការពារការឆ្លងរោគ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ បាននិយាយនៅក្នុងការវាយតម្លៃមួយ ដែលត្រូវបានផ្សព្វផ្សាយលើគេហទំព័ររបស់WHOថា “យើងមានទំនុកចិត្តថា វ៉ាក់សាំង Sinovac ចំនួន២ដូស គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺកូវីដ-១៩ ចំពោះមនុស្សពេញវ័យអាយុចាប់ពី១៨ដល់៥៩ឆ្នាំ។

ស្ថាប័នជំនាញខាងប្រឹក្សាយុទ្ធសាស្ត្រ បានលើកឡើងពីគម្លាតភស្តុតាង នៃសុវត្ថិភាពក្នុងការមានផ្ទៃពោះ និងសុវត្ថិភាពការពារ ចំពោះមនុស្សវ័យចំណាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃនិងការវាយតម្លៃករណីមានប្រតិកម្ម៕

ស្ថាប័នវាយតម្លៃសេដ្ឋកិច្ចអាស៊ាន: ការពន្លឿនការចាក់វ៉ាក់សាំងនិងគោលនយោបាយហិរញ្ញវត្ថុជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងវិលត្រឡប់ទៅរកកំណើនវិជ្ជមានវិញនៅឆ្នាំ២០២១ បន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការពន្លឿនការចាក់វ៉ាក់ជូនប្រជាជន និងការដាក់ចេញកញ្ចប់ថវិកាសង្គ្រោះសេដ្ឋកិច្ច។ នេះបើយោងតាមការលើកឡើងរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។

ការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ និងការបិទខ្ទប់តំបន់បង្ហាញពីបញ្ហាប្រឈម ដែលបណ្តាលមកពីជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ ក៏ដូចជាតម្រូវការចាក់វ៉ាក់សាំងលឿនជាងមុន និងវិធានការនិងគោលនយោបាយដែលមានភាពបត់បែនបាន ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកបណ្ឌិត Seung Hyun Luke Hong អ្នកជំនាញសេដ្ឋកិច្ចនៅឯការិយល័យស្រាវជ្រាវសេដ្ឋកិច្ច AMRO បានមានប្រសាសន៍ថា “ទោះបីជាមានការរំខាននៅក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកដោយសារការបិទខ្ទប់ក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង៤,០ភាគរយនៅក្នុងឆ្នាំ ២០២១នេះ ដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យផលិតកម្ម និងការគាំទ្រដោយការជំរុញសារពើពន្ធ”។

លោកបានថ្លែងបន្តថា ការកើនឡើងថ្មីៗក្នុងករណីឆ្លងចូលសហគមន៍ជំរុញឱ្យមានការឆ្លើយតបយ៉ាងឆាប់រហ័ស ពីរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរាតត្បាត និងពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីទទួលបានជោគជ័យក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកមាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចំពោះកញ្ចប់ថវិកាជាង៨០០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្ដល់សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ គឺនៅតែបន្ដបែងចែកថវិកាជូនទៅគណៈកម្មាធិការ តាមក្រសួងស្ថាប័នរៀងៗខ្លួនដដែល។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ទៀតថា បើសិនជាទឹកប្រាក់៨០០លានដុល្លារ ដែលសម្រាប់ជួយដោះស្រាយ បញ្ហាវិបត្តិជំងឺកូវីដ១៩ មិនគ្រប់គ្រាន់ទេនោះ រាជរដ្ឋាភិបាលនឹងបន្ដត្រៀមបម្រុងថវិកាបន្ថែមទៀត។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពីការការធ្វើវិចារណកម្ម (ចំណាយឲ្យសមហេតុសមផល) និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១។

ការធ្វើវិចារណកម្ម ចំណាយថវិកាឡើងវិញនេះ ក្នុងបុព្វហេតុសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយ បញ្ហាជាអាទិភាពនាពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវី៧-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច៕