រដ្ឋាភិបាលសម្រេចធ្វើវិចារណកម្មចំណាយថវិកាឡើងវិញក្រោយវិបត្តិកូវីដ១៩ កាន់តែប៉ះពាល់ធ្ងន់ធ្ងរ

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដោយសារតែការផ្ទុះរីករាលដាលនូវជំងឺកូវីដ១៩ ជាពិសេសក្នុងព្រឹត្តិកា​រណ៍សហគមន៍២០ កុម្ភៈ ២០២១ កំពុងធ្វើឱ្យមានផលប៉ះពាល់ ដល់ក្របខណ្ឌច្បាប់ថវិកាឆ្នាំ២០២១ បានតម្រូវឱ្យរាជរដ្ឋាភិបាល ត្រូវធ្វើវិចារណកម្មចំណាយ(រៀបចំផែនការចំ ណាយឡើងវិញ)ថវិកាឡើងវិញ ក្នុងគោលបំណងសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយបញ្ហាជាអាទិភាព នាពេលបច្ចុប្បន្ន។

យោងតាមសារាចរណែនាំស្ដីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណា​យថវិកាថ្នាក់ជាតិ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ក្រសួងស្ថាប័នរដ្ឋបាលកណ្ដាល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាព ជាក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការរបស់រាជរដ្ឋាភិបាល នូវវិធានការសម្រាប់អនុវត្តការធ្វើវិចារណកម្ម និងពង្រឹងប្រសិទ្ធភាពចំណាយថវិកាឆ្នាំ ២០២១។

សារាចរណែនាំដដែលនេះបានឱ្យដឹងថា ការធ្វើវិចារណកម្មថវិកាឆ្នាំ២០២១ ត្រូវបាន លើកលែងសម្រាប់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរជំនាញរាជធានី ទាំងអស់ ដែលកំពុងមានភារកិច្ចច្រើន ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឹកូវីដ១៩ ព្រមតាំងផ្ដល់ការលើកលែងវិចារណកម្មថវិកា ចំណាយចរន្តរបស់ក្រសួងសុខាភិបាល ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមផ្ទាល់ក្នុងសកម្ម​ភាពទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងផ្ដល់ភាពទន់ភ្លន់ដល់ក្រសួងទាំងបីនេះ អាចធ្វើនិយ័តកម្មឥណទានផ្ទៃក្នុងឱ្យអស់លទ្ធភាព តាមនីតិវិធីហិរញ្ញវត្ថុជាធរមាន ដើម្បីបំពេញតម្រូវការចាំបាច់ ផ្នែកអន្តរាគមន៍ដែលពាក់ព័ន្ធនឹងវិបត្តិកូវីឌ១៩ ដើម្បីជៀសវាងការស្នើសុំបន្ថែមឥណទាន។

ចំណែកវិធានការនៃការធ្វើវិចារណកម្មចំណាយចរន្តថ្នាក់ជាតិ ត្រូវបានដាក់ឱ្យអនុវត្តលើចំណាយមិនមែនបន្ទុកបុគ្គលិក ដោយកាត់ព្យួរចំណាយទៅតាមកម្រិតភាគរយដែលបានកំណត់ លើមូលដ្ឋានឥណទានថវិកា៥០ភាគរយ នៃឥណទានអនុម័តដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ចំពោះមុខសញ្ញាចំណាយមួយចំនួនដែលមិនទាន់ចាំបាច់ ឬមិនចាំបាច់ខ្លាំង ។

ក្នុងសារាចរណែនាំបានបញ្ជាក់ថា ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាពចំណាយដែលបានដាក់ចេញ ត្រូវបានគិតគូររៀបចំឡើង ក្នុងក្របខណ្ឌនៃការធានាប្រក្រ​តីភាពនៃស្ថាប័នរដ្ឋ និងរក្សាលំនឹងជីវភាពប្រជាជន ទន្ទឹមនឹងការសន្សំធនធានថវិកាដើ​ម្បី​បង្វែរទៅបំបេញឱ្យសេចក្តីត្រូវការចាំបាច់ និងបន្ទាន់របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃកូវីដ១៩ ពិសេសក្នុងអំលុងពេលនៃការអនុវត្តការបិទខ្ទប់នៅទីតាំងភូមិសាស្ត្រមួយចំនួន ដើម្បីបង្កើនសុវត្ថិភាព និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ និងជនងាយរងគ្រោះ៕

បច្ចុប្បន្នភាពៈ 7-Eleven គ្រោងបើកហាងទំនិញប្រមាណ៧០០កន្លែងនៅ កម្ពុជាlក្នុងរយៈពេល៣០ឆ្នាំ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន CP All Plc ដែលបានចុះបញ្ជីនៅថៃ គ្រោងបើកហាងទំនិញ 7-Eleven ចំនួន៧០០កន្លែងនៅកម្ពុជា  ខណៈហាងទំនិញដ៏ល្បីឈ្មោះនេះ បានចាប់ផ្តើមប្រកាសជើសរើសបុគ្គលិកជាបណ្តើរៗនៅកម្ពុជា។

យោងតាមរបាយការណ៍របស់ផ្សារមូលបត្រថៃ (SET) នាពេលកន្លងមកនេះ បានឱ្យដឹងថា ក្រុមហ៊ុនយក្សថៃនេះបានចុះកិច្ចព្រមព្រៀងទិញសិទ្ធិ ដែលនាំយកហាងទំនិញ 7-eleven មកកាន់កម្ពុជា។

