វ៉ាក់សាំងកន្លះលានដូសទៀតបានមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ ខណៈល្បឿននៃការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលទទួលបានការសរសើរ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ វ៉ាក់សាំងសំរាប់បង្ការជំងឺកូវីដ១៩ ម៉ាក Sinovac របស់ក្រុមហ៊ុនចិនចំនួន៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ ខណៈរដ្ឋាភិបាលបានទទួលការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិលើល្បឿននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

ជាងមួយឆ្នាំហើយដែលជំងឺកូវីដ១៩ បានរាតត្បាតនៅលើពិភពលោក។ ជាងមួយឆ្នាំនេះ កម្ពុជាបានរកឃើញមនុស្ស៣៤,៨៣៣នាក់ កើតជំងឺកូវីដ១៩ ហើយ២៦៦នាក់ បានស្លាប់បាត់បង់ជីវិត។ មកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្ស ពីការវាយប្រហារដោយជំងឺកូវីដ១៩។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះ ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ​១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។

វត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា ត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយ រវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

រដ្ឋាភិបាលចិន ធ្លាប់បានប្រកាសបង្ហាញនូវជំហរមុតមាំរបស់ខ្លួន ក្នុងការជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ រហូតទទួលបានជោគជ័យ។

លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ធ្លាប់បានគូសបញ្ជាក់ថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក។ ដរាបណាជំងឺកូវីដនៅក្នុងប្រទេសកម្ពុជាមិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកាន់ប្រទេសកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ ប្រជាជនចិន បន្តគាំទ្រជាមួយប្រជាជនកម្ពុជាជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនា នេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។

សម្តេចតេជោបានប្រកាសដែរថា “កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២”៕

ក្រុមហ៊ុនសិង្ហបុរីធំមួយលក់អាជីវកម្មរបស់ខ្លួនដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនបុត្រសម្ព័ន្ធ HLH Agri International របស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Hong Lai Huat Group របស់សឹង្ហបុរី នឹងលក់ភាគហ៊ុនទាំងអស់របស់ខ្លួននៅក្នុងក្រុមហ៊ុន HLH Agri R&D ដោយគិតជាទឹកប្រាក់សរុបចំនួន ៤,៨ លានដុល្លារសិង្ហបុរី ដើម្បីផ្តោតលើការវិនិយោគនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Business Times នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១។

ក្រុមហ៊ុន HLH Agri R&D គឺជាម្ចាស់ស្របច្បាប់នៃរមណីយដ្ឋានកសិកម្ម កិច្ចសន្យាជួលរយៈពេល២០ឆ្នាំ ដែលប្រតិបត្តិការក្រោមឈ្មោះថារមណីយដ្ឋានកសិកម្ម Gallop Kranji Farm Resort ដែលមានទីតាំងនៅតំបន់ 10 Neo Tiew Lane 2 ហើយបច្ចុប្បន្នត្រូវបានជួលដោយក្រុមហ៊ុន Blue Dolphin ដែលជាភ្នាក់ងារគ្រប់គ្រងរមណីយដ្ឋានកសិកម្មចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ការប្រកាសលក់នេះត្រូវបានធ្វើឡើង ខណៈក្រុមហ៊ុននេះមានគោលបំណងផ្តោតការយកចិត្តទុកដាក់ទាំងស្រុងទៅលើអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន។

បច្ចុប្បន្ន ជាង៩៥ភាគរយ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននេះត្រូវបានផ្តោតលើប្រទេសកម្ពុជាក្នុងវិស័យជាច្រើន ដូចជាអចលនទ្រព្យ និងកសិកម្ម ខណៈ៥ ភាគរយទៀតនៅសេសសល់ជាកន្លែងកំសាន្តកសិកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុន HLH Agri R&D។

ក្រុមហ៊ុនបានឱ្យកាលពីថ្ងៃអាទិត្យកន្លងមកនេះ ការលក់នេះនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនក្នុងរយៈពេលវែង។

ក្រុមហ៊ុន HLH Agri International បានឈានដល់កិច្ចព្រមព្រៀងលក់ទិញជាមួយក្រុមហ៊ុន Gallop Green ដែលជាក្រុមហ៊ុនផលិតគ្រឿងសមុទ្រ និងគ្រប់គ្រងកាកសំណល់ សម្រាប់ការលក់ភាគហ៊ុនទាំងស្រុងរបស់ក្រុមហ៊ុន HLH Agri R&D ដែលមានភាគហ៊ុនចំនួន១២,៦លានហ៊ុន៕

លោកឧកញ៉ាលឹម ហេងៈក្រុមហ៊ុនធំៗរបស់ចិន អាមេរិក អឺរ៉ុបជាច្រើនត្រៀម ចូលមកកាន់ទីផ្សារកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា ក្រុមហ៊ុនធំៗរបស់ចិន អាមេរិក និងអឺរ៉ុបជាច្រើនបានត្រៀមខ្លួនរួចហើយ ដើម្បីចូលមកវិនិយោគនៅកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៧ ឧសភានេះថា នៅពេលរដ្ឋាភិបាលអាចចាក់វ៉ាក់សាំងបង្ការជំងឺវីដ១៩ បានចន្លោះពី៧០ទៅ៨០ភាគរយ វិនិយោគិនជាច្រើននឹងមកកាន់កម្ពុជា ព្រោះកម្ពុជានៅមានឱកាសច្រើនណាស់ សំរាប់ការរីកចម្រើន និងផលចំណេញ ដោយសារគោលនយោបាយរបស់រដ្ឋាភិបាលកាន់តែបើកចំហ ពិសេសច្បាប់វិនិយោគថ្មីកំពុងតែត្រៀមអនុម័ត ដែលនឹងបង្កបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេស។

