លោកស្រីអាន សុធីតាៈទីផ្សារអចលនទ្រព្យលើផ្នែកសំខាន់ៗចំនួន៤បានងើបឡើងវិញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យនៅកម្ពុជាបានងើបឡើងវិញហើយ ស្របពេលប្រជាពលរដ្ឋអាចធ្វើដំណើរទៅកាន់បណ្តាខេត្តនានា និងនៅក្នុងរាជធានីភ្នំពេញបាន ខណៈការបិទខ្ទប់ត្រូវបានបិទបញ្ចប់។

លោកស្រីអាន សុធីតាអ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២ មិថុនានេះថា ទីផ្សារអចលនទ្រព្យបានងើបឡើងវិញប្រមាណ៣០ភាគរយ បើធៀបនឹងការបិទខ្ទប់នាពេលកន្លងមក ដែលចរន្តទិញលក់ជួល មានភាពសកម្មនាពេលនេះ យើងកត់សំគាល់ឃើញមានតម្រូវការដូចជា ទី១ ការទិញលំនៅដ្ឋានកើនឡើងខ្ពស់ ពិសេសសម្រាប់ផ្ទះវីឡា និងផ្ទះដែលបានសាងសង់ចប់ ទី២ ការទិញខុនដូមានសកម្មភាពឡើងវិញ សម្រាប់ខុនដូដែលបានសាងងសង់បញ្ចប់ និងជិតបញ្ចប់
ទី៣ សកម្មភាពទិញលក់ដីធ្លីបានកើនឡើងវិញផងដែរ ពិសេសដីស្ថិតនៅតំបន់អភិវឌ្ឍន៍នានាដូចជា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ជាដើម និងទី៤ ការជួលការិយាល័យសម្រាប់បើកក្រុមហ៊ុន ឬអាជីវកម្មថ្មីៗ ក៏បានកើនឡើងផងងដែរ។

លោកស្រីអាន សុធីតាបានបន្តទៀតថា ស្ថានភាពនាពេលនេះ បាននិងកំពុងវិវត្តន៍កាន់តែល្អប្រសើរហើយ ហើយសុខភាពក្នុងវិស័យនេះនឹងកាន់តែរ៉ឹងមាំថែមទៀត ប្រសិនជាការចាក់វ៉ាក់សាំង បានគ្របដណ្តប់លើប្រជាពលរដ្ឋ៥០ភាគរយ និងស្ថានភាពនៃការឆ្លងជំងឺនេះ ស្ថិតនៅក្នុងកម្រិតទាបជាងនេះ៕

លោកឧកញ៉ាលឹម ហេងៈក្រុមហ៊ុនអាមេរិកនឹងមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ដោយៈគង់ សូរិយា

ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា ជាមួយកំនើននៃការនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិកកាន់តែច្រើននឹងមកវិនិយោគនៅកម្ពុជា ដោយសារមួយផ្នែកគឺភាពតានតឹង រវាងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសសេដ្ឋកិច្ចធំៗទាំងពីរនេះ។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ឲ្យដឹងនាព្រឹកថ្ងៃទី២ មិថុនានេះថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មិនបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ទេ ផ្ទុយទៅវិញវានឹងកាន់តែមានភាពល្អប្រសើរថែមទៀត។

ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកនៅតែបន្តកើនឡើងជាដរាប ហើយក្រុមហ៊ុនអាមេរិកជាច្រើន កំពុងពិចារណាមកវិនិយោគបន្ថែមនៅកម្ពុជា ជាពិសេសវិនិយោគលើវិស័យកសិឧស្សាហកម្ម។

លោកឧកញ៉ាបានបន្តថា “សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងជំរុញក្រុមហ៊ុនអាមេរិកមួយចំនួន មកវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានភាពអំណោយផលខ្ពស់ផ្នែកវិនិយោគ”។

លោកបន្ថែមថា “ប្រទេសកម្ពុជាយើងនៅមានភាពអំណោយផលល្អជាច្រើន ដែលអាចជាជម្រើសរបស់ក្រុមហ៊ុនអាមេរិក។ ក្រោយជំងឺកូវីដ១៩ចប់ យើងរំពឹងថាក្រុមហ៊ុនអាមេរិកជាច្រើននឹងមកបោះទុនវិនិយោគនៅកម្ពុជា”។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានទំហំទឹកប្រាក់១.៩ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែដំបូងដើមឆ្នាំ២០២១ កើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំនិញនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកមានដូចជា សំលៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងវត្ថុធាតុដើមផ្សេងទៀត។

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ លោកស្រីអនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy Sherman លោកឧកញ៉ាលឹម ហេង ជឿជាក់ថា វានឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការទូតបន្ថែមទៀតរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងការទូតល្អនឹងនាំអ្នកវិនិយោគអាមេរិក កាន់តែច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា៕

 

EU និង WHO ប្រកាសគំាទ្រការត្រៀមបង្ការនិងឆ្លើយតប ក៏ដូចជាការពង្រឹង ប្រព័ន្ធសុខាភិបាលនៅកម្ពុជា

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ សហភាពអឺរ៉ុប (EU ) និង អង្គការសុខភាពពិភពលោក (WHO ) បានប្រកាសថា ស្ថាប័នទាំងពីរបានរួមសហការគ្នាគាំទ្រការត្រៀមបង្ការ និងការឆ្លើយតបចំពោះជំងឺកូវីដ-១៩ និងការគំរាមកំហែងសនិ្តសុខសុខភាពនាពេលអនាគតនៅកម្ពុជា។

យោងតាមសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២មិថុនា ២០២១នេះ បានឱ្យដឹងថា សហភាពអឺរ៉ុប កំពុងវិនិយោគក្នុងទឹកប្រាក់សរុបជាង២,៨ លានអឺរ៉ូ (៣,៥លានដុល្លារសហរដ្ឋអាមេរិក) សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដើម្បីផ្តល់ការគាំទ្រ តាមរយៈអង្គការសុខភាពពិភពលោក ដល់រាជរដ្ឋាភិបាលក ម្ពុជាក្នុងការពង្រឹងការបង្ការ និងការឆ្លើយតបចំពោះវិបតិ្តជំងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាល។

ការផ្តល់មូលនិធិនេះ គឺជាផ្នែកមួយនៃកម្មវិធីសុខភាព ថ្នាក់តំបន់ពិសេសមួយរបស់សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក ដើម្បីគំាទ្រដល់ប្រទេសជាសមាជិកអាស៊ាន។

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា ភាពជាដៃគូរវាងសហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោកដើម្បីគាំទ្រការតៀមបង្ការ និងការឆ្លើយតប គឺបង្ហាញពីសាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការសម្រាប់ជួយប្រទេសមួយនៅក្នុងគ្រាលំបាក។លោកបន្តថា ក្រសួងសុខាភិបាល នឹងបន្តធ្វើការយ៉ាងជិតស្និទ្ឋ ជាមួយនឹងអង្គការសុខភាពពិភពលោក ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជា ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយទសវត្សមកនេះ ប្រទេសកម្ពុជាបាននិងកំពុងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ខ្លួន រួមទាំងការត្រៀមបង្ការចំពោះជំងឺរាតត្បាតផងដែរ។ ការផ្ដល់មូលនិធិពីសហភាពអឺរ៉ុប និងភាពជាដៃគូនេះ នឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង ដើម្បីឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយនឹងចូលរួមជួយប្រទេសកម្ពុជា ក្នុងការត្រៀមបង្ការសម្រាប់បញ្ហា គ្រោះអាសន្នសុខភាពសាធារណៈបានប្រសើរជាងមុន ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា សហភាពអឺរ៉ុប និងប្រទេសជាសមាជិករបស់ខ្លួន ដូចជា ក្រុមការងារប្រចាំអឺរ៉ុប” ទាំងមូល បានប្តេជ្ញារួមគ្នាធ្វើការជាមួយកម្ពុជា ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថានដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីកសាងឡើងវិញឲ្យកាន់តែប្រសើរ និងធានាឲ្យបានថាគ្មាននរណាម្នាក់ ត្រូវបានមើលរំលងនោះឡើយ។

លោកស្រីបន្តថា “រហូតមកទល់នឹងពេលនេះ ក្រុមប្រទេសសមាជិកអឺរ៉ុបបានផ្តល់ថវិកាចំនួន២,២ពាន់លានអឺរ៉ូ ដល់ប្រទេសចំនួន៩២ ដែលមានប្រាក់ចំណូលទាបនិងមធ្យមរួមទាំងប្រទេសកម្ពុជាផងដែរ ដើម្បីទទួលបានវ៉ាក់សំាងការពារជំងឺកូវីដ-១៩តាម រយៈយន្តការកូវ៉ាក់”។លោកស្រីបន្ថែមថា “យើងមានមោទនភាពដែលក្រុមអឺរ៉ុប គឺជាអ្នកចូលរួមចំណែកដ៏ធំបំផុតទៅឲ្យយន្តការកូវ៉ាក់នេះ”៕

មហាវិថីសហព័ន្ធរុស្ស៊ី កំពុងទាក់ទាញការវិនិយោគផ្សារទំនើបនិងមជ្ឈ មណ្ឌលពាណិជ្ជកម្ម

ដោយៈវឌ្ឈន៍

ភ្នំពេញៈ មហាវិថីសហព័ន្ធរុស្ស៊ីបានកំពុងតែទាក់ទាញ នូវការវិនិយោគអចលនទ្រព្យបែបផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលធ្វើឱ្យមហាវិថីមួយនេះ កាន់តែមើលទៅសំបូរផ្សារទំនើបអគារខ្ពស់ និងអគារតាំងបង្ហាញយានយន្តទំនើបៗ ជាច្រើនម៉ាកម៉ូដែលទៀតផង។

អ្នកជំនាញអចលនទ្រព្យជាច្រើនបានបង្ហាញនូវទស្សនៈស្រដៀងគ្នាថា តំបន់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី បានក្លាយជាតំបន់មួយ ដែលមានការអភិវឌ្ឍលឿនរហ័ស និងមានសក្ដានុពលទាក់ទាញខ្លាំង ព្រោះតាមតំបន់នេះមួយររយៈចុងក្រោយមានគម្រោងធំៗជាច្រើនទាំងក្នុង និងក្រៅស្រុកបានលេចរូបរាងជាបន្តបន្ទាប់។

គេសង្កេតគម្រោងធំៗ ដែលកំពុងសាងសង់យ៉ាងមមាញឹក ដូចជា Phnom Penh Mega Mall, Booyoung Town, Prince Happiness Plaza, Century Plaza ជាដើម ពិសេសផ្លូវមួយនេះ ក៏ជាទីតាំងបណ្តុំនូវហាងលក់រថយន្តទំនើបៗផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ថា ផ្លូវសហព័ន្ធរុស្ស៊ី អាចចាត់ទុកថាជាមហាវិថីអន្តរជាតិមួយ ពីព្រោះថារាល់ភ្ញៀវទេសចរ វិនិយោគិនបរទេសចូលកម្ពុជា ពេលចុះយន្តហោះពួកគេត្រូវធ្វើដំណើរតាមមហាវិថីមួយនេះ ហើយពួកគេនឹងមើលឃើញនូវរាល់សកម្មភាព និងទិដ្ឋភាពនៅលើដងផ្លូវនេះ ។

