អាមេរិកកំពុងពិភាក្សាបញ្ហាកម្មសិទ្ធិបញ្ញាលើការផលិតវ៉ាក់សាំងកូវីដ១៩ដើម្បីអនុញ្ញាត ឱ្យប្រទេសក្រីក្រ

ដោយៈ ម៉ាណេត

អាមេរិកៈ មន្រ្តីសេតវិមានពីររូបបាននិយាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ថា អ្នកចរចាពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មពិភពលោក លើវិធីនានា ដើម្បីជំនះលើបញ្ហាកម្មសិទ្ធិបញ្ញា ដែលកំពុងរាំងខ្ទប់ការទទួលបានវ៉ាក់សាំងកូវីដ១៩ ពីការចែកចាយឱ្យបានទូលំទូលាយ នៅទូទាំងពិភពលោក។

សេតវិមានបានរងសម្ពាធពីសមាជិកសភាទាំងរបស់ខ្លួន និងរដ្ឋាភិបាលប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកលែងច្បាប់ប៉ាតង់សម្រាប់វ៉ាក់សាំ​ងកូវីដ១៩ ដូច្នេះបណ្តាប្រទេសក្រីក្រ អាចចាប់ផ្តើមផលិតវ៉ាក់សាំងផ្ទាល់ខ្លួន ដើម្បីចាក់ជូនប្រជាជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

សហរដ្ឋអាមេរិកត្រូវបានគេរិះគន់ថា ផ្តោតតែលើការចាក់វ៉ាក់សាំងជូនរបស់ពលរ ដ្ឋអាមេរិក ជាពិសេសនៅពេលដែលការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួន ចាប់ផ្តើមមានច្រើនជាងតម្រូវការ និងកម្រិតដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់នៅប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

លោក Ron Klain ប្រធានផ្នែកបុគ្គលិកនៃសេតវិមាន បានមានប្រសាសន៍ថា តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Katherine Tai នឹងចាប់ផ្តើមពិភាក្សាជាមួយអង្គការពាណិជ្ជកម្មអំពីវិធី ដែលយើងអាចឱ្យវ៉ាក់សាំងនេះ ចែកចាយបានកាន់តែទូលំទូលាយ ផ្តល់សិទ្ធិ និងចែកចាយកាន់តែទូលំទូលាយ។

លោក Klain និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan មានប្រសាសន៍ថា រដ្ឋបាលសហរដ្ឋអាមេរិក នឹងមានកិច្ចពិភាក្សាបន្ថែមទៀតលើបញ្ហានេះ នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Sullivan បាននិយាយថា រដ្ឋបាលសហរដ្ឋបាលសហរដ្ឋអាមេរិក ជឿជាក់ថា ក្រុមហ៊ុនឱសថ “គួរតែផ្គត់ផ្គង់ដល់ខ្នាត និងចែកចាយដល់ពិភពលោកទាំងមូល ដើម្បីកុំអោយមានឧបសគ្គចំពោះមនុស្សគ្រប់គ្នា ដែលទទួលបានការចាក់វ៉ាក់សាំង”។

លោក Klain បាននិយាយថា សហរដ្ឋអាមេរិក បានបញ្ជូនប្រទេសឥណ្ឌានូវវត្ថុធាតុដើមគ្រប់គ្រាន់ដែលខ្លួនត្រូវការ ដើម្បីបង្កើតវ៉ាក់សាំងចំនួន២០លានដូសភ្លាមៗ។ ប្រទេ​សឥណ្ឌា កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងថ្មីនៃការឆ្លង និងការស្លាប់ ដោយសារជំងឺកូវីដ១៩។

សមាជិកព្រឹទ្ធសភា Bernie Sanders ដែលស្ថិតក្នុងចំណោមក្រុមសមាជិកព្រឹទ្ធ​សភាប្រជាធិបតេយ្យ ដែលកំពុងដាក់សម្ពាធសេតវិមានលើបញ្ហានេះ បាននិយាយថា “នៅពេលដែលជីវិតរាប់លាននាក់ស្ថិតក្នុងគ្រោះថ្នាក់ ក្រុមហ៊ុនថ្នាំត្រូវតែប្រាប់ឬអនុញ្ញាតឱ្យប្រទេសផ្សេងទៀត ទទួលបានកម្មសិទ្ធិបញ្ញា ដូច្នេះពួកគេអាចផលិតវ៉ាក់សាំង ដែលត្រូវការជាចាំបាច់នៅក្នុងប្រទេសក្រីក្រ”។

