ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ចិន​កំពុង​ត្រៀម​នាំមុខគេ​ជាថ្មី​លើ​បច្ចេកវិទ្យា Internet 6G

ដោយៈ​ឧ​ត្ត​ម

ប្រទេស​ចិនៈ ខណៈ​មានការ​អះអាងថា បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 5G កំពុងតែ​បង្ហាញ​វត្តមាន​របស់ខ្លួន​ជា​បន្តបន្ទាប់ នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​រួមមាន​ប្រទេស​ចិន និង​អឺរ៉ុប និង​មិនទាន់មាន​វត្ត​មាននៅ​កម្ពុជា​ផង​នោះ ស្រាប់តែ​ធ្លាយ​ដំណឹង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ថា ក្រុមហ៊ុន​មួយ​របស់​មហា​យក្ស​ចិន កំពុង​គ្រោង​សាកល្បង​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 6G។

ដោយ​ដកស្រង់​ប្រភពពី Global Times សារព័ត៌មាន The Edge Markets  បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២៥ មេសា​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei គ្រោង​បាញ់​បង្ហោះ​ផ្កាយរណប២នៅ​ខែកក្កដា ឆ្នាំ២០២១នេះ ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ ក្នុងស្រុក​ចំនួន២ ជាមួយនឹង​គោលបំណង​បញ្ជាក់​ជា​ផ្លូវការ ពី​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត 6G។

យោងតាម​ផូស (Post) បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដោយ Digital blogger ឯករាជ្យ​មួយរូប​ឈ្មោះ Chang’an Shumajun បាន​បញ្ជាក់ថា គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​នេះ នឹងធ្វើ​ឡើង​ក្រោម​កិច្ចសហការ ជាមួយ​ក្រុមហ៊ុន China Mobile ដែលជា​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​បណ្ដាញទូរស័ព្ទ​ចិន និង​ក្រុមហ៊ុន​អវកាស​ក្នុងស្រុក​មួយទៀត។

Digital blogger ឯករាជ្យ​ដែល​អះអាងថា​មាន​ទំនាក់ទំនង​ស្និទ្ធ ជាមួយ​ក្រុមហ៊ុន Huawei ដដែល​នេះ​បាន​លើកឡើងថា គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ចំពោះ​បច្ចេកវិទ្យាសំខាន់ៗរបស់​ប្រទេស​ចិន។

ទោះជា​យ៉ាងណា គ្មាន​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​បាញ់​ផ្កាយរណប 6G នៅឡើយ​ទេ៕

ការសិក្សាៈ​ចិន​វិនិយោគ​លើ​វិស័យធំៗចំនួន​បួន​នៅ​កម្ពុជា​ដោយបាន​រុញ​សេដ្ឋកិច្ច​កើនឡើង​យ៉ាងខ្លាំង

ដោយៈ​សាវុធ

ភ្នំពេញៈ វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បាន​សិក្សា​លើ​គម្រោង​វិនិយោគ​របស​ក្រុមហ៊ុន​ចិនធំៗនៅ​កម្ពុជា ដោយបាន​រកឃើញថា គម្រោង​ទាំងនេះ បាន និង​កំពុង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​សេដ្ឋកិច្ចជាតិ និង​សង្គម​នៅ​កម្ពុជា។

យោងតាម​លោក​បណ្ឌិត កែវ ពិសិដ្ឋ ប្រធាន​មជ្ឈមណ្ឌល​ការសិក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​កាលពីថ្មីៗនេះ​ថា វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជាធំៗនៅ​កម្ពុជា មានដូចជា៖ ក្រុមហ៊ុន​សាងសង់​ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុន​ទំនិញ​រួច​ពន្ធ វា​រី​អគ្គិសនី ដែល​សុទ្ធសឹង​ជា​ក្រុមហ៊ុន ដែល​នាំមុខ​ក្នុង​វិស័យ​វិនិយោគ​នៅ​កម្ពុជា។

របាយការណ៍​ស្រាវជ្រាវ​ដែល​ចំណងជើង​ថា “អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​សហគ្រាស​ចិន​នៅ​កម្ពុជា” បាន​បង្ហាញថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា តាមរយៈ​ការលើកកម្ពស់​ជីវភាព ការលើកស្ទួយ​សេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារ​សង្គម និង​កិច្ចការ​មនុស្សធម៌​ដែល​បាន​ជួយ​កម្ពុជា​កន្លងមកនេះ។

