អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមឡើងវិញលើការទិកញលក់បន្ទាប់ពីរដ្ឋាភិបាលបើកការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ

ដោយៈ លក្ខិណា

ភ្នំពេញ ៖ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាមក រដ្ឋាភិបាលបានសម្រេចចាត់វិធានការរឹតបន្តឹងចំពោះការជួបជុំការធ្វើដំណើររហូតដល់មានការបិទខ្ទប់រាជធានីភ្នំពេញទាំងមូល និងក្រុងតាខ្មៅនៃខេត្តកណ្ដាល និងតំបន់មួយចំនួនតាមបណ្ដាខេត្តផងដែរ។

ការបិទខ្ទប់នេះធ្វើឱ្យសកម្មភាពនៃអាជីវកម្ម និងសកម្មភាពនៃការវិនិយោគក៏ត្រូវអាក់ខាន តែក្រោយពេលរដ្ឋាប្រកាសបញ្ចប់ការបិទខ្ទប់ អ្នកជំនាញអចលនទ្រព្យរំពឹងថាការទិញលក់ និងសកម្មភាពនៃវិស័យអចលនទ្រព្យអាចនឹងងើបឡើងវិញ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ថា ការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺជាលទ្ធផលមួយល្អប្រសើរ សម្រាប់វិស័យសេដ្ឋកិច្ចព្រោះពេលនោះ អ្វីៗនឹងអាចវិលមកប្រក្រតី ហើយរាល់អាជីវកម្មទាំងឡាយអាចសកម្មឡើងវិញ ជាមួយនឹងសកម្មភាពនៃការវិនិយោគជាដើម។

លោកបានថ្លែងថា “ការLockdown នៅកម្ពុជាគឺមានរយៈពេល៣សប្ដាហ៍កន្លងទៅហើយ ហើយបើនិយាយពីការប៉ះពាល់ដល់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យគឺមានផលប៉ះពាល់ខ្លះ”។

លោកបានបន្តថា នៅពេលរដ្ឋាភិបាលប្រកាសបើកឡើងវិញនៅថ្ងៃទី៦ ខែឧសភា ២០២១ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជានឹងអាចវិលត្រលប់ទៅសភាពដើមវិញ ប្រជាពលរដ្ឋអាចធ្វើដំណើរពីតំបន់មួយទៅតំបន់មួយឡើងវិញ ដែលអាចធ្វើឱ្យចរន្ត នៃការទិញលក់អចលនទ្រព្យនឹងត្រលប់ទៅសភាពដើមវិញ ប៉ុន្តែការរីកចម្រើន ឬមិនរីកចម្រើននោះ ក៏មិនអាចព្យាករបានដែរ។

លោកបន្ថែមថា ទោះបីជាកម្ពុជាបានសម្រេចបិទខ្ទប់តំបន់មួយចំនួនក៏ពិតមែន តែការចរចានៃការបង្កើតគម្រោងវិនិយោគនៅក្នុងប្រទេសនៅតែមាន ដោយធ្វើទៅតាមប្រព័ន្ធអនឡាញ តែការសម្រេចចិត្ត ឬភាពជោគជ័យនៃការចរចានោះមិនមាននោះឡើយ ព្រោះតែពួកគេមិនអាចជួបគ្នា ដើម្បីជជែកលម្អិតពីគម្រោងនីមួយៗឡើយ។

លោកលឹម រដ្ឋាភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពតនិងខេត្តកែបបាននិយាយថា សកម្មភាពទិញនៃការទិញលក់អចលនទ្រព្យ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងការរាលដាលនៃកូវីដ១៩ គឺធ្វើឡើងតាមរយៈការជួបតាមទូរសព្ទ និងតាមប្រព័ន្ធអនឡាញ ដូច្នេះការសម្រេចចិត្តរបស់អ្នកទិញគឺនៅមានភាពស្ទាក់ស្ទើរ និងមានអ្នកលក់ខ្លះចង់ទៅទីតាំងដីធ្លី ឬអចលនទ្រព្យភ្លាម តែមិនអាចធ្វើបាន ព្រោះតែបម្រាមរបស់អាជ្ញាធរ។

លោកបានបន្តថា ភ្ញៀវទិញដីនៅកំពត និងកែបភាគច្រើនជាភ្ញៀវមកពីភ្នំពេញ ហើយនៅពេលភ្នំពេញបិទខ្ទប់ ពួកគាត់ក៏មិនអាចចេញពីផ្ទះ ដើម្បីទៅមើលទីតាំងបាន ដូច្នេះនៅពេលដែលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ លោករំពឹងថា ការទិញលក់អចលនទ្រព្យនឹងអាចដូចដើមវិញ ដោយសារតែពួកគេអាចធ្វើដំណើរចេញពីផ្ទះ និងអាចឆ្លងពីខេត្តមួយទៅខេត្តមួយបានទៀតផង៕

ការទាញយកតម្លៃសេដ្ឋកិច្ចបន្ថែមបាននិងកំពុងកើតមាន ក្រោយពេលរោងចក្រ សហគ្រាសចាកចេញពីទីក្រុង

ដោយៈគង់ សូរិយា

ភ្នំពេញៈ បន្ទាប់ពីអភិបាលក្រុងភ្នំពេញ ប្រកាសឲ្យរោងចក្រ សហគ្រាសចាកចេញពីរាជធានីភ្នំពេញកាលពីឆ្នាំមុន តំបន់រោងចក្រ សហគ្រាសនានាដូចជាផ្លូវជាតិលេខ២ តំបន់ចក្រអង្រែលើ និងចក្រអង្រែក្រោម តំបន់ផ្លូវវេង ស្រេងជាដើមបានផ្លាស់ប្តូរមុខមាត់បណ្តើរៗហើយ។

