រាជធានីភ្នំពេញនឹងមានផ្លូវក្រោមទន្លេរនាពេលខាងមុខនេះ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រភពពីមន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា រដ្ឋាភិបាលនឹងកសាងផ្លូវក្រោមទន្លេមួយ នាពេលខាងមុខនេះ ដើម្បីបង្ហាញពីសមិទ្ឋផលរបស់ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

មន្រ្តីដដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ផ្លូវឬស្ពានក្រោមទន្លេដែលគ្រោងសាងសង់នាពេលខាងមុខនេះ មានទីតាំងនៅតំបន់ទន្លេចតុមុខ ដែលតភ្ជាប់ពីតំបន់ចតុមុខទៅកាន់តំបន់អរិយក្សត្រ ដែលមានទេសភាពស្អាត និងបច្ចុប្បន្នតំបន់នោះមានក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ វិនិយោគរួចហើយ ដែលមានផ្ទៃដីប្រមាណ៨៥ហិកតា ប្របមាត់ទន្លេ។

លោកបន្តថា “តាមខ្ញុំដឹងគំរោងនេះបានសិក្សារួចហើយ ប៉ុន្តែការសាងសង់នាពេលណាមួយ ខ្ញុំមិនអាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ”។លោកបន្តថា “វាជាគម្រោងដ៏ធំរបស់រដ្ឋាភិបាល ប៉ុន្តែការសាងសង់ឬមិនសាងសង់ ខ្ញុំមិនទាន់ច្បាស់១០០ភាគរយទេ”។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ថា តាមគំរោងដំបូង ក្រុមហ៊ុនមានបំណងសាងសង់ស្ពានក្រោមទន្លេ ក្នុងការតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងកោះនរា ប៉ុន្តែផែនការនេះ ត្រូវប្តូរមកជំនួសការសាងសង់ស្ពានលើទឹកវិញ ដែលបច្ចុប្បន្នកំពុងសាងសង់យ៉ាងសកម្ម។

លោកបន្តថា “សំរាប់ស្ពានឬផ្លូវក្រោមទន្លេថ្មីទៀតនៅតំបន់នេះ ខ្ញុំមិនបានដឹងនៅឡើយទេ ហើយក្រុមហ៊ុនមិនមានគំរោងបែបនេះទេ”។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានបង្ហើបពីគំរោងសាងសង់ស្ពានក្រោមទន្លេបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញសម្ភោធ ដាក់ឲ្យប្រើប្រាស់មហាវិថីតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រកាលពីអំឡុងឆ្នាំ២០១៩កន្លងមកនេះ៕

អ្នកជំនាញជាតិ អន្តរជាតិៈវិស័យអចលនទ្រព្យនៅកម្ពុជានឹកងាកទៅរកភាព ប្រសើរឡើងវិញនៅឆ្នាំ២០២២

ដោយៈ ម៉ាណេត

ភ្នំពេញៈ អ្នកជំនាញជាតិ និងអន្តរជាតិក្នុងវិស័យអចលនទ្រព្យកម្ពុជា សុទ្ធបានលើកឡើងថា វិស័យអចលនទ្រព្យនៅឆ្នាំ២០២២ នឹងមានភាពប្រសើរឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ មានភាពធូរស្រាល ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋមានចំនួនច្រើន។

លោក James Hodge អគ្គនាយកក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់ក្នុងកិច្ចសម្ភាស៍កាលចុងសប្តាហ៍កន្លងមកនេះថា នៅឆ្នាំ២០២២ នៅតែមានហានិភ័យមួយចំនួន ដែលយើងត្រូវប្រឈម ដូចការផ្គត់ផ្គង់លើតម្រូវការ ក្នុងវិស័យការិយាល័យ ទីផ្សារលក់រាយ និងខុនដូផងដែរ។

លោកបានឱ្យដឹងទៀតថា “យើងរំពឹងទុកថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ប៉ុន្តែក្នុងល្បឿនមួយយឺតៗ ហើយការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ពិតជាជំរុញ និងលើកទឹកចិត្តដល់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំក្រោយ”។

លោកបានថ្លែងបន្តថា ទោះបីជួបឧបសគ្គមួយចំនួននៅក្នុង២០២១ ដែលបង្កឡើងដោយជំងឺកូវីដ១៩ក៏ដោយ ក៏វិស័យអចលនទ្រព្យនៅកម្ពុជានាឆ្នាំក្រោយ នឹងអាចងើបឡើងវិញ ដោយសារការដាក់ចេញការយុទ្ធនាការដាក់ជូនពលរដ្ឋ និងព្រមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោក។

