ក្រុម​ហ៊ុ​សិង្ហ​បុរី​និង​ចិន​ចុះ MOU ដើម្បី​សាងសង់​កសិដ្ឋាន​សូ​ឡា​តម្លៃ២០០លានដុល្លារ​នៅ​កម្ពុជា

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន HLH Agriculture (ខេ​ម​បូ​ឌា) ដែល​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Hong Lai Huat Group មាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) មិន​ជាប់​កាតព្វកិច្ច (Non-binding MoU) ជាមួយ​ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) លើ​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ (សូ​ឡា) តម្លៃ២០០លាន​ដុល្លារ​នៅ​កម្ពុជា។

ដោយ​អនុលោម​តាម​អនុស្សរណៈ​យោគយល់ ក្រុមហ៊ុន Hong Lai Huat និង​ក្រុមហ៊ុន CMEC ដែល​ចុះបញ្ជី​នៅ​ហុងកុង នឹង​បង្កើត​អង្គភាព​ពិសេស​មួយ (SPV) ដើម្បី​អភិវឌ្ឍ និង​ប្រតិបត្តិការ​លើ​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ ដែលមាន​ថាមពល២០០មេ​ហ្គា​វ៉ា​ត់ នៅឯ​គម្រោង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី ក្នុង​ខេត្តកំពង់ស្ពឺ ដែលជា​ម្រោ​ង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Hong Lai Huat នៅ​កម្ពុជា។ នេះ​បើ​យោងតាម​ការចេញផ្សាយ​នៅ​របស់​សារព័ត៌មាន The Edge Singapore នៅ​ថ្ងៃ​យប់​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ។

កិច្ចសហការ​ប្រតិបត្តិ​ការ​រវាង​ក្រុមហ៊ុន​ទាំងពីរ នឹងមាន​រយៈពេល​យ៉ាងតិច២០ឆ្នាំ ដោយ​សិទ្ធិ​បន្ត​កិច្ចសន្យា អាចមាន​រយៈពេល២០ឆ្នាំ​ទៅទៀត។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃទី២៦ ខែមេសា ក្រុមហ៊ុន Hong Lai Huat បាន​បញ្ជាក់ថា តម្លៃ​វិនិយោគ ត្រូវបាន​វាយតម្លៃ​មានតម្លៃ​ប្រមាណ២០០លាន​ដុល្លារ​អាមេរិក (២៦៥,៨ លាន​ដុល្លារ​សិង្ហ​បុរី)។

នៅពេល​បញ្ចប់​ការសាង់សង់ គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដល់​បណ្តាញ​អគ្គិសនី​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​អគ្គិសនី​កម្ពុជា ក្រោ ម​កិច្ចព្រមព្រៀង​ទិញ​ថាមពល (PPA) រវាង​អង្គភាព SPV និង​អគ្គិសនី​កម្ពុជា។

ប្រាក់ចំណូល ដែល​បាន​បង្កើត​នៅក្រោម​កិច្ចព្រមព្រៀង PPA នឹងត្រូវ​បាន​ចែករំលែក​រវាង​ក្រុម Hong Lai Huat និង​ក្រុមហ៊ុន CMEC។

ក្រុមហ៊ុន ក៏​នឹងមាន​សិទ្ធិ​ដំបូង​ក្នុង​ការទិញ​អគ្គិសនី ពី​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ ក្នុង​អត្រា​ដូចគ្នា ដែល​ផ្គត់ផ្គង់​អគ្គិសនី​ដល់​អគ្គិសនី​កម្ពុជា។ ក្រុមហ៊ុន Hong Lai Huat បានឱ្យដឹងថា នេះ​នឹង​ជួយ​ឱ្យ​ការផ្គត់ផ្គង់​អគ្គិសនី​មាន​និរន្តរភាព និង​មាន​ស្ថេរភាព​សម្រាប់​វិនិយោគិន ដែល​បង្កើត​មូលដ្ឋាន​នៅ​គម្រោង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី។

កិច្ចព្រមព្រៀង ដែល​ជាប់​កាតព្វកិច្ច ឬ​ផ្លូវការ ដែល​កំណត់​នូវ​ភាព​លំអិត​នៃ​ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន ត្រូវបាន​រំពឹងថា​នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​រយៈពេល៩០ ថ្ងៃ​ខាងមុខ។

លោក Ong Jia Jin អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Hong Lai Huat មានប្រសាសន៍ថា កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ នឹងមាន​ទំហំ​ធំជាងគេ​នៅ​កម្ពុជា។

លោក​បាន​បន្តថា “គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ គឺជា​ធាតុ​សំខាន់​នៃ​គម្រោង​ទីក្រុង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី និង​ផ្តល់​ថាមពល​ស្អា​តដល់​ប្រជាជន​ក្នុង​តំបន់ ដោយ​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​ទៅក្នុង​បរិស្ថាន ក៏ដូចជា​បង្កើន​ការធានា​ថាមពល សម្រាប់​វិនិយោគិន​នៅក្នុង​គម្រោង​ទីក្រុង​ឱ​រ៉ា​ល់​អេកូ​ស៊ី​ធី” ។