ក្រុមហ៊ុន បានឲ្យដឹងថា “ក្រុមហ៊ុន CPALL ទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមេ ដើម្បីបើកហាងនៅឡាវ និងកម្ពុជា”។

របាយការណ៍ដដែលនេះបានឲ្យដឹងថា “ផ្អែកតាមការស្ទង់មតិទីផ្សារ និងការប៉ាន់ប្រមាណបឋមរបស់ក្រុមហ៊ុន គឺយើងនឹងបើកហាងទំនិញនេះ ឲ្យបានចំនួនហាង៧០០កន្លែងនៅកម្ពុជា និងចំនួនហាង៥០០កន្លែងនៅឡាវ គ្រោងនឹងបើកនៅពេលខាងមុខ”។

យោងតាមឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ ក៏ធ្លាប់បានលើកឡើងផងដែរថា ក្រុមហ៊ុននេះ គ្រោងនឹងផ្តល់សិទ្ធិបើកដំណើរការហាងពី៧០០ ទៅ១០០០ នៅទូទាំងក្រកម្ពុជា ដើម្បីជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្រុមហ៊ុនថៃនេះ បានចាប់ផ្តើមរៀបចំបើកហាងទំនិញនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ ដែលមានរយៈពេលដំណើរការអាជីវកម្ម៣០ឆ្នាំ ហើយអាចបន្តបាន២០ឆ្នាំបន្ថែមទៀត។

ក្រុមហ៊ុន CP ទាំងអស់ដំណើរការហាងទំនិញ១១,០០០កន្លែង ក្រោមស្លាកយីហោ 7-Eleven នៅថៃ ដែលមានអតិថិជនជាមធ្យម១១,៨ លាននាក់ជារៀងរាល់ថ្ងៃ។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន 7-Eleven Inc នៅសហរដ្ឋអាមេរិកក្រោមកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប្រចាំតំបន់កាលពីឆ្នាំ១៩៨៩៕

សម្តេចតេជោៈ វ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅពាក់កណ្ដាលខែនេះ

ដោយៈ គង់ ម៉ាលីន

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត នឹងមកដល់ប្រទេសកម្ពុជា នៅត្រឹមពាក់កណ្ដាលខែឧសភានេះ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសារសំឡេង នៅព្រឹកថ្ងៃទី៥ ខែឧសភានេះថា វ៉ាក់សាំងចំនួន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃទី១១ និងចំនួន៥០ម៉ឺនដូសទៀត នឹងមកដល់នៅថ្ងៃទី១៥ ខែឧសភានេះ។ សម្ដេតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យមានការព្រួយបារម្ភថាខ្វះខាតវ៉ាក់សាំងនោះ និងកុំប្រជ្រៀតទៅចាក់វ៉ាក់សាំង ដែលទង្វើនេះ គឺនាំឱ្យមានហានីភ័យនៃការឆ្លងជំងឺកូវីឌ-១៩ទៅវិញទេ។

ប្រទេសកម្ពុជា មកដល់ពេលនេះ ទទួលបានវ៉ាក់សាំង ចំនួនជិត៤លានដូសរួចមកហើយ ដែលភាគច្រើនបំផុត ជាវ៉ាក់សាំងជំនួយ និងទិញពីប្រទេសចិន រួមមាន ស៊ីណូហ្វាម ជាជំនួយរបស់ចិន ចំនួន១.៣លានដូស ស៊ីណូវ៉ាក់ចំនួន២លានដូស ទិញពីចិន និងវ៉ាក់សាំងកូវីស៊ៀល ជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ចំនួន៣២ម៉ឺន៤ពាន់ដូស។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល មកទល់ពេលនេះ ប្រជាពលរដ្ឋ ប្រមាណជាង១លាន៥សែននាក់ហើយ បានចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀថា កម្ពុជា នឹងទទួលបានវ៉ាក់សាំង ចំនួនជាង១០លានដូស នៅក្នុងឆ្នាំនេះ ដែលនឹងមកដល់ជាបន្តបន្ទាប់ក្នុងខែឧសភា ចំនួន១លាន ៥សែនដូស, ខែមិថុនា ចំនួន៣លាន ដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស៕

តើ​សេដ្ឋវិទូ​បង្ហាញ​ទស្សនៈ​យ៉ាងដូចម្តេច​ចំពោះ​កំនើន​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា ខណៈ​ប្រទេស​កំពុង​ជួប​វិបត្តិ

ដោយៈ ឧ​ត្ត​ម

ភ្នំពេញៈ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បានបង្ហាញ​វិ​ក្ក័​យ​ប​ត្រ​អគ្គិសនី អមដោយ​ពាក្យ​ត្អូញត្អែ ចំពោះ​ការ​បរិមាណ​អគ្គិសនី​ប្រើប្រាស់​អស់​ច្រើនជាង​សព្វដង និង​លើកឡើងថា ក្នុងកំឡុងពេល​ប្រទេស​កំពុងមាន​វិបត្តិ​ហើយ​បែរជា ថ្លៃ​អគ្គិសនី​កើនឡើង។