បច្ចុប្បន្នតំបន់ទាំងនោះ កំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន អាគារ​ការិយាល័យជាដើម។

លោកស្រី អាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមានប្រសា​សន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា តំបន់ខាងលើនេះ មានភាពប្រែប្រួលច្រើន ដែលវាមិនមែនជាតំបន់រោងចក្រដូចកាលពី១០ឆ្នាំមុននោះទេ។

លោកស្រីបានបន្តថា “កាលពីជាង១០មុន តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ២ ជាបណ្តុំរោងចក្រ ប៉ុន្តែពេលនេះស្របពេលដែលរដ្ឋាភិបាល ជំរុញឱ្យរោងចក្រទាំងនោះចេញទៅក្រៅក្រុង វាត្រូវបានប្រែក្លាយជាមណ្ឌលពាណិជ្ជកម្មជំនួសវិញ”។

លោកស្រីបន្តទៀតថា បច្ចុប្បន្ននេះ បើទោះជាតំបន់ខាងលើនេះមានភាពប្រែប្រួល និងរីកចម្រើនយ៉ាងណាក្ដី ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យនៅតំបន់ខាងលើនេះ ហាក់នៅមានកម្រិត។ លោកស្រីបន្ថែមថា តំបន់នេះមិនសូវមានផ្ទៃដីទំនេរ សម្រាប់អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប ក្នុងទ្រង់ទ្រាយនោះដែរ ដោយសារតែចំនួននៃលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតំបន់នេះមានច្រើន ដែលខុសពីតំបន់អភិវឌ្ឍន៍ថ្មីស្ថិតនៅក្បែរមហាវិថីសម្ដេចតេជោ ផ្លូវ៦០ម៉ែត្រ។

បច្ចុប្បន្ននៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅតំបន់ចក្រអង្រែមានមជ្ឈមណ្ឌ ល​ពាណិជ្ជកម្មមួយចំនួនបានលេចរូបរាងហើយ ដូចជា The Factory, WB Arena, Holiday Outlet ជាដើម។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍក្នុងគម្រោងធំៗ នៅតំបន់ជាប់ផ្លូវជាតិលេខ២ គឺមានកំណត់ ដោយសារតែផ្ទៃដីទំនេរមិនមានច្រើន ហើយតម្លៃឡើងខ្ពស់ស្ថិតនៅក្នុងចន្លោះចាប់ពី៣០០០ -៤០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលមិនអនុញ្ញាតដល់ឱកាសចំណេញលើការវិនិយោគនោះទេ។

លោកបញ្ជាក់ថា “ប្រសិនបើគេមានគម្រោងវិនិយោគធំៗ ភាគច្រើនអ្នកអភិវឌ្ឍន៍នឹងងាកទៅជ្រើសរើសតំបន់អភិវឌ្ឍន៍ថ្មី ខណៈដែលតម្លៃនៅទាប និងមានវិសាលភាពផ្ទៃដីនៅទំនេរច្រើន”។លោកបន្តថា “នេះជានិន្នាការធម្មតានៅតាមប្រទេសនិមួយៗ នៅពេលសេដ្ឋកិច្ចរីកចម្រើន តំបន់ឧស្សាហកម្មនឹងត្រូវផ្លាស់ប្តូរចេញ ពីទីក្រុងជារឿងធម្មតា”។

ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកលលោកយិន លាងគង់បានសាទរនឹងគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ក្នុងការរុញរោងចក្រ សហគ្រាសចេញពីទីក្រុង ដែលធ្វើឲ្យមានផលប្រយោជន៍យ៉ាងច្រើនដូចជា ទី១ កាត់បន្ថយចំនួនមនុស្សរស់នៅទីក្រុង ដែលមានភាពណែនណាប់តាន់តាប់ ទី២ ធ្វើឲ្យទីក្រុងកាន់តែមានភាពស៊ីវិល័យ កាត់បន្ថយបាននូវសំណង់មិនរៀបរយ ទី៣ ធ្វើឲ្យការទាញយកផលប្រយោជន៍៍ពីដីធ្លី និងអចលនទ្រព្យដទៃទៀតកើនឡើង។

លោកបន្តថា “ការរីកចម្រើនសេដ្ឋកិច្ច តែងតែបង្ខំឲ្យមានការផ្លាស់ប្តូរលក្ខខ័ណ្ឌប្រជាសាស្រ្ត និងនគរូបនីយកម្ម ហើយនេះជានិន្នាការធម្មតាសម្រាប់សង្គមជាតិ នៃបណ្តាប្រទេសរីកចម្រើននានានៅលើពិភពលោក”៕

លោកបណ្ឌិតគីម ហ៊ាងៈ អ្នកវិនិយោគអចលនទ្រព្យគួរធ្វើតាមជំហ៊ានបែបណា ដើម្បីស្របតាមវ័យរបស់ខ្លួន?