លោក Wang Haitao ប្រធាន​តំណាង​ក្រុមហ៊ុន CMEC បាន​ថ្លែងថា “ក្រុមហ៊ុន Hong Lai Huat នឹង​បំពេញបន្ថែម​នូវ​ជំនាញ​វិស្វកម្ម​របស់​យើង ដើម្បី​ធានាបាន​នូវ​ជោគ ជ័យ នៃ​គម្រោង​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ។ ស្របតាម​ការផ្លាស់ប្តូរ​ជា​សកល​ទៅជា​ថាមពល​កកើត​ឡើងវិញ យើង​មាន​មោទនភាព ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ម្នាក់​ក្នុងការ​ផ្តល់​ថាមពល​ស្អាត​នៅ​កម្ពុជា” ៕

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​វិធីសាស្ត្រ​បី​ដើម្បី​ដោះស្រាយ​បញ្ហាជំងឺ​កូ​វីដ​នៅ​កម្ពុ​ជាមាន​ប្រ​សិ​ទ្ឋ​ភាព

ដោយៈ​គង់ ​សូរិយា

ភ្នំពេញៈ ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត Li Ailan បាន​មានប្រសាសន៍ថា ភស្តុតាង​ជាស​កល​នាពេល​បច្ចុប្បន្ននេះ ត្រូវមាន​ធាតុ​ផ្សំ​យ៉ាងហោចណាស់​ចំនួន៣ ដែល​អាច​ដោះស្រាយ​បញ្ហា​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ប្រកបដោយ​ប្រសិទ្ធិភាព​បាន។

លោកស្រី​បន្ត​ង​ថា ធាតុ​ផ្សំ​ទាំង៣នោះ​មានដូចជា ទី១ ថ្នាក់ដឹកនាំ​ត្រូវតែ​បោះជំហាន​ទៅមុខ ក្នុងការ​សម្រេចចិត្ត​ដាក់ចេញ​វិធានការ ទី២ សង្គម​ទាំងមូល​ត្រូវ​ទេ​ចូលរួម និង​ទី៣ ពលរដ្ឋ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់ នូវ​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ​ទាំងអស់​ដែល​បាន​ដាក់ចេញ។ បន្ទាប់ពី​សមាសធាតុ​ទាំង៣នេះ​បាន​រួមគ្នា នោះ​កំណើន​នៃ​ការឆ្លង​ជំងឺ​មួយ​នេះ​នឹង​អាច​កាត់បន្ថយ​បាន។

លោកស្រី Li Ailan បាន​បន្ថែមថា ជំងឺ​កូ​វីដ១៩នេះ មិនមែនជា​វិបត្តិ​សុខភាព​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​ផងដែរ។ ចំណែកឯ​គោលដៅ​នៃ​វិធានការ​ឆ្លើយតប គឺ​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ហា​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ត្រូវការពារ​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផងដែរ។ ប្រសិនបើ​គ្រប់គ្រង​ស្ថាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​មិន​បានទេ នោះ​វា​នឹងមាន​ផលវិបាក​ផ្នែក​សុខភាព ក៏ដូចជា ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ផងដែរ។

លោកស្រី​បន្តថា “គ្មាន​ពេលណា​ដែល​ទំនាក់ទំនង​រវាង​សុខភាព និង​សេដ្ឋកិច្ច​ត្រូវបាន​បង្ហាញ​ច្បាស់​ដូច​ពេល​បច្ចុប្បន្ននេះ​ទេ ហេតុដូច្នេះ​វិស័យ​ឯកជន​គឺជា​ដៃគូ​សំខាន់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​គ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ១៩ ហើយក៏​ជា​គន្លឹះ​មួយ​នាំ​ទោ​ដល់​ភាពជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​បាន” ។

លោកស្រី​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ ស្ថាប័នឯកជន រដ្ឋបាល​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​ពលរដ្ឋ​គ្រប់រូប ត្រូវតែ​ចូលរួមចំណែក​ក្នុងការ​អនុ​វ​វត្ត​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ហើយ​ត្រូវ​ចូលរួម​ធ្វើ​សកម្មភាព​ថ្ងៃនេះ ដើម្បី​ចៀសវាង​វិប្បដិសារី​នៅ​ថ្ងៃស្អែក៕

តើ​គេហទំព័រ​ព៌​ត​មាន​អាចជួយ​ដល់​អាជីវកម្ម​របស់​អ្នក​អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ មនុស្ស​ភាគច្រើន​ចង់​ស្នើ​កម្ចី ដើម្បី​បង្កើត​អាជីវកម្ម ឬ​ចង់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ។ ក្នុង​កាលៈទេសៈ​នេះដែរ គេហទំព័រ​នឹង​ជួយ​អោយ​អាជីវកម្ម​របស់​អ្នក ទទួលបាន​ជោគជ័យ​យ៉ាង​ឆាប់រហ័ស។

ថ្ងៃនេះ​យើង​មាន​គន្លឹះ​មួយចំនួន សំរាប់​ចែករំលែក​ដល់​អ្នក ពី​ការប្រើប្រាស់​គេហទំព័រ ដើម្បី​ជួយ​អោយ​អាជីវកម្ម​របស់​អ្នក កាន់​តែមាន​ភាពប្រសើរ​ឡើង។

សព្វថ្ងៃនេះ​មនុស្ស​គ្រប់គ្នា សុទ្ធតែ​អាច​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត តាមរយៈ​ទូរស័ព្ទដៃ​ឬ​កុំព្យូទ័រ​របស់​ពួកគេ​បាន ដូច្នេះហើយ​គេហទំព័រ​ពិត​ជាមាន​សារៈសំខាន់ ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