លោក​បណ្ឌិត កែវ ពិសិដ្ឋ បានឱ្យដឹង​បន្តថា ការសិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី បានចាប់ផ្ដើម​ពីសី​ហា ដល់​ខែតុលា បាន​សិក្សា​ទៅលើ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​សហការ​វិនិយោក​រួមគ្នា​រវាង​ចិន និង​កម្ពុជា​ចំនួន៦ រួមមាន​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation ធនាគារ​ចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និង​ក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះ​ក្រុមហ៊ុន​វា​រី​អគ្គីសនី​សេសា​ន​ក្រោម២ មាន China Huaneng Groupជា​ម្ចាស់​ភាគហ៊ុន​ធំ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ជា​ម្ចាស់​ភាគហ៊ុន​ធំ​ទី​ពីរ។

បើតាម​លោក​បណ្ឌិត បានឱ្យដឹង​ទៀតថា ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែលមាន​ការវិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា បើ​គិតពី​ឆ្នាំ១៩៩៤ ដល់​ឆ្នាំ២០១៩ តួលេខ​ទំហំ​វិនិយោគ​របស់​ក្រុមហ៊ុន ចិន​មាន​ប្រមាណ១ភាគ៥ នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​នៅ​កម្ពុជា។ បន្ទាប់ពី​ប្រទេស​ចិន គី​ក្រុមហ៊ុន​វិនិយោគ​ដែល​មកពី​សាធារណៈរដ្ឋ​កូរ៉េ អង់គ្លេស ម៉ា​ឡេ ជប៉ុន និង​វៀតណាម៕

ឧកញ៉ា​នួន អក បង្ហាញ​ពី​ផ្នត់គំនិត៧យ៉ាង​វិជ្ជមាន​ក្នុងស្ថានភាព Lockdown

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម​ខ្លាំង ទៅនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ដ៏​គួរឱ្យ​ព្រួយបារម្ភ រហូតដល់​រាជរដ្ឋាភិបាល សម្រេច​ដាក់​ភូមិសាស្ត្រសំខាន់ៗមួយចំនួន ជាពិសេស​រាជធានី​ភ្នំពេញ ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កំពូល​នៃ​ប្រទេស​ក​កម្ពុជា បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ផ្នែក​សុខមាលភាព​សង្គម និង​សេដ្ឋកិច្ច។

ជាការ​ចូលរួម និង​ចែករំលែក​នូវ​ចំណេះដឹងខ្លះៗ ពាក់ព័ន្ធ​ទៅនឹង​ស្ថានការណ៍​នៅពេល​បច្ចុប្បន្ននេះ ឧកញ៉ា​នួន អក ដែលជា​អ្នក​បណ្តុះបណ្តាល​ចំណេះដឹង ជំនាញខ្លីៗ និង​ជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ បានបង្ហាញ​ពី​វិធីសាស្ត្រ​ចំនួន៧ចំណុច​ដែល​អាចជួយ​ជា​ជំនួយ​ផ្នែក​ស្មារតី នៅក្នុង​អំឡុង​ពេលដែល​កំពុង Lockdown នៅពេលនេះ។

ទី១ ទទួលយក​ព័ត៌មាន​ពិតប្រាកដ មាន​ប្រភព​ច្បាស់លាស់​ពី​រដ្ឋាភិបាល

ប្រសិនបើ​យើង​ចេះ តែ​ទទួលយក​ព័ត៌មាន​ដែល​គ្មាន​ប្រភព ឬ​អវិជ្ជមាន​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ទៅដល់​សតិអារម្មណ៍រ​បស់​យើង។ ធ្វើឱ្យ​យើង​មានការ​ភ័យខ្លាច​បាត់បង់​ម្ចាស់ការ ប្រសិនបើ​អ្នកមាន​អារម្មណ៍​ធ្លាក់ចុះ ដោយ​ការមើល​ព័ត៌មាន​អវិជ្ជមាន​ច្រើនពេក នោះ​អ្នក​គួរតែ​ជ្រើស​រើសយក​ព័ត៌មាន​ផ្លូវការ ២/៣ បាន​ហើយ​សម្រាប់​ធ្វើការ​បច្ចុប្បន្ន​ភាព​នៅ​ព័ត៌មាន​ថ្មី​ផ្លូវការ​របស់​រដ្ឋាភិបាល។

