ការបើកការធ្វើដំណើរក្រុងភ្នំពេញ និងក្រុងតាខ្មៅជាពេលវេលាដែលប្រជាពលរដ្ឋត្រូវតែពង្រឹងការទទួលខុសត្រូវរបស់ខ្លួន

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ការបើកទូលាយសម្រាប់ការធ្វើដំណើរនៅក្រុងភ្នំពេញ និងក្រុងតាខ្មៅ និងអនុញ្ញាត្តឲ្យអ្នកនៅតាមបណ្តាខេត្តចូលក្រុងភ្នំពេញ លើកលែងតែតំបន់ “ក្រហម”ជាពេ​លវេលា ដែលប្រជាពលរដ្ឋត្រូវពង្រឹងការទទួលខុសត្រូវរបស់ខ្លួន។

សម្តេចតេជោហ៊ុន សែននាយករដមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ឧសភានេះថា ប្រជាពលរដ្ឋជាង១,៥លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំង ខណៈវ៉ាក់សាំង១លានដូសទៀតនឹងមកដល់នៅថ្ងៃទី១១ និង១៥ ឧសភាខាងមុខនេះ។

ជាមួយគ្នានេះ សម្តេចបង្ហើបថា ចំនួនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមានហានិភ័យនៃការរីករាលដាលជំងឺកូវីដខ្លាំង ចំនួន៥២ម៉ឺននាក់ ត្រូវទទួលបានការចាក់វ៉ាក់សាំងបន្តបន្ទាប់ ខណៈវ៉ាក់សាំងដែលមានស្រាប់ជាង៩០ម៉ឺនដូស មិនអាចបំពេញតាមតម្រូវការបាន ប៉ុន្តែការមកដល់នៃវ៉ាក់សាំងថ្មី នឹងត្រូវផ្តោតលើតំបន់ប្រឈមហានិភ័យខ្លាំងនេះជាមុន។

រដ្ឋាភិបាលនឹងអនុញ្ញាត្ត ឲ្យប្រជាពលរដ្ឋចេញចូលក្រុងតាខ្មៅ និងក្រុងភ្នំពេញ លើកលែងតែតំបន់ក្រហម ចាប់ពីម៉ោង០០នាថ្ងៃទី៥ ថ្ងៃសភានេះ។

ការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ

ការទទួលខុសត្រូវក្នុងនាមប្រជាពលរដ្ឋចំពោះខ្លួនឯង គ្រួសារ​សហគមន៍ និងសង្គ​ម​ជាតិពិតជាមានសារៈសំខាន់ណាស់ ដែលពួកគេគួរតែចាក់វ៉ាក់សាំងបង្ការជំងឺនេះ ការមិនធ្វើដំណើរចេញពីតំបន់ហាមឃាត់ ពិសេសតំបន់ក្រហម ពិសេសការអនុវត្តន៍តាមវិធាន​ណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

ចំណុចពិសេសមួយទៀត គឺកុំចេញពីផ្ទះនៅពេលមិនចាំបាច់ ហើយបើដឹងខ្លួនឯងមានឬសង្ស័យកើតជំងឺនេះ ត្រូវតែធ្វើចត្តាឡីស័ក​ខ្លួនឯង ដាច់ដោយឡែកពីគេ ដើម្បីបង្ការកុំឲ្យឆ្លងទៅអ្នកដទៃ ដែលត្រូវប្រឈមមុខនឹង ការពិន័យជាប្រាក់ និងប្រឈមមុខនឹងជាប់ពន្ឋធនាគារ។

លោកស្រីឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍កាន់តែច្រើន ដោយសារការចូលរួមរបស់ប្រជាពលរដ្ឋនៅមានកម្រិត ហេតុនេះលោកស្រីអំពាវនាវយ៉ាងទទូច ឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តន៍ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រីបានមានប្រសាសន៍ថា “ប្រសិនជាខ្ញុំអាចចូលរួមជំនួសប្រជាពលរដ្ឋ ក្នុងការស្នាក់នៅផ្ទះ ដើម្បីបង្ការជំងឺកូវីដ ខ្ញុំនឹងចូលរួម”៕