លោកបន្តថា “ដោយសារតែវាជាផ្លូវដែលទេសចរបរទេស និងក្នុងស្រុក ក៏ដូចជាវិនិយោគិន ធ្វើដំណើរកាត់ផ្លូវនេះសឹងតែគ្រប់គ្នានោះ ម្ចាស់ម៉ាកល្បីៗ ត្រូវការទីតាំងបង្ហាញផលិតផលឬទំនិញរបស់ខ្លួន ទៅកាន់ភ្ញៀវទេសចរបរទេសនិងវិនិយោគិន ដើម្បីឱ្យមើលឃើញពីយីហោរបស់ខ្លួន”។លោកបន្តថា “ដូច្នេះវិនិយោគលើផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មក៏ត្រូវសាងសង់នៅតំបន់នេះ ដើម្បីផ្ដល់ជាទីតាំងសម្រាប់ទំនិញ និងផលិតផលទាំងនោះដែរ”។

មហាវិថីសហព័ន្ធរុស្ស៊ី ក៏ត្រូវបានមើលឃើញថា ជាមហាវិថីមួយមានការអភិវឌ្ឍជាងគេក្នុងចំណោមមហាវិថីផ្សេងៗទៀត ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងបច្ចុប្បន្នមហាវិថីនេះ មានស្ពានអាកាសធំៗ៣ រួមមានស្ពានអាកាសដីហុយ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ឬស្ពានតិចណូ ហើយក៏បានរុញតម្លៃដីធ្លី បានកើនឡើងមួយកម្រិតទៀតក្រោយពេលស្ពានអាកាសនេះត្រូវបានសាងសង់ ។

អ្នកឧកញ៉ាពុង ឃាវសែ បានលើកឡើងកន្លងមកថា ការអភិវឌ្ឍផ្សារទំនើបនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែមានការប្រកួតប្រជែង និងកាន់តែទំនើបៗទៅហើយក៏ធ្វើ ឱ្យផ្សារប្រពៃណីជាច្រើន កំពុងតែបាត់ប្រជាប្រិយបន្តិចម្ដងៗផងដែរ ដូច្នេះផ្សារប្រពៃណីនានាក៏ត្រូវចេះរៀបចំ និងទាក់ទាញភ្ញៀវឡើងវិញផងដែរ ដោយមិនអាចទុកនៅជាប្រពៃណីដដែលនោះឡើយ៕

NBC: យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលនឹងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ យុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល នឹងជួយគាំទ្រដល់ការងើបឡើងវិញ នៃសេដ្ឋកិច្ចក្នុងឆ្នាំ២០២១នេះ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានអត្រា៤% ក្នុងបរិបទដែលសេដ្ឋកិច្ចសកលលោកត្រូវបានរំពឹងថានឹងប្រសើរឡើងវិញក្នុងឆ្នាំ២០២១នេះ។

នេះបើយោងតាមការលើកឡើង របស់ធនាគារជាតិនៃកម្ពុជា(NBC) ក្នុងការសៀវភៅរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ២០២០ (FinancialStability Review2020) កាលពីថ្មីៗនេះ។

ធនាគារជាតិបានឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយការប៉ាន់ស្មាននេះ ក៏នៅតែប្រឈមនឹងភាពមិនច្បាស់លាស់ ដោយសារតែវាពឹងផ្អែកលើការងើបឡើងវិញនៃបណ្ដាប្រទេសដៃគូសេដ្ឋកិច្ច និងភាពជោគជ័យក្នុងការគ្រប់គ្រងការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍។

ធនាគារជាតិបានឱ្យដឹងទៀតថា “តែទោះជាយ៉ាងនេះក៏ដោយ សកម្មភាពចាក់វ៉ាក់សាំងរបស់ពិភពលោក និងកម្ពុជាផងនោះ នឹងជួយកាត់បន្ថយហានិភ័យទាំងនេះបានមួយចំនួននិងគាំទ្រដល់ការស្ដារសេដ្ឋកិច្ច”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍នាពេលកន្លងមកនេះថា វ៉ាក់សាំងកូវីដ១៩ គឺជាផ្នែកមួយដ៏សំខាន់បន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។

សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

សម្តេចតេជោមានប្រសាសន៍បន្តថា វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន ហើយវត្តមានវ៉ាក់សាំងរបស់ចិនលើទឹកដីកម្ពុជា បានកើតមានក្រោមចំណងទំនាក់ទំនងល្អ និងស្អិតល្មួតរវាងកម្ពុជា និងចិត្ត ហើយជាស្មារតីរួមគ្នាដ៏មុតមាំមួយរវាងប្រទេសទាំងពីរក្នុងការយកឈ្នះលើជំងឺកូវីដ១៩។

សម្តេចតេជោ បានថ្លែងទៀតថា កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅថ្ងៃទី១០ ខែកុម្ភៈ ហើយមកដល់ពេលនេះ ប្រជាពលរដ្ឋជាង ២លាននាក់ហើយបានចាក់វ៉ាក់សាំង។ កម្ពុជានឹងស្វះស្វែងរកវ៉ាក់សាំងឱ្យបានរហូតដល់ទៅជាង ២០លានដូស ចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ ដើម្បីបង្កើតភាពសាំ និងអោយទទួលបានជោគជ័យក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចបានប្រសើរឡើងវិញនាពេលខាងមុខ។

នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia លោក James Hodge បានថ្លែងប្រាប់ថា កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា បានកើនលើសប្រទេសផ្សេងៗទៀតនៅក្នុងអាស៊ាន ហើយនឹងក្លាយជាមធ្យោបាយមួយដ៏សំខាន់ ក្នុងការផ្តល់ទំនុកចិត្តដល់ទីផ្សារវិនិយោគ។

លោកបានឱ្យដឹងថា “ដៃគូវិនិយោគដែលក្រុមហ៊ុនCBRE បានពិភាក្សាជាមួយ បានសំដែងការកោតសរសើរ ចំពោះវិធានការរបស់រដ្ឋាភិបាល ដែលបានអនុវត្តកន្លងមក ហើយពួកគេមានជំនឿចិត្តថា ការពន្លឿនការចាក់វ៉ាក់សាំងបែបនេះ នឹងជួយឱ្យប្រទេសកម្ពុជាងើបឡើងវិញ ពីវិបត្តិជំងឺរាតត្បាតលឿនជាងប្រទេសប្រកួតប្រជែង”។

លោកបានថ្លែងបន្តថា ប្រសិនបើកម្មវិធីចាក់វ៉ាក់សាំងជូនពលរដ្ឋបញ្ជាក់ថា ទទួលបានជោគជ័យ ក្នុងការគ្រប់គ្រងបានការផ្ទុះឡើងនៃជំងឺកូវីដ១៩ វានឹងនាំមកនូវលទ្ធភាពមួយ ដែលប្រទេសកម្ពុជាអាចវិលត្រឡប់ ទៅរកកម្រិតប្រក្រតីឡើងវិញ លឿនជាងប្រទេសផ្សេងៗ ដែលអាចធ្វើឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍ពីវា មុនពេលប្រទេសដទៃទៀត៕

ក្រុមហ៊ុនអាមេរិកនិងកម្ពុជាសហការគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ដោយៈ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន Change Financial (CCA) បានឈានដល់ការចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណជាមួយក្រុមហ៊ុន Pi Pay ដែលផ្តល់សេវាទូទាត់គ្មានសាច់ប្រាក់ក្នុងដៃនៅកម្ពុជា ដើម្បីជំរុញការប្រើប្រាស់កាបូបលុយឌីជីថល (digital wallet) និងដំណោះស្រាយទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Market Herald នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនCCA ដែលមានមូលដ្ឋាននៅអាមេរិក និងបញ្ជីនៅប្រទេសអូស្ត្រាលី បានឱ្យដឹងថា Pi Pay មានបណ្តាញដៃគូជំនួញ និងហិរញ្ញវត្ថុច្រើន រួមទាំងក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat Pay និង Union Pay ជាដើម។

តាមរយៈកិច្ចកិច្ចព្រមព្រៀងនេះ ដំណោះស្រាយច្ចេកវិទ្យារបស់ក្រុមហ៊ុនCCA នឹងអនុញ្ញាតឱ្យ Pi Pay ផ្តល់ជូននូវសេវាកម្មថ្មី ដល់ពាណិជ្ជករ (merchants) ជាង៥០០០នាក់ ក៏ដូចជាកាបូបឌីជីថលដល់អតិថិជនជាង៣៦០.០០០នាក់។

តាមរយៈភាពជាដៃគូ Pi Pay ក៏មានគម្រោងពង្រីកសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និងផ្តល់សមត្ថភាពរបស់ខ្លួនដល់ក្រុមហ៊ុនទូទាត់ផ្សេងៗទៀតនៅជុំវិញពិភពលោក។

ក្រុមហ៊ុនទាំងពីរមានបំណងធ្វើការរួមគ្នា ដើម្បីបញ្ចប់នូវល័ក្ខខ័ណ្ឌ ដែល Pi Pay នឹងចែកចាយដល់ដំណោះស្រាយបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនCCA ដោយផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ អាមេរិកឡាទីន និងអាហ្វ្រិក។

លើសពីនេះទៀត កិច្ចព្រមព្រៀងអាជ្ញាបណ្ណនេះនឹងធ្វើឱ្យក្រុមហ៊ុន CCA ទទួលបានសាច់ប្រាក់៧៤០.០០០ ដុល្លារអាមេរិកនៅក្នុងត្រីមាសបច្ចុប្បន្ន សម្រាប់សេវាកម្មបច្ចេកវិទ្យាគាំទ្រ និងមានអាជ្ញាប័ណ្ណជារៀងរហូតនៅក្នុងប្រទេសកម្ពុជា៕

ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលកម្ពុជានិងសិង្ហបុរីចាប់ដៃគ្នាផ្ដល់សេវាថែទាំសុខភាពឌីថលដំបូងគេនៅកម្ពុជា

ដោយៈ ប៊ី

សិង្ហបុរី/ភ្នំពេញ៖ អាជីវកម្មថ្មី នៃបច្ចេកវិទ្យាសុខាភិបាលកម្ពុជា ពេទ្យយើង របស់ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលប្រទេសសិង្ហបុរី Ssivix Lab បានសម្រេចចាប់ដៃគូធ្វើអាជីវកម្មរួមគ្នា ដើម្បីឲ្យមន្ទីរពេទ្យ និងអ្នកផ្តល់សេវាព្យាបាលដៃគូ និងអ្នកជំងឺកម្ពុជាអាចទាក់ទងទទួល និងផ្តល់សេវា ពិគ្រោះ និងព្យាបាលតាមប្រព័ន្ធឌីជីថលរួមលើទូរស័ព្ទដៃ។

