អ្នកឧកញ៉ាឡេង ណាវ៉ាត្រាប្រកាសអភិវឌ្ឍន៍វិមានតម្លៃជាង៣លានដុល្លារលើទីផ្សារ នៅតំបន់ផ្លូវជាតិលេខ៦អា

0

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ លំនៅឋានដែលមានតម្លៃរាប់លានដុល្លារអាមេរិក គឺវាពិតជាពិបាកក្នុងការរកទីផ្សារលក់ខ្លាំងណាស់ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែថ្មីៗនេះអ្នកឧកញ៉ាឡេង ណាវ៉ាត្រាអ្នកអភិវឌ្ឍន៍លំនៅឋាន នៅក្នុងប្រទេសកម្ពុជាមួយរូប បានប្រកាសអភិវឌ្ឍន៍លំនៅឋានបែបវិមានស្ដេច សម្រាប់ទីផ្សារប្រទេសកម្ពុជា ដែលមានតម្លៃរហូតដល់ជិត៤លានដុល្លារអាមេរិក នៅតំបន់ផ្លូវជាតិលេ៦អា។

បើតាមលោកគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រានៅព្រឹកថ្ងៃទី២២ កក្កដា ២០២១នេះបានឱ្យដឹងថាវិមាន Privacy (វិមានឯកជន )ជាស្ដេចវិមានដ៏មានកត្យានុភាព ប្រណិត ឧត្តមភាពនៃភាពអស្ចារ្យ ។ វិមាននេះមានតម្លៃ៣,៩៥លានដុល្លារអាមេរិក(ករណីបង់រំលស់ )ដោយបង់ប្រចាំខែ២ម៉ឺនដុល្លារអាមេរិក តែបើអតិថិជនបង់ផ្ដាច់គឺតម្លៃត្រឹមតែ២,៩៥លានដុល្លារអាមេរិក ។

គណនីហ្វេសប៊ុកដដែលបង្ហាញថាទំហំដី សម្រាប់វិមានប្រភេទនេះ គឺ១ហិចតា ឬ១ម៉ឺនម៉ែត្រ ( ១០០គុណ១០០ម៉ែត្រ) ទំហំផ្ទះរួមទាំងកន្លែងចតឡាន៩១ម៉ែត្រ គុណ៦០ម៉ែត្រ និងទំហំសាច់ផ្ទះ៥២ម៉ែត្រគុណ២៨ម៉ែត្រមានកំពស់៣ជាន់។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ការអភិវឌ្ឍលំនៅឋានភាគច្រើនគឺងាកទៅរកតម្លៃសមរម្យសម្រាប់អ្នកចំណូលទាបនិងមធ្យម ហើយក៏មានផ្ទះដែលមានតម្លៃខ្ទង់លានដុល្លារអាមេរិកដែរ ជាពិសេសនិងជាប្រភេទផ្ទះវីឡា អភិវឌ្ឍន៍ដោយក្រុមហ៊ុនជាបុរី ដោយឡែកលំនៅឋានតម្លៃជិត៤លានដុល្លារអាមេរិក សម្រាប់លក់លើទីផ្សារនេះ វាពិតជាកម្រណាស់ ។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា នៅក្នុងបរិបទកូវីដ១៩នេះ លំនៅឋានដែលមានតម្លៃចាប់ពី១លានដុល្លារអាមេរិកឡើងទៅមិនសូវជាមានផលប៉ះពាល់នោះទេ ពីព្រោះអ្នកដែលទិញលំនៅឋានតម្លៃនេះ ជាអ្នកដែលមានលុយ ហើយបើគេចង់ទិញគឺទិញភ្លាមៗ អត់ចាំបាច់សិក្សាប្រាក់ចំណូលច្រើនទេ ។ សម្រាប់លំនៅឋាន ដែលមានតម្លៃចាប់ពី៥ម៉ឺនដុល្លារអាមេរិក ទៅដល់១០ម៉ឺនដុល្លារអាមេរិកគឺមានផលប៉ះពាល់ខ្លាំង នៅក្នុងវិបត្តិកូវីដ១៩នេះ ពីព្រោះលំនៅឋានប្រភេទនេះ អតិថិជនអ្នកទិញជាអាជីវករ ដែលពឹងលើចំណូលពីអាជីវកម្ម ដូច្នេះនៅពេលកូវីដ១៩អាជីវកម្មជាច្រើន ក៏ប៉ះពាល់ដែលធ្វើឱ្យប៉ះពាល់ដល់ទីផ្សារលំនៅឋានតម្លៃនេះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here