លោកបានឱ្យដឹងទៀតថា “ក្នុងឆ្នាំ២០២២ គ្រប់យ៉ាងនឹងមានភាពប្រសើរឡើងវិញ ប៉ុន្តែយើងមិនទាន់អាចនិយាយថា បានផុតរួចផុតពីវិបត្តិកូវីដ១៩នៅឡើយ ដោយសារជំងឺនេះមានការបម្លែងខ្លួនថ្មីៗ ដែលយើងពិបាកនឹងរំពឹងទុក ហើយវាក៏នឹងអាចមានវិធានការថ្មីៗ ដែលនឹងត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺក៏កាចសាហាវនេះ”។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាលោកច្រឹក សុខនីមបានឲ្យដឹងថា សម្រាប់វិស័យអចលនទ្រព្យ នៅដើមឆ្នាំ២០២២ នឹងមានសក្ដានុពល និងកំណើនឡើងវិញ ដោយសារតែនៅពេលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រង នៅក្នុងថ្នាក់ជាតិ ពិភពលោក និងតំបន់។ ដូច្នេះចរន្ដនៃការធ្វើដំណើរ របស់ប្រជាជនកម្ពុជា នឹងចាប់ផ្ដើមមានច្រើន ហើយការរៀបចំចាត់ចែង លើការធ្វើជំនួញនឹងចាប់ផ្ដើមឡើងវិញ។

លោកបន្ថែមថា “ប្រសិនបើការផុសផុលនៃកំណើន ការធ្វើវិនិយោគពាណិជ្ជកម្ម វិនិយោគលើវិស័យអចលនទ្រព្យ ពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវតែមានកំណើនខ្ពស់ជាងមុន ដោយសារតែលទ្ធភាពនៃការដោះដូរ ពីមួយឆ្នាំទៅមួយឆ្នាំចេះតែលូតលាស់ឡើងៗ”។លោកបន្តថា “ដូច្នេះទំហំនៃការវិនិយោគទាំងថ្នាក់ជាតិ និងអន្ដរជាតិ ដោយមានការចូលមកវិនិយោគ ពីសំណាក់ជនបរទេស មកកាន់ប្រទេសកម្ពុជា អ្នកវិនិយោគទាំងនោះនឹងមើលឃើញពីទំនុកចិត្ត ឱកាសក្នុងការវិនិយោគ នឹងរីកចម្រើនខ្ពស់ជាងមុនផងដែរ”។

លោកបន្ថែមថា ក្នុងទស្សនវិស័យនៃការវិនិយោគរបស់ប្រជាជនចិន ក្នុងទីផ្សារតំបន់អាស៊ាន ពិសេសការវិនិយោគនៅកម្ពុជា វិនិយោគិនចិន តែងប្រែតំបន់ណាមួយឲ្យទៅជាតំបន់ពាណិជ្ជកម្ម ឬតំបន់ដែលប្រមូលផ្ដុំដោយសហគមន៍ជនជាតិចិន ពិសេសក្នុងខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ ដូច្នេះការហុចសក្ដានុពលក្នុងការវិនិយោគ យើងនឹងមើលឃើញក្នុងឱកាសនេះ៕

ក្រុមហ៊ុនសិង្ហបុរីGIC គ្រោងបើកការិយាល័យថ្មីនៅអូស្ត្រាលីក្នុងឆ្នាំ២០២២ដើម្បី ក្ដោបក្ដាប់ឱកាសវិនិយោគ

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុនមូលនិធិវិនិយោគ GIC បានប្រកាសនៅថ្ងៃច័ន្ទ ទី៣១ ឧសភា នេះថា ខ្លួនគ្រោងបើកការិយាល័យថ្មីមួយនៅទីក្រុងស៊ីដនី ឆ្នាំក្រោយដើម្បីក្ដោបក្ដាប់ឱកាសវិនិយោគនៅប្រទេសអូស្រ្តាលី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោក Lim Chow Kiat នាយកប្រតិបត្តិក្រុមហ៊ុនមូលនិធិវិនិយោគ GIC បានលើកឡើងថា មូលនិធិនេះមានទំនុកចិត្តលើកំណើន រយៈពេលវែងនៃទីផ្សារអូស្ត្រាលី ហើយជឿជាក់ថា បើមានក្រុមការងារប្រចាំការនៅទីនោះ នឹងជួយឱ្យក្រុមហ៊ុនចាប់យកឱកាសវិនិយោគបានកាន់តែច្រើន។

លោកបន្ថែមទៀតថា “យើងពេញចិត្តយ៉ាងខ្លាំងចំពោះអ្វី ដែលយើងមានស្រាប់នៅក្នុងប្រទេសអូស្ត្រាលី ជាពិសេសក្នុងវិស័យអចលនទ្រព្យ”។ លោកបន្តថា “យើងជឿជាក់ថា ការិយាល័យថ្មីនេះ នឹងជួយគាំទ្រកាន់តែប្រសើរ ដល់ការគ្រប់គ្រងទ្រព្យសកម្ម ដែលមានស្រាប់របស់យើង និងបង្កើនទំនាក់ទំនងជាមួយបណ្ដាដៃគូក្នុងស្រុក ដើម្បីឱ្យយើងអាចបង្កើនតម្លៃបន្ថែម (Value added) ជាមួយគ្នាបានកាន់តែច្រើន”។

