ដោយៈសុខុម
ហុងកុង: មហាសេដ្ឋីអចលនទ្រព្យមួយរូបនៅក្រុងហុងកុង បានរិះគន់យ៉ាងកម្រចំពោះគោលនយោបាយដីធ្លីរបស់រដ្ឋាភិបាលចិន ស្របពេលបញ្ហាលំនៅដ្ឋានបានក្លាយជាអាទិភាពសម្រាប់ក្រុមមេដឹកនាំ ក្នុងទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោកមួយនេះ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃសុក្រ ទី១៦ កក្កដា នេះ។
នៅឯវេទិកាមួយរៀបចំឡើងដោយគណបក្ស ដែលគាំទ្ររដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ទី១៥ កក្កដា លោក Adam Kwok នាយកប្រតិបត្តិ និងជាអ្នកស្នងមរតកជំនាន់ទី៣ នៃក្រុមហ៊ុន Sun Hung Kai Properties Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតប្រចាំក្រុងហុងកុង បានគន់ធ្ងន់ៗចំពោះដំណើរការដ៏ស្មុគស្មាញរបស់អាជ្ញាធរ នៅក្នុងការផ្ដល់ដីធ្លីសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន។
-->

លោកលើកឡើងថា “នីតិវិធី និងប្រព័ន្ធដំណើរការដីធ្លីជាច្រើនគឺហួសសម័យ និងស៊ីពេលយូរ ហើយដោយសារតែបែបនេះ ទើបធ្វើឱ្យយើងធ្លាក់ចូលក្នុងស្ថានភាពដូចពេលបច្ចុប្បន្ន”។
តាមការរំពឹងទុក តម្លៃផ្ទះនៅក្រុងហុងកុង នឹងហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងឆ្នាំនេះ សូម្បីពលរដ្ឋមួយចំនួនបានធ្វើចំណាកស្រុកចេញពីក្រុងនេះក្ដី នៅពេលប្រទេសចិន រឹតបន្តឹងការគ្រប់គ្រងលើដែនដីនេះ។ តម្រូវការលំនៅដ្ឋាន នៅតែបន្តលើសការផ្គត់ផ្គង់ក្នុងទីក្រុងនេះ ហើយរដ្ឋាភិបាលបានលក់ដីជាបន្តបន្ទាប់ តាមរយៈការដេញថ្លៃឱ្យទៅបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍។

ចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាតំណាងសមាគមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង លោក Adam Kwok ថ្លែងថា រដ្ឋាភិបាលមិនបានទាញយកផលប្រយោជន៍ពេញលេញពីធនធានដីធ្លីដែលមានឡើយ។
លោកបានស្នើឱ្យរដ្ឋាភិបាលសិក្សាពីលទ្ធភាព នៃការអភិវឌ្ឍតំបន់ទ្រនាប់ (buffer zone) ដែលស្ថិតនៅតាមបណ្ដោយតំបន់ដីសើម និងតំបន់ខ្សែក្រវាត់បៃតង ជាតំបន់ធម្មជាតិដែលត្រូវបានកំណត់យក ដើម្បីការពារពីការទន្ទ្រានចូលដោយការអភិវឌ្ឍទីក្រុង។
លោកក៏ជំរុញឱ្យរដ្ឋាភិបាល ចាប់ផ្តើមអនុញ្ញាតការសាងសង់លំនៅដ្ឋានឯកជនដំណើរការមុនគេនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីមួយផងដែរ។
លោកគូសបញ្ជាក់ថា “ច្បាប់បច្ចុប្បន្នតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ រង់ចាំរហូតដល់ការងារលំនៅដ្ឋានសាធារណៈចាប់ផ្តើមជាមុនសិន”។
វាជារឿងដ៏កម្រណាស់ ដែលនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ធ្វើការរិះគន់ រដ្ឋាភិបាលជាសាធារណៈនៅក្រុងហុងកុង ទីដែលក្រុមហ៊ុនអភិវឌ្ឍន៍នានា តែងតែរងការបន្ទោសថា ជាអ្នកធ្វើឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់។ ក្រុមហ៊ុនអចលនទ្រព្យធំៗរួមមានក្រុមហ៊ុន Sun Hung Kai Properties Ltd ផងកាន់កាប់ដីកសិកម្មរហូតដល់ប្រមាណ៩,៣លានម៉ែត្រការ៉េនៅតំបន់ New Territories ជាសញ្ញាមួយបង្ហាញពីការទិញស្តុកទុក នេះបើយោងតាមការលើកឡើងរបស់ក្រុមអ្នករិះគន់។
ទោះជាយ៉ាងណា លោក Adam Kwok បានឆ្លើយតបថា មួយផ្នែកធំនៃតំបន់ខាងលើនេះ នៅតែកាន់កាប់ដោយរដ្ឋាភិបាល ឬក៏ជាដីដូនតារបស់ជនជាតិដើមភាគតិច។
យោងតាមស្ថាប័នស្រាវជ្រាវអំពីដីធ្លី និងលំនៅដ្ឋានOur Hong Kong Foundation ឱ្យដឹងថា ការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗនៅហុងកុង បានបន្តធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លំនៅដ្ឋានឯកជនថ្មីៗដែលអាចសាងសង់លើដីទំនេរ បានធ្លាក់ចុះពី២៥.៥០០ផ្ទះកាលពី៣ឆ្នាំមុន មកនៅត្រឹមតែ១៣.០២០ផ្ទះនៅឆ្នាំ២០២១នេះ។ ហើយនោះជាកត្តាដែលជំរុញឱ្យតម្លៃលំនៅដ្ឋានហក់ឡើងខ្ពស់ឥតឈប់ឈរ។
ការរិះគន់របស់លោក Adam Kwok បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស្រី Carrie Lam មេដឹកនាំក្រុងហុងកុង បានថ្លែងក្នុងរដ្ឋសភាដោយនិយាយការពារកិច្ចប្រឹងប្រែងរបស់រដ្ឋការលោកស្រី នៅក្នុងការដោះស្រាយវិបត្តិលំនៅដ្ឋាន។
លោក Adam Kwok លើកឡើងថា “ខ្ញុំទទួលស្គាល់ហើយនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ហើយខ្ញុំក៏មើលឃើញដែរថា នីតិវិធីមួយចំនួនកំពុងត្រូវបានពន្លឿន។ ប៉ុន្តែរដ្ឋាភិបាលនៅតែចាំបាច់ត្រូវការក្រុមការងារ និងគោលនយោបាយសមស្រប ដើម្បីដោះស្រាយបញ្ហាទាំងនេះ”៕