សិក្សាមូលដ្ឋានចំនួន៦សម្រាប់វិភាគលើដំណើរវិវត្តន៍ឆ្ពោះទៅមុខរបស់ខេត្តកំពត

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញជាតិ អន្តរជាតិបាននិងកំពុងមើលឃើញសក្តានុពលនៃការរីកចម្រើនរបស់ខេត្តកំពតនាពេលអនាគត ខណៈពេលនេះ ទឹកដីជាប់ជើងភ្នំដ៏វែងអន្លាយ ជាប់ទឹកសមុទ្រខៀវស្រងាត់នេះ កំពុងបង្ហាញវត្តមាននូវគំរោងធំៗជាច្រើន។

ទីក្រុងបូកគោថ្មី
ជាមួយនឹងផែការពង្រីកសក្តានុពល និងបញ្រ្ជាបចរន្តសាច់ប្រាក់កាន់តែច្រើនទៅកាន់មូលដ្ឋាននានា ប្រមុខរដ្ឋាភិបាលបានប្រកាសអនុម័តគំរោងផែនការមេ ដើម្បីកសាងទីក្រុងបូកគោជាទីក្រុងឆ្លាតវៃ ដែលបានធ្វើឲ្យទឹកដី ខេត្តកំពតកាន់តែមានភាពទាក់ទាញថែមទៀត។

បច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋស្នូល បាននិងកំពុសាងសង់ ខណៈមន្រ្តីរដ្ឋបាលទីក្រុងនេះ កំពុងចាប់ផ្តើមឃោសនាបោះឆ្នោត ដើម្បីជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងនេះ ខណៈមន្រ្តីក្រុងត្រូវបានរៀបចំដោយក្រសួងមហាផ្ទៃរូចហើយ។

គ្រាន់តែប្រកាសភ្លាមបានធ្វើឲ្យតម្លៃដីធ្លី នៅតំបន់នេះដែលមានហាងឆេងស្រាប់ បានកើនតម្លៃមួយកម្រិតទៀតរួចទៅហើយ។

ការបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣
ការប្រកាសពង្រីក រហូតដល់ផ្លូវនេះបានសាងសង់ចប់ បានធ្វើឲ្យអ្នកជំនាញ​និងអ្នកស្វែងរកការវិនិយោគដីធ្លី ដើម្បីរកផលចំណេញបានឈានចូលទៅកាន់ខេត្តនេះ ដោយសារសក្តានុពល ត្រូវបានគេមើលឃើញរួចទៅហើយ។
ជាមួយនឹងការសាងសង់បញ្ចប់១០០ភាគរយ ដែលអាចអនុញ្ញាត្តឲ្យអ្នកធ្វើដំណើរបើកបរបានលឿនជាងមុន ខេត្តកំពត ភ្នំពេញចំណាយពេលត្រឹម២ម៉ោងកន្លះប៉ុណ្ណោះនឹងទៅដល់ ដែលវាជាការកាត់បន្ថយពេលវេលា និងជួយសម្រូលដល់ការធ្វើដំណើរងាយស្រួលជាងមុន។

អ្នកជំនាញមើលឃើញសក្តានុពលខេត្តនេះ នឹងមានការរីកចម្រើនលឿនបន្ទាប់ពីខេត្តព្រះសីហនុនាពេលអនាគត។

អាគារពាណិជ្ជកម្មកប់ពពក
ក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំមកនេះ ខេត្តកំពតមិនដែលមានវត្តមានអាគារកប់ពពកនោះទេ ប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនថៃ ប៊ុនរ៉ុងបាននិងកំពុងសាងសង់អាគារពាណិជ្ជកម្មលំដាប់​អន្តរជាតិ​កំពស់​កម្ពស់៤២ជាន់ ក្រោម​ទុនវិនិយោគ​ប្រមាណ៩៥លាន​ដុល្លារ បាននិងកំពុង​ចាប់ផ្តើម​សាងសង់​ហើយ ដែល​វត្តមាន​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​រួមចំណែ​ក​លើក​កំពស់​ការអភិវឌ្ឍ ​ក្នុង​ក្រុង​នេះ​កាន់​តែមាន​សក្តានុពល​ថែមទៀត។

វត្តមានអាគារនេះ នឹងផ្លាស់ប្តូរមុខមាត់របស់ខេត្តកំពត និងជម្រុញ ហើយទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិជាច្រើនទៀតទៅកាន់ខេត្តនេះ។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ ធ្លាប់បាន​មានប្រសាសន៍ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង នៃ​ប្រភព​អចល​នទ្រព្យ​ក្នុងស្រុក ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច លូតលាស់​លឿន ដែល​វិស័យ​ឧស្សាហកម្ម សំណង់ និង​សេវាកម្ម នៅតែ​ជា​កម្លាំងចលករ​យ៉ាងសំខាន់។

លោក​បាន​បញ្ជាក់ថា “គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប ថៃ ប៊ុន​រ៉ុង កំពត បៀ​ល​ឌី​ង នាពេលនេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ សំណង់​អគារ​លំដាប់​អន្តរជាតិ​ជា​លើកដំបូង និង​ខ្ពស់​ជាងគេ​នៅ​ខេត្តកំពត ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខេត្តកំពត ហើយ​សម្រាប់​បំពេញតម្រូវការ​របស់​វិនិយោគិន ភ្ញៀវ​ជាតិ និង​អន្តរជាតិ ធ្វើការ​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តកំពត”។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៅតែ​បន្ត​អនុវត្ត​នូវ​កម្មវិធី យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី៦ នៃ​រដ្ឋសភា ដើម្បី​ជា​គន្លឹះ​ត្រីវិស័យ​ក្នុងការ ទ្រទ្រង់​និង​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ។