ការិយាល័យនេះ នឹងក្លាយជាការិយាល័យទី១១ របស់ក្រុមហ៊ុនមូលនិធិវិនិយោគ GIC នៅទូទាំងពិភពលោក។ ក្រៅពីប្រទេសសិង្ហបុរី បច្ចុប្បន្នមូលនិធិនេះ មានការិយាល័យនៅទីក្រុងប៉េកាំង ប្រទេសចិន ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ទីក្រុងមុមបៃ ប្រទេសឥណ្ឌា ទីក្រុងញូវយ៉ក និងទីក្រុងសានហ្វ្រានស៊ីស្កូ សហរដ្ឋអាមេរិក ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ទីក្រុងសៀងហៃ ប្រទេសចិន និងទីក្រុងតូក្យូ ប្រទេសជប៉ុន។

មូលនិធិនេះ បានចេញសេចក្ដីប្រកាសព័ត៌មានថា ការបើកការិយាល័យនៅទីក្រុងស៊ីដនី នេះគឺជាតឹកតាងមួយបង្ហាញពីកំណើនឥតឈប់ឈរ នូវទ្រព្យសកម្មរបស់ក្រុមហ៊ុនមូលនិធិវិនិយោគ GIC នៅក្នុងប្រទេសអូស្ត្រាលី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមូលនិធិវិនិយោគGIC បានបង្កើតការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អាជីវកម្ម និងអចលនទ្រព្យESR និង Dexus ដើម្បីទទួលបានទ្រព្យសកម្មបន្ថែម ផ្នែកដឹកជញ្ចូនផងដែរ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៥ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុនមូលនិធិវិនិយោគ GIC ក៏មានការបណ្តាក់ទុនរួមគ្នាចំនួន២,៧៨ពាន់លានដុល្លារអាមេរិក ជាមួយកក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ NorthWestផងដែរ ដើម្បីទទួលបានមន្ទីរពេទ្យ និងអគារការិយាល័យវេជ្ជសាស្ត្រនៅទូទាំងប្រទេសអូស្ត្រាលី៕

ក្រុមហ៊ុនOCICចំណាយទុន១៥០លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ឋទីក្រុងឆ្លាតវៃមួយ

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគអនិកជនក្រៅប្រទេស(OCIC)បានចំណាយប្រាក់រហូតដល់១៥០លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដូចជាប្រព័ន្ឋផ្លូវដែលមានប្រវងសរុប៣០គីឡូម៉ែត្រ លូ៦០គីឡូម៉ែត្រនៅទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត។

នេះជាផែនការចំណាយ សម្រាប់ទីក្រុងឆ្លាតវៃ ដែលមានការបែងចែកដាច់ដោយឡែករវាងទឹកភ្លៀង ទឹកលូចេញពីលំនៅដ្ឋាន និងអាគារពាណិជ្ជកម្មនានា ពិសេសមានការបំពាក់ប្រព័ន្ឋអគ្គិសនីLED និងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់ជាច្រើនទៀតនៅទីក្រុងជាប់ដងទន្លេសាបនេះ។

លោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC បានមានប្រសាសន៍ឲ្យដឹងថា ទីក្រុងរណបជ្រោយចង្វារ កំពុងដើរតាមផែនការមេរបស់ខ្លួន ទាំងហេដ្ឋារចនាសម្ព័ន្ឋ ការសាងសង់អាគារពាណិជ្ជកម្ម ផ្សារទំនើប សួនកម្សាន្ត លំនៅដ្ឋាន ខុនដូ និងសេវាកម្មជាច្រើនទៀត។លោកបន្តថា ដោយសារវិបត្តិសេដ្ឋកិច្ច បានធ្វើឲ្យគំរោងសាងសង់អាគារខ្ពស់ៗនៅទីក្រុងនេះត្រូវពន្យាពេល ប៉ុន្តែអនាគតតំបន់នេះនឹងមានអាគារខ្ពស់ៗច្រើនមិនខាន។

លោកបន្តថា “យើងមានគោលដៅរៀបចំទីក្រុងនេះ ជាតំបន់ពាណិជ្ជកម្មដូចតំបន់ស្ថិតនៅស្របមហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ”។

