ពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកនៅតែរក្សាបានកំណើនវិជ្ជមានក្នុងត្រីមាស១ឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកសម្រេចបានទំហំទឹកប្រាក់១.៩៦៩លានដុល្លារក្នុងក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើង២២ភាគរយ បើទោះបីជាស្ថិតក្នុងអំឡុងវិបត្តិកូវីដ១៩។ នេះយោងតាមរបាយការណ៍ចុងក្រោយ ពីការិយាល័យជំរឿនសហរដ្ឋអាមេរិក។

របាយការណ៍បានឱ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិកសម្រេចបានទំហំទឹកប្រាក់១.៨៦២លានដុល្លារអាមេរិកក្នុងត្រីមាសទី១ ឆ្នាំ២០២១ កើនឡើង១៦,៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន។

លោកបានថ្លែងបន្តថា ក្រុមហ៊ុនអាមេរិកច្រើនថែមទៀតបន្តមករកស៊ី ក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយនូវរបៀបធ្វើជំនួញ ប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន។

ផលិតផលសំខាន់ៗរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈដែលផលិតផលនាំចូលសំខាន់គឺយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីនជាដើម។

កាលពីឆ្នាំ២០២០ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ ក្នុងនោះ៦,៥ពាន់លានដុល្លារ គឺជាការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក៕

ក្រុមហ៊ុន Nissan គ្រោងលក់ភាគហ៊ុនរបស់ខ្លួនដើម្បីទប់ហានិភ័យនៃការខាតបង់ធ្ងន់ធ្ងរ

ដោយៈឧត្តម

ហ្សាការតា:  ក្រុមហ៊ុន Nissan កាលពីថ្ងៃពុធ ទី៥ ឧសភា បានប្រកាសលក់ភាគហ៊ុនទាំង១,៥៤%របស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស របស់អាល្លឺម៉ង់ Daimler ក្នុងតម្លៃ១,៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន The Jakarta Post ចុះផ្សាយកាលពីថ្ងៃពុធ ទី៥ ឧសភា។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្ដារប្រាក់ចំណេញ និងស្ដារកេរ្ដិ៍ឈ្មោះរបស់ខ្លួនឡើងវិញ ក្រោយលោកCarlos Ghosn នាយកប្រតិបត្តិរបស់ខ្លួន បានចុះចេញពីតំណែង ហើយបច្ចុប្បន្នអតីតនាយកប្រតិបត្តិរូបនេះកំពុងមានទោស និងរត់គេចខ្លួន។

ក្រុមហ៊ុននេះនិយាយថា ការដកទុនវិនិយោគនេះ នឹងអនុញ្ញាតឱ្យខ្លួន”ពង្រឹងបន្ថែមទៀត និងបង្កើនការប្រកួតប្រជែងរបស់ខ្លួនក្នុងអាជីវកម្ម”។

ក្រុមហ៊ុននេះនិយាយទៀតថា ប្រតិបត្តិការឧស្សាហកម្មរបស់ខ្លួន ជាមួយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់Daimler នៅតែរក្សាទុកមិនផ្លាស់ប្ដូរទេ ហើយថា “ក្រុមហ៊ុនទាំង២នៅតែបន្តធ្វើសហប្រតិបត្តិការក្នុងវិស័យជាច្រើន”។

កាលពីខែមីនា ក្រុមហ៊ុនផលិតរថយន្តបារាំងRenault ក៏បានប្រកាសលក់ភាគហ៊ុនទាំង១,៥៤%របស់ខ្លួននៅក្នុងក្រុមហ៊ុនDaimler ផងដែរ ខណៈក្រុមហ៊ុនផលិតរថយន្តបារាំង មួយនេះ បានរងការខាតបង់ធ្ងន់ធ្ងរ មិនធ្លាប់មាននៅក្នុងឆ្នាំ២០២០ ដោយសារវិបត្តិឆ្លងរាតត្បាតវីរុសកូវីដ-១៩។

ក្រុមហ៊ុន Nissan បានធ្វើការព្យាករណ៍ជាថ្មី សម្រាប់រយៈពេលមួយឆ្នាំនេះថា ខ្លួននឹងទទួលរងការខាតបង់ ប្រាក់សុទ្ធរហូតដល់៥៣០ពាន់លានយ័ន (៤,៨ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធគិតត្រឹមខែមីនា គឺទាបជាងការព្យាបាលលើកមុន។

ក្រុមហ៊ុន Nissan ដែលនៅតែរក្សាភាពជាដៃគូ សហការជាមួយក្រុមហ៊ុន Renault និងក្រុមហ៊ុនMitsubishi នឹងប្រកាសលទ្ធផលប្រាក់ចំណូលប្រចាំឆ្នាំ របស់ខ្លួននៅសប្ដាហ៍ក្រោយនេះ៕

អាជ្ញាធរ​ខេត្តកំពត​ប​ន្ត​លើក​កំពស់​សោភ័ណភាព​ខេត្ត​ជាមួយ​សួនច្បារ​ស្រស់បំព្រង​នៅតាម​ដងព្រែក

