កម្មវិធីសម្ពោធន៍ដាក់លក់ BKK AVENUE  អភិវឌ្ឍដោយ Le Condé BKK1 ឱកាសមាសថ្មីក្នុងទីផ្សារអចលនទ្រព្យ

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ Le Condé BKK1 បានប្រារព្វពិធីសម្ពោធន៍ដាក់លក់គម្រោង BKK AVENUE  ដែលជាទីតាំងពាណិជ្ជកម្មសម្រាប់លក់ដំបូងគេនៅតំបន់បឹងកេងកង១។ វាគឺជាពេលវេលាដ៏អស្ចារ្យមួយដែលមានអ្នកចូលរួមយ៉ាងច្រើនពីសំណាក់អ្នកជំនាញផ្នែកអចលនទ្រព្យ ភ្នាក់ងារអចលនទ្រព្យ អ្នកវិនិយោគ និងសាធារណៈជនជាច្រើនបានចូលរួម ដើម្បីទទួលបានព័ត៌មានអំពីគម្រោងថ្មីដែលជាឱកាសមាសមួយនៅក្នុងទីផ្សារយើង។ ត្រឹមថ្ងៃសម្ពោធន៍ដាក់លក់ BKK AVENUE សម្រេចបានលទ្ធផលលើពីការគ្រោងទុក ដោយក្នុងនោះមានអ្នកកក់ទីតាំងជាច្រើន ហើយក្នុងនោះពាក់កណ្តាលទីតាំងត្រូវបានលក់ដាច់ហើយ។ ប្រញាប់ឡើង ចំនួនទីតាំងមានកំណត់។

Le Condé BKK1 ជាគម្រោងខុនដូប្រភេទប្រណិត ដែលបំពាក់ទៅដោយបរិក្ខារទំនើបៗជាច្រើន សម្រាប់បែបបទរស់នៅដែលទំនើប និងផាសុកភាព។ ដើម្បីលើកតម្កើងកម្រិតនៃការរស់នៅរបស់អ្នកស្នាក់នៅ Le Condé BKK1 បានបង្កើតគម្រោង  BKK AVENUE ដែលនឹងក្លាយទៅជាទីតាំងដ៏ស័ក្តិសមសម្រាប់ ការដើរទិញទំនិញបែបកំសាន្ត។ ជាពិសេសគឺ សម្រាប់អ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1 ផ្ទាល់ដែលកំពុងរស់នៅជាន់ខាងលើនៃគម្រោងនេះ ពួកគេនេះហើយដែលជាអតិថិជនដ៏មានសក្តានុពលខ្ពស់របស់ BKK AVENUE។

តាមការយល់ឃើញរបស់ភ្នាក់ងារអចលនទ្រព្យ ពួកគេបានសរសើរថា BKK AVENUE នឹងក្លាយទៅជាទីផ្សារដ៏គួរឲ្យទាក់ទាញមួយ ដែលផ្តល់ជូននូវភាពងាយស្រួលក្នុងការរស់នៅដល់អ្នកក្នុងស្រុក ក៏ដូចជាជនបរទេសនៅក្នុងតំបន់នេះ ជាពិសេសអ្នកស្នាក់នៅក្នុងគម្រោង Le Condé BKK1។ ពួកគេពុំចាំបាច់ដើរចេញពីអគាររបស់គេ ដោយសារតែពួកគេមានបរិក្ខារគ្រប់គ្រាន់ សម្រាប់ការរស់នៅបែបផាសុកភាព ឆ្លាតវៃ និងប្រណិតរបស់ពួកគេ។

ស្ថិតនៅទីតាំងយុទ្ធសាស្ត្រ ជាន់ផ្ទាល់ដីនៃគម្រោងខុនដូដ៏ប្រណិតមួយ នេះជាគុណតម្លៃដ៏ពិសេសមួយសម្រាប់ម្ចាស់កម្មសិទ្ធិនៃ BKK AVENUE។ តាមការប៉ានស្មាន មានអ្នកស្នាក់នៅច្រើនជាង ៣ពាន់នាក់ ដើរកាត់មុខហាងលោកអ្នកជាប្រចាំ ដែលធ្វើឲ្យលោកអ្នកមានទំនាក់ទំនងផ្ទាល់ទៅកាន់ពួកគេ។ លើសពីនេះទៀត ស្ថិតទីតាំងចម្បងនៃទីប្រជុំជនចម្រុះនៃរាជធានី BKK AVENUE នឹងក្លាយទៅជាទីតាំងពាណិជ្ជកម្មដែលអាចជួលបានក្នុងអត្រាដ៏ខ្ពស់នៅក្នុងទីផ្សារនេះ។ មានត្រឹមតែ ១៦ទីតាំងប៉ុណ្នោះ រួសរាន់ឡើងដើម្បីចាប់ឱកាសនេះ ដើម្បីក្លាយជាម្ចាស់ទីតាំង ដោយសារតែពេលនេះមានអ្នកកក់ទីតាំងជាច្រើនរួចមកហើយ។ ទីតាំងដែលមានទំហំចាប់ពី៥១ម៉ែត្រការ៉េ រហូតដល់ ១០០ម៉ែត្រការ៉េ ជាមួយកំពស់ដល់ទៅ៥ម៉ែត្រ ដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ការរចនាផ្នែកខាងក្នុងហាងរបស់អ្នក។

