ការសិក្សា: តម្លៃផ្ទះថ្មីនៅប្រទេសចិនហក់ឡើង៣ខែជាប់គ្នា

ដោយៈ សុខុម

ប៉េកាំង: ការសិក្សាមួយបានបង្ហាញនៅថ្ងៃអង្គារ ទី១ ខែមិថុនា នេះថា តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បានហក់ឡើងក្នុងខែឧសភា ពោលគឺរយៈពេល៣ខែជាប់ៗគ្នានៅក្នុងទីក្រុងជាច្រើន ខណៈបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍បានជំរុញការលក់លឿនជាងមុន។ នេះបើយោងតាមសារព័ត៌មាន CNA។

យោងតាមទិន្នន័យពីវិទ្យាស្ថាន China Index Academy ដែលជាស្ថាប័នឯករាជ្យស្រាវជ្រាវផ្នែកទីផ្សារអលនទ្រព្យបានបង្ហាញថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០បានហក់ឡើង០,៣៤%ក្នុងខែឧសភា បើធៀបនឹង០,២៣%ក្នុងខែមេសា។

លោក Cao Jingjing នាយកផ្នែកស្រាវជ្រាវនៅវិទ្យាស្ថាន China Index Academy បានលើកឡើងថា “ចំនួនគម្រោងលំនៅដ្ឋានថ្មីៗ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍នៅតែកើនឡើងខ្ពស់ក្នុងខែឧសភា”។ លោកបានបន្ថែមទៀតថា ដោយសារពលរដ្ឋដែលមានផ្ទះរួចសម្លឹងរកទិញផ្ទះដែលធំទូលាយជាងមុនបានជំរុញឱ្យមានតម្រូវការសម្រាប់គម្រោងថ្មីៗ ហើយនោះជាមូលហេតុដែលធ្វើឱ្យតម្លៃហក់ឡើង។

ទន្ទឹមនេះ តម្លៃផ្ទះមួយទឹកបានហក់ឡើង០.៥%ក្នុងខែឧសភា។ តម្លៃផ្ទះនៅក្នុងទីក្រុងលំដាប់ទី១ បានហក់ឡើង០,៩៥%ក្នុងខែឧសភា គឺកើនឡើងទ្វេដងបើធៀបទៅនឹងកំណើនជាមធ្យមនៅក្នុងទីក្រុងដែលមានលំដាប់ទាបជាង។

ចាប់តាំងពីដើមឆ្នាំ២០២១នេះ អាជ្ញាធរចិន បានពង្រឹងយុទ្ធនាការរបស់ខ្លួនដើម្បីគ្រប់គ្រងការឡើងថ្លៃផ្ទះឥតឈប់ឈរ។ គោលនយោបាយនានាដែលអាជ្ញាធរចិន បានដាក់ចេញរួមមានការដាក់កម្រិតលើតម្លៃដែលកំណត់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ និងការរារាំងទីភ្នាក់ងារអចលនទ្រព្យមួយចំនួនមិនឱ្យកំណត់តម្លៃខ្ពស់ហួសហេតុសម្រាប់ផ្ទះមួយទឹកជាដើម។ ការសិក្សាបានរកឃើញថា ធនាគារនៅក្នុងទីក្រុងធំៗក៏បានឆ្លៀតឱកាសដំឡើងអត្រាប្រាក់លើកម្ចីទិញផ្ទះផងដែរ។

ការទិញលក់នៅក្នុងទីក្រុងធំៗចំនួន១៨ដែលវិទ្យាស្ថាន China Index Academy បានសង្កេតតាមដានបង្ហាញថា ស្ថិតក្នុងសភាពនៅទ្រឹងក្នុងខែឧសភា បើធៀបទៅនឹងខែមេសា។

ទិន្នន័យរបស់វិទ្យាស្ថាន China Index Academy បង្ហាញថា ទំហំនៃការលក់ដីក្នុងទីក្រុងចំនួន៣០០បានធ្លាក់ចុះ១២%ក្នុងខែឧសភា បើធៀបទៅនឹងខែមេសា ហើយបានធ្លាក់ចុះ១៩%បើគិតជាអត្រាប្រចាំឆ្នាំ៕

អ្នកជំនាញៈ តំបន់នៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនឹងក្លាយជាទីក្រុង អភិវឌ្ឍន៍បែបចម្រុះថ្មីមួយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញបានលើកឡើថា វិស័យអចលនទ្រព្យនៅក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅតែមានតម្រូវការច្រើនពីសំណាក់វិនិយោគជាតិ និងអន្តរជាតិ ខណៈតំបន់នេះ នៅតែផ្តល់ឱកាសចំណេញដល់វិនិយោគិន ពីការវិនិយោគនៅតំបន់។