ដោយៈ គង់ សូរិយា

កំ​ពតៈ រដ្ឋបាល​ខេត្តកំពត​បា​ន​និង​កំពុង​បន្ត​យកចិត្តទុកដាក់​លើ​ការរៀបចំ​ប្រ​ព័​ន្ឋ​លូ និង​លើក​កំពស់​សោភ័ណភាព​ខេត្ត តាមរយៈ​ការពង្រីក​សួនច្បារ​មុខ​ព្រែក​កំពត ឲ្យ​មាន​ភាព​ធំ​ទូលាយ​ជាង​មុន និង​ស្រស់បំព្រង​ជាង​មុន។

អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត លោក​ជាវ តា​យ កាលពីដើម​សប្តាហ៍​នេះបាន​ដឹកនាំ​មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ព្រមទាំង​មន្ត្រី​អនុវត្ត​គម្រោង ( ADB ) បាន​ចុះ​ពិនិត្យ​លទ្ធផល និង​ជំរុញ​នៃ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បារ និង​ប្រព័ន្ធ​រំដោះ​ទឹកសំខាន់ៗចេញពី​ក្រុង​កំពត។

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងពីរ ខាងលើនេះ​គឺ ទី១-គម្រោង​កែលម្អ​សោភ័ណភាព និង​ពង្រីក​សួនច្បារ​មាត់​ព្រែក ស្ថិតក្នុង​សង្កាត់​កំពង់បាយ ក្រុង​កំពត ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត ទី២-គម្រោង​ស្តារ​ពង្រីក​ប្រព័ន្ធ​លូ និង​ប្រឡាយ​រំដោះ​ទឹកជា​គម្រោង​របស់( ADB )។

គម្រោង​ទាំងពីរ​ខាងលើនេះ បច្ចុប្បន្ន​បាន​នឹង​កំពុងតែ​អនុវត្តន៍ ប៉ុន្តែ​មាន​ភាពយឺតយ៉ាវ ដោយសារ​មូលហេតុ​ជួប​ស្ថានភាព​ជាក់ស្ដែង ពាក់ព័ន្ធ​លើ​ការកែសម្រួល​ប្លង់​ប្រព័ន្ធ​លូ​ដោះ​ទឹក​របស់​គម្រោង (ADB)។

លោក​ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់ថា បញ្ហា​ប្រព័ន្ធ​ផ្លូវ និង​លូ​ដោះ​ទឹក គឺជា​បញ្ហាសំខាន់ ក្នុងការ​បញ្ចៀស​ការ​ជន់​លិច​ទីក្រុង ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ។ ជាមួយគ្នា​នោះ​ក្រៅពី​ការជំរុញ​ការអនុវត្ត​គម្រោង​កែលម្អ​សួនច្បារ​មាត់​ព្រែក ដោយ​ពិនិត្យឃើញថា រដូវភ្លៀង​កាន់តែ​ខិតចូល​មកដល់ឆាប់ៗនេះ។

លោក​ជាវ តា​យ អភិបាលខេត្ត បាន​ណែនាំ ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ រួម​និង​មន្ត្រី​អនុវត្ត​គម្រោង (ADB) ត្រូវធ្វើ​យ៉ាងណា រួមសហការ​គ្នា​សិក្សា​លើ​គម្រោង​ស្ដារ​ព្រែក​ធម្មជាតិ​មួយ​ខ្សែ ដែលមាន​ប្រវែង​ជាង២០០០ម៉ែត្រ ស្ថិតក្នុង​សង្កាត់​កំពង់​កណ្ដាល ឲ្យ​បាន​ឆាប់​ចប់​មុន​រដូវភ្លៀង​ធ្លាក់​មកដល់ ព្រោះ​ព្រែក​ធម្មជាតិ​នេះ គឺជា​ផ្លូវ​ដោះ​ទឹក​ដ៏​សំខាន់​ផ្នែក​ខាងកើត និង​ខាងត្បូង​ចេញពី​ក្រុង​កំពត។

គម្រោង​អភិវឌ្ឍ​កែលម្អ​សួនច្បារ​ដងព្រែក​កំពត​នេះ គឺជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្ត មាន​ប្រវែង​ប្រមាណ ៦០០ម៉ែត្រ គិត​ចាប់ពី​ខាងត្បូង​ក្បាលស្ពាន​ថ្មី ដល់​ខាងជើង​ក្បាលស្ពាន​ឥន្ទធនូ(ស្ពាន​ចាស់) ក្នុងនោះ​គឺ​កែលម្អ​ពង្រីក​សួនច្បារ​ឲ្យ​បាន​ទំហំ១២ ម៉ែត្រ​បន្ថែម លើ​ទទឹង​សួន​ចាស់ ដែល​កន្លែង​ខ្លះ ២០ម៉ែត្រ និង​កន្លែង​ខ្លះទៀត​មាន​ទទឹង១២ម៉ែត្រ៕

លោក​ស្វាយ សំ​អ៊ាងៈ ផ្លូវជាតិ​លេខ​៧៦Aជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​បម្រើ​ផលប្រយោជន៍ ដល់​ពលរដ្ឋ​នៅ​មណ្ឌល​គី​រី