តាមការព្យាករណ៍ BKK AVENUE នឹងចាប់ផ្តើមដំណើរការនៅដើមឆ្នាំ ២០២៤ នេះជាឱកាសមាសមួយសម្រាប់អ្នកគ្រប់គ្នា ដោយក្នុងនោះមានទាំងម្ចាស់ទីតាំង អ្នកស្នាក់នៅគម្រោង Le Condé BKK1  អ្នករស់នៅតំបន់បឹងកេងកង និងជាពិសេសម្ចាស់ទីតាំងផ្ទាល់។ វានឹងអាចទាក់ទាញភ្ញៀវទាំង ក្នុងស្រុក និងជនបរទេសដើម្បីមកលេងកំសាន្ត និងទិញទំនិញនៅទីនេះ។

តំបន់ជ្រៃធំ ស្រុកកោះធំ នៅតែមានសក្តានុពលវិនិយោគសំរាប់ពេលអនាគត

ដោយៈ រតនៈ

កណ្តាលៈ ខណៈដែលពិភពលោកក៏ដូចជាកម្ពុជាផងដែរ កំពុងរងវិបត្តិកូវីត ហើយវិនិយោគិនមួយចំនួនផ្អាកបោះទុនវិនិយោគ អ្នកជំនាញផ្នែកអចលនទ្រព្យនៅតែមើលឃើញថា ដីនៅតំបន់តាមព្រំដែន នៅតែមានតម្រូវការសម្រាប់ក្រុមអ្នកវិនិយោគ ព្រោះថា គេមើលឃើញពីសក្ដានុពលសំរាប់ពេលអនាគត។

លោកស្រីចេវ សុឃុន ទីប្រឹក្សា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងជាសា្ថបនិកក្រុមហ៊ុន KAT APPRAISAL មានប្រសាសន៍ប្រាប់Propertyareaដឹងនាព្រឹកថ្ងៃទី៣១ ឧសភានេះថា ក្នុងអំឡុងកើតមានវិបត្តិកូវីតនេះក្រុមអ្នកវិនិយោគ និងឈ្មួញមួយចំនួនហាក់មិនហ៊ានទម្លាក់ទុន ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យទេ ដោយខ្លាចកប់ដើមលើវិស័យមួយនេះ ប៉ុន្តែអ្នកស្រីអះអាងថា ក្នុងនោះក៏មានអ្នកវិនិយោគប្រមាណ២០ភាគរយ ដែលហ៊ានបោះទុនវិនិយោគ លើវិស័យមួយនេះនៅតាមតំបន់ព្រំដែន ដោយគិតថានៅទីនោះ អាចនឹងមានសក្ដានុពលនៅពេល ដែលប្រទេសកម្ពុជាបើកច្រកចេញចូលទៅប្រទេសផ្សេង ហើយវិបត្តិកូវីតបានថយចុះក្នុងកម្រិតប៉ះពាល់តិចបំផុត។

លោកស្រីបន្តថា “ខ្ញុំចុះសិក្សាការទិញលក់អចលនទ្រព្យនៅតំបន់ព្រំដែន តម្លៃលក់ចេញហាក់នៅទ្រឹង ចំណែកសំណង់ផ្សេងៗ ហាក់ផ្អាកសកម្មភាពជាច្រើនកន្លែង ប៉ុន្តែក៏នៅតែមានឈ្មួញ និងវិនិយោគិនមួយចំនួននៅតែបន្តទិញដីដដែល ជាពិសេសដីដែលមានទំហំធំ ហើយលក់ក្នុងតម្លៃក្រោមទីផ្សារ”។

បើតាមលោកស្រីចេវ សុឃុន ការលក់ដូរអចលនទ្រព្យនៅតំបន់ព្រំដែន មានអ្នកដាក់លក់ចេញមានរហូតដល់ទៅប្រមាណ៨០%។ ចំណែកការលក់បានដោយជោគជ័យ មានតែប្រមាណ២០%ប៉ុណ្ណោះ។

ក្នុងកិច្ចសំភាសន៍ជាមួយ Propertyarea នាពេលថ្មីៗនេះ លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) មានប្រសាសន៍ថា ក្នុងបញ្ហាគឺតែងតែមានឱកាស ក្នុងនោះសម្រាប់ការទិញ ដូរអចលនទ្រព្យក៏ដូចគ្នា អ្នកទិញអចលនទ្រព្យមានឱកាសច្រើនក្នុងការទិញក្នុងតម្លៃមួយសមរម្យ មិនថាតែអ្នកទិញសម្រាប់ធ្វើអាជីវកម្មទិញលក់ ឬទិញសម្រាប់ស្នាក់នៅនោះទេ។

