ក្រុមហ៊ុនអចលនទ្រព្យ PropertyGuru គ្រោងច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Bridgetown 2 ក្នុងទំហំដើមទុន១,៨ពាន់លានដុល្លារអាមេរិក

0

ដោយៈសុខុម

សិង្ហបុរី: ក្រុមហ៊ុនអចលនទ្រព្យអនឡាញសិង្ហបុរី PropertyGuru Pte ជិតឈានដល់កិច្ចព្រមព្រៀងចុះបញ្ជីជាសាធារណៈហើយ តាមរយៈការច្របាច់បញ្ចូលគ្នាជាមួយក្រុមហ៊ុន Bridgetown 2 Holdings Ltd ដែលមានមហាសេដ្ឋី Richard Li និងមហាសេដ្ឋី Peter Thielជាអ្នកនៅពីក្រោយខ្នង។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃទី១៩ កក្កដា នេះ។

ប្រភពអនាមិកបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនដែលត្រូវច្របាច់បញ្ចូលគ្នាថ្មីនេះអាចមានតម្លៃប្រមាណ ១,៨ពាន់លានដុល្លារអាមេរិក។ ប្រភពដដែលបន្ថែមទៀតថា ពេលនេះគូភាគីកំពុងចរចាលម្អិត ក្នុងដំណាក់កាលចុងក្រោយ ហើយសេចក្តីប្រកាសមួយអាចនឹងកើតឡើងនៅដើមសប្តាហ៍នេះ។

ទោះជាយ៉ាងណាង តំណាងក្រុមហ៊ុន PropertyGuru និងក្រុមហ៊ុន Bridgetown 2 បានបដិសេធមិនឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានចុះផ្សាយកាលពីខែមិថុនាកន្លងមកថា ក្រុមហ៊ុន Bridgetown 2 បានចរចាច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន PropertyGuru។ ក្រុមហ៊ុន Bridgetown 2 កៀរគរដើមទុនបានប្រមាណ៣០០លានដុល្លារអាមេរិក នៅក្នុងការបោះផ្សាយមូលបត្រលក់ជាលើកដំបូង (IPO) របស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីខែមករា ហើយភាគហ៊ុនរបស់ក្រុមហ៊ុននេះមានតម្លៃ១០ដុល្លារ ក្នុងមួយភាគហ៊ុននៅក្នុងការជួញដូរកាលពីសប្តាហ៍មុន។

ក្រុមហ៊ុន Bridgetown2 បានប្រកាសថា ខ្លួននឹងផ្ដោតការវិនិយោគលើ “វិស័យសេដ្ឋកិច្ចថ្មីៗ” រួមមានបច្ចេកវិទ្យា សេវាកម្ម ហិរញ្ញវត្ថុ ឬប្រព័ន្ធផ្សព្វផ្សាយជាដើមនៅតំបន់អាស៊ីអាគ្នេយ៍។

បង្កើតឡើងដោយសហគ្រិន Steve Melhuish និងសហគ្រិន Jani Rautiainen ក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន PropertyGuru ដែលមានទីស្នាក់ការកណ្ដាល នៅប្រទេសសិង្ហបុរី មានប្រតិបត្តិការនៅក្នុងប្រទេសជាច្រើន រួមមាន ទាំងប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសស៊ីម៉ាឡេស៊ី និងប្រទេសថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here