សហរដ្ឋអាមេរិកប្រកាសពន្ធថ្មីលើប្រទេសចំនួន៦ដើម្បីសងសឹកឬយ៉ាងណា?

ដោយៈសុខុម
អាមេរិកៈ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ទម្លាយឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសពន្ធថ្មីកាលពីថ្ងៃពុធ ទី២ មិថុនា លើប្រទេសចំនួន៦ ដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលទាំងនោះ ដែលយកពន្ធខ្ពស់លើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ល។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី៣ មិថុនា នេះ។

ប្រទេសទាំង៦ ដែលប្រឈមនឹងកាតព្វកិច្ចពន្ធថ្មី២៥% លើទំនិញដែលមានតម្លៃសរុបប្រមាណ២ពាន់លានដុល្លារនេះ រួមមាន ប្រទេសអូទ្រីស ឥណ្ឌា អ៊ីតាលី អេស្ប៉ាញ តួកគី និងអង់គ្លេស។ កាតព្វកិច្ចពន្ធបន្ថែមនេះ នឹងត្រូវបានទប់ស្កាត់មិនឱ្យចូលជាធរមានរហូតដល់ដល់១៨០ថ្ងៃក្រោយ ខណៈសហរដ្ឋអាមេរិក បន្តចរចាលើរបបពន្ធសកល ដែលត្រូវបានស្នើឡើងនេះ តាមរយៈអង្គការសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) និងដំណើរការរបស់ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20។

បណ្ដារដ្ឋាភិបាលបរទេសបានត្អូញត្អែរជាយូរមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក ដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ជាដើមគួរតែបង់ពន្ធឱ្យខ្លួនបន្ថែមទៀត។ កាលពីពេលថ្មីៗនេះ ប្រទេសមួយចំនួនបានអនុម័តពន្ធជាពិសេស ដើម្បីយកពន្ធលើប្រាក់ចំណូល របស់ក្រុមហ៊ុននានាបែបនេះ រួមទាំងក្រុមហ៊ុន ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចជា ក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និងក្រុមហ៊ុន Amazon ជាដើមផងដែរ។

ប្រទេសអង់គ្លេសបានកំណត់យកពន្ធ២% លើប្រាក់ចំណូលរបស់Platform បណ្ដា​​ញទំនាក់ទំនងសង្គម ប្រព័ន្ធសូហ្វវែរ Search Engine និងទីផ្សារអនឡាញ ដោយអះអាងថា ដោយសារតែក្រុមហ៊ុនទាំងនោះ ទទួលបានផលចំណេញពីអ្នកប្រើប្រាស់ នៅប្រទេសអង់គ្លេស។ ដូចនេះប្រទេសអង់គ្លេស ក៏គួរតែទទួលបានចំណែកនៃប្រាក់ចំណេញទាំងនោះដែរ។

ការឆ្លើយតបចំពោះការយកពន្ធ លើសេវាកម្មឌីជីថលនេះឆ្លុះបញ្ចាំងថា សហរដ្ឋអាមេរិក ប្រឆាំងនឹងអ្វីដែលខ្លួនយល់ថា ជាគោលនយោបាយរើសអើង ដែលសំដៅគាបក្រុមហ៊ុនធំៗ និងជោគជ័យនានានៅសហរដ្ឋអាមេរិក។

កាលពីខែមីនា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានស្នើពន្ធថ្មី សរុបប្រមាណ៨៨០លានដុល្លារ លើប្រទេសទាំង៦ខាងលើនេះ ស្របពេលមានការស៊ើបអង្កេតលើពន្ធបរទេស តាមមាត្រា៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។

តួលេខពន្ធចុងក្រោយដែលប៉ះពាល់ដល់ទំនិញ មានតម្លៃជាង២ពាន់លានដុល្លារ នេះ គ្របដណ្តប់លើផលិតផលនាំចូលរួមមានបង្គារ កម្រាលព្រំ គ្រឿងសំអាង សម្លៀកបំពាក់ ឧបករណ៍វីដេអូហ្គេម និងទំនិញផ្សេងៗទៀត៕