មុន​ពេលដែល​ពួកគេ​មក​ហាង​របស់​អ្នក ឬ​មកជួប​អ្នក​ផ្ទាល់ ទាំង​អតិថិជន ទាំង​គូប្រកួត​ប្រជែង​ព្រមទាំង​វិនិយោគិន អាច​ទទួលបាន​ព័ត៌មាន​របស់​ក្រុមហ៊ុន​អ្នក តាមរយៈ​គេហទំព័រ។ វា​ជា​វិធី​មួយ​ដ៏​ល្អ ដែល​អ្នក​អាច​បង្ហាញ​ពី​សក្ដានុពល​នៃ​អាជីវកម្ម​អ្នក ទៅ​អ្នក​គ្រប់គ្នា​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត។ យ៉ាងហោចណាស់ អ្នក​គួរតែមាន​ជា​ហ្វេ​ស​ប៊ុ​ក​ឬ​អ៊ី​ន​ស្ដា​ក្រាម សម្រាប់​អាជីវកម្ម​អ្នក​ផ្ទាល់ ប៉ុន្តែ​ការបង្កើត​គេហទំព័រ​សម្រាប់ ក្រុមហ៊ុន​របស់​អ្នក ជា​ជម្រើស​មួយ​ដ៏​ល្អ ហើយ​មាន​លក្ខណៈ​អាជីព​ទៀតផង។

គេហទំព័រ​ជា​ផ្នែក​មួយ ដែល​ជួយ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​របស់​អ្នក អោយគេ​បាន​ស្គាល់​កាន់តែច្រើន ហើយ​អ្នក​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន ដូច​ការផ្សព្វផ្សាយ​តាមរយៈ​ទូរទស្សន៍​នោះទេ។ គេហទំព័រ​មាន​អត្ថប្រយោជន៍ ចំពោះ​គ្រប់​អាជីវកម្ម​ទាំងអស់ មិន​ថា​អាជីវកម្ម ដែល​ប្រើប្រាស់​បច្ចេកវិទ្យាទំនើបៗក្ដី ឬ​ជា​ប្រភេទ​អាជីវកម្ម​សិប្បកម្ម​ក្ដី​សុទ្ធតែ​អាចបង្កើត​គេហទំព័រ​សម្រាប់​អាជីវកម្ម​ខ្លួន​បាន​ទាំងអស់។

គេហទំព័រ​អាចជួយ​បង្ហាញ​ពី​ផលិតផល ឬក៏​សេវាកម្ម​របស់​អ្នក​ដល់​អតិថិជន​សក្ដា​នុព​ល ឬ​វិនិយោគិន​ដែល​ចង់​សហការ​ជាមួយ​អ្នក អោយបាន​ស្គាល់​អ្នក​កាន់តែច្បាស់។ គេហទំព័រ​របស់​អ្នក គួរតែមាន​ព័ត៌មាន​ទូទៅ​អំពី​ក្រុមហ៊ុន​របស់​អ្នក រួច​ទាំង​ផលិតផល​ឬ​សេវា ព្រមទាំង ម្ចាស់​ភាគហ៊ុន​ផ្តើម​បង្កើត​អាជីវ​កម្មនេះ​ផងដែរ។

អតិថិជន​ចង់ដឹង​ពី​របៀប​ដែល​ពួកគេ​អាច ស្វែងយល់​ពី​អាជីវកម្ម​អ្នក​បាន គេហទំព័រ​គឺជា​កន្លែង​ដែល​ល្អ​បំផុត ក្នុងការ​បង្ហាញ​ពី​អាស័យដ្ឋាន ផែនទី​ដែល​អាច​ទៅដល់​ក្រុមហ៊ុន​អ្នក រួមទាំង​ម៉ោង​ធ្វើការ និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ទៀតផង។ ការបង្ហាញ​នេះ​ជួយ​អោយ​អតិថិជន អាច​ស្វែងរក​ក្រុមហ៊ុន​របស់​អ្នក​បាន​ដោយ​ងាយស្រួល។

តាមរយៈ​គេហទំព័រ​នេះដែរ អ្នក​អាចធ្វើ​ការទំនាក់ទំនង ជាមួយ​អតិថិជន​របស់​អ្នក ហើយ​ពួកគេ​នឹង​ចាប់ផ្ដើម​ជឿទុកចិត្ត ចំពោះ​ក្រុមហ៊ុន​របស់​អ្នក នៅពេលដែល​ពួកគេ​ទាក់ទង​ជាមួយ​អ្នក បាន​ងាយស្រួល​បែបនេះ។ អ្នក​អាចបង្កើត​ទម្រង់​ដែល​អនុញ្ញាតអោយ​អតិថិជន​អ្នក ធ្វើការ​កក់​ទុក ឬ​ការបំពេញ​នូវ​ព័ត៌មាន ដែល​អ្នក​អាចទាក់ទង​ទៅ​ពួកគេ​បាន។

គេហទំព័រ​ជា​វិធី​មួយ​ដែល​ល្អ​សម្រាប់​អ្នក ដើម្បី​ស្វែងយល់​ពី​អតិថិជន​បន្ថែម ឬ​អ   ញ្ជើ​ញ​ពួកគេ​អោយចូល​រួម​ក្នុង​កម្មវិធី​របស់​អ្នក ហើយ​និង​ការប្រកាស់​ពត៌មានថ្មីៗពី​អាជីវកម្ម​របស់​អ្នក។ ប្រសិនបើ​អ្នក​ពឹងផ្អែក​តែ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទាក់ទង​ជាមួយ​អតិថិជន អ្នក​អាច​នាំ​អតិថិជន ដែល​ចូល​មើល​គេហទំព័រ​ចូលទៅ ចុច​គាំទ្រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​បាន ធ្វើ​ដូចនេះ អ្នក​អាច​កំណត់​អតិថិជន​របស់​អ្នក នៅពេល​ខាងមុខ​បាន។