លោកបន្តថា “អ្នកទិញអចលនទ្រព្យដែលមានឱកាសបំផុត គឺអ្នកដែលមានលុយហើយទិញដីឬផ្ទះទុកសម្រាប់ចំណេញ”។

អំឡុងពេលមានវិបត្តិកូវីតនេះ កម្ពុជាបានបិទច្រកចេញចូលជាមួយ ប្រទេសជិតខាងដូចជាថៃ ឡាវ វៀតណាម ដោយអនុញ្ញាតិចេញចូល លើសេវាសំខាន់ៗប៉ុណ្ណោះ។ ការណ៍បានធ្វើឲ្យចរន្តសេដ្ឋកិច្ច តាមតំបន់ព្រំដែនហាក់ថយបន្តិច។

ទោះជាយ៉ាងណារកទ្វារព្រំដែន ម៉ឺនជ័យ មានទីតាំងនៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់ច្រកទ្វារតំបន់ព្រំដែន តឺនណាម ខេត្តតៃនិញ ប្រទេសវៀតណាមដែលត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងពីកម្រិតច្រកទ្វារតំបន់ ទៅជាច្រកទ្វារព្រំដែន-អន្តរជាតិ កាលពីខែមេសា ឆ្នាំ ២០១៤ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅពេលឆាប់ៗផងដែរ។

ច្រកព្រំដែនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលជាតំបន់មានសក្តានុពលខ្លាំងមុនពេលេរដ្ឋាភិបាលបិទហេ្គមអនឡាញ ដោយតម្លៃដីបានហក់ឡើងខ្ពស់ និងសកម្មភាពអភិវឌ្ឍន៍មានសកម្មភាពយ៉ាងមមាញឹក ប៉ុន្តែបន្ទាប់ពីហ្គេមអនឡាញបិទបញ្ចប់។

ការទិញលក់ និងតម្លៃដីធ្លីហាក់ស្រុតចុះ ប៉ុន្តែអ្នកជំនាញនៅតែមានសុទិដ្ឋិនិយមថា តំបន់នេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ដោយយសារតំបន់នេះមានប្លង់គោលអភិវឌ្ឈន៍រួចហើយ និងជាព្រំដែន ដែលមានសកម្មភាពដោះដូរពាណិជ្ជកម្មយ៉ាងសកម្ម ជាមួយប្រទេសជិតខាង៕

ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមបើកដំណើរបណ្តោះអាសន្នដើម្បីសម្រួលដល់ការដោះដូរទំនិញ

ដោយៈ ប៊ី

ភ្នំពេញៈ ច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណាមប្រកាសបើកដំណើរការបណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ដើម្បីសម្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងវៀតណាំ។

ពិធីប្រកាសដាក់ឲ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឺនណាម បណ្តោះអាសន្នត្រឹមកម្រិតថ្នាក់ខេត្ត នៃខេត្តព្រៃវែង(កម្ពុជា) និងខេត្តតៃនិញ(វៀតណាម) ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

លោកអ៊ុ ប៉ូល័ក្ខប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យបានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើឲ្យច្រកទ្វារព្រុំដែនអន្តរជាតិម៉ឺនជ័យនេះមានការរីកចំរើនយ៉ាងច្រើនជាខ្លាំង។

លោកបានបន្តទៀតថា ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ មានទីតាំងភូមិសាស្ត្រខាងកើតទល់នឹងស្ទឹង ឆ្លងស្ពានថ្មជាប់នឹងប៉ុស្តិ៍ ៨៣៣ ស្ថិតនៅក្នុង ភូមិតាំងណាម ឃុំតឹងប៊ិន ស្រុកតឹងបៀង ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានគោលខ័ណ្ឌសីមាទន្លេព្រំដែន ចែកដាច់ពីគ្នា ដោយយកខ្សែទឹកពាក់កណ្តាលម្ខាងម្នាក់ជាខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។

លោកបានបន្ថែមទៀតថា កម្ពុជាបានសហការជាមួយភាគីវៀតណាមក្នុងការបង្កលក្ខណៈងាយស្រួលដល់ការឆ្លងកាត់ និងការដោះដូរទំនិញលក្ខណៈព្រំដែន ពិសេសទំនិញផ្នែកកសិកម្មជូនប្រជាពលរដ្ឋ, បានសហការជាមួយភាគីវៀតណាមក្នុងការ ក្នុងការហាមឃាត់ដូចជាអំពើរត់ពន្ធ ឧក្រិដ្ឋកម្ម ការជួញដូរ និងបទល្មើសផ្សេងៗឆ្លងដែនខុសច្បាប់ និងបានសហការជាមួយភាគីវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺផ្សេងៗ ជាពិសេសគឺជំងឺ កូវីដ១៩ ដែលកំពុងកើតមាននៅទូទាំងពិភពលោក ដោយអនុវត្តតាមវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋ ភិបាល និងក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និងពាកុំ។