វៀតណាមវិនិយោគនៅកម្ពុជាមាន២១៤គម្រោង ជាមួយទំហំទឹកប្រាក់ ៣,៣ពាន់លានដុល្លារ

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ក្នុងនាមជាអ្នកជិតខាង ស្របពេលសេដ្ឋកិច្ចទីផ្សារកម្ពុជាកំពុងរីកចម្រើនបានធ្វើឲ្យក្រុមហ៊ុនវៀតណាមជាច្រើនវិនិយោគនៅកម្ពុជា ដោយគិតត្រឹមដំណាច់ខែឧសភានេះ វៀតណាមវិនិយោគនៅកម្ពុជាចំនួន២១៤គំរោង ជាមួយទឹកប្រាក់ជាង៣០០០លានដុល្លារ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកកុយ គួងបាន​មានប្រសាសន៍ឲ្យដឹង ក្រោយជំនួបរវាងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកវ៉ូហ្គាន់មិញឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី៣ មិថុថានេះបានឱ្យដឹងថា ពីព៌តមានខាងលើនេះ។ ក្រៅពីការវិនិយោគនៅកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក៏មានកំណើនជាបន្តបន្ទាប់ផងដែរ ជាក់ស្ដែងក្នុង្ឆនាំ២០១៨ទំហំពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់៤,៧ពាន់លានដុល្លារអាមេរិក ឆ្នាំ២០១៩ មានទឹកប្រាក៥,៣ពាន់លានដុល្លារអាមេរិកហើយនៅឆ្នាំ២០២០ មានទឹកប្រាក់៥,៣៣ពានលានដុល្លារអាមេរិក ទោះបីជាអំឡុងឆ្នាំនោះ ប្រទេសទាំងពីរមានវិបត្តិកូវីដ១៩ក្ដី ។

ដោយឡែកនៅឆមាសទី១ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏នៅតែមានកំណើនដដែល។

លោកប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍កោតសរសើរ និងអបអរសាទរដល់ប្រទេស វៀត ណាម ដែលកន្លងមកបានធ្វើជាប្រធានអាស៊ាន ប្រកបដោយជោគជ័យនៅឆ្នាំ២០២០កន្លងមកនេះ។ លោក​បន្តថា វៀតណាមក៏បានដើរ តួនាទីដ៏សំខាន់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ ដែលវៀតណាម ជាសមាជិកមិនអចិន្ត្រៃយ៍ ក៏ដូចជាអបអរសាទរសមាជលើកទី៣ នៃបក្សកុម្មុយនីស្តវៀតណាមកន្លងមកនេះ។

លោកឯកអគ្គរដ្ឋទូតវៀតណាម ក៏បានសម្តែងនៅការសប្បាយរីករាយ និងមានកិត្តិយស ដែលបានមកបម្រើការងារជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាកន្លងមកនេះ ដោយលោកមានសេចក្តីរីករាយ ក្នុងការបំពេញការងារ ក៏ដូចជា បានឃើញផ្ទាល់ភ្នែកក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្នុងរយៈពេលជិត៤ឆ្នាំនៃការងារការទូតនេះ៕

ក្រុមហ៊ុនដ៏ធំរបស់ថៃត្រៀមទុនជាង៣៨៤លានដុល្លាដើម្បីពង្រីកអាជីវកម្ម ខណៈខ្លួននឹងបើកដំណើរនៅកម្ពុជានាពាក់កណ្តាលខែនេះ

ដោយៈ ប៊ី
បាងកកៈ ក្រុមហ៊ុនCP All Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយធំជាងគេ7-Eleven នៅប្រទេសថៃ គ្រោងនឹងចំណាយទុនវិនិយោគទឹកប្រាក់៣៨៤,៦លានដុល្លារ នៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួននៅថៃ។ នេះបើយោងតាមការការចេញផ្សាយរបស់កាសែបាងកកប៉ុស្តិ៍នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ លោក Kriengchai Boonboapichart បាននិយាយថា ការចំណាយសរុបចំនួនពី៤ ទៅ៤,១ពាន់លានបាត សម្រាប់ការវិនិយោគលើគម្រោងថ្មីៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងមជ្ឈមណ្ឌលចែកចាយទឹកប្រាក់ពី៣,៨ ទៅ៤ពាន់លានបាត ត្រូវបានគ្រោងសម្រាប់ការពង្រីកហាង  និងទឹកប្រាក់ពី២,៤ទៅ២,៥ ពាន់លានដុល្លារសម្រាប់ការជួសជុលហាង និងនៅសល់ពី១,៣ ដល់១.៤ពាន់លានដុល្លារគឺសម្រាប់ទ្រព្យសម្បត្តិរបស់ខ្លួន និងប្រព័ន្ធព័ត៌មានវិទ្យា។ (១បាត=ប្រមាណ០.០៣២ដុល្លារ)។

ក្រុមហ៊ុនគ្រោងនឹងបើហាងថ្មី ចំនួន៧០០កន្លែងនៅឆ្នាំនេះ ពោលគឺប្រហាក់ប្រហែ​លនឹងឆ្នាំមុន។ ហាង7-Eleven ចំនួន១៥៥កន្លែង ត្រូវបានបើកដំណើរការនៅក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ។

លោកKriengchai បានទៀតបន្តថា “យើងនឹងបន្តបើកហាងថ្មីជាច្រើនកន្លែ​ង ប៉ុន្តែដោយវិធីសាស្រ្តប្រុងប្រយ័ត្នជាងមុន។ មានភាពមិនប្រាកដប្រជាជាច្រើន ដូច្នេះយើងនឹងជ្រើសរើសទីតាំង ដែលអាចបង្កើតប្រាក់ចំណូល និងមានតម្រូវការពិតប្រាកដពីអតិថិជន”។