ទីក្រុងរណបជ្រោយចង្វារដំបូងឡើយមានផ្ទៃដី៣៨៧ហិកតា ប៉ុន្តែក្រោយពេលកាត់ជូនប្រជាពលរដ្ឋ និងកាត់ចេញនូវហេដ្ឋារចនាសម្ព័ន្ឋនានា ផ្ទៃដីទីក្រុងរណបនេះនៅសល់តែ១៤០ហិកតាប៉ុណ្ណោះ ក្នុងនោះផ្ទៃដី១០ភាគរយនឹងទុកជូនម្ចាស់ដីនៅតំបន់នេះ ដែលពួកគេអាចមកទទួលយកបានគ្រប់ពេល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកទូច សំណាង។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគតជាតំបន់ដែលស្ថិតនៅលើទីតាំងដ៏ល្អប្រសើរបំផុត ដោយសារតំបន់នេះមានទន្លេរពីអមសងខាង ដែលផ្តល់នូវលក្ខខ័ណ្ឌអាកាសធាតុដ៏ល្អបំផុត ពិសេសការសាងសង់ទីក្រុងនៅស្របតាមមាត់ទន្លេឬមាត់សមុទ្រ គឺជា ជម្រើសទី១របស់អ្នកវិនិយោគនានា ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាអ្នកជំនួញអាចប្រកបអាជីវកម្ម និងរស់នៅប្រកបដោយភាពសុខដុម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានថ្លែងថា តំបន់ជ្រោយចង្វារ ជាតំបន់ដ៏ល្អដោយសារវាមានទីតាំងនៅជិតតំបន់ពាណិជ្ជកម្មកណ្តាលក្រុង ជាងគេ ជាតំបន់មានលក្ខខ័ណ្ឌអាកាសធាតុល្អ និងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋយ៉ាងប្រសើរ ដែលងាយស្រួលចេញចូល និងងាយស្រួលធ្វើលំហូរចរាចរណ៍។

លោកបន្តថា ដោយសារតំបន់នេះមានលក្ខខ័ណ្ឌអំណោយផលបែបនេះ ទើបគំរោងអភិវឌ្ឍន៍ទីក្រងរណបថ្មីៗ និងគំរោងខុនដូ អាផាតម៉ិនជាច្រើនបាននិងកំពុងដុះដាលនៅតំបន់នេះ។

លោកបន្តថា “ខ្ញុំជឿថាគំរោងរបស់OCICនឹងទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនមានមូលដ្ឋានអតិថិជនស្រាប់ និងមានកេរ្ត៍ឈ្មោះល្អ ដែលធ្វើឲ្យគំរោងអភិវឌ្ឍន៍របស់ពួកគេតែងតែទទួលបានជោគជ័យ”៕

 

អ្នកជំនាញៈផ្លូវជាតិលេខ៣ក្លាយតំបន់លំនៅដ្ឋានមានសក្តានុពលសម្រាប់ ការរស់នៅនិងវិនិយោគ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការអភិវឌ្ឍលើវិស័យអចលនទ្រព្យ បានរីកសាយភាយទៅគ្រប់ទិសទាំងអស់ នៃរាជធានីភ្នំពេញ ជាក់ស្តែងជាក់ស្តែង ផ្លូវជាតិលេខ៣ ត្រូវបានគេមើលឃើញថា កំពុងបង្ហាញពីសក្ដានុពលទាក់ទាញ សម្រាប់ការអភិវឌ្ឍ និងវិនិយោគលើវិស័យលំនៅដ្ឋាន។

លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេតបានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ស្ថានភាពអចលនទ្រព្យ នៅតាមបណ្តោយផ្លូវជាតិលេខ៣ មិនខុសពីតំបន់ផ្សេងៗប៉ុន្មាននោះទេ ផ្លូវជាតិលេខ៣ គឺជាផ្លូវដែលបានធ្វើការកសាង និងធ្វើឱ្យប្រសើរឡើងវិញ។

លោកបានបន្តថា កាលពីឆ្នាំ២០១៨ និង២០១៩ តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវលេខ៣ បានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់រួចទៅហើយ និងមានការវិនិយោគមួយចំនួនទៅតំបន់នេះ។

ជាមួយគ្នានេះដែរ ចាប់ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ ការវិនិយោគមិនទាន់ការវិវត្តន៍ធំដុំនោះទេ ដោយសារយើងដឹងហើយ វិបត្តិកូវីដ១៩បានបង្កផលប៉ះពាល់ដល់វិស័យអចលនទ្រព្យនេះ។

លោកបានថ្លែងថា “ចាប់ផ្លូវតំបន់ចោមចៅ ទៅខាងមុខ១០គីឡូម៉ែត្រ ឬស្ពាន៧មករា វាបានក្លាយទៅជាតំបន់លំនៅដ្ឋាន ដែលសក្តានុពលសម្រាប់ការរស់នៅ និងវិនិយោគ ហើយតំបន់អនុពាណិជ្ជកម្ម (Sub-Commercial Zone) ក្នុងរយៈពេល២ឬ៣ឆ្នាំចុងក្រោយនេះ ខណៈគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើន បានសម្រុកទៅតំបន់នេះ ពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ៣នេះ”។