ដោយៈ ម៉ា​ណេ​ត

ខេត្តមណ្ឌលគិរីៈ អភិបាលខេត្ត​មណ្ឌលគិរី លោក​ស្វាយ សំ​អ៊ាង នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៧៦A គឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​របស់​ខេត្ត​មណ្ឌល គិរី ដោយបាន​បម្រើ​ផលប្រយោជន៍​យ៉ាងច្រើន ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។

អភិបាលខេត្ត​មណ្ឌលគិរី​មានប្រសាសន៍​បន្តថា ផ្លូវជាតិ​លេខ​៧៦Aនេះ បានដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ២០១២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រហូតមក​ដល់ពេលនេះ កំណាត់​ផ្លូវ​មួយចំនួន​បាន​រង​ការខូចខាត ហើយ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត ក៏បាន​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់​ផងដែរ។

លោក​អភិបាលខេត្ត​បន្តថា “ផ្លូវជាតិ​លេខ​៧៦Aនេះ គឺ​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​របស់​ខេត្តមណ្ឌលគិរី។ ហេតុនេះ​បើ​មិនមាន​ការយកចិត្តទុកដាក់​ថែទាំ ឬ​ជួសជុល​ឲ្យ​បាន​ទាន់ពេល​នោះទេ វា​អាចធ្វើ​ឲ្យ​រាំងស្ទះ​ដល់​កិច្ចការ​អភិឌ្ឍន៍ ស្ទើ​គ្រប់​វិស័យ​របស់​ខេត្ត ជាពិសេស​ដោយសារតែ​ផលប្រយោជន៍ ដែល​ទទួលបាន​ពី​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​ដ៏​លើសលប់” ។

កំណាត់​ផ្លូវជាតិ​លេខ​៧៦A ត្រូវបាន​អាជ្ញាធរខេត្ត ធ្វើការ​ជួសជុល​ឡើងវិញ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ការដឹកជញ្ជូន​កសិផល និង​ទំនិញផ្សេងៗ សម្រាប់​បម្រើ​សេចក្តីត្រូវការ​ក្នុង​ខេត្តមណ្ឌលគិរី ដោយសារ​ការរង​ការខូចខាត​ជាង​បួន​គីឡូម៉ែត្រ។

លោក​អភិបាលខេត្ត​បាន​បញ្ជា​ដល់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្ត ត្រូវតែ​ជួសជុល​កំណាត់​ផ្លូវជាតិ​នេះ ឲ្យ​មាន​គុណភាព​ខ្ពស់ ចៀសវាង​ការជួសជុល​ខាង​មុខខូច​ខាងក្រោយ ដែល​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍ ជាពិសេស ប៉ះពាល់​ដល់​ការប្រកប​រប​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

តាម​ការបញ្ជាក់​របស់​លោក រស់ គីម​ធន ប្រធាន​មន្ទីរ​សារ​ធា​រណការ និង​ដឹកជញ្ជូន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា ការបើក​ការដ្ឋាន​ជួសជុល​នេះ​មាន​ប្រវែង៤.៣៨០ម៉ែត្រ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៧+៥០០ ដល់ ៧១+៨៨០ ហើយ​ការជួសជុល​ផ្លូវ​នេះ ជា​ថវិកា​គម្រោង​ប្រចាំឆ្នាំ​ការងារ​ថែទាំ​ឆ្នាំ២០២១ ដោយសារ​ផ្លូវ​មានការ​ខូចខាត​ធ្ងន់ធ្ងរ ទើប​មន្ទីរ​សម្រេច​ជួសជុល​ឡើងវិញ១០០% ព្រោះ​ស្ថានភាព​ផ្លូវ​ចាស់ មាន​សភាព​ប៉ោង​ស្រុត​រមួល ដែល​មិនអាច​ថែទាំ​ប្រចាំ​បានទេ។

កំណាត់​ផ្លូវជាតិ​លេខ៧៦ ត​ភ្ជាប់​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែវិច្ឆិកា ឆ្នាំ២០១៦ ។ កំណាត់​ផ្លូវជាតិ​លេខ៧៦ ចំណាយ​ថវិកា​ប្រមាណ៩២លាន​ដុល្លារ​អាមេរិក មាន​ប្រវែង ១៧២គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដល់ តា​អង ខេត្ត​រតនគីរី នឹង​ប្រើពេល​សាងសង់​ប្រមាណ៤២ខែ។

ផ្លូវ​នេះ ជា​ប្រភេទ​ក្រាល​កៅស៊ូ២ស្រទាប់ ដែល​ត្រូវបាន​ពង្រីក​ទំហំ​តួ​ផ្លូវ៩ម៉ែត្រ បង្ក​ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ៕

ឯកអគ្គរដ្ឋទូត​ចិន “ក្នុងនាម​ជា​បងប្អូន ចិន​ខិតខំ​ជួយ​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ជីវភាពរស់នៅ​កាន់តែ​ល្អប្រសើរ”

