ដោយ វល័ក្ខ
ភ្នំពេញ៖ ជាការអបអរសាទរសម្រាប់ក្រុមហ៊ុន CMC Real Estate ដែលទទួលបានសិទ្ធិលក់ផ្ដាច់មុខលើបុរីថ្មីមួយស្ថិតនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ បុរី GB Residence ដែលស្ថិតនៅលើផ្ទៃដីជិត១០ហិកតា ដោយគម្រោងនេះមានផ្ទះជាច្រើនប្រភេទដូចជាផ្ទះអាជីវកម្ម ផ្ទះវីឡា។
ម៉ូដផ្ទះនៅក្នុងគម្រោងនេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មមានឈ្មោះល្បីល្បាញធ្លាប់ជាប់ពានរង្វាន់ប្រចាំទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែកក្កដា ដោយអ្នកនាង គ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate និងតំណាងបុរី GB Residence ពិសេសមានការចូលរួមពីលោកឧកញ៉ា តាំង គួងហាវ អគ្គនាយកបុរី GB Residence និងលោកជំទាវ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
អ្នកនាងគ្រុយ ស្រីខួច អគ្គនាយិកាក្រុមហ៊ុន CMC Real Estate បានមានប្រសាសន៍ថា នេះជាថ្ងៃដ៏រីករាយមួយដែលក្រុមហ៊ុន CMC Real Estate ទទួលបានទំនុកចិត្តពីអ្នកវិនិយោគបុរីដ៏ធំនេះ។ អ្នកនាងបន្តថា យើងមានក្រុមការងារដែលមានជំនាញ បុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ និងដៃគូសហការជាច្រើនដើម្បីធ្វើយ៉ាងណាធ្វើឱ្យគម្រោងនេះលក់បានជោគជ័យតាមផែនការ ខណ:ដែលបុរី GB Residence មានផ្ទះសរុបចំនួន ៥៨៨ផ្ទះ៕