ខេត្តព្រះសីហនុមានកោះសរុបចំនូន៣២ តើកោះទាំងនោះមានឈ្មោះអ្វីខ្លះ?

ចែករំលែក

ដោយៈគង់ សូរិយា

ព្រះសីហនុៈ ប្រជុំកោះតូចធំដែលមាន​ចំនួន ៣២ នៅខេត្តព្រះសីហនុ បាន​ក្លាយជាគោលដៅ ទេសចរណ៍ធម្មជាតិដ៏ពេញនិយម​សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិទៅកំសាន្តនិងលំហែកាយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បាន​រៀបរាប់ពី​ឈ្មោះ​កោះ​ទាំង៣២ ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ​ ក្នុង​នោះរួមមានទី១ កោះព្រាប ទី២ កោះពស់ ទី៣ កោះថាស (កោងកាង) ទី៤ កោះដែកគោល ទី៥ កោះត្រេះ (កោះខ្ទះ) ទី៦ កោះរុង ទី៧ កោះបង ទី៨ កោះប្អូន ទី៩ កោះកូន (កុក/កណ្តាល) ទី១០ កោះរុងសន្លឹម
ទី១១ កោះមូល ទី១២ កោះតូច ទី១៣ កោះប្រើស ទី១៤ កោះថ្មី ទី១៥ កោះច្រឡុះ (ក្របី) ទី១៦ កោះតាគៀវ ទី១៧ កោះឬស្សី ទី១៨ កោះស្រមោច ទី១៩ កោះសំពោច ទី២០ កោះដូង  ទី២១ កោះព្រីង ទី ២២ កោះខ្មោច ទី២៣ កោះត្រងោល ទី២៤ កោះវាល ទី២៥ កោះតាង ទី២៦ កោះមួយ ទី២៧ កោះដំឡូង (ក្តាម) ទី២៨ កោះពីរលិច ទី២៩ កោះពីរកើត ទី៣០ កោះតា ទី៣១ កោះយាយទី៣២ កោះចៅ។ កោះទាំងបីចុងក្រោយនេះជាប្រជុំកោះពូលូវៃ។

ខេត្តព្រះសីហនុជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ច ដោយមានកំពង់ផែស្វ័យយ័ត តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិកេងកង និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតស្ថិតនៅប៉ែកនិរតីនៅប្រទេសកម្ពុជា ជាប់នឹងតំបន់ឆ្នេរមានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ និងចម្ងាយ២៦០ គីឡូម៉ែត្រតាមបណ្តោ​យផ្លូវជាតិលេខ ៣ និង​មានផ្លូវដែកឆ្លងកាត់ខេត្តកណ្ដាល តាកែវ កំពត។

ខេត្តព្រះសីហនុ មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តកោះកុង ខាងកើតជាប់នឹងខេត្តកំពត និងខេត្តកំពង់ស្ពឺខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ។

ខេត្តព្រះសីហនុមានផ្ទៃដីសរុប២៦៥៨.៩០ គីឡូម៉ែត្រការ៉េផ្ទៃដី២/៣ជាដីព្រៃភ្នំ និងខ្ពង់រាបមានឆ្នេរសមុទ្រប្រវែង ១៧៥.៨១គីឡូម៉ែត្រ និងមានកោះតូចធំចំនួន៣២ប្រជុំកោះឆ្នេរខ្សាច់ឆ្នេរថ្មឆ្នេរភក់ និងជីវចម្រុះបាតសមុទ្រ បានក្លាយជាគោលដៅមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិអន្តរជាតិដ៏ពេញនិយម សម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ៕


ចែករំលែក