តើផ្ទះប្រភេទណា ដែលប្រជាជនកំពុងពេញនិយមនាបច្ចុប្បន្ន?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រភេទលំនៅដ្ឋានមានច្រើនប្រភេទ ដែលផ្គត់ផ្គង់ទៅតាមលទ្ធភាព និងចំណង់ចំណូលចិត្ត នៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងប្រភេទលំនៅដ្ឋាននៅកម្ពុជាបច្ចុប្បន្នមានដូចជា ផ្ទះប្រកបអាជីវកម្ម ផ្ទះល្វែង វីឡាភ្លោះ វីឡាទោល ជាដើម។ អ្នកជំនាញថា វីឡាភ្លោះកំពុងពេញនិយមសម្រាប់ការរស់នៅ ដោយសារហេតុផលចំនួន ២។

អ្នកជំនាញអចលនទ្រព្យ និងជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រីតាំង ហ៊ួរ បានថ្លែងប្រាប់តាមទូរសព្ទមកកាន់គេហទំព័រ PropertyAreaថា បច្ចុប្បន្នប្រភេទលំនៅដ្ឋាន ដែលកំពុងពេញនិយមខ្លាំង សម្រាប់ការរស់នៅគឺជា វីឡា ភ្លោះ។ លោកស្រីបន្តថា មូលហេតុដែលប្រភេទផ្ទះវីឡាភ្លោះលក់ដាច់នោះ ដោយសារតែទំហំផ្ទះមានភាពសមល្មម ក្បាលដីត្រឹម៧ ទៅ៨ម៉ែត្រ ងាយស្រួលសម្រាប់ការរស់នៅ។ ម្យ៉ាងសម្រាប់អ្នកមានលទ្ធភាពសមល្មម ពួកគាត់គិតថាការរស់នៅក្នុងវីឡាភ្លោះមានភាពថ្លៃថ្នូរផងដែរ។

នាយិការូបនេះបានបញ្ជាក់ថា ថ្វីត្បិតតែវីឡាភ្លោះមានភាពទូលាយក្តី ប៉ុន្តែក្រឡេកមើលតម្លៃវិញ បើសិនជាចង់រស់នៅក្នុងវីឡាភ្លោះ ដែលមានតម្លៃសមរម្យក៏ទីតាំងនៅឆ្ងាយពីក្រុងដែរ ច្រើនតែនៅជាយៗក្រុង។

ជាមួយនឹងការបញ្ជាក់ពីចំណុចវិជ្ជមាន នៃប្រភេទលំនៅដ្ឋានខាងលើនេះ អគ្គនាយ​កក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គីមសួគ៌ ធ្លាប់មានប្រសាសន៍ថា គ្រប់ប្រភេទលំនៅដ្ឋានទាំងអស់ គឺសុទ្ធតែមានគុណសម្បត្តិ ក្រោមគោលបំណងចម្បងសម្រាប់រស់នៅ និងស្ថិតនៅទីតាំងដែលមានភាពស្ងប់ស្ងាត់ និងមានធម្មជាតិជុំវិញ។

លោកថា “អ្នកវិនិយោគខ្លះសម្រេចចិត្តទិញទុកសម្រាប់ជួលបន្ត ដើម្បីយកចំណូលប្រចាំខែ ប្រចាំឆ្នាំ ហើយអត្រានៃចំណេញក្រោយការលក់ទាំងស្រុង ក៏មានខ្ពស់ផងដែរ ដែលលំនៅដ្ឋាននៅតំបន់ខ្លះ អាចទទួលបានផលចំណេញទ្វេដងនៃតម្លៃដើម”។

ទន្ទឹមនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Daily Realty លោក ហៃ រ៉ាវី បានរៀបរាប់ថា ដោយសារតែអតិថិជន មានបំណងចង់ជាវទុកសម្រាប់ឱ្យកូន ក្រែងលោត្រូវឡើងពីខេត្តមកសិក្សានៅទីក្រុង ឬក៏គូស្នេហ៍មួយចំនួនដែលទើបរៀបការ ដូច្នេះតម្រូវការមានផ្ទះរស់នៅគឺនៅតែមាន។ មិនតែប៉ុណ្ណោះ ការរចនាមានភាពស្រស់ស្អាត មិនថាផ្នែកខាងក្រៅ និងការឌីសាញខាងក្នុង ជាពិសេសមានសួនលំហែកាយជាដើម៕

ចំណេះដឹងៈតើEiffel Towerរបស់បារាំងមានចំណុចពិសេសអ្វីដែលអ្នកគួរដឹង?

       ដោយៈសហការី

       ភ្នំពេញ នៅពេលលើកឡើងពីតួអេហ្វែល ឬ Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel មនុស្សទូទាំងពិភពលោកបានស្គាល់ និងដឹងថា វាស្ថិតនៅក្នុងទីក្រុងប៉ារីស ដ៏រ៉ូមែនទិក នៃប្រទេសបារាំង ដែលធ្លាប់ដាក់អាណានិគមនៅកម្ពុជា។

ថ្ងៃនេះគេហទំព័រPropertyarea.asia សូមបកប្រែក្រៅផ្លូវការទាក់ទងនឹងអាគារដែកដ៏ល្បីល្បាញនេះ ដើម្បីលោក អ្នកបានសិក្សាស្វែងយល់ពីភាពអស្ចារ្យ ការសាងសង់ និងភាពទាក់ទាញរបស់វា។

Eiffel Tower ឬជាភាសាបារាំងហៅថា Tour Eiffel ត្រូវបានគេសាងសង់

ឡើងពីដែកថែបនៅក្នុងតំបន់Cham de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ អគារនេះ ត្រូវបានគេដាក់ឈ្មោះ Eiffel បន្ទាប់ក្រុមហ៊ុនរបស់ស្ថាបត្យករ លោក Gustave Eiffel បានរចនាគូប្លង់ និងសងសង់ប៉មនៃអគារនេះ។ Eiffel Tower  បានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៨៨៧ និងបញ្ចប់នៅក្នុងឆ្នាំ១៨៨៩ ស្ថិតនៅច្រកចូលមជ្ឈមណ្ឌលតាំងពិព័ណលំដាប់ពិភពលោក ឆ្នាំ១៨៨៩។ ក្រោយពេលសាង​សង់ចប់ ប៉មដែកនេះក៏មានការរិះគន់ពីសំណាក់សីល្បៈករ និងអ្នកជំនាញបារាំងមួយចំនួនផងដែរ ចំពោះការរចនាប្លង់នៃប៉មអគារ។