គម្រោងធំៗចំនួនពីរនៅតំបន់តារាសាគរត្រូវពន្យាពេល ដោយសារវិបត្តិ

          ដោយគង់ ម៉ាលីន

          ដោយៈ គម្រោងធំៗចំនួនពីរនៅតំបន់តារាសាគរ ខេត្តកោះកុងត្រូវបានពន្យាពេល​ដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលបាននិងកំពុងញាំញីរកម្ពុជា។

គំរោងទាំងពីរនោះរូមមាន កាស៊ីណូខ្នាតធំមួយដែលវិនិយោគដោយក្រុមហ៊ុនហុងកុង Century Entertainment International Holdings បានសម្រេចពន្យារពេលបើកកាស៊ីណូថ្មីនៅតំបន់តារាសាគរ នៃខេត្តកោះកុងម្ដងទៀត ក្រោយពន្យារជាច្រើនលើកច្រើនសារដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៣ ឧសភា កន្លងមកនេះ។

ចំណែកគម្រោងមួយទៀត គឺព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ក៏បានពន្យាពេលផងដែរ។ នេះបើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានបញ្ជាក់ឲ្យដឹងកាលពីម្សិលម៉ិញ។

នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបើកកាស៊ីណូនេះ បានពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ពន្យារទៅខែមីនា ហើយពន្យារទៅចុងខែមេសា។ ដូច្នេះ ការពន្យារលើកនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការបើកឡើយ ដោយនឹងរង់ចាំមើលស្ថានភាពជាក់ស្ដែង។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Century Entertainment កាលពីថ្ងៃសុក្រ កន្លងមកបានឲ្យដឹងថា ដោយសារតែវិធានការបិទខ្ទប់ ការងាររៀបចំបើកកាស៊ីណូថ្មីដែលរួមមានការធ្វើតេស្តប្រព័ន្ធ និងការបណ្តុះបណ្តាលបុគ្គលិក គឺនៅទ្រឹងគ្មានដំណើរការទៅមុខនោះទេ។

ប៉ុន្តែក្រុមហ៊ុន នឹងបន្តធ្វើការងារណាដែលអាចធ្វើទៅបាន ធ្វើយ៉ាងដើម្បីបើកកាស៊ីណូឱ្យបាន នៅពេលស្ថានភាពកូវីដធូរស្បើយ។

កាស៊ីណូ Century Entertainment ពីមុន ទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Sunshine Bay Hotel ខេត្តព្រះសីហនុ ប៉ុន្ដែត្រូវប្ដូរទៅទីតាំងថ្មីវិញនៅតារាសាគរ ដោយសារតែកិច្ចព្រមព្រៀងចាស់ បានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ។

កាស៊ីណូថ្មីនេះ មានផ្ទៃក្រឡាសរុប១០,៥០០ម៉ែត្រការ៉េ ដោយនឹងមានម៉ាស៊ីនស្លុតចំនួន៨០ ម៉ាស៊ីន តុហ្គេមធំៗចំនួន៤០ និងតុលេងល្បែង VIP ចំនួន៥៥ រួមជាមួយនឹងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីជាដើម៕

ក្រុមហ៊ុនប៉េង ហួតគ្រុបឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនិង៥ម៉ឺនដុល្លារសម្រាប់រដ្ឋបាលរាជធានីភ្នំបេញ

          ដោយៈសហការី

          ភ្នំពេញៈ ក្រុមហ៊ុនបុរីប៉េង ហួតគ្រុបបានឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ដោយ៥ម៉ឺនដុល្លារជួយដល់ក្រមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង៥ម៉ឺនដុល្លារទៀតសម្រាប់​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ១៩។

ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅថ្ងៃទី៤ និងទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារ ក្នុងនោះថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការស្បៀងជាចាំបាច់។