លោកបន្តថា “សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងទាក់ទាញក្រុមហ៊ុនអាមេរិក អឺរ៉ុបធំៗជាច្រើនមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយចិន បានចូលជាធរមានរួចហើយ”។ លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន បានផ្តល់ឲ្យកម្ពុជានូវកាលានុវត្តន៍ភាពដ៏សំខាន់ ក្នុងការពង្រីកទំហំពាណិជ្ជកម្មទៅក្រៅប្រទេស”។

លោកឧកញ៉ាលឹម ហេងបានបន្តថា ជាក់ស្តែងទំហំពាណិជ្ជកម្មរបស់កម្ពុជាបានកើនឡើងជាមួយប្រទេសក្នុងតំបន់ ជាមួយអាមេរិក ជប៉ុនបានកើឡើងយ៉ាងល្អប្រសើរ បើទោះបីកម្ពុជាមានបញ្ហាជំងឺកូវីដក្តី។ លោកបន្តថា ការរីកចម្រើននៃសេដ្ឋកិច្ច ការពង្រីកទំហំពាណិជ្ជកម្មទៅក្រៅប្រទេស យើងជឿថាសេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងខ្ពស់នៅឆ្នាំ២០២២ខាងមុខនេះ។

លោកឧកញ៉ាបានបន្តទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយរយៈពេល២០ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំង យើងមានអាគារកប់ពពកជាច្រើន មានស្ពានអាកាស មានផ្លូវល្បឿនលឿន ពិសេសក្នុងអំឡុងវិបត្តិកូវីដ១៩នេះ កម្ពុជាមានលទ្ឋភាពអាចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង២លាននាក់រួចហើយ ជាល្បឿនដ៏លឿនមួយ ដែលបង្ហាញពីសមត្ថភាពនិងការដឹកនាំរបស់រដ្ឋាភិបាល៕

កិច្ចប្រជុំរវាងចិន-អាស៊ាននឹងជំរុញឱ្យមានលិខិតឆ្លងដែនវ៉ាក់សាំងរវាងភាគីទាំងពីរ

ដោយៈ គៀតឈូ

ភ្នំពេញៈ កិច្ចប្រជុំដោយផ្ទាល់រវាងរដ្ឋមន្រ្តីការបរទេសចិន និងបណ្តាប្រទេសអាស៊ាននឹងធ្វើនៅចុងឈីង (Chongqing) ពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារនេះ ខណៈចិននិងអាស៊ានគ្រោងនឹងមានការពិភាក្សាគ្រប់ជ្រុងជ្រោយស្តី អំពីជំងឺរាតត្បាតសកល និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Global Times នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃអាទិត្យកន្លងមកនេះថា សមាជិកក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន ក្នុងពិធីអបអរសាទរខួបលើកទី៣០ នៃទំនាក់ទំនងសន្ទនា និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គ (LMC) លើកទី៦ នៅទីក្រុងឆុងឈីង ។

លោក Wang Wenbin បានមានប្រសាសន៍ថា “ឆ្នាំនេះគឺជាខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ាន ដែលមើលឃើញពីសារៈសំខាន់ពិសេស សម្រាប់ទំនាក់ទំនងទ្វេភាគី ដើម្បីកសាងបន្ថែមនូវសមិទ្ធិផលកន្លងមក និងបន្តវឌ្ឍនភាពថ្មី”។

អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការប្រជុំគ្នាទល់មុខគ្នា ក្រោមស្ថានភាពគម្រាមកំហែងពីវិបត្តកូវីដ១៩ លើប្រទេសនានា នឹងជំរុញការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងចិន-អាស៊ាន ក្នុងកាលៈទេសៈថ្មី។

លោក Chen Xiangmiao ជំនួយការស្រាវជ្រាវនៅវិទ្យាស្ថានជាតិ ដែលផ្តោតលើការសិក្សាសមុទ្រចិនខាងត្បូងបានមានប្រសាសន៍ថា “ឥឡូវនេះភាគីទាំងពីរកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដើម្បីធ្វើការចរចាគ្នា ហើយការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវិដ១៩”។ លោកលើកឡើងបន្តថា “ចិន និងអាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេ លើការចែករំលែកវ៉ាក់សាំង ដើម្បីជួយអាស៊ានកាត់បន្ថយការឆ្លងរីករាលនៃជំងឺកូវីដ១៩”។

នៅពេលដែលលោកវ៉ាង យី បានជួបជាមួយលោក Luhut Binsar Pandjaitan ប្រេសិតពិសេសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាអ្នកសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅ Guiyang ខេត្ត Guizhou ប្រទេសចិនកាលពីថ្ងៃសៅរ៍នោះ ភាគីទាំងពីរបានយល់ព្រមបន្តធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការលើខ្សែសង្វាក់ឧស្សាហកម្មវ៉ាក់សាំងទាំងមូល រួមទាំងការស្រាវជ្រាវផងដែរ និងការអភិវឌ្ឍផលិតកម្ម និងការចែកចាយ ហើយប្រទេសចិននឹងជួយប្រទេសឥណ្ឌូនេស៊ី សាងសង់មជ្ឈមណ្ឌលផលិតវ៉ាក់សាំងក្នុងតំបន់។