នៅពេល​អ្នក​ចាប់ផ្ដើម​អាជីវកម្ម ការផ្សព្វផ្សាយ​តាម​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត វា​នឹង​ជួយ​អោយ​អាជីវកម្ម​របស់​អ្នក​កាន់តែ​រីកចម្រើន។ អ្នក​អភិវឌ្ឍ​គេហទំព័រ អាច​រចនា​គេហទំព័រ​របស់​អ្នក ដោយ​បង្ហាញ​ពី​ផលិតផល​និង​សេវា អោយមាន​ភាព​ទាក់ទាញ ដល់​អ្នក​ដែល​បាន​ចូល​មើល​គេហទំព័រ​របស់​ក្រុមហ៊ុន​អ្នក។ បន្ថែម​ពីនេះ​ទៅទៀត អ្នក​អាច​ជួល​អ្នកឯកទេស SEO ដើម្បីអោយ​អតិថិជន​មើលឃើញ​វត្តមាន​អ្នក នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​កាន់តែ​ច្រើនឡើង។

ការបង្កើត​នូវ​គេហទំព័រ ហាក់ដូច​ជាមាន​ភាពស្មុគស្មាញ​ជាង ការបង្កើត​ហ្វេ​ស​ប៊ុ​ក​ឬ​អ៊ី​ន​ស្តា​ក្រាម ប៉ុន្តែ វា​ជួយ​អោយ​អាជីវកម្ម​របស់​អ្នក​រីកចម្រើន ខុសពី​ការបង្កើត​ហ្វេ​ស​ប៊ុ​ក ឬ អ៊ី​ន​ស្តា​ក្រាម។ ក្រុមហ៊ុន​ដែល​ទទួលបាន​ជោគជ័យ​ភាគច្រើន មាន​គេហទំព័រ​ខ្លួនឯង។ កាលដែល​ក្រុមហ៊ុន​មាន​គេហទំព័រ​ខ្លួនឯង​នេះ វា​បង្ក​នូវ​ភាពងាយស្រួល​ក្នុងការ​ទាក់ទង ធ្វើអោយ​អតិថិជន​និង​វិនិយោគិន មាន​អារម្មណ៍ល្អ​ចំពោះ​អាជីវកម្ម​ខ្លួន៕ Spean៕

រដ្ឋាភិបាលសម្រេចបន្តពន្យាពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមួយសប្តាហ៍បន្ថែមទៀត

          ដោយៈស៊ីវ ម៉េង

          ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេលមួយសប្តាហ៍ទៀត ដោយចាប់ផ្តើមពីថ្ងៃទី២៨មេសា ដល់ថ្ងៃទី៥ ឧសភាខាងមុខនេះ។

ការបន្តបិទខ្ទប់នេះ ដើម្បីប្រយុទ្ឋនិងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ ហើយរដ្ឋាភិបាលព្រមានថា រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវពន្យាពេលបន្តទៀត អាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃការវិវត្តការរីករាលដាលមេរោគកូវីដ១៩៕

សិង្ហបុរី និងហុងកុង ព្រមព្រៀងគ្នាបើកការធ្វើដំណើរបែបTravel Bubble ចាប់ពីខែឧសភាខាងមុខ

ដោយៈសុខុម

សិង្ហបុរី:  ប្រទេសសិង្ហបុរី និងក្រុងហុងកុង បានព្រមព្រៀងគ្នាចាប់ផ្តើមបើកការធ្វើដំណើរដោយកន្លែង ឬ Travel Bubble ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក រវាងទឹកដីទាំង២ចាប់ពីថ្ងៃទី២៦ ខែឧសភា តទៅ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២៦ មេសានេះ។

តាមពិត គម្រោង Travel Bubble នេះគ្រោងចាប់ផ្តើមដំបូងតាំងពីខែវិច្ឆិកា ចុងឆ្នាំ២០២០មកម៉្លេះ ប៉ុន្តែត្រូវបានពន្យារពេលវិញ ក្រោយផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ យ៉ាងគំហុកនៅក្រុងហុងកុង។

ប្រសិនបើដំណើរការដូចការគ្រោងទុក Travel Bubble នេះនឹងក្លាយជារបៀងផ្លូវអាកាសដ៏សំខាន់ទី២ នៅក្នុងតំបន់ដែលបើកដំណើរការ បន្ទាប់ពីប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ បន្តជើងហោះហើររបស់ខ្លួនកាលពីសប្តាហ៍មុន។

មានការរំពឹងទុកថា ការធ្វើដំណើរដោយកន្លែង ឬTravel Bubble នេះនឹងជួយជំរុញវិស័យទេសចរណ៍នៃទឹកដីទាំង២។

លោក Ong Ye Kung រដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី បានចេញសេចក្ដីថ្លែងការណ៍ថា “ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយណាស់ ដែលក្រុងហុងកុង គ្រប់គ្រងស្ថានការណ៍ឆ្លងរាតត្បាតវីរុសកូវីដ-១៩បាន។ វាបានអូសបន្លាយពេលប៉ុន្មានខែមកហើយ ប៉ុន្តែឥឡូវនេះស្ថានការណ៍ល្អប្រសើរដែលយើងអាចចាប់ផ្ដើម Travel Bubble ឡើងវិញបានហើយ”។

*តើការធ្វើដំណើរដោយកន្លែង ឬ Travel Bubble នឹងដំណើរការយ៉ាងដូចម្តេច?

