តើកម្ពុជាមានធនធានអ្វីខ្លះសម្រាប់ពង្រីកឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួនឲ្យរីកចម្រើនបន្ថែម

0

ដោយ: ហ៊ុយ ក្រេង- July 19, 2021

ភ្នំពេញ: តាមការសិក្សានាពេលថ្មីៗនេះបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាអាចនឹងពង្រីកខ្លួនធំបាន ដោយមានកត្តាធំៗជាច្រើនស្របពេល ដែលកម្ពុជារក្សាគោលជំហររឹងមាំ។

លទ្ធផល​នៃ​ការសិក្សាស្រាវជ្រាវ​យ៉ាង​ច្រើន​បាន​បង្ហាញថា ការ​វិនិយោគលើ​ធន​ធា​ន​មនុស្ស​គឺ​ពិត​ជាកត្តា​​​ដ៏ចម្បងមួយ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និង​ការអភិវឌ្ឍប្រកប​ដោយចីរភាព។ នៅ​ពេល​ដែល​ការកសាង​មូលធនមនុស្ស ឬ​ជាភាសាបរទេស​ “Human capital” អាច​ផ្តល់​​ជា​អត្ថប្រយោជន៍​អរូបិយ និងសម្រាប់​បុគ្គល​ឯកជន​ផ្ទាល់ក៏ដោយ ក៏ជារួម ​វា​បាន​ផ្តល់​ផល​វិជ្ជមានដល់​សេដ្ឋកិច្ច​ទាំង​មូល​ផងដែរ។

យោងតាម​ការ​សិក្សាថ្មីៗ​បាន​បង្ហាញថា មូលធន​មនុស្ស​រួមចំណែក​ប្រមាណលើស​ពីរភាគបី ​នៃ​ការបង្កើន​ទ្រព្យសម្បត្តិ​របស់​ពិភពលោកទាំងមូល។

ប្រធានរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត សុខ ទូចបានមានប្រសាសន៍ក្នុងវេទិកាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជាកាលពីសប្តាហ៍មុន ដោយផ្តល់នូវទស្សនទានចំនួន៤ចំណុ​ច ដើម្បីពង្រឹងឧត្តមភាពសេដ្ឋកិច្ចកម្ពុជា។ ចំណុចសំខាន់ៗទាំងនោះរួមមាន

១) ធនធានមនុស្សកម្ពុជា

 ជាឆ្អឹងខ្នងធំហើយដើរតួយ៉ាងសំខាន់ ដែលក្នុងនោះមិនត្រឹមតែចំណេះដឹង បូករួមទាំងសីលធម៌នឹងការគិតក្នុងកម្រិតខ្ពស់គឺសុជីវធម៌។ ក្រៅអំពីការសិក្សាតាមកម្រិតថា្នក់ ពោលគឺថា្នក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថា្នក់បណ្ឌិតនោះ ការសិក្សាជំនាញគឺមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។ ពលរដ្ឋកម្ពុជាភាគច្រើន បានដាក់សេចក្តីសង្ឃឹមរបស់ខ្លួន ចំពោះកូនៗរបស់គេក្នុងការសិក្សាឲ្យបានខ្ពស់ ហើយមិនសូវជាបានគិតថា ការសិក្សាជំនាញមានសារៈសំខាន់នោះទេ។

ការសិក្សាជំនាញមួយដែលច្បាស់លាស់ ហើយប្រើរយៈពេលត្រឹមមួយឆ្នាំ ឬពីរឆ្នាំនោះគឺពិតជាអាចរកថវិកាបានគ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងសហគមន៍ទៀតផង។

២) វិស័យកសិកម្ម

កម្ពុជាជាប្រទេសកសិកម្ម កសិកម្មគឺត្រូវពឹងផ្អែកលើចំណេះដឹង ជំនាញនិងការធ្វើពិពិធកម្មបន្ថែម។

៣) វិស័យទេសចរណ៍

កម្ពុជាយើងបច្ចុប្បន្នទេសចរណ៍ដើរតែពីរទេគឺ ទេសចរណ៍វប្បធម៌ នឹងទេសចរណ៍ឆ្នេរ។ ទេសចរណ៍ទាំងអស់មានមាន៤ ដែលមិនដើរគឺ ទេសចរណ៍ផលិតផល ទេសចរ​ណ៍​សប្បនិម្មិត ទេសចរណ៍វិស័យសុខាភិបាល ទេសចរណ៍បរិស្ថាន។