លោកជា សុមេធីអភិបាលខេត្ត បានថ្លែងថា ចំពោះ ការតម្លើងកម្រិតច្រកទ្វារព្រំដែនកម្ពុជា-វៀតណាមនេះ គឺដើម្បីបង្ករភាពងាយស្រួល និងលើកកម្ពស់ដល់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែន ការផ្លាស់ប្តូរទំនិញកសិផលនៅតំបន់ព្រំដែន ក៏ដូចជាការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅតំបន់ ជាពិសេសរវាងប្រជាពលរដ្ឋខេត្តព្រៃវែង និងប្រជាពលរដ្ឋខេត្តតៃនិញកាន់តែល្អប្រសើរ និងពង្រឹងជម្រុញកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព។

ក្នុងនោះលោកអភិបាលខេត្តក៏នៅតែណែនាំដល់មន្ត្រីប្រចាំការនៅតាមច្រកទ្វារអន្តរជាតិនេះត្រូវតែបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តឲ្យបាននូវវិធានការ ៣ ការពារ ៣កុំ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ រវាងប្រទេសទាំងពីរ។

សង់សំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ឋនានា សម្រេចបានមួយចំនួន មាន៖ សាងសង់អគារទីស្នាក់ការត្រួតពិនិត្យបណ្តោះអាសន្ន ចំនួន ០១អគារ ស្មើនឹង៦បន្ទប់ សាងសង់អគារទីស្នាក់ការត្រួតពិនិត្យជាសំណង់រឹងមាំ ចំនួន ០២អគារ ស្មើនឹង១៤បន្ទប់ សាងសង់ខ្លោងទ្វាររូបប្រាសាទអង្គរវត្ត ចំនួន១ សាងសង់អគារស្នាក់នៅ ចំនួន១អគារ ស្មើនឹង៧បន្ទប់ សាងសង់ផ្ទះបាយ ចំនួន ០១អគារ សាងសង់ប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន១ សាងសង់ផ្លូវសម្រាប់ចរាចរចេញចូល ចំនួន២ខ្សែ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ៕

ហេតុអ្វីខេត្តកំពតចាប់ផ្តើមទទួលបានភ្ញៀវទេសចរច្រើនឡើងវិញ ក្រោយពីស្ងប់ស្ងាត់អស់រយៈពេល?

ដោយៈ គង់ សុរិយា

កំពតៈ ខេត្តកំពតបានចាប់ផ្តើមទទួលបានកំណើនភ្ញៀវទេសចរឡើងវិញជារៀងរាល់សប្តាហ៍ ក្រោយពីស្ងប់ស្ងាត់ភ្ញៀវអស់រយៈពេលចុងក្រោយ ដោយសារការចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងសហគមន៍ ហើយ ការធ្វើចរាចរណ៍ក្នុងក្រុងកំពតហាក់មមាញឹកខ្លាំង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

លោកសយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងប្រាប់កាលពីថ្មីៗនេះ ខេត្តកំពតចាប់ផ្តើមទទួលភ្ញៀវមកទស្សនាកម្សាន្តកាន់តែច្រើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទោះស្ថិតនៅក្នុងបរិបទកូវីដ១៩ក្តី។

លោកបានបន្តថា កាលពីបីសប្តាហ៍មុនភ្ញៀវទេសចរមានចំនួនត្រឹម១ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរសរុបចំនួន១៥.១១៥នាក់ ក្នុងនោះទេសចរជាតិចំនួន១៤.៩៧០នាក់ ទេសចរអន្តរជាតិផ្ទៃក្នុងចំនួន ១៤៥នាក់ ហើយបើប្រៀបធៀបនឹងសប្តាហ៍មុន គឺបន្តកើនឡើងប្រមាណ១១,៩៥%។

លោកប្រធានមន្ទីរបានថ្លែងថា ទោះភ្ញៀវមកកម្សាន្តច្រើន ប៉ុន្តែពួកគាត់មានការអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ និងលក្ខខ័ណ្ឌរបស់កន្លែងកម្សាន្ត ឬរមណីយដ្ឋានផ្សេងៗបានល្អ ហើយពិសេសភ្ញៀវទេសចរណ៍បានប្រើប្រាស់យានជំនិះ និងសម្ភារៈផ្ទាល់ខ្លួន និងជ្រើសរើសកន្លែងកម្សាន្តដែលអាចរក្សាបាននូវគម្លាតសង្គម មិនលក្ខណៈទៅប្រមូលផ្តុំគ្នាច្រើននោះទេ។

ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវដល់ទេសចរ និងអ្នកផ្តល់សេវាទេសចរណ៍ត្រូវគោរពតាមគោលការណ៍នែនាំរបស់ក្រសួងជំនាញនិងពាក់ព័ន្ធ ពិសេសសូមជំរុញនឹងលើកទឹកចិត្តក្នុងការអនុវត្តនូវវិធាន៣ការពារ ៣កុំ ជាប់ជាប្រចាំ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ការទទួលបានភ្ញៀវទេសចរមានកំណើនច្រើន គឺដោយសារកំពត និងកែបមានភាពទាក់ទាញនាពេលបច្ចុប្បន្ននេះ។