ការផ្តល់សេវានេះនឹងធានាបាននូវសុវត្ថិភាពបំផុត សន្សំសំចៃ និងធានាបាននូវ សុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជាក្នុងគ្រាកំពុងជួបវិបត្តិសុខភាពសាកលកូវីដ១៩ និងមានទិសដៅពង្រីកទៅកាន់បណ្តា ប្រទេសនៅអនុតំបន់មេគង្គ និងអាស៊ីផងដែរ នៅចុងឆ្នាំ២០២១នេះ។

e-Health MyCLNQ ជាប្រព័ន្ធច្រកចេញចូលតែមួយ នៃសេវាកម្មបច្ចេកវិទ្យាសុខាភិបាលថែទាំសុខភាពលើទូរស័ព្ទដៃ ទំនើបដំបូងគេមួយ និងជាកន្លែងផ្តល់សេវាពិគ្រោះ និងទទួលសេវាព្យាបាលធំជាងគេ ផ្តល់ដំដោះស្រាយបញ្ហាសុខភាព ជូនដល់ពលរដ្ឋកម្ពុជា និងនៅក្នុងតំបន់ ដែលជាសមិទ្ធិផលសេវាកម្មបច្ចេកវិទ្យាសុខាភិបាលរួមគ្នាបង្កើតឡើងដោយ កម្មវិធីបច្ចេកវិទ្យា ពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងក្រុមហ៊ុន Ssivix Lab ក្នុងគោលបំណងចូលរួម បំរើដល់អ្នកជំងឺ ដើម្បីទទួលបានសេវាថែទាំសុខភាពឆ្លាតវៃ រហ័ស ចំណេញពេលវេលា និងថវិកា ហើយផ្ដល់ដំណោះ ស្រាយឲ្យមន្ទីរពេទ្យដៃគូ និងអ្នកផ្ដល់សេវាសុខភាពបន្តផ្តល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលាយ៉ាងរហ័ស ងាយស្រួល និងមានសុវត្ថិភាពបំផុតផងដែរ។

លោកស្រីប៉ុង លីមសានសហស្ថាបនិក និងប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា បានលើកឡើងថា “ក្នុងនាមយើងជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលថ្មី ដែលទទួលបានការគាំទ្រពីវេជ្ជបណ្ឌិត រាប់ពាន់នាក់ និងបានកំពុង តែជួយឲ្យពលពលរដ្ឋកម្ពុជា និងអ្នកជំងឺបរទេសប្រមាណជិត២លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រ ទទួលបានសេវា ព្យាបាលអនឡាញ”។

លោកស្រីបានថ្លែងបន្តថា ជាមួយនឹងក្តីសុបិន្ត ក្នុងការចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាល និងសេវាព្យាបាល បែបឌីជីថលក្នុងតំបន់មួយ យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលយើងបានចាប់ដៃគូជាមួយក្រុមហ៊ុន បច្ចេកវិទ្យាសុខាភិបាលថ្មីមានសក្តានុពលរបស់ប្រទេសសិង្ហបុរី Ssivix Lab ដែលជាក្រុមហ៊ុនកំពុងតែផ្តល់សេវាព្យាបាល និងថែទាំសុខភាពជាមួយសេវាពិសេសៗជាច្រើន ដើម្បីយកសេវាទាំងនោះមកដាក់បញ្ចូលគ្នាផ្តល់ឲ្យគ្លីនិក និងមន្ទីរពេទ្យ ដៃគូរបស់យើងនៅតែអាចបន្តផ្ដល់សេវាពិគ្រោះ និងព្យាបាលដល់អ្នកជំងឺជាប្រក្រតី ដោយពុំមានការរំខានពីមេរោគ សាកលវីរុសកូវីដ១៩។ អ្នកជំងឺនៅអាច ស្វែងរកសេវាព្យាបាល ដោយអស់ក្តីបារម្ភតាមរយៈកម្មវិធីសុខភាពឆ្លាតវៃ e-Health MyCLNQ លើទូរស័ព្ទដៃ ដែលជាកម្មវិធីគួរឲ្យទុកចិត្ត និងមានសុវត្ថិភាពបំផុតមួយ។

លោកស្រីបានបន្ថែមទៀតថា “អ្នកជំងឺអាចស្វែងរកសេវាពិគ្រោះ និងព្យាបាលឆ្លងប្រទេសបានផងដែរ ជាពិសេស សេវាពិគ្រោះជាមួយមន្ទីរពេទ្យ និងវេជ្ជបណ្ឌិតដៃគូនៅសិង្ហបុរី ឥណ្ឌា និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ី។ គ្លីនិក មន្ទីរពេទ្យ និងវេជ្ជបណ្ឌិតផ្តល់សេវាព្យាបាលដៃគូរបស់យើងក៏អាចមានឱកាស ផ្ដល់សេវាពិគ្រោះ និងព្យាបាល របស់ខ្លួនដល់អ្នកជំងឺទូទាំងតំបន់បានផងដែរ តាមរយៈការប្រកួតប្រជែតតំលៃ និងគុណភាព។ e-Health MyCLNQ ផ្ដោត ចំបងទៅលើការផ្ដល់ដំណោះស្រាយសេវាពិគ្រោះ ព្យាបាល និងប្រព័ន្ធសុខាភិបាលឌីជីថលក្នុងប្រទេសនៅអាស៊ី ប៉ុន្តែយើងផ្ដើមចេញដំណើរពីមូលដ្ឋានរឹងម៉ាំរបស់យើង ក្នុងប្រទេសកម្ពុជា សិង្ហបុរី ឥណ្ឌា និងតំបន់ទន្លេមេគង្គមុនគេ។”