លោកខាត់ សុវណ្ណអគ្គនាយកក្រុមហ៊ុនCamtop Perperty Group Co.,Ltd បានថ្លែងប្រាប់ថ្លែងប្រាប់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ថា ដីធ្លីនៅភាគច្រើនត្បូង ពិសេសនៅតាមផ្លូវ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅតែមានតម្រូវការច្រើន ព្រោះវិនិយោគិន មើលឃើញពីឱកាសចំណេញច្រើន បន្ទាប់ពីព្រលានយន្តហោះធ្វើរួចរាល់ និងផ្លូវមួយចំនួនស្ថាបនារួចរាល់ វាហួចផលចំណេញបានច្រើន។

លោកបានឱ្យដឹងថា “បច្ចុប្បន្ន យើងឃើញមានវិនិយោគិនមានពីរប្រភេទ គឺអ្នកវិនិយោគលើដីធ្លីទុកសម្រាប់លក់យកចំណេញ និងវិនិយោគទិញដីធ្លី ដើម្បីសាងសង់គម្រោងអចលលនទ្រព្យរយៈពេលវែង ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ អំឡុងពេលកូវី១៩នេះ មិនមានអ្នកទិញ សម្រាប់ទុកចំណេញនោះទេ ពោលគឺមានតែទិញសម្រាប់គម្រោងសាងសង់ និងវិនិយោគសម្រាប់រយៈពេលវែង”។

លោកខាត់ សុវណ្ណបានឱ្យដឹងទៀតថា តំបន់ព្រលានអន្តរជាតិភ្នំពេញថ្មីនេះ គឺជាតំបន់មិនទាន់ច្នៃ ដូច្នេះតំបន់ណក៏ដោយ ដែលមិនកែច្នៃ នឹងផ្តល់ឱកាសចំណេញច្រើន។

លោកបានថ្លែងថា តម្លៃដីនៅតាមផ្លូវមេធំៗ អាចរកទិញបានក្នុងតម្លៃចន្លោះពី២០០ ទៅ២៥០ដុល្លារក្នុងម៉ែត្រការ៉េ អាស្រ័យលើស្ថានភាពផ្លូវ និងនៅតាមផ្លូវខាងក្នុងតូចៗ ដែលមិនទាន់មានការអភិវឌ្ឍ នៅមានតម្លៃចន្លោះពី៥០ដុល្លារ ដល់៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីវាលស្រែ ដែលអត់មានផ្លូវចូល អាចរកទិញបានក្នុងតម្លៃចន្លោះពី២០ទៅ៥០ ហើយតម្លៃដីធ្លីមិនមានការប្រែប្រួលនោះទេ ទោះស្ថិតក្នុងវិបត្តិកូវិដ១៩ក៏ដោយ។

លោកបានបន្តថា បើទោះបីជាបច្ចុប្បន្ន យើងឃើញតំបន់នេះនៅតែសម្បូរដោយទីវាល និងដីស្រែក៏ពិតមែន ប៉ុន្តែនាពេលខាងមុខ តំបន់នឹងក្លាយជាទីក្រុងថ្មីមួយ ដែលពោពេញទៅដោយការអភិវឌ្ឍគម្រោងអចលនទ្រព្យបែបចម្រុះ។

លោក David Pen នាយកផ្នែកលក់ និងជួលក្រុមហ៊ុនCBRE Cambodia មានប្រសាសន៍ថា មានគម្រោងរាប់រយ ដែលកំពុងអភិវឌ្ឍនៅទូទាំងទីក្រុង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ប៉ុន្តែតំបន់ដែលធ្វើឲ្យលោកកត់សម្គាល់ខ្លាំងជាងគេ គឺការកើនឡើងខ្លាំងនៅតំបន់ភាគខាងត្បូងនៃទីក្រុងភ្នំពេញ។

លោក David បានលើកឡើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលជាកាត្តាលីករ អមជាមួយនឹងគម្រោង Aeon 3 ផ្លូវក្រវ៉ាត់ក្រុងទី៣ និងវត្តមានអាជីវកម្មធំៗ ជាច្រើនទៀត ដែលជាគម្រោងលំនៅដ្ឋាន ដែលជំរុញឱ្យតម្លៃដីធ្លី និងតម្លៃអចលនទ្រព្យកើនឡើងនៅភាគខាងត្បូង។

លោកបានសន្និដ្ឋានថា “មិនមានអ្វីគួរឱ្យសង្ស័យនៅក្នុងចិត្តរបស់ខ្ញុំទេ នេះគឺជាតំបន់ដែលមានសន្ទុះនាពេលបច្ចុប្បន្ននេះ ហើយជាមួយនឹងគម្រោង និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតឆ្ពោះទៅទិសខាងត្បូង និន្នាការនេះមើលទៅមាននិរន្តរភាព”។