លោកChen បាននិយាយថា បញ្ហាបន្ទាន់នៅលើរបៀបវារៈរវាងចិន និងអាស៊ាន គឺការងើបឡើងវិញនៃសេដ្ឋកិច្ច។ អ្នកជំនាញរូបនេះបាននិយាយថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងភាគីទាំងពីរ កំពុងបន្តសន្ទុះខ្លាំងក្លារបស់ខ្លួន បន្ទាប់ពីការចុះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ពិភពលោក ដែលរួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ាន១០។ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិន ដែលបានវ៉ាដាច់អឺរ៉ុប កាលពីឆ្នាំ២០២០។

លោកChen បានមានប្រសាសន៍ថា វិស័យទេសចរណ៍ ជាវិស័យសំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការរវាងចិន និងបណ្តាប្រទេសអាស៊ាន ប៉ុន្តែកិច្ចសហប្រតិបត្តិការនេះ ត្រូវបានរាំងស្ទះដោយជំងឺរាតត្បាត”។ លោកបន្តថា “ដូច្នេះខ្ញុំជឿជាក់ថា វិធីដើម្បីបន្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងនោះឡើងវិញ នឹងត្រូវកំណត់គោលដៅ ដោយកិច្ចប្រជុំនាពេលខាងមុខនេះ”។

លោកWang Wenbin បានមានប្រសាសន៍ថា យន្តការសហប្រតិបត្តិការអនុតំបន់ថ្មី ដែលមានការពិគ្រោះយោបល់ទូលំទូលាយរវាងចិន កម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំង៦យ៉ាងរឹងមាំ និងនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជន។

ក្រុមអ្នកវិភាគបាននិយាយថា នៅពេលដែលសេដ្ឋកិច្ចពិភពលោក ត្រូវបានគំរាមកំហែង ដោយការរីករាលដាលនៃជំងឺរាតត្បាត និងកើនឡើងនៃការគាំពារនិយមកើនឡើងនោះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញស្ថេរភាពសេដ្ឋកិច្ច ក្នុងតំបន់ និងជួយកាត់បន្ថយឯកតោភាគីនិយមរបស់អាមេរិក។

លោកBi Shihong សាស្រ្តាចារ្យនៅមជ្ឈមណ្ឌលសិក្សាការទូតជិតខាង និងសាលាសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យយូណានបាននិយាយថា “ពេលវេលាសម្រាប់ការពិភាក្សាអំពីលិខិតឆ្លងដែនវ៉ាក់សាំងរវាងចិន និងបណ្តាប្រទេសអាស៊ានបានមកដល់ហើយ ទោះបីជាវាត្រូវការពេលវេលាក៏ដោយ”។

លោកបានកត់សម្គាល់ថា បច្ចុប្បន្នបណ្តាប្រទេសអាស៊ាន មានអត្រាចាក់ថ្នាំបង្ការទាប ហើយលិខិតឆ្លងដែនវ៉ាក់សាំង អាចត្រូវបានដាក់ឱ្យអនុវត្តន៍ នៅពេលដែលភាគីទាំងពីរព្រមព្រៀង និងមានអត្រាចាក់វ៉ាក់សាំងដែលត្រូវនឹង“ស្តង់ដារវិទ្យាសាស្ត្រ”៕

រដ្ឋាភិបាលក្រុងប៉េកាំង ប្រឈមជម្រើសកាន់តែលំបាក នៅពេលដែលរូបិយប័ណ្ណយ័នកាន់តែឡើងថ្លៃ

ដោយៈសុខុម

ប្រទេសចិន: ក្រុមអ្នកជំនាញមើលឃើញថា រូបរូបិយប័ណ្ណយ័ន របស់មហាយក្សចិន ឡើងថ្លៃជាលំដាប់ចាប់តាំងពីផ្ទុះសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងមហាយក្សចិន មក។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី៤ មិថុនា។

កត្តានេះបានធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ជួបការលំបាកយ៉ាងខ្លាំង។ ប្រសិនបើរូបិយប័ណ្ណយ័ន ឡើងថ្លៃឆាប់រហ័សពេក ទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន អាចនឹងប្រឈមការហូរចូលមូលធនយ៉ាងគំហុក ហើយការងើបឡើងដ៏ផុយស្រួយ នៃសេដ្ឋកិច្ចរបស់ចិន ត្រូវប្រឈមហានិភ័យខ្ពស់។

ទោះជាយ៉ាងណា ក្នុងករណីដែលរដ្ឋាភិបាលក្រុងប៉េកាំង “ចង់អន្តរាគមន៍” ដើម្បីធ្វើឱ្យរូបិយប័ណ្ណយ័នធ្លាក់ថ្លៃក៏ពិបាកដែរ ព្រោះអន្តរាគមន៍បែបនេះ អាចធ្វើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខឹងឆេះដុំ ព្រោះសហរដ្ឋអាមេរិក សង្ស័យជាយូរមកហើយថា រដ្ឋាភិបាលក្រុងប៉េកាំង ជាអ្នកក្រឡុកតម្លៃរូបិយវត្ថុរបស់ខ្លួន។

ប្រសិនបើប្រទេសចិន កំពុងតែព្យាយាមស្ដារទំនាក់ទំនាក់ ជាមួយសហរដ្ឋអាមេរិក ឱ្យប្រសើរឡើងវិញនោះ ការចោទប្រកាន់ជាថ្មីថា មហាយក្សចិន ជាអ្នកក្រឡុកតម្លៃរូបិយប័ណ្ណនឹងមិនបានផលឡើយ។