ដោយៈ​ប៊ី

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​សំណេរ​ក្នុង​អត្ថបទ​មួយ សម្រាប់​សៀវភៅ​មួយ​ស្តីពី “ការកាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​មនុស្សជាតិ” ថា​ចិន​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា ដែលជា​បងប្អូន​របស់​ចិន មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​ជា​បងប្អូន​ល្អ។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​សំណេរ​អត្ថបទ​សម្រាប់​សៀវភៅ​ក្រោម​ចំណងជើង​ថា “ការអនុវត្ត​របស់​ចិន​សម្រាប់​មនុស្សជាតិ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ” ដែល​ចេញផ្សាយ​ដោយ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន កាលពីថ្មីៗនេះ។

លោក​បាន​សរសេរ​រៀបរាប់ថា ចិន​និង​កម្ពុជា គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​ក៏មាន​ភារកិច្ច​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ផងដែរ។

លោក​បាន​បន្តថា ”ក្នុងនាម​ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​ជា​បងប្អូន​ល្អ ចិន​តែង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា​ដែលជា​បងប្អូន​របស់​ចិន មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ” ។

ជាមួយគ្នានេះដែរ លោក​បាន​ឱ​ឲ្យ​ដឹងថា នា​ខែមករា ឆ្នាំ២០២១ គម្រោង ភូមិ​គំរូ​មិត្តភាព​ចិន និង​កម្ពុជា សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង ស្រុក​បាទី ខេត្តតាកែវ ដែល​គម្រោង​ខាងលើនេះ ជាការ​ផ្តួចផ្តើម​រួមគ្នា​ដោយ​មូលនិធិ ដើម្បី​សន្តិភាព​និង ការអភិវឌ្ឍ និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​សហ ប្រតិបត្តិ​ការកាត់បន្ថយ​ភាពក្រីក្រ​រវាង​ប្រទេស​ទាំងពីរ។

លោក​ជឿជាក់ថា ស្ថិតក្រោម​ការខិតខំ​រួមគ្នា​របស់​ភាគី​ទាំងពីរ គម្រោង​នេះ​នឹង​ដឹកនាំ​ប្រជាជន​ក្នុង​មូលដ្ឋាន ឆ្ពោះទៅរក​មាគ៌ា​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង​មាន​ភាព​ធូរធារ ហើយនឹង​ក្លាយជា​ចំណុច​គំរូ និង​ចំណុច​ចាប់ផ្តើម​ថ្មី សម្រាប់​ការងារ​កាត់បន្ថយ​ភាព​ក្រី​ក នៅក្នុង​ប្រទេស​កម្ពុជា។

ពេលបច្ចុប្បន្ន​នេះ ប្រជាជន​បណ្តា​ប្រទេស​លើ​ពិភពលោក កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង ពិភពលោក​មួយ​ដែល​ប្រកបដោយ​សន្តិភាព​យូរអង្វែង សន្តិសុខ​ទាំងស្រុង រុងរឿង​វិបុលភាព​រួមគ្នា បើកចំហរ អត់ឱន​គ្នា និង​ប្រកបដោយ​ភាពស្រស់ស្អាត។

លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា ចិន​រីករាយ​បន្ត​ចែករំលែក​បទពិសោធន៍​កាត់បន្ថយ ភាពក្រីក្រ ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​រួមទាំង​ប្រទេស​កម្ពុជា ពង្រឹង​ការប្រាស្រ័យ​គ្នា​លើ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដែល​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅវិញទៅមក​និង ប្រកបដោយ​ភាពជាក់ស្តែង។

លោក Wang Wentian បាន​ថ្លែងថា “ចូរ​យើង​ពួតដៃគ្នា​ឆ្ពោះទៅមុខ​ដោយ​អង់អាច​ដើម្បី​កិច្ចការ​កាត់បន្ថយ​ភាពក្រីក្រ​លើ​សកលលោក រួមគ្នា​កសាង​ភាព​ត្រចះត្រចង់​នាពេល​អនាគត​សម្រាប់​ការអភិវឌ្ឍន៍​និង ប្រកបដោយ​វិបុលភាព​ដល់​មនុស្សជាតិ​គ្រប់រូប” ។