ការណែនាំរបស់លោក David សម្រាប់អ្នកវិនិយោគអចលនទ្រព្យគឺថា ទោះបីមានអ្វីកើតឡើងនៅជុំវិញយើងទាក់ទងសេដ្ឋកិច្ច ឬជំងឺត្បាតក៏ដោយ វិនិយោគិនឆ្លាតវៃតែងតែដឹងថា ពេលណា និងកន្លែងណា ក្នុងការស្វែងរកឱកាសល្អបំផុត។

លោក David បានថ្លែងថា “ចំពោះខ្ញុំយោងទៅតាមទិន្នន័យ និងការសិក្សាទីផ្សារ ដែលខ្ញុំមាននៅក្នុងដៃ ពេលវេលាដើម្បីវិនិយោគគឺនៅពេលនេះ ហើយភាគខាងត្បូងនៃទីក្រុងគឺកន្លែងល្អប្រសើរសម្រាប់ការវិនិយោគ”។

លោកបន្តថា “បើខ្ញុំមិនខុសទេ ការវិនិយោគលើអចលនទ្រព្យតែងតែល្អ ប្រសិនបើអ្នកធ្វើវាតាមរបៀបឆ្លាតវៃ ប៉ុន្តែវាអាស្រ័យលើចំនួនទឹកប្រាក់ ដែលអ្នកចង់បានពីវា”។

ជាមួយនឹងល្បឿននៃការសាងសង់យ៉ាងសកម្ម ទីបំផុតព្រលានយន្តហោះអន្តតរជាតិភ្នំពេញថ្មីសម្រេចបាន៤០ភាគរយហើយ គិតត្រឹមតែឧសភានេះ។

ការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តន៍បានលទ្ឋផលតាមផែនការគ្រោង ទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។តាមការគ្រោងទុក អាកាសយានថ្មីនេះ នឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ក្ដី៕

ដំណឹងល្អៈផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបាន៦០ភាគរយហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ នៅទីបំផុតការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុសម្រេចបានលទ្ឋផល៦០ភាគរយហើយ ខណៈគំរោងសាងសង់ផ្លូវនេះ នឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ ឬលឿនជាងនេះ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ របស់ផ្លូវនេះបានឲ្យដឹងថា គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុបានសាងសង់សម្រេច60ភាគរយហើយ។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។

នេះជាគំរោងអភិវឌ្ឍន៍៍បែបបៃតងជាលើកដំបូងនៅកម្ពុជា ដែលវាក៏ជាផ្លូវប្រវត្តិសាស្រ្តរបស់កម្ពុជាផងដែរ ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនេះ ស្ថិតនៅក្នុងគំរោងខ្សែក្រវ៉ាត់១ ផ្លូវ១របស់ប្រទេសចិន។

លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការកសាងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងធ្វើឡើងតាមស្តង់ដាអន្តរជាតិ ដែលវាជាផ្លូវជាប់ធន់ និងប្រើប្រាស់បានយូរ ដោយសារគម្រោងនេះចំណាយថវិកាច្រើន។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគ្រោងចំណាយទឹកប្រាក់សាងសង់១៩០០លានដុល្លារអាមេរិក៕

ព្រលានយន្តហោះវាលបែកចានបាត់ដំបងក្លាយជាកន្លែងកម្សាន្តថ្មីសម្រាប់ប្រជាជន

ដោយៈ ប៊ី

បាត់ដំបងៈ ទីតាំងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងខេត្តបាត់ដំបង បច្ចុប្បន្ន បានក្លាយជាកន្លែង ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ ទៅលេងកម្សាន្តកកកុញ ពិសេសពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំញុំាអាហារ និងលេងកីឡាជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

ប្រជាពលរដ្ឋ ទៅលេងទីនោះភាគច្រើន ជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅសាច់ញាតិទៅក្រាលកន្ទេល អង្គុយលេងញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡាដើរ រត់ និង ជិះកង់ជាដើម ។ក្រៅពីនេះ ក្រុមយុវជនក៏បាននាំគ្នាមកលេងជាក្រុមៗផងដែរ។