          ដោយគង់់ ម៉ាលីន

          ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ អាចធ្វើបានសម្រាប់មនុស្សគ្រប់គ្នា អាស្រ័យលើលទ្ឋភាព និងធនធានរបស់ពួកគេ ប៉ុន្តែការវិនិយោគតាមវ័យ និងមានឥស្សរភាពជារឿងមួយទៀត។

តើមនុស្សមានវ័យចន្លោះប៉ុន្មាន គួរវិនិយោគលើអចលនទ្រព្យបែបណា ដើម្បីទទួ​ល​បានសេរីភាពហិរញ្ញវត្ថុ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រ​សិនជាលោក អ្នក មានអាយុចន្លោះពី៣០ ទៅ៤០ឆ្នាំ លោកអ្នកគួរវិនិយោគលើវិស័យដីធ្លី ព្រោះ​ទិញដីមានផលចំណេញខ្ពស់ ហើយវ័យនេះជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។

លោកបន្តថា ប៉ុន្តែប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូល​និវត្តន៍ អ្នកមិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញ​ផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ ហើយធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់លោក អ្នកមានស្ថេរភាពនៅពេលវ័យកាន់តែចាស់៕

ដានជើងអ្នកចាស់ មូលដ្ឋានបទពិសោធន៍សម្រាប់ហេតុអ្វីភ្នាក់ងារអចលនទ្រព្យថ្មី

          ដោយៈលក្ខិណា

ភ្នំពេញៈ ភ្នាក់ងារអចលនទ្រព្យទាំងអស់ មិនមែនសុទ្ធតែជោគជ័យទាំងអស់នោះទេ មានខ្លះក៏ជោគជ័យខ្លះក៏បរាជ័យ ហេតុទើបមានការផ្ដល់ជាទស្សនៈនិងគំនិតមួយថា ជាភ្នាក់ងារអចលនទ្រព្យថ្មី ត្រូវមើលនិងតាមដានសកម្មភាព ហើយត្រូវទៅកៀកឱ្យជិតនឹងភ្នាក់ងារអចលនទ្រព្យរៀបច្បង។

ឧកញ៉ាម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចងក្រងជាសៀវភៅមួយក្បាល ដែលនិយាយពីគន្លឹះសំខាន់ៗ សម្រាប់ភ្នាក់ងារអច​លនទ្រព្យ បានបង្ហាញពីគន្លឹះនៃការស្វែងរកភ្នាក់ងារអចលនទ្រព្យរៀមច្បង ដែលអាចជួយតម្រង់ទិស ភ្នាក់ងារអចលនទ្រព្យថ្មីបានឆាប់រហ័ស។

តើហេតុអ្វីទើបមានភាពចាំបាច់ ស្វែងរកភ្នាក់ងារអចលនទ្រព្យរៀមច្បងក្នុងការជួយតម្រង់ទិស ?

១.ជួយភ្នាក់ងារអចលនទ្រព្យថ្មី កាត់បន្ថយការរៀន

ជាភ្នាក់ងារអចលនទ្រព្យត្រូវរៀនជាប្រចាំ ហើយអ្នកតម្រង់ទិសយើងគាត់នឹងបើកចំហ ក្នុងការចែករំលែកយុទ្ធសាស្ត្ររៀនដល់យើង។ យើងត្រូវស្វែងរកអ្នកតម្រង់ទិសណាដែលគាត់មានបទពិសោធន៍និងវិជ្ជាជីវៈ ព្រមជាមួយវិធីសាស្ត្របង្រៀនល្អៗ ដែលអាចជួយយើងឱ្យរីកចម្រើន។

២. ជួយបង្រៀនយើងទាំងការអនុវត្តនិងបង្កើនសមត្ថភាពជំនាញ

អ្នកតម្រង់ទិសរបស់យើងគឺជាបុគ្គល ដែលជួយបង្រៀនឱ្យយើងទទួលបានជោគ​ជ័យ ក្នុងវិស័យអចលនទ្រព្យ។ គាត់ត្រូវមានបទពិសោធន៍ ដូចជា ការធ្វើបទបង្ហាញអចល​នទ្រព្យ ការយកអចលនទ្រព្យមកលក់ ហើយពួកគាត់ក៏ត្រូវមានជំនាញពិសេសផ្សេងៗ ដូចជាការដោះស្រាយបញ្ហាលក់ និងការចរចា សម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ ជាដើម។

៣. ជួយយើងឱ្យជៀសផុតពីអន្ទាក់

យើងត្រូវរកអ្នកតម្រង់ទិញណា ដែលអាចជួយឱ្យយើងប្រសើរឡើងវិញ ពីរបួសស្នាម ដែលយើងបានទទួលរងគ្រោះពីមុនមក នៅក្នុងវិស័យអចលនទ្រព្យនេះ ដូចជាពេលខ្លះ យើងក្លាយទៅជាអ្នកប្រមូលព័ត៌មានឱ្យភ្នាក់ងារផ្សេងទៀត ដោយមិនដឹងខ្លួនជាដើម។ គាត់អាចជួយយើងឱ្យជៀសផុតពីកំហុសទាំងឡាយ ដែលអាចកើតឡើងក្នុងអំឡុងពេលប្រកបអាជីពនេះ។

អ្វីដែលសំខាន់មួយទៀត គឺត្រូវរកអនកតម្រង់ទិសនៅក្នុងតំបន់ ដែលយើងកំពុងប្រកបអាជីព ហើយប្រសិនបើយើងចូលរួមក្នុងក្រុមណាមួយ ត្រូវរកអ្នកតម្រង់ទិសនៅក្នុងក្រុមនោះតែម្ដង។

នៅក្នុងពេលបច្ចុប្បន្ននេះ មានអ្នកជោគជ័យក្នុងវិស័យអចលនទ្រព្យជាច្រើន បានកើតចេញពីការដើរតាមអ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យដូចគ្នា ហើយក៏ទទួលបានជោគជ័យចង់លើសអ្នកមុនផង ដែលអាចនិយាយបានរលកក្រោយច្រានរលកមុខ៕