លោក Sanders បានមានប្រសាសន៍ថា “វាពិតមិនសមស្រប ដែលប្រទេសអ្នកមាន អាចទទួលបានវ៉ាក់សាំងច្រើន ហើយប្រជាជនរាប់លាន និងរាប់ពាន់លាននាក់នៅក្នុងប្រទេសក្រីក្រ មិនអាចមានលទ្ធភាពទិញវាបាន”៕

រដ្ឋាភិបាលពង្រីកមណ្ឌលចាក់វ៉ាក់សាំងដូសទី២កាន់តែច្រើនដល់កម្មករ និយោជិត

          ដោយៈវិបុលភាព

          ភ្នំពេញៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកដំណើរការទីតាំងចាក់វ៉ាក់សាំងកាពារជំងឺកូវីដ-១៩(ស៊ីណូវ៉ាក់)ដូសទី២ ជូនដល់កម្មករនិយោជិត និង​ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈសរុបចំនួន២០ទីតាំង គិតត្រឹមថ្ងៃម្សិលម៉ិញនេះ។

អនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរម្លឹកដល់កម្មករ និយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារទាំងអស់ថា ចំពោះអ្នករស់នៅក្បែររោងចក្រ ដែលជាទីតាំងចាក់វ៉ាក់សាំងដូសទី១ នោះ សូមទៅចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងចាស់របស់ខ្លួន។

ដោយភ្ជាប់ជាមួយនូវកាតចាក់វ៉ាក់សាំង និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណ ប.ស.ស. ឬឯកសារបញ្ជាក់អត្តសញ្ញាណ ដែលបានប្រើប្រាស់ពេលមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១។

ប្រភពខាងលើបន្តថា ដោយការចាក់ដូសទី២ មានគម្លាតពីការចាក់ ដូសទី១ រយៈពេលចន្លោះពី ១៤ ទៅ ២៨ ថ្ងៃ ដូច្នេះសូមបងប្អូនកម្មករនិយោជិត ចងចាំថាការចាក់វ៉ាក់សាំង ត្រូវតែចាក់ឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសវេជ្ជសាស្ត្រអោយបាន២លើក រួមផ្សំនឹងការអនុវត្ត ៣កុំ និង ៣ការពារ ទើបអាចធានានូវប្រសិទ្ធភាពពេញលេញក្នុងការបង្ការការឆ្លងជំងឺកូវីដ-១៩បាន។

ដោយឡែក សម្រាប់កម្មករនិយោជិត ដែលរស់នៅខណ្ឌផ្សេងពីទីតាំងរោងចក្រ ដែលបានចាក់ដូសទី១ ដោយក្រុមគ្រូពេទ្យរបស់ក្រសួងការងារ គឺអាចទៅចាក់ដូសទី២ នៅតាមទីតាំង និងកាលបរិច្ឆេទដែលរៀបចំដោយក្រសួងការងារ នៅក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅដោយមិនអាចឆ្លងខណ្ឌបាននោះទេ។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈដែលទទួលបានការចាក់វ៉ាក់សាំងដូសទី២ សរុបចំនួន៤៥ ៥៣១នាក់ (បរទេសចំនួន ១ ៥៨៨នាក់)។

ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញបទបញ្ជាជូនកងទ័ព ដើម្បីធ្វើយ៉ាងណាចូលរួមរៀបចំទីតាំង និងសម្ភារៈផ្សេងៗ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមឲ្យបានទាំងអស់គ្នា និងលឿនបំផុត ដើម្បីកាត់ផ្តាច់ប្រភពចម្លងជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរ ពិសេសក្នុងខ័ណ្ឌចំនួន៤ ដែលស្ថិតក្នុងតំបន់ក្រហម៕