ការឡើងថ្លៃរូបិយប័ណ្ណយ័ន មិនមែនជារឿងថ្មីឡើយ។ រូបិយប័ណ្ណនេះបានឡើងថ្លៃជាង១០ភាគរយ រួចមកហើយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ រូបិយប័ណ្ណនេះបានថ្លៃបន្ថែមទៀត ដោយឡើងលើស៦,៤យ័នក្នុង១ដុល្លារអាមេរិក ហើយការឡើងថ្លៃនេះ បានរួមចំណែកមួយផ្នែកដល់ការងើបឡើង នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងធ្វើឱ្យរូបិយប័ណ្ណដុល្លារធ្លាក់ថ្លៃ។

លោក Chaoping Zhu ដែលជាអ្នកធ្វើយុទ្ធសាស្រ្តទីផ្សារសកលប្រចាំក្រុមហ៊ុន JP Morgan Asset Management បានលើកឡើងតាមរយៈកំណត់ត្រាស្រាវជ្រាវមួយនៅសប្តាហ៍នេះថា ការឡើងថ្លៃរូបិយប័ណ្ណយ័នបានបង្ហាញថា ធនាគារប្រជាជនចិន (ធនាគារកណ្ដាលចិន) មានចេតនាបណ្ដោយឱ្យវាឡើងថ្លៃ។

លោកបានទាញទឡ្ហីករណ៍ដូច្នេះថា “ធនាគារកណ្តាលចិន ប្រហែលជាកំពុងព្យាយាមទប់ការឡើងថ្លៃទំនិញ ដូចជា ដែកថែប និងសម្ភារៈសំណង់ផ្សេងទៀតដែលចាំបាច់ខ្លាំងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយមហិច្ឆតានានារបស់ប្រទេសចិន”៕

បញ្ចុះតម្លៃរហូត 10% ជាមួយនឹងការបើកទីតាំងថ្មី ២ព្រមៗគ្នា ព្រមទាំងមានការផ្តល់ជូន ការបង់ប្រាក់កាន់តែងាយស្រួល ដែលមិនធ្លាប់មានពីមុនមក

វិនិយោគដឹងតែចំនេញ ព្រមទាំងទទួលបានគេហដ្ឋាន ក្នុងគម្រោងបែបធម្មជាតិ ព្រមជាមួយការបញ្ចុះ តម្លៃរហូតដល់10% ព្រមៗគ្នាជាមួយនឹងការបង់ប្រាក់កាន់តែងាយស្រួល មិនធ្លាប់មានពីមុនមក ពីបុរី ប៉េង ហួត។ ការផ្តល់ជូនពិសេសនេះ មានត្រឹមដំណាច់ខែមិថុនា នេះតែប៉ុណ្ណោះ។

ការរស់នៅជាមួយបរិយាកាសធម្មជាតិខៀវស្រងាត់ និងស្រស់បំព្រង ភាគច្រើនយើងតែងតែគិតដល់ ការរស់នៅស្រុកស្រែចំការ ឬឆ្ងាយពីទីក្រុងដ៏មមាញឹកប៉ុណ្ណោះ។ ប៉ុន្តែសាកស្រមៃមើលថា ប្រសិនបើសហគមន៍ទំនើបបែបធម្មជាតិ មានក្នុងទីក្រុង ជាមួយនឹងតម្លៃសមរម្យកាន់តែពិសេសថែមទៀត។

ដូច្នេះហើយទើប បុរី ប៉េង ហួត បានរៀបចំគម្រោងអភិវឌ្ឍបែបធម្មជាតិដ៏ធំអស្ចារ្យមួយ ដែលមានឈ្មោះថា ហ្គ្រេនស្តាផ្លាទីនីម អេកូ ខូលិកសិន ដែលស្ថិតក្នុងតំបន់បឹងស្នោ មានចំងាយត្រឹមតែ ៥ នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ។ គម្រោងថ្មីនេះមានលក្ខណៈពិសេសៗ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ព្រមទាំងបានរួមបញ្ចូលនូវភាពល្អឥតខ្ចោះនៃធម្មជាតិស្រស់បំព្រង ប្រវត្តិសាស្ត្រ និង វប្បធម៏ខ្មែរ ជាមួយនឹងការរស់នៅបែបទាន់សម័យ និងប្រកបដោយផាសុកភាពផងដែរ ។

គម្រោងអភិវឌ្ឍចំនួន 2 ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍបែបធម្មជាតិ កំពុងតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ ពីសំណាក់អតិថិជន នោះគឺគម្រោងដឹស្តាផ្លាទីនីម អេកូ រ៉ូមែនស៍ និង អេកូ វេរ៉ាន់ដា ដែល ជាគម្រោងអភិវឌ្ឍលំនៅឋានប្រណីតបែបអេកូធម្មជាតិ ដ៏ថ្មីសន្លាង ត្រូវបានបង្កើតឡើងជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលធ្វើការផ្តល់ជូននូវប្រភេទវីឡាទំនើបចម្រុះរាប់ពាន់ខ្នង រួមមានឧទ្យានដ៏ធំអស្ចារ្យអមទៅដោយរុក្ខជាតិចម្រុះខៀវស្រងាត់ ដងផ្លូវអមទៅដោយផ្កាចម្រុះពណ៌ ដើមឈើធំៗត្រឈឹងត្រឈៃត្រជាក់ចិត្ត ទីធ្លាកម្សាន្ត ហ៊ុមព័ទ្ធដោយគូទឹកថ្លាឈ្វេង ផ្លូវជិះកង់ស្តង់ដារអន្តរជាតិ ផ្លូវរត់ហាត់ប្រាណ អាងហែលទឹក ក្លឹបហាត់ប្រាណ និងកន្លែងក្មេងលេង ដែលពោរពេញទៅដោយបរិយាកាសបែបធម្មជាតិពិតៗ ជាមួយបទពិសោធន៍ថ្មីប្លែក និង ភាពសម្បូរបែបនៃការរស់នៅបែបថ្មី។