អ្នកវិនិយោគ៤ជាតិសាសន៍កំពុងប្រជែងយកឧត្តមភាពនៅតំបន់ទឹកថ្លា

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ ក្រុមហ៊ុនពហុជាតិសាសន៍ បាននិងកំពុងពន្លឿនការសាងសង់គំរោងរបស់ខ្លួននៅតំបន់ទឹកថ្លា ស្ថិតលើមហាវិថីសហព័ន្ឋរុស្ស៊ី ដោយប្រែក្លាយតំបន់ដែលធ្លាប់ជារោងចក្រ សហគ្រាសទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។

ក្រុមហ៊ុនពហុជាតិសាសន៍ទាំងនោះ រួមមាន ក្រុមហ៊ុនចិន ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនជប៉ុន។

ក្រុមហ៊ុនBOOYOUNG TOWN

          ក្រុមហ៊ុនBOOYOUNG Town ដែលជាក្រុមហ៊ុនលំដាប់យក្សរបស់កូរ៉េ បាននិងកំពុងត្រៀមបញ្ចប់ ការសាងសង់គំរោងរបស់ខ្លួនដំណាក់កាលទី១ ដោយបោះទុន៦៨លានដុល្លារអាមេរិក លើអាគារខុនដូ ផ្សារទំនើប មជ្ឈមណ្ឌលវប្បធ៌ម និងសិល្បៈកូរ៉េ និងសេវាកម្មជាច្រើនទៀត។

ដោយមានមូលដ្ឋានទុនរ៉ឹងមាំ ក្រុមហ៊ុននេះបានសាងសង់រហូតដល់ជិតចប់គម្រោងរួចហើយ ប៉ុន្តែនៅតែមិនទាន់ប្រកាសលក់ យូនីតខុនដូរបស់ខ្លួននៅឡើយទេ ខណៈក្រុមហ៊ុនដទៃបានប្រកាសលក់ តាំងពីគម្រោងរបស់ខ្លួនមិនទាន់បានសាងសង់នៅឡើយ។ ខុនដូនេះមានកំពស់២៤ជាន់ ដោយមានអាគារសរុបចំនួន៤ និងមានផ្ទះប្រមា​ណ​១០០០យូនីត។

ក្រុមហ៊ុនBOOYOUNG TOWNក៏បាននិងកំពុងលក់បុរីរបស់ខ្លួន នៅក្បែរផ្សារទំនើ​បAEON MALL2ផងដែរនាពេលបច្ចុប្ប​ន្ននេះ។

ក្រុមហ៊ុនPrince Real Estate Group

          ក្រុមហ៊ុនលំដាប់យក្សរបស់ចិននេះ បាននិងកំ ពុងត្រៀមបញ្ចប់គំរោងរបស់ខ្លួន ដែលមានឈ្មោះPrince International Plazaផងដែរ ដែលគំរោងនេះមានកំពស់១៧ជាន់ រួមទាំងជាន់ក្រោមដី។ គម្រោងនេះ កំពុងតែបង្កើនភាពលេចធ្លោនៅសង្កាត់ទឹកថ្លាផងដែរ ដោយបច្ចុប្បន្នការសាងសង់បានបញ្ចប់ហើយ នៅសល់តែការរចនាក្នុងអាគារប៉ុណ្ណោះ។

គម្រោងនេះមានបណ្តុំដោយក្លឹបហាត់ប្រាណ ស្ទីមសូណា ភោជនីយដ្ឋាន និងផ្សារពាក់កណ្តាលទំនើបផងដែរ។

ក្រុមហ៊ុនARAKAWA ជប៉ុន

          ARAKAWA ក៏ជាក្រុមហ៊ុនជប៉ុនដ៏ធំមួយផងដែរ ដែលក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលបានទិញយកអាគារបូឌីញ “ស” ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។

បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងសាងសង់គម្រោងខុនដូ តម្លៃសមរម្យដំណាក់កាលទី២ ដែលមានរាប់រយយូនីត និងលក់ជូនមន្រ្តីរាជការ និងអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម។ ខុនដូនេះមានតម្លៃជាង២០,០០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយយូនីត ។

ក្រុមហ៊ុននេះ បានបោះទុនវិនិយោគប្រមាណ៧០លានដុល្លារអាមេរិកលើគំរោងនេះ។

គំរោងរំដួលស៊ីធី

គម្រោងខុនដូរំដួលស៊ីធី ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Supreme Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ ដ៏ល្បីល្បាញមួយមកពីប្រទេសចិន នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី កំពុងបង្ហាញពីភាពទាក់ទាញយ៉ាងខ្លាំង ក្នុងនាមជាអគារស្នាក់នៅសហកម្មសិទ្ធិ ស្រោបដោយកញ្ចក់ទាន់សម័យ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបសហគមន៍ ទំនើបរំដួលស៊ីធី មានចំនួន៤អគារ កម្ពស់សរុប២១ជាន់ និងមានចំនួនសរុប១១២៩យូនីត ហ៊ុមព័ទ្ធទៅដោយតំបន់សេវាកម្មសំខាន់ៗដ៏ច្រើនដូចជា មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារម៉ាក្រូ ផ្សារទំនើបអ៉ីអនសែនសុខ និងសាលារៀនជាអន្តរជាតិល្បីៗជាង២០ ព្រមទាំងស្ថាប័នអប់រំរបស់រដ្ឋ មន្ទីរពេទ្យ និងសហគ្រាសផ្សេងៗទៀត៕

រំលឹកឡើងវិញៈឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាអំពាវនាវដល់ស្ថាបត្យករ និងវិស្វករក្នុងប្រទេសចូលរួមអភិវឌ្ឍជាតិ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចាត់ទុកសមត្ថភាពរបស់ស្ថាបត្យករ និងវិស្វករក្នុងប្រទេស ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការអនុវត្តស្របតាមច្បាប់សំណង់ គឺជាសក្តានុពលដ៏ធំធេងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងពិធី បើកវគ្គផ្សព្វផ្សាយស្តីពីច្បាប់សំណង់លើកទី៤ ជូនក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងរូបវន្ដបុគ្គ​លសិក្សាគម្រោងប្លង់កន្លងមកថា រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំឱ្យមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីជំរុញឱ្យក្រុមហ៊ុនសាងសង់ ឬវិស្វករ ស្ថាបត្យករក្នុងស្រុកមានការងារធ្វើទាំងអស់គ្នា។

លោកបន្តថា “រាល់ការដ្ឋាននីមួយៗត្រូវមានវិស្វករ ឬស្ថាបត្យករប្រចាំការដ្ឋានយ៉ា​ងតិច២នាក់ ដោយយើងបានគាំទ្រ ដល់ក្រុមហ៊ុនសាងសង់មកពីបរទេសទាំងអស់ឱ្យបានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអនុវត្តន៍ច្បាប់ស្តីពីសំណង់ និងច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជា​ក់ថា ការផ្សព្វផ្សាយនេះ ដើម្បីប្រមូលបាននូវធនធានមនុស្ស ដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់អំពី ច្បាប់សំណង់ដែលចាត់ទុកថា ជាសមិទ្ធផលរួមរបស់ជាតិ និងប្រជាជនបានខិតខំកសាងធនធានមនុស្សនេះ រយៈពេល៤១ឆ្នាំកន្លងមក។ រាល់ចំណេះដឹង និងវិជ្ជាជីវៈពិតប្រាកដដ៏កម្រនេះ ចាត់ទុកថាយើងអាចមានសមត្ថភាពក្នុងការទ្រទ្រង់ រ៉ាប់រងវិសាលភាពការងារ ហើយក៏មិនចាញ់ស្ថាបត្យករឬវិស្វករមកពីបរទេសនោះដែរ។

ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់ ត្រូវចូលរួមគាំទ្រនូវច្បាប់ស្តីពីសំណង់ឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ច្បាប់។ ការចូលរួមទទួលការបណ្តុះបណ្តាល គឺដើម្បីបានយល់ដឹងអំពីច្បាប់ស្តីពីសំណង់នេះ  និងទទួលបានវិញ្ញាបនបត្រ បញ្ជាក់ពីការចូលរួមវគ្គផ្សព្វផ្សាយ ដែលជាសារជាសារវន្តនៃច្បាប់សំណង់ បានកំណត់អំពីកាតព្វកិច្ចរបស់ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់និងរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ទាំងអស់។

ក្រោយពេលក្រសួងបានរៀបចំផ្សព្វផ្សាយនូវច្បាប់សំណង់ ដែលមានលក្ខណៈគ្រប់គ្រាន់ ទូលំទូលាយរួចរាល់ មន្ត្រីជំនាញរបស់ក្រសួងនឹងធ្វើការចុះត្រួតពិនិត្យធ្វើអធិកា​រកិច្ចសំណង់នៅតាមបណ្តាការដ្ឋាន ហើយប្រសិនបើពិនិត្យឃើញថាសំណង់ណាដែលសាងសង់ខុសពីលិខិតបទដ្ឋានគតិយុត្តិនោះ នឹងមានការចាត់វិធានការតាមផ្លូវច្បាប់៕

អ្នកជំនាញអចលនទ្រព្យៈអ្នកដែលមានអចលនទ្រព្យនៅតំបន់ផ្លូវជាតិ៥១ នឹងត្រូវប៉ាន់ ក្រោយចប់កូវីដ១៩

          ដោយៈបញ្ញា

ភ្នំពេញៈ ក្រោយពីស្ថានការណ៍នៃការបិទខ្ទប់ត្រូវបានបន្ធូរ និងបញ្ចប់ វិស័យអច​ល​នទ្រព្យកម្ពុជានឹងងើបឡើងវិញភ្លាមៗ និងខ្ពស់ហួសពីការរំពឹងទុក ជាពិសេសតាមបណ្តាតំបន់ក្បែរនឹង វត្តភ្នំ (វត្តភ្នំតូច) ជិតផ្លូវជាតិលេខ៥១ ជាផ្លូវក្រវ៉ាត់ក្រុងសំខាន់ទី៤។

តំបន់នេះជាប៉ូលសេដ្ឋកិច្ចខ្លាំងសំខាន់ ត្បិតបណ្ដុំដោយឧស្សាហកម្ម រោងចក្រ សហគ្រាសធំៗ នេះជាការលើកឡើងដោយអ្នកជំនាញអចលនទ្រព្យក្នុងស្រុក។

តំបន់ខាងលើនេះ​ ស្ថិតនៅខាងលិចជាប់រាជធានីភ្នំពេញ ជា​តំបន់​ខ្ពង់រាប​មិន​លិច​ទឹក សម្រូលដល់ការអភិវឌ្ឍ និងមានរួចជាស្រេច នូវផ្លូវសរសៃឈាមសេដ្ឋកិច្ចសំខាន់ តភ្ជាប់គ្នារវាងផ្លូវជាតិលេខ៣ លេខ៤ និងលេខ៥ ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកជញ្ជូនទំនិញទៅមក ពីកំពង់ផែអន្តរជាតិព្រះសីហនុ និងចំណេញពេលវេលាច្រើន។