ជាទូទៅ ការចំណាយ​ទៅលើ​ថ្លៃ​អគ្គិសនី នៅ​កម្ពុជា​អ្នកប្រើប្រាស់​បរិមាណ​កាន់​តែ​ច្រើន​តម្លៃនឹង​ឡើងថ្លៃ ជា​បន្តបន្ទាប់​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង អ្នកប្រើប្រាស់​អស់​កាន់តែ​តិច តម្លៃ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​ក៏​កាន់តែ​តិច។ ជាក់ស្ដែង​បើ​អ្នកប្រើប្រាស់​អស់​ត្រឹម​ក្រោម១០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ តម្លៃ​ត្រឹមតែ៣៨០រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ប្រើប្រាស់​អស់​ចាប់ពី១១គីឡូវ៉ាត់ម៉ោង ឡើងទៅ​ដល់៥០គីឡូវ៉ាត់ម៉ោង​តម្លៃ៤៨០រៀល ប្រើ​អស់ពី៥១ ដល់២០០គីឡូវ៉ាត់ម៉ោង​តម្លៃ៦១០រៀល និង​ប្រើ​ចាប់ពី២០១គីឡូវ៉ាត់ម៉ោង​ឡើងទៅ​ក្នុង​មួយខែ​តម្លៃ​ចាប់៧៣០រៀល​ក្នុង​មួយ​វ៉ា​ត់​ម៉ោង។

លោក​ចាន់ សុផល​នាយក​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍន៍ បានបង្ហាញ​ទស្សន​របស់ខ្លួន​លើ​មូលដ្ឋានចំនួន​ពីរ ទី១ ការយកថ្លៃ​ខ្ពស់​ពី​អ្នក​ដែល​ប្រើប្រាស់​អគ្គិសនី​ច្រើន ដើម្បី​បន្ទាប​ថ្លៃ​សម្រាប់​អ្នកប្រើប្រាស់​តិច (ដែល​អង់គ្លេស​ហៅថា cross subsidies) គឺជា​គោលនយោបាយ​ត្រឹមត្រូវ ។ អ្នកប្រើប្រាស់​អគ្គិសនី​តិច ជាទូទៅ មាន​កម្រិតជីវភាព​ទាប​ជាង​អ្នកប្រើប្រាស់​អគ្គិសនី​ច្រើន ។

ក៏ប៉ុន្តែ មាន​មនុស្ស​ច្រើនណាស់ ដែល​មិន​ទទួលបាន​ការពន្យល់​រឿងនេះ និង​បែរជា​ហួសចិត្ត​ថា មិនគួរ​មាន​ការគិត​កាន់តែ​ថ្លៃ ចំពោះ​ទំនិញ​ដែល​គេ​ប្រើ​កាន់តែច្រើន​សោះ។

ទី២ ការកំណត់​គោលនយោបាយ​រក​ចំណេញ​ពី​ការលក់​អគ្គិសនី និង​ការយកថ្លៃ​ខ្ពស់​ដល់​ធុរកិច្ច រោងចក្រ សហគ្រាស​ជាដើម គឺជា​ឧបសគ្គ​ដ៏​ធំ​មួយ ចំពោះ​ដំណើរការ​អភិវឌ្ឍ​ទំនើបកម្ម និង​ឧស្សាហកម្ម​នៅ​កម្ពុជា ដែល​នេះ​គឺជា​ចំណុច​ដ៏​គួរឱ្យ​សោកស្ដាយ​មួយ ។

អ្នក​តាម​ដាល​ការ​វិត្ត​នៃ​សេដ្ឋកិច្ចសង្គម​កម្ពុជា លោក​យិន លាង​គ​អ់​បាន​មានប្រសាសន៍ថា ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ប្រតិកម្ម​ចំពោះ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​កើនឡើង​ខ្ពស់ ខណៈ​ស្ថានភាព​ប្រទេស​កំពុង​ជួប​វិបត្តិ ជំងឺ​កូ​វីដ​កំពុង​គំរាមកំហែង​ជីវភាព​របស់​ប្រជាពលរដ្ឋ ហេតុនេះ​អាជ្ញាធរ​អគ្គិសនី​គួរ​ពិចារណា​លើ​បញ្ហា​នេះ​ឡើងវិញ ទាក់ទង​នឹង​គោលនយោបាយ​របស់ខ្លួន។

លោក​បន្តថា អគ្គិសនី​កម្ពុជា​គួរ​សិក្សា​ពី​ថ្លៃ​អគ្គិសនី និង​ប្រាក់ចំណូល​ប្រជាជន​ន​នៅតាម​បណ្តា​ប្រទេស​នានា​ជុំវិញ​កម្ពុជា​ថា តើ​តម្លៃ​អគ្គិសនី​របស់​កម្ពុជា ស្ថិតក្នុង​សភាព​បែបណា?។

ពាក់ព័ន្ធ​ជាមួយនឹង​ការឡើង​បរិមាណ ប្រើប្រាស់​អគ្គិសនី​កាន់តែច្រើន​នៅក្នុង​រដូវ​កាល​នេះ លោក​កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​បានលើកឡើងជារឿយៗផងដែរ​ថា នៅរដូវក្ដៅ ឧបករណ៍​អេឡិចត្រូនិក ដែល​បំប្លែង​ទៅ​ត្រជាក់​ដូចជា​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក កង្ហារ​ជាដើម ត្រូវការ​ស៊ី​ថាមពល​ច្រើនជាង​រដូវ​ធម្មតា ហើយ​ជាទូទៅ​គេ​ស៊ី​សង្កេតឃើញថា បរិមាណ​ប្រើប្រាស់​អគ្គិសនី​របស់​ពលរដ្ឋ​ភាគច្រើន ចំណាយ​នៅ​ខែមីនា មេសា និង​ឧសភា ដោយសារតែ​អំឡុង​ពេលនោះ​ជា​រដូវក្ដៅ​ខ្លាំង។