អស់​រយៈពេល​ជាង៧០ឆ្នាំ បន្ទាប់ពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក ប្រទេស​ចិន បានផ្តល់​ជំនួយ​ក្រោម​ទម្រង់​រូបភាព​ជាច្រើន ដល់​ជាង១៦០ប្រទេស និង​អង្គការ​អន្តរជាតិ រួមមាន​ក្នុង​តំបន់​អាស៊ី អាហ្វ្រិក អា​មេ រិ​ក​ឡាទីន រ៉ា​ប៊ី​ន អូ​សេ​អា​នី និង​អឺរ៉ុប​ជាដើម បាន​ជួយ​កាត់បន្ថយ​លើកលែង​បំណុល​របស់​ប្រទេស ជាប់​ពាក់ព័ន្ធ បានផ្តល់​ការគាំទ្រ​និង​ការជួយ​យ៉ាង​ពេញទំហឹង ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​ក្នុងការ អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក បានឱ្យដឹងថា ការរួម​គ្នា​កសាង ខ្សែក្រវាត់​និង​ផ្លូវ អាចជួយ​ដល់​ប្រជាជន នៃ​ប្រទេស​ពាក់ព័ន្ធ​ជាង៧៦លាន​នាក់​រួច​ផុតពី​ភាពក្រីក្រ​ខ្លាំង ហើយ​ក៏មាន​ប្រជាជន​ចំនួន​ប្រហែល៣២លាន​នាក់ អាច​រួច​ផុតពី​ភាពក្រីក្រ​កម្រិត​មធ្យម។ នៅពេល​អនាគត ចិន​នឹងចូលរួម​កាន់តែ​ស៊ីជម្រៅ នៅក្នុង​អភិបាលកិច្ច​ភាពក្រីក្រ​លើ​ពិភពលោក និង​ចូលរួមចំណែកថ្មីៗកាន់តែច្រើន ដល់​ការកសាង​ពិភពលោក​ប្រកបដោយ​លក្ខណៈ​គ្មាន ភាពក្រីក្រ​និង​ការអភិវឌ្ឍន៍​រួមគ្នា៕

តើ​ជំងឺ​កូ​វីដ​បាន​បង្រៀន​អ្នក​យ៉ាងដូចម្តេច​ពី​ការរៀបចំ​ផែនការ​គ្រួសារ ផែនការ​វិនិយោគ?

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ជំងឺ​កូ​វីដ១៩ មិន​ត្រឹម​ធ្វើ​ឲ្យ​បែបផែន ឬ​របត់​ជីវិត​មានការ​ផ្លាស់ប្តូរ​នោះទេ ប៉ុន្តែ​ការរៀបចំ​ផែនការ​ជីវិត ផែនការ​ចំណូល និង​ផែនការ​វិនិយោគ​ក៏ត្រូវ​មានការ​ផ្លាស់ប្តូរ​ផងដែរ។

លោកស្រី​អាន សុធី​តា អតីត​នាយិកា​ក្រុមហ៊ុន CBRE Cambodia និង​ជា​អ្នកវិភាគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​មានប្រសាសន៍ថា មិន​ត្រឹមតែ​វិស័យ​អចលនទ្រព្យ​ទេ គឺ​គ្រប់​វិស័យ​ទាំងអស់ ដែល​ជំងឺ​កូ​វីដ​បាន​ជះ​ឥ​ទ្ឋិ​ពល ទៅលើ​បញ្ហា​សេដ្ឋកិច្ច​ចំពោះ​គ្រួសារ ក្នុងប្រទេស ឬ​ពិភពលោក​ទាំងមូល ពោលគឺ​ជំងឺ​នេះ​បាន​ឲ្យ​យើង​ដឹងថា “អ្វីដែល​យើង​មាន​គឺ​ខ្លួន​យើង និង​គ្រួសារ​របស់​យើង” ។

លោកស្រី​បន្តថា “អ្វី​សំខាន់បំផុត​គឺ​ការមិន​ដាក់​ស៊ុត ក្នុង​កន្ត្រក​តែមួយ មានន័យថា យើង​ត្រូវធ្វើ​ពិពិធ​កម្ម ដើម្បី​បញ្ចៀស​ហានិភ័យ។ ដូច្នេះ​បើ​យើង​វិនិយោគ គឺ​មិនត្រូវ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ទាំងអស់​ទេ” ។ លោកស្រី​បន្តថា “បើ​វិនិយោគ​លើ​វិស័យ​សណ្ឋាគារ យើង​មិនត្រូវ​វិនិយោគ​តែ​លើ​វិស័យនេះ​មួយ​ទេ ព្រោះ​បើ​យើង​វិនិយោគ​លើ​វិស័យ​តែមួយ បើ​វា​ដួល​គឺ​ដួល​ទាំងអស់ នេះ​ជា​អ្វីដែល​ជំងឺ​កូ​វីដ​បាន​បង្រៀន​យើង ពី​ភាពបត់បែន​ក្នុងការ​វិនិយោគ” ។

លោកស្រី​អាន សុធី​តា​បាន​បន្ថែមថា ជាមួយគ្នានេះ យើង​ក៏​មិនត្រូវ​វិនិយោគ​រហូតដល់​អស់​លុយ​ពី​ក្នុង​ខ្លួន​នោះទេ គឺ​យើង​ត្រូវតែមាន​លុយ​ត្រៀម សម្រាប់​បង្ការ​ហានិភ័យ​ណាមួយ​កើតឡើង ព្រោះ​យើង​មិនដឹងថា​មាន​អ្វី​នឹង​កើតឡើង​នោះទេ។