ខុនដូប្រណីតរបស់ជីប ម៉ុងផ្តល់ជម្រើសបង់ប្រាក់កាន់តែងាយស្រួលដល់អតិថិជន

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ គំរោងខុនដូប្រណីត ស៊ីវិល័យរបស់ជីប ម៉ុង លែនបានបន្តផ្តល់ជូននូវគោ​លការណ៍បង់ប្រាក់ដ៏ងាយស្រួល ដោយបង់ត្រឹមតែជាង៤០០ដុល្លារក្នុងមួយខែ ដោយមិនមានប្រាក់កក់ និងគិតការប្រាក់ រយៈពេល៣ឆ្នាំ លើគ្រប់ប្រភេទយូនីតទាំងបីប្រភេទរួមមាន បន្ទប់គេង1 បន្ទប់គេង2 និង Penthouse។

គម្រោង ផាកលែន ខុនដូ ធីខេ របស់ ជីប ម៉ុង លែន លោកអ្នកមិនចាំបាច់ធ្វើដំណើរចេញទៅក្រៅញឺកញាប់នោះទេ ត្រឹមតែមួយជំហានពីយូនីតខុនដូប៉ុណ្ណោះ លោកអ្នកអាចរីករាយជាមួយនឹងមុខងារជាច្រើន ដែលអគារខុនដូផ្តល់ជូនរួមមាន អាងហែលទឹក កន្លែងរត់ហាត់ប្រាណលើអាកាស កន្លែងហាត់ប្រាណ សួនច្បារ កន្លែងអាំងសាច់ជួបជុំគ្នាលើអាកាស និងមុខងារដទៃជាច្រើនទៀត។

ចំណែកឯទីតាំងគម្រោង ផាកលែន ខុនដូ ធីខេ វិញគឺស្ថិតក្នុងតំបន់ទួលគោកដែលជាតំបន់សក្តានុពលខ្ពស់ ព័ទ្ធជុំវិញទៅដោយទីតាំងសំខាន់ៗរួមមាន ផ្សារទំនើប ជីប ម៉ុង សែនសុខ ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ផ្សារ Makro សាលារៀនអន្តរជាតិ ស្ថាប័នរដ្ឋនិងឯកជន អគារការិយាល័យ មន្ទីរពេទ្យ និងផ្លូវខ្វាត់ខ្វែងជាច្រើន។

ប្រសិនបើលោកអ្នកមានចម្ងល់ និងចង់សាកសួរព័ត៌មាន អតិថិជននៅតែអាចអញ្ជើ​ញខលសាកសួរព័ត៌មាន ពីផ្ទះរបស់លោកអ្នក តាមរយៈលេខទូរស័ព្ទ៖𝟎𝟔𝟏𝟗𝟗𝟕𝟖𝟖𝟖 ឬលោកអ្នកឆាតសួរព័ត៌មាន តាមបណ្តាយសង្គមហ្វេសប៊ុកផេច ជីប ម៉ុង លែន៖ fb.com/chipmongland។

លោកអ្នកក៏អាចចូលជាសមាជិកក្នុងTelegram Channelរបស់ ជីប ម៉ុង លែន ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពី ប្រូម៉ូសិន និងកម្មវិធីបើកលក់នាថ្ងៃខាងមុខhttps://t.me/chip_mong_land៕

​​លោកបណ្ឌិតថេង ច័ន្ទសង្វារៈផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុសិក្សាដោយស្ថាបត្យករ និងវិស្វករខ្មែរសុទ្ឋសាធ “ខ្មែរអាចធ្វើបាន”

          ដោយៈគង់ ម៉ាលីន

          ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ផ្លូវចំនួន៣៤ខ្សែនៅក្រុងព្រះសីហនុ ត្រូវបានសិក្សាដោយស្ថាបត្យករ និងវិស្វករខ្មែរសុទ្ឋសាធ។

លោកបណ្ឌិតថេង ច័ន្ទសង្វាររដ្ឋលេខាធិការក្រេសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ក្នុងសប្តាហ៍នេះ ដោយផ្តោតលើប្រធានបទ“ខ្មែរ​អាចធ្វើបាន”បានលើកឡើងពីសមិទ្ឋផល ហេដ្ឋារចនាសម្ព័ន្ឋដ៏លេចធ្លោនៅក្រុងព្រះសីហនុថា  “ខ្មែរធ្វើបាន”  ព្រោះគម្រោងធ្វើផ្លូវ៣៤ខ្សែនេះ គឺទី១)  ប្រើប្រាស់ថវិកាជាតិសុទ្ធសាធ ទី២)  ដឹកនាំសិក្សានិងសាងសង់ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ទី៣)  សិក្សាដោយស្ថាបត្យករនិងវិស្វករខ្មែរសុទ្ធសាធ ទី៤)  សាងសង់ដោយអង្គភាពនិងក្រុមហ៊ុនសញ្ជាតិខ្មែរ១០០% និងទី៥)  គ្មានទីប្រឹក្សាបរទេស៕

