ការដោះស្រាយផលប៉ះពាល់នៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបាន សើ្ទ១០០% ខណៈការសាងសង់កំពុងដំណើរការររលូន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការដោះស្រាយផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៩,៩% ខណៈវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុប្រវែង១៨៧,០៥០គីឡូម៉ែត្រសម្រេចបាន៥១,៣៥%ហើយ។

នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ ប្រវែងសរុបជាង១៩០គីឡូម៉ែត្រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សម្រេចបានប្រមាណ ៥១,៣៥% ហើយ តាមកិច្ចសន្យា គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងបានឱ្យដឹងបន្តថា “ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៩៩,៩% ស្មើនឹង១៨៦,៨៦គីឡូ ម៉ែត្រហើយ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហា ដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ”។

ទោះបីជាប្រទេសកម្ពុជា ប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ នៅតែបន្តដំណើរការដដែល មិនមានការប៉ះពាល់នោះទេ ដោយសារតែក្រុមការងារ បុគ្គលិក កម្មករទាំងអស់ បានខិតខំប្រឹងប្រែងតស៊ូជំនះនូវស្ថានភាពដ៏លំបាកនេះបាន។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេ ញ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ៨៩,៨៩គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ២.០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើ នឹងត្រូវសាងសង់រហូតដល់២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់១០សង់ទីម៉ែត្រ ទទឹង២៣ម៉ែត្រ ដែលក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង១៥ម៉ែត្រ ចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលគន្លងនីមួយៗ មានទទឹង៣,៧៥ម៉ែត្រ អាចឱ្យយានយន្ត គ្រប់ប្រភេទបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងកន្លែងខ្លះអាចដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ខឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូទទឹង២,៥០ម៉ែត្រសងខាង និងចិញ្ចើមផ្លូវក្រាលគ្រួសក្រហមទទឹង០,៧៥ម៉ែត្រសងខាង។

មានការសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូច៥កន្លែង ប្រវែងសរុ ប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យម៨០កន្លែង ប្រវែងសរុប៦០១៥ម៉ែត្រ។ សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿន២៣៧កន្លែង និងស្ពានរំលងផ្លូវ ២០កន្លែង។

សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ ៤កន្លែង និងបញ្ជរបង់ប្រាក់៩កន្លែង។

បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ដែលរួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ផងដែរ៕

រដ្ឋាភិបាលអូស្ត្រាលីគាំទ្រដល់ការផលិតថាមពលពន្លឺព្រះអាទិត្យចំនួន៤៥០មេហ្គាវ៉ាត់នៅកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា នឹងគាំទ្រដល់កម្ពុជាក្នុងការផលិតថាមពលពន្លឺព្រះអាទិត្យ រហូតដល់៤៥០មេហ្គាវ៉ាត់ នៅកម្ពុជានាឆ្នាំ២០២២ ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា ដែលគេទំហ័រ Propertyarea.asia ទទួលបាននៅថ្ងៃទី១ ខែមិថុនានេះ។

ប្រទេសកម្ពុជាមានពន្លឺព្រះអាទិត្យច្រើន ដែលអាចប្រើដើម្បីផលិតថាមពលពន្លឺព្រះអាទិត្យរហូតដល់៤៤.០០០មេហ្គាវ៉ាត់។ នេះបើយោងតាមការសិក្សាដែលឧបត្ថម្ភដោយរដ្ឋាភិបាលអូស្ត្រាលី។

ព្រះអាទិត្យគឺជាប្រភពថាមពលមួយ ក្នុងចំណោមថាមពលនានា ដែលសន្សំសំចៃបំផុត និងមិនប៉ះពាល់បរិស្ថាន នៅលើផែនដី។

រដ្ឋាភិបាលកម្ពុជា បានទទួលយកថាមពលពន្លឺព្រះអាទិត្យ កម្រិតសំរាប់ប្រើប្រាស់ជាអាស្រ័យ និងប្តេជ្ញាដំឡើងថាមពលពន្លឺព្រះអាទិត្យចំនួន៤៥០មេហ្គាវ៉ាត់ នៅត្រឹមឆ្នាំ២០២២។

អូស្ត្រាលីសូមសរសើរចំពោះគោលដៅនេះ ហើយកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់យើង ជាមួយថវិកា៤៩លានដុល្លាអូស្ត្រាលី (ប្រមាណ៣៤,៨លានដុល្លារ) កំពុងជួយវាយតម្លៃ សក្តានុពលថាមពលកកើតឡើងវិញ របស់ប្រទេសនេះ រាប់ទាំងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ព្រមទាំងរៀបចំយុទ្ធសាស្ត្រថាមពល កកើតឡើងវិញជាលើកដំបូងរបស់កម្ពុជាផងដែរ៕

ដំណឹងល្អៈអង្គការសុខភាពពិភពលោកទទួលស្គាល់វ៉ាក់សាំង Sinovac របស់ចិនហើយ

ដោយៈគង់ សូរិយា

អន្តរជាតិៈ បន្ទាប់ពីការទន្ទឹងរង់ចាំយ៉ាងយូរ ទីបំផុតអង្គការសុខភាពពិភពលោកបានសម្រេចទទួលស្គាល់វ់ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac ដែលផលិតនៅប្រទេសចិនហើយ។