បើទោះបីជាទីកន្លែងនេះ បច្ចប្បន្នមិនមានការអនុញ្ញាតឱ្យ មានលក់អាហារខាងក្នុងដូចពេលមុនក៏ដោយ អ្នកដែល មកអង្គុយលេងកម្សាន្ត ខ្លះបានទិញ ឬវេចខ្ចប់អារហារពីខាងក្រៅ មកអង្គុយញ៉ាំលេងនៅទីនេះបាន ដែលអាហារទាំងនោះមានលក់នៅខាងមុខក្លោងទ្វារចូល ដែលមានលក់គ្រប់មុខ ដូចជាបុកល្ហុង ពងទាកូន សាច់គោអាំង ខ្យង ខ្ចៅ និង ភេសជ្ជៈជាដើម។ អ្នកមកអង្គុយញាំអាហារនៅទីនេះ មានការយល់ដឹងពីការសម្អាតបរិស្ថាន ក្រោយពេលដែលទទួលទានរួច គឺមិនឃើញមានសម្រាមរាយប៉ាយនោះទេ។

អ្នកដែលចង់ចូលទៅលេងកម្សាន្តនៅព្រលានយន្តហោះខេត្តបាត់ដំបងនេះ ត្រូវធ្វើដំណើរឆ្លងកាត់ក្លោងទ្វារដែលមានមន្រ្តីយោធាយាមនៅទីនោះ និងយកលុយពីអ្នកជិះ ម៉ូតូឡានចូល ដោយម៉ូតូមួយគ្រឿងបង់៥០០រៀល និងរថយន្ត១០០០រៀល។

ព្រលានយន្តហោះ វាលបែកចានខេត្តបាត់ដំបងនេះ ស្ថិតនៅ ក្រុងបាត់ដំបង ដែលមានផ្ទៃដីទំហំជាង ១ម៉ឺនហិកតា។ ព្រលាននេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា និងឈានដល់ អភិវឌ្ឍន៍ឱ្យអាកាសយានដ្ឋានមួយនេះ ដំណើរការឡើងវិញ នាពេលខាងមុខ៕

តើធនាគារពិភពលោក (World Bank) មានឥទ្ធិពលយ៉ាងម្តេចលើសេដ្ឋកិច្ចពិភពលោក?

ដោយៈ សុខុម

អន្តរជាតិៈ ធនាគារពិភពលោក (World Bank) ជាធនាគារដ៏ល្បីល្បាញ និងមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងពិភពលោក ព្រោះធនាគារនេះ តែងតែជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ដូចនេះ តើវាមានឥទ្ធិពលបែបណា មកលើសេដ្ឋកិច្ចពិភពលោកទាំងមូល? អញ្ចឹងតោះ! ដើម្បីជ្រាបកាន់តែច្បាស់អំពីស្ថាប័នកំពូលមួយនេះ សូមស្វែងយល់ទាំងអស់គ្នា!

ធនាគារពិភពលោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៤៤ និងមានទីស្នាក់ការកណ្តាលនៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក ហើយមានសមាជិករហូតដល់ទៅ១៨៩ប្រទេស។

ស្ថាប័នធនាគារពិភពលោកទាំងមូលមាន ស្ថាប័នអន្តរជាតិចំនួន៥ ដែលផ្តល់ឥណទានដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ វាជាធនាគារអភិវឌ្ឍន៍ដ៏ធំបំផុត និងល្បីល្បាញបំផុតក្នុងពិភពលោក ហើយវាក៏ដើរតួនាទីជាអ្នកសង្កេតការណ៍ របស់អង្គការសហប្រជាជាតិ (UN) ផងដែរ។

ធនាគារនេះបានផ្តល់ឥណទាន និងជំនួយប្រមាណ៦១ពាន់លានដុល្លារ ទៅដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៤។

ធនាគារនេះមានបេសកកម្ម ដើម្បីសម្រេចគោលដៅដ៏សំខាន់២ គឺបញ្ចប់ភាពក្រីក្រ និងកសាងវិបុលភាពរួម។ ការផ្តល់ឥណទានសរុបគិតត្រឹមឆ្នាំ២០១៥ សម្រាប់រយៈពេល១០ឆ្នាំចុងក្រោយនេះ តាមរយៈកម្មវិធីហិរញ្ញប្បទាន គោលនយោបាយអភិវឌ្ឍន៍ (Development Policy Financing) គឺមានចំនួនរហូតដល់១១៧ពាន់លានដុល្លារ។

ស្ថាប័នទាំង៥ស្ថិតក្រោមចំណុះ របស់ធនាគាពិភពលោករួមមាន ដូចជា ធនាគារអន្តរជាតិដើម្បីការកសាងឡើងវិញ និងការអភិវឌ្ឍន៍ (International Bank for Reconstruction and Development (IBRD)) សមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association (IDA)) សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation (IFC)) ទីភ្នាក់ងារធានាលើការវិនិយោគពហុភាគី (Multilateral Investment Guarantee Agency (MIGA)) និងមជ្ឈមណ្ឌលអន្តរជាតិ ដើម្បីការដោះស្រាយវិវាទវិនិយោគ (International Centre for Settlement of Investment Disputes (ICSID))។ ពេលខ្លះធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA ត្រូវបានគេហៅរួមគ្នាថាធនាគារពិភពលោក។