ជាមួយគ្នានេះ លោក​ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​គួរ​ស្វែងរក​ឬ​បង្កើត​ឲ្យ​មាន​ចំណូល​ទី២ ក្នុង​ជីវិត​របស់ខ្លួន​បន្ទាប់​ពី​វិបត្តិ​ជំងឺ​កូ​វីដ ព្រោះ​ការ​មាន​ប្រភព​ចំណូល​តែមួយ នឹង​បង្ក​ហានិភ័យ​ដល់​ខ្លួនឯង និង​គ្រួសារ​របស់​ខ្លូន​នៅពេល​មាន​វិបត្តិ​កើតមានឡើង ដូចជា​វិបត្តិ​ជំងឺ​កូ​វីដ​ជាដើម។

បញ្ហា​ពិតប្រាកដ​បាន និង​កំពុង​កើតមាន​លើ​គ្រួសារ​ខ្មែរ ដែល​ពឹង​ផ្អែកលើ​ប្រភព​ចំណូល​តែមួយ ដោយសារ​ការពឹងផ្អែក​លើ​ប្រាក់ខែ​នៅ​ស្ថាប័ន​ណាមួយ ឬ​ក្រុមហ៊ុន​ណាមួយ នៅពេល​ក្រុមហ៊ុន​នោះ​បិទទ្វារ ឬ​ក្ស័យ​ទុន នឹងធ្វើ​ឲ្យ​យើង​មាន​បញ្ហា​លំហូរ​សាច់ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ផងដែរ៕

តើ​អ្វី​ជា​គុណសម្បត្តិ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ រហូតមកទល់​ពេលនេះ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​ស្ថាបនា​បានសម្រេច​ប្រមាណ៤០ភាគរយ​ហើយ ខណៈ​សកម្មភាព​សាងសង់​នៅតែ​សកម្ម ទោះបីជា​កម្ពុជា​កំពុង​ជាប់ផុង​ក្នុង​វិស័យ​ជំងឺ​កូ​វីដ។

ប៉ុន្តែ​ជាមួយនឹង​ផែនការ​បញ្ចប់​នា​ឆ្នាំ២០២៣ខាងមុខ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនូ​ន​មិនទាន់​បានដឹង​ពី​គុណសម្បត្តិ​នៃ​ផ្លូវ​នេះ និង​ដឹង​ពី​បញ្ហា​សុវត្ថិភាព​នៃ​ការបើកបរ​លើផ្លូវ​នេះ​នៅឡើយ​ទេ។

តើ​ផ្លូវ​ល្បឿន​លឿន​ជា​ប្រវត្តិសាស្ត្រ ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា​នេះ​មានគុណ​សម្បត្តិ​អ្វីខ្លះ ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ផ្លូវ​មួយ​ខ្សែ​នេះ​បានបង្ហាញ​លើ​ចំណុច​ពិសេស​ចំនួន៦ដូចជា ទី១ ផ្លូវ​នេះ​ជួយ​បង្កើនល្បឿន​បើកបរ​លឿន សមត្ថភាព​ដឹកជញ្ជូន​ខ្លាំង ទី២ ផ្លូវ​សម្រាប់​យានយន្តផ្សេងៗ មានការ​ត្រួតពិនិត្យ មាន​សុវត្ថិភាព ទី៣ លើកកម្ពស់​សេ​ដ្ធ​កិច្ចការងារ ទី៤ ជំរុញ​ការវិនិយោគ ស្របពេល​ជំរុញ​កំណើន​នៃ​សេដ្ឋកិច្ច ទី៥ ជំរុញ​សេដ្ឋកិច្ច​និង​ឧស្សាហកម្ម កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន  និង​ទី៦ ព​ន្លឿ​ន​ទំនើប​កម្ពុជា។

ជាមួយគ្នានេះ លោក​វ៉ា​ស៊ីម សូរិយា​អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា គុណភាព​នៃ​ការសាងសង់​ផ្លួ​វ​នេះ​មាន​លក្ខណៈពិសេស ដោយ​ឈរលើ​លំដាប់​ស្តង់ដា​អន្តរជាតិ ខុសពី​ផ្លូវ​ដទៃ​ដែល​បាន​សាងសង់​នៅ​កម្ពុជា។

នេះ​ជា​គំរោង​ផ្លូវ​ល្បឿន​លឿន ដែលជា​គម្រោង​អភិវឌ្ឍន៍​បៃតង​នៅ​កម្ពុជា និង​ជា​ផ្លូវ​តំណាង​ឲ្យ​គំរោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ និង​ផ្លួ​វ១នៅ​កម្ពុជា៕

ចំណេះដឹង​ថ្មីៈ​តើ​អ្វី​ជា​នគររូបនីយកម្ម?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ពាក្យ​ថា​នគរូបនីយកម្ម សំដៅលើ​ដែនដី​ឬ​បែបផែន​អភិវឌ្ឍន៍ ប៉ុន្តែ​អត្ថន័យ​របស់​វា​បែបណា យើង​នឹង​បង្ហាញជូន​នាពេលនេះ ដើម្បី​មិត្ត​អ្នកអាន​បាន​សិក្សា​ស្វែងយល់។