ដំណឹងល្អៈមេដឹកនាំប្រទេសនាំមុខសេដ្ឋកិច្ចធំៗចំនួនបីនៅអាស៊ីរួមគ្នាស្តារសេដ្ឋកិច្ច ឡើងវិញពីវិបត្តិកូវីដ-១៩

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលមកពីប្រទេសសេដ្ឋកិច្ចធំៗជាងគេនៅអាស៊ី បានប្តេជ្ញារួបរួមគ្នា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩។

រដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្ដេជ្ញាចិត្តថា នឹងជំរុញស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិCOVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍រួម ចេញផ្សាយក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ នៃធនាគា​រអភិវឌ្ឍអាស៊ី (ADB) តាមវីដេអូអនឡាញ រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំង៣ ក៏បានសន្យាដែរថា នឹងសម្រេចឱ្យបាននូវការងើបឡើង នៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ, រក្សានូវស្ថិរភាពសារពើពន្ធ និងហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍បានបញ្ចាក់ថា ទស្សនវិស័យតំបន់កាន់តែមានភាពប្រសើរឡើង ជាមួយការបន្តគាំទ្រគោលនយោបាយ និងកំណើននៃការចាក់វ៉ាក់សាំង… តែទោះជាយ៉ាងណា យើងគួរតែបន្តរក្សាការយកចិត្តទុកដាក់ ចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ច

បើតាមសេចក្ដីថ្លែងការណ៍រួមខាងលើដដែល ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងធ្វើដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មី ដើម្បីពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុតំបន់ នៃអាស៊ានបូកបី ហើយការសន្យានេះនឹងត្រូវធ្វើឡើង ក្នុងកិច្ចប្រជុំតាមវីដេអូជាមួយ បណ្ដាប្រទេសទាំង ១០ ជាសមាជិកអាស៊ាននៅថ្ងៃចន្ទនេះ៕

ការសិក្សាថ្មីរបស់ថៃៈវ៉ាក់សាំងAstraZeneca ដូសដំបូងអាចមានភាពស៊ាំរហូតដល់ ៩៦.៧ភាគរយប្រឆាំង

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ការសិក្សាថ្មីមួយរបស់សាស្រ្តាចារ្យ ផ្នែកវេជ្ជសាស្រ្តនៅសាកលវិទ្យាល័យធំជាងគេរបស់ថៃបានរកឃើញថា ការចាក់វ៉ាក់សាំងAstraZeneca ដូសទី១ អាចធ្វើឲ្យមានភាពសាំក្នុងរាងកាយរហូតដល់៩៦,៧ភាគរយ។

អ្នកឯកទេសខាងផ្នែករោគសាស្រ្ត នៃនៅសាកលវិទ្យាល័យ Chulalongkorn លោកវេជ្ជបណ្ឌិត Yong Poovorawan នៅថ្ងៃចន្ទនេះ បានបង្ហាញការសិក្សាស្រាវជ្រាវមួយលើមនុស្សចំនួន៦១នាក់ បន្ទាប់ពីពួកគេទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើង ដោយក្រុមហ៊ុនផលិតឱសថអង់គ្លេសAstraZeneca ដូស​ដំបូង ដោយពួកគេអាចមានភាពស៊ាំ រហូតដល់៩៦.៧ភាគរយប្រឆាំងនឹងជំងឺឆ្លង​រាតត្បា​តដ៏កាចសាហាវនេះ។

នេះយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation នៅថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត Yong Poovorawan បានគូសបញ្ជាក់ថា ការសិក្សានេះ ក៏បានបង្ហាញផងដែរថា អ្នកដែលបានឆ្លងជំងឺនេះ និងបានចំណាយពេល៤-៨សប្តាហ៍ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ពួកគេអាចមានភាពស៊ាំរហូតដល់ ៩២.៤ភាគរយ។ ស្ត្រីត្រូវបានគេរកឃើញថា មានភាពស៊ាំរឹងមាំជាងបុរស ខណៈអ្នកដែលមានអាយុក្រោម ៦០ឆ្នាំ មានភាពស៊ាំរឹងមាំ ជាងអ្នកដែលមានអាយុលើស៦០ឆ្នាំ