យ៉ាងណាក៏ដោយ ក្រោយមកវាបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពិភពលោករបស់ប្រទេសបារំាង និងត្រូវបានគេទទួលស្គាល់ថា ជាស្ថាបត្យកម្មកំពូលល្អឯកគ្មានពីររបស់ពិភពលោក។

អគារ Eiffel Tower នេះ មានការទាក់ទាញសម្រាប់អ្នកទេសចរណ៍ជាច្រើនបំផុតក្នុងលោក ដោយគ្រាន់តែឆ្នាំ២០១៥សោះ មានអ្នកទៅលេងកំសាន្តនៅអាគារនេះចំនួន៦.៩១លាននាក់។

កំពូលស្ថាបត្យកម្មពិភពលោកនេះ មានកំពស់៣២៤ម៉ែត្រ ស្ថិតនៅលើទំហំដី១២៥ ម៉ែត្រការ៉េ ហើយវាមានកំពស់ប្រហែលនឹងអគារកំពស់៨១ជាន់ក្នុងទីក្រុងប៉ារីស។

ក្នុងអំឡុងពេលសាងសង់អគារ Eiffel Tower នេះមានភាពល្បីល្បាញប្រហាក់ប្រហែលទៅនឹងវិមាន Washington ដែលក្លាយជាស្ថាបត្យកម្មខ្ពស់បំផុតក្នុងពិភពលោក ដែលបង្កើតឡើងដោយមនុស្ស។

បច្ចុប្បន្ន អគារ Eiffel នេះ មានកំពស់លំដាប់ទីពីរ ដោយខ្ពស់ជាងប្រមាណជា៥.២ម៉ែត្រ ក្នុងប្រទេសបារាំងបន្ទាប់ពីអគារ Millau Viaduct។

អគារនេះមានបីជាន់ សម្រាប់អោយអ្នកទេសចរ ដោយមានភោជនីយដ្ឋាន នៅជាន់ទី១ និងទី ២ ។ នៅជាន់កំពូលខាងលើ ដែលស្ថិតក្នុងកម្រិតកំពស់២៧៦ម៉ែត្រ ជាចំណុចខ្ពស់បំផុត បានបើកជាសាធារណៈសម្រាប់ អ្នកទេសចរណ៍ទិញសំបុត្រចូលទៅទស្សនា ដោយជិះជណ្តើរយន្តពីជាន់ទី១ និងទី២ឡើង ទៅខាងលើកំពូលនៃអគារ៕

ការចូលទៅលេងកម្សាន្តម្តងៗ ក្នុងអគារនេះត្រូវចំណាយក្នុងរង្វង់១០អឺរ៉ូ ក្នុងសំបុត្រមួយ សម្រាប់មនុស្សពេញវ័យនៃជាន់នីមួយៗ៕

សូចនាករបួន ដែលអ្នកវិនិយោគអចលនទ្រព្យគម្បីតាមដាននិងពិចារណា

          ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ការមានលុយទិញដីធ្លីមិនប្រាកដថា ទទួលបានប្រាក់ចំណេញលឿននោះទេ ហើយជួនកាលក៏ធ្វើឲ្យការវិនិយោគរបស់ខ្លួនត្រូវជាប់គាំងផងដែរ ប្រសិនជាអ្នកវិនិយោគមិនដឹងពីគន្លឹះច្បាស់លាស់។

ទិញដីធ្លីនៅតំបន់មានប្រជាជនរស់នៅច្រើន

អចលនទ្រព្យឡើងថ្លៃ ពិតជាអាស្រ័យលើកត្តាប្រជាសាស្រ្ត ព្រោះការឡើងថ្លៃដីធ្លី ឬអចលនទ្រព្យដទៃពិតជាទាក់ទងនឹងចរន្តមនុស្ស។ នៅទីណាមានមនុស្សរស់នៅច្រើនទីនោះនឹងមានសកម្មភាពអាជីវកម្មច្រើន ធ្វើឲ្យចរន្តសេដ្ឋកិច្ចតំបន់នោះរីកចម្រើន។

គេមិនអាចទៅទិញដីកណ្តាលព្រៃ ដែលគ្មានមនុស្សរស់នៅដើម្បីឲ្យតម្លៃដីកើនឡើង និងទទួលបានប្រាក់ចំណេញនោះទេ។

ឧស្សាហ៍អានព័ត៌មាន

នៅពេលយើងអានព័ត៌មានច្រើន យើងនឹងទទួលបានព័ត៌មានច្រើន ពីការអភិវឌ្ឍន៍ ពីផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងការកសាងផ្លូវ កសាងតំបន់សេដ្ឋកិច្ចពិសេស ឬគំរោងអភិវឌ្ឈន៍របស់រដ្ឋាភិបាលជាច្រើនទៀត។ នៅពេលយើងមានចំណេះដឹង មានព័ត៌មា​នក្នុងដៃគ្រប់គ្រាន់ហើយ មូលដ្ឋាននៃការសម្រេចចិត្តរបស់យើង គឺមានភាពត្រឹមត្រូវជាជាងការវិនិយោគដោយប្រថុយប្រថាន ដែលប្រឈមនឹងហានិភ័យខ្ពស់។

ព័ត៌មានដែលអាចទុកចិត្តបាន ប្រកបដោយក្រមសីលធម៌ ពិតជាមូលដ្ឋានសំខាន់ ដែលអ្នកវិនិយោគត្រូវអាន ដើម្បីយកមកធ្វើជាមូលដ្ឋានសំរាប់ពិចារណាឲ្យបានគ្រប់ជ្រុង ជ្រោយមុនសម្រេចចិត្តទិញដីនៅតំបន់ណាមួយ។

ឧទាហរណ៍នៅតំបន់ផ្លូវជាតិលេខ៥៥ ពីមុនដីនៅតំបន់នោះគ្មានហាងឆេង និងគ្មានអ្នកចាប់អារម្មណ៍ទេ ប៉ុន្តែក្រោយពេលសាងសង់ផ្លូចរួច ដីនៅតាមតំបន់នោះបានឡើងថ្លៃយ៉ាងគំហុក ហេតុនេះបើយើងនឹងព៌តមានពីការសាងសង់ផ្លូវ ហើយយើងទិញនៅពេលផ្លូវចាប់ផ្តើមសាងសង់ ច្បាស់ណាស់យើងនឹងរកផលចំណេញបានលឿន និងបានឆាប់រហ័ស។