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះ បានសម្រេចចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចិន Sinovac សម្រាប់ប្រើប្រាស់ជាបន្ទាន់។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃអង្គារ ទី១ ខែមិថុនា ឆ្នាំ២០២១កន្លងមកនេះ។

ប្រទេសចិនមានក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួនពីរ គឺក្រុមហ៊ុនផលិតវ៉ាក់សាំង Sinopham និងក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឈ្មោះ Sinovac ដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានចែកចាយទូលំទូលាយនៅទូទាំងពិភពលោក ហើយវ៉ាក់សាំងទាំងពីរនេះ មិនមានរឿងអាស្រូវណាមួយលេចឡើងនោះទេ៕

ដីចំនួន៧ប្រភេទដែលអ្នកមិនគួរវិនិយោគ ដើម្បីស្វែងរកផលចំណេញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគមានភាពពេញនិយមជាងគេ នៅក្នុងចំណោមផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យ ព្រោះការវិនិយោគដីធ្លីទទួលបានផលចំណេ​ញខ្ពស់ពីការវិនិយោគ។

ប៉ុន្តែមិនមែនគ្រប់ប្រភេទដី សុទ្ឋតែអាចវិនិយោគទទួលបានផលចំណេញនោះទេ ព្រោះដីខ្លះមានហានិភ័យខ្ពស់ណាស់ ក្នុងការវិនិយោគឬធ្វើឲ្យជាប់គាំងសាច់ប្រាក់ ក្នុងការវិនិយោគ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ដោយចែករំលែកនូវចំណេះដឹងរបស់ខ្លួន មួយចំនួនប្រាប់គេហទំព័រPropertyarea.asiaនាល្ងាចថ្ងៃទី១ មិថុនាកន្លងមកថា មានដីចំនួន៦ប្រភេទ ដែលអ្នកវិនិយោគគួរមានការប្រុងប្រយ័ត្នដូចជា៖

ដីគ្មានប្លង់ច្បាស់លាស់

ដោយសារកម្ពុជាឆ្លងកាត់របបជាច្រើន បានធ្វើឲ្យប័ណ្ណកម្មសិទ្ឋដីធ្លីផ្លាស់ប្តូរជាញឹកញាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការស្វែងយល់ ពិសេសគឺការចេញប្លង់កម្មសិទ្ឋដោយអាជ្ញាធរមួយចំនួន ដែលបានចេញប្លង់ដីជាន់លើគ្នា ដើម្បីបានផលប្រយោជន៍ ហើយអ្នកមានបញ្ហាជាប្រជាពលរដ្ឋ។

បញ្ហានេះបានកើតមានរួចហើយនៅតំបន់អភិវឌ្ឍន៍ថ្មីៗ ដូចជា ព្រះសីហនុ(ប៉ុន្មាន​ឆ្នាំមុន) ខេត្តមណ្ឌលគិរី ដែលបន្ទាប់ពីរដ្ឋាភិបាល ប្រកាសសាងសង់ព្រលានយន្តហោះថ្មី បានធ្វើឲ្យអ្នកវិនិយោគក្នុងស្រុកជាច្រើន បានទៅវិនិយោគដីធ្លីនៅទីនោះ ហើយមានអ្នកវិនិយោគខ្លះក៏បាត់ដី បាត់បង់លុយ ខាតបង់ពេលវេលា ដោយសារជាប់ក្នុងជម្លោះដីធ្លី ព្រោះបញ្ហាប័ណ្ណកម្មសិទ្ឋត្រួតលើគ្នា។

ដីគ្មានផ្លូវ

មានអ្នកវិនិយោគមួយចំនួនបានប្រថុយនឹងហានិភ័យ ដោយហ៊ានវិនិយោគលើដីស្រែ ដីទំនាប និងដីព្រៃ ដែលគ្មានប្លង់ឬគ្មានផ្លូវច្បាស់លាស់ ដោយពួកគេរំពឹងថា ដីបែបនេះនឹងទទួលបានតម្លៃល្អ នៅពេលអ្នកអភិវឌ្ឍន៍ឬអ្នកវិនិយោគណាមួយ ត្រូវការទិញដីនៅក្នុងតំបន់របស់ខ្លួន។

ប៉ុន្តែការវិនិយោគបែបនេះ ប្រឈមហានិភ័យច្រើនណាស់ ដូចជា គាំងសាច់ប្រាក់ លក់មិនចេញ ត្រូវអ្នកវិនិយោគធំៗបង្អាប់តម្លៃ និងអាចត្រូវអ្នកវិនិយោគធំៗមួយចំនួនធ្វើរបងព័ទ្ឋ ប្រសិនជាម្ចាស់ដីទាមទារតម្លៃខ្ពស់ពេក។