ដោយឡែក ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានឱ្យដឹងថា ក្រុមហ៊ុន CP ALL Plc ដែលជាប្រតិបត្តិករហាងទំនិញលក់រាយធំជាងគេ នៅប្រទេសថៃបានឱ្យដឹងថា ខ្លួននឹងបើកដំណើរការផ្សារ 7-Eleven នៅទីក្រុងភ្នំពេញក្នុងពេលឆាប់ៗ។

លោកបន្តទៀតថា ក្រុមហ៊ុន CP ALL Cambodia គ្រោងនឹងបើកសាខាហាងលក់ទំនិញរាយឱ្យបានយ៉ាងតិច៦ ទីតាំងនៅកម្ពុជាក្នុងឆ្នាំ២០២១នេះ ដោយសាខាដំបូងមានទីតាំងនៅស្ថានីយចាក់ប្រេងឥន្ធនៈ PTT ខណ្ឌព្រែកព្នៅ។ ទីតាំងនេះ គ្រោងនឹងបើកនៅពាក់កណ្តាលខែមិថុនានេះ ចំណែកសាខាទី២ ស្ថិតនៅក្នុងបុរីប៉េងហួត សង្កាត់ព្រែកលៀប តាមបណ្តាយផ្លូវជាតិលេខ៦ គ្រោងនឹងបើកក្នុងខែសីហា ឆ្នាំ២០២១៕

ចក្ខុវិស័យៈអ្នកជំនាញមើលឃើញតំបន់អរិយក្សត្រមានសក្តានុពលសំរាប់ទីផ្សារ លំនៅដ្ឋាននាពេលអនាគត

ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យ បានមើលឃើញដោយសុទិដ្ឋិនិយមថា តំបន់អរិយក្សត្រ មានសក្តានុពលសំរាប់វិនិយោគលំនៅដ្ឋាននាពេលអនាគត ខណៈតំបន់នេះ ត្រួវបានគេដឹងថា ម្ចាស់បុរីធំៗជាច្រើនបានទិញដីនៅតំបន់នោះរួចហើយ។

បច្ចុប្បន្នវិនិយោគិនជាតិ និងអន្តរជាតិកំពុងរង់ចាំមើលតែស្ពានឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រសាងសង់ប៉ុណ្ណោះ ដើម្បីចាប់ផ្តើមគំរោងរបស់ពួកគេ ដែលគំរោងស្ពាននេះអាចផ្លាស់ប្តូរពីទីតាំងតំបន់ក្តីតាកុយ នៃផ្លូវជាតិលេខ១ មកកាន់តំបន់ទីក្រុងកោះនរា ទៅកាន់តំបន់អរិយក្សត្រ ដែលមានចម្ងាយជិតជាង និងអាចផ្តល់សោភ័ណភាពលើកកំពស់សម្រស់ទីក្រុងភ្នំពេញផងដែរ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនមិនទាន់មានគំរោងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះនរា ទៅកាន់តំបន់អរិយក្សត្រទេ ប៉ុន្តែលោកបង្ហើបថា “អ្វីៗក៏អាចកើតឡើងបានផងដែរ”។

ស្ថាបនិក និងនាយកប្រតិបត្តិនៃក្រុមហ៊ុនKey Real Estate លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងថា ជាមួយលក្ខខ័ណ្ឌអំណោយផលនៃតម្លៃដីធ្លី នៅតំបន់អរិយក្សត្រ មានតម្លៃទាបជាងរាជធានីភ្នំពេញ ពិសេសនៅតំបន់នេះមានដីទំនេរច្រើន អ្នកអភិវឌ្ឍបុរីធំៗ អាចនឹងពិចារណាទៅសាងសង់គម្រោងលំនៅដ្ឋាននៅទីនោះ។

លោកបន្តថា បើប្រៀបធៀបនឹងតម្លៃដីនៅជួរមាត់ទន្លេរ ទីក្រុងភ្នំពេញដែលមានតម្លៃរហូតដល់៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ តម្លៃដីនៅអរិយក្ស័ត្រស្ថិតនៅចន្លោះពី៥០០ ទៅ ១,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ”។

លោកសន សៀបបានបន្តថា ដោយសារតែភាពអំណោយផលនៃទីតាំងភូមិសាស្រ្ត និងតម្លៃដីនៅទាបជាងរាជធានីភ្នំពេញ អរិយក្ស័ត្រមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគអចលនទ្រព្យ។ បច្ចុប្បន្ន យើងឃើញមានគម្រោងសាងសង់លំនៅដ្ឋានមួយចំនួននៅអរិយក្ស័ត្រដូចជា បុរីចតុមុខសុីធី និងបុរីវីឡាទួលសង្កែ​ និងបុរីស្វាយជ្រុំអរិយក្ស័ត្រ។