ក្នុងគម្រោងទាំងពីរខាងលើ នេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី ព្រីន ប៊ី ម៉ូតថ្មី វីឡាព្រីន វីឡាភ្លោះ និងវីឡាកូនកាត់ ត្រូវបានសាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាព និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

សូមបញ្ជាក់ផងដែរថាគម្រោងទាំងពីរខាងលើ ស្ថិតក្នុងតំបន់បឹងស្នោ ដែលតំបន់នេះបានប្រែក្លាយជាទីក្រុងរណប និងជាតំបន់ប្រជុំជនដ៏សម្បូរបែបមួយ សម្រាប់ការកម្សាន្ត និងស្នាក់នៅ ដែលរួមមាន សួនកម្សាន្តបែបអឺរ៉ុប សាលារៀនអន្តរជាតិ កីឡដ្ឋាន ស្ថានីយពន្លត់អគ្គីភ័យ ខុនដូ និងផ្សាទំនើប ព្រមទាំងបានបែបចែកតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជកម្មផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: [email protected]ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

https://www.youtube.com/watch?v=DoPQmfjslbE (VDO)

រដ្ឋាភិបាលមានការលើកទឹកចិត្តយ៉ាងច្រើនដល់ក្រុមហ៊ុនវិនិយោគលើការ ផលិតអគ្គិសនីនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្តយ៉ាងច្រើន ដល់ក្រុមហ៊ុន ដែលមកវិនិយោគស្ថានីយផលិតអគ្គិសនីនៅកម្ពុជា ក្នុងពេលកំពុងសាងសង់ និងពេលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៃថាមពល នៃក្រសួងរ៉ៃនិងថាមពល។

លោកវិចទ័រ ហ្សូនាអគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពល បានថ្លែងក្នុងកម្មពិធីរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីសប្តាហ៍កន្លងទៅថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំ គិតតាំងទីឆ្នាំ២០១៥មក យើងមានគោលនយោបាយបញ្ចុះថ្លៃអគ្គិសនី ជូនដល់អ្នកប្រើប្រាស់គ្រប់ប្រភេទ ទាំងប្រភេទផ្ទះសំបែង ទាំងប្រភេទឧស្សាហកម្ម សិប្បកម្ម និងប្រភេទសេវាកម្មនានា។

លោកបានថ្លែងថា ការលើកទឹកចិត្តរបស់រដ្ឋាភិបាល ចំពោះអ្នកវិនិយោគនៅក្នុងវិស័យផលិតកម្មថាមពលនេះ មានជាអាទិ៍ មានដូចជា

ទី១ ការលើកលែងពន្ធនាំចូល
ឧបមាថា ការធ្វើស្ថានីយពន្លឺព្រះអាទិត្យ ឬថាមពលវារីអគ្គីសនីឬក៏ធ្យូងថ្ម រាល់គ្រឿងបរិក្ខារនានាគឺពន្ធស្មើសូន្យ រដ្ឋាភិបាលលើកលែងពន្ធឱ្យ រាល់របស់ដែលបម្រើឱ្យគោលដៅក្នុងការបញ្ចុះថ្លៃអគ្គិសនី។ ពោលគឺយើងមិនឱ្យមានការបង់ពន្ធ ហើយលើកលែងពន្ធនាំចូលគ្រឿងចក្រ គ្រឿងម៉ាស៊ីន បរិក្ខារ និងឧបករណ៍សម្ភារៈនានាដែលបម្រើឱ្យគម្រោង។

ទី២ អាករលើកតម្លៃបន្ថែម (VAT)
ជាអាករពិសេស ដែលជាបន្ទុករបស់រដ្ឋ។ រដ្ឋជាអ្នកចេញថ្លៃ VATជូន ហើយពន្ធលើប្រាក់ចំណូលក៏លើកលែងរយៈពេល៩ឆ្នាំ ចាប់ពីពេលគេបានធ្វើ ប្រតិបត្តិការការងាររកស៊ីរបស់គេ។ ៩ឆ្នាំដំបូង គឺរដ្ឋពុំមានយកពន្ធលើកប្រាក់ចំណូលទេ គឺរកទទួលទានបានប៉ុន្មាន យកបានប៉ុណ្ណឹងទៅ ដើម្បីជាការលើកទឹកចិត្តឱ្យមានការទាក់ទាញ សម្រាប់ការវិនិយោគលើវិស័យថាមពល។

