រដ្ឋាភិបាលកំពុងជំរុញគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់នៅខេត្តកែប

0

ដោយៈ ម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកំពុងជំរុញការរៀបចំគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់សាធារណៈនៅក្រុងកែប ខេត្តកែប ខណៈខេត្តនេះ ជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទិសដៅជាខេត្តទេសចរណ៍សំរាកលំហែរប្រណីតកម្រិតខ្ពស់នាពេលអនាគត។

លោកសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ បានអញ្ចើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងការរៀបចំគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់សាធារណៈនៅក្រុងកែប ខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

កិច្ចប្រជុំពិភាក្សានេះ បានបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការរៀបចំគម្រោងរមណីយដ្ឋានឆ្នេរខ្សាច់សាធារណៈនៅក្រុងកែប ខេត្តកែប ដើម្បីលើកកំខ្ពស់គុណភាពទេសចរណ៍ និងជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើបន្ថែមទៀត។

លោកសោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប ធ្លាប់បានលើកឡើងនេះថា បើទោះបីជាយើងកំពុងជួបនូវស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដោយ តែយើងមិនភ្លេចសកម្មភាពអភិវឌ្ឍន៍ខេត្តដែរ ព្រោះខេត្តកែប ជាគោលដៅទេសចរណ៍ ដែលរាជរដ្ឋាភិបាលកំណត់ទិសដៅជាខេត្តទេសចរណ៍សំរាកលំហែរប្រណីតកម្រិតខ្ពស់នាពេលអនាគត។

លោកអភិបាលខេត្តបន្ថែមថា ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល យើងត្រូវតែខិតខំបំពេញបន្ថែមនូវសម្បទាទេសចរណ៍ ជាពិសេសទីតាំងសម្រាកលម្ហែ តំបន់ឆ្នេរខ្សាច់កំសាន្ត តំបន់អេកូទេសចរណ៍ ជាដើម។

លោកបញ្ជាក់ថា ចំពោះមុខ គណៈកម្មារអភិវឌ្ឍតំបន់ឆ្នេរ កំពុងសិក្សាទីតាំងធ្វើការអភិវឌ្ឍន៍កែលម្អរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ចំនួនពីរកន្លែងបន្ថែមទៀត ទីមួយគឺទីតាំងឆ្នេរខ្សាច់កំសាន្ត ស្តិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប និងទី២ កែលម្អឆ្នេរខ្យាច់ធម្មជាតិអង្កោល ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ទីតាំងទាំងពីរនេះ និងអភិវឌ្ឍន៍ប្រែក្លាយ តំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសួនច្បារ ដងផ្លូវធំៗ និងមានគន្លងផ្លូវសម្រាប់ជិះកង់ និងថ្មើជើងផងដែរ។

លោកអភិបាលខេត្តស្នើឱ្យក្រុមការងារពាក់ព័ន្ធ ត្រូវពន្លឿនសិក្សាទីតាំងនេះឱ្យបានលឿន និងធ្វើការសហការគ្នាជាមួយក្រុមការងារអន្តរក្រសួង នៃគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីអោយគម្រោងមួយនេះឆាប់ទទួលបានជោគជ័យ ដើម្បីលើកកំខ្ពស់គុណភាពទេសចរណ៍ និងជួយអោយប្រជាពលរដ្ឋមានការងារធ្វើបន្ថែមទៀត សំដៅលើកស្ទួយជីវភាពគ្រួសារប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here