តាមដានគោលនយោបាយរបស់រដ្ឋាភិបាល

រដ្ឋាភិបាលតែងតែមានចេញគោលនយោបាយជាបន្តបន្ទាប់ រៀងរាល់៣ទៅ៥ឆ្នាំម្ត​ង ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ប្រទេស ហេតុនេះបើសិនជាយើងតាមដានដឹងពីគោលនយោបាយរបស់រដ្ឋាភិបាលជាមុន យើងមានឱកាសចំណេញច្រើន ពីការវិនិយោគរបស់ខ្លួន។

ឧទាហរណ៍ជាក់ស្តែង កាលពីខែតុលាឆ្នាំ២០១៥ រដ្ឋាភិបាលបានប្រកាសដាក់ចេញនូវគោលនយោបាយអភិវឌ្ឈន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយក្នុងគោលនយោបាយនោះ រដ្ឋាភិបាលបានជ្រើសរើសយកទីក្រុង២ និងខេត្ត១ជាតំបន់សំរាប់អភិវឌ្ឈន៍វិស័យឧស្សាហកម្មជាពិសេស។ ខេត្តនោះរួមមាន ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។

ជាលទ្ឋផលក្រុងព្រះសីហនុ ក្រុងបាវិត និងក្រុងប៉ោយប៉ែត កំពុងមានការរីកចម្រើន និងកំពុងស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគជាតិ និងអន្តរជាតិចូលទៅវិនិយោគយ៉ាងច្រើន ដែលធ្វើឲ្យគ្រប់គ្នាស្ទើរមិននឹងស្មានដល់។

ហេតុនេះការតាមដាន ការអានព៌តមានតាមទូរទស្សន៍ វេបសាយ កាសែត ពិតជាមានសារៈសំខាន់ ដែលអ្នកវិនិយោគគ្រប់គ្នាត្រូវតែដឹង ត្រូវតែអាន ដើម្បីដឹងពីផែនការ ដឹងពីដំណើរនៃការអភិវឌ្ឈន៍ប្រទេសជាតិ។

សិក្សាលើទិដ្ឋភាពច្បាប់

ទិដ្ឋភាពនិងមូលដ្ឋានច្បាប់ ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាឧបករណ៍មួយយ៉ាងសំខាន់ ដែលអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិតែងតែសិក្សាមុនគេ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ។ ច្បាប់ពន្ឋលើប្រាក់ចំណេញ ច្បាប់វិនិយោគ ច្បាប់លើកទឹកចិត្តដល់ការវិនិយោគនានា សុទ្ឋតែជាកត្តាសំខាន់នៅក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។

ឧទាហរណ៍ ច្បាប់វិនិយោគកម្ពុជាបានអនុញ្ញាត ឲ្យជនបរទេសអាចបណ្តាក់ទុនរកស៊ី១០០ភាគរយនៅកម្ពុជាបាន ដោយមិនចាំបាច់សហការជាមួយក្រុមហ៊ុនក្នុងស្រុក។ច្បាប់នេះពិតជាមានសារៈសំខាន់បំផុត ដែលបាននិងកំពុងធ្វើឲ្យកម្ពុជាឈានឡើង និងមានការរីកចម្រើនយ៉ាងលឿនហើយសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំនើនជាមធ្យម៧,៧ភាគរយក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។

មូលដ្ឋានទាំងនេះ គឺនៅតែឈរលើកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេ​រភាពសង្គម និងកំនើនសេដ្ឋកិច្ចដ៏រ៉ឹងមាំរបស់កម្ពុជា ព្រោះបើប្រទេសជាតិគ្មានចំណុចប៉ុន្មាននេះទេ តម្លៃអចលនទ្រព្យ និងការវិនិយោគក៏មិនអាចកើនឡើងបានដែរ៕

ក្រុមហ៊ុនឧស្សាហកម្មធំៗរបស់ចិន ទទួលបានកំណើនប្រាក់ចំណេញជាង១០០ពាន់លានដុល្លារអាមេរិកក្នុងខែមីនា

ដោយៈសុខុម

ប្រទេសចិន:  ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារ ទី២៧ មេសានេះថា ប្រាក់ចំណេញរបស់បណ្ដាក្រុមហ៊ុន ឧស្សាហកម្មធំៗនៃមហាយក្សចិន បានកើនឡើងយ៉ាងខ្លាំងកាលពីខែមីនា នៅពេលតម្រូវការវត្ថុធាតុដើមកើនឡើងខ្លាំង ស្របនឹងការងើបឡើងនៃសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

យោងតាមទិន្នន័យពីការិយាល័យជាតិស្ថិតិ (NBS) បង្ហាញថា ប្រាក់ចំណេញបានកើនឡើង៩២,៣% ដល់១០៩,៦ពាន់លានដុល្លារអាមេរិក នៅក្នុងខែមីនា បើធៀបនឹងឆ្នាំមុនជាពេលដែលសេដ្ឋកិច្ច រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។

ទោះជាយ៉ាងណា ល្បឿននៃកំណើនបានថយចុះ បើធៀបទៅនឹងរយៈពេល២ខែដំបូងដើមឆ្នាំនេះ។ ប្រាក់ចំណេញបានកើនឡើង១៧៩% នៅខែមករា និងខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលពេលនោះវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ បានធ្វើឱ្យគាំងសកម្មភាពសេដ្ឋកិច្ច។

យោងតាមសេចក្ដីថ្លែងការណ៍របស់មន្ត្រីមួយរូបឈ្មោះ Zhu Hong មកពីការិយាល័ជាតិស្ថិតិឱ្យដឹងថា ប្រាក់ចំណេញខ្លាំងនៅក្នុងឧស្សាហកម្មផលិត និងកែច្នៃវត្ថុធាតុដើម ជាពិសេសគីមី លោហៈ និងប្រេងបានជួយជំរុញកំណើនប្រាក់ចំណេញ ក្នុងឧស្សាហកម្មទាំងមូល នៅពេលដែលតម្រូវការកើនឡើង។

សម្រាប់រយៈពេលពីខែមករា ដល់ខែមីនា ប្រាក់ចំណេញរបស់បណ្ដាហ៊ុនឧស្សាហកម្មគ្រាក់ៗបានកើនឡើង១៣៧%ដល់២៨១ពាន់លានដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលក្នុងស្រុកសរុប (GDP) របស់មហាយក្សចិន បានកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ដោយសម្រេចបានកំណើនខ្ពស់បំផុតមិនធ្លាប់មាន១៨,៣%ដោយសារតម្រូវការ កើនឡើងខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក៕