លោកបញ្ជាក់បន្ថែមថា សាកលវិទ្យាល័យនេះ នឹងធ្វើការសិក្សាមួយទៀតទៅលើមនុស្ស បន្ទាប់ពីពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន AstraZeneca សម្រាប់ដូសទី២។

ទោះយ៉ាងណា លោកបាននិយាយដូច្នេះថា យើងមិនបានធ្វើការសិក្សាផ្អែកលើវ៉ាក់សាំងផ្សេងៗគ្នានោះទេ ហើយនឹងស្នើសុំឱ្យអ្នក ដែលបានទទួលការចាក់វ៉ាក់សាំង ទាក់​ទងមកយើង ដើម្បីឲ្យយើងអាចសិក្សាពីកម្រិតនៃភាពស៊ាំ និងផលប៉ះពាល់របស់ពួកវា

លោកឧកញ៉ាហួត អៀងតុងៈការបើកចំហរតំបន់មួយចំនួនរបស់រដ្ឋាភិបាលនឹងធ្វើឲ្យសេដ្ឋកិច្ចប្រសើរឡើងវិញ

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍អបអរសាទរ ដែលរាជរដ្ឋាភិបាលនឹងបន្ឋូរបន្ថយលើតំបន់មួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន ដែលនឹងជួយធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងមានសកម្មភាពសេដ្ឋកិច្ចឡើងវិញ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣ ឧសភានេះថា ការបើកចំហតំបន់មួយចំនួនក្រោយថ្ងៃទី៥ ឧសភាខាងមុខ ជារឿងល្អ ព្រោះវាធ្វើឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ ប្រកបមុខរបរឡើងវិញ ដែលធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចមានដំណើរការល្អ។លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណា លោកសូមសំណូមពរឲ្យប្រជាពល​រដ្ឋចូលរួមអនុវត្តន៍តាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយអនុវត្តន៍តាមវិធានបីកុំ និងបីការពារ។

លោកបន្តថា “ការអនុវត្តន៍៍តាមវិធាន៣កុំ ៣ការពារ ជាការចូលរួមក្នុងការទប់ស្កាត់រលកទី៤បន្ថែមទៀត ខណៈស្ថានភាពនៃការឆ្លងរាលដាលជំងឺនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង”។លោកបន្តថា “ជាមួយគ្នានឹងការបើកចំហតំបន់ខ្លះៗនេះ ធនាគារនឹងបើកដំណើរការការិយាល័យ មួយចំនួនពេញលេញឡើងវិញ ប៉ុន្តែតំបន់ខ្លះមិនទាន់អាចធ្វើបាននៅឡើយ ដោយសារបុគ្គលិកខ្លះជាប់រស់នៅក្នុងតំបន់ក្រហម”។

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍នាព្រឹកថ្ងៃទី៣ ឧសភានេះថា រដ្ឋបាលរាជធានីភ្នំពេញ នៅតែកំណត់តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងដដែល។

ធនាគារហត្ថាមានការិយាល័យសរុប នៅទូទាំងប្រទេសចំនួន១៧៧ មានបុគ្គលិក៥៦០០នាក់ និងមានទ្រព្យសកម្មប្រមាណ១៥០០លានដុល្លារអាមេរិក៕

លោកជុំ កុសលៈពាក្យ« សេរីភាព »គឺ ភាពនៃសិទ្ធិឬអំណាចលើខ្លួន

          ដោយៈគង់ សូរិយា

          ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ជារដ្ឋលេខាធិកាក្រសួងព៌តមាន លោកជុំ កុសលបានមានប្រសាសន៍ថា សេរីភាពគឺជាភាពនៃសិទ្ឋឬអំណាចលើខ្លូន ប៉ុន្តែសិទ្ធិឬអំណាចនេះត្រូវតែស្ថិតក្នុងរង្វង់ច្បាប់។