វិស័យទេសចរណ៍
ជាមួយភាពអំណោយផលនៃតំបន់ឆ្នេរ ព្រៃភ្នំ ពិសេសភ្នំបូកគោ ដងព្រែក ធូរ៉េនដ៏មានឳជារស និងផលិតផលកសិកម្មជាច្រើនទៀត ពិសេសស្រែអំបិល ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលទស្សនា ខេត្តកំពតក៏មិនទាន់ប្រើប្រាស់អស់ធនធាន និងសក្តានុពលរបស់ខ្លួនដែរ។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងអំឡុងពេលនៃការគ្របដណ្តប់ដោយវិបត្តិជំងឺរាតត្បាត វិស័យទេសចរណ៍បានផ្លាស់ប្តូរយ៉ាងច្រើន។ ភ្ញៀវទេសចរភាគច្រើនកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិ ដែលក្នុងនោះ ខេត្តកំពតគឺ ជាខេត្តមានអំណោយផលល្អបំផុត សម្រាប់សកម្មភាពទេសចរណ៍ជាច្រើនទីតាំង និងផ្តល់ឱកាសដល់ការបង្កើតអាជីវកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្រុក។វិស័យអចលនទ្រព្យ
ក្រៅពីវត្តមានអាគារកប់ពពក ខេត្តកំពតក៏ទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើនផងដែរ ពិសេសការវិនិយោគលើរមណីយដ្ឋានលំហែរកាយ ដូចជាគំរោងនៅតាមដងស្ទឹងព្រែកកំពង់បាយ ការពង្រីកឆ្នេរ និងគំរោងកំពតឋានសួគ៌ជាដើម។

ជាមួយនឹងកំនើននៃការវិនិយោគអចលនទ្រព្យ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសនៅពេលបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ៣ នឹងធ្វើឲ្យខេត្តកំពតក្លាយជាមេដែកឆក់មួយ ដែលស្រូបទាញកំនើននៃការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ខេត្តកំពតគឺជា ខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុក ផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។

លោកបន្តថា “នៅក្នុងមួយរយៈចុងក្រោយនេះ រដ្ឋាភិបាលបានចាប់ផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាលក្ខណៈទ្រង់ទ្រាយធំ នៅតាមខេត្តគោលដៅជាខេត្តដែលមានសក្តានុពលខ្ពស់។លោកបន្តថា “រដ្ឋាភិបាលបាននិងកំពុងដើរតាម Model Pickup  ដោយជ្រើសរើសខេត្តធំៗ និងមានសក្តានុពលសេដ្ឋកិច្ច អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ខេត្តព្រះសីហនុ ខេត្តសៀមរាប ហើយខេត្តបន្ទាប់អាចជាខេត្តកំពត និងមានខេត្តបន្តបន្ទាប់ទៀត”។

សារគន្លឹះពីប្រមុខរដ្ឋាភិបាល
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីឆ្នាំមុនធ្លាប់បានស្នើដល់រដ្ឋបាលខេត្តកំពត សិក្សាទៅលទ្ធភាពនៃការរៀបចំជាតំបន់រដ្ឋបាលប្រមូលផ្តុំ រួមជាមួយគម្រោងសាងសង់ជាពហុកីឡាដ្ឋានថ្មីមួយ ប្រចាំនៅក្នុងខេត្តបន្ថែមពីលើគម្រោងសិក្សាពីការសាងសង់ស្ពានចំនួន២ផ្សេងទៀត។

លោក ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា យោងតាមការណែនាំផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្នើទៅឱ្យរដ្ឋបាលខេត្តកំពតសិក្សាពីលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ ដោយមានមន្ទីរអង្គភាពពាក់ព័ន្ធមានទីកន្លែងធ្វើការរួមគ្នា និងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀត។

លោកបញ្ជាក់ថា “ក្រៅពីនេះ បច្ចុប្បន្ន គម្រោងសិក្សាស្ពានឆ្លងព្រែកកំពង់បាយចាស់ សិក្សាដោយក្រុមហ៊ុន China Road និងគម្រោងសិក្សាស្ពានថ្មី សិក្សាដោយកងវិស្វកម្មក្រសួងការពារជាតិបានប្រមាណជា៧០ភាគរយ ដោយក្រោយពីសិក្សាចប់សព្វគ្រប់ នឹងដាក់គម្រោងទាំងនេះ ឆ្លងដល់ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តកំពត រួចហើយនឹងយកសំណើគម្រោងនេះ ដាក់ស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេច”។

ជាមួយគ្នានេះ ខេត្តកំពតក៏មានកំពង់ផែទេសចរណ៍ដ៏ស្រស់ស្អាតផងដែរ ដែលកំពង់ផែនេះ អាចពង្រីកការតភ្ជាប់ច្រករបៀងទេសចរណ៍ ជាមួយប្រទេសវៀតណាម ថៃនាពេលអនាគតផងដែរ ប៉ុន្តែគួរឲ្យសោកស្តាយកំពង់ផែនេះ ត្រូវបានពន្យាពេលលើការសាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here