ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលជ្រើសរើសរៀបចំប្រកាសជ្រើសរើស ភូមិទេសចរណ៏ឆ្នើមចំនួន៣ ដើម្បីប្រឡងប្រណាំង “ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)” ដែលផ្តួចផ្តើមដោយអង្គការទេសចរណ៏ពិភពលោក (UNWTO)។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីគណៈរដ្ឋមន្ត្រី ដែលគេទំព័រ Propertyarea.asia ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

-->
រាជរដ្ឋាភិបាលសម្រេច អនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ អាជ្ញាធរ រាជធានី ខេត្ត និងភាគីពាក់ព័ន្ធផ្សេងៗទៀត ធ្វើការជ្រើសរើសភូមិទេសចរណ៏ឆ្នើមចំនួន៣ ដើម្បីដាក់ជាបេក្ខភាពក្នុងកម្មវិធីប្រឡងប្រណាំង “ភូមិទេសចរណ៍ឆ្នើម (Best Tourism Village)” ហើយ បញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត ដែល ក្រសួងទេសចរណ៍បាននិងកំពុងដឹកនាំ ដើម្បីងាយស្រួលអនុវត្តនិងត្រួតពិនិត្យ។
លោកទ្រី ឈីវប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានថ្លែងសារព័ត៌មានក្នុងស្រុកថា នៅជំហានដំបូងនេះ រាជរដ្ឋាភិបាលបានសម្រចឱ្យក្រសួងទេសចរណ៍ សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជ្រើសរើសភូមិគំរូចំនួន៣ នៅទូទាំងប្រទេស។ លោកបានបង្ហើបថា “យើងនឹងពិនិត្យលើលទ្ធភាព នៅតាមភូមិតេជោទាំង១០០ ភូមិ”។

លោក ទ្រី ឈីវ បានបញ្ជាក់ថា ចលនាចូលរួមប្រឡងប្រណាំងនេះ នឹងរៀបចំឡើងឱ្យបានមុនដំណាច់ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដាក់ជូនគណៈកម្មការវាយតម្លៃនៃអង្គការទេសចរណ៍ពិភពលោក។ អ្វីដែលសំខាន់ក្នុងការរៀបចំនេះ គឺផ្ដោតទៅលើសូចនាករសំខាន់មួយចំនួនដូចជា តើភូមិទាំងនោះមានសក្ដានុពល លើវិស័យទេសចរណ៍ខ្លាំងប៉ុណ្ណា, តើប្រជាជនមានការចូលរួមក្នុងសកម្មភាពទេសចរណ៍ ការថែរក្សាអភិរក្សសម្បត្តិបេតិកភណ្ឌ ប្រពៃណី វប្បធម៌បានកម្រិតណា ហើយនៅក្នុងភូមិទាំងនេះមានអ្វីដែលគួរឱ្យទាក់ទាញពិសេសខ្លាំងប៉ុណ្ណា? ព្រមទាំងមានសូចនាករលម្អិតផ្សេងទៀតផងដែរ។
លោកបានសង្កត់ធ្ងន់ផងដែរថា ក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩ទេសចរណ៍ជនបទកាន់តែមាននិន្នាការកើនឡើង ស្របនឹងកំណើនទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ទេសចរណ៍សមុទ្រ ឬកោះជាដើម។
ការជ្រើសរើសភូមិទេសចរណ៍ឆ្នើមនេះ ក៏ជាផ្នែកមួយនៃ “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩” ដើម្បីជំរុញបរិយាបន្នសង្គម-សេដ្ឋកិច្ច និងអាចចូលរួមដល់ការសម្រេចគោលការណ៍ “សកល មិនទុកនរណាម្នាក់ចោល”។ ព្រមទាំងគាំទ្រដល់សកម្មភាពរស់ឡើងវិញ នៃសហគមន៍ជនបទ ជួយសហគមន៍មូលដ្ឋានឱ្យងើបចេញពីវិបត្តិជំងឺកូវីដ-១៩ និងជំរុញកំណើនប្រកបដោយបរិយាបន្ន និងចីរភាព។
លោក ទ្រី ឈីវបានបញ្ជាក់ថា គោលបំណងនៃការប្រឡងប្រណាំងភូមិទេសចរណ៍ឆ្នើមនេះ គឺចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជនបទ ឲ្យកាន់តែប្រសើរឡើង សំដៅស្ដារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ក៏ដូចជាអភិវឌ្ឍភូមិ ដែលមានសក្ដានុពលលើវិស័យទេសចរណ៍ ឱ្យទទួលបម្រើសេវាកម្មជូនទេសចរប្រកបដោយគុណភាពល្អប្រសើរ ស្របតាមស្តង់ដាពិភពលោក។

លោកបានបញ្ជាក់ទៀតថា ភូមិជ័យលាភី ក៏នឹងអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោក ហើយអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជា៕