លោកបន្តថា ក្នុងនោះកត្តាទាក់ទាញបានមានដូចជា ទី១) ការស្នាក់នៅមានតម្លៃធូរថ្លៃ ទី២) តំបន់នេះមានភាពស្ងប់ស្ងាត់ និងមិនមានភាពស្មុគស្មាញ ទី៣) តំបន់កែបនិងកំពតមានសក្តានុពលខ្លាំងលើផ្នែកអេកូទេសចរ ទី៤) តំបន់សម្បូរកោះតូច ដែលជាផ្នែកមួយទាក់ទាញទេសចរណ៍ផងដែរ។

លោកបានថ្លែងបន្តថា “ទាំងនេះហើយគឺកត្តា ដែលបង្កើនសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកាន់តំបន់កាន់តែច្រើន”។

លោកអឿន រស់នៅអមរើនម្ចាស់រមនីយដ្ឋានក្តាតសាណាកានៅខេត្តកំពត បានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ចំនួនភ្ញៀវទេសចរក្នុងស្រុក ដែលធ្វើការដំណើរកម្សាន្តមកកាន់ខេត្តកំពត មានការកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់រដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។

លោកបានថ្លែងបន្តថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុកមកកាន់ខេត្តកំពតនេះ គឺដោយសារខេត្តកំពតមិនសូវជាឆ្ងាយពីទីក្រុងភ្នំពេញ បើធៀបនឹងតំបន់ទេសចរណ៍សក្តានុពលផ្សេងៗទៀត ហើយបច្ចុប្បន្ន ខេត្តកំពតមានការអភិវឌ្ឍច្រើនទាក់ទងនឹងវិស័យទេសចរណ៍។ លោកបន្តថា ភ្ញៀវទេសចរ ភាគច្រើន គឺមកពីទីក្រុងភ្នំពេញ។

ជាមួយគ្នានេះ លោកបានបន្តថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយ រមនីយដ្ឋានរបស់លោកផ្ទាល់ទទួលបានភ្ញៀវទេសចរច្រើនគួរសម ហើយដោយគោរពតាមគោលការណ៍នែនាំរបស់ក្រសួងជំនាញនិងពាក់ព័ន្ធ លោកតែងតែអនុវត្តនូវវិធាន៣ ការពារ៣កុំ ជាប់ជាប្រចាំ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវ និងបុគ្គលិករបស់លោកផ្ទាល់៕

សម្ដេចតេជោៈ រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះនឹងបង្កើតធនធានមនុស្សដែលមានជំនាញនៅពេលអនាគត

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងសារលិខិតនៃ ឱកាសខួបលើកទី ៧២នៃទិវាកុមារអន្តរជាតិ ១មិថុនា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា រួមគ្នាបន្តវិនិយោគកុមារនៅថ្ងៃនេះនឹងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្ដានុពលនាពេលអនាគត សំដៅធ្វើឱ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។

ក្នុងសារលិខិតដដែលនេះ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា កន្លងទៅថ្មីៗនេះ កម្ពុជាគឺជាប្រទេសសមាជិកភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សារលើកុមារ ដែលជាទំព័រសករាជថ្មីក្នុងការបោះជំហានទៅមុខ ដើម្បីចូលរួមជាមួយបណ្ដាប្រទេសជាសមាជិកដទៃទៀតក្នុងសកលលោក ក្នុងឆន្ទៈបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាលុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពលើកុមារ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ។

សម្តេចតេជោមានប្រសាសន៍បន្តថា អាស្រ័យហេតុនេះហើយ ទើបកម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងបណ្ដាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតការសិក្សាស្រាវជ្រាវ ពីស្ថានភាបអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្ដល់ភស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឆមនានា។

សម្ដេចតេជោមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យកុមា
ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាពនិងគុណធម៌នៃការរស់នៅ ដោយចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានឱកាសក្នុងការអភិវឌ្ឍគ្រប់វិស័យ គ្រប់កម្រិត។

ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺជំរុញការចូលរួមពីគ្រប់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យមានការអនុវត្តច្បាប់ ផែនការយុទ្ធសាស្ត្រជាតិ គោលនយោបាយបទដ្ឋានគតិយុត្តិ និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល និងបានបន្តយកចិត្តទុកដាក់និងលើកកម្ពស់ការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្ដេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៦ បានដាក់បញ្ចូលក្នុងកម្មវិធីគោលនយោបាយជាពិសេស យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្ត្រទី១ ការអភិវឌ្ឍធនធានមនុស្ស ដែលមានមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដែលមានសូចនាករលទ្ធផលនិងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ព្រមតាំងមានសង្គតិភាពជាមួយនឹងឯកសារគោលនយោបាយនិងបទដ្ឋានគតិយុត្តនានាតាមវិស័យដទៃទៀត៕

ការសិក្សាបង្ហាញថាមហាយក្សចិនជាដៃគូអន្តរជាតិដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា

ដោយៈ ម៉ាណេត

ភ្នំពេញៈ ការសិក្សា ដែលត្រូវបានធ្វើឡើងថ្មីៗនេះ បានបង្ហាញថា មហាយក្សចិនត្រូវចាត់ទុកថាជាដៃគូអន្តរជាតិសំខាន់បំផុតរបស់ប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន រួមមានការទូតបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Xinhua កាលពីចុងសប្តាហ៍កន្លងមកនេះ។

ការស្ទង់មតិនេះមានចំណងជើងថា “តើប្រជាជនកម្ពុជាគិតយ៉ាងដូចម្តេច? គំនិត និងអាកប្បកិរិយាចំពោះសង្គម និងនយោបាយនៅកម្ពុជា” ត្រូវបានធ្វើឡើងរួមគ្នាដោយមូលនិធិនយោបាយអាឡឺម៉ង់ខុនរ៉ាដ និងក្រុមហ៊ុនប្រឹក្សារបស់ក្រុមហ៊ុន Kantar។

ការស្ទង់មតិនេះបានសម្ភាសពលរដ្ឋកម្ពុជាចំនួន១.០១៥នាក់ ដែលមានអាយុចន្លោះពី១៦ទៅ៦៤ ឆ្នាំនៅតាមទីតាំងភូមិសាស្ត្រសំខាន់ៗចំនួន៥ រួមមានរាជធានីភ្នំពេញ វាលទំនាប ភ្នំ បឹងទន្លេសាប និងតំបន់ឆ្នេរសមុទ្រ កាលខែតុលា ឆ្នាំ២០២០។

ការស្ទង់មតិនេះបានឱ្យដឹងថា ប្រទេសកម្ពុជានិងចិនមានប្រវត្តិទំនាក់ទំនងនយោបាយរឹងមាំយូរអង្វែង ហើយបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ២០១០ និងបានបន្ថែមទៀតថា ប្រទេសទាំងពីរបានប្តេជ្ញាអនុវត្តវិធានការផ្សេងៗគ្នានៅទូទាំងដែននយោបាយ សន្តិសុខ សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ការស្ទង់មតិនេះបានឱ្យដឹងថា ប្រទេសចិនត្រូវបានអ្នកឆ្លើយតបចាត់ទុកថាជាដៃគូល្អបំផុត សម្រាប់ប្រទេសកម្ពុជា នៅពេលនិយាយអំពីពាណិជ្ជកម្ម ការទូតការបរទេស និងប្រជាជន។ ប្រជាជនកម្ពុជាចាត់ទុលប្រទេសចិនថាជាដៃគូបរទេសដ៏ល្អបំផុត សម្រាប់ប្រទេសរបស់ពួកគេនៅក្នុងកិច្ចការងារជាច្រើន។

ការស្ទង់មតិនេះបានបន្ថែមទៀតថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយបរទេសធំជាងគេដល់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសចិន ក៏បានជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងភាពដៃគូអន្តរជាតិដ៏សំខាន់ផងដែរ៕

អ្នកជំនាញអះអាងថា ការលក់ទិញលំនៅដ្ឋានចាប់ផ្តើមរើបឡើងវិញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ សកម្មភាពទិញលក់លំនៅដ្ឋាននៅជាយនៅរាជធានីភ្នំពេញចាប់ផ្តើមមានការរើបឡើងវិញ ដែលវាបង្ហាញពីសញ្ញាល្អមួយល្អសម្រាប់វិស័យអចលនទ្រព្យ បន្ទាប់ពីវិបត្តិកូវីដ១៩ បង្កផលប៉ះពាល់វិស័យអចលនទ្រព្យ។

នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោកឌឹត ចណ្ណាបានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ចលនានៃការទិញលក់អចលនទ្រព្យ ពិសេសលំនៅដ្ឋានបានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។

លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន នៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។

លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញមានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន។

លោកបានលើកឡើងថា “លំនៅដ្ឋានមានសន្ទុះឡើងវិញខ្លាំងជាងគេនៅជាយក្រុងគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀតនៃវិស័យអចលនទ្រព្យ”។ លោកបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ។

លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីថ្មីៗនេះថា ទីផ្សារលំនៅដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រាក់កម្ចី និងការទូទាត់ពីធនាគារ និងអ្នកអភិវឌ្ឍន៍។

លោកបានថ្លែងថា “យើងរំពឹងថា សកម្មភាពនៃការលក់ នឹងមានភាពប្រសើរឡើងទាំងផ្នែកខុនដូ និងផ្នែកអចលនទ្រព្យជាប់ដី (ផ្ទះ) នៅត្រីមាសទី៣ ឆ្នាំ២០២១ ខណៈរយៈពេលនៅសល់នៃត្រីមាសទី២ សកម្មភាពទិញលក់ហាក់ ដូចជានៅភាពយឺតនៅឡើយ”។

ការរំខានពីការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ទំនងជានឹងរុញច្រានការស្ទុះឡើងវិញក្នុងវិស័យអចលនទ្រព្យយឺតយ៉ាវ ដូច្នេះស្ថានភាពទីផ្សារប្រសើរឡើងវិញ គឺពឹងផ្អែកលើល្បឿន និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្កើតសន្ទុះ និងបង្កើនភាពជឿជាក់លើការវិនិយោគអចលនទ្រព្យ៕