សកម្មភាពរបស់ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដោតសំខាន់លើបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងវិស័យសំខាន់ៗ ដូចជា ការលើកកំពស់សិទ្ធិមនុស្ស (ឧទាហរណ៍ការអប់រំ សុខាភិបាល) ការការពារបរិស្ថាន (ឧទាហរណ៍ការកាត់បន្ថយការបំពុលបរិស្ថាន ការបង្កើត និងការអនុវត្តបទប្បញ្ញត្តិនានា) ហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍ផ្លូវថ្នល់ និងអគ្គិសនី) គម្រោងសំណង់ឧស្សាហកម្មធំៗ និងអភិបាលកិច្ច (ឧទាហរណ៍ការប្រឆាំងអំពើពុករលួយនិងការអភិវឌ្ឍស្ថាប័នច្បាប់)។

សកម្មភាពរបស់ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដោតសំខាន់លើបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍នៅក្នុងវិស័យសំខាន់ៗ ដូចជា ការអភិវឌ្ឍន៍សិទ្ធិមនុស្ស (ឧទាហរណ៍ការអប់រំ សុខាភិបាល) ការការពារបរិស្ថាន (ឧទាហរណ៍ការកាត់បន្ថយការបំពុលបរិស្ថាន ការបង្កើត និងការអនុវត្តបទប្បញ្ញត្តិនានា) ហេដ្ឋារចនាសម្ព័ន្ធ (ឧទាហរណ៍ផ្លូវថ្នល់ និងអគ្គិសនី) គម្រោងសំណង់ឧស្សាហកម្មធំៗ និងអភិបាលកិច្ច (ឧទាហរណ៍ការប្រឆាំងអំពើពុករលួយនិងការអភិវឌ្ឍស្ថាប័នច្បាប់)។

ធនាគារពិភពលោក (ធនាគារ IBRD និងសមាគមអភិវឌ្ឍន៍អន្តរជាតិ IDA) ផ្ដល់ឥណទានការប្រាក់ទាប ទៅដល់បណ្ដាប្រទេសជាសមាជិក ព្រមទាំងជំនួយឥតសំណងទៅដល់បណ្ដាប្រទេសក្រីក្របំផុតផងដែរ។ ការផ្តល់ឥណទាន ឬជំនួយឥតសំណងសម្រាប់គម្រោងជាក់លាក់ណាមួយ ច្រើនតែពាក់ព័ន្ធទៅនឹងការកែប្រែ គោលនយោបាយទូលំទូលាយនៅក្នុងវិស័យណាមួយ ឬសេដ្ឋកិច្ចរបស់ប្រទេសមួយទាំងមូល។

ឧទាហរណ៍ ឥណទានសម្រាប់ការកែលម្អ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ត្រូវភ្ជាប់ទៅនឹងការអភិវឌ្ឍស្ថាប័នបរិស្ថានថ្មីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការអនុវត្តបទប្បញ្ញត្តិថ្មីៗ ដើម្បីកម្រិតការបំពុលបរិស្ថានជាដើម៕

ក្រុមហ៊ុនដឹកជញ្ជូនធំបំផុតលំដាប់ទី២របស់ថៃបង្ហាញមហិច្ឆតាពង្រីកការវិនិយោគមកកាន់កម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ បើទោះបីជាវិបត្តិកូវីដ១៩ មិនទាន់បង្ហាញភាពធូរស្បើយយ៉ាងក្តី ក្រុមហ៊ុន Flash Express របស់ថៃបានបង្ហាញមហិច្ឆតារបស់ខ្លួន ដោយប្រកាសថា ក្រុមហ៊ុនត្រៀមឈានជើងចូលទីកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម នៅ២០២២។ នេះបើយោងតាមការចេញផ្សាយ Deal Street Asia នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

លោក Komsan Lee នាយកប្រតិបត្តិ និងស្ថាបនិកក្រុមហ៊ុន Flash Group បានថ្លែងថា យើងនឹងផ្តោតលើផែនការដើមរបស់ពួកយើង ក្នុងការចាប់ផ្តើមពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានថ្លែងបន្តថា ស្ថានភាពវិបត្តិកូវីដ១៩ អាចចោទជាបញ្ហាប្រឈមសម្រាប់យើង ប៉ុន្តែយើងនឹងបន្តធ្វើដំណើរឆ្ពោះទៅមុខ ជាមួយនឹងការរំពឹងទុកលើផែនការអភិវឌ្ឍន៍ដ៏រឹងមាំក្នុងត្រីមាសទី៤ ឆ្នាំ២០២១ បន្ទាបពីអាជីវកម្មមួយចំនួនរបស់យើងត្រូវបាននៅតំបន់អាស៊ីអាគ្នេហ៍។

