ដោយ គង់ សូរិយា
ភ្នំពេញ៖ វត្តមានផ្សារទំនើបនៅកម្ពុជា ពិសេសក្រុងភ្នំពេញបានកើរតមានស្ទើរគ្រប់ទីលកន្លែង ប៉ុន្តែចំនូននិងទំហំផ្សារទំនើប និងផ្សារបែបសហគមន៍នៅតែបន្តកើនឡើង និងកំពុងសាងសង់ថ្មីៗកាន់តែច្រើន។
បច្ចុប្បន្ននេះ មានគម្រោងថ្មីមួយ ដែលត្រូវបានណែនាំដោយក្រុមហ៊ុន ជីស៊ីស៊ី គ្រុប ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដល់អ្នកវិនិយោគជាខ្លាំង ដោយសារតែការវិនិយោគតិច ប៉ុន្តែទទួលបានផលចំណេញច្រើន។ គម្រោងអភិវឌ្ឍថ្មីនេះ ជាគម្រោងផ្សារលក់អាហារស្រស់នៅទីក្រុងភ្នំពេញ និងក្បែរតំបន់អភិវឌ្ឍជាច្រើន គឺផ្សារយើងដោយជីស៊ី អូរឫស្សី។
អ្នកនាងហែម ស៊ីម៉ា នាយកផ្នែកលក់ GC អូរឬស្សីបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣កក្កដា ឆ្នាំ២០២១នេះថា រហូតមកទល់បច្ចុប្បន្ន នៅមិនទាន់ឃើញមានអ្នកអភិវឌ្ឍណាផ្សេងទៀត ដែលអភិវឌ្ឍគម្រោងទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៅឡើយទេ ដូចដែលបានឃើញ ជាទូទៅផ្សារក្នុងស្រុក ពាក់ព័ន្ធនឹងការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន។
អ្នកនាងបន្តថា “មានតែទីផ្សារលក់អាហារ ក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងមានប្រវត្តិយូរណាស់មកហើយ ក្នុងការបម្រើដល់សហគមន៍ ដ៏រស់រវើកមួយនេះ”។
ជាមួយគ្នានេះ វត្តមានផ្សារទំនើបធំៗជាច្រើនកំពុងលេចឡើងនៅតំបន់ផ្លួវ៦០ម៉ែត្រ ដូចជាផ្សារទំនើប AEON Mall3 ផ្សារទំនើប Peng Huort Diamond, ផ្សារទំនើប Chip Mong និងនៅលើបណ្តោយផ្លូវជាតិលេខ១វិញ វត្តមានផ្សារទំនើប Peng Huorrt Eco Mall មានទំហំធំមួយ កំពុងចាប់ផ្តើមបង្ហាញរូបរាងបណ្តើរៗ ខណៈក្នុងបុរីនេះនឹងមានផ្សារទំនើបធំៗចំនូនពីរបន្ថែមទៀតផងដែរ។
ចំណែកផ្សារជីស៊ី អូរឫស្សី មានទីតាំងស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្សី ក្បែរក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅពាក់ឆ្នាំ២០២៤ខាងមុខ។ គម្រោងផ្សារមួយនេះ មានកម្ពស់៦ជាន់ ស្មើនឹងតូបសរុបប្រមាណ ៥ពាន់តូប ដែលបំផុសគំនិត ដោយស្ថាបត្យកម្មបែបខ្មែរ រួមបញ្ចូលគ្នាជាមួយនឹងការរចនាបែបទំនើប ព្រមទាំងមានការបែងចែកពាណិជ្ជកម្ម ទៅតាមផ្នែកផ្សេងៗគ្នានៅជាន់នីមួយៗ។
អ្នកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យ និងវិភាគទីផ្សារបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វត្តមានផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់កម្រិតមួយខ្ពស់គួរឲ្យព្រួយបារម្ភ ដោយសារទំហំផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់ជាង៦០ម៉ឺនម៉ែត្រការ៉េរួចទៅហើយ។
អ្នកស្រីបន្តថា “ការកើនឡើងនូវវត្តមានផ្សារទំនើប ឆ្លុះបញ្ចាំងពីកំនើនជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអំណាចនៃការទិញរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ”។អ្នកស្រីបន្តថា “ការវិនិយោគផ្សារទំនើបមានផលចំនេញខ្ពស់ពីការវិនិយោគ ប៉ុន្តែទាមទារឲ្យមានការរចនាឡើងវិញរៀងរាល់៣ទៅ៥ឆ្នាំម្តង ដើម្បីដើរទាន់សម័យកាលសង្គម”។
ការកើនឡើងនូវវត្តមានផ្សារទំនើប កើនឡើងជាបន្តបន្ទាប់គ្នានេះ បានធ្វើឲ្យផ្សារមួយចំនួនប្រឈមមុខនឹងការបិទទ្វារផងដែរ ដោយសារការប្រកួតប្រជែងពីផ្សារទំនើបស្តង់ដាអន្តរជាតិដូចជាផ្សារទំនើប AEON Mall ជាដើម៕