កន្លងមកថ្មីៗដែរ ក្រុមហ៊ុនប៉េង ហួតគ្រុប ក៏បាននាំយកនូវគ្រឿងឧបភោគ និងបរិ ភោគដែលមាន អង្ករ ត្រីខ មី និងទឹកស៊ីអ៊ីវ ចែកជូនដល់បងប្អូនកម្មករជាង៧០០០នាក់ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនកម្មករគ្រប់ការដ្ឋាន របស់ក្រុមហ៊ុនក្នុងតំបន់នានាក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។

ដើម្បីចូលរួមក្នុងយុទ្ធនាការ ទប់ស្កាត់ការីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្ដិយស បានចូលរួមសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) សម្រាប់ដូសទី២ ជូនដល់ប្រជាពលរដ្ឋសរុបប្រមាណជិត ៦០០០នាក់ ដែលរស់នៅក្នុងខណ្ឌច្បារអំពៅ នៅក្នុងគម្រោងរបស់ខ្លួន មជ្ឈមណ្ឌលកីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ)។

ចំពោះសកម្មភាពចែករំលែកទាំងអស់នេះ លោកចាន់ រដ្ឋា តំណាងក្រុមហ៊ុនបានលើកឡើងថា “ការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក គឺជាគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាំងពីក្រុមហ៊ុនចាប់ផ្តើមដំបូង និងរីកចម្រើនរហូតមកដល់ពេលនេះ ហើយក៏នឹងបន្តនៅពេលខាងមុខទៀតផងដែរ

ទន្ទឹមនឹងនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ កងកម្លាំង និងអជ្ញាធរដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ ដោយមិនគិតពីភាពនឿយហត់ ក្នុងការទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាបងប្អូនប្រជាពល​រដ្ឋ ដែលបានមកទទួលការចាក់វ៉ាក់សាំង និងចុងក្រោយសូមថ្លែងអំណរគុណដល់ភាពអំណត់របស់បងប្អូនកម្មករ និងបងប្អូនដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ហើយក៏សូមបន្តចូលរួមអនុវត្តវិធានការ “៣ការពារ និង៣កុំ” ឲ្យបានខ្ជាប់ខ្ជួន យើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា។

កន្លងមកគេសង្កេតឃើញថា ក្រុមហ៊ុនមួយនេះតែងតែចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្មមនុស្សធម៌ជួយដល់ប្រជាជន និងសង្គមជាតិគ្រប់កាលៈទេសៈ៕

ព្រលានយន្តហោះមណ្ឌលគិរីតម្លៃ១០០លានដុល្លារបានបញ្ចប់ការសិក្សាហើយ នៅសល់ការងារបច្ចេកទេស

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងថា ការសិក្សាគំរោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរីបានបញ្ចប់ហើយ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៤ ឧសភាកន្លងមកថា ការសិក្សាពីព្រលាន ដែលមានតម្លៃ១០០លានដុល្លារនេះបានបញ្ចប់ ប៉ុន្តែយើងនៅមានការងារបច្ចេកទេសជាច្រើនទៀត ដែលក្រុមហ៊ុនត្រូវធ្វើការចចារលើភាគលាភ ការងារបច្ចេកទេស ហិរញ្ញវត្ថុ ការងារក្រដាសស្នាមនិងការងារមួយចំនួនទៀត ដែលត្រូវជជែកលំអិតនាពេលខាងមុខនេះ។

លោកបន្តថា “ដោយសារបញ្ហាជំងឺកូវីដ បានធ្វើឲ្យការងារជជែកគ្នារវាងក្រុមហ៊ុន និងមន្រ្តីរដ្ឋាភិបាលត្រូវពន្យាពេលមួយរយៈខ្លី ”។លោកបន្តថា “ការងារសាងសង់ព្រលាននេះយឺតឬលឿន អាស្រ័យលើការចចារវាងរដ្ឋាភិបាល និងក្រុមហ៊ុន”។

ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងធ្វើឡើងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នអាជ្ញាធរខេត្តបានរៀបចំដីត្រៀម សម្រាប់សាងសង់ព្រលានយន្តហោះនេះទំហំប្រមាណ៦០០ហិកតា។

លោកស៊ិន ចាន់សិរីវុត្ថាធ្លាប់បានឲ្យដឹងថា ព្រលានយន្តហោះនេះ នឹងសាងសង់ឡើងជាព្រលានកម្រិតតំបន់ឬអន្តរជាតិ ដែលអាចទទួលការចុះចតយន្តហោះផ្ទុកអ្នកដំណើរចន្លោះពី១៨០ទៅ២០០នាក់។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានចេញអនុក្រិតបង្កើតគណកម្មការអន្តរក្រសួង ដើម្បីធ្វើការងារជាមួយក្រុមហ៊ុនCHINA Power Group ជាក្រុមហ៊ុនចិន ដែលទទួលបន្ទុកលើការងារសិក្សា និងវិនិយោគព្រលានយន្តហោះនេះ៕

ក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើនបាននិងកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់អាមេរិកជាច្រើន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា តាមរយៈពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក ដែលសហការរៀបចំ ដោយស្ថានទូតអាមេរិកនៅភ្នំពេញ នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់សហរដ្ឋអាមេរិក និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងសុន្ទរកថាក្នុងពិធី បើកពិព័រណ៍នេះនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ថា ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកចំនួន៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និង ក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិន និងក្រុមហ៊ុនកម្ពុជាចំនួនជាង៣០ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូ។

ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាមេរិកច្រើនធ្វើឱ្យប្រជាជនកម្ពុជាផ្សារភ្ជាប់ការទាក់ទងជាមួយសហរដ្ឋអាមេរិក។ ជាក់ស្តែង ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗរបស់អាមេរិក បានទទួលជោគជ័យ និងកំពុងរីកចម្រើននៅកម្ពុជា រាប់ពីក្រុមហ៊ុនរថយន្ត Ford និង Facebook ដល់កាហ្វេ Starbucks និង Papa John’s pizza ។

ប្រជាជនកម្ពុជាចង់បានផលិតផល និងសេវាកម្មប្រកបដោយគុណភាពបែបនេះ ហើយគេនៅតែចង់បានច្រើនថែមទៀត។ ពិព័រណ៍នេះគ្រាន់តែជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយស្ថានទូតអាមេរិក ក្នុងការណែនាំឲ្យគេស្គាល់ក្រុមហ៊ុនអាមេរិកដែលចង់មករកស៊ីនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា “លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន ហើយក្រុមហ៊ុនអាមេរិកច្រើនថែមទៀត នឹងបន្តមករកស៊ីក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយ នូវរបៀបធ្វើជំនួញប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន”។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបន្តថា ៛គេឃើញយីហោទាំងនេះជាច្រើន នៅអាស៊ីអាគ្នេយ៍ នាពេលសព្វថ្ងៃ ជាពិសេសនៅទីក្រុងបាងកក ប្រទេសសិង្ហបូរី និងទីក្រុងហូជីមិញ។ វាដល់ពេលដែលត្រូវឃើញក្រុមហ៊ុនទាំងនេះ នៅភ្នំពេញផងដែរហើយ។

លោកបន្តថា “ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងធ្វើឲ្យគេដឹងកាន់តែច្រើន ពីឱកា​សធ្វើជំនួញដ៏ប្រពៃ ហើយបង្កើតទំនាក់ទំនង ដែលនឹងផ្តល់លទ្ធផលសម្រាប់ប្រទេសទាំងពីរ”៕

រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង១០០លានដុល្លាររបស់ក្រុមហ៊ុនក្រុមហ៊ុន ថ្មីៗចំនួន៦

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងថ្មីៗចំនួន៦ ដែលបោះទុនវិនិយោគប្រមាណ១០៦.៣លានដុល្លារនៅកម្ពុជា។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ទី១-ក្រុមហ៊ុន YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១០កន្លែង។