ការធ្វើដំណើរដោយកន្លែង ឬ Travel Bubble នឹងចាប់ផ្តើមដោយប្រយ័ត្នប្រយែងបំផុត ដោយមួយថ្ងៃហោះហើរតែមួយជើងប៉ុណ្ណោះ នៅក្នុងគោលដៅនីមួយៗ ជាមួយនឹងចំនួនអ្នកដំណើរច្រើនបំផុត២០០នាក់ សម្រាប់រយៈពេល២សប្តាហ៍ដំបូង។

វិធីសាស្រ្តនេះ គឺតឹងរ៉ឹងជាងវិធីសាស្ត្ររបស់ប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ ដែលបានចាប់ផ្តើមTravel Bubble របស់ខ្លួនជាមួយនឹងការហោះហើររាប់រយជើងក្នុងមួយសប្ដាហ៍។

អ្នកដំណើរទាំងអស់ដែលចាកចេញពីហុងកុង ត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងកូវីដ-១៩ ហើយអ្នកដំណើរមកពីទឹកដីទាំង២ អាចនឹងត្រូវធ្វើតេស្តមុនពេលចេញដំណើរ៣ថ្ងៃ និងធ្វើតេស្តម្តងទៀតនៅពេលមកដល់។

Travel Bubble នេះនឹងត្រូវផ្អាកយ៉ាងតិចរយៈពេល២សប្តាហ៍ ប្រសិនបើរកឃើញករណីវីរុសកូវីដ-១៩ ដែលចម្លងចូលសហគមន៍ នៅក្នុងទឹកដីទាំង២កើនលើសពី៥ករណី​។

អ្នកធ្វើដំណើរមកពីទឹកដីទាំង២ នឹងត្រូវតម្រូវឱ្យដោនឡូតកម្មវិធីតាមដានទំនាក់ទំនងទៅវិញទៅមក មុនពេលពួកគេចាកចេញ។

លោក Edward Yau រដ្ឋមន្ត្រីពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុងហុងកុង បានលើកឡើងថា “គោលដៅរបស់យើង នៅតែត្រូវរក្សាតុល្យភាព ឱ្យបានត្រឹមត្រូវរវាងសុខភាពសាធារណៈ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះសាធារណជននឹងមានអារម្ម​ណ៍សុវត្ថិភាព ពេលផ្តល់ព័ត៌មានជាក់លាក់”៕

អ្នកជំនាញៈការLock Down ធ្វើឲ្យវិនិយោគិនអចលនទ្រព្យត្រូវស្នាក់នៅផ្ទះ?

          ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ចាប់តាំងពីមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍២០កុម្ភៈ២០២១មក សកម្មភាព នៃការវិនិយោគនានារួមទាំងអចលនទ្រព្យផងដែរនោះ បានថមថយធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែរីករាលដាលកាន់តែធំ និងឈានដល់ការបិទទីក្រុងភ្នំពេញទាំងមូល និងផ្នែកខ្លះនៃខេត្តកណ្ដាល និងខេត្តព្រះសីហនុជាដើម។

អ្នកជំនាញនៃវិស័យអចលនទ្រព្យកម្ពុជា បានលើកឡើងថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ផ្សេងទៀត មិនអាចធ្វើបានក្រៅតែពីការនៅផ្ទះ ដើម្បីទប់ស្កាត់វិបត្តិ និងចូលរួមជាមួយរដ្ឋាភិបាលក្នុងការបញ្ចប់វិបត្តិនៃ ហើយជួយឱ្យស្ថានភាពវិលទៅរកប្រក្រតីឡើងវិញ។

ប្រធានសមាគមអចលនទ្រព្យលោកសំ សុខនឿនបានឱ្យដឹងនាព្រឹកថ្ងៃទី២៦ មេសានេះថា ចាប់តាំងពីមានការបិទខ្ទប់ និងការរឹតបន្តឹងចំពោះការធ្វើដំណើរក្រោយមានការរីករាលដាលនៃជំងឺកូវីដ១៩ សកម្មភាពនៃការវិនិយោគ ក៏ដូចជាការចរចាដើម្បីបង្កើតគម្រោងវិនិយោគឺស្ទើរតែមិនមាននោះទេ ហើយវិនិយោគិនទាំងអស់ត្រូវនៅផ្ទះ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩និងបញ្ចប់វាឱ្យបានឆាប់ ។

លោកបន្តថា សម្រាប់វិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២១នេះ អាចនិយាយបានថា ក៏មិនខុសនឹងឆ្នាំ២០២០កន្លងទៅដែរ គឺនឹងមិនមានសកម្មភាពកើនឡើងនោះទេ ហើយក៏មិនមានអ្វីដែលត្រូវចុះបន្តទៀតដែរ ព្រោះឆ្នាំ២២០ វាបានចុះរួចទៅហើយ ។ លោកបន្តថា “បើសិនជាជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា អាចបញ្ចប់នៅពេលឆាប់ៗនេះ យើងជឿជាក់ថាវិស័យអចលនទ្រព្យ អាចនឹងមានសន្ទុះងើបឡើងវិញនៅចុងឆ្នាំ២០២១នេះ ឬដើមឆ្នាំ២០២២ខាងមុខនេះ”។