ដីមានរាងមិនសមស្រប

រូបរាងដីមានសារៈសំខាន់ណាស់ សម្រាប់យកមកប្រើប្រាស់ធ្វើការសាងសង់ឬអភិវឌ្ឍន៍អ្វីមួយ ពិសេសប្រសិនជាអ្នកទិញ ដើម្បីរកផលចំណេញ អ្នកវិនិយោគរូបនោះប្រឈមនឹងការលក់មិនចេញ ឬពិបាកលក់ និងមិនទទួលបានផលចំណេញច្រើននោះទេ បើសិនជាដីនោះមានរូបរាងមិនសមស្រប ក្រវ៉ិចក្រវៀន មិនមានរាងរៅច្បាស់លាស់។

ដីទំនាស់

អ្នកហ៊ានវិនិយោគដីប្រភេទនេះ ទាល់តែហ៊ានទទួលយកហានិភ័យជាមុន ប៉ុន្តែអ្នកដែលមិនហ៊ានទទួលយកហានិភ័យ មិនគួរវិនិយោគលើដីប្រភេទនេះនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកជាប់ក្នុងជម្លោះ និងខាតបង់ពេលវេលានិងលុយកាក់ផងដែរ។

អ្នកហ៊ានវិនិយោគដីប្រភេទនេះ ច្រើនជាមន្រ្តីតុលាការ និងមេធាវីដែលពួកគេបានសិក្សាទិដ្ឋភាពច្បាប់បានច្បាស់លាស់រួច ទើបពួកគេហ៊ានវិនិយោគ ហើយដីបែបនេះក៏ផ្តល់ផលចំណេញខ្ពស់ផងដែរ។

ដីដែលឆ្ងាយដាច់ស្រយាល
តាមធម្មតាដីធ្លីឡើងថ្លៃខ្ពស់ មានតែនៅតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជន និងដីដែលមានមនុស្សរស់នៅច្រើន។ ផ្ទុយទៅវិញដីនៅតំបន់ដាច់ស្រយាល ដីដែលគ្មានមនុស្សរស់នៅ ជាដីដែលមិនសូវមានតម្លៃ និងមិនងាយឡើងថ្លៃនោះទេ។

ដីនៅកៀក និងចំផ្លូវរត់របស់យន្តហោះ

នៅកៀកព្រលានយន្តហោះពេក ពិសេសដីស្ថិតនៅចំផ្លូវរត់ឡើង និងរត់ចុះរបស់យន្តហោះ ពិតជាដីដែលមិនត្រូវវិនិយោគនោះទេ ដោយសារដីប្រភេទនេះពិបាកក្នុងការលក់ចេញ ពិបាកសាងសង់ និងពិបាកក្នុងការរស់នៅ ព្រោះបើអ្នកវិនិយោគឬទិគដីប្រភេទនេះដើម្បីសាងសង់លំនៅដ្ឋាន ឬអាគារពាណិជ្ជកម្មអ្វីមួយ គឺអ្នកនឹងរងការរំខានពីសម្លេង​យន្តហោះជាប់ជាប្រចាំ។

ហេតុនេះអ្នកវិនិយោគដីធ្លី នៅក្បែរព្រលានយន្តហោះត្រូវប្រុងប្រយ័ត្ន និងសិក្សាឲ្យបានម៉ត់ចត់បំផុត លើទីតាំងដីដែលខ្លួនវិនិយោគនៅក្បែរព្រលានយន្តហោះ។

ដីឡូត៍ដែលគ្មានហេដ្ឋារចនាសម្ព័ន្ឋត្រឹមត្រូវ

អ្នកវិនិយោគដីឡូត៍ភាគច្រើន ជាអ្នកមានជីវភាពមធ្យម និងក្រោមមធ្យម និងអ្នកមិនសូវមានចំណេះដឹងច្បាស់លាស់។ ហេតុនេះអ្នកវិនិយោគដីឡូត៍ មិនគួររំពឹងពីផលចំណេញនោះទេ ព្រោះក្រុមហ៊ុនពុះដីឡូត៍លក់ភាគច្រើន បានយកផលចំណេញពីដីធ្លីនោះស្ទើរអស់ទៅហើយ។

ជាពិសេសអ្នកទិញដីឡូត៍តូចៗ មិនគួរទិញដីដែលគ្មានផ្លូវ គ្មានប្រព័ន្ឋលូត្រឹមត្រូវ និងគ្មានបណ្តាញទឹក និងអគ្គិសនីនោះទេ៕

អារ៉ាប់ប៊ីសាអូឌីតចំណាយទឹកប្រាក់ជាង៣៥ពាន់លានដុល្លារលើគំរោងអភិវឌ្ឍន៍ធំៗនៅដំណាច់ឆ្នាំ២០២១នេះ

ដោយៈ សុខុម

ក្រុងរីយ៉ាដ: យោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត នឹងក្លាយជាទីផ្សារធំបំផុតក្នុងតំបន់មជ្ឈិមបូព៌ា សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗប្រចាំឆ្នាំ២០២១ ជាមួយនឹងទំហំវិនិយោគរហូត ដល់ទៅប្រមាណ៣៥ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី៣១ ឧសភា។