ទី២-ក្រុមហ៊ុន OCEAN TREASURE DYEING & PRINTING CO., LTD : គម្រោងបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៨កន្លែង។

ទី៣- ក្រុមហ៊ុន LESSO (CAMBODIA) TRADING CO., LTD : គម្រោងបង្កើតរោងចក្រផលិតបំពង់ទីប ទុយោជ័រ និងបរិក្ខារបំពង់ជ័រ (PVC pipe fittings) គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃរកានិងភូមិត្រពាំងជូន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

ទី៤-ក្រុមហ៊ុន SANTELYS PHARMACEUTICAL CO., LTD : គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគចំនួន ១២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២១៥កន្លែង។

ទី៥-ក្រុមហ៊ុន KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំដំឡើង គ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ គ្រឿងបន្លាស់អេឡិចត្រូនិក ម៉ាស់អេឡិចត្រូនិក និងឧបករណ៍បន្សុទ្ធខ្យល់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២៩,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៨កន្លែង។

ទី៦-ក្រុមហ៊ុន JIN BEI PALACE CO., LTD : គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែង៕

រដ្ឋាភិបាលកំណត់ខេត្តចំនួន៣ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងសុខាភិបាល សម្រេចកំណត់យកខេត្តកំពង់ចាម តាកែវ និងខេត្តកំពង់ស្ពឺបន្ថែមទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

ការកំណត់យកទីតាំងភូមិសាស្ដ្រខេត្តកំពង់ចាម តាកែវ និងកំពង់ស្ពឺ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនេះ គឺដោយសារខេត្តទាំងបីនេះ បាននិងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតនេះ ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នប.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រសួងសុខាភិបាលបានអះអាងថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែងដែ លមានការជួបជុំមនុស្សចាប់ពី២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី២០ម៉ឺនរៀល ទៅ១លានរៀល៕

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់កុមារកាន់តែមានសង្ឃឹមស្របពេលក្រុមហ៊ុន Pfizer ដាក់ពាកក្យស្នើសុំ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ កុមារនឹងត្រូវបានការពារពីជំងឺកូវីដ ប្រសិនជារដ្ឋបាលឳសថ ចំណីអាហារ

អាមេរិកអនុម័ត ឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងPfizer អនុម័តឲ្យខ្លួនប្រើប្រាស់វ៉ាក់សាំងសំរាប់កុមារអាយុចន្លោះ២ឆ្នាំ ដល់១១ឆ្នាំនាពេលខាងមុខ។

នៅកំឡុងខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer រំពឹងថាខ្លួននឹងអាចដាក់ពាក្យស្នើសុំមួយ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារអាមេរិក (FDA) ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនទៅលើក្មេងៗអាយុចាប់ពី ២-១១ឆ្នាំ នៅក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន Pfizerបានបញ្ជាក់បន្ថែមទៀតថា ការស្នើសុំឲ្យប្រើប្រាស់ពេញលេញ នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា PF-07321332 សម្រាប់មនុស្សអាយុចាប់ពី១៦-៨៥ឆ្នាំ គឺនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភានេះតែម្តង។ ដោយឡែក ការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការCOVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំដោយអាជ្ញាធរ FDA អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ។

នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Pfizer លោកAlbert Bourla បានពន្យល់ថា លទ្ធផលសិក្សាអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer ទៅលើទារក និងក្មេងៗអាយុចាប់ពី ៦ខែ ដល់ ១១ឆ្នាំ គឺមានការបែងចែកក្រុមអាយុជាពីរជំពូកសិន នោះគឺក្មេងៗអាយុចន្លោះពី ២-៥ឆ្នាំ និង៥-១១ឆ្នាំ ហើយលទ្ធផលអាចនឹងចេញ នៅអំឡុងខែកញ្ញា។

កាលពីចុងខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុនអាមេរិក Pfizer បានបញ្ចេញរបាយការណ៍ធ្វើតេស្តរបស់ខ្លួន ក្រោយការចាក់វ៉ាក់សាំងសាកល្បង ទៅលើក្មេងអាយុពី ១២-១៥ឆ្នាំចំនួន ២,២៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានពីរដូស។ ជាលទ្ធផលពួកគេទាំងអស់គ្នា (១០០%) អាចមានលទ្ធភាពទប់ទល់ COVID-19៕

ក្រុមហ៊ុនចិនធំមួយប្រកាសបោះទុនជិត៥០លានដុល្លារសាងសង់សណ្ឋាគារ ផ្កាយ៥នៅខេត្តព្រះសីហនុ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន JIN BEI PALACE ដែលវិនិយោគដោយជនជាតិចិន ប្រកាសបោះទុនវិនិយោគទឹកប្រាក់ជិត៥០លានដុល្លារ ដើម្បីសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ នៅខេត្តព្រះសីហនុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ក្រុមហ៊ុន JIN BEI PALACE CO., LTD  ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងទៀត ក្រុមហ៊ុននេះ បោះទុនវិនិយោគប្រមាណ៤៨,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣៨០កន្លែងដល់ប្រជាពលរដ្ឋ។

ទោះបីមានការវិនិយោគ ប្រកាសបោះទុនវិនិយោគវិស័យអចលនទ្រព្យ ពិសេសគម្រោងសាងសង់សណ្ឋាគារប្រណីត នៅខេ្តតព្រះសីហនុជាបន្តបន្ទាប់ក្តី អ្នកជំនាញថា បានលើកឡើងថា អចលនទ្រព្យនៅក្រុងព្រះសីហនុ ជាពិសេសសម្រាប់ទីផ្សារនៃការជួល ដែលកំពុងមានភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ មានការធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ ពីការចាកចេញរបស់ជនជាតិចិន ហើយបន្ថែមពីនេះវិបត្តិ ដែលកើតមានដោយសារជំងឺកូវីដ១៩ ក៏ជាមូលហេតុដែលសំខាន់ក្នុងការរួមចំណែកផងដែរ។

លោកបញ្ជាក់ថា “ជាធម្មតានៅពេលទីផ្សារវិស័យណាមួយ មានការធ្លាក់ចុះគឺតែងជះឥទ្ធិពលអាក្រក់ដល់អ្នកពាក់ព័ន្ធ ជាពិសេសវិនិយោគតែម្ដង”។  លោកបន្តថា “ជាក់ស្ដែងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ដែលមានកំណើនទីផ្សារខ្ពស់ហួសពីការរំពឹងទុកកាលពីឆ្នាំ២០១៨-២០១៩ ដែលជំរុញឱ្យតម្លៃឡើខ្ពស់ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកវិញដោយសារតែបាត់បង់តម្រូវការ”។

លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ភាគច្រើនអ្នកដែលខាតបង់ គឺអ្នកទើបតែចាប់វិនិយោគ និងអភិវឌ្ឍន៍សំណង់នៅដើមឆ្នាំ២០២០ ដែលមានទ្រង់ទ្រាយតូច និងមធ្យម ប៉ុន្តែសម្រាប់អ្នកដែលជាម្ចាស់គម្រោងអគារធំៗ និងបានវិនិយោគតាំងពីមុនឆ្នាំ២០១៩ ភាគច្រើននៅមិនទាន់ទទួលរងនូវការខាតបង់នោះទេ ក្រោមហេតុផលថា អគារធំៗដែលជួលឱ្យក្រុមហ៊ុនវិនិយោគបន្តភាគច្រើន មានកុងត្រាជួលក្នុងរយៈពេលយូរចាប់ពី១៥ឆ្នាំឬ២០ឆ្នាំ ឬយូរជាងនេះ ដោយមានការកក់ប្រាក់ចាប់ពូ៣ឆ្នាំ ឬ៥ឆ្នាំមុនក៏មាន ដូច្នេះនៅក្នុងវិបត្តិប្រមាណ១ឆ្នាំកន្លងកមនេះ ពួកគេនៅមិនមានការខាតប្រយោជន៍នោះទេ។