ក្នុងការធ្វើដៃគូជំនួញរួមគ្នានេះផងដែរ សហស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ssivix Lab លោក Anwar Rafique បាននិយាយថា “ការចាប់ដៃគូជាមួយ ពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វិម៉ិនថិក អាស៊ា ជាឱកាសដ៏អស្ចារ្យ មួយសំរាប់ក្រុមការងារក្រុមហ៊ុន Ssivix Lab យើង ក្នុងការអនុវត្តផែនការពង្រីកចក្ខុវិស័យសុខាភិបាលរួមគ្នានៅកម្ពុជា ដែលជាផែនការពង្រីកវិសាលភាពរបស់យើងនៅក្នុងតំបន់ និងជាចក្ខុវិស័យសុខាភិបាលសម្រាប់តំបន់អាស៊ីរបស់ពួកយើង។

លោកបានបន្តថា ពួកយើងជឿជាក់ថានេះជាឱកាសដ៏កម្រមួយ និងចាំបាច់បំផុតបានអនុញ្ញាតិឲ្យពួកយើងបានចូលរួមចំណែក កសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅប្រទេសកម្ពុជាកាន់តែទំនើប និងពេញលេញថែមទៀតជាមួយរាជរដ្ឋាភិបាល កម្ពុជា និងក្រសួងសុខាភិបាល និងផ្ដោតទៅលើការបំពេញតម្រូវការសេវាព្យាបាលរបស់អ្នកជំងឺជាអាទិ៍ភាព។”

លោក Anwar Rafique បានថ្លែងបញ្ជាក់ថា “ខ្ញុំជឿជាក់ថា e-Health MyCLINQ នឹងជួយឲ្យប្រជាជនកម្ពុជាទទួលបាននូវ សេវាពិគ្រោះ និងសេវាព្យាបាលកាន់តែឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និងតំលៃសមរម្យបំផុតមួយ។ ជាមួយការប្រើ ប្រព័ន្ធដំណើរការដោយមានជំនួយពីបញ្ញាសិប្បនិម្មិត AI លើបច្ចេកវិទ្យាសុខាភិបាលរបស់យើង យើងអាចជួយឲ្យ អ្នកជំងឺអាចស្វែងរកសេវាព្យាបាលពីវេជ្ជបណ្ឌិតមកពីគ្រប់ទីកន្លែង និងអាចជ្រើសរើសយកសេវាព្យាបាលពីវេជ្ជបណ្ឌិត នៅតាមគ្លីនិក និងមន្ទីរពេទ្យនៅតំបន់របស់គាត់កំពុងតែរស់នៅ ឬនៅតំបន់នានានៅក្នុងស្រុក និងនៅក្រៅប្រទេស ដែល ពួកគាត់មានលទ្ធភាពចំណាយថ្លៃសេវាបាន។ e-Health MyCLINQ មិនត្រឹមតែជាប្រព័ន្ធភ្ជាប់ទំនាក់ទំនងផ្តល់សេវា ព្យាបាលប៉ុណ្ណោះទេ វាជាប្រព័ន្ធ នៃបណ្ដុំផ្ដល់សេវាថែទាំសុខភាពគ្រួសារចំរុះមួយ ដែលអាចជួយបំពេញនូវរាល់តំរូវការ សេវាថែទាំសុខភាពចាំបាច់នានា។
លោកក៏បានបញ្ជាក់ផងដែរ ថាបច្ចុប្បន្ននេះមានមនុស្សជាង ៨ ម៉ឺននាក់ និងអ្នកផ្ដល់ សេវាព្យាបាល និងថែទាំប្រមាណមួយពាន់នាក់ ដែលបានកំពុងតែប្រើ និងទទួលអត្ថប្រយោជន៍ពីកម្មវិធី MyCLNQ នៅក្នុងប្រទេសសិង្ហបុរី និងឥណ្ឌា។

ដំណោះស្រាយរួមគ្នា ដែលមានឈ្មោះថា e-Health MyCLNQ វាគឺជាសេវាកម្មប្រព័ន្ធផ្តល់ដំណោះស្រាយរួមគ្រប់ទិដ្ឋភាព ថែទាំសុខភាពដំបូងគេ និងជាដំណោះស្រាយដែលនឹងចូលរួមចំណែកផ្តល់សេវាពិគ្រោះព្យាបាល និងថែទាំមនុស្ស រាប់លាននាក់ និងមានវេជ្ជបណ្ឌិត អ្នកជំនាញផ្ដល់សេវាថែទាំសុខភាពរាប់សែននាក់នៅសិង្ហបុរី ឥណ្ឌា និងកម្ពុជា ហើយពេលដ៏ខ្លីខាងមុខនឹងឈានចូលទៅបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គផងដែរ។