ក្រុមហ៊ុនវិនិយោគ KAMCO Invest និយាយថា ទីផ្សារគម្រោងអភិវឌ្ឍន៍របស់ក្រុមប្រឹក្សាប្រតិបត្ដិឈូងសមុទ្រ (Gulf Cooperation council) បានងើបឡើងវិញយ៉ាងរឹងមាំ និងឆាប់រហ័សអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២១ ដោយគម្រោងដែលទទួលបានកើនឡើងលើសពីទ្វេដង ក្នុងកម្រិតត្រីមាសធៀបត្រីមាសដល់២៦,៣ពាន់លានដុល្លារ។

ភាគច្រើន ការកើនឡើងនេះបណ្ដាលមកពីគម្រោង ដែលនៅពុំទាន់សម្រេចក្នុងឆ្នាំ២០២០ ហើយគម្រោងទាំងនោះបានចាប់ផ្ដើមឡើងវិញ ស្របពេលតំបន់កំពុងបង្កើនកិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ-១៩។
ទំហំគម្រោងនានាដែលបានគ្រោងទុក និងស្ថិតក្រោមការអនុវត្តក្នុងក្រុមប្រឹក្សាប្រតិ​​បត្ដិឈូងសមុទ្រ (Gulf Cooperation council) គឺរក្សានៅទំហំប្រមាណ១,៧ទ្រីលានដុល្លារ ដដែលចាប់តាំងពីឆ្នាំ២០១៧ ។

ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួមអេមីរ៉ាត បានគ្របដណ្ដប់ជាង៨៤%នៃទីផ្សារសរុបក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅតែជាទីផ្សារធំបំផុត ជាមួយគម្រោងក្នុងទំហំទឹកប្រាក់១,២ទ្រីលានដុល្លារ ដែលវិនិយោគលើបំពង់បង្ហូរប្រេង ឬឧស្ម័ន បន្ទាប់មកគឺប្រទេសអារ៉ាប់រួមអេមីរ៉ាត ជាមួយនឹងទំហំវិនិយោគ៦៥២ពាន់លានដុល្លារ ហើយប្រទេសកូវែត ជាមួយនឹងទំហំវិនិយោគ១៨៧ពាន់លានដុល្លារ៕

ការសិក្សាៈ ប្រជាជនកម្ពុជាចំនួន៤៤ភាគរយបានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ប្រជាជនកម្ពុជាចំនួន៤៤ភាគរយ បានកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធជាប់ខ្លួន បើប្រៀបធៀបជាមួយមុនពេលមានការរាលដាលនៃជំងឺកូវីត។ នេះបើយោងតាមការសិក្សាស្តីពី ឥរិយាបថទូទាត់ប្រាក់របស់អតិថិជនរបស់ក្រុមហ៊ុនVisa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់តាមប្រព័ន្ធឌីជីថល ឈានមុខគេនៅក្នុងពិភពលោកនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

យោងតាមទិន្នន័យរបស់ Visa បានឱ្យដឹងថា ទំនោរនៃការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless កំពុងមានកំណើននៅក្នុងប្រទេសកម្ពុជា អតិថិជន២នាក់ ក្នុងចំណោម៣នាក់ (ស្មើរនឹង៧១ភាគរយ)បានប្រើប្រាស់ប្រតិបត្តិការបច្ចេកវិទ្យា Contactless2 របស់ Visa។ ពីមួយឆ្នាំទៅមួយឆ្នាំ កំណើននៃគុណតម្លៃរបស់ប្រតិបត្តិការ ពាណិជ្ជកម្មអេឡិចត្រូនិច មានការកើនឡើងបួនដង បើគិតចាប់ពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០ រហូ​តដល់ត្រីមាស ទី១ នៃឆ្នាំ២០២១៣។

តាមការសិក្សាចុងក្រោយរបស់ក្រុមហ៊ុន Visa ស្តីអំពីឥរិយាបថក្នុងការទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញសញ្ញាណនៃនិន្នាការថ្មីដែលបញ្ជាក់ថា ពេលនេះ គឺជាពេលវេលាដ៏សាកសមបំផុត សម្រាប់ការផ្លាស់ប្តូរនូវទម្លាប់ក្នុងការការទូទាត់ប្រាក់។ បើតាមការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ អត្ថប្រយោជន៍ចម្បងមួយចំនួនរបស់សង្គម ដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ រួមមាន ការកាត់បន្ថយហានិភ័យ នៃការរីករាលដាលការឆ្លងមេរោគ (រហូតដល់ទៅ៣៤ភាគរយ) ការជម្រុញឱ្យមានការធ្វើបរិយាបន្នហិរញ្ញវត្ថុ (៣២ ភាគរយ) ការបង្កើនប្រសិទ្ធិភាពសង្គម និងការរំខានតិចជាងមុន (២៩ភាគរយ សម្រាប់២កត្តាចុងក្រោយ)។