លោកជុំ កុសលដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជាឧត្តមទីប្រឹក្សារបស់គេហទំព័រPropertyarea.asiaផងដែរនោះ បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មានអ្នកខ្លះនៅតែយល់ថា សេរីភាព គឺជាសិទ្ធិឬអំណាចឯករាជ្យផ្ទាល់ខ្លួនមិនពាក់ព័ន្ធ ដូច្នេះការធ្វើអ្វីៗគឺជាស្វ័យសម្រេច។

លោកបន្តថា “ការយល់បែបនេះហើយ ដែលជាហេតុនាំឲ្យ ការប្រព្រឹត្តខ្លះត្រូវបានចេញឆ្ងាយពីបន្ទាត់ច្បាប់ ប្រែទៅជាអាណាធិបតេយ្យភាព”។ លោកបន្តថា “ប៉ុន្តែបើនិយាយតាមភាពជាក់ស្តែង អ្នកដែលរិះគន់ពីការរឹតត្បិតសេរីភាពនៅកម្ពុជា គឺអ្នកនោះឯង ដែលជាអ្នកប្រើសេរីភាពខ្លួន ចេញក្រៅរង្វង់ច្បាប់ដោយចេតនា ហើយចាំវាយបកចំពោះការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលវិញ”។

លោកជុំ កុសលបានបន្តថា វាគឺជារឿងលើគោកពេក ហើយក៏មិនមែនជារឿងថ្មីដែរសម្រាប់អ្នកវាយតម្លៃកម្ពុជាទាំងនោះ។ គ្មានអ្វីប្រែប្រួលទេ លំហសេរីភាពនៅកម្ពុជានៅតែមានវិសាលភាពទូលំទូលាយ មិនថាសេរីភាពសារព័ត៌មាន ឬសេរីភាពផ្សេងៗទៀតឡើយ ។ ប៉ុន្តែរាល់សេរីភាពទាំងអស់គឺត្រូវស្ថិតនៅក្នុងរង្វង់ច្បាប់ជាកំហិត៕

អ្នកជំនាញអន្តរជាតិប្រាប់ពីមូលហេតុដែលភាគខាងត្បូងកំពុងទទួលបានប្រជា ប្រិយភាពសម្រាប់វិនិយោគអចលនទ្រព្យ

ដោយៈ ប៊ី

ភ្នំពេញៈ នៅពេលនិយាយអំពីការទិញអចលនទ្រព្យពេលវេលា និងទីតាំងបង្កើតជាសសរស្តម្ភពីរសំខាន់ នៃយុទ្ធសាស្ត្រវិនិយោគជោគជ័យ ហើយប្រសិនបើអ្នកធ្វើការវិនិយោគតាមពេលវេលា និងទីតាំងត្រឹមត្រូវ លទ្ធផលអាចរកប្រាក់ចំណេញជាទីពេញចិត្ត និងជំរុញរបៀបរស់នៅរបស់អ្នក។

ការទិញអចលនទ្រព្យសម្រាប់ផលចំណេញ មានរលក្ខណៈខុសៗជាច្រើន ហើយវានឹងបង្កើតផលចំណេញជាច្រើនពីការវិនិយោគ ដូច្នេះវាសំខាន់ណាស់ដើម្បីសិក្សាពីនិន្នាការ និងធ្វើការជ្រើសរើសត្រឹមត្រូវ។

ឥឡូវសំណួរដ៏សំខាន់នាពេលនេះគឺថា តើអ្នកគួរវិនិយោគនៅទីណា និងនៅពេលណា?

នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា មានគម្រោងអចលនទ្រព្យចំនួន២៧៩ ដែលកំពុងសាងសង់នៅទូទាំងរាជធានីភ្នំពេញ រួមមាន គម្រោងបុរីចំនួន១៣២  គម្រោអចលនទ្រព្យតម្លៃសមរម្យចំនួន៤១ គម្រោ​ងតម្លៃមធ្យម៧៨ និងគម្រោងតម្លៃថ្លៃ១៣។ គម្រោងខុនដូមានចំនួន១៣ ក្នុងនោះរួមមានគម្រោងខុនដូតម្លៃសមរម្យចំនួន៤ និងគម្រោងខុនដូតម្លៃមធ្យមចំនួន៩។ ដោយមានជំរើសច្រើន វាអាចពិបាកក្នុងការសម្រេចថា តើអ្នកវិនិយោគប្រាក់របស់អ្នកនៅកន្លែងណា។