បន្ទាប់ពីគម្រោងស្ពាន ដែលតភ្ជាប់ពីខណ្ឌជ្រោយចង្វារទៅស្វាយជ្រុំ អរិយក្សត្រសាងសង់រួចរាល់ អ្នកអភិវឌ្ឍបុរីធំៗទំនងជាមិនមើលរំលងតំបន់មួយនេះទេ។

ជាមួយគ្នានេះ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានយល់ស្របនឹងការលើកឡើងរបស់លោកសន សៀប ដោយលោកបានមានប្រសាសន៍ថា ជាមួយនឹងដំណឹងនៃការសាងសង់ស្ពានជាបន្តបន្ទាប់ ដែលសារព៌តមានបានធ្វើបច្ចុប្បន្នភាពតាមការវិវត្តជាក់ស្តែង បានធ្វើឲ្យតម្លៃដីនៅតំបន់នេះឡើងថ្លៃខ្ពស់រួចទៅហើយ ប៉ុន្តែតម្លៃនៅទាបនៅឡើយ បើធៀបនឹងរាជធានីភ្នំពេញ។

លោកបន្តថា “ការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ទៅកាន់តំបន់នេះ នឹងធ្វើឲ្យអរិយក្សត្រ ក្លាយជាទីក្រុងទំនើបថ្មីមួយនាភាគខាងកើត រាជធានីភ្នំពេញនាពេលអនាគត”។លោកបន្តថា “អ្វីៗរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ខណៈអ្នកវិនិយោគធំៗបានត្រៀមខ្លួនរួចហើយ សំរាប់ចាប់យកសក្តានុពលនៅតំបន់នេះ”៕

ក្រុមហ៊ុនSUNWAHត្រៀមបង្ហាញអាគារពាណិជ្ជកម្មកប់ពពកមួយនៅក្បែរNaga1

ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនម៉ាឡេស៊ីដ៏ធំមួយ SUNWAH Group បាននិងកំពុងត្រៀមសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានបែបសហកម្មសិទ្ឋកំពស់៥២ជាន់ធំមួយនៅក្បែរមជ្ឈមណ្ឌលកំសាន្ត និងកាស៊ីណូNaga1។

យោងតាមប្រភពព៌តមានដែលគួរឲ្យទុកចិត្តបាន ដែលកំពុងចចារលើការដេញថ្លៃសាងសង់ និងការងារបច្ចេកទេសសំរាប់អាគារខ្ពស់ៗនៅកម្ពុជា និងលើពិភពលោកបានបង្ហើបឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនSUNWAH កំពុងសិក្សា និងចចារជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនបច្ចេកទេសត្រួតពិនិត្យអាគារ ដើម្បីចាប់ផ្តើមបុកគ្រឹះសាងសង់អាគារកំពស់៥២ជាន់ ដែលមានកំពស់២១៦ម៉ែត្រ នៅជិតគំរោងThe PeAk និងជិតគំរោងNaga Wolrd1។

លោកបន្តថា “តាមផែនការគំរោងដ៏ធំនេះ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់នៅដើមខែកក្កដាខាងមុខនេះ ប៉ុន្តែប្រសិនជាការសិក្សា និងចចារមិនបញ្ចប់តាមផែនការជាមួយក្រុមហ៊ុនសាងសង់ ការបុកគ្រឹះសាងសង់អាចពន្យាពេលបន្តទៀតឬយ៉ាងណា លោកមិនអាចបញ្ជាក់បាននៅឡើយទេ”។ លោកបន្តថា “ក្រុមហ៊ុននេះដើមឡើយគ្រោងសាងសង់អាគារពាណិជ្ជកម្មបី ឬបួនអាគារ ប៉ុន្តែតាមព៌តមានដែលទទួលបានពេលនេះ គឺក្រុមហ៊ុននឹងសាងសង់តែអាគារកំពស់៥២ជាន់មួយសិនប៉ុណ្ណោះ”។

ក្រុមហ៊ុនSUNWAH ដែលមានមូលដ្ឋានធំនៅក្រៅប្រទេសនេះ បានប្រកាសវិនិយោគគម្រោងនៅតំបន់នេះជាយូរមកហើយ ប៉ុន្តែការសាងសង់ឬចាប់ផ្តើមគំរោងរបស់ខ្លួន​បានលើកពេលជាបន្តបន្ទាប់ ដោយសារបញ្ហាផ្ទៃក្នុងមួយចំនួន។