អ្នកស្រីជុំ ម៉ូនីកានាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រ​សាសន៍ថា “ក្នុងកំឡុងពេលដ៏លំបាកនេះ យើងគួរតែពិនិត្យមើលវិធីសាស្រ្ត ដើម្បីអភិវឌ្ឍការទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធនៅទូទាំងប្រទេស”។ អ្នកស្រីបន្តថា “ខណៈពេលដែលសាច់ប្រាក់សុទ្ធ នៅតែបន្តជាជម្រើសដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជាភាគច្រើននោះ ឥឡូវនេះគឺជាពេលវេលាដ៏សមស្របមួយ ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងចំណោមសហគមន៍ តាមរយៈការផ្សព្វផ្សាយពីភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព តាមរយៈការប្រើប្រាស់ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល”។

សន្ទុះនៃកំណើនការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ត្រូវបានជំរុញដោយការទូទាត់តាមរយៈបច្ចេកវិទ្យាQR កូដ និងការទូទាត់តាមរយៈការប្រើប្រាស់កាត នៅក្នុងចំណោមអ្នកប្រើប្រាស់កម្ពុជា។ ការកើនឡើងទាំងនេះ គឺស្របពេលជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំងឡើង នៅក្នុងជម្រើសនៃការទូទាត់ ដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗទៀតផងដែរ។

ការកើនឡើងទាំងនេះ ស្របជាមួយនឹងការចាប់អារម្មណ៍កាន់តែខ្លាំង ពីជម្រើសនៃការទូទាត់។ ការទូទាត់តាមរយៈបច្ចេកវិទ្យា QR កូដ ត្រូវបានគេមើលឃើញថា មានការកើនឡើងក្នុងចំណោមអតិថិជន ដែលមានទំនោរមិនចង់យកសាច់ប្រាក់សុទ្ធតាមខ្លួនច្រើន ជាពិសេសការទូទាត់វិក្កយបត្រ នៅពេលទិញគ្រឿងឧបភោគបរិភោគ និងការទទួលទាននៅតាមភោជនីយដ្ឋាន (ទាំងពីរនេះកើនឡើងប្រមាណ ២៥ ភាគរយ)។

សូចនាករនៅពីក្រោយការកើនឡើងនេះ គឺដោយសារតម្រូវការប្រជាជនមានការកើនឡើង ក្នុងការការការពារសុវត្ថិភាពពីជំងឺរាតត្បាត COVID-19 ដែលកំពុងតែរីករាលដាល នៅក្នុងនោះដែរចំនួនប្រជាជន ដែលប្រើសាច់ប្រាក់សុទ្ធ ក៏ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះ៨ភាគរយ បើប្រៀបធៀបនឹងការកើនឡើង ក្នុងចំណោមអ្នកប្រើប្រាស់ដែលបានជ្រើសរើសប្រើបច្ចេកវិទ្យាQR កូដ ដើម្បីធ្វើការទូទាត់ មានរហូតដល់ទៅ ៤៤ ភាគរយ។

អ្នកស្រីជុំ ម៉ូនីកាបន្ថែមទៀតថា “យើងដឹងថាអតិថិជនរំពឹងចង់បាន ការទូទាត់ប្រាក់ដែលមានសុវត្ថិភាព រហ័ស និងមានភាពងាយស្រួល នោះហើយជាមូលហេតដែលការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless បានក្លាយជាជម្រើសសម្រាប់ការទូទាត់លើប្រតិបត្តិការដែលមានទំហំតូច និងការចំណាយប្រចាំថ្ងៃ”។

អ្នកស្រីបានថ្លែងបន្តថា នៅពេលដែលការទូទាត់តាមរយៈបច្ចេកវិទ្យា contactless ត្រូវបានដាក់ឱ្យប្រើប្រាស់នៅ តាមទីកន្លែងដែលប្រជាជន ទៅទិញទំនិញជាប្រចាំ ដូចជាបណ្តារផ្សារទំនើប ហាងលក់ទំនិញ និងស្ថានីយ៍ប្រេងឥន្ធនៈ ការទូទាត់ដោយប្រើបច្ចេកវិទ្យា contactless នឹងក្លាយជាវិធីសាស្ត្រទូទាត់ ប្រក្រតីភាពមួយយ៉ាងឆាប់រហ័ស សម្រា​ប់ប្រតិបត្តិការទូទាត់ ដែលតម្រូវឱ្យមានការប្រាស្រ័យជួបគ្នារវាងបុគ្គល។ នេះគឺជាឱកាសមួយសម្រាប់ Visa ដើម្បីសហការជាមួយដៃគូរបស់យើង ដើម្បីបង្កើនការទូទាត់ប្រាក់ដោយប្រើបច្ចេកវិទ្យា contactless នៅទូទាំងប្រទេស៕

អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ពេញ​ចិត្ត​សម្តេច​តេជោ​ក្នុង​ការ​អនុញ្ញាត្ត​ឲ្យ​កប៉ាល់ ​Westerdam​ ចូល​ចត​

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកជំទាវ Wendy R. Sherman បានសម្តែងក្តីពេញចិត្តចំពោះកម្ពុជា និងអាមេរិក ពិសេសការដែលសម្តេចតេជោហ៊ុន សែនអនុញ្ញាត្តឲ្យកប៉ាល់ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ។