លោកប៊ិន សុជាតិសហស្ថាបនិក ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា និងនាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃកម្មវិធី e-Health MyCLNQ បានលើកឡើងថា “e-Health MyCLNQ ជាជំរើស ដ៏មានសារៈប្រយោជន៍របស់ប្រជាពលរដ្ឋ និងអ្នកជំនាញវេជ្ជសាស្ត្រ ទាំងឡាយក្នុងការទទួលសេវាព្យាបាល និងថែទាំសុខភាព និងផ្ដល់សេវាព្យាបាល និងថែទាំសុខាភាពឆ្លាតវៃជាងមុន ងាយស្រួលជាងមុន និង សន្សំសំចៃច្រើនជាងមុន ក្រៅតែពីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថល និង សម្រួលដល់ការផ្តល់សេវាឲ្យប្រសើរជាមុនដោយពុំមានការរំខានដល់សង្វាកទទួល និងផ្តល់សេវាពិគ្រោះព្យាបាលនៅ កម្ពុជា នៅសហគមន៍អាស៊ាន និងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា៕

រដ្ឋាភិបាលថៃគ្រោងបញ្ចេញទុន១៥ពាន់លានដុល្លារអាមេរិកដើម្បីជួយដល់ ប្រជាជន៥១លាននាក់ចេញពីវិបត្តិ

ដោយៈឧត្តម

បាងកក: រដ្ឋាភិបាលថៃ នឹងចាក់បញ្ចូលថវិកា១៥,២ពាន់លានដុល្លារអាមេរិក ទៅក្នុងសេដ្ឋកិច្ចនៅឆមាសទី២ បន្ទាប់ពីខ្លួនបានអនុម័តកញ្ចប់ថវិកាស្ដារសេដ្ឋកិច្ច កាលពីថ្ងៃអង្គារ ទី១ មិថុនា ដើម្បីសម្រាលផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបង្កឡើងដោយការឆ្លងរាត ត្បាតវីរុសកូវីដ-១៩ រលកទី៣។

យោងតាមសារព័ត៌មាន CNA ឱ្យដឹងថា ការផ្ទុះវីរុសកូវីដ-១៩ រលកចុងក្រោយនៅក្នុងប្រទេសជាសមាជិកអាស៊ាន មួយនេះបានបង្កការឆ្លងស្មើនឹងជាង៨០% នៃករណីឆ្លងសរុប ហើយស្មើនឹងជាង៩០%នៃករណីស្លាប់សរុប ហើយបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសនេះបង្អង់ល្បឿនយ៉ាងខ្លាំង។

លោកស្រី Kulaya Tantitemit ប្រធានការិយាល័យគោលនយោបាយសារពើពន្ធនៃក្រសួងហិរញ្ញវត្ថុថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “វិធានការនេះនឹងផ្ដលជំនួយគ្របដណ្តប់លើពលរដ្ឋចំនួន៥១លាននាក់ ជួយរក្សាអំណាចទិញ និងគាំទ្រដល់សេដ្ឋកិច្ចក្នុងឆមាសទី២ នៃឆ្នាំ២០២១”។

 

កាលពីខែមុន ទីភ្នាក់ងាររៀបចំផែនការរដ្ឋ បានកាត់បន្ថយការព្យាករអំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២១ របស់ខ្លួនពី២,៥% ទៅ៣,៥% មកនៅត្រឹម១,៥%ទៅ២,៥%ដោយសារការផ្ទុះការឆ្លងរលកថ្មី។

យោងតាមលោក Sethaput Suthiwartnarueput ទេសាភិបាលនៃធនាគារកណ្តាលថៃ (Bank of Thailand) បានឱ្យដឹងថា ទម្រាំតែសេដ្ឋកិច្ចធំបំផុតទី២ របស់អាស៊ាន មួយនេះ អាចវិលទៅរកកម្រិតល្អប្រសើរ ដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩ យ៉ាងហោចណាស់ក៏នៅត្រីមាសទី១ ដើមឆ្នាំ២០២៣ដែរ ពោលគឺយូរជាងការព្យាករលើកមុន៕

ខណ្ឌបឹងកេងកងឈរនៅលំដាប់កំពូលដែលមានអ្នកស្វែងរកទិញនិងជួល អចលនទ្រព្យច្រើនជាងគេ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ខណ្ឌបឹងកេងកងនៅតែបន្តឈរនៅលំដាប់លើគេ និងជាជម្រើសពេញនិយមបំផុតសម្រាប់ អ្នកស្វែងរកទិញ ឬជួលអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ខណៈខណ្ឌនេះនឹងនៅតែជាតំបន់ ដែលលេចធ្លោរនៅក្នុងវិស័យអចលនទ្រព្យ។

រាជធានីភ្នំពេញទើបតែចាប់ផ្តើមបើកអោយប្រជាពលរដ្ឋ អាចធ្វើដំណើរបានសារជាថ្មី បន្ទាប់ពីឆ្លងកាត់ការបិទខ្ទប់ ដែលបានបន្តអស់រយៈកាលប្រមាណជាង៦សបា្តហ៍។ ប៉ុន្តែថ្វីត្បិតតែមានការបិទខ្ទប់មែន ក៏នៅមានអ្នកស្វែងរកទិញ រឺជួលអចលនទ្រព្យជាច្រើន បន្តការស្វែងរករបស់ខ្លួនដដែល បើគិតពីពាក់កណ្តាលខែមេសា ដល់ពាក់កណ្តលខែមិថុនា។