លោកបន្តថា ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់ នៃតម្រូវការជួលអគារទាំងនេះអាចនៅបន្ត ឬមានតម្រូវការឡើងវិញនៅពេលណានោះ នៅមិនអាចកំណត់បាននោះទេ ដែលវាអាស្រ័យទៅលើស្ថានការជាក់ស្ដែង នៃការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងមានប្រសិ​ទ្ធភាពបានកម្រិតណា ខណៈដែលការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសលើសាកលចាប់ផ្តើមអនុវត្តជាបណ្តើរៗទៅហើយនោះ៕

អ្នកជំនាញៈផ្នែកចំនួនបីនៃវិស័យអចលនទ្រព្យនឹងងើបឡើងជាប​ន្តបន្ទាប់ក្រោយ វិបត្តិកូវីដ១៩

          ដោយៈ ស៊ីវ ម៉េង

          ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ផ្នែកសំខាន់ៗមួយចំនូននៃវិស័យអចលនទ្រព្យ នឹងងើបឡើងជាបន្តបន្ទាប់ក្រោយវិបត្តិជំងឺកូវីដ១៩ ដែលត្រូវបានរដ្ឋាភិបាលបន្ឋូរបន្ថយការធ្វើដំណើរចាប់ពីថ្ងៃទី៦ ឧសភាខាងមុខនេះ។

លោកស្រីអាន សុធីតាអតីតនាយិកាក្រុមហ៊ុនCBRE Cambodia ដែលមានបទពិសោធន៍យូរឆ្នាំក្នុងវិស័យនេះ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៥ ឧសភានេះថា ក្រោយពេលវិបត្តិនេះបញ្ចប់ ផ្នែកសំខាន់ៗដែលនឹងមានតម្រូវការឬលេចធ្លោមុនគេ គឺលំនៅដ្ឋានប្រភេទFirst Home ឬការទិញផ្ទះសំរាប់ស្នាក់នៅ ជាជាងទិញសម្រាប់វិនិយោគ ហើយផ្នែកដីធ្លីនឹងងើបឡើងបន្ទាប់ ដោយសារការវិនិយោគផ្នែកដីធ្លីមិនសូវមានហានិភ័យ។

លោកស្រីបន្តថា “បន្ទាប់ពីផ្នែកទាំងពីរនេះដំណើរការល្អប្រសើរ គំរោងបវិនិយោគខ្នាតធំនឹងលេចឡើង និងបន្ទាប់មកលំហូរទុនវិនិយោគផ្ទាល់ពីបរទេស នឹងមកដល់កម្ពុជា”។ លោកស្រីបន្តថា “ផ្នែកនិមួយៗ នឹងកើតឡើងបន្តបន្ទាប់ តាមស្ថានភាពជាក់ស្តែង ហើយផ្នែកបដិសណ្ឋារកិច្ចដូចជាសណ្ឋាគារ នឹងងើបឡើងវិញលឿនបំផុត នៅពេលកូវីដបញ្ចប់ ដោយសារមនុស្សចង់ធ្វើដំណើរកំសាន្ត ព្រោះពួកគេស្រ្តេសយូរមកហើយ”។

លោកស្រីអាន សុធីតាបានបន្តថា បច្ចុប្បន្នប្រេជាពលរដ្ឋលើពិភពលោក បារម្ភពីការឆ្លងជំងឺកូវីដ ប៉ុន្តែនៅពេលជំងឺនេះត្រូវបានបង្រ្កាបបានភ្លាម មិនថាប្រជាជនប្រទេសណាទេ គឺប្រជាពលរដ្ឋនឹងចេញដើរកំសាន្តច្រើន ធ្វើឲ្យវិស័យសណ្ឋាគារនឹងស្ទុះងើបឡើងខ្លាំង៕