ក្នុងជំនួបជាមួយសម្តេចតេជោកាលពីល្ងាចថ្ងៃទី១ មិថុនាកន្លងមក លោកជំទាវ Wendy R. Sherman បានជម្រាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកជំទាវមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីពាំនាំនូវលិខិតរបស់ ឯកឧត្តមប្រធានា​ធិបតី Joe Biden គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវក៏បានបន្ថែមថា នេះគឺជាបំណងរបស់ ឯកឧត្តមប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងន័យធ្វើយ៉ាងណាឱ្យអ្វីៗ មានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរ។

លោកជំទាវ ក៏បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើន ជាពិសេសលើការរុករកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួន នៅក្នុងប្រទេសកម្ពុជា កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ដូចជា អនុញ្ញាតឲ្យនាវា Wasterdam ចូលចតនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើនាវាដោយប្រទេសដទៃទៀត មិនអនុញ្ញាតឱ្យចុះចត ដោយសារបញ្ហាជំងឺកូវីដ១៩នោះ។

លោកជំទាវ ក៏បានគោរពជម្រាបជូនសម្ដេចតេជោ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា កិច្ចសហប្រតិបត្តិការលើប្រេង និងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិក លើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយចំពោះអ្វីដែលលោកជំទាវបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិកជួយដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោល តាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធឆាំងជំងឺរាតត្បាតកូវីដ១៩។

សម្ដេចតេជោ ក៏បានសំដែងនូវការអបអរសាទរជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវីដ១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ គឺមានការចុះថយ នៃការរីករាយកណ្ដាលឆ្លងជម្ងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកជំទាវផងដែរ ក្នុងឱកាសដែលលោកជំទាវ Wendy R. Sherman បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលនេះ ជាពិសេសអ្វីដែលលោកជំទាវបានលើកឡើង ដូចជា ការដោះស្រាយបំណុល សម្ដេចតេជោបានស្នើឲ្យសហរដ្ឋអាមេរិក ជាពិសេសឯកឧត្តមប្រធានាធិបតី Joe Biden ពិនិត្យពិចារណាដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេរភាគី ទី១) អនុញ្ញាតឲ្យកម្ពុជាសងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ ។

ទី២) សងបំណុលតាមកម្មវិធីដែលមាន ការប្រាក់មិនលើសពី១ភាគរយ និងទី៣) បំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិកគឺសំណងចំនួន ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លើសពីនេះទៅទៀតសម្ដេចតេជោ ក៏សូមស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការបញ្ជូន ជនជាតិកម្ពុជាពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។

ជាការឆ្លើយតប លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី រាល់កិច្ចសហប្រតិបត្តិការ ហើយលោកជំទាវសន្យាថា អ្វីដែលជាការលើកឡើងរបស់ សម្ដេចតេជោ ដែលជាសំណើនេះ លោកជំទាវនឹងជម្រាបជូនឯកឧត្តមប្រធានា​ធិបតី Joe Biden៕

ទីផ្សារជួលខុនដូនិងអាផាតម៉ិនបន្តមានបញ្ហាខណៈជនបរទេសមិនទាន់អាច ចូលមកកម្ពុជាបាន

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ក្នុងពេលដែលវិបត្តិកូវីដ១៩ នៅតែបន្តរាលដាលក្នុងប្រទេសកម្ពុជា​ ទីផ្សា​រជួលអចលនទ្រព្យ ជាពិសេសខុនដូ និងអាផាតម៉ិននៅតែបន្តធ្លាក់ចុះបន្ថែមទៀត រហូតមកដល់ពេលនេះ។ នេះបើតាមអ្នកជំនាញអចលនវត្ថុកម្ពុជាបានថ្លែងប្រាប់ Cambodiafinancialtimes ថ្មីៗនេះ ។

លោករិន ច័ន្ធរិទ្ធប្រធានក្រុមហ៊ុន DNZ Realty បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ មិថុនានេះថា ការជួលខុនដូ បានធ្លាក់ចុះខ្លាំង ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះ ព្រោះភ្ញៀវបរទេសដែលចូលមកកម្ពុជា ក៏បានធ្លាក់ចុះតាំងពីនោះមកដែរ ។

លោកបន្តថា “ទីផ្សារជួលខុនដូ នៅក្នុងប្រទេសកម្ពុជានាពេលនេះ នៅតែពឹងលើជនបរទេស។ ដូចយើងបានឃើញស្រាប់ហើយក្នុងឆ្នាំ២០២១នេះ ទាំងវិនិយោគិនបរទេ​ស និងទេសចរបរទេសនៅតែបន្តធ្លាក់ចុះ”។លោកបន្តថា “ការរឹតបន្តឹងការធ្វើដំណើរឆ្លងប្រទេសមួយទៅប្រទេសមួយទៀត ដែលធ្វើចំនួនភ្ញៀវទេសចរនិងវិនិយោគបរទេស នៅតែថយចុះមកកាន់ប្រទេសកម្ពុជា”។