ទីតាំងតំបន់ដ៏មានសក្ដានុពល និងជាតំបន់កំពុងអភិវឌ្ឍនេះ បានជះឥទិ្ធពលខ្លាំងទៅលើ តម្លៃអចលនទ្រព្យអោយនៅតែមានលំនឹង និងបន្តកំណើនឡើងជាបន្តបន្ទាប់ បើទោះណាសេដ្ឋកិច្ចបាន និងកំពុងត្រូវបានជាប់គាំង ដោយវិបត្តិជំងឺរាតត្បាតជាសកល ជំងឺកូវីដ-១៩ក្តី។

អ្នកជំនាញរូបនេះបានបន្តថា តាមយុទ្ធសាស្ត្រ និងផែនការពង្រីករាជធានីនៃរដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក  បាននិងបន្តជះឥទ្ធិពលវិជ្ជមាន និងខ្លាំងដល់បណ្តាតំបន់ជាយៗ ឱ្យមានការអភិវឌ្ឍជាបណ្តើរៗ ដែលក្នុងនោះ បណ្តាតំបន់ជាប់នឹង វត្តភ្នំ (វត្តភ្នំតូច) នឹងក្លាយជាអាទិភាពចំបង អំណោយផលខ្លាំង ត្បិតបាននិងកំពុងទាក់ទាញបាននូវ វិនិយោគិនជាតិ និងអន្តរជាតិ មកវិនិយោគលើវិស័យរោងចក្រ សហគ្រាស ឃ្លាំងស្ដុកទំនិញ អគារពាណិជ្ជកម្ម និងលំនៅដ្ឋានជាដើម។

ម្យ៉ាងវិញទៀត ភាពអ៊ូអរនៃទីប្រជុំជន តាមរយះលំហូរប្រជាជនមករស់នៅក្នុងមូលដ្ឋានជិតៗ សម្រួលដល់កំណើនមុខរបរតូចៗផ្សេងៗ ញាំងឲ្យតំបន់ជាយក្រវ៉ាត់ក្រុងផ្លូវលេខ៥១មួយនេះ កាន់តែមានពន្លឿនភាព នៃការអភិវឌ្ឍបន្ថែមមួយកំរិតទៀត។ គោលនយោបាយអភិវឌ្ឍន៏ ជាទល្ហីករណ៏មួយពន្លឿនសេដ្ឋកិច្ច នៅតាមតំបន់នានាជិតៗឲ្យកាន់តែមានកំណើនវិវឌ្ឍន៏ឥតឈប់ឈរផងដែរ ដោយគោលនយោបាយនោះ មានជាការរផ្លាស់ប្ដូរទីតាំង រោងចក្រ សហគ្រាស ឃ្លាំងស្ដុកទំនិញ និងយានដ្ឋានជួសជុលរថយន្តធំៗ ពីតំបន់រាជធានី​ទៅកាន់តំបន់នេះឆាប់ៗខាងមុខ។ 

ការណ៍នេះ រួមផ្សំនឹងកត្តាបិទខ្ទប់ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ អាចធ្វើយើងមើលឃើញថា វាក៏ជាឱកាសដ៏វិសេសវិសាល សម្រាប់អ្នកដែលចង់ទិញ អចលនទ្រព្យ ដើម្បីទុកលក់ចំនេញក្រោយវិបត្តិត្រូវបានបញ្ចប់។

តាមទស្សនៈរបស់លោក ការស្វែងរក និងធ្វើជាម្ចាស់អចលនទ្រព្យថ្មីអំឡុងវិបត្តិកូវីដ-១៩ ជាឱកាស​សម្រាប់បងប្អូន ដែលមានជីវភាពកម្រិតមធ្យម និងក្រោមមធ្យមអាចទទួលបានផលជំនិញ ឬអាចទទួលបាននូវផ្ទះសមប្រកបសម្រាប់រស់នៅ និងបើកអាជីវកម្មប្រចាំថ្ងៃទៀតផង៕

អ្នកជំនាញប្រាប់ពីអចលនទ្រព្យដែលគួរវិនិយោគស្ថានភាពបច្ចុប្បន្ន

ដោយៈ សហការី

ភ្នំពេញៈ នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនបានទាញយកការវិនិយោគនៅក្នុវិស័យអចលនទ្រព្យ ភ្ជាប់ទៅនឹងព្រឹត្តិការណ៍អវិជ្ជមានសង្គម ជាពិសេ​ស ពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចប្រទេសចិន ដែលជាទីផ្សារអចលនទ្រព្យមួយចំណែកធំនៅកម្ពុជា។

មិនថាទោះជាស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ រួមជាមួយនឹងតម្រូវការនៃវិស័យលំនៅដ្ឋានកំពុងតែមានតម្រូវខ្ពស់ បណ្តាអ្នកជំនាញបានអះអាងបញ្ជាក់ថា មិនថាឆ្នាំនេះឬបន្តទៅឆ្នាំខាងមុខនោះទេ ការវិនិយោគនៅក្នុងវិស័យអចនទ្រព្យ នៅតែមានសកម្មភាព សំខាន់គឺអាស្រ័​យទៅលើភាពចាំបាច់ និងធនធានតែប៉ុណ្ណោះ។

អគ្គនាយកក្រុមហ៊ុន Cam Top Property Group លោកខាត់ សុវណ្ណ បានមានប្រសាសន៍ថា ការសម្រេចចិត្តវិនិយោគ ឬមិនគួរមិនគួរគឺអាស្រ័យទៅលើភាពចាំបាច់ នៃតម្រូវការជាក់ស្ដែងតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលមានធនធានច្បាស់លាស់គឺពួកគេនៅតែបន្តសកម្មភាពដដែល។