ទោះបីជាយ៉ាងក៏ដោយ លោកមិនបានបង្ហាញទុនវិនិយោគ ដែលក្រុមហ៊ុនរបស់លោកបានត្រៀមបោះទុនក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងវៀតណាមនោះទេ។

ក្រុមហ៊ុន Flash Express ដែលបង្កើតឡើងនៅឆ្នាំ២០១៨ ផ្តោតលើសេវាកម្មដឹកជញ្ជូន E-Commerce ហើយត្រូវបានទទួលថាជាក្រុមហ៊ុនដឹកជញ្ជូនឯកជនធំបំផុតលំដាប់ទី២ របស់ប្រទេសថៃ បន្ទាប់ក្រុមហ៊ុន Kerry Thailand៕

ក្រុមហ៊ុនធំមួយបោះទុន៧៩លានដុល្លារសាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ថ្មីមួយនៅទីក្រុងភ្នំពេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចអនុម័តគម្រោងសណ្ឋាគារថ្នាក់ផ្កាយ៤ថ្មីមួយ ដែលបោះទុនវិនិយោគប្រមាណ៧៩លានដុល្លារ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន CONTINENT CROWN INVESTMENT MANAGEMENT CO., LTD: គ្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន២៧៥បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១៦៧៩ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៧៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៧៨កន្លែង។

លោកស្រីអាន សុធីតាអ្នកជំនាញអន្តរជាតិក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បានថ្លែងប្រាប់ថា វិស័យសណ្ឋាគារគឺវិស័យមួយដែលមានសក្តានុពលមួយនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញតែម្តង។

លោកស្រីបានថ្លែងថា ចំនួនសណ្ឋាគារ និងប្រ៊ែនអន្តរជាតិនៅមានកម្រិតនៅឡើយ ជាពិសេសនៅភ្នំពេញ ដូច្នេះវាគឺជាឱកាស។ បើទោះបីជាប្រទេសកម្ពុជាកំពុងជួបប្រទះនឹងវិបត្តិកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនក៏ដោយ ភ្នំពេញនៅតែមានល្អប្រសើរជាងបណ្តាទីរួមខេត្តក្រុងមួយចំនួន ដូចជាសៀមរាប និងព្រះសីហនុជាដើម។

លោកស្រីបានថ្លែងបន្តថា បើប្រៀបធៀបនឹងប្រទេសជិតខាងថៃ និងវៀតណាម ប្រ៊ែនសណ្ឋាគារល្បីៗនៅកម្ពុជាយើងមានចំននួនតិចជាងគេឡើយទេ ដូច្នេះវាជាគឺឱកាសមួយសម្រាប់អ្នកវិនិយោគ ក្នុងការនាំមកប្រ៊ែនសណ្ឋាគារល្បីៗ ដើម្បីប្រកួប្រជែងបានយូរអង្វែង បន្ទាប់ពីអ្វីៗគ្រប់យ៉ាងនឹងប្រសើរឡើងវិញ។

៤ខែដើមឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកមានទំហំជិត២ពាន់លានដុល្លារ កើនឡើងជាង២៨ភាគរយ

ដោយៈតារា

ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិករយៈពេល៤ខែ ដើមឆ្នាំនេះ សរុបការនាំចេញនាំចូល មានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ២៨.៥២% ក្នុងនោះសម្រាប់ពាណិជ្ជកម្មនៃការនាំចេញ បានកើនឡើងក្នុងរង្វង់ ២៩.៥៣%។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកប៉ែន សុវិជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី១ មិថុនានេះថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការនាំចេញផលិតផលពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក គឺមានកំណើនកើនឡើងគួរជាទីកត់សម្គាល់ ដូចជា ការនាំចេញសម្លៀកបំពាក់ កាបូប ស្បែកជើង និងសម្ភារផ្សេងៗ។

ក្នុងរយៈពេល៤ខែ ដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះសម្រាប់ការនាំចូល មានតម្លៃទឹកប្រាក់សរុបជាង៩៣លានដុល្លារ កើនឡើងជាង១០ភាគរយ ខណៈការនាំចេញ មានចំនួនទឹកប្រាក់ជាង១៩00លានដុល្លារ កើនឡើងជាង២៩% ក្នុងនោះបើសរុបនៃការនាំចេញនាំចូល មានទំហំទឹកប្រមាណជិត២ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៨ភាគរយ។