យោងតាម​ឯកសារ​បានបង្ហាញ​ឲ្យ​ដឹង​លើ​ទិដ្ឋភាព​ពីរសំខាន់ៗ ដូចជា ទី១ នគររូបនីយកម្ម​គឺជា​ការរៀបចំ និង​ពង្រីក​ក្រុង ដើម្បី​តម្រូវ​តាម​ភាពចាំបាច់ នៃ​ដំណើរការ​រីកចម្រើន​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។ និង​ទី២ នគរូបនីយកម្ម គឺជា​ដំណើរ​រៀបចំ​ដែនដី និង​កិច្ច​អភិវឌ្ឍ​ទីក្រុង ពិសេស​ការរៀបចំ​ប្លង់​សម្រាប់​ប្រើប្រាស់​ដីធ្លី ឱ្យបាន​សមស្រប​តាម​ភាព​រីកចម្រើន​សង្គម​សេដ្ឋកិច្ចជាតិ ។

ឯកសារ​ដដែល​បាន​ឲ្យ​ដឹងថា កំណើន​នគរូបនីយកម្ម គឺជា​ការរីក​សាយ​នៃ​ការរៀបចំ​ការពង្រីក និង​ការបង្កបង្កើត​ទីក្រុង។ សរុបសេចក្ដី​មក នគររូបនីយកម្ម​គឺជា​ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​រៀបចំ​គ្រប់គ្រង​ប្រជាសាស្ត្រ​ទីក្រុង ដើម្បី​តម្រូវ​តាម​ការកើនឡើង​នៃ​ចំនួន​ប្រជាជន ទីក្រុង​ដោយ​សារភាព​រីកចម្រើន​សេដ្ឋកិច្ច និង​សង្គម។

Already urban គឺជា​ការសម្រេចបាន​នូវ​នគររូបនីយកម្ម ឬ​និយាយ​ឲ្យ​ងាយ​យល់​គឺ​ការសម្រេចបាន​ការរៀប​ចំ​ទីក្រុង ស្របតាម​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ និង​កំណើនប្រជាជន​រស់នៅ​ទីក្រុង។

ភាគរយ​នៃ​ចំនួន​ប្រជាជន​រស់នៅ​ទីក្រុង ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ក្នុងប្រទេស​គឺជា​កត្តា​មួយ​យ៉ាងសំខាន់ សម្រាប់​កំណត់​ការសម្រេចបាន​នូវ​នគររូបនីយកម្ម៕

អារ៉ាប៊ីសាអូឌីតចំណាយទុនជិត៤០០០លានដុល្លារបន្ថែម ដើម្បីបើករមណីយដ្ឋាន ធំបំផុតលើពិភពលោក

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្ស Red Sea Development Company ដែលកំពុងសាងសង់Red Sea Project ជាមជ្ឈមណ្ឌលទេសចរណ៍ធំបំផុតក្នុងពិភពលោក នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ទើបទទួលបានកម្ចីជាង៣,៧៦ពាន់លានដុល្លារអាមេរិក ពីធនាគារធំៗចំនួន៤ ដើម្បីយកមកបន្តអភិវឌ្ឍន៍គម្រោងដ៏ធំនេះ។

ក្រុមហ៊ុនរំពឹងថា គម្រោងនេះ រំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរមកពីជុំវិញពិភព​លោក ជាលើកដំបូងនៅឆ្នាំចុង២០២២ខាងមុខនេះ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន កម្ចីនេះគឺហិរញ្ញប្បទានបៃតង ដែលផ្ដល់ឱ្យចំពោះគម្រោងអភិវឌ្ឍន៍ដែលមិនប៉ះពាល់បរិស្ថាន និងមាននិរន្តរភាពប៉ុណ្ណោះ។

លោកJohn Pagano នាយកប្រតិបត្តិនៃក្រុមហ៊ុន Red Sea Development Company បានឱ្យដឹងថា ទំហំនៃគម្រោងនេះគឺស្កឹមស្កៃ ពោលគឺមិនធ្លាប់មាននៅកន្លែងណាក្នុងពិភពលោកទេ។

លោកបន្តថា “គ្រប់ដំណាក់នៃការបង្កើតគម្រោង គឺយើងគិតគូរពីបរិស្ថានជាចម្បង ទាំងការរចនា ការសាងសង់ និងការប្រើថាមពលបៃតងកកើតឡើងវិញជាដើម”។

គម្រោងនេះ មិនត្រឹមតែមិនប៉ះពាល់ដល់បរិស្ថានទេ តែនឹងជួយបង្កើតភាពស្រស់បំព្រងដល់បរិស្ថានដល់ទៅ ៣០% ត្រឹមឆ្នាំ ២០៤០។

លោក John Pagano ពន្យល់ថា ក្រុមហ៊ុនមានគោលបំណងចង់ផ្លាស់ប្តូ រឧស្សាហកម្មទេសចរណ៍ ឱ្យទៅជាសកម្មភាពថែទាំបរិស្ថានជាជាងបំផ្លាញបរិស្ថាន។

គម្រោងនេះ បានប្រកាសជាលើកដំបូងនៅឆ្នាំ២០១៧។ អាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារមួយចំនួន គ្រោងនឹងបញ្ចប់ការសាងសង់ ហើយបើកស្វាគមន៍ភ្ញៀវទេសចរនៅចុងឆ្នាំ២០២២។ ដោយឡែក ដំណាក់កាលទី១ ដែលរួមមានសណ្ឋាគារចំនួន ១៦ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣។