ទី២- ថែរក្សារ​សុខភាព​រាង​កាយ និង​អារម្មណ៍​ឱ្យបាន​ល្អ

ក្នុងកំឡុងពេល​ដ៏​លំបាក​នេះ​ចូរ​ថែរក្សា​ខ្លួនឯង​ឱ្យបាន​ល្អ​ទាំង​រាងកាយ និង​គំនិត។ ហាត់ប្រាណ យ៉ាងហោច​បំផុត​ឲ្យ​បាន២០នាទី​ក្នុង​មួយថ្ងៃ បញ្ចូល​ព័ត៌មានល្អៗច្បាស់លាស់​មាន​ប្រភព​នៅក្នុង​ផ្នត់គំនិត(វិជ្ជមាន)។

៣- មើល​លើ​ប្រព័ន្ធ​សង្គម

ជ្រើស​រើសយក account/page ដែលមាន​គំនិត​វិជ្ជមាន​ល្អ​ផ្ដល់​ដំបូន្មាន និង​គន្លឹះផ្សេងៗដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង​រីករាយ។

៤- ជួយ​គាំទ្រ​អាជីវកម្មតូចៗដែល​យើង​អាចធ្វើ​ទៅបាន

ចូល​ជួយ​ប្រើប្រាស់​សេវាកម្ម ឬ​ផលិតផល​របស់​អាជីវ​កម្ម​ដែល​នៅក្បែរ ទីតាំង​ដែល​យើង​កំពុង​រស់នៅ ព្រោះ​វា​អាចមាន​ចំណែក ក្នុងការ​ចូលរួម​ជួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ផងដែរ។

៥- បង្កើន​ការស្និទ្ធស្នាល​ជាមួយ​មនុស្ស​នៅក្នុង​ផ្ទះ (ប្ដី ប្រពន្ធ និង​កូន)

ជាធម្មតា​មនុស្សម្នាក់ៗ តែងតែ​រវល់​នឹង​កិច្ចការរៀងៗខ្លួន តែ​នេះ​ក៏​អាចជា​ពេលវេលា​ដ៏​ល្អ សម្រាប់​យើង​ធ្វើការ​យល់​ពី​មនុស្ស នៅក្នុង​ផ្ទះ​របស់​យើង ក៏ដូចជា កូន​របស់​យើង​ឲ្យ​កាន់តែច្បាស់ ដើម្បី​ងាយស្រួល​ក្នុងការ​រៀបចំ​ផែនការ​ជីវិត​សម្រាប់​ពួកគាត់។

៦- ប្រើ​ពេលវេលា​សិក្សា​អំពី​ខ្លួនឯង

វា​អាចធ្វើឱ្យ​យើង​លេចចេញ​នូវ​គំនិត​អាជីវកម្មថ្មីៗ ដូចជា​ការមើល​ទូរទស្សន៍​ដឹង​រឿងថ្មីៗ អាន​សៀវភៅ​ចំណេះដឹងថ្មីៗ ចាប់ផ្ដើម​មាន​ចំណង់​ចំណូលចិត្តថ្មី។

៧-  រៀន​អ្វីដែលថ្មីៗ

ប្រសិនបើ​យើង​មាន​ពេលវេលា​ទំនេរ​ច្រើន គួរតែ​រក​ការរៀនសូត្រ​តាម​អន​ឡាញថ្មីៗដូចជា រៀន​ភាសា​តាម​អ៊ីនធឺណិត រៀន​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា system ថ្មីៗ ក៏ដូចជា​រៀន​ធ្វើ​សមាធិ​ជាដើម។

ទាំងអស់នេះ សុទ្ធតែជា​អ្វីដែល​អាចជួយ​លោក ជំនួយ​ដល់​ផ្នែក​ស្មារតី​របស់លោក​អ្នក​នៅ​ក្នុងអំឡុង​ពេលដែល​ប្រ​ឈ ម​នៃ​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​នាពេល​បច្ចុប្បន្ន៕

ទីផ្សារ​ដីធ្លី​អាច​នឹង​ផ្តើម​មាន​សកម្មភាព​ឡើងវិញ​ក្រោយ​សេចក្ដីសម្រេច​ថ្មី​របស់​រាជរដ្ឋាភិបាល