លោក David Pen នាយកផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambodia មានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ថា មានគម្រោងរាប់រយ ដែលកំពុងអភិវឌ្ឍនៅទូទាំងទីក្រុង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប៉ុន្តែតំបន់ដែលធ្វើឲ្យលោកកត់សម្គាល់ខ្លាំងជាងគេ គឺការកើនឡើងខ្លាំងនៅតំបន់ភាគខាងត្បូងនៃទីក្រុង។

លោក David បានលើកឡើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលជាកាត្តាលីករ អមជាមួយនឹងគម្រោង Aeon 3 ផ្លូវក្រវ៉ាត់ក្រុងទី៣ និងវត្តមានអាជីវកម្មធំៗ ជាច្រើនទៀត ដែលជាគម្រោងលំនៅដ្ឋាន ដែលជំរុញឱ្យតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យកើនឡើងនៅភាគខាងត្បូង។

លោកបានសន្និដ្ឋានថា “មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តរបស់ខ្ញុំទេ នេះគឺជាតំប​ន់ ដែលមានសន្ទុះនាពេលបច្ចុប្បន្ននេះ ហើយជាមួយនឹងគម្រោង និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតឆ្ពោះទៅទិសខាងត្បូង និន្នាការនេះមើលទៅមាននិរន្តរភាព”។

ដូចពាក្យចាស់ពោលថា “គ្មានពេលវេលាណាប្រសើរជាងបច្ចុប្បន្នទេ” លោក David និយាយថា ស្ថានភាពបច្ចុប្បន្នបានបង្កើតឱកាសកាន់តែច្រើន សម្រាប់អ្នកទិញ ក្នុងការទទួលបានទិញលក់ដ៏ល្អប្រសើរ។ នៅក្នុងលក្ខខណ្ឌនៃការវិនិយោគអចលនទ្រព្យ Best Deal មានន័យថា មិនមែនជាតម្លៃដែលទទួលបាននោះទេ ប៉ុន្តែតម្លៃដែលបានទិញ ហើយរួមបញ្ចូលទាំងផែនការទូទាត់ អត្រាការប្រាក់ ការ Promotion គុណភាព ការធានា និងសក្តានុពលសម្រាប់ការវិនិយោគនាពេលអនាគត។

លោកបានថ្លែងបន្តថា “លក្ខណៈ នៃការរីករាលដាលនៃជំងឺរាតត្បាត មកលើសេដ្ឋកិច្ច និងការកើនឡើងនៃការប្រកួតប្រជែងមានន័យថា អ្នកអភិវឌ្ឍន៍កំពុងផ្តល់ជូននូវផែន​ការទូទាត់ ដែលអាចបត់បែនបាន ដែលមានភាពសមរម្យនឹងអ្នកគ្រប់គ្នា”។ លោកបន្តថា “ធនាគារក៏កំពុងផ្តល់អត្រា ការប្រាក់គួរឱ្យទាក់ទាញកាន់តែខ្លាំងឡើង និងលក្ខខណ្ឌផ្តល់ប្រាក់កម្ចីពិសេស ជាពិសេសសម្រាប់គម្រោងបុរី”។

ការណែនាំរបស់លោក David សម្រាប់អ្នកវិនិយោគអចលនទ្រព្យគឺថា ទោះបីមានអ្វីកើតឡើងនៅជុំវិញយើងទាក់ទងសេដ្ឋកិច្ច ឬជំងឺត្បាតក៏ដោយ វិនិយោគិនឆ្លាតវៃតែងតែដឹងថា ពេលណា និងកន្លែងណា ក្នុងការស្វែងរកឱកាសល្អបំផុត។

លោក David បានថ្លែងថា “ចំពោះខ្ញុំ យោងទៅតាមទិន្នន័យ និងការសិក្សាទីផ្សារ ដែលខ្ញុំមាននៅក្នុងដៃ ពេលវេលាដើម្បីវិនិយោគគឺនៅពេលនេះ ហើយភាគខាងត្បូងនៃទីក្រុងគឺកន្លែងល្អប្រសើរសម្រាប់ការវិនិយោគ”។ លោកបន្តថា “បើខ្ញុំមិនខុសទេ ការវិនិយោគលើអចលនទ្រព្យតែងតែល្អ ប្រសិនបើអ្នកធ្វើវាតាមរបៀបឆ្លាតវៃ ប៉ុន្តែវាអាស្រ័យលើចំនួនទឹកប្រាក់ ដែលអ្នកចង់បានពីវា”៕