លោកបានបន្តថា “តម្លៃលំនៅដ្ឋានតំបន់នេះមានតម្លៃចាប់៥ម៉ឺនទៅដល់១០ម៉ឺនដុល្លារ”។

លោកប៉ូ អ៊ាវគង់បានបន្តថា “ចាប់ពីស្ពានទំនប់៧មករា ទៅដល់ខេត្តតាកែវគឺជាតំបន់ឧស្សាហកម្ម ដែលមានភាពអំណោយដល់ការដឹកជញ្ជួន និងការអភិវឌ្ឍរោងចក្រសហគ្រាស”។ លោកបន្តថា “បន្ទាប់ពីវិបត្តិកូវិដ១៩ ធូរស្រាល វិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងបណ្តាខេត្តពាក់ព័ន្ធនឹងផ្លូវនេះ មានសក្តានុពលកាន់តែខ្លាំង”។

កាលពីថ្មីៗនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រកាសថា គម្រោងធ្វើ ឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវAC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះចំណាយថវិកា សរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាម៉េរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា បើយើងក្រលេកទៅមើលការអភិវឌ្ឍនៅជុំវិញរាជធានីភ្នំពេញ គេមើលឃើញថាមានការរីកសាយដូចៗគ្នា គ្រាន់តែមានការអភិវឌ្ឍខុសៗគ្នាបន្តិចបន្តួចប៉ុណ្ណោះ ហើយដោយសារតែរដ្ឋាភិបាល បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងធំៗមួយចំនួនទៀត ក៏បានបង្ហាញខ្លួនជាបន្តបន្ទាប់ ដូចជាបុរីធំៗជាដើម។

លោកបន្តថា “តំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះ នឹងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកអភិវឌ្ឍន៍។ ដូច្នេះហើយទើបឃើញរដ្ឋាភិបាលកម្ពុជាយើងបានចំណាយទុន ក្នុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់”៕

រយៈពេល៥ខែដំបូង CDC អនុម័តគម្រោងវិនិយោគនៅកម្ពុជាមានទឹកប្រាក់ ជាង២,២ពាន់លានដុល្លារ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ថ្វីត្បិតតែកម្ពុជា ជួបវិបត្តិនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងលក្ខណៈទ្រង់ទ្រាយធំក្ដី តែរយៈពេល៥ខែដើមឆ្នា២០២១នេះ កម្ពុជានៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ជាក់ស្ដែងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ឱ្យដឹងថា៥ខែនេះ CDC អនុម័តគម្រោងចំនួន៥៧គម្រោងមានទឹកប្រាក់២.២៥៦លានដុល្លារអាមេរិក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយលើបណ្ដាញសង្គមរបស់ខ្លួនតាំងពីដើមខែមករា ឆ្នាំ២០២១មក ឃើញថាគម្រោងវិនិយោគៗធំពីរមានតម្លៃវិនិយោគច្រើនជាងគេក្នុងនោះ គម្រោងវិនិយោគរោងចក្រថាមពលអគ្គិសនីប្រើដោយធ្យូងថ្ម មានទុនវិនិយោគជាង១.២៨៣លានដុល្លារអាមេរិក និងគម្រោងមួយទៀត គឺរោងចក្រផលិតក្រដាស មានតម្លៃវិនិយោគ៥០៤លានដុល្លារអាមេរិក ក្នុងខេត្តកំពត។

សេចក្តីប្រកាសដដែលបានបង្ហាញថា ភាគច្រើននៃគម្រោង ដែលត្រូវបានអនុម័ត ឱ្យវិនិយោគនៅកម្ពុជា រយៈពេល៥ខែដំបូងគឺជារោងចក្រ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ។

ក្រៅពីនោះ គឺមានគម្រោងវិនិយោគនៅក្នុងវិស័យគ្រឿងបង្គុំអេឡិចត្រូវនិក សម្ភារអគ្គិសនី គ្រឿងបង្គុំយានជំនិះ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម កែច្នៃផលិតផល និងមន្ទីរពេទ្យ និងឱសថ។

អ្នកជំនាញអចលនវត្ថុកម្ពុជា លោកប៉ូ អ៊ាវគង់ បានឱ្យដឹងថា នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ គេមើលឃើញថាវិស័យឧស្សាហកម្មរោងចក្រកាត់ដេរ នៅតែទទួលបានការវិនិយោគពីក្នុងនិងក្រៅ ប្រទេសដោយធ្វើឱ្យសកម្មភាពនៃការជួលទីតាំងឃ្លាំង សម្រាប់ធ្វើជារោងចក្រ សកម្មភាពនៃការទិញដីសង់ឃ្លាំង និងជួលខ្លាំងសង់រោងចក្រ នៅតែមានទីផ្សារ ខណៈវិស័យអចលនទ្រព្យផ្សេងទៀត បានស្ងប់ស្ងាត់ក្នុងវិបត្តិនៃជំងឺសកលនេះ ។

នៅរយៈពេលប៉ុន្មាន៤ខែដើមឆ្នាំ ២០២១នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលលធ្វើដំណើរ ឃើញថានៅតែមានតួលេខខ្ពស់ ជាពិសេសកំណើននៅក្នុងខែមេសា ឆ្នាំ២០២១នេះ គឺមានការកើនឡើងខ្ពស់ បើធៀបនឹងខែមេសា ២០២០កន្លងទៅ៕