ក្រសួងទេសចរណ៍ជំរុញការសិក្សាទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់កូវីដ១៩ នៅត្រីមាសទី៤ឆ្នាំនេះ

ដោយៈ ប៊ី

ភ្នំពេញៈ ក្រសួងទេសចរណ៍ កំពុងជំរុញការសិក្សាលទ្ធភាពទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ ដែលមកពីទីផ្សារណាមានហានិភ័យទាប នៅក្នុងនៅក្នុងជំហ៊ានដំបូងរបស់ខ្លួន ដែលរំពឹងថា នឹងចាប់ផ្តើមនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។

ការជំរុញការសិក្សានេះធ្វើឡើង ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ ដែលកំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិតថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ចំពោះផែនការបើកដំណើរការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ ក្នុងជំហ៊ានដំបូង ក្រសួងទេសចរណ៍ និងធ្វើការជាមួយក្រសួងសុខាភិបាល អំពីលក្ខខណ្ឌឲ្យប្រាកដថាតើយើងនឹងតម្រូវឲ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ហើយ ចូលមកប្រទេសកម្ពុជានោះ ត្រូវធ្វើចត្តាឡីស័កក្នុងកម្រិតណា ឬមិនចាំបាច់ធ្វើចត្តាឡីស័ក បន្ទាប់មកក្រសួងនឹងស្នើសុំគោលការណ៍អនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីអនុវត្តកិច្ចការងារនេះ។

លោកបណ្ឌិតថោង ខុន បានបន្តថា ទន្ទឹមនឹងអ្វីដែលយើងបានសិក្សាលើទីផ្សារនេះ ក្រសួងទេសចរណ៍ក៏នឹងធ្វើការជាមួយអាជ្ញាធរខេត្ត និងជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងផងដែរ ក្នុងការស្វែងរកការគាំទ្រ ក្នុងការជំរុញការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅតាមគោលដៅនានា ដើម្បីធានាថា គោលដៅទេសចរណ៍របស់យើងមានសុវត្ថិភាព និងទំនុកចិត្ត ដែលអាចទទួលយកភ្ញៀវទេសចរដែលបានទទួលវ៉ាក់សាំងនេះបានមុន។

ក្រៅពីនេះលោករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍ ក៏នឹងតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ត្រូវគិតអំពីគុណភាពសេវាកម្ម និងតម្លៃឲ្យបានសមរម្យ ជាពិសេស ត្រូវអនុវត្តស្តង់ដារថ្មី ក្នុងបរិបទកូវីដ១៩នេះ ជាមួយវិធានការយ៉ាងម៉ឹងម៉ាត់ គឺ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ក៏ត្រូវធ្វើយ៉ាងណាផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរ តាមរយៈតម្រូវឲ្យបុគ្គលិកបម្រើការងាររបស់ខ្លួន ត្រូវពាក់កាតបុគ្គលិក និងកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាប្រចាំក្នុងអំឡុងពេលបំពេញភារកិច្ចផងដែរ។

លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ទៀតថា “យើងនឹងពិនិត្យវាយតម្លៃអំពីគុណភាពសេវាកម្មទេសចរណ៍នៅគ្រប់គោលដៅទាំងអស់ ហើយយើងនឹងដាក់ចុះនូវស្តង់ដារសេវាកម្មទេសចរណ៍នៅក្នុងបរិបទកូវីដនេះ ឲ្យបានរហ័សដើម្បីបញ្ជាក់អំពីសុវត្ថិភាព និងគុណភាពរបស់គោលដៅទេសចរណ៍នីមួយៗ ជូនភ្ញៀវទេសចរអន្តរជាតិ។ យើងធ្វើកិច្ចការងារនេះបណ្តើរៗ ហើយយើងប្រឹងប្រែងទាំងអស់គ្នា ដើម្បីយើងគិតថា អាចនឹងទទួលទេសចរអន្តរជាតិ ពិសេសទេសចរដែលចាក់វ៉ាក់សាំងហើយ នៅក្នុងត្រីមាសទី ៤ឆ្នាំ ២០២១នេះ”។

លោកបណ្ឌិតសង្កត់ធ្ងន់ថា “សរុបរួមមក ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនេះ ទី១ គឺការក៏សាងឲ្យបាននូវទំនុកទុកចិត្តដល់អ្នកទេសចរ។ ទី២ គឺគុណភាព និងសេវាកម្មផលិតផលទេសចរណ៍ និងតម្លៃឲ្យបានសមរម្យ និងទី៣គឺការសម្រួលការធ្វើដំណើរដល់ទេសចរនៅតាមច្រកទ្វារអន្តរជាតិ”។

បន្ថែមពីលើនេះ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសរណ៍ក៏បានលើកឡើងអំពីការខិតខំពង្រឹងការគ្រប់គ្រងចលនាភ្ញៀវទេសចរក្នុងស្រុក ក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ដែលនឹងមានប្រជាពលរដ្ឋទៅកម្សាន្តតាមរមណីយដ្ឋានច្រើន ហើយប្រសិនបើរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅបញ្ចប់ការបិទខ្ទប់ទៀត នឹងមានភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាលចេញដើរកម្សាន្តច្រើនទៅតំបន់សមុទ្រ ខេត្តភូមិភាគឦសាន និងខេត្តសៀមរាប ជាដើម។
ក្នុងបរិបទនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរក្សាឲ្យបាននូវវិធានសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទើបអាចចៀសផុតពីការឆ្លងជំងឺកូវីដ១៩។

អ្វីដែលលោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងខាងលើនេះ គឺជាគម្រោងមួយស្ថិតនៅក្នុងផែនទីចង្អុលផ្លូវ (Roadmap) ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ដែលត្រូវបានអនុម័តដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១នេះ កន្លងទៅថ្មីៗនេះ។

តាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួន បានឲ្យដឹងថា ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន ដូចជា ប្រទេសសិង្ហបុរី និងប្រទេសថៃ បានបង្ហាញពីផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីសង្គ្រោះសេដ្ឋកិច្ចរបស់ខ្លួន នាពេលខាងមុខនេះ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ១,៣១លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ៩ លាននាក់ ថយចុះ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំមុន បានធ្វើឲ្យឧស្សាហកម្មទេសចរណ៍កម្ពុជា បាត់បង់ចំណូលជាង៣ពាន់លានដុល្លារអាមេរិក៕