បើតាមលោកឌិត ចណ្ណាប្រធានក្រុមហ៊ុនអចលនទ្រព្យឡាក់គីក៏បានឱ្យដឹងផងដែរថា អ្នកមានលុយគេមិនអាចបញ្ចេញលុយគេ នៅពេលនេះនោះទេ គឺគេនៅផ្ទះសិន ព្រោះគេលុយគេនៅតែជារបស់គេដដែល ដោយមិនមានការខាតបង់ទៅណាទេ។ ដូច្នេះសកម្ម​ភាពវិនិយោគនឹងមិនមាននោះទេ ទាំងការដើរស្វែងរកទិញដីសម្រាប់វិនិយោគ ឬការបង្កើតគម្រោងថ្មីៗ ដោយសារតែពួកគេមិនអាចចេញ ទៅមើលទីតាំងឬតំបន់ដែលត្រូវិនិយោគ ។

លោកបន្តថា កាលពីមិនទាន់មានការរីករាលដាលខ្លាំង វិនិយោគិនអាចជួបគ្នាតាមរយៈអនឡាញបាន ដោយបង្កើតនូវកិច្ចប្រជុំពិភាក្សាបាន និងអាចឆ្លៀតជួបគ្នាបានខ្លះៗ ដើម្បីជជែកពីគម្រោង តែក្រោយមានការរីករាលដាលខ្លាំង ហើយវិធានការក៏កាន់តែរឹតបន្តឹងពួកគេក៏លែងបានជួបគ្នានិងជជែក ព្រោះថាការជួបគ្នាតាមមធ្យោបាយនេះវាមិនដូចនឹងការជួបផ្ទាល់នោះឡើយ៕

សម្តេចតេជោផ្តល់ទស្សនទានចំនួន៤សំខាន់ៗដើម្បីចូលរួមដោះស្រាយវិបត្តិសេដ្ឋកិច្ចពិភពលោកបណ្តាលមកពីជំងឺកូវីដ១៩

ដោយៈ ប៊ី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់ជាទស្សនទានចំនួន៤សំខាន់ៗ ដើម្បីជាវិភាគទានសម្រាប់ការដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោក បណ្តាលមកពីជំងឺកូវីដ១៩។

ការលើកឡើងនូវទស្សនទានរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១នេះ។

ក្នុងសន្និបាតនេះសម្តេចតេជោ សម្តេចតេជោ បានផ្តល់ទស្សនទានចំនួនដូចខាងក្រោម៖

ទី១) បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ និងគាំទ្រប្រព័ន្ធពហុភាគីនិយមឱ្យកាន់តែខ្លាំងក្លា ព្រមទាំងផ្តល់ភាពអនុ-គ្រោះដល់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីធានាថាផលប្រយោជន៍ដែលកើតចេញពីសកលភាវូបនីយកម្មត្រូវ បានវិភាជប្រកបដោយសមធម៌ និងប្រសិទ្ធភាព ។

ទី២) ជំរុញឌីជីថលូបនីយកម្មដោយផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាលឌីជីថល និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងលើកទឹកចិត្តឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំ-ទូលាយ ដែលនេះនឹងដើរតួជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួត-ប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទី៣) ជំរុញកសាងភាពធន់ផ្នែកសង្គម ដោយផ្ដោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល, លើកកម្ពស់សេវាសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុនាពេលអនាគត ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។

ទី៤) ជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដោយលើកកម្ពស់កិច្ចដំណើរការអាជីវកម្ម ក្នុងសេដ្ឋកិច្ចផ្លូវការ និងធានាការទទួលបានការគាំទ្រ ទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ក៏ដូចជាបច្ចេកទេសគ្រប់គ្រង ដើម្បីជំរុញការតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និង ការបម្រើដល់ឧស្សាហកម្មធំៗ។ ទន្ទឹមនេះ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះធម្មជាតិ ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ, ធានាចីរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្តេចតេជោក៏បានយកឱកាសនេះគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារឡើងវិញក្រោយវិបត្តិ គឺទាមទារឱ្យប្រទេសលើពិភពលោកត្រូវឆ្លើយតបជាបន្ទាន់ និងប្រកបដោយការទទួលខុសត្រូវ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដោយឈរលើស្មារតីសាមគ្គីភាព រួមទាំងកិច្ចសហការ និងការគោរពគ្នាទៅវិញទៅមក។

សន្និបាតប្រចាំឆ្នាំលើកទី៧៧ របស់ UN-ESCAP បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ សម្រាប់កម្មវិធីបើក មានការចូលរួមថ្លែងសុន្ទរកថាពីលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN-ESCAP, លោក Volkan Bozkir ប្រធានអង្គមហាសន្និបាតរបស់អង្គការសហប្រជាជាតិ, លោក Munir Akram ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចអង្គការសហប្រជាជាតិ (ECOSOC), ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាលចំនួន ១៦រូប នៃប្រទេសជាសមាជិករបស់ UN-ESCAP រួមមាន៖ អាហ្វហ្គានីស្ថាន អាស៊ែបៃហ្សង់ បង់ក្លាដែស កម្ពុជា ប៊ូតាន ហ្វីជី គីរីបាទី កៀហ្ស៊ីស៊ីស្ថាន កោះម៉ាស្យល ម៉ុងហ្គោលី ប៉ាគីស្ថាន ស្រីលង្កា តាជីគីស្ថាន ថៃ ទូមិននីស្ថាន និង អ៊ូបេគិស្ថាន ព្រមទាំងតំណាងជាន់ខ្ពស់នៃស្ថាប័នសំខាន់ៗ របស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផងដែរ៕

សណ្ឋាគារដ៏ល្បីឈ្មោះរបស់អាមរិកត្រៀមបើកដំណើរការនៅទីផ្សារកម្ពុជានាឆ្នាំក្រោយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ គម្រោងសណ្ឋាគារ Hilton Phnom Penh ដែលមាន២៨០បន្ទប់ និងនៅចំកណ្តាលរាជធានីភ្នំពេញ គ្រោងនឹងដាក់ដំណើរនៅឆ្នាំ២០២២ នេះ។ នេះបើយោងតាមការចុះផ្សាយគេហទំព័រ Hospitalitynet កាលពីថ្មីៗនេះ។

ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton របស់អាមេរិក ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីឈ្មោះមួយនៅលើពិភពលោក និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្រុមហ៊ុន GFC Company Limited បានប្រកាសចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយគ្នា ក្នុងការបើកដំណើរការសណ្ឋាគារថ្មីមួយនេះ នៅចំកណ្តាលរាជធានីភ្នំពេញ។

សណ្ឋាគារនេះ ស្ថិតនៅចម្ងាយតែ៩គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេ ញ ពោលនៅជិតទីតាំងល្បីៗមួយចំនួនរបស់រាជធានី ដូចជា ផ្សារកណ្តាល ផ្សារថ្មី និងអគារ Vattanac Capital Tower ជាដើម។

សណ្ឋាគារ Hilton Phnom Penh នឹងចូលរួមលើកស្ទួយវិស័យបដិសណ្ឋារកិច្ចកម្ពុជា និងបណ្តុំទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ បារ និងកន្លែងទទួលភ្ញៀវ ដើម្បីបំពេញតាមចំណង់ចំណូលចិត្តរបស់អតិថិជន។ ក្រៅពីនេះ ក៏មានកន្លែងប្រជុំ និងកន្លែងរៀបចំព្រឹត្តិការណ៍នានា ដែលមានទីតាំង១៥០០ម៉ែត្រក្រឡា រួមទាំងបន្ទប់មានទំហំ៨៧៥ម៉ែត្រក្រឡា។

សណ្ឋាគារនេះ ក៏នឹងមានកន្លែងជួបជុំពិភាក្សាលើជំនួញ មជ្ឈមណ្ឌលហាត់ប្រាណ និងអាងហែលទឹកផងដែរ។

សណ្ឋាគារHilton គឺជានិមិត្តសញ្ញាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក ដែលបំរើដល់វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច នៅទូទាំងពិភពលោក៕

ប្រធានអង្គការសុខភាពពិភពលោក: កម្ពុជាមិនទាន់យឺតពេលទេក្នុងការធ្វើការឱ្យវិបត្តិកូវីដ១៩ វិលមករកសភាពប្រក្រតីវិញ

ដោយៈ ប៊ី

ភ្នំពេញៈ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា កម្ពុជានៅតែមានសង្ឃឹម បើទោះជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ១៩ ដ៏អាក្រក់ក៏ដោយ ខណៈចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ក្នុងមួយសប្តាហ៍បានកើនឡើងជិត ទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះនៅទូទាំងសកលោក។ នេះបើតាមសេចក្តីប្រកាសរបស់ WHO កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ។

នៅទូទាំងសកលោក ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ក្នុងមួយសប្តាហ៍បានកើនឡើងជិត ទ្វេដងក្នុងរយៈពេលពីរខែកន្លងមកនេះ ដែលនេះកំពុងឈានដល់អត្រាឆ្លងខ្ពស់បំផុត មិនធ្លាប់មានកន្លងមក។ ខណៈនេះនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់នូវករណីឆ្លងថ្មីនៅក្នុង រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយក្នុងនោះរយៈពេល៧ថ្ងៃចុងក្រោយនេះ ចំនួនករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានចន្លោះពី២៩១ ទៅ ៦៥៥នាក់ក្នុងមួយថ្ងៃ។

លោកស្រីវេជ្ជបណ្ឌិត លី វៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា “យើងដឹងថា វាមិនទាន់យឺតពេលទេក្នុងការបង្វែរស្ថានការណ៍ឱ្យល្អប្រសើរឡើងវិញបាន។ យើងនៅតែមានសង្ឃឹមជានិច្ច ដរាបណាកម្ពុជារួមគ្នាធ្វើសកម្មភាពជាធ្លុង មួយ ជាប្រជាជាតិមួយ និងសង្គមតែមួយដែលប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយសាមគ្គីភាព”។

ភស្តុតាងជាសកល នាពេលបច្ចុប្បន្ននេះ បង្ហាញថា ត្រូវមានធាតុផ្សំសំខាន់យ៉ាងហោចណាស់ចំនួនបី ដើម្បីអាចដោះស្រាយបញ្ហារាតត្បាតនៃជំងឺឆ្លងមួយនេះ ប្រកបដោយប្រសិទ្ធភាព បាន។ ទីមួយគឺថ្នាក់ដឹកនាំត្រូវតែបោះជំហានទៅមុខក្នុងការសម្រេចចិត្ត និងដាក់ចេញនូវវិធានការ ហើយទីពីរសង្គមទាំងមូលត្រូវតែចូលរួម និងទីបីពលរដ្ឋគ្រប់គ្នា ត្រូវប្រកាន់ខ្ជាប់ និង អនុវត្តតាមវិធានការសុខភាពសាធារណៈទាំងអស់ដែលដាក់ចេញ។

លោកស្រីវេជ្ជបណ្ឌិត លី វៃឡាន មានប្រសាសន៍ថា “នៅពេលដែលសមាសធាតុទាំងអស់នេះ រួមគ្នា គេអាចបញ្ឈប់កំណើន និងកាត់បន្ថយការចម្លងបាន។ យើងបានមើលឃើញការដឹកនាំដ៏រឹងមាំរបស់ថ្នាក់ដឹកនាំក្នុងប្រទេសកម្ពុជាក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងចាត់វិធានការដ៏លំបាកជាច្រើន។ ប៉ុន្តែការដឹកនាំដ៏ខ្លាំងក្លាតែមួយមុខ មិនទាន់គ្រប់គ្រាន់ទេ គឺចាំបាច់ត្រូវមានការរួបរួមសាមគ្គីគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងពលរដ្ឋគ្រប់ៗរូប។ ការរួបរួមគ្នានេះ ជាគន្លឹះនាំទៅដល់ភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩”។

ជំងឺកូវីដ-១៩ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមផងដែរ។ ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើយើងគ្រប់គ្រងស្ថានការ ផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកស្រីវេជ្ជបណ្ឌិតលី អៃឡានបានថ្លែងទៀតថា “គ្មានពេលណាដែលទំនាក់ទំនងរវាងសុខភាព និងសេដ្ឋកិច្ចត្រូវបានបង្ហាញយ៉ាងច្បាស់ដូចជាពេលបច្ចុប្បន្ននេះទេ ហេតុដូច្នេះហើយទើបវិស័យឯកជនជាដៃគូសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការផ្ទុះឡើង នៃជំងឺនេះ”។

វីរុសកូវីដ-១៩ វាលដាលងាយបំផុតនៅកន្លែងដែលមានមនុស្សច្រើនកកកុញ និងកន្លែងបិទជិតដែលមានមនុស្សនៅជិតៗគ្នា។ នៅកម្ពុជា កន្លែងទាំងនេះ មានដូចជានៅក្លឹបរាត្រី កន្លែងសេវាកម្សាន្តផ្សេងៗ រោងចក្រ និងផ្សារ រួមទាំងនៅតាមអាជីវកម្មតូចៗ ការជួបជុំជាលក្ខណៈគ្រួសារ និងនៅតាមភោជនីយដ្ឋានផងដែរ។
លោកស្រីវេជ្ជបណ្ឌិតលី អេឡានបានឱ្យដឹងថា ការផ្ទុះឡើងនូវជំងឺនាពេលបច្ចុប្បន្ន នៅតាមរោងច្រក និងផ្សារនានា ជាសារមួយដ៏គួរឱ្យឈឺចាប់ដែលរំលឹកប្រាប់យើងអំពីសារសំខាន់នៃការដាក់ចេញនិងអនុវត្តវិធានការក្នុង ងការកាត់បន្ថយហានិភ័យឱ្យបានមុនពេលដែលមានការផ្ទុះណាមួយកើតឡើង ដើម្បីបញ្ចៀសការរីករាលដាលនៃមេរោគ៕

ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន​កំពុង​ត្រៀម​នាំមុខគេ​ជាថ្មី​លើ​បច្ចេកវិទ្យា Internet 6G

ដោយៈ​ឧ​ត្ត​ម

ប្រទេស​ចិនៈ ខណៈ​មានការ​អះអាងថា បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 5G កំពុងតែ​បង្ហាញ​វត្តមាន​របស់ខ្លួន​ជា​បន្តបន្ទាប់ នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​រួមមាន​ប្រទេស​ចិន និង​អឺរ៉ុប និង​មិនទាន់មាន​វត្ត​មាននៅ​កម្ពុជា​ផង​នោះ ស្រាប់តែ​ធ្លាយ​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ថា ក្រុមហ៊ុន​មួយ​របស់​មហា​យក្ស​ចិន កំពុង​គ្រោង​សាកល្បង​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 6G។

ដោយ​ដកស្រង់​ប្រភពពី Global Times សារព័ត៌មាន The Edge Markets  បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២៥ មេសា​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei គ្រោង​បាញ់​បង្ហោះ​ផ្កាយរណប២នៅ​ខែកក្កដា ឆ្នាំ២០២១នេះ ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ ក្នុងស្រុក​ចំនួន២ ជាមួយនឹង​គោលបំណង​បញ្ជាក់​ជា​ផ្លូវការ ពី​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 6G។

យោងតាម​ផូស (Post) បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ Digital blogger ឯករាជ្យ​មួយរូប​ឈ្មោះ Chang’an Shumajun បាន​បញ្ជាក់ថា គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​នេះ នឹងធ្វើ​ឡើង​ក្រោម​កិច្ចសហការ ជាមួយ​ក្រុមហ៊ុន China Mobile ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​បណ្ដាញទូរស័ព្ទ​ចិន និង​ក្រុមហ៊ុន​អវកាស​ក្នុងស្រុក​មួយទៀត។

Digital blogger ឯករាជ្យ​ដែល​អះអាងថា​មាន​ទំនាក់ទំនង​ស្និទ្ធ ជាមួយ​ក្រុមហ៊ុន Huawei ដដែល​នេះ​បាន​លើកឡើងថា គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ចំពោះ​បច្ចេកវិទ្យាសំខាន់ៗរបស់​ប្រទេស​ចិន។

ទោះជា​យ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​បាញ់​ផ្កាយរណប 6G នៅឡើយ​ទេ៕