រដ្ឋាភិបាលចិនចាប់ផ្តើមឲ្យប្រជាជនរស់ខ្លួនមានលទ្ឋភាពយកកូន”បីនាក់” ដើម្បីកាត់បន្ថយវិបត្តិប្រជាសាស្រ្ត

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយប្រជាសាស្រ្តថ្មី ដោយអនុញ្ញាត្តឲ្យប្រជាពលរដ្ឋរបស់ខ្លួន អាចយកកូនបានដល់ទៅ៣នាក់ ដើម្បីកាត់បន្ថយវិវបត្តិប្រជាជននាពេលអនាគត។

នៅថ្ងៃចន្ទនេះ ប្រទេសចិនបានប្រកាសថា ប្រជាជននឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើមមានកូនបានដល់៣នាក់ក្នុងមួយគ្រួសារ ដែលវាគឺជាការផ្លាស់ប្តូរធំមួយ ពីគោលនយោបាយ កំណត់ការយកកូនបានត្រឹម២នាក់ នាពេលបច្ចុប្បន្ន បន្ទាប់ពីទិន្នន័យថ្មីៗនេះបង្ហាញឲ្យឃើញពីការថយចុះយ៉ាងគំហុក នៃអត្រាកំណើតទារក នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មានដើម ពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរបានឲ្យដឹងថា ការកែប្រែយ៉ាងសំខាន់ខាងលើនេះ ត្រូវបានអនុម័តអំឡុងកិច្ចប្រជុំមួយនៃ ការិយាល័យនយោបាយ របស់គណបក្សកុម្មុយនិស្តចិន ក្រោមអធិបតីភាពរបស់ប្រធានាធិបតីចិន លោកស៊ីជីនពីង។

កាលពីពេលកន្លងទៅ ក្នុងខែឧសភានេះ ចិនបានចេញរបាយការណ៍ជំនឿន ដែលធ្វើឡើងមួយទសវត្សរ៍ម្តងរបស់ខ្លួន។ ក្នុងនោះបានបង្ហាញថា កំណើនប្រជាជនចិន បានកើនឡើងក្នុងអត្រាដ៏យឺតបំផុត កំឡុងទសវត្សរ៍ទៅ បើគិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០មក។

កាលពី២០១៦ រដ្ឋាភិបាលចិនបានសម្រេចលុបចោល គោលនយោបាយរាប់ទសវត្សរ៍របស់ខ្លួន ដែលកំណត់ឲ្យប្រជាជនចិនអាចមានកូន បានត្រឹមម្នាក់ក្នុងមួយគ្រួសារ ក្រោមគោលដៅព្យាយាមទប់ស្កាត់កំណើនប្រជាជន ហើយអនុញ្ញាតឲ្យមានកូនបាន២នាក់៕

 

ដំណឹងល្អៈអាមេរិករកឃើញឱសថមួយប្រភេទជួយដល់ការព្យាបាលជំងឺកូវីដ១៩

ដោយៈគង់ សូរិយា

ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលក្រុមអ្នកស្រាវជ្រាវអាមេរិក បានរកឃើញថ្នាំមួយប្រភេទ ដែលអាចជាជំនួយ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងវីរុស SARS-CoV-2 បំប្លែងខ្លួនផ្សេងៗផងដែរ។

ក្រុមអ្នកស្រាវជ្រាវដែលមានទំនាក់ទំនង ជាមួយសកលវិទ្យាល័យ Pennsylvania បានរកឃើញថា ថ្នាំ diABZI មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងការធ្វើតេស្តជាមួយសត្វកណ្តុរ ដែលឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនច្រើនប្រភេទ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុស SARS-CoV-2 បានលាក់ខ្លួនដើម្បីជៀសវាង ការចាប់សញ្ញាដោយប្រូតេអ៊ីនដែលបញ្ចេញដោយកោសិកា។ លទ្ធផលនេះ ធ្វើឲ្យការឆ្លើយតបភាពស៊ាំមានភាពយឺតយ៉ាវ ដែលអនុញ្ញាតឲ្យមេរោគ ឆ្លងចូលផ្លូវដង្ហើមបាន។

ក្រុមអ្នកស្រាវជ្រាវ បានស្វែងរកមើលប្រព័ន្ធភាពស៊ាំបន្ថែមទៀត។ ពួកគេបានក្រឡេកមើលទៅថ្នាំdiABZI ដែលជាថ្នាំម្យ៉ាងបញ្ចេញរំញោច ធ្វើឲ្យប្រូតេអ៊ីនបង្ហាញសញ្ញាប្រាប់ពេលមានមេរោគចូលនៅក្នុងខ្លួន។