ប៉ុន្តែ​ទោះ​មានការ​ពន្យល់​យ៉ាងណាក្ដី ប្រជាពលរដ្ឋ​នៅតែ​បន្ត​សម្ដែង​ការមិន​ពេញ​ចំពោះ​ការចំណាយ​ដ៏​ច្រើន​គឺ​គុណ​ជា​ពីរ​ជា​បី នៅ​អំឡុង​ខែ​ទាំងនេះ៕

អង់គ្លេស និង​ឥណ្ឌា គ្រោង​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជា​ផ្លូវការឆាប់ៗនេះ

ដោយៈ​សុខុម

ក្រុង​ឡុង​ដ៍ៈ រដ្ឋាភិបាល​អង់គ្លេស បាន​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​អង្គារ ទី៤ ឧសភា​ថា អង់គ្លេស និង​ឥណ្ឌា នឹង​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំនេះ ក្រោយ​ភាគី​ទាំង២ព្រមព្រៀងគ្នា​ជាគោលការណ៍ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CNA។

ជាមួយនឹង​ចំនួន​ប្រជាជន​រហូតដល់១៣០០លាន​នាក់ និង​សេដ្ឋកិច្ច​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ប្រទេស​ឥណ្ឌា បាន​រំពឹង​ខ្ពស់​លើ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ជាមួយ​អង់គ្លេស ក្រោយ​អង់គ្លេស ចាក​ចេញពី​ប្លុក​សហភាព​អឺរ៉ុប កាលពី​ឆ្នាំមុន។

ក្រោម​យុទ្ធសាស្ត្រ “ចក្រភព​អង់គ្លេស ជាស​កល” (Global Britain) ក្រោយ​ចាក​ចេញពី​ប្លុក​សហភាព​អឺរ៉ុប រដ្ឋការ​នាយករដ្ឋមន្ត្រី​Boris Johnson បាន​ផ្ដោតលើ​គោល​គោលនយោបាយ “ងាក​មក​តំបន់​អាស៊ី” ឬ “Pivot to Asia” នៅក្នុង​គោលនយោបាយ​ការបរទេស​របស់ខ្លួន ដោយបាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី រួមមាន​ជប៉ុន និង​សិង្ហ​បុរី។

លោកស្រី Liz Truss រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អង់គ្លេស​បាន​ថ្លែងថា ប្រទេស​ឥណ្ឌា និង​ប្រទេស​អង់គ្លេស នឹង​ចាប់ផ្តើម​ការចរចា​កិច្ចព្រមព្រៀង​ជា​ផ្លូវការ “នៅ​រដូវ​ស្លឹកឈើ​ជ្រុះ” បន្ទាប់ពី​ប្រកាស​ជាបឋម​នូវ​កិច្ចព្រមព្រៀង Enhanced Trade Partnership (ភាពជា​ដៃគូ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ)។

លោកស្រី​បាន​ប្រាប់​សារព័ត៌មាន Sky News ក្នុង​កិច្ចសម្ភាសន៍​ផ្សាយ​តាម​ទូរទស្សន៍​ថា “យើង​ចង់ឱ្យ​ការចរចា​នេះ បញ្ចប់​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន” ។

លោកស្រី​បន្ថែមថា “ជាការ​ពិត កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ត្រូវការ​ពេល​រាង​យូរ​បន្តិច ហើយ​នេះ​ជា​ផលចំណេញភ្លាមៗ ដែល​យើង​អាច​ទទួលបាន​សម្រាប់​ប្រទេស​ទាំងពីរ ដោយ​ជំរុញ​ការបង្កើត​ការងារ​ថ្មី​នៅ​អង់គ្លេស និង​ឥណ្ឌា” ហើយ​ថា កិច្ចព្រមព្រៀង​នេះ​មាន​ទំហំ១,៤ពាន់​លាន​ដុល្លារ” ។

លោកស្រី​គូសបញ្ជាក់ថា ប្រទេស​ទាំងពីរ​កំពុង​ស្វែងរក “អត្ថប្រយោជន៍ភ្លាម” ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូចជា ការកាត់បន្ថយ​ឧបសគ្គ​រាំងស្ទះ​ដល់​ពាណិជ្ជកម្ម​ជាដើម ហើយ​ថា ប្រទេស​អង់គ្លេស ចង់​បន្ទាប​អត្រាពន្ធគយ ឬ​ដកចេញ​ពន្ធគយ​លើ​ទំនិញ​នាំចេញផ្សេងៗទៅកាន់​ប្រទេស​ឥណ្ឌា រាប់​ចាប់ពី​រថយន្ត​រហូតដល់​ស្រា​វី​ស្គី។

ការអត្ថាធិប្បាយ​នេះ ធ្វើឡើង​នៅមុន​កិច្ចចរចា​តាម Video Conference រវាង​នាយករដ្ឋមន្ត្រី Boris Johnson និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi នៅ​កាលពី​ថ្ងៃ​អង្គារ ដដែល។

ការចរចា​នេះ​ធ្វើឡើង បន្ទាប់ពី​លោក Boris Johnson ពន្យារពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ឥណ្ឌា ជា​លើក​ទី២កាលពី​ខែ​មុន ដោយសារ​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ នៅក្នុង​ប្រទេស​ឥណ្ឌា កាន់តែ​ធ្ងន់ធ្ងរ​ទៅ៕

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Pfizer ចំណូល​បាន​ពី​វ៉ាក់សាំង​កូ​វីដ-១៩ នឹង​កើន​រហូតដល់២៦ពាន់​លាន​ដុល្លារ