ម៉ាឡេស៊ីប្រកាសបិទផ្សារទំនើបទាំងអស់ដើម្បីកាត់បន្ថយហានិភ័យឆ្លងជំងឺកូវីដ១៩

ដោយៈ សុខុម

គូឡាឡាំពួ: រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យ ទី៣០ ឧសភាថា ផ្សារទំនើបទាំងអស់នឹងត្រូវបិទ អំឡុងពេលបិទខ្ទប់ទាំងស្រុងរយៈពេល២សប្តាហ៍ ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃដដែល។

ទោះជាយ៉ាងណា អំឡុងពេលបិទខ្ទប់ទាំងស្រុងនេះ វិស័យសេវាកម្មសំខាន់ៗចំនួន១៧នឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការធម្មតា។
វិស័យសំខាន់ៗទាំងនោះរួមមានវិស័យសុខាភិបាល វិស័យទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ចំណីអាហារ និងភេសជ្ជៈ រដ្ឋាករទឹក និងអគ្គិសនី ព្រមទាំងវិស័យធនាគារផងដែរ។

រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុននានា ដែលស្ថិតក្រោមវិស័យផលិតកម្មចំនួន១២ឱ្យបន្តដំណើរការធម្មតាផងដែរដូចជាផលិតកម្មអាហារ និងភេសជ្ជៈ គ្រឿងបរិក្ខាវេជ្ជសាស្ត្រ វាយណភណ្ឌសម្រាប់ផលិតឧបករណ៍ការពារខ្លួន ព្រមទាំងប្រេងឥន្ធនៈ និងហ្គាសផងដែរ។

ទោះជាយ៉ាងណា វិស័យទាំងនេះនឹងត្រូវកាត់បន្ថយសមត្ថភាពផលិតមកនៅត្រឹម៦០%ដើម្បីកាត់បន្ថយហានិភ័យឆ្លងរាតត្បាតវីរុសកូវីដ-១៩។

នៅក្នុងសន្និសីទសារព័ត៌មាន ទេសរដ្ឋមន្ត្រី Ismail Sabri Yaakob បានលើកឡើងថា “យើងសង្ឃឹមថា វិស័យផលិតកម្មនឹងគោរពតាមបទបញ្ជារបស់រដ្ឋាភិបាល ព្រោះយើងបានដាក់លក្ខខណ្ឌឱ្យដំណើរការតែ៦០%នៃសមត្ថភាពផលិតប៉ុណ្ណោះ”។

លោកបានបន្ថែមថា “ប៉ុន្តែខ្ញុំបានអានផូស (post) ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហើយឃើញថា ថៅកែបានបង្ខំឱ្យកម្មករនិយោជិតធ្វើការលើសពី៦០%នៃសមត្ថភាពផលិត”។

លោកបានគូសបញ្ជាក់ថា កម្មករនិយោជិតអាចរាយការណ៍មកក្រសួងធនធានមនុស្ស និងប៉ូលិសបាន ប្រសិនបើមានករណីថៅកែរំលោភបំពានបែបនេះ។

ទន្ទឹមនេះ លោកក៏បានលើកឡើងដែរថា ផ្សារទំនើបទាំងអស់នឹងត្រូវបិទ លើកលែងតែផ្សារទំនើប និងសហគ្រាសដែលលក់ និងផលិតអាហារ និងភេសជ្ជៈព្រមទាំងគ្រឿងបរិក្ខារចាំបាច់ជាមូលដ្ឋានផ្សេងៗទៀតប៉ុណ្ណោះ។

ជាវិធានការបិទខ្ទប់ នៅក្នុងមួយគ្រួសារត្រូវបានអនុញ្ញាតឱ្យតែមនុស្ស២នាក់ចេញក្រៅប៉ុណ្ណោះដើម្បីទិញរបស់របរចាំបាច់ ឬទៅស្វែងរកសេវាព្យាបាល ដោយកំហិតឱ្យធ្វើដំណើរបានត្រឹមតែក្នុងរង្វង់ដី១០គីឡូម៉ែត្រប៉ុណ្ណោះ។

ការប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃសុក្រ សប្តាហ៍មុនថា ប្រទេសម៉ាឡេស៊ី នឹងត្រូវបិទខ្ទប់ទាំងស្រុងរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី០១ មិថុនា ដល់ថ្ងៃទី១៤ មិថុនា៕

ADBបានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងអាចកើនឡើងរង្វង់៤ភាគរយនៅឆ្នាំនេះ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងរង្វង់៤ភាគរយនៅឆ្នាំនេះ និង៥,៥ ភាគរយនៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញដ៏រឹងមាំនៃដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។ នេះបើយោងតាមទស្សនវិស័យសេដ្ឋកិច្ចអាស៊ីរួម ឆ្នាំ២០២១ ដែលត្រូវបានប្រកាសនៅចុងសប្តាហ៍កន្លងមកនេះ។