លោកបានបញ្ជាក់ថា “ភាគច្រើនពេលនេះគេតែងនិយាយថា ទីផ្សារដីធ្លីមិនសូវល្អដែលបណ្តាលមកពីកត្តាសេដ្ឋកិច្ចសង្គម ដែលកំពុងកើតមាន ហើយគាប់ជូនអ្នកខ្លះគាត់មានធុរៈ មានតម្រូវការថវិកា ដូច្នេះ បើទោះជាតម្លៃដីទាបជាងទីផ្សារជាក់ស្ដែង ២០-៣០ភាគរយ ក៏គាត់នៅតែលក់”។ លោកបន្តថា “ការលក់នេះមិនមែនមានន័យថា ទីផ្សារដីធ្លីធ្លាក់នោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌនេះ សម្រាប់អ្នកដែលមានលុយទិញដី ដែលមានតម្លៃទាបជាងទីផ្សារ គឺពួកគេមានឱកាសទទួលបានចំណេញខ្ពស់នៅថ្ងៃខាងមុខ”។

បច្ចុប្បន្ននេះសម្រាប់ដីដែលស្ថិតនៅតំបន់ជាយក្រុង ក៏ដូចជាការអភិវឌ្ឍលំនៅដ្ឋានតម្លៃក្រោម១០ម៉ឺនដុល្លារ គឺនៅតែជាឱកាសល្អសម្រាប់ការវិនិយោគ”។

អគ្គនាយកក្រុមហ៊ុន Daily Realty Group លោក ហៃ រ៉ាវី ក៏បានបង្ហាញពីទស្សនៈស្រដៀងគ្នា ទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “បើស្ថិតនៅក្នុងស្ថានភាពប្រ ឈមដែលធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យ វាមានហេតុការណ៍២កើតឡើង គឺហេតុការណ៍អាក្រក់ និងហេតុការណ៍ល្អ។

លោកបន្តថា “ត្រង់ន័យខ្ញុំចង់បញ្ជាក់ថា ហេតុការណ៍អាក្រក់ គឺកើតមាននៅពេលដែលមានទ្រព្យ ឬដីធ្លី ហើយមានតម្រូវការចាំបាច់ក្នុងការលក់បានតម្លៃទាប ដែលវាធ្វើឱ្យបាត់បង់ផលប្រយោជន៍ ឬខាតបង់ទ្រព្យ”។លោកបន្តថា “ប៉ុន្តែហេតុការណ៍ល្អ គឺសម្រាប់អ្នកមានលុយទិញដីទុកលក់ចំណេញ”។

លោកបន្ថែមថា ដូច្នេះមុនពេលសម្រេចចិត្តលក់ ក៏គួរតែសិក្សា និងពិចារណាពីតម្លៃទីផ្សារជាមុនសិន ឬបើអាចមានដំណោះស្រាយគួរកុំលក់ក្នុងពេលមិនអំណោយផល។

អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជា លោក ង៉ែត ជូ ធ្លាប់បានលើកឡើងថា ការចូលខ្លួនមកធ្វើជំនួញ នៅក្នុងវិស័យអចលនទ្រព្យ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែមុនពេ​លចូលមករកចំណូលនៅលើទីផ្សារមួយនេះ ចាំបាច់ត្រូវតែស្វែងយល់ឱ្យបានលម្អិតពីព័ត៌មា​នផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ។

លោកបានបន្តទៀតថា មុនពេលសម្រេចចិត្តទិញ ឬវិនិយោគទៅលើអចលនទ្រព្យណាមួយ អ្នកគួរតែសិក្សាស្វែងយល់ឱ្យបានលម្អិត និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ចៀសវាងការទិញទាំងភាពប្រថុយប្រថាន ឬជឿតាមពាក្យគេនិយាយដោយគ្មានមូលដ្ឋានច្បាស់លាស់”។ លោកបានបញ្ជាក់ថា “ភាពជោគជ័យទៅលើការវិនិយោគ មិនមែនកើតឡើងដោយសារតែព្រេងសំណាងនោះទេ ប៉ុន្តែវាកើតចេញពីភាពវ័យឆ្លាត ចេះក្ដាប់ឱកាស និងវិនិយោគត្រូវតាមកាលៈទេសៈ៕

កម្ពុជាទាមទារការអភិវឌ្ឍធនធានមនុស្សបន្ថែមដើម្បីឆ្លើយតបនឹងការរីកចម្រើន នៃវិស័យអចលនទ្រព្យ

ដោយៈ ប៊ី

ភ្នំពេញៈ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរឹងមាំ ដោយទទួលបានលំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេស គម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ និងភ្នាក់ងារអចលនទ្រព្យជាច្រើន ដែលទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងកំណើននេះ។

ក្នុងនាមជាអ្នកដើរតួនាទីដ៏សំខាន់មួយនៅក្នុងវិស័យនេះ ក្រុមហ៊ុន CBRE បានឱ្យដឹងកាលពីម្សិលមិញថា ប្រតិបត្តិការរបស់ខ្លួននឹងមានរយៈពេល១២ឆ្នាំនៅកម្ពុជា គិតត្រឹមចុងឆ្នាំ២០២១នេះ ហើយក្រុមហ៊ុនបានចូលរួមការអភិវឌ្ឍធនធានមនុស្ស ដើម្បីផ្តល់សេវាកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា។

បញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមរបស់ក្រុមហ៊ុន ក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ គឺធនធានមនុស្ស ព្រោះថាប្រទេសកម្ពុជាមានភាពក្មេងខ្មី ហើយចំនួន និងបទពិសោធន៍របស់អ្នកជំនាញ ផ្នែកអចលនទ្រព្យនៅមានកម្រិត។

ដើម្បីជួយជំរុញការរៀនសូត្រ និងការអភិវឌ្ឍនៅក្នុងវិស័យនេះ និងជួយលើកកម្ព​ស់សមត្ថភាពធនធានមនុស្ស ក្រុមហ៊ុន CBRE Cambodia បានបង្កើតកម្មពិធីសិក្សាមានឈ្មោះថា CBRE Cambodia Academy ដល់បុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍន៍ដល់វិស័យអចលនទ្រព្យ។

គោលបំណងនៃកម្មវិធី គឺផ្តល់ជូនបុគ្គលិកនូវចំណេះដឹង និងជំនាញជាក់លាក់ទាក់ទងនឹងអចលនទ្រព្យជំនាញទន់ និងជំនាញបច្ចេកទេសដែលចាំបាច់ ដើម្បីបំពេញការងារប្រកបដោយវិជ្ជាជីវៈ។

កម្មវិធីនេះស្ថិតនៅក្រោមសសរស្តម្ភបី រួមមានការអភិវឌ្ឍជំនាញទូទៅ កម្មវិធីស   ម្ព័ន្ធអចលនទ្រព្យ ដែលផ្តោតលើមូលដ្ឋានគ្រឹះក្នុងសេវាកម្មអចលនទ្រព្យ និងការបង្កើតការប្រកួតប្រជែង និងកសាងទំនុកចិត្តលើអ្នកជំនាញនាពេលអនាគត។

ក្រុមហ៊ុន CBRE Cambodia ជឿជាក់យ៉ាងមុតមាំថា កម្មវិធីនេះនឹងសង្កត់ធ្ងន់មិនត្រឹមតែការអភិវឌ្ឍធនធានមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមាគ៌ាអាជីពសម្រាប់យុវជន ដែលសម្រេចចិត្តចាប់យកអាជីពរបស់ខ្លួន នៅក្រុមហ៊ុន CBRE Cambodia និងក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

ក្រុមហ៊ុនបានកត់សម្គាល់ផងដែរថា កម្មវិធីនេះនឹងត្រូវបានគាំទ្រដោយអ្នកជំនាញផ្ទាល់របស់ក្រុមហ៊ុន CBRE ដែលមានបទពិសោធជាច្រើនឆ្នាំ មកពីតំបន់ផ្សេងៗនៃពិភពលោក ដែលជាកន្លែងក្រុមហ៊ុន CBRE ប្រតិបត្តិការ។ លើសពីនេះទៅទៀត អ្នកចូលរួមក្នុងកម្មវិធីនេះ នឹងត្រូវទទួលបានវិញ្ញាបនបត្រ ដោយមានការទទួលស្គាល់ដោយក្រុមហ៊ុន CBRE Cambodia៕

គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរខេត្តកោះកុងត្រូវបានពន្យាពេល

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលហើយ ដោយសារបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩។

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ ឧសភានេះថា គំរោងបើកដំណើរការព្រលានយន្តហោះតារាសាគរ ដែលគ្រោងបើកដំណើរការនៅខែមិថុនាខាងមុខនេះ អាចពន្យាពេលចន្លោះពី២ទៅ៣ខែ ដោយសារជំងឺកូវីដដែលបានឆ្លងចូលសហគមន៍។

លោកបន្តថា “ការពន្យាពេលនេះ ជាប់ពាក់ព័ន្ឋនឹងការធ្វើដំណើរចេញចូល ព្រលាននេះ ទាក់ទងនឹងការនាំសម្ភារៈចេញចូល និងអ្នកបច្ចេកទេសមិនអាចធ្វើដំណើរមកបាន”។លោកបន្តថា “ធម្មតាមុនបើកដំណើរការព្រលានយន្តហោះ តែងតែត្រូវធ្វើតេស្ត ដោយអ្នកជំនាញ តែពេលនេះអ្នកជំនាញពិបាកធ្វើដំណើរ ដោយសារជាប់ចត្តាឡីស័ក ប្រសិនជាពួកគេមកកាន់កម្ពុជា”។

ព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងជាព្រលានលំដាប់អន្តរជាតិ ដែលអ្នកអភិវឌ្ឈន៍គំរោងនេះបានអះអាងថា ព្រលានយន្តហោះនេះ មានសមត្ថភាពអាចទទួលការចុះចតយន្តហោះអន្តរទ្វីបបាន ដែលនាពេលអនាគតក្រុមហ៊ុននេះ នឹងអាចភ្ជាប់ការហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស និងបណ្តាប្រទេសនានានៅតំបន់អឺរ៉ុបដទៃទៀត។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនធ្លាប់បានមានប្រសាសន៍ថា ព្រលានយន្តហោះនេះ នៅពេលបើកដំណើរការនឹងលើកកំពស់សក្តានុពលខេត្តកោះកុងខ្លាំង ពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកស្រីបន្តថា “ខេត្តកោះកុង មានសក្តានុពលទេសចរណ៍ធម្មេះជាតិយ៉ាងខ្លាំង ដែលបច្ចុប្បន្នយើងមិនទាន់ទាញយកផលប្រយោជន៍ ពីសក្តានុពលរបស់ខេត្តនេះបាន​ច្រើននៅឡើយទេ”៕