ដោយៈ​សុខុម

អាមេរិក:  ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Pfizer Inc កាលពី​ថ្ងៃ​អង្គារ ទី៤ ឧសភា បាន​ព្យាករ​ថា ខ្លួន​នឹង​ទទួលបាន​ចំណូល​ពី​ការលក់​វ៉ាក់សាំង​កូ​វីដ-១៩ ចំនួន២៦ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២១នេះ ដោយ​កើនឡើង​ជាង៧០% បើ​ធៀប​នឹង​ការ​ព្យាករ​មុននេះ។

យោងតាម​សារព័ត៌មាន The Edge Markets ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល​ឱ្យដឹងថា ការដំឡើង​ការ​ព្យាករ​នេះ ឆ្លុះបញ្ចាំង​កិច្ចព្រមព្រៀងថ្មីៗ ជាមួយ​រដ្ឋាភិបាល​នានា​ជុំវិញ​ពិភពលោក ដែល​កំពុង​ប្រឹងប្រែង​ដុតដៃដុតជើង ដើម្បី​បញ្ឈប់​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ-១៩ តាមរយៈ​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ឆាប់រហ័ស។

នេះ​បង្ហាញថា វ៉ាក់សាំង​កូ​វីដ-១៩ ចំនួន១,៦ពាន់​លាន​ដូ​ស ដែល​ផលិតឡើង​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech SE នឹងត្រូវ​ចែកចាយ​នៅក្នុង​ឆ្នាំ២០២១នេះ ខណៈ​វ៉ាក់សាំង​នេះ ក្លាយជា​វ៉ាក់សាំង​លក់ដាច់​បំផុត សម្រាប់​ក្រុមហ៊ុន Pfizer Inc នៅក្នុង​ត្រីមាស​ទី១ ។

តាម​ការរំពឹងទុក​ក្រុមហ៊ុន Pfizer នឹង​ផលិត​បាន​លើស១ភាគ៣ នៃ​ការលក់​ពេញ​មួយឆ្នាំ​របស់ខ្លួន ដោយ​ក្រុមហ៊ុន​នេះ​កំពុង​ចរចា​ផ្គត់ផ្គង់ ជាមួយ​ប្រទេស​ជាច្រើន​សម្រាប់​ឆ្នាំ២០២២ និង​លើសពីនេះ។

ការចំណាយ​ថ្លៃដើម និង​ប្រាក់ចំណេញ​សុទ្ធ បាន​ពី​ការលក់​វ៉ាក់សាំង​នឹងត្រូវ​បែងចែក៥០-៥០រវាង​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech។ ក្រុមហ៊ុន​ផលិត​ឱ​ស​ទាំងពីរ​នេះ​ធ្លាប់បាន​និយាយថា ខ្លួន​មាន​គោលបំណង​ផលិត ឱ្យបាន​រហូតដល់២,៥ពាន់​លាន​ដូ​ស​ក្នុងឆ្នាំនេះ។

ប្រសិនបើ​ក្រុមហ៊ុន​នេះ លក់បាន​ចំនួន​នោះ​មែន ប្រាក់ចំណូល​ពី​ការលក់​វ៉ាក់សាំង​នៅ​ឆ្នាំ២០២១ នេះ​អាច​នឹង​ខ្ពស់ជាង២៦ពាន់​លាន​ដុល្លារ យ៉ាងតិច​ក៏៥០%ដែរ។

ទន្ទឹមនេះ ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Moderna ដែលជា​គូប្រជែង​ក៏បាន​ព្យាករ​ដែរ​ថា ចំណូល​ពី​ការលក់​វ៉ាក់សាំង​របស់ខ្លួន នឹង​ទទួលបាន១៨,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២១នេះ៕

ស្ថាបត្យករ​និង​វិស្វករ​កើនឡើង​ដល់​ជិត៦០០០នាក់ ខណៈ​វិស័យ​សំណង់​កាន់តែ​បង្ហាញ​ភាពរឹងមាំ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ  ចំនួន​ស្ថាបត្យករ និង​វិស្វករ ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា កើនឡើង​ដល់​ជាង៥,៨០០នាក់​នាពេល​បច្ចុប្បន្ន ខណៈ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់​តែមាន​ភាពរឹងមាំ ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​លំហូរ​ចូល​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស គម្រោង​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ​ជាច្រើន។

តួលេខ​នេះ​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី​ជា សុផារ៉ា​រដ្ឋមន្ត្រីក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​មានប្រសាសន៍​ជំនួប​ជាមួយ​ឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី៤ ឧសភា​កន្លងមក ដោយ​លោក​បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ស្ថាបត្យករ​ចុះបញ្ជី​សរុប១១៨១នាក់។

មុន​ច្បាប់​សំណង់​មានតែ៨៣៨នាក់ ក្រោយ​ច្បាប់​សំណង់ កើន៣៤៣នាក់ ស្មើ៤០,៩%ថែមទៀត។ ចំណែក វិស្វករ​ក្នុង​វិស័យ​សំណង់​ចុះបញ្ជី​សរុប៤៦២៣នាក់ នាពេល​បច្ចុប្បន្ន។ មុន​ច្បាប់​សំណង់​មានតែ២២៧៤នាក់ ក្រោយ​ច្បាប់​សំណង់​កើន ២៣៤៩នាក់ ស្មើ ១០៣,២%ថែមទៀត។

វិស័យ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​សំណង់ ត្រូវបាន​រដ្ឋាភិបាល​ចាត់ទុកថា​ជា​ជន្ទ​ល់​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​យឺត អំឡុងពេល​វិបត្តិ​កូ​វីដ១៩ ខណៈ​អ្នកជំនាញ​បាន​លើកឡើងថា វិស័យ​សំណង់ និង​អចលនទ្រព្យ​នឹងមាន​កំណើន​ឡើងវិញ បន្ទាប់ពី​វិបត្តិ​នេះ​ត្រូវ​បានបញ្ចប់។

លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍​កាលពីពេល​កន្លងទៅថ្មីៗនេះ​ថា នៅក្នុង​ឆ្នាំ២០២១នេះ សកម្មភាព​វិនិយោគ ក្នុង​វិស័យ​សំណង់​ភាគច្រើន ជា​សកម្មភាព​របស់​អ្នក​ក្នុងស្រុក ដោយឡែក​សម្រាប់​រំហូរ​ទុន​ចូល​ពី​ក្រៅ​ស្រុក​គឺមាន​តិចតួច​បំផុត។

លោក​បាន​ថ្លែងបន្តថា “វិបត្តិ​សេដ្ឋកិច្ច​ដែល​កំពុង​កើតមាន​នៅពេលនេះ គឺ​ជះឥទ្ធិពល​គ្រប់​ប្រទេស ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​គម្រោង​វិនិយោគ​ទាំងអស់ ប៉ុន្តែ​ក្រោយពេល​វិបត្តិ​នេះ​ត្រូវបាន​ទប់ស្កាត់ គម្រោង​វិនិយោគ​នានា​នឹង​ចាប់ផ្តើម​រៀបចំ​ឡើងវិញ”។

លោក​បាន​ឱ្យដឹងទៀតថា “តាម​ខ្ញុំ​គិត ប្រសិនបើ​វិបត្តិ​ជំងឺ ដែល​កំពុង​រាលដាល​នេះ​ត្រូវ​បញ្ចប់​នៅត្រឹម​ចុងឆ្នាំ​នេះ នោះ​សកម្មភាព​វិនិយោគ នៅក្នុង​វិស័យ​សំណង់​អាច​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ ឬ​នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ២០២២ខាងមុខនេះ” ។

យោងតាម​របាយការណ៍ ដែល​ផ្តល់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា គម្រោង​វិនិយោគ​ក្នុង​វិស័យ​សំណង់​គិត​ត្រឹម​ខែមីនា(៣ខែ) ឆ្នាំ២០២១ មាន​ប្រមាណ១៦៦២លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​និង​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំមុន ទំហំ​ទុនវិនិយោគ​មាន​ទឹកប្រាក់ ប្រមាណ២.៥៧៤លាន​ដុល្លារ​អាមេរិក ដោយ​ធ្លាក់ចុះ៣៥,៤% ៕

ធនាគារអភិវឌ្ឍន៍អាស៊ីៈ​កម្ពុជា​នៅតែ​បន្ត​មាន​ហានិភ័យ​ទាប​នៃ​វិបត្តិ​បំណុល

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា គឺ​នៅក្រោម​អនុ​បាត​បំណុល​នៅឡើយ ដោយ​កម្ចី​របស់​កម្ពុជា​នៅមានកម្រិត​ទាប​ឡើយ​នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ។

របាយការណ៍​ចុងក្រោយ​របស់ ADB បានឱ្យដឹងថា កម្ពុជា​នៅតែ​បន្ត​មាន​ហានិភ័យ​ទាប ចំពោះ​វិបត្តិ​បំណុល ជាមួយ​បំណុល​សាធារណៈ​ក្រៅប្រទេស​សរុប ដែល​ត្រូវបាន​ព្យា​ការណ៍​ថា​នឹង​កើនឡើង​ស្មើនឹង៣៤.៦% នៃ​GDP ក្នុង​ឆ្នាំ២០២១ និង៣៥,៩% នៃ​GDP ក្នុង​ឆ្នាំ២០២២ បើទោះបីជា​មានការ​កើនឡើង​នៃ​ឱនភាព​ថវិកា​ក្តី។

របាយការណ៍​បានឱ្យដឹង​ទៀតថា ថវិការដ្ឋ​ក្នុង​ឆ្នាំ២០២១នេះ​រំពឹងថា នឹងមាន​ឱនភាព​ជារួម ដែល​កម្រិត​សើ្ម​នឹង៣,១% នៃ​GDP ជាមួយនឹង​ចំណូល​ក្នុងស្រុក ដែល​ត្រូវ​បានគ្រោង​ក្នុង​កម្រិត២១,៤% នៃ GDP និង​ចំណាយ​ក្នុង​កម្រិត២៤,៥% ។

លោក​សុខ សេន​សាន​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់បាន​លើកឡើងថា កម្ពុជា​មិន​ងាយ​រងគ្រោះ​ដោយ​បំណុល​បរទេស​នោះទេ។

លោក​បាន​បញ្ជាក់ថា “កម្ពុជា​ពិតជា​មិន​ភ័យព្រួយ​រឿង​បំណុល​បរទេស​នោះទេ មិន​ភ័យព្រួយ​ត្រង់​ថា កម្ពុជា​មានច្បាប់​ត្រឹមត្រូវ​លើ​ការគ្រប់គ្រង​បំណុល ដែល​បច្ចុប្បន្ន​កម្ពុជា​ខ្ចី​ក្នុង​កម្រិត​មួយ​ដែលមាន​ច្បាប់​អនុញ្ញាត និង​គោរព​លើ​គោលការណ៍ ក្នុងការ​គ្រប់គ្រង​បំណុល​សាធារណៈ” ។