នៅជុំវិញគម្រោងនេះបច្ចុប្បន្ន សុទ្ឋតែជាបណ្តុំអាគារពាណិជ្ជកម្ម និងលំនៅដ្ឋានសហកម្មសិទ្ឋដូចជាគម្រោង The Bridge, The PeAK, The Mesong កំពស់៦៩ជាន់ដែលកំពុងសាងសង់យឺតៗ និងគំរោងជាច្រើនទៀតដែលបាននិងកំពុងសាងសង់ និងទើបបញ្ចប់កាលពីពេលថ្មីៗនេះ៕

វិនិយោគិនក្នុងស្រុកនៅតែបន្តបោះទុនវិនិយោគអចលនទ្រព្យទោះស្ថានភាព កូវីដមិនទាន់ធូរស្រាល

ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ទោះបីជាមកដល់ពេលនេះស្ថានភាពកូវីដ១៩ នៅក្នុង្រទេសកម្ពុជាមិនទាន់បង្ហាញសញ្ញាធូរស្រាលក្ដី តែវិនិយោគិនក្នុងស្រុកជាច្រើន បានដាក់ទុនវិនិយោគលើអចលនទ្រព្យនិងចាប់ផ្ដើមអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនដែលមានពីមុន និងគម្រោងអភិវឌ្ឍន៍ថ្មី ជាពិសេសនៅតំបន់ដែលមានសក្ដានុពលវិនិយោគ នៅពេលបច្ចុប្បន្ននិងអនាគត។

អ្នកជំនាញអចលនទ្រព្យបានមើលឃើញថា ការវិនិយោគអចលនទ្រព្យបានចាប់ផ្ដើមឡើងវិញ ក្រោយនៅដើមឆ្នាំ២០២១ តែក្រោយមកដោយជួបនឹងស្ថានភាពកូវីដ១៩ឆ្លងរាលដាលក្នុងសហគមន៍ ២០ កុម្ភៈ ២០២១ ធ្វើឱ្យការវិនិយោគត្រូវអាក់ខានបន្តិច និងស្ងប់ស្ងាត់ស្ទើរតែទាំងស្រុង នៅអំឡុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលជិត១ខែ ។ក្រោយពេលរដ្ឋាភិបាលប្រកាសបញ្ចប់ការបិទខ្ទប់ និងបន្ធូរបន្ថយការធ្វើដំណើរឆ្លងខេត្តមួយទៅកាន់ខេត្តមួយ សកម្មភាពវិនិយោគអចលនទ្រព្យ ក៏ចាប់ផ្ដើមមានសកម្ម​ភាពឡើងវិញ តែជាអ្នកវិនិយោគក្នុងស្រុក ដោយទាន់មានការវិនិយោគពីខាងក្រៅនៅឡើយ ។

អ្នកនាងគីម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹថាសកម្មភាព វិនិយោកគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាឆ្នាំ ២០២១នេះ នៅតែជាវិនិយោគិនក្នុងស្រុកដដែល ដោយការវិនិយោគពីខាងក្រៅ នឹងនៅមិនទាន់មានទេ ខណៈស្ថានភាពកូវីដ១៩ នៅលើពិភពលោកនៅតែជាបញ្ហាប្រឈម ដែលមិនអាចឱ្យវិនិយោគិនបរទេស ធ្វើដំណើរស្វែងរកការវិនិយោគក្រៅប្រទេសបាននៅឡើយ។

អ្នកនាងបន្តថា សកម្មភាពវិនិយោគអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២១នេះ បើសិនជាស្ថានភាពកូវីដ១៩ បានល្អប្រសើរឡើងវិញការវិនិយោគពីក្រៅប្រទេស អាចនឹងមានជាបន្តបន្ទាប់ឡើងវិញតែស្ថានភាពកូវីដ១៩ នៅតែបន្តរាលដាលទាំងក្នុងប្រទេស និងនៅលើពិភពលោក ការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែពឹងលើវិនិយោគិ​នក្នុងស្រុកបន្តទៀត ។

យ៉ាងណាអចលនទ្រព្យអចលនទ្រព្យផ្សេងទៀត ហាក់មានសុទិដ្ឋិនិយមចំពោះវិនិយោគិនចិនថា នឹងត្រលប់មកកម្ពុជា ដើម្បីស្វែងរកការវិនិយោគឡើងវិញ ជាពិសេសនៅក្នុងខេត្តដែលមានសក្ដានុពលនិងខេត្ត ដែលចាត់ទុកថាជាបណ្ដុំសហគមន៍ វិនិយោគិនចិន រួមមានខេត្តព្រះសីហនុ ខេត្តកោះកុងនិងរាជធានីភ្នំពេញ។

