ក្រុមមេដឹកនាំទេសចរណ៍អាស៊ាន ត្រូវបានជំរុញឱ្យបង្កើតគោលការណ៍ប្រតិបត្តិស្ដង់ដារ SOP រួមដើម្បីលើកកំពស់វិស័យនេះ

0

ដោយៈសុខុម

អន្តរជាតិៈ នៅឯកិច្ចប្រជុំកំពូលទេសចរណ៍ពិភពលោកឆ្នាំ២០២១ ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍បានលើកឡើងថា ក្រុមមេដឹកនាំទេសចរណ៍អាស៊ាន ចាំបាច់ត្រូវបង្កើតគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) រួមមួយជាបន្ទាន់ដើម្បីជួយសម្របសម្រួ​លការធ្វើដំណើរក្នុងសម័យកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន TTG Asia ចុះផ្សាយកាលពីថ្ងៃទី១៦ កក្កដា។

ការធ្វើដំណើរទៅមកក្នុងតំបន់អាស៊ាន បានរួមចំណែកយ៉ាងសំខាន់​ ដល់វិស័យទេសចរណ៍ ក្នុងបណ្ដាទេសជាសមាជិកអាស៊ាន ដោយស្មើនឹង៤៤%នៃចំនួនភ្ញៀវទេសចរសរុប ដែលទទួលបានក្នុងទសវត្សរ៍ចុងក្រោយនេះ។
ថ្លែងនៅឯវេទិកា “យុទ្ធសាស្ត្រ និងផែនការសម្រាប់ការរស់ឡើងវិញ នៃឧស្សាហកម្មទេសចរណ៍ក្នុងតំបន់អាស៊ាន” (Strategies and Plan for the Revival of the Tourism industry in ASEAN) លោកស្រី Pauline Suharno ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ឥណ្ឌូនេស៊ី (ASTINDO) បានលើកឡើងថា “អាស៊ាន ចាំបាច់ត្រូវបង្កើតស្តង់ដាររួមមួយសម្រាប់ការធ្វើដំណើរ លិខិតឆ្លងដែនឌីជីថល គោលការណ៍ណែនាំប្រតិបត្តិការធម្មតាថ្មីៗ ភាពអនាម័យស្អាតនៃសណ្ឋាគារ & ភោជនីយដ្ឋាន និងវិធានការសុខាភិបាល រយៈពេលធ្វើចត្តាឡីស័ក ហើយទន្ទឹមនេះ ត្រូវតម្រូវឱ្យមានការធានារ៉ាប់រងលើការធ្វើដំណើរផងដែរ”។

លោកស្រីបន្ថែមថា បច្ចុប្បន្ននីតិវិធីផ្សេងៗគ្នា នៅក្នុបណ្ដាប្រទេសអាស៊ាន បានបង្ក “ការឈឺក្បាល ដល់អ្នកពិគ្រោះយោបល់ផ្នែកទេសចរណ៍ នៅពេលដោះស្រាយជាមួយភ្ញៀវទេសចរ”។

លោកស្រីបានលើកឧទាហរណ៍មួយថា នៅពេលឈានដល់ការពិនិត្យលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ប្រទេសឥណ្ឌូនេស៊ី ទាមទាររបាយការណ៍ជីឌីថល ពោលគឺរបាយការណ៍QR Code។ ចំណែកឯប្រទេសកម្ពុជា ទាមទារក្រដាសស្នាម ដែលមានហត្ថលេខា និងត្រាច្បាប់ដើមពីខាងមន្ទីរពេទ្យ ឬគ្លីនិក។

លោក Eddy Soemawilaga ប្រធានសមាគមទេសចរណ៍អាស៊ាន (ASEANTA) បានថ្លែងថា ក្រុមមេដឹកនាំអាស៊ាន បានព្រមព្រៀងគ្នាបង្កើតកិច្ចព្រមព្រៀង ច្រករបៀងទេសចរណ៍អាស៊ាន (ASEAN Travel Corridor Arrangement) នៅខែវិច្ឆិកា ឆ្នាំ២០២០។ ទោះជាយ៉ាងណា នៅពេលដល់កិច្ចប្រជុំកំពូលនៅខែមេសា ឆ្នាំ២០២១ ប្រទេសទាំងនេះ នៅតែមិនទាន់បំពេញបានតាមលក្ខខណ្ឌយោងនៅឡើយ។

លោកបានសម្ដែងការហួសចិត្តថា “យើងទទួលបានដំណឹងថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនោះ នឹងត្រូវដាក់ជូនឱ្យពិនិត្យ ក្នុងកិច្ចប្រជុំកំពូលលើកក្រោយនៅខែតុលា”។លោកបន្ថែមថា “អស់លោកសាកគិតមើលចុះថា តើវាស៊ីពេលយូរប៉ុណ្ណា គ្រាន់តែបង្កើតគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOP) មួយសម្រាប់គាំទ្រដល់អាស៊ាន ខ្លួនឯង”។

លោក Mohamed Ismail Hussain នាយកប្រតិបត្តិអង្គការ Singapore Malay Chamber of Commerce and Industry (SMCCI) ដែលជាអ្នកសម្របសម្រួលក្នុងវេទិកានេះបានស្នើឱ្យ ASEANTA ដើរតួនាទីជាអ្នកបង្កើត SOP ហើយធ្វើបទបង្ហាញទៅដល់រដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់។

លោក Samson Tan នាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ GTMC Travel និងជាប្រធានសមាគមភ្នាក់ងារទេសចរណ៍សិង្ហបុរី (NATAS Singapore) បានស្នើឱ្យ ASEANTA បង្កើតក្រុមការងារអាស៊ាន ដ៏រឹងមាំមួយដោយមានការចូលរួមពី វិស័យឯកជន និងរដ្ឋាភិបាលនានា។

លោកស្រី Pauline Suharno បានយល់ស្រប ដោយលើកឡើងថា អ្វីដែលត្រូវការចាំបាច់ គឺសំឡេងដ៏រឹងមាំរបស់ ASEANTA ដែលរដ្ឋាភិបាល មិនអាចធ្វើព្រងើយកន្តើយបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here