ទីភ្នាក់ងារ Moody កាល​ដើម​ឆ្នាំនេះ ក៏បាន​វាយតម្លៃ​វាយតម្លៃ​ផងដែរ​ថា ភាព​ងាយ​រងគ្រោះ​នៃ​បំណុល​របស់​កម្ពុជា នៅតែ​ស្ថិតនៅ​ក្នុងស្ថានភាព ដែល​អាច​គ្រប់គ្រង​បាន ហើយ​ចក្ខុវិស័យ​កំណើន​ផលិតផល ក្នុងស្រុក​សរុប​ដ៏​រឹងមាំ​របស់​កម្ពុជា ជា​កត្តា​ដែល​ផ្ដល់​ទំនុកចិត្ត​របស់ខ្លួន លើ​បន្ទុក​បំណុល​របស់​ប្រទេស​កម្ពុជា។

គិត​ចាប់ពី​ឆ្នាំ១៩៩៣ រហូតមកដល់​ដំណាច់​ឆមាស​ទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​សម្បទាន ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា សរុប​ចំនួន១៤ពាន់​លាន​ដុល្លារ ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត គ្របដណ្តប់​ប្រមាណ៨៧ភាគរយ និង​វិស័យ​អាទិភាព​ចំពោះមុខ​ផ្សេងទៀត ប្រមាណ១៣ភាគរយ។ នោះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ៕

កំឡុង​វិបត្តិ​បែបនេះ តើ​គួរ​វិនិយោគ​អចលនទ្រព្យ​បែបណា​ដើម្បី​បញ្ចៀស​ហានិភ័យជាប់គាំង​លំហូរ​សាច់ប្រាក់

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ អ្នកជំនាញ​នៅតែ​មើលឃើញថា វិស័យនេះ​នៅតែមាន​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​ផលចំណេញ​នាពេល​អនាគត ខណៈដែល​បច្ចុប្បន្ន​អ្នកវិនិយោគ​មាន​ភាព​ប្រុងប្រយ័ត្ន​ជាង​មុន ដើម្បី​បញ្ចៀស​ហានិភ័យ​គាំង​លំហូរ​សាច់ប្រាក់។

លោកស្រី​តាំង ហួរ នាយិកា​ក្រុមហ៊ុន AMATAK Property Service Co, Ltd បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀ់ល​ថ្ងៃទី៤ ឧសភា​កន្លងមក​ថា ក្នុង​វិបត្តិ​កូ​វីដ​នេះ​ចរន្ត​នៃ​ការស្វែងរក​អចលនទ្រព្យល្អៗ ពី​សំណាក់​ភ្ញៀវ​បាន​ថយចុះ​ប្រមាណ៥០ភាគរយ ប៉ុន្តែ​ភ្ញៀវ​ដែលមាន​ធនធាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ នៅតែ​បន្ត​វិនិយោគ​លើ​វិស័យនេះ ដោយសារ​ពួកគេ​មើលឃើញ​ផលចំណេញ​ខ្ពស់​នាពេល​អនាគត។

លោកស្រី​បន្តថា “សកម្មភាព​ទិញ​លក់​អចលនទ្រព្យ នឹង​ងើប​ឡើងវិញ​ក្រោយពេល​រដ្ឋាភិបាល បើក​ឲ្យ​មានការ​ធ្វើដំណើរ​ឡើងវិញ ប៉ុន្តែ​វិស័យនេះ​នឹង​ងើប​ឡើងវិញ​នៅមានកម្រិត​នៅឡើយ។

ជាមួយគ្នានេះ លោកស្រី​អាន សុធី​តា អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​មានប្រសាសន៍​ដោយ​សម្តែង​សុទិដ្ឋិនិយម​ថា ការបើកចំហ​ដោយ​រដ្ឋាភិបាល​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​បណ្តា​ខេត្ត​ឡើងវិញ ជា​រឿង​ល្អប្រសើរ​ណាស់ ដែល​ធ្វើ​ឲ្យ​វិស័យនេះ​នឹងមាន​សភាព​ផុសផុល ហើយ​អ្នកនឹង​នៅក្នុង​វិស័យនេះ​នឹង​រវល់​ការងារ​ច្រើន។

លោកស្រី​បន្តថា “អ្នកវិនិយោគ​អចលនទ្រព្យ​ភាគច្រើន​នាពេល​កន្លងមក ពួកគេ​បាន​រង់​ចាំមើល ដោយ​ពួកគាត់​មិនទាន់​សម្រេចចិត្ត ប៉ុន្តែ​នៅពេល​មានការ​បើក​ឲ្យ​មានការ​ធ្វើដំណើរ​ឡើងវិញ ពួកគេ​នឹង​សម្រេចចិត្ត​វិនិយោគ ប៉ុន្តែ​វា​ត្រូវការ​រយៈពេល​មួយចំនួនទៀត​ផងដែរ” ។

ជាមួយគ្នានេះ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍ថា អ្នកវិនិយោគ​មាន​ភាព​ប្រុងប្រយ័ត្ន​ជាង​មុន ក្នុងការ​វិនិយោគ​នាពេល​បច្ចុប្បន្ននេះ តែ​អ្នក​ដែលមាន​ធនធាន​ច្រើន ពួកគេ​នៅតែ​បន្ត​ទិញ​សម្រាប់​អចលនទ្រព្យ ដែល​ពួកគេ​មើលឃើញ​ផង​ចំណេញ​ខ្ពស់។