លោកបន្តថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក កើនឡើងនេះ ដោយសារទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែរក្សាបានស្ថិរភាពល្អប្រសើរ ក្នុងនោះសហរដ្ឋអាមេរិក នៅតែចាត់ទុកប្រទេសកម្ពុជា គឺជាប្រភពមួយ នៃការផលិតសម្រាប់ការនាំចេញ ខណៈសហរដ្ឋអាមេរិកមានក្រុមហ៊ុនធំៗជាដៃគូ បានកំពុងទទួលទិញពីផលិតផលទាំងនេះពីកម្ពុជា ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ស្របពេលការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កំពុងរក្សាបាននូវស្ថិរភាពកំណើនល្អ ក្នុងនោះចំពោះដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោកជំទាវWendy Ruth Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងថ្ងៃនេះ គឺបានបង្ហាញនូវទំនាក់ទំនងកាន់តែជិតស្និតថែមទៀត រវាងប្រទេសទាំងពីរ ក្នុងនោះសម្រាប់ការធ្វើពាណិជ្ជកម្ម ទំនាក់ទំនងនេះ នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នឹងប្រព្រឹត្តទៅកាន់តែប្រសើរថែមទៀត ខណៈបច្ចុប្បន្នមានក្រុមដៃគូរជាច្រើន កំពុងរងចាំឱកាសវិនិយោគបន្ទាប់ពីស្ថានភាពជម្ងឺកូវីដឥ១៩ បានធូរស្រាល ។

ទំហំពាណិជ្ជកម្មនៃការនាំចេញពីកម្ពុជា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ ២០២១ ការទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានឈរក្នុងលំដាប់ទី១ នៃការនាំចេញផលិតផលពីកម្ពុជាច្រើនជាងគេ បន្ទាប់មកការនាំចេញទៅកាន់ទីផ្សារចិន អឺរ៉ុប អាស៊ាន ជប៉ុន ចក្រភពអង់គ្លេស និងការនាំចេញទៅកាន់ទីផ្សារផ្សេងៗមួយចំនួនទៀត៕

ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មគ្រោងពង្រីកឥណទានរហូតដល់៣០០លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ខណៈវិស័យកសិកម្មកម្ពុជា កំពុងតែដើរនាទីសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចគ្រាដែលកូវីដ១៩នៅតែបន្តរាលដាលក្នុងប្រទេស ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានស្នើរដ្ឋាភិបាលបន្តទម្លាក់ថវិកាបន្ថែមទៀត ដើម្បីផ្ដល់កម្ចីដល់វិស័យនេះ សម្រាប់អភិវឌ្ឍន៍ទៅមុខបន្ត។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅថ្ងៃទី ៣១ ឧសភា ២០២១កន្លងមកនេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានលើកឡើងថា នៅឆ្នាំ២០២១នេះ ធនាគារអាចនឹងមានការស្នើសុំកញ្ចប់មូលនិធិបន្ថែម ពីរាជរដ្ឋាភិបាល ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ត្រូវស្នើសុំនូវទំហំទឹកប្រាក់ប៉ុន្មាននោះដែរ ប៉ុន្តែបើគិតពីទំហំតម្រូវដែលនឹងត្រូវការបន្តទៀតនោះ ក្នុងរង្វង់ទឹកប្រាក់៥៥លានដុល្លារ ដើម្បីចូលរួមបង្កើនការផ្តល់ឥណទាន ឲ្យដល់៣០០លានដុល្លារ សម្រាប់ជាទិសដៅឆ្នាំ២០២១។

លោកបន្តថា “ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅតែរក្សាបន្តការជំរុញអភិវ ឌ្ឍន៍វិស័យកសិកម្មដោយឈរលើកត្តាសំខាន់ៗ ដូចឆ្នាំ២០២០ ដូចជា ជំរុញការដាំដុះ បន្លែផ្លែឈើ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ដើម្បីធ្វើយ៉ាងឱ្យមានស្ថិរភាព និងសុវត្ថិភាពស្បៀងនៅកម្ពុជា ដោយឈានទៅរកការកាត់បន្ថយការនាំចូល”។

ដោយឡែក កញ្ចប់ឥណទានពិសេស ដែលរាជរដ្ឋាភិបាលផ្តល់ទាំងប៉ុន្មាននៅពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបញ្ចេញឲ្យប្រជាកសិករ និងអ្នករកស៊ីនៅក្នុងវិស័យកសិកម្មនេះរួចអស់ហើយ គិតមកដល់បំណាច់ឆ្នាំ២០២០ ប៉ុន្តែចំពោះឆ្នាំ២០២១នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានគម្រោងស្នើសុំកញ្ចប់មូលនិធិកម្ចីបន្ថែម ដើម្បីជួយទ្រទ្រង់ដល់វិស័យកសិកម្មនេះបន្តទៀត។