ADB បានព្យាករណ៍ថា ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះនឹងកើនឡើង៧,១ភាគរយនៅឆ្នាំនេះ និង៧ ភាគរយនៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញនៃផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក៏ដូចជាកំណើននៃការគ្រឿងអេឡិចត្រូនិក និងកង់។

វិស័យកសិកម្មត្រូវបានគេរំពឹងថានឹងកើនឡើង១,៣ភាគរយ ក្នុងឆ្នាំ២០២១ និង១,២ ភាគរយនៅឆ្នាំ២០២២ ខណៈសេវាកម្មអាចនឹងងើបឡើងវិញយឺតៗ ដោយកើនឡើង៣,៣ភាគរយក្នុងឆ្នាំ២០២១ និង៦,២ភាគរយនៅឆ្នាំ២០២២ ។ ធនាគារអភិវឌ្ឍន៍អាស៊ីបានកត់សម្គាល់ថា ព្រឹត្តិការណ៍ឆ្លងជំងឺកូវីស១៩ចូលសហគមន៍ ធ្វើឱ្យសកម្មភាពក្នុងវិស័យសេវាកម្មធ្លាក់ចុះ។

នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាលោក Sunniya Durrani Jamal បានសង្កត់ធ្ងន់ថា ក្នុងបរិយាកាសដ៏លំបាកនេះ គោលនយោបាយសារពើពន្ធនៅតែមានសារៈសំខាន់ នៅពេលការដាក់ចេញកញ្ចប់សង្គ្រោះសេដ្ឋកិច្ចទូលំទូលាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សេដ្ឋកិច្ច៕

ប្រធានាធិបតីចូ បៃឌិនដាក់ចេញផែនការចំណាយ៦ទ្រីលានដុល្លារដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ សុខុម

វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានបញ្ចេញថវិកាប្រចាំឆ្នាំដំបូងរបស់លោក គឺគម្រោងចំណាយរហូតដល់ទៅ៦ទ្រីលានដុល្លារ ដោយក្នុងនោះរួមមានទាំងការដំឡើងពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើពលរដ្ឋអាមេរិក ដែលមានស្ដុកស្ដម្ភផងដែរ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែម។ នៅបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២១។

សំណើថវិកាដ៏ធំនេះរួមមានទាំងកម្មវីធីសង្គមធុះៗ និងការវិនិយោគថ្មីៗដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុផងដែរ។
ទោះជាយ៉ាងណា សំណើថវិកានេះត្រូវការការអនុម័តពីរដ្ឋសភា ទីដែលលោក Lindsey Graham តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋបានថ្កោលទោសថា សំណើថវិកានោះវាធំធេងខ្លងពេកហើយ។

នៅក្រោមផែនការចំណាយនេះ បំណុលនឹងឈានដល់១១៧%នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣១ ដោយឡើងហួសកម្រិតអំឡុងសង្គ្រាមលោកលើកទី២ ទៅទៀត បើទោះបីជាមានការដំឡើងពន្ធដែលត្រូវបានស្នើឡើងយ៉ាងតិច៣ទ្រីលានដុល្លារលើក្រុមហ៊ុនសាជីវកម្ម ផលចំណេញជាមូលធន និងប្រាក់ចំណូលយ៉ាងណាក្ដី។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ ក៏បានចំណាយឱនភាពថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដែរក្នុងមួយឆ្នាំៗ អំឡុងពេលលោកនៅកាន់អំណាច ហើយសំណើផែនការចំណាយប្រចាំឆ្នាំលើកចុងក្រោយបង្អស់របស់លោកមានរហូតដល់ទៅ៤,៨ទ្រីលានដុល្លារឯណោះ។

សំណើថវិការបស់លោកចូ បៃឌិន រួមមានទាំងសំណើ១,៥ទ្រីលានដុល្លារសម្រាប់ការចំណាយប្រតិបត្តិការសម្រាប់មន្ទីរបញ្ចកោណ និងស្ថាប័នផ្សេងៗទៀតរបស់រដ្ឋាភិបាលផងដែរ។ កញ្ចប់ថវិកានេះក៏រួមមានទាំងផែនការ២ដែលលោកធ្លាប់បានប្រកាសមុននេះផងដែរ នោះគឺផែនការការងារដែលមានទំហំ២,៣ទ្រីលានដុល្លារ និងផែនការគ្រួសារដែលមានទំហំ១,៨ទ្រីលានដុល្លារផងដែរ។

លោកចូ បៃឌិន ដែលមកពីគណបក្សប្រជាធិបតេយ្យបានគូសបញ្ជាក់ថា សំណើកញ្ចប់ថវិការបស់លោក “វិនិយោគដោយផ្ទាល់ទៅលើពលរដ្ឋអាមេរិក ហើយនឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រជាជាតិយើង និងធ្វើឱ្យសារពើពន្ធរបស់យើងកាន់តែរឹងមាំសម្រាប់រយៈពេលវែង”៕