លោកច្រឹកសុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលើកឡើងក្នុងវេទិកាសន្និសីទមួយកាលពីពេលថ្មីៗនេះថា យើងរំពឹងថាវិនិយោគិនចិននិងត្រលប់មកកម្ពុជា ដើម្បីបណ្ដាក់ទុនវិនិយោគិន ក្នុងវិស័យអចលនទ្រព្យនិងវិស័យផ្សេងទៀត ដែលមានសក្ដានុពលខ្ពស់នៅពេលឆាប់ៗខាងមុខនេះ ខណៈកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋកាន់តែច្រើន ហើយវានឹងបញ្ចប់ការឆ្លងមេរោគកូវីដ១៩នេះ នៅពេលឆាប់ៗផងដែរ៕

អ្នកឧកញ៉ាលី ហួរ​ប្រកាស​អភិវឌ្ឍន៍​គំរោង​លំនៅដ្ឋាន​ធំ​មួយ​នៅ​លើ​បណ្តោយ​ផ្លូវ​ឧបនាយករដ្ឋ​មន្រ្តី​ជា សុផារ៉ា

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកឧកញ៉ាលី ហួរប្រធានអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុប បាន​ប្រកាស​អភិវឌ្ឍន៍​គំរោង​បុរីវិមានភ្នំពេញថ្មី​មួយស្ថិតនៅលើផ្លូវ៥៩៨ ឬផ្លូវឯកឧត្តមជា សុផារ៉ា។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ មិថុនានេះថា ការ  សម្រេចចិត្តវិនិយោគបុរីវិមានភ្នំពេញគំរោងថ្មី ក្នុងស្ថានភាពបែបនេះ ដោយសារ​​​​​​​ទីតាំងនេះស្ថិតនៅកណ្តាលក្រុង និងជាតំបន់ពាណិជ្ជកម្មថ្មីមួយ ដែលមានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកឧកញ៉ាបានបន្តថា ដីនៅលើទីតាំងគំរោងថ្មីនេះ បច្ចុប្បន្នបើកាត់ផ្លួវរួច តម្លៃនេះនៅទីនេះមានតម្លៃរហូតដល់១៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

អ្នកឧកញ៉ាបានបន្តថា “ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ ដែលការលក់ចេញរបស់គំរោងនិមួយៗ អាស្រ័យលើកេរ្ត៍ឈ្មោះអ្នកអភិវឌ្ឍន៍៍ ទីតាំងគំរោង និងតម្លៃលំនៅដ្ឋាននិមួយៗផងដែរ”។ អ្នកឧកញ៉ាបានបន្តថា “ទីផ្សារនលំនៅដ្ឋាននឹងងើបល្អប្រ​សើរឡើងវិញខ្លាំង នៅពេលជំងឺកូវីដបញ្ចប់នាពេលខាងមុខនេះ”។

អ្នកឧកញ៉ាលី ហួរដែលជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាផងដែរនោះបានមានប្រសាសន៍ឲ្យដឹងផងដែរថា លំនៅដ្ឋានក្នុងគំរោងនេះ មានតម្លៃ៤៥ម៉ឺនដុល្លា​​រឡើង សំរាប់ផ្ទះបែប Shop House មានទីតាំងលើផ្លូវ៥៩៨ ផ្ទះបែប Link House មានតម្លៃចន្លោះ២០ទៅ២៥ម៉ឺនដុល្លារ និងផ្ទះវីឡាប្រណីតមានតម្លៃ រហូតដល់ជាង១លានដុល្លារអាមេរិកផងដែរ។

អ្នកឧកញ៉ាបានបន្តថា គំរោងនេះនឹងបញ្ចប់រយៈពេល៣ទៅ៤ឆ្នាំ ដោយការបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅថ្ងៃទី៣០ មិថុនាខាងមុខនេះ។

ជាមួយគ្នានេះ លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារលំនៅដ្ឋានប្រណីតៗ បានចាប់ផ្តើមងើបឡើង​វិញជាបណ្តើរៗហើយ ក្រោយពេលការបិទខ្ទប់រាជធានីបានបញ្ចប់។

លោកស្រីបន្តថា “អ្នករកទិញលំនៅដ្ឋានបច្ចុប្បន្នភាពច្រើន ជាអ្នកមានជីវភាពធូរធារដែលពួកគាត់បានស្វែងរកវីឡាប្រណីតៗ និងផ្ទះបែបអាជីវកម្មកាន់តែច្រើន”៕

កម្ពុជា-វៀតណាមជំរុញសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរ

ដោយៈ ម៉ាណេត
ភ្នំពេញៈ ប្រធានរដ្ឋសភាកម្ពុជា និងវៀតណាមសន្យាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទាំងពីរ ក្រោយវិបត្តិកូវីដ-១៩។

ការសន្យាបង្កើនកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចសន្ទនារវាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកវឿង ឌីញ ហ្វេប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនេះហើយ បានធ្វើឱ្យមានកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យប្រព្រឹត្តទៅបានលទ្ធផលគួរជាទីពេញចិត្ត ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី។

សម្តេចមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលនានាជាច្រើន ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេស បានរក្សានិងអនុវត្តនូវស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភាឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។