សម្រាប់គម្រោងទាំងមូល គឺគ្រោងបញ្ចប់គម្រោងនៅឆ្នាំ២០៣០ ដោយនឹងរួមមាន រីសតចំនួន៥០កន្លែង សណ្ឋាគារ៨០០០បន្ទប់ និងលំនៅដ្ឋាន១០០០កន្លែង នៅលើកោះចំនួន២២។ គម្រោងក៏នឹងរួមមាន នាវាទេសចរណ៍ កន្លែងវាយកូនហ្គោល និងកន្លែងកម្សាន្តផ្សេងៗទៀតផងដែរ៕ប្រភពConstruction&Property៕

តើការធ្វើការតាមផ្ទះរបស់បុគ្គលិក មានប្រសិទ្ធភាពឬទេក្នុងបរិបទកូវីដ ហេតុអ្វី?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ អ្នកជំនួញដែលមានក្រុមហ៊ុនជាច្រើន ក្នុងដៃបានលើកឡើងថា នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជាការធ្វើការតាមផ្ទះរបស់បុគ្គលិក មិនអាចទទួលបានប្រសិទ្ធភាព ដូចធ្វើការនៅតាមការិយាល័យនោះទេ។

លោកគុយ វ៉ាតនាយកប្រតិបត្តិនៃក្រុមហ៊ុនវីត្រាស់គ្រុប បានថ្លែងនៅក្នុងវេទិកាCEOកាលពីរសៀលថ្ងៃទី៥ ឧសភា ២០២១តាមប្រព័ន្ធអនឡាញឱ្យដឹងថា នៅតាមបណ្ដាប្រទេសអភិវឌ្ឍន៍ គេអាចធ្វើការតាមអនឡាញ ទីណាក៏ជាការិយាល័យធ្វើការរបស់គេដែរ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា កម្ពុជានិងប្រទេសជាច្រើនទៀតមិនទាន់អាចធ្វើការតាមផ្ទះបាននោះទេ ការទិញលក់នានា មិនទាន់អាចធ្វើតាមឌីជីថលបាននោះដែរ បើទោះបីជាកម្ពុជាមានការរីកចម្រើននៅក្នុងវិស័យឌីជីថលនេះក្ដី។

លោកបន្តថា “កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ គេត្រូវធ្វើការដោយផ្ទាល់ ដូចជា សេវាកម្មតាមសណ្ឋាគារ តាមរោងចក្រនិងសេវាកម្មទិញលក់ជាច្រើនទៀត តែក្នុងនោះក៏មានសេវាកម្មឌីជីថលមួយចំនួនផងដែរ ដែលអាចធ្វើការពីផ្ទះបាន តែមិនទាន់ទូលំទូលាយនៅឡើយនោះទេ ហើយក៏មិនប៉ះពាល់នូវការផលិតនោះដែរ”។ លោកបន្តថា “នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ការងារនៅកម្ពុជា គឺនៅតែត្រូវការកន្លែងធ្វើការងារច្បា​ស់លាស់ ត្រូវការិយាល័យបំពេញការងារត្រឹមត្រូវ ទើបមានប្រសិទ្ធភាពការងារជាងការធ្វើការងារពីផ្ទះឬធ្វើការតាមអនឡាញ”។

លោកគុយ វ៉ាតបានបន្ថែមថា នៅសហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍ជាច្រើនទៀតគេអាចធ្វើបានហើយ នូវការងារតាមអនឡាញ ការទិញលក់តាមអនឡាញ តែសម្រា​ប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន នៅមិនទាន់អាចធ្វើបានទេ បើទោះបីជាពីរបីឆ្នាំទៀតក៏នៅតែមិនអាចធ្វើបាននៅឡើយដដែល គឺយើងនៅតែត្រូវការករិយាល័យ សម្រាប់បំពេ​ញការងាររបស់បុគ្គលិក ។

ប្រធានសមាគមភស្តុភារកម្មកម្ពុជា លោកស៊ិន ចន្ធីបានលើកឡើងផងដែរថា នៅក្នុងពេលដែលរដ្ឋាភិបាល សម្រេចបិទខ្ទប់ និងតម្រូវឱ្យក្រុមហ៊ុន សហគ្រាសកាត់បន្ថយការធ្វើការរបស់បុគ្គលិក ដោយរក្សាបុគ្គលិកត្រឹម២ភាគរយនោះ មានក្រុមហ៊ុនជាច្រើនបានផ្អាកសកម្មភាពការងារតែម្ដង ព្រោះថាមនុស្សត្រឹមពីរភាគរយ គឺវាតិចពេកណាស់សម្រាប់បំពេញការងារ ដូច្នេះមានតែផ្អាកការងារ ដោយរង់ចាំឱ្យស្ថានភាពកូវីដល្អប្រសើរវិញនឹងអាចឱ្យបុគ្គលិកចូលធ្វើការវិញ៕