សត្វកណ្តុរមានផ្ទុកជំងឺកូវីដ-១៩ចំនួន១២៩ក្បាល ត្រូវបានគេព្យាបាលជាមួយថ្នាំ diABZI។ នៅពេលប្រៀបធៀបជាមួយក្រុមផ្សេង សត្វកណ្តុរដែលត្រូវបានព្យាបាលដោយថ្នាំនេះ ត្រូវបានគេមើលឃើញថាមានការសម្រកទម្ងន់តិច និងផ្ទុកវីរុសទាប៕

 

តំបន់ផ្លូវជាតិលេខ៤បានទាក់ទាញគំរោងវិនិយោគលំនៅដ្ឋានពីភ្នំពេញរីកដល់ ខេត្តកំពង់ស្ពឺ

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងអភិវឌ្ឍលំនៅដ្ឋានបាន និងកំពុងរីកចម្រើនយ៉ាងខ្លាំង នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលបច្ចុប្បន្នអ្នកអភិវឌ្ឍន៍នានា កំពុងចាប់យកសក្តានុពលពីការរកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

តាមរយៈការសង្កេតមើលផ្ទាល់ភ្នែកជាក់ ស្តែងនាព្រឹកថ្ងៃទី៣១ ឧសភានេះបានបង្ហាញថា ទីផ្សារលំនៅដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៤ កំពុងមានភាពរីកចម្រើនខ្លាំង ដោយសារកំណើនរោងចក្រ សហគ្រាស ពិសេសកំនើនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនេះកាន់តែច្រើន។ ការរីកចម្រើននេះបាន និងកំពុងធ្វើឲ្យរាជធានីភ្នំពេញ ស្រុកអង្គស្នូល និងទីក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្ទើរក្លាយជាទីក្រុងរួមមួយនាពេលបច្ចុប្បន្ននេះ។

ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៣១ ឧសភានេះថា ការរីកចម្រើនជីវភាពរបស់ប្រជាសពលរដ្ឋ និងកំនើនប្រជាពលរដ្ឋនៅតំបន់នេះ បានធ្វើឲ្យតំបន់ផ្លូវជាតិលេខ៤ ខ័ណ្ឌកំបូល ស្រុកអង្គស្នួល និងក្រុងច្បារមនរីកចម្រើនយ៉ាងលឿន ដោយសារកត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងការរីកចម្រើនផ្នែកនគរូបនីយកម្ម។

លោកបន្តថា “និន្នាការនេះមិនខុសគ្នាពីប្រទេសជិតខាងកម្ពុជា ឬប្រទេសរីកចម្រើននានាឡើយ ដែលទីក្រុងតែងតែផ្សារភ្ជាប់ជាមួយជនបទ ឬជនបទតែងតែខិតជិតរាជធានី”។

លោកយិន លាងគង់បានបន្តថា ឧទាហរណ៍ទីក្រុងបាងកក និងខេត្តសមុទ្រប្រាកាន ខេត្តឧត្តររាជធានី និងខេត្តដទៃទៀតដូចជាលុបបុរីជាដើម តែងតែមានការតភ្ជាប់ផ្លូវហេដ្ឋារចនាសម្ព័ន្ឋ លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មតែងតែផ្សារភ្ជាប់គ្នា ដោយសារការីកចម្រើន និងឥទ្ឋិពលរបស់រាជធានី ឬទីក្រុងរបស់ជាតិនិមួយៗ តែងតែធ្វើឲ្យបណ្តាខេត្តជាប់គ្នាតែងតែទទួលបានភាពរីកចម្រើន។

លោកបន្តថា នៅពេលអនាគតស្រុកអង្គស្នួល និងក្រុងច្បារមននឹងកាន់តែរីកចម្រើនកាន់តែលឿនថែមទៀត ដោយសារផ្លូវជាតិលេខ៤នឹងត្រូវកែលំអរជាថ្មី ក្រោមហិរញ្ញប្បទាន១០០លានដុល្លាររបស់ធនាគារពិភពលោក និងការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ដូចជា ការពង្រីកនិងលើកកំពស់ផ្លូវជាតិលេខ៤១ ការពង្រីកតំបន់រោងចក្រ ឧស្សាហកម្មទៅកាន់ផ្លូវជាតិលេខ៥១ជាដើម។

ផ្លូវជាតិលេខ៤នៅតែដើរតួនាទីសំខាន់ ក្នុងការសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បើទោះជារដ្ឋាភិបាលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមួយទៀតយ៉ាងណាក្តី៕