សម្តេចបានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម នឹងធ្វើឱ្យទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ជាពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ កាន់តែមានលក្ខណៈជិតស្និទ្ធ និងស្អិតរមួតថែមទៀត។

លោកវឿង ឌីញ ហ្វេ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ពិតជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាល និងបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគាំទ្រពីបក្សនិងរដ្ឋវៀតណាម នឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពនៃប្រទេសទាំងពីរនេះឱ្យកាន់តែរឹងមាំ និងប្រសើរឡើងថែមទៀត សំដៅស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ-១៩ បានបញ្ចប់ទៅ។

ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរសន្យារួមគ្នាបន្តជំរុញឱ្យសម្រេចបាននៅគ្រប់ចំណុចអាទិភាពនៅក្នុងកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ក្នុងនោះមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកនៅគ្រប់កម្រិត ពិសេសជំរុញសកម្មភាព ក្រុមមិត្តភាពសមាជិកសភាវ័យក្មេងនិងសមាជិកសភាជាស្រ្តីឱ្យមានសកម្មភាពឡើងវិញ។ ភាគីទាំងពីរសន្យាបន្តគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភា ទាំងក្នុងក្របខណ្ឌតំបន់និងសកលលោក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកវឿង ឌីញ ហ្វេ បានតម្លៃខ្ពស់ និងអបអរសាទរចំពោះលទ្ធផលនៃការបោះបង្គោលព្រំដែនប្រទេសទាំងពីរដោយសម្រេចបាន៨៤% ហើយសង្ឃឹមថា រដ្ឋាភិបាលទាំងពីរនឹងបញ្ចប់ការងារដែលនៅសេសសល់ប្រមាណ១៦% ទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ ដើម្បីភាពសុខសាន្ត និងវឌ្ឍនភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ធនាគារធំមួយរបស់ជប៉ុនត្រៀមបញ្ចេញទុនជាង៩០ពាន់លានដុល្លារដើម្បីជំរុញវិស័ហិរញ្ញវត្ថុឱ្យមាននិរន្តរភាព

ដោយៈ គៀតឈូ
ក្រុងតូក្យូៈ រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ធនាគារResona Holdings របស់ជប៉ុននឹងដាក់ចេញទុនចំនួន១០ទ្រីលានយ៉េន (ប្រមាណ៩២ពាន់លានដុល្លារ) ដើម្បីជំរុញវិស័ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពនៅឆ្នាំ២០៣០ ខណៈខ្លូនកំពុងស្វែងរកប្រភពចំណូលផ្សេងៗនៅក្នុងប្រទេសមួយ ដែលកំពុងប្រឈមនឹងបញ្ហាអត្រាការប្រាក់ទាប និងការធ្លាក់ចុះនៃចំនួនប្រជាជន។

យោងតាមធនាគារដែលមានទំនាក់ទំនងជាមួយអតិថិជនសាជីវកម្មតូចៗប្រមាណ៥០០.០០០ក្រុមហ៊ុន នៅទូទាំងប្រទេសនេះ បានឱ្យដឹងថា ធនាគារResona នឹងពង្រីកប្រាក់កម្ចីដល់ក្រុមហ៊ុនខ្នាតតូចនិងមធ្យម ដែលដោះស្រាយបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

ប្រធានធនាគារ Resona លោក Masahiro Minami បានប្រាប់សារព័ត៌មាន Reuters ថា នៅពេល ESG ក្លាយជាបញ្ហាកាន់តែសំខាន់ខ្ថាំង ច្បាប់លើអាជីវកម្ម និងអាកប្បកិរិយារបស់អតិថិជននឹងត្រូវសម្របទៅតាមនោះ។

លោក Minami បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីសប្តាហ៍មុនថា “វាត្រូវតែមានឱកាស សម្រាប់យើង នៅពេលដែលមានការផ្លាស់ប្តូរបែបនេះកើតឡើង”។

ទោះបីធនាគារធំៗ ពឹងផ្អែកភាគច្រើនលើប្រាក់ចំណេញពីអាជីវកម្មក្រៅប្រទេសទេ ប៉ុន្តែធនាគារResona នៅតែគោរពតាម “ស្តង់ដារក្នុងស្រុក” ដែលហាមធនាគារខ្លួនមិនឱ្យបើកសាខានៅក្រៅប្រទេស។ ដូច្នេះធនាគារផ្តោតតែលើទីផ្សារក្នុងស្រុកសម្រាប់ការកំណើននៃប្រាក់ចំណេញ។

ប៉ុន្តែលោក Minami បានទទួលស្គាល់ពីទីផ្សារបរទេស ជាពិសេសទីផ្សារអាស៊ី ដែលកំពុងរីកចម្រើនមើលទៅគួរឱ្យទាក់ទាញបំផុត ទាក់ទងនឹងចំនួនប្រជាសាស្ត្រ និងកំណើនសេដ្ឋកិច្ច។