គិតមកដល់ពេលនេះ ទំហំមូលនិធិកម្ចី ដែលរដ្ឋាភិបាលផ្តល់ឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ទ្រទ្រង់ដល់វិស័យកសិកម្ម ប្រមាណ៤៥លានដុល្លារ ពេលនេះត្រូវបានបញ្ចេញអស់ហើយ។ ក្រោយពីមានការផ្តល់កញ្ចប់ឥណទានឃើញថា វិស័យកសិកម្ម មានការរីកចម្រើនខ្លាំងគួឱ្យកត់សម្គាល់ ទៅលើការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដូចជា ការចិញ្ចឹមត្រីជាដើម គឺមានកំណើននៃការចិញ្ចឹមខ្ពស់ធៀបនឹងវិស័យដទៃទៀត ។

ក្នុងរយៈពេលជិត៥ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិចំនួនជាង៤លានតោន ក្នុងនោះមានអង្ករ ផ្លែឈើ ស្រូវ និងផលិតផលជាច្រើនទៀត ដែលអាចឱ្យកម្ពុជាទទួលបានចំណូលត្រលប់មកវិញ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ៕

ស្ថាប័នហិរញ្ញវត្ថុធំៗនៅកម្ពុជាកំពុងជំរុញភាពជាដៃគូហិរញ្ញវត្ថុប្រកបដោយ ចីរភាពជាមួយក្រុមហ៊ុនMoody

ដោយៈ សាវុធ

ភ្នំពេញៈ តំណាងមកពីធនាគារជាតិនៃកម្ពុជា (NBC) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុនសាជីវកម្ម Moody ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានកិច្ចពិភាក្សាគ្នា ដើម្បីជំរុញការស្វែងរកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជានាពេលអនាគត។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជានៅថ្ងៃទី៣១ ខែឧសភានេះ។

កិច្ចប្រជុំនេះត្រូវបានដឹកនាំ ដោយលោកហេង បូមករាអគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា លោកហេង កុយអគ្គនាយកសមាគមធនាគារនៅកម្ពុជា និងលោក James Flitton ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Moody’s ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងជំរុញការសហការគ្នា និងភាពជាដៃគូលើវិស័យហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។

លោកហេង បូមករាបាថ្លែងថា “ការអនុវត្តប្រកបដោយចីរភាព ក្នុងវិស័យហិរញ្ញវត្ថុត្រូវបានកើនឡើង នៅក្នុងវិស័យហិរញ្ញវត្ថុនៅលើកម្រិតជាតិ និងអន្តរជាតិ”។លោកបន្តថា”សុខភាពហិរញ្ញវត្ថុប្រកបដោយចីរភាព មិនត្រឹមតែបានផ្តោតលើ តែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងបណ្តាប្រទេស G20 ក៏ដូចជា IMFផងដែរ”។

ជាមួយគ្នានេះដែរ សមគមធនាគារនៅកម្ពុជា បានបង្កើតគណៈកម្មាធិការប្រកបដោយនិរន្តរភាព ប៉ុន្តែសម្រាប់កិច្ចប្រជុំនេះ យើងនឹងរៀនបន្ថែមទៀត ដើម្បីទទួលបានភាពជោគជ័យបន្ថែមពីក្រុមហ៊ុន Moody។

លោក James Flitton បានកោតសរសើរ ចំពោះបទបង្ហាញដ៏ទូលំទូលាយរបស់សមាគមធនាគារនៅកម្ពុជា ដោយលោកបាននិយាយថា វាហាក់ដូចជាសមាគមធនាគារ និងធនាគារសមាជិក មានសកម្មភាពយ៉ាងខ្លាំងទាក់ទងនឹងហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។

ក្រុមហ៊ុន Moody គឺជាក្រុមហ៊ុនសាជីវកម្ម សេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក ដែលកាន់កាប់ក្រុមហ៊ុន Moody’s Investors Service និងក្រុមហ៊ុនវិភាគហិរញ្ញវត្ថុ Moody’s Analytics។ ក្រុមហ៊ុន Moody’s Investors Service ផ្តល់ជូនវិនិយោគិននូវចំណាត់ថ្នាក់ឥណទាន ការវិភាគហានិភ័យ និងការស្រាវជ្រាវសម្រាប់ភាគហ៊ុន បណ្ណបំណុល និងអង្គភាពរដ្ឋាភិបាល៕