ដោយៈ គៀតឈូ
វ៉ាស៊ីនតោនៈ សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Elizabeth Warren កាលពីម្សិលមិញ បានអំពាវនាវដល់អ្នកធ្វើគោលនយោបាយអាមេរិក ឱ្យចូលរួមដោះស្រាយបញ្ហានានា ទាក់ទងនឹងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល (cryptocurrency) កំពុងកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
លោកស្រី Warren ដែលជាអ្នកវិភាគ និងអ្នកតស៊ូមតិដ៏លេចធ្លោនៅ Wall Street ផងដែរនេះបាននិយាយថា ការរំពឹងទុកពីកំណើនរបស់cryptocurrency ដែលកំពុងជំរុញប្រជាជនអាមេរិកឱ្យវិនិយោគរាល់ថ្ងៃ ទំនងជាមិនអាចកើតឡើងជាប្រយោជន៍ ដល់ប្រជាជននោះទេ ហើយផ្ទុយទៅវិញ រដ្ឋាភិបាលត្រូវតែធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសភាមួយថា “Cryptocurrency បានបង្កើតឱកាស ដើម្បីបោកប្រាស់វិនិយោគិន ជួយឧក្រិដ្ឋជន និងធ្វើឱ្យអាកាសធាតុមានវិបត្តិកាន់តែធ្ងន់ធ្ងរឡើង។ ការគំរាមកំហែង ដោយរូបិយប័ណ្ណcrypto បង្ហាញថាសភា និងនិយតករសហព័ន្ធ មិនអាចបន្តលាក់បាំងបានទេ ដោយសង្ឃឹមថា crypto នឹងបាត់ទៅវិញ។ ប៉ុន្តែវាមិនបាត់ទៅណាទេ។ វាគឺពេលវេលាដើម្បីប្រឈមនឹងបញ្ហាទាំងអស់នេះ”។