កម្មវិធីសម្ពោធន៍ដាក់លក់ BKK AVENUE  អភិវឌ្ឍដោយ Le Condé BKK1 ឱកាសមាសថ្មីក្នុងទីផ្សារអចលនទ្រព្យ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ Le Condé BKK1 បានប្រារព្វពិធីសម្ពោធន៍ដាក់លក់គម្រោង BKK AVENUE  ដែលជាទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅតំបន់បឹងកេងកង១។ វាគឺជាពេលវេលាដ៏អស្ចារ្យមួយដែលមានអ្នកចូលរួមយ៉ាងច្រើនពីសំណាក់អ្នកជំនាញផ្នែកអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ អ្នកវិនិយោគ និងសាធារណៈជនជាច្រើនបានចូលរួម ដើម្បីទទួលបានព័ត៌មានអំពីគម្រោងថ្មីដែលជាឱកាសមាសមួយនៅក្នុងទីផ្សារយើង។ ត្រឹមថ្ងៃសម្ពោធន៍ដាក់លក់ BKK AVENUE សម្រេចបានលទ្ធផលលើពីការគ្រោងទុក ដោយក្នុងនោះមានអ្នកកក់ទីតាំងជាច្រើន ហើយក្នុងនោះពាក់កណ្តាលទីតាំងត្រូវបានលក់ដាច់ហើយ។ ប្រញាប់ឡើង ចំនួនទីតាំងមានកំណត់។

Le Condé BKK1 ជាគម្រោងខុនដូប្រភេទប្រណិត ដែលបំពាក់ទៅដោយបរិក្ខារទំនើបៗជាច្រើន សម្រាប់បែបបទរស់នៅដែលទំនើប និងផាសុកភាព។ ដើម្បីលើកតម្កើងកម្រិតនៃការរស់នៅរបស់អ្នកស្នាក់នៅ Le Condé BKK1 បានបង្កើតគម្រោង  BKK AVENUE ដែលនឹងក្លាយទៅជាទីតាំងដ៏ស័ក្តិសមសម្រាប់ ការដើរទិញទំនិញបែបកំសាន្ត។ ជាពិសេសគឺ សម្រាប់អ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1 ផ្ទាល់ដែលកំពុងរស់នៅជាន់ខាងលើនៃគម្រោងនេះ ពួកគេនេះហើយដែលជាអតិថិជនដ៏មានសក្តានុពលខ្ពស់របស់ BKK AVENUE។

តាមការយល់ឃើញរបស់ភ្នាក់ងារអចលនទ្រព្យ ពួកគេបានសរសើរថា BKK AVENUE នឹងក្លាយទៅជាទីផ្សារដ៏គួរឲ្យទាក់ទាញមួយ ដែលផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅដល់អ្នកក្នុងស្រុក ក៏ដូចជាជនបរទេសនៅក្នុងតំបន់នេះ ជាពិសេសអ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1។ ពួកគេពុំចាំបាច់ដើរចេញពីអគាររបស់គេ ដោយសារតែពួកគេមានបរិក្ខារគ្រប់គ្រាន់ សម្រាប់ការរស់នៅបែបផាសុកភាព ឆ្លាតវៃ និងប្រណិតរបស់ពួកគេ។

ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ជាន់ផ្ទាល់ដីនៃគម្រោងខុនដូដ៏ប្រណិតមួយ នេះជាគុណតម្លៃដ៏ពិសេសមួយសម្រាប់ម្ចាស់កម្មសិទ្ធិនៃ BKK AVENUE។ តាមការប៉ានស្មាន មានអ្នកស្នាក់នៅច្រើនជាង ៣ពាន់នាក់ ដើរកាត់មុខហាងលោកអ្នកជាប្រចាំ ដែលធ្វើឲ្យលោកអ្នកមានទំនាក់ទំនងផ្ទាល់ទៅកាន់ពួកគេ។ លើសពីនេះទៀត ស្ថិតទីតាំងចម្បងនៃទីប្រជុំជនចម្រុះនៃរាជធានី BKK AVENUE នឹងក្លាយទៅជាទីតាំងពាណិជ្ជកម្មដែលអាចជួលបានក្នុងអត្រាដ៏ខ្ពស់នៅក្នុងទីផ្សារនេះ។ មានត្រឹមតែ ១៦ទីតាំងប៉ុណ្នោះ រួសរាន់ឡើងដើម្បីចាប់ឱកាសនេះ ដើម្បីក្លាយជាម្ចាស់ទីតាំង ដោយសារតែពេលនេះមានអ្នកកក់ទីតាំងជាច្រើនរួចមកហើយ។ ទីតាំងដែលមានទំហំចាប់ពី៥១ម៉ែត្រការ៉េ រហូតដល់ ១០០ម៉ែត្រការ៉េ ជាមួយកំពស់ដល់ទៅ៥ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការរចនាផ្នែកខាងក្នុងហាងរបស់អ្នក។

តាមការព្យាករណ៍ BKK AVENUE នឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០២៤ នេះជាឱកាសមាសមួយសម្រាប់អ្នកគ្រប់គ្នា ដោយក្នុងនោះមានទាំងម្ចាស់ទីតាំង អ្នកស្នាក់នៅគម្រោង Le Condé BKK1  អ្នករស់នៅតំបន់បឹងកេងកង និងជាពិសេសម្ចាស់ទីតាំងផ្ទាល់។ វានឹងអាចទាក់ទាញភ្ញៀវទាំង ក្នុងស្រុក និងជនបរទេសដើម្បីមកលេងកំសាន្ត និងទិញទំនិញនៅទីនេះ។