លោកច័ន្ទរិទ្ធបានបន្ថែមថា មិនត្រឹមតែទីផ្សារជួលខុនដូទេដែលធ្លាក់ចុះនោះ សូម្បីតែទីផ្សារលក់ខុនដូនៅកម្ពុជាក៏ធ្លាក់ចុះខ្លាំងដែរ ក្នុងអំឡុងពេលនេះការបិទខ្ទប់រាជធានីភ្នំពេញ និងការរឹតបន្តឹងការធ្វើដំណើររបស់ពលរដ្ឋឆ្លងខេត្ត ។

ជាមួយគ្នានេះអ្នកស្រីគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE ប្រចាំកម្ពុជាបានលើកឡើងថា ការវិនិយោគលើខុនដូ និងការជួលខុនដូ សម្រាប់ឆ្នាំ ២០២១នេះ ភាគច្រើនជាវិនិយោគិនក្នុងស្រុក ព្រោះវិនិយោគិនបរទេសនៅតែមិនទាន់អាចចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគបាននៅឡើយ ព្រោះបណ្ដាប្រទេសជាច្រើនលើពិភពលោកនៅតែជួបបញ្ហានឹងជំងឺកូវីដ១៩ដដែល ។

ប៉ុន្តែបើតាមអ្នកជំនាញអចលនទ្រព្យផ្សេងទៀតបានរំពឹងថា វិនិយោគិនបរទេសជាពិសេសវិនិយោគិនចិន នឹងចូលមកកម្ពុជានៅពេលឆាប់ៗខាងមុខនេះវិញ ដើម្បីបន្តស្វែងរកការវិនិយោគនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យអចលនវត្ថុ៕

គម្រោងវិនិយោគធំៗរបស់ចិនបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជាយ៉ាងលឿន

ដោយៈ ប៊ី

ភ្នំពេញៈ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានសិក្សាស្រាវជ្រាវលើគម្រោងវិនិយោគរបសក្រុមហ៊ុនចិនធំៗនៅកម្ពុជា ហើយបានរកឃើញថា គម្រោងទាំងនេះបាននិងកំពុងចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចជាតិ និងសង្គមនៅកម្ពុជា។

យោងតាមលោកបណ្ឌិត កែវ ពិសិដ្ឋ ប្រធានមជ្ឈមណ្ឌលការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសម្ភាសន៍តាមវីដេអូ ជាមួយអ្នកសារព័ត៌មានកាលពីថ្មីៗនេះបានឱ្យដឹងថា វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន និងកម្ពុជា៦ធំៗនៅកម្ពុជា មានដូចជា ក្រុមហ៊ុនសាងសង់ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុនទំនិញរួចពន្ធ វារីអគ្គិសនី ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលនាំមុខក្នុងវិស័យវិនិយោគនៅកម្ពុជា។

របាយការណ៍ស្រាវជ្រាវដែលចំណងជើងថា “អភិវឌ្ឍន៍ប្រកបដោយចីរភាពនៃស​ហគ្រាសចិននៅកម្ពុជា”បានបង្ហាញថា ការវិនិយោគរបស់ក្រុមហ៊ុនចិន បានចូលរួមចំណែ​កក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការលើកកម្ពស់ជីវភាព ការលើកស្ទួយសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារសង្គម និងកិច្ចការមនុស្សធម៌ដែលបានជួយកម្ពុជាកន្លងមកនេះ។

លោកបណ្ឌិតកែវ ពិសិដ្ឋបានបន្តថា បានការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចាប់ផ្ដើមពីសីហា ដល់ខែតុលា បានសិក្សាទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន និងកម្ពុជាចំនួន៦ រួមមានក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និងក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ មាន China Huaneng Groupជាម្ចាស់ភាគហ៊ុនធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាម្ចាស់ភាគហ៊ុនធំទីពីរ។

លោកបណ្ឌិតបានឱ្យដឹងទៀតថា ប្រទេសចិន គឺជាប្រទេសមួយដែលមានការវិនិ​យោគច្រើនជាងគេនៅកម្ពុជា បើគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ តួលេខទំហំវិនិយោគរបស់ក្រុមហ៊ុន ចិនមានប្រមាណ១ភាគ៥ នៃចំនួនទឹកប្រាក់វិនិយោគសរុបនៅកម្ពុជា។ បន្ទាប់ពីប្រទេសចិន គីក្រុមហ៊ុនវិនិយោគ ដែលមកពីសាធារណៈរដ្ឋកូរ៉េ អង់គ្លេស ម៉ាឡេ ជប៉ុន និងវៀតណាម។

បច្ចុប្បន្នរដ្ឋាភិបាលចិន មិនត្រឹមតែជាដៃគូផ្តល់ជំនួយឥតសំំណង និងកម្ចីសប្បទានធំជាងគេនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែចិនក៏ជាអ្នកវិនិយោគធំជាងគេនៅកម្ពុជា ដូចជាវិស័យឧស្សាហកម្មវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័ងសំណង់និងអចលនទ្រព្យ វិស័យគមនាគមន៍ វិស័យថាមពលអគ្គិសនីជាដើម។