ធនាគារផ្តល់ប្រាក់កម្ចីធំជាងគេរបស់ជប៉ុន Mitsubishi UFJ Financial Group Inc បានធ្វើការវិនិយោគនៅក្នុងធនាគារជាច្រើននៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈធនាគារលេខ២ Sumitomo Mitsui Financial Group Inc បានឱ្យដឹងថា ខ្លួននឹងវិនិយោគនៅក្នុងស្ថាប័នផ្តល់កម្ចីធំបំផុតរបស់ប្រទេសវៀតណាម FE Credit។

លោក Minami បាននិយាយថា “យើងកំពុងធ្វើឱ្យមានផាពខុសប្លែកពីធនាគារធំៗ ប៉ុន្តែវាក៏ពិបាកផងដែរសម្រាប់យើង (ក្នុងការយកឈ្នះក្នុងទីផ្សារ) ប្រសិនបើយើងយកយុទ្ធសាស្រ្តដូចទៅនិងធនាគារធនាគារធំៗ”៕

អ្នកជំនាញៈ វិស័យដីធ្លីនៅតែផ្តល់ឱកាសចំណេញខ្ពស់សម្រាប់អ្នកវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញលើកឡើងថា ដោយសារប្រទេសកម្ពុជានឹងបន្តមានការអភិវឌ្ឍន៍លឿន ដែលនឹងរុញច្រានឱ្យគ្រប់វិស័យមានរីកចម្រើន ពិសេសវិស័យអចលនទ្រព្យ ក្នុងវិស័យដីធ្លីនៅតែផ្តល់ឱកាសចំណេញខ្ពស់ សម្រាប់អ្នកវិនិយោគ នាពេលអនាគត។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់កាលពីចុងសប្តាហ៍កន្លងមកនេះ វិស័យដីធ្លីនៅកម្ពុជាគឺជាឱកាសសម្រាប់ការវិនិយោគ ហើយតាមរយៈបទពិសោធន៍របស់យើង ការវិនិយោគនៅក្នុងវិស័យដីធ្លីផ្តល់ចំណេញខ្ពស់ ដោយប្រទេសកម្ពុជាយើង ពិសេសរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍លឿនណាស់ ហើយការអភិវឌ្ឍន៍ត្រូវបានពង្រីកទៅគ្រប់ទិសទីនៃទីក្រុង ដែលធ្វើឱ្យការវិនិយោគលើដីធ្លីទទួលបានផលចំណេញខ្ពស់។

ទាក់ទងនឹងការវិនិយោគលើដីធ្លីនេះ លោកបានពន្យល់ថា ទី១យើងត្រូវសិក្សាពីផែនការអភិវឌ្ឍន៍មេរបស់សាលាក្រុងភ្នំពេញថា តើផែនការនឹងត្រូវពង្រីកទៅតំបន់ណាមុនគេ។

លោកបានឱ្យដឹងទៀតថា ទី២ យើងត្រូវមើលពីទិន្នន័យក្បាលដី ដូច្នេះយើងនឹងដឹងពីប្រព័ន្ធអភិវឌ្ឍន៍ផ្លូវធំ ឬតូច ហើយយើងទទួលបានផលយ៉ាងឆាប់រហ័ស ដោយសារតែយើងមានប្រព័ន្ធផ្លូវនៅក្នុងផែនការអភិវឌ្ឍន៍មេ ទោះបីជាយើងមិនទាន់ឃើញមានការអភិវឌ្ឍលេចចេញជារូបរាងក៏ដោយ ពីព្រោះថានៅពេលគេចាប់ផ្តើមសាងសង់ផ្លូវភ្លាម ដីធ្លីនឹងឡើងថ្លៃភ្លាម។

លោកបានលើកឡើងបន្តថា តើយើងអាចទទួលបានព័ត៌មានទាក់ទងនឹងផែនការអភិវឌ្ឍន៍បានដោយរបៀបណា?។ លោកបានបន្តថា ទី១ អ្នកវិនិយោគ ដែលចង់បំណងចង់វិនិយោគលើវិស័យដីធ្លី គួរតែមកទាក់ទងនឹងភ្នាក់ងារអចលនទ្រព្យ ដែលពួកគាត់ដឹងច្បាស់ពីផែនការអភិវឌ្ឍន៍ទាំងអស់នេះ ទី២យើងអាចទៅស្នើសុំឯកកសារទាក់ទងនឹងផែនការអភិវឌ្ឍនេះតាមរយៈសូរិយោដី សម្រាប់តាមបណ្តាខេត្ត និងទី៣ យើងអាចទៅស្នើសុំព័ត៌មានទាំងនេះពីក្រសួងដែនដី នគរូបនិយកម្ម និងសំណង់ជាដើម៕