ជំនួយវ៉ាក់សាំងកូវីដ១៩ពីរដ្ឋាភិបាលចិន៤០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជានៅស្អែកនេះ ខណៈចិនប្តេជ្ញាជួយកម្ពុជាយកឈ្នះលើជំងឺរាតត្បាតនេះ

ដោយៈ ប៊ី

ភ្នំពេញ វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ ខណៈចិនប្តេជ្ញាប្រឹងប្រឹងឱ្យអស់លទ្ធភាព ដើម្បីសហការជាមួយកម្ពុជា ប្រឆាំងនឹងជំងឺរាតត្បាតមួយនេះ។

លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថៃ្ង២៧ ខែមេសា ឆ្នាំ២០២១នេះថា វ៉ាក់សាំងដែលជាជំនួយសប្បុរសដ៏ធំធេងរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

វ៉ាក់សាំងស៊ីណូហ្វាមចំនួន៤០ម៉ឺនដូសនេះ គឺជាជំនួយរបស់មិត្តចិន ដឹកមកដល់កម្ពុជាលើកទី៣ហើយ។ លើកទី១ ដឹកមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ចំនួន ៦០ម៉ឺនដូស និងលើកទី២ ដឹកមកដល់ថ្ងៃទី៣១ ខែមីនា ចំនួន ៧០ម៉ឺនដូស។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារ ដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាល បានប្រឹងប្រែង និងស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

កម្ពុជា ទទួលបានវ៉ាក់សាំងចំនួនជិត ៤លានដូសរួចមកហើយ ហើយភាគច្រើនបំផុតជាវ៉ាក់សាំងជាជំនួយ និងទិញពីប្រទេសចិន។ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ជំនួយរបស់ខូវ៉ាក់ តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស។

តាមរយៈវ៉ាក់សាំងទាំងនេះ កម្ពុជា បានប្រឹងប្រែងចាក់ជូនប្រជាពលរដ្ឋបានចំនួនជិត ១លាន ៣សែននាក់ហើយ។ កម្ពុជា បានក្លាយទៅជាប្រទេសឈរនៅលំដាប់ទី២ ក្នុងអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ដែលចាក់វ៉ាក់សាំងបានចំនួនច្រើនជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅជាង ១០លានដូសនៅក្នុងឆ្នាំ២០២១នេះ។ បើតាមសម្តេចតេជោ ហ៊ុន សែន វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត រួមមាន៖ ខែឧសភា ចំនួន ១លាន ៥សែនដូស, ខែមិថុនា ចំនួន ៣លានដូស, ខែកក្កដា ២លានដូស និងខែសីហា ១លានដូស។

កម្ពុជា គ្រោងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់។ ប្រទេសចិន ត្រូវបានគេមើលឃើញជាអ្នកដែលគាំទ្រដ៏សំខាន់ ដើម្បីកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់វ៉ាក់សាំងនេះ។

រដ្ឋាភិបាលចិន បានបង្ហាញជំហររបស់ខ្លួនយ៉ាងមុតមាំក្នុងការជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃទី២៣ ខែមេសា លោក ចាវ លីចៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ក្នុងនាមជាមិត្តដែកថែបជាមួយកម្ពុជា ចិននឹងបន្តជួយកម្ពុជាតាមសមត្ថភាព សម្រាប់ការទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ទៅតាមការស្នើសុំជាបន្តបន្ទាប់ទៀត។

លោក ចាវ លីចៀន បញ្ជាក់ទៀតថា “ក្នុងនាមជាមិត្តដែកថែប, វាជាក្រិតក្រមធម្មជាតិទៅហើយ នៅពេលដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចិននឹងប្រឹងប្រឹងឲ្យអស់លទ្ធភាព ដើម្បីសហការជាមួយកម្ពុជា ក្នុងការធ្វើសង្គ្រាមប្រឆាំងនឹងជំងឺនេះ។ នេះមិនត្រឹមតែជាសក្ខីភាព បង្ហាញពីទំនាក់ទំនងពិសេសរបស់យើងទេ ប៉ុន្តែថែមទាំងផ្នែកដ៏សំខាន់មួយនៅក្នុងការប្រឹងប្រឹងរួមគ្នា កសាងសហគមន៍រួមវាសនាតែមួយ”។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ជំនួយវ៉ាក់សាំងរបស់ចិន មកកាន់កម្ពុជា គឺលទ្ធផលមួយកើតចេញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន។ សម្តេចតេជោ បានលើកឡើងថា បើគ្មានទំនាក់ទំនងល្អទេ គ្មានឡើយវត្តមានវ៉ាក់សាំងជាជំនួយរបស់ចិន៕

ទីផ្សារ​ដី​ឡូ​តិ៍​នៅតែ​បន្ត​រងគ្រោះ​ក្នុង​រយៈពេល​យូរ​បន្ថែមទៀត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​រដ្ឋាភិបាល​បានអនុញ្ញាត ឱ្យមាន​ការធ្វើ​ចរាចរ​ណ៍​ឆ្លងកាត់​ខេត្ត​ក្រុង និង​ឱ្យ​ដំណើរការ​តំបន់​ទី​រមណីយដ្ឋាន នៅ​ទូទាំងប្រទេស​យ៉ាងណាក៏ដោយ ប៉ុន្តែ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ជាពិសេស​ផ្នែក​ដី​ឡូ​តិ៍ ហាក់​នៅ​មិនទាន់​អាច​វិល​រកស​ភាពល្អ​ប្រសើរឡើង​វិញ​នៅឡើយ​នោះទេ។

លោក​រ៉ុង សីហា នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ SEY HA Realty ដែលមាន​គម្រោង​ដី​ឡូ​តិ៍​ចំនួន៣ នៅក្នុង​ដៃ​ស្ថិតនៅ​តំបន់​ផ្លូវ​លេខ៥១ ផ្លូវ៤១ និង​ផ្លូវជាតិ​លេខ៣បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ថា ទីផ្សារ​ដី​ឡូ​តិ៍​ថ្វី​ត្បិត​ថា​មាន​ភាព​ទូលាយ ជាង​ទីផ្សារ​ដទៃ​ក្នុង​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​សម្រាប់​អតិថិជន​គោលដៅ​ភាគច្រើន ជា​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម​ដែល​កំពុង​រង​នូវ​ផលប៉ះពាល់​នាពេល​បច្ចុប្បន្ន។