៤) សហគ្រាសធុនតូច និងមធ្យម

កម្ពុជាត្រូវបង្កើនការផលិតដោយខ្លួនឯង និងកែច្នៃផលិតផលស្រូវ  និងផលិតផលកសិ​កម្ម​ជាច្រើនទៀត ដែលកម្ពុជាអាចផលិតបានសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។

យោង​តាម​របាយការណ៍ចេញផ្សាយក្នុង​ពេលថ្មីៗនេះ របស់​ធនាគារពិភពលោក​ស្ដីអំពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៩” ការបង្កើនគុណភាពនៃមូលធន​មនុស្ស នៅក្នុង​ប្រទេស​កម្ពុជា គឺជាកត្តាស្នូល ដើម្បី​សម្រេច​ឲ្យបាន​គោលបំណង ក្នុងការប្រែក្លាយ​ខ្លួន​ជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ថ្វីបើ​ប្រៀបធៀបនៅក្នុងតំបន់ ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​ប្រទេស​  កម្ពុជានៅមាន​ភាព​យឺតយ៉ាវ​នៅ​ឡើយ។

ធនធានសេដ្ឋកិច្ចជាប្រភពចម្បង ក្នុងការរក្សាស្ថេរភាពរីកចម្រើនទៅមុខ។ ធនធា​ននឹងការវិនិយោគ ត្រូវតែដើរស្របពេលតែមួយក្នុងបរិកម្មធីជីថល។ កម្រិតនៃការកើនឡើងចេះតែរុញសេដ្ឋកិច្ចខ្លួន ពីមួយដំណាក់កាលទៅមួយដំណាក់កាល រីឯការអភិវឌ្ឍនូវតែបន្តខិតខំផ្តាច់មុខទាំងនៅក្នុងកម្រិតតំបន់ និងទីក្រុង ដើម្បីឈានទៅរកសេដ្ឋកិច្ចដែលមានភាពខ្លាំង។

លើសពីការអភិវឌ្ឍមូលធន បើកម្ពុជាបន្តពង្រឹងលើចំណេះដឹង នៃការផលិតដោយខ្លួនឯងក្នុងតំបន់នឹងទីក្រុង ដើម្បីសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ ប្រាកដណាស់កម្ពុជាធានាស្ថេរភាព។

ការអភិវឌ្ឍសេដ្ឋកិច្ចថ្មីៗនិងទស្សនៈវិស័យ សេដ្ឋកិច្ចកម្ពុជានៅតែដំណើរការល្អជាងការរំពឹងទុកពីឆ្នាំមុន។ ការប៉ាន់ស្មានបឋមបង្ហាញពីកំណើនពិត ដែលមានកម្រិតខ្ពស់ក្នុងរយះពេលបួនឆ្នាំកន្លងមកគឺ ៧.៥ ភាគរយនៅឆ្នាំ ២០០៨ ធៀបនឹង ៧.០ ភាគរយនៅឆ្នាំ ២០០៧។ កំណើននេះត្រូវបានជំរុញដោយការនាំចេញ និងតម្រូវការក្នុងស្រុកដ៏ខ្លាំងក្លា។

កំណើនក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែរឹងមាំ បើទោះជាស្ថានភាពសកលលោកមិនល្អក្តី។

ជាមួយគ្នានេះ សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានមានប្រសាសន៍ថា អ្វីដែលត្រូវពិចារណានាពេលនេះ គឺយើងមានគោលនយោបាយច្រើនហើយ សំខាន់មិនមានអ្នកធ្វើ ហេតុនេះយើងត្រូវការមានអ្នកធ្វើឲ្យចេញលទ្ឋផល កុំឲ្យនិយាយចោល និយាយចោល។

លោកបន្តថា “យើងមិនត្រូវការភាពបត់បែនច្រើនទេ ក្នុងសេដ្ឋកិច្ច ព្រោះយើងមានគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តរួចហើយ ប៉ុន្តែអ្វីសំខាន់យើងត្រូវធ្វើឲ្យបាន ដើម្បីឆ្ពោះទៅកាន់គោលដៅដែលយើងចង់បាន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here