ក្រុមហ៊ុនយក្សរបស់លោក Warren Buffett ទទួលបានប្រាក់ចំណេញសុទ្ធ ជិត១២ពាន់លានដុល្លារ

ដោយៈសុខុម

អាមេរិក:  ក្រុមហ៊ុនយក្ស Berkshire Hathaway (BRKB) របស់កំពូលមហាសេដ្ឋីដ៏ជោគជ័យបំផុត Warren Buffett ចាប់ផ្ដើមទទួលបានប្រាក់ចំណេញវិញហើយក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ បន្ទាប់ពីខាតបង់ធ្ងន់ធ្ងរជិត៥០ពាន់លានដុល្លារ អំឡុងពេលត្រីមាសទី១ ដើមឆ្នាំ២០២០ ដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១ ឧសភាកន្លងមកបានឱ្យដឹងថា ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីអាមេរិក មួយនេះទទួលបានប្រាក់ចំណេញសុទ្ធចំនួន១១,៧ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ៧ពាន់លានដុល្លារ។

ក្រុមហ៊ុន Berkshire Hathaway កាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន រាប់ចាប់ពីក្រុមហ៊ុនធានារ៉ាប់រងខ្នាតយក្ស Geico និងក្រុមហ៊ុនបណ្ដាញផ្លូវដែកដឹកទំនិញធំបំផុតនៅទ្វីបអាមេរិកខាងជើង BNSF Railway រហូតដល់ប៊្រែនផលិតផលល្បីល្បាញបំផុតដូចជាហាងការ៉េម និងអាហារសម្រន់ Dairy Queen ក្រុមហ៊ុនថ្នាំលាប Benjamin Moore និងក្រុមហ៊ុនផលិតថ្មពិល Duracell។

ក្រុមហ៊ុន Berkshire Hathaway បាននិយាយកាលពីថ្ងៃសៅរ៍ ទី០១ ឧសភា ថា ប្រាក់ចំណូលសម្រាប់អាជីវកម្មផលិតកម្ម សេវាកម្ម និងលក់រាយភាគច្រើនរបស់ខ្លួនបានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ នៅពេលដែលសេដ្ឋកិច្ចបើកឡើងវិញ។

ប៉ុន្តែទោះបីមានសុទិដ្ឋិនិយមបែបនេះក្ដី ក៏ក្រុមហ៊ុន Berkshire Hathaway បានបន្តជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញយកភាគហ៊ុនរបស់ខ្លួនមកវិញ ជាជាងទះលុយទិញយកក្រុមហ៊ុនគេបន្ថែមទៀត។

ក្រុមហ៊ុន Berkshire Hathaway បានចំណាយប្រាក់ជិត៦.៦ពាន់លានដុល្លារ ដើម្បីទិញយកភាគហ៊ុនលំដាប់ A និងភាគហ៊ុនលំដាប់ B នៅក្នុងត្រីមាសទី១ នេះ។

ទោះបីក្រោយការទិញភាគហ៊ុនទាំងនោះ ក៏សាច់ប្រាក់របស់ក្រុមហ៊ុន Berkshire Hathaway នៅតែកើនឡើងយ៉ាងច្រើន។ ពេលនេះក្រុមហ៊ុននេះ មានសាច់ប្រាក់រហូតដល់ទៅប្រមាណ១៤៥,៤ពាន់លានដុល្លារ នៅលើតារាងតុល្យការរបស់ខ្លួន បើធៀបនឹង១៣៨,៣ពាន់លានដុល្លារនៅចុងឆ្នាំ២០២០។

ភាគហ៊ុនលំដាប់ A របស់ក្រុមហ៊ុននេះលក់ ក្នុងតម្លៃរហូតដល់៤១២.៥០០ដុល្លារឯណោះនៅពេលនេះ ចំណែកឯភាគហ៊ុនលំដាប់B លក់ក្នុងតម្លៃក្រោម២៧៥ដុល្លារប៉ុណ្ណោះ​នៅក្នុងការជួញដូរកាលពីថ្ងៃសុក្រ ទី៣០ មេសា៕