ទី៣ ដោយឡែក អ្នកវិនិយោគលើវារីអគ្គិសនី រដ្ឋពុំមានយកថ្លៃទីតាំងជួលទីតាំងស្ថានីយវារីអគ្គិសនីនោះទេ។ គ្រាន់តែថា សំខាន់ការផលិតមានថ្លៃដើមប៉ុន្មាន ហើយអាចលក់បានប៉ុន្មានប៉ុណ្ណោះ។ ថ្លៃប្រើប្រាស់ទឹក ថ្លៃខ្សាច់ ថ្ម ស៊ីម៉ង់ និងគ្រឿងសំណង់ទាំងឡាយ សម្រាប់កសាងទំនប់វារីស្ថានីយនោះ ក៏រដ្ឋពុំយកកម្រៃអ្វីទាំងអស់។
លោកបន្តថា “នេះជាការលើកទឹកចិត្តមួយដល់ផ្នែកឯកជន ដើម្បីជាការទាក់ទាញឱ្យចូលខ្លួនមកធ្វើការវិនិយោគនៅកម្ពុជា”៕

ហេតុអីទីផ្សារដីធ្លីកម្ពុជានៅតែមានឱកាសទូលាយសម្រាប់វិនិយោគយកចំណេញ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគដីធ្លីនៅក្នុងប្រទេសកម្ពុជា ត្រូវបានក្រុមអ្នកជំនាញបានបញ្ចេញយោបល់ស្រដៀងៗគ្នាថា នៅតែមានឱកាសទទួលបានប្រាក់ចំនេញខ្ពស់ ទាំងនៅពេលបច្ចុប្បន្នន និងនៅពេលអនាគតខាងមុខ ប៉ុន្តែការវិនិយោគដីធ្លីដែលចង់ចំនេញខ្ពស់គឺនៅតំបន់ដែលមានឆ្ងាយពីទីក្រុង និងនៅក្បែរគម្រោងវិនិយោគរបស់រដ្ឋាភិបាល និងគម្រោងវិនិយោគធំៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ដីធ្លីនៅក្នុងប្រទេសកម្ពុជា គឺជាឱកាសដើម្បីធ្វើការវិនិយោគដ៏សំខាន់និងចាំបាច់ ហើយភាគច្រើនអ្នកដែលវិនិយោគលើដីធ្លី ទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈបទពិសោធន៍ជាង១០ឆ្នាំមកនេះ។

លោកបន្តថា “ការរីកចម្រើននៃវិស័យដីធ្លីនៅក្នុងរាជធានីភ្នំពេញ មានសន្ទុះលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។ លោកថា “កាលពីមុនការអភិវឌ្ឍដីធ្លីត្រូវបានគេមើលឃើញថាបានងាកទៅខាងលិច ឈៀងខាងជើងរាជធានីភ្នំពេញ ប៉ុន្តែមកដល់ពេលនេះ វាបានរីកទៅគ្រប់ទិសនៃរាជធានីភ្នំពេញ ឬអាចនិយាយថាមុំ៣៦០ដឺក្រេរួចទៅហើយ”។

លោកច្រឹក សុខនីមបន្តថា សម្រាប់អ្នកដែលមានជំនាញទិញលក់អចលនទ្រព្យ គេតែងតែប្រមើល មើលនិងវិភាគទៅលើប្រព័ន្ធគម្រោងប្លង់មេ របស់សាលារាជធានីភ្នំពេញ ដែលអាចឱ្យគេវិនិយោគលើដីធ្លីទៅមិនចេះខុស និងទទួលបានផលចំនេញមកវិញភ្លាមៗ ។ ដើម្បីទទួលបានគម្រោងប្លង់មេនេះ អ្នកវិនិយោគអាចរកវាពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ ឬក៏អាចទៅសួរនាំទៅតាមនាយកដ្ឋានសុរិយោដី តាមបណ្ដាមន្ទីររៀបចំដែនដីនៅនគរូបនីយកម្ម និងសំណង់រាជធានីខេត្ត ឬក៏អាចទៅសួរនាំនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក៏កាន់តែប្រសើរ ។

លោកឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW Cambodia បានឱ្យដឹងផងដែរ សក្ដានុពលក្នុងការវិនិយោគដីធ្លី នៅក្នុងប្រទេសកម្ពុជា គឺនៅមានឱកាសខ្ពស់ណាស់ បើធៀបនឹងប្រទេសជិតខាង ព្រោះតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ ហើយការអភិវឌ្ឍអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក៏មិនទាន់ដូចប្រទេសជិតខាងឬប្រទេសផ្សេងៗទៀតក្នុងតំបន់ ។

លោកបន្តថា ការវិនិយោគដីធ្លីវាអត់ត្រូវខាតនោះទេ ហើយទិញដីនៅពេលនេះនឹងចំណេញនៅពេលខាងមុខ ពីព្រោះថាដីមិនកើតទេ តែមនុស្សកើតរាល់ថ្ងៃ ហើយតម្រូវការមនុស្សគឺដីសម្រាប់សង់ផ្ទះរស់នៅ ដូច្នេះនៅពេលតម្រូវការកាន់តែច្រើន តម្លៃដីធ្លីនឹងកាន់តែកើនឡើង”៕

គម្រោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនកំពុងលើកស្ទួយវិស័យអចលនទ្រព្យ នៅខេត្តសៀមរាបឡើងវិញ

ដោយៈ ម៉ាណេត

សៀមរាបៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋធំៗនៅខេត្តសៀមរាបកំពុងលើកស្ទួយសេដ្ឋកិច្ច និងអចលនទ្រព្យនៅខេត្តសៀមរាបឡើងវិញ ក្រោយពេលវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់នាពេលខាងមុខ។

ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ឋ ទាំង៣៨ខ្សែនៅក្រុងសៀមរាប និងការស្តារស្ទឹងពិសិដ្ឋសៀមរាបឡើងវិញ ការសាងសង់ព្រលានយន្តហោះអន្តរជាតិនៅស្រុកសូទ្រនិគម ដែលមានតម្លៃ៩០០លានដុល្លារ ដែលសម្រេចបានវឌ្ឍនភាពប្រមាណ៤០ភាគរយ និងគំរោងអភិវឌ្ឍន៍ធំៗជាច្រើនទៀតរបស់វិស័យឯកជន នឹងជម្រុញការលើកកំពស់ទីក្រុង និងខេត្តទេសចរណ៍ដ៏ល្បីល្បាញនេះមួយកម្រិតទៀតនាពេលអនាគត។

លើសពីនេះ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក៏បានបញ្ចប់ការរៀបចំផែនការមេ លើខ្សែទស្សនកិច្ចនៅខេត្តសៀមរាប ពិសេសការកសាងទីក្រុងថ្មីGrand Siemreap City នៅជិតព្រលានយន្តហោះអន្តរជាតិថ្មី ក៏ជាចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងជម្រុញកំនើនវិស័យអចលនទ្រព្យក្នុងខេត្តនេះផងដែរ។

អ្នកជំនាញរំពឹងទុកថា វិស័យអចលនទ្រព្យនៅខេត្តសៀមរាប នឹងមានភាពប្រសើរឡើងវិញ នៅពេលវិបត្តិកូវីដ១៩ មានធូរស្រាល ខណៈរដ្ឋភិបាលបាននិងកំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ និងផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងខេត្តទេសចរណ៍មួយនេះ។

លោកស៊ា ឆៃលីនអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធីបានថ្លែងប្រាប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋាភិបាលកំពុងយកចិត្តទុកលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តសៀមរាប និងការដាក់ចេញការស្តារវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដែលជាកត្តាជំរុញវិស័យអចលនទ្រព្យ នៅក្នុងខេត្តនេះឱ្យងើបឡើងវិញ។

លោកបានបន្តថា “នាពេលបច្ចុប្បន្ន យើងមិនទាន់មានតម្រូវការផ្នែកអចលនទ្រព្យ ច្រើនអ្វីនោះទេនៅក្នុងខេត្តសៀមរាប ដោយសារវិបត្តិកូវីដ១៩ ដែលបណ្តាលឱ្យមានភាពរាំងស្ទះដល់វិស័យអចលនទ្រព្យ និងប៉ះពាល់ដល់វិស័យអចលនទ្រព្យ”។លោកបានរំពឹងថា “នៅពេលស្ថានភាពកូវីដ១៩ មានធូរស្រាល ហើយកត្តាទាំងពីរនេះ (ការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ចេញការស្តារវិស័យទេសចរណ៍) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅខេត្តងើបឡើងវិញលឿន”។

វិបត្តិនៃការឆ្លងរាលដាលជំងឺផ្តាសាយសកលកូវីដ១៩ បានធ្វើឱ្យតម្លៃដីធ្លីនៅក្រុងសៀមរាប ក្នុងឆ្នាំ២០២០ បង្ហាញសញ្ញាធ្លាក់ចុះ បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត ចេញផ្សាយកាលពីថ្មីៗនេះ។

សិក្សាបានឱ្យដឹងថា ដីក្នុងក្រុងសៀមរាបមានតម្លៃ១៥២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ធ្លាក់៥,០ភាគរយពី១៦០០ដុល្លារ។

លោកសន សៀបបានថ្លែងថា ការធ្លាក់ចុះតម្លៃដីធ្លីនៅក្នុងក្រុងសៀមរាប គឺជាប់ទាក់ទងខ្លាំងនឹងការផ្ទុះឡើងជំងឺកូវីដ១៩ ដែលបានក្លាយជាឧបសគ្គ សម្រាប់ការធ្វើដំណើររបស់វិនិយោគិនបរទេស ពិសេសជនជាតិចិនមកកម្ពុជា។

លោកបានថ្លែងបន្តថា “ទោះយ៉ាងណាស្ថានភាពនេះ នឹងប្រសើរឡើងវិញក្នុងពេលឆាប់ៗ ខណៈបច្ចុប្បន្នកម្ពុជាបាននិងកំពុងធ្វើកិច្ចការជាច្រើន ដើម្បីត្រៀមទទួលយកកំណើនសេដ្ឋកិច្ច និងការវិនិយោគទាំងក្នុងស្រុក និងបរទេសឡើងវិញ”។

លោកថ្លែងថា តម្លៃដីធ្លីនៅកម្ពុជា នឹងមានកំណើនឡើងវិញនៅចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២ខាងមុខ ព្រោះជាមួយនឹងកិច្ចសហប្រតិបត្តិការការទូត និងពាណិជ្ជកម្មល្អជាមួយប្រទេសធំ ពិសេសការបង្កើតបានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេរភាគី (FTA) កម្ពុជា-ចិន វានឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំង ដែលមានសក្តានុពលក្នុងការទាក់ទាញវិនិយោគិន ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើន បន្ទាប់ពីកូវីដ១៩ បញ្ចប់។

ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ រដ្ឋាភិបាលកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចេញថវិកាជាតិប្រមាណជិត៣០០លានដុល្លារ សម្រាប់កសាងផ្លូវចំនួន៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ ដោយមានប្រវែងសរុប៨៤គីឡូម៉ែត្រ។

កាលពីថ្មីៗនេះ រដ្ឋាភិបាលបានរៀបចំឯកសារយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់ចំនួន២រួមមាន៖ ផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥៕

ក្រុមសេដ្ឋវិទូព្រមានៈកំនើនឥណទានថ្មីៗមិនប្រាកដថាផ្តល់ផលល្អសម្រាប់សេដ្ឋកិច្ច

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមសេដ្ឋវិទូកម្ពុជាបានព្រមានថា កំណើនឥណទាននៅក្នុងអំឡុងវិបត្តិកូវីដ១៩ មិនប្រាកដថាល្អសំរាប់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋនោះទេ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតគី សេរីវឌ្ឍន៍បានមានប្រសាសន៍ឲ្យដឹងថា ប្រាក់កម្ចីគឺជាអាវុធមុខពីរ ហើយប្រាក់កម្ចីកើនឡើងមិនប្រាកដថាល្អសម្រាប់សេដ្ឋកិច្ចនោះទេ ជាពិសេសនៅក្នុងបរិបទកូវីដ១៩។ ប្រសិនបើកម្ចីនោះសម្រាប់ការប្រើប្រាស់ វានឹងមានវិបត្តិកាន់តែធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ច ពោលគឺស្មើនឹងលក់ទ្រព្យសម្បត្តិចាយ បើគាត់យកប្លង់ផ្ទះទៅដាក់បញ្ចាំដើម្បីបានប្រាក់កម្ចី។ លោកបន្តថា ផ្ទុយទៅវិញ ប្រសិនបើកម្ចីនោះសម្រាប់ផលិតកម្មនានា នោះទើបហៅថាកម្ចីល្អដែលអាចជួយដល់ការជំរុញសេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា “តាមការសង្កេត ការកើនឡើងនូវកម្ចីភាគច្រើន ផ្តោតលើការទិញអចលនទ្រព្យ ដែលម្ចាស់អចលនទ្រព្យរងវិបត្តិហើយ ត្រូវលក់វិញក្នុងតម្លៃធូរថ្លៃ។ ពេលនោះ មនុស្សមួយចំនួនដែលយល់ថាអាចទិញបាន ពួកគាត់នឹងខ្ចីលុយ ដើម្បីយកមកទិញអចលនទ្រព្យនោះ។

យោងតាមរបាយការណ៍សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ឥណទានបញ្ចេញថ្មីក្នុងខែមេសា ឆ្នាំ២០២១ មានចំនួន១,១១២ លានដុល្លា សម្រាប់អតិថិជន១១៨ ៤៧៦នាក់ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល កើនឡើងបន្តិចបន្តួចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះវិស័យមីក្រូហិរញ្ញវត្ថុ មានចំណែកអតិថិជន៦៣% ប៉ុន្តែឥណទានមានប្រមាណតែ ២២%នៃឥណទានសរុប។

លោកគី សិរីវឌ្ឈន៍បានបន្តថា “វិស័យអចលនទ្រព្យគឺជាកត្តារារាំងដល់វិស័យផលិតកម្ម ព្រោះការលូតលាស់វិស័យអចលនទ្រព្យខ្លាំងពេក ធ្វើឱ្យមនុស្សមួយចំនួនតូចក្លាយជាអ្នកមាន”។លោកបន្តថា “ចំណែកផលិតកម្មនៅក្នុងស្រុកអត់មាន ធ្វើឱ្យយើងបាត់បង់ទម្លាប់នៃការផលិតហើយត្រូវទិញគេជារៀងរហូត”។

ស្ថាប័នអន្តរជាតិធំៗដូចជា ADB, IMF, World Bankជាដើមបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជារំពឹងនឹងមានកំនើន ក្នុងរង្វង់៤ភាគរយនៅឆ្នាំនេះ និងកំណើន៦ភាគរយនៅឆ្នាំ២០២២ ។

សេដ្ឋវិទូជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកYasuhisa Ojimaបានព្រមានថា ភាពមិនប្រាកដប្រជានៅតែមានចំពោះឥណទាន សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រួមទាំងវិស័យទេសចរណ៍។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថាឥណទានអតិថិជន របស់គ្រឹះស្ថានធនាគារកើនឡើង១៥% ដោយឥណទានទាំងនេះ បានផ្ដល់ទៅកាន់ វិស័យសេដ្ឋកិច្ចរួមមាន ការជួញដូររាយ ១៥,៥ភាគរយ ការជួញដូរដុំ ៩,៧ភាគរយ ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន១២,៨ភាគរយ សំណង់៩,២ភាគរយ និងការជួញដូរអចលនទ្រព្យ៨,៤ភាគរយ។

ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជាមួយរូបទៀត លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា កំនើនឥណទានខ្លាំងពេក ក៏មានហានិភ័យដល់សង្គមសេដ្ឋកិច្ចផងដែរ ព្រោះបើវាកើនលើសផលទុនជាតិសរុបខ្លាំងពេលវានឹងគ្រោះថ្នាក់។ លោកបន្តថា អ្វីៗក៏ដោយបើប្រើប្រាស់លើសកម្រិតខ្លាំងពេក វានឹងជាបញ្ហា។

លោកបន្តថា “ឥណទានប្រៀបដូចជាខ្លាញ់ក្នុងខ្លួនមនុស្ស រាងកាយមនុស្សត្រូវការខ្លាញ់ ប៉ុន្តែមិនត្រូវការច្រើនពេកទេ ព្រោះបើខ្លាញ់ច្រើនពេក នឹងធ្វើឲ្យរាងកាយយើងមានបញ្ហា”៕