លោក​បន្តថា “ការប្រុងប្រយ័ត្ន​នាពេលនេះ ជាការ​ល្អ ព្រោះ​ការវិនិយោគ​បើសិនជា​មានការ​ជាប់គាំង ឬ​វិបត្តិ​អូសបន្លាយ នឹង​អាចធ្វើ​ឲ្យ​មាន​បញ្ហា​លំហូរ​សាច់ប្រាក់ ហេតុនេះ​អ្នកវិនិយោគ គួរពិនិត្យមើល​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់ខ្លួន​រ៉ឹង​មាំ​សិន មុន​សម្រេចចិត្ត​វិនិយោគ។ លោក​បន្តថា “ហេតុនេះ​ការ​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ សម្រាប់​ត្រៀម​រយៈពេល​វែង​មាន​សារៈសំខាន់​ណាស់ ដើម្បី​ការពារ​ហានិភ័យ​ពី​ការ​គាំង​លំហូរ​សាច់ប្រាក់ បើសិនជា​វិបត្តិ​បន្ត​អូសបន្លាយ” ៕

វ៉ាក់សាំង​បង្ការ​កូ​វីដ ចំនួន១លាន​ដូ​ស​ទៀត​នឹង​មកដល់​កម្ពុជា​នៅ​ពាក់កណ្តាល​ខែឧសភា​នេះ

ដោយ សហការី

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ១៩ ក្របខណ្ឌ​ទូទាំងប្រទេស បានឱ្យដឹងថា វ៉ាក់សាំង​បង្ការ​កូ​វីដ-១៩ ចំនួន​មួយ​លាន​ដូ​ស​ទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន អាច​នឹង​មកដល់​នៅ​ពាក់​កណ្ដាលខែ​នេះ។

លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែងថា “នេះ​ជាការ​គិតគូរ​របស់​ស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ​ការយក​វ៉ាក់សាំង​ចាក់​ជូន​ទៅដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​មានការ​ឆ្លង​កូ​វីដ១៩ធ្ងន់ធ្ងរ ដោយ​យើង​មាន​វ៉ាក់សាំង​ចំនួន៩០ម៉ឺន​ដូ​ស​ក្នុង​ដៃ កំពុងដំណើរការ​ចាក់​ជូន​ដល់​ពលរដ្ឋ​ទូទាំង​ចំនួន៤ខណ្ឌ ក្នុង​តំបន់​ក្រហម ដោយ​គ្រូពេទ្យ​យោធា ដែលមាន​ការរៀបចំ​ដោយ​ក្រសួងការពារជាតិ ប្រព្រឹត្ត​ទៅដោយ​រលូន ក្នុងមួយថ្ងៃៗចាក់​ជូន​ដល់​ពលរដ្ឋ​បាន​រាប់ម៉ឺន​នាក់ ហើយ​យើង​នឹង​បន្ត​រៀបចំ​ចាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដទៃទៀត​នៅពេលដែល​វ៉ាក់សាំង​មកដល់​នៅក្នុងពេលឆាប់ៗនេះ” ។

លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​បន្ថែម​ដោយ​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អត់ធ្មត់ ចូលរួម​សហការ ដែល​បច្ចុប្បន្ន​យើង​រង់ចាំ​ការមកដល់​នៃ​វ៉ាក់សាំង ហើយនឹង​ចាក់​ជូន​ជា​បន្តបន្ទាប់ ដល់​ប្រជាពលរដ្ឋ​តាម​លទ្ធភាព ខណៈដែល​អ្វីដែល​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ១៩កំពុង​ពិភាក្សា ជាមួយនឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះ គឺ​ការ​សម្លឹងមើល​ទីតាំង​ខណ្ឌ​មួយចំនួនទៀត​យ៉ាងហោចណាស់​បួន​ឬ​ប្រាំ​ខណ្ឌ​ដោយបាន​ចាត់ចែង​រៀបចំ​រួចរាល់​ជាស្រេច​នូវ​ក្រុមការងារ​ទាំងអស់ រួមទាំង​នឹងសិក្សា​លម្អិត​ដើម្បី​ពិនិត្យមើល​ពី​ការផ្ដល់​វ៉ាក់សាំង​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ឲ្យ​បាន​លឿន​និង​ពង្រីក​ទីតាំង​ចាក់​បន្ថែមទៀត​ដើម្បីឱ្យ​កាន់តែ​ខិតជិត​បងប្អូន​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដំណើរ​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​របស់​ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ គិត​ត្រឹម​ថ្ងៃទី០៣ ខែឧសភា​ម្សិលមិញ​នេះ  បាន​ចំនួន ១,៤៦៥,៩៨៥នាក់​នាក់ ក្នុងនោះ​លើ​វ៉ាក់សាំង៣ប្រភេទ​គឺ Sinopharm ចាក់​បាន​ចំនួន ៦២៥,៥០៣នាក់ , Sinovac ចាក់​បាន៦៨៣,៥៤០នាក់ និង កូ​វី​សែ​ល ទទួល​អាជ្ញា​បណ្ណ​ផលិត​ដោយ AstraZeneca ចាក់​បាន១៥៦,៩៤២នាក់។

គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​វ៉ាក់សាំង សរុប​ដែលជា​ចំនួន​វ៉ាក់សាំង​ទទួលបាន​គឺ ៖ ៤.០២៤.០០០ដូ​ស ក្នុងនោះ ១លាន៧០ម៉ឺន​ដូ​ស​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​ជា​ជំនួយ​របស់​មិត្ត​ចិន , ៣២ម៉ឺន៤ពាន់​ដូ​ស​ប្រភេទ​កូ​វី​សែ​ល ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ និង​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់​ចំនួន២លាន​ដូ​ស​ទៀត​ជា​ការបញ្ជាទិញ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ពី​មិត្ត​ចិន៕