សហស្ថាបនិកនិងជាអគ្គនាយកនៃគេហទំព័រPropertyareaលោកយិន លាងគង់ បានមានប្រសាសន៍ថា ចំណងមិត្តភាបដូចដែកថែបរវាងប្រមុខរដ្ឋាភិបាលចិន ជាមួយអតី​តសម្តេចព្រះបរមរតនកោដិ នាពេលកន្លងមក និងការត្រួសត្រាយផ្លូវជាថ្មីដោយសម្តេ​ចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា និងចិនក្លាយជាមិត្តដែកថែប ដែលមិនអាចកាត់ផ្តាច់បាន តាមរយៈការដាក់ចេញយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងប្រ​មុខ​រដ្ឋាភិបាលប្រទេសទាំងពីរ និងការកសាងបង្កើតសហគមន៍ពីរ វាសនាតែមួយ។

លោកបន្តថា “វត្តមានចិន ជាការនាំាំមកនូវវិបុលភាពកម្ពុជា និងជាការជំរុញឲ្យកម្ពុជាឆ្ពោះទៅមុខ ការរិះគន់ការវិនិយោគរបស់ចិននៅកម្ពុជា ជាទង្វើរបស់ពួកមនុស្សអគតិប៉ុណ្ណោះ”៕

ការសិក្សា: តម្លៃផ្ទះថ្មីនៅប្រទេសចិនហក់ឡើង៣ខែជាប់គ្នា

ដោយៈ សុខុម

ប៉េកាំង: ការសិក្សាមួយបានបង្ហាញនៅថ្ងៃអង្គារ ទី១ ខែមិថុនា នេះថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានហក់ឡើងក្នុងខែឧសភា ពោលគឺរយៈពេល៣ខែជាប់ៗគ្នានៅក្នុងទីក្រុងជាច្រើន ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់លឿនជាងមុន។ នេះបើយោងតាមសារព័ត៌មាន CNA។

យោងតាមទិន្នន័យពីវិទ្យាស្ថាន China Index Academy ដែលជាស្ថាប័នឯករាជ្យស្រាវជ្រាវផ្នែកទីផ្សារអលនទ្រព្យបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០បានហក់ឡើង០,៣៤%ក្នុងខែឧសភា បើធៀបនឹង០,២៣%ក្នុងខែមេសា។

លោក Cao Jingjing នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថាន China Index Academy បានលើកឡើងថា “ចំនួនគម្រោងលំនៅដ្ឋានថ្មីៗ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍នៅតែកើនឡើងខ្ពស់ក្នុងខែឧសភា”។ លោកបានបន្ថែមទៀតថា ដោយសារពលរដ្ឋដែលមានផ្ទះរួចសម្លឹងរកទិញផ្ទះដែលធំទូលាយជាងមុនបានជំរុញឱ្យមានតម្រូវការសម្រាប់គម្រោងថ្មីៗ ហើយនោះជាមូលហេតុដែលធ្វើឱ្យតម្លៃហក់ឡើង។

ទន្ទឹមនេះ តម្លៃផ្ទះមួយទឹកបានហក់ឡើង០.៥%ក្នុងខែឧសភា។ តម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី១ បានហក់ឡើង០,៩៥%ក្នុងខែឧសភា គឺកើនឡើងទ្វេដងបើធៀបទៅនឹងកំណើនជាមធ្យមនៅក្នុងទីក្រុងដែលមានលំដាប់ទាបជាង។

ចាប់តាំងពីដើមឆ្នាំ២០២១នេះ អាជ្ញាធរចិន បានពង្រឹងយុទ្ធនាការរបស់ខ្លួនដើម្បីគ្រប់គ្រងការឡើងថ្លៃផ្ទះឥតឈប់ឈរ។ គោលនយោបាយនានាដែលអាជ្ញាធរចិន បានដាក់ចេញរួមមានការដាក់កម្រិតលើតម្លៃដែលកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ និងការរារាំងទីភ្នាក់ងារអចលនទ្រព្យមួយចំនួនមិនឱ្យកំណត់តម្លៃខ្ពស់ហួសហេតុសម្រាប់ផ្ទះមួយទឹកជាដើម។ ការសិក្សាបានរកឃើញថា ធនាគារនៅក្នុងទីក្រុងធំៗក៏បានឆ្លៀតឱកាសដំឡើងអត្រាប្រាក់លើកម្ចីទិញផ្ទះផងដែរ។

ការទិញលក់នៅក្នុងទីក្រុងធំៗចំនួន១៨ដែលវិទ្យាស្ថាន China Index Academy បានសង្កេតតាមដានបង្ហាញថា ស្ថិតក្នុងសភាពនៅទ្រឹងក្នុងខែឧសភា បើធៀបទៅនឹងខែមេសា។

ទិន្នន័យរបស់វិទ្យាស្ថាន China Index Academy បង្ហាញថា ទំហំនៃការលក់ដីក្នុងទីក្រុងចំនួន៣០០បានធ្លាក់ចុះ១២%ក្នុងខែឧសភា បើធៀបទៅនឹងខែមេសា ហើយបានធ្លាក់ចុះ១៩%បើគិតជាអត្រាប្រចាំឆ្នាំ៕