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្រោយ​ការចេញ​សេចក្ដីសម្រេច​ថ្មី​លេខ ៥៣ សសរ ចុះ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អ្នកប្រតិបត្តិ​ករ​នៅក្នុង​ទីផ្សារ​ដីធ្លី បានបង្ហាញ​ពី​ក្ដី​សាទរ និង​មានជំនឿថា​សកម្មភាព​ទីផ្សារ​ទិញ​លក់​ដីធ្លី អាច​នឹង​កម្រើក​ឡើងវិញ បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល​កន្លងទៅនេះ បើទោះជា​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៅ​មិនទាន់​អាច​បើក​ចរាចរណ៍​ក៏ដោយ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន DEYTHMEY Real Estate លោ​កវិន ឈុន​ហ៊ា​ត​បាន​មានប្រសាសន៍ ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា តាម    រយៈ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យមាន​ការធ្វើ​ចរាចរណ៍​ឆ្លងខេត្ត ក៏ដូចជា​ការអនុញ្ញាត​ឱ្យ​ដំណើរការ តំបន់​រមណីយដ្ឋាន​នៅ​ទូទាំងប្រទេស​នេះ គឺជា​រឿង​ល្អ​សម្រាប់​អ្នក​ប្រកបមុខរបរ​អាជីវក​ម្ម​ផ្សេង​គ្រប់​វិស័យ ដែល​ក្នុងនោះ​ក៏​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ទីផ្សារ​ដីធ្លី​ផងដែរ។

លោក​បាន​បន្តថា “ខ្ញុំ​គិតថា ការសម្រេច​ថ្មី​របស់​រដ្ឋាភិបាល​នៅពេលនេះ គឺជា​ការជួយ​សម្រួល​ដ​ល់​ដំណើរការ​អាជីវកម្ម ស្ទើរ​គ្រប់​វិស័យ​រាប់ទាំង​ទាំងអស់​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​សម្រាប់​អ្នករកស៊ី នៅក្នុង​វិស័យ​អចលនទ្រព្យ ក៏​អាចមាន​សកម្មភាព​ផងដែរ” ។ លោក​បន្តថា “នៅក្នុង​ដំណាក់កាល​នេះ ការទិញ​លក់​ដីធ្លី​មិនអាច​កើតមានភ្លាមៗនោះទេ ប៉ុន្តែ​យ៉ាងហោចណាស់ ក៏បាន​អនុញ្ញាតឱ្យ​អ្នករក​ស៊ីក្នុង​វិស័យនេះ ជាពិសេស​ផ្នែក​ដីធ្លី នៅតាម​តំបន់​ជុំវិញ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា​ខេត្តកំពត កែប មណ្ឌល​គី​រី សៀមរាប ជាដើម អាច​ដើរ​មើល​ទីតាំង​គោលដៅ​វិនិយោគ​របស់ខ្លួន” ។

ជាមួយគ្នានេះ ប្រធាន​សមាគម​អចលនទ្រព្យ​សកល លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ជាមួយគ្នានេះ​ថា តាមរយៈ​សេចក្ដី​របស់​រាជរដ្ឋាភិបាល​លេខ៥៣ សសរ នេះ គឺ​ពិត​ជាមាន​សារសំខាន់ ជាពិសេស​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ រកស៊ី​ក្នុង​វិស័យផ្សេងៗ ប៉ុន្តែ​សម្រាប់​ទីផ្សារ​អចលនទ្រព្យ ហាក់​នៅ​មិនទាន់​អាចមាន​សកម្មភាព​ឡើងវិញ​សកម្មភាព​បាន​នោះទេ ដរាបណា​រាជធានី​ភ្នំពេញ នៅតែ​ជា​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ខ្ទប់។

លោក​បញ្ជាក់ថា “មិន​ថា​ចំពោះ​អ្នករកស៊ី​តូចធំ អ្នកវិនិយោគ ឬ​ជា​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នោះទេ ភាគច្រើន​គឺ​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​នៅពេលដែល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​បិទ​ខ្ទប់ ពួកគាត់​ក៏​នៅតែ​មិនទាន់ អាចមាន​សកម្មភាព​ធំដុំ​នៅឡើយ ក្រៅពី​បន្ត​កិច្ចទំនាក់ទំនង​តាមរយៈ​អន​ឡាញ” ។

លោក​បន្តថា ការបិទ​ខ្ទប់​តំបន់ និង​ភូមិសាស្ត្រ​ចំនួន២ រួមមាន​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល បាន​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​ជាខ្លាំង ជាក់ស្ដែង​ការវិនិយោគ និង​អភិវឌ្ឍន៍​គម្រោងធំៗ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ហើយ​សាយភាយ​បន្ត ទៅតាម​បណ្តា​តំបន់​ដែល​ស្ថិតនៅ​ជិត។ ដូច្នេះ​ក្នុងដំណាក់កាល​នេះ ទីផ្សារ​អចលនទ្រព្យ ហាក់​នៅ​មិនទាន់មាន​ភាពល្អប្រសើរ​ឡើងវិញ​នៅឡើយ​នោះទេ។