របាយការណ៍របស់គេហទំព័រ Realestate.com.kh បានបង្ហាញកាលពីម្សិលមិញថា នៅក្នុងខែមីនា មានចំនួនអ្នកស្វែងរកមើលអចលនទ្រព្យ ច្រើនជាងខែណាៗទាំងអស់នៅក្នុងឆ្នាំ២០២១ ដោយចំនួននេះត្រូវបានគេសម្គាល់ឃើញថា មានការធ្លាក់ចុះបន្តិចនៅក្នុងខែមេសា ដែលអាចបណ្តាលមកពីថ្ងៃឈប់ សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ និងវិធានបិទខ្ទប់នា រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ថ្វីត្បិតបើចំនួនអ្នកស្វែងរកមើល អចលនទ្រព្យនាខែមេសានេះមានការថមថយបន្តិចមែន តែវានៅមានចំនួនខ្ពស់ បើប្រៀបធៀបទៅនឹងខែមេសាកាលពីឆ្នាំ២០២០។

ខណ្ឌដែលតែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញសម្រាប់ខែមេសា ឆ្នាំ២០២១ នៅតែជាខណ្ឌបឹងកេងកង។ ខណ្ឌនេះ ជាពិសេសនៅក្នុងសង្កាត់បឹងកេងកង១ ត្រូវបានគេស្គាល់ថាជាជំរុំនៃស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ ក្រៅពីនេះ ខណ្ឌក៏សម្បូរទៅដោយអគារខ្ពស់ៗសម្រាប់ស្នាក់នៅ និងអគារពាណិជ្ជកម្មធំៗ មើលទៅទំនើបហាក់ដូចនៅក្នុងប្រទេសជឿនលឿនមួយចំនួនដែរ។

ប្រភេទអចលនទ្រព្យ ដែលគេនិយមស្វែងរកនៅ ក្នុងខណ្ឌបឹងកេងកងមាន៖ ១. អាផាតមិន/ខុនដូ ២. ផ្ទះផ្ទាល់ដី ៣. អាគារ រឺផ្ទះសម្រាប់ប្រកបអាជីវកម្ម និង៤. ដី។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើថា មិនថាពេលនេះ ឬទៅថ្ងៃអនាគតនោះទេ បឹងកេងកងនៅតែជាតំបន់ដែលលេចធ្លោ នៅក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែអ្វីដែលជាឧបសគ្គ គឺមិនសូវមានដីទំនេរសម្រាប់អភិវឌ្ឍន៍ទៀតនោះឡើយ។

យើងឃើញហើយថា វត្តមាននៃសំណង់អគារជាច្រើនបានបង្ហាញខ្លួន នៅក្នុងតំបន់បឹងកេង ដូចជាអគារពាណិជ្ជកម្ម អគារលំនៅដ្ឋានសហកម្មសិទ្ធិ (ខុនដូ) អគារអាផាតមិន សណ្ឋាគារ អាហារដ្ឋានទំនើប ដែលភាគច្រើនសុទ្ធតែស្ថិតក្នុងកម្រិតខ្ពស់ទាំងអស់។

ក្រៅពីវត្តមាននៃសំណង់អគារខ្ពស់ៗ ដូចដែលបានរៀបរាប់ខាងលើនេះ បច្ចុប្បន្ននេះ នៅមានគម្រោងជាច្រើនទៀត ដែលនឹងបង្ហាញខ្លួននៅក្នុងតំបន់នេះ ដែលបម្រើដល់ផ្នែកទីផ្សារការិយាល័យជួល ដែលស្ថិតនៅក្នុងកម្រិតកម្រិត B។

បើតាមការចុះផ្សាយរបស់គេហទំព័រ Invest Asian បានឱ្យដឹងថា បឹងកេងកងគឺជាសង្កាត់ មានប្រជាជនរស់នៅកាន់តែច្រើនឡើង ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ជាមួយនឹងកន្លែងស្នាក់នៅភោជនីយដ្ឋាន និងសណ្ឋាគារកាន់តែច្រើន វាក្លាយជាតំបន់ដែលគួរអោយចង់រស់នៅបំផុតនៅក្នុងទីក្រុង។

គេហទំព័រដដែលបន្តថា បឹងកេងកងត្រូវបានគេស្គាល់ផងដែរថា តំបន់នេះជាសហគមន៍សម្រាប់ជនបរទេស និងជាកន្លែងដែលមានស្ថានទូត និងធុរកិច្ចអន្តរជាតិជាច្រើន ក្នុងនោះវត្តមាននៃសាលាអន្តរជាតិ បានទាក់ទាញក្រុមគ្រួសារជនបរទេសផងដែរ ដោយសារតំបន់បឹងកេងកង មានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមជនបរទេសទីផ្សារខុនដូរបស់វាមានតម្លៃថ្លៃ។

ខុនដូមួយយូនីតជាធម្មតា មានតម្លៃជាង២០០,០០០ដុល្លារ ហើយអ្នកទិញទំនងជា នឹងទទួលបានប្រាក់ចំណេញមកវិញនូវការវិនិយោគ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញកំពុងស្វែងរកកន្លែងរស់នៅ បឹងកេងកងគឺនៅតែជាជម្រើសដ៏គួរឱ្យទាក់ទាញ៕

ការដោះស្រាយផលប៉ះពាល់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបាន សើ្ទ១០០% ខណៈការសាងសង់កំពុងដំណើរការររលូន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការដោះស្រាយផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៩,៩% ខណៈវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុប្រវែង១៨៧,០៥០គីឡូម៉ែត្រសម្រេចបាន៥១,៣៥%ហើយ។

នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបានឱ្យដឹងបន្តថា “ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៩,៩% ស្មើនឹង១៨៦,៨៦គីឡូ ម៉ែត្រហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហា ដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ”។

ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេ ញ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រសងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង០,៧៥ម៉ែត្រសងខាង។

មានការសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុ ប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប៦០១៥ម៉ែត្រ។ សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់៩កន្លែង។

បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