លោក​បន្តថា “តាម​ការមើលឃើញ​រប​ស់​ខ្ញុំ ទោះ​ជាមាន​ការបើក​ឱ្យមាន​ចរាចរណ៍​ឆ្លងកាត់​ខេត្ត​មែន ប៉ុន្តែ​សម្រាប់​ដី​ឡូ​តិ៍​ដែល​ស្ថិតនៅតាម​តំបន់​ជុំវិញ​ក្រុង ឬ​ឆ្ងាយ​ពី​ក្រុង​ប្រមាណ២០គីឡូម៉ែត្រ នៅតែ​មិនទាន់​អាច​ងើប​ឡើងវិញ​បានភ្លាមៗនោះទេ” ។

លោក​បន្តថា អ្នកទិញ​ដី​ឡូ​តិ៍​ភាគច្រើន ជា​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម ដូចជា​កម្មករ​រោងចក្រ អ្នកមាន​អាជីវកម្ម​ខ្នាតតូច ឬ​មធ្យម​ជា​លក្ខណៈ​គ្រួសារ ដែល​ពួកគាត់​ទិញ​ដី​ឡូ​តិ៍ ដោយ​ការបង់​រំ​លោះ​ប្រាក់ ដែល​ពួកគាត់​នៅសល់​ប្រចាំថ្ងៃ​តិចតួច ឬ​លុយ​សន្សំ​ប្រចាំខែ ប៉ុន្តែ​ដោយសារតែ​កូ​វីដ បានធ្វើឱ្យ​ពួកគាត់​បាត់បង់​ចំណូល និង​កំពុង​ជួប​ផល​លំបាក។

លោក​រ៉ុង សីហា បានបញ្ជាក់​បន្ថែមថា អ្នក​ដែល​ទិញ​ដី​ឡូ​តិ៍ក​ម្រ​មាន​អ្នក​ធូ​ត​ធា​ទិញ​ណាស់ អ្នកទិញ​ភាគច្រើន​គឺជា​កម្មករ​រោងចក្រ អ្នកលក់ដូរ​តាម​ផ្សារ​ជាដើម លុះ​ពេលដែល​បិទ​រោងចក្រ បិទ​ផ្សារ ពួកគាត់​បាត់​ចំណូល រហូត​មាន​អ្នកខ្លះ​ជំពាក់​បំណុល​គេ​ថែមទៀត។ ដូច្នេះ ទម្រាំ​អាច​ពួកគាត់​មានលទ្ធភាព​គ្រប់គ្រាន់ ខ្ញុំ​គិតថា យ៉ាងហោចណាស់៣ខែ​ទៀត​យ៉ាងតិច បើទោះជា​រាជរដ្ឋាភិបាល​បើក​ចរាច​រណ៍​ក្រុង​ឡើងវិញ​ក៏ដោយ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ឧកញ៉ា​ម៉ន សុខា បាន​មានប្រសាសន៍ថា ក្នុងដំណាក់កាល​ពេលនេះ​ការព្យាករណ៍ ឬ​រំពឹងទុក​ទៅលើ​ទីផ្សារ​ដីឡូត៍ ឬ​ទីផ្សារ​ដទៃទៀត​ក្នុង​វិស័យ​អចលនទ្រព្យ គឺ​ស្ថិតនៅក្នុង​ភាពស្រពិចស្រពិល​នៅឡើយ ខណៈដែល​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នៅតែ​បន្ត​មាន​កំណើន​ឥតឈប់ឈរ។

លោក​បន្តថា “ការប្រមើលមើល​ពី​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ ឬ​ទីផ្សារ​ដីឡូត៍​ជា​រឿង​មួយ ដែល​អ្នក​នៅក្នុង​វិស័យនេះ​កំពុង​យកចិត្តទុកដាក់ ប៉ុន្តែ​ខ្ញុំ​គិតថា អ្វីដែល​សំខាន់​ក្នុងដំណាក់កាល​នេះ គឺ​ការ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​សិន” ។

ឧកញ៉ា​ម៉ន សុខា​បាន​បន្តថា អ្វី​ត្រូវធ្វើ​បច្ចុប្បន្ន​គឺ​ត្រូវ​សហការ និង​អនុវត្តន៍​មានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​យ៉ាង​យកចិត្តទុកដាក់ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ ក៏ដូចជា​ក្រសួងសុខាភិបាល​ដែល​បាន​ដាក់ចេញ។

លោក​បន្ថែមថា “នៅពេលដែល​វិបត្តិ​ត្រូវបាន​ទប់ស្កាត់ ចរន្ត​សេដ្ឋកិច្ច​ចាប់ផ្តើម​មានដំណើរ​ការ​ឡើងវិញ នោះ​ទីផ្សារ​នៃ​វិស័យផ្សេងៗ ក៏​អាច​វិល​មករក​ភាពល្អប្រសើរ​ឡើងវិញ​ដែរ” ៕

ដំណឹង​រីករាយៈ វ៉ាក់សាំង​ចំនួន៧,៥លាន​ដូ​សនឹង​មកដល់​កម្ពុជា​ចន្លោះ​ខែឧសភា និង​សីហា​ខាងមុខ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ យោងតាម​ប្រ​ព័​ន្ឋ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​អាច​ទុកចិត្តបាន​ឲ្យ​ដឹងថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ង​បង្ការ​ជំងឺ​កូ​វីដ១៩ចំនួន៧,៥លាន​ដូ​ស នៅ​ចន្លោះ​ខែឧសភា និង​សីហា​ខាងមុខនេះ។

យោងតាម​ព​ព៌​ត​មាន​ដែល Propertyarea.asia ទទួលបាន​នៅក្នុង​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រាម​ឈ្មោះ​ឯកសារ​សាធារណៈ ប ន ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ប្រទេស​កម្ពុជា​នឹង​ទទួលបាន វ៉ាក់សាំង​ចំនួន១,៥លាន​ដូ​ស នៅ​ខែឧសភា​ខាងមុខនេះ។ ជាមួយគ្នានេះ នៅ​ខែមិថុនា​ខាងមុខ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​រហូតដល់៣លាន​ដូ​ស និង២លាន​ដូ​ស​នៅ​ខែកក្កដា និង​ចំនួន១លាន​ដូ​ស​ទៀត នៅក្នុង​ខែសីហា​ផងដែរ។

ការទទួលបាន​វ៉ាក់សាំង​ជា​អំណោយ​ក្តី ជាការ​ទិញ​ក្តី ប៉ុន្តែ​វា​ជា​សេចក្តី​សាទរ​របស់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខណៈដែល​ពិភពលោក​កំពុងដណ្តើម​វ៉ាក់សាំង​គ្នា​នៅឡើយ។

ប្រជាជន​កម្ពុជា​បាន និង​កំពុង​ទទួល​វ៉ាក់សាំង​កើនឡើង និង​ប្រជាជន​កាន់តែច្រើន​កំពុង​ចង់​ទទួលបាន​វ៉ាក់សាំង ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ១៩ ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍២០កុម្ភៈ​កាន់តែច្រើន។

រ​ហួត​មកទល់ពេលនេះ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ១,៣លាន​នាក់​ហើយ បាន​ទ​ទូល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ។

សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​គ្រោង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​បាន១០លាន​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ចំនួន១៦លាន​នាក់៕

ក្រុមហ៊ុន​យក្ស Apple របស់​សហរដ្ឋអាមេរិក គ្រោង​បង្កើន​ការវិនិយោគ​រហូតដល់​ទៅ៤៣០ពាន់​លាន​ដុល្លារ

ដោយ សុខុម

ញូវយ៉ក: ក្រុមហ៊ុន​យក្ស Apple មាន​គម្រោង​បង្កើន​ការវិនិយោគ​របស់ខ្លួន២០%នៅ​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល៥ឆ្នាំ​ខាងមុខ ដោយ​លៃ​ទុក​ដើមទុន​រហូតដល់​ទៅ៤៣០ពាន់​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​ស៊ី​លី​កូន (Silicon) ជំនាន់​ថ្មី និង​ជំរុញ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 5G នៅ​រដ្ឋ​ចំនួន៩របស់​សហរដ្ឋអាមេរិក។

យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន The Edge Markets ឱ្យដឹងថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ iPhone ដ៏​ល្បី​រន្ទឺ​មួយ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ច័ន្ទ ទី២៦ មេសា​ថា ខ្លួន​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន២០,០០០កន្លែង នៅ​ទូទាំង​សហរដ្ឋអាមេរិក ហើយនឹង​សាងសង់​អគារ​ថ្មី​មួយ នៅ​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ខាងជើង (North Carolina)។

លោក Tim Cook នាយក​ប្រតិបត្តិ​របស់ Apple បាន​លើកឡើងថា “នៅ​ខណៈ​នៃ​ការ​ងើបឡើង និង​ការស្ដារ​ឡើងវិញ​នេះ ក្រុមហ៊ុន​Apple កំពុង​ពង្រឹង​ការប្ដេជ្ញាចិត្ត​របស់​យើង​ចំពោះ​នវានុវត្តន៍​ថ្មី និង​ការផលិត​នៅ​សហរដ្ឋអាមេរិក ជាមួយនឹង​ការវិនិយោគ​មួយ​ដែល​ចូលដល់​សហគមន៍​ក្នុង​រដ្ឋ​ទាំង៥០” ។

ក្នុង​រយៈពេល៣ឆ្នាំ​កន្លងមកនេះ ការវិនិយោគ​របស់​ក្រុមហ៊ុន Apple បាន​លើស​គោលដៅ​នៃ​ផែនការ​វិនិយោគ៥ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់៣៥០ពាន់​លាន​ដុល្លារ ដែល​ខ្លួន​បានកំណត់​ក្នុង​ឆ្នាំ២០១៨ រួចទៅហើយ។

ជា​ផ្នែក​មួយ​នៃ​ការពង្រីក​អាជីវកម្ម​របស់ខ្លួន ក្រុមហ៊ុន Apple គ្រោង​នឹង​វិនិយោគ​ជាង១ពាន់​លាន​ដុល្លារ នៅ​រដ្ឋ​ខា​រ៉ូ​ឡាយ​ណា​ខាងជើង ដើម្បី​សាងសង់​អគារ​មជ្ឈមណ្ឌល​វិស្វកម្ម​ថ្មី​មួយ​នៅ​តំបន់ Research Triangle។ ការវិនិយោគ​នេះ នឹង​ជួយ​បង្កើត​ការងារ​ថ្មី​យ៉ាងតិច៣.០០០កន្លែង​ផ្នែក​វិភាគ​ទិន្នន័យ បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត (AI) វិស្វកម្ម​សូ​ហ្វ​វែ​រ និង​វិស័យ​បច្ចេកវិទ្យា​ជឿនលឿន​ផ្សេងទៀត៕

តម្លៃ​ដី​ក្នុងស្រុក​កណ្តាលស្ទឹង​នៅតែ​រក្សាបាន​លំនឹង​មិន​ស្រុតចុះ​ដោយសារវិបត្តិ​កូ​វីដ​នោះទេ

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ មានការ​លើកឡើង​ជាច្រើន ដែល​និយាយថា​ទីផ្សារ​អចលនទ្រព្យ​នៅតាម​តំបន់​មួយចំនួន កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ និង​មានការ​ធ្លាក់ចុះ​នោះ សម្រាប់តែ​ទីផ្សារ​ដីធ្លី​ក្នុងស្រុក​កណ្តាលស្ទឹង​ត្រូវបានប្រតិបត្តិ​ករ និង​ភ្នាក់ងារ​លក់​មួយចំនួន​អះអាងថា​នៅតែ​បន្ត​រក្សា​តម្លៃ​ដដែល ពោលគឺ​មិន​ស្រុតចុះ​ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​នោះទេ។

លោក​សុខ ឌី​ណា ជា​ឈ្មួញ​រកស៊ី​ក្នុង​វិស័យ​ដីធ្លី ដែល​ផ្តោត​សំខាន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​មាន​លើកឡើងថា ដីធ្លី​ដែលមាន​ទីតាំង​ល្អ ទោះជា​មិន​ស្ថិតនៅ​ក្បែរ​គម្រោង​សាងសង់​ព្រលានយន្តហោះ ប៉ុន្តែ​នៅ​ជិត​គម្រោង​អភិវឌ្ឍ​ន៍ប ណ្តុំ​លំនៅដ្ឋាន​កម្រិត​មធ្យម ស្ថិតនៅ​ក្នុងស្រុក​កណ្តាល​ស្ទឹង គឺ​នៅតែ​មានតម្លៃ​ថ្លៃ និង​មិន​ធ្លាក់​ថ្លៃ​ដូច​មនុស្ស​មួយចំនួន​និយាយ​នោះទេ។

លោក​បន្តថា “អ្នក​និយាយ​អាច​គ្រាន់តែ​ឮ​តាម​គេ ឬ​អាចជា​ឈ្មួញ​និយាយ​ទម្លាក់​ថ្លៃ​តែប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ភាគច្រើន​ដី នៅក្នុង​ស្រុក​កណ្តាលស្ទឹង នៅតែ​រក្សា​តម្លៃ​ដដែល មិន​ថា​ចំពោះ​ដី​នៅក្បែរ​គម្រោង​ព្រលានយន្តហោះ ដី​នៅ​តំបន់​ផ្លូវជាតិ​លេខ២ ឬ​ក្បែរ​ក្រវាត់ក្រុង​ទី៣នោះទេ” ។  លោក​បញ្ជាក់ថា “បើ​និយាយថា ការទិញ​លក់​ដីធ្លី​ធ្លាក់ចុះ​ក្នុង​រយៈកាល​កន្លងទៅនេះ​គឺ​ត្រឹមត្រូវ ប៉ុន្តែ​បើ​និយាយថា​តម្លៃ​ដី​ធ្លាក់ចុះ មិន​គឺ​មិនត្រូវ​នោះទេ” ។

ជាក់ស្ដែង​សូម្បីតែ​ដី​លិច​ទឹក​មួយចំនួន ស្ថិតនៅក្នុង​ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ក៏មាន​តម្លៃ​មិន​ក្រោ៥០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ដែរ ហើយ​ដី​នៅក្នុង​ភូមិ​ដែលមាន​ប្រជាជន​រស់នៅ​ផ្លូវដី​នៅឡើយ ក៏មាន​តម្លៃ​មិន​ក្រោយ១០០ដុល្លារ​ក្នុង​មួយ​ការ៉េ ។ លើសពីនេះ ប្រសើ​ន​បើ​ដី​ដែល​ស្ថិតនៅ​តំបន់ ដែលមាន​មនុស្ស​រស់នៅ​ច្រើន អាច​ប្រកប​អាជីវកម្ម ឬ​គៀក​ទៅនឹង​ផ្លូវជាតិ​លេខ២ ឬ​រង្វង់​មូល​គួរ​ស្រូវ​គឺ​កាន់តែ​ថ្លៃ​អាច​ចាប់ពី២០០ដុល្លារ​រហូតដល់​ជាង៣០០ដុល្លារ​ក៏មាន​ផងដែរ។

ជាមួយគ្នានេះ លោក​សុខ ឌី​ណា បាន​បញ្ជាក់ថា ភាគច្រើន​ម្ចាស់​ដី​នៅក្នុង​ស្រុក​កណ្តាលស្ទឹង​ជា​ម្ចាស់​ដើម​នៅក្នុង​មូលដ្ឋាន ហើយ​បើ​ឈ្មួញ​ដីធំៗច្រើនតែ​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​លំនៅដ្ឋាន​តែម្ដង ដូច្នេះ​ការជំរុញ​លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ មិនសូវមាន​នោះទេ។

លើកឡើង​ស្រដៀង​គ្នា​នេះ លោកស្រី​អាន សុធី​តា អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ធ្លាប់បាន​មានប្រសាសន៍ប្រាប់​សក្ដានុពល​ដីធ្លី ក្នុងស្រុក​កណ្តាលស្ទឹង ជាពិសេស​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២ កំពុង​បង្ហាញ​ពី​សក្តានុពល និង​អំណោយផល​ដល់​ការវិនិយោគ អភិវឌ្ឍន៍​សំរាប់​លំនៅដ្ឋាន ក៏ដូចជា​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម។

លោកស្រី​បន្តថា “ជាធម្មតា​នៅពេល​ដែលមាន គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​គឺ​តែង​អនុគ្រោះ​ដល់​ការវិនិយោគ និង​អភិវឌ្ឍន៍​របស់​វិស័យ​ឯកជន។ លោកស្រី​បន្តថា “ជាមួយគ្នានេះ សម្រាប់​គម្រោង​ស្ថាបនា និង​កែលម្អ​ផ្លូវជាតិ​លេខ២នៅពេលនេះ ក៏បាន​ជួយ​ធ្វើឱ្យ​វិសយ​អចលនទ្រព្យ នៅ​តំបន់​នេះ​មាន​ភាព​រីកចម្រើន​ផងដែរ ព្រោះ​នៅពេល​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ល្អ​ស្អាត ងាយស្រួល​ធ្វើដំណើរ វា​នឹង​ជំរុញឱ្យមាន​មនុស្ស​ចូលទៅ​រស់នៅ ហើយ​ក៏មាន​រោងចក្រ សហគ្រាស​ចូលទៅ​ដែរ ព្រោះ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន” ។

ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ដីធ្លី ត្រូវបាន​លោកស្រី​អាន សុធី​តា ប្រាប់ថា បើ​គិតពី​ផ្លូវបំបែក​ផ្លូវ៦០ម៉ែត្រ មក​ផ្លូវជាតិ​លេខ២ តម្លៃ​ដី​មានការ​កើនឡើង​ថ្លៃ​ពី១០០ ទៅ ៣០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែ​ត្រក​ការ៉េ ហើយ​រហូតដល់​ផ្លូវ​បំបែកលេខ២០ ត្រង់​រង្វង់​មូល​គួរ​ស្រូវ គឺ​ឡើង​ទ្វេ​ង​ដង បើ​ធៀប​នឹង២ឆ្នាំមុន ហើយ​បន្តិចទៀត​អាច​នឹង​បន្ត​ឡោះ​ង​ថ្លៃ​ជាង​នេះ ព្រោះ​ជា​តំបន់​សាងសង់​លំនៅដ្ឋាន ជា​តំបន់​ជាយក្រុង​ងាយស្រួល​ក្នុង​ធ្វើដំណើរ​ចូល​ក្រុង និង​ងាយស្រួល​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាត​តំបន់​ផងដែរ។

បើ​គិតពី​រង្វង់​មូល​គួរ​ស្រូវ ទៅ​ចូល​ស្រុក​កណ្តាលស្ទឹង តម្លៃ​ដី​នៅតាម​បណ្តោយ​ផ្លូវ​នេះ មិនមាន​ការ​រ​ឡើងថ្លៃ​ប៉ុន្មាន​ទេ អាច​ស្ថិតក្នុង​ចន្លោះ​ពី ៨០ ទៅ ១០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។ យ៉ាងណាក៏ដោយ តម្លៃ​ដីធ្លី​វា​អាច​នឹង​ប្រែប្រួល​ទៅតាម​ប្រភេទ​ដី និង​ទីតាំង​ដែលមាន​សក្តានុពល៕