លោក​បន្តថា ទីផ្សារ​អចលនទ្រព្យ​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ​បាន ទាល់តែ​វិបត្តិ​ជំងឺ​កូ​វីដ​ត្រូវ​បានបញ្ចប់ ដូច្នេះ​មានតែ​ការចូលរួមរ​បស់បង​ប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សេចក្ដីសុខ សុវត្ថិភាព សង្គមជាតិ និង​ជួយ​សេដ្ឋកិច្ច​គ្រួសារ ក៏ដូចជា​ប្រទេសជាតិ​ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ៕

សណ្ឋាគារ​ដ៏​ល្បីឈ្មោះ​របស់​អាម​រិ​ក​ត្រៀម​បើក​ដំណើរការ​នៅ​ទីផ្សារ​កម្ពុ​ជានា​ឆ្នាំក្រោយ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ គម្រោង​សណ្ឋាគារ Hilton Phnom Penh ដែលមាន២៨០បន្ទប់ និង​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ គ្រោង​នឹងដាក់​ដំណើរ​នៅ​ឆ្នាំ២០២២ នេះ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​គេហទំព័រ Hospitalitynet កាលពីថ្មីៗនេះ។

ក្រុមហ៊ុន​បដិសណ្ឋារកិច្ច Hilton របស់​អាមេរិក ដែលជា​ក្រុមហ៊ុន​បដិសណ្ឋារកិច្ច​ដ៏​ល្បីឈ្មោះ​មួយ​នៅលើ​ពិភពលោក និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្រុមហ៊ុន GFC Company Limited បានប្រកាស​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្នុង​ការបើក​ដំណើរការ​សណ្ឋាគារ​ថ្មី​មួយ​នេះ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ។

សណ្ឋាគារ​នេះ ស្ថិតនៅ​ចម្ងាយ​តែ៩គីឡូម៉ែត្រ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ ពោល​នៅ​ជិត​ទីតាំងល្បីៗមួយចំនួន​របស់​រាជ​ធានី ដូចជា ផ្សារកណ្តាល ផ្សារ​ថ្មី និង​អគារ Vattanac Capital Tower ជាដើម។

សណ្ឋាគារ Hilton Phnom Penh នឹងចូលរួម​លើកស្ទួយ​វិស័យ​បដិសណ្ឋារកិច្ច​កម្ពុជា និង​បណ្តុំ​ទៅដោយ​ភោជនីយដ្ឋាន ហាង​កាហ្វេ បារ និង​កន្លែង​ទទួលភ្ញៀវ ដើម្បី​បំពេញ​តាម​ចំណង់​ចំណូលចិត្ត​របស់​អតិថិជន។ ក្រៅពីនេះ ក៏មាន​កន្លែង​ប្រជុំ និង​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​នានា ដែលមាន​ទីតាំង១៥០០ម៉ែត្រក្រឡា រួមទាំង​បន្ទប់​មាន​ទំហំ៨៧៥ម៉ែត្រក្រឡា។

សណ្ឋាគារ​នេះ ក៏​នឹងមាន​កន្លែង​ជួបជុំ​ពិភាក្សា​លើ​ជំនួញ មជ្ឈមណ្ឌល​ហាត់ប្រាណ និង​អាង​ហែល​ទឹក​ផងដែរ។

សណ្ឋាគារ Hilton គឺជា​និមិត្តសញ្ញា​ដ៏​ល្បីល្បាញ​របស់​សហរដ្ឋអាមេរិក ដែល​បំរើ​ដល់​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច នៅ​ទូទាំង​ពិភពលោក៕

ប្រធាន​អង្គការ​សុខ​ភា​ពិភពលោកៈ​តេស្ត​រហ័ស ទោះបី​អវិជ្ជមាន​កូ​វីដ​តែ​ជនមាន​ហានិភ័យ​ខ្ព​ស់់ត្រូវ

ដោយៈ​គង់ សូរិយា

ភ្នំពេញៈ ប្រធាន​អង្គការ​សុខភាព​ពិភពលោក លោកស្រី​វេជ្ជបណ្ឌិត​ Li Ailan បាន​ព្រមាន​ថា ថ្វីត្បិតតែ​ឧបករណ៍​តេស្ត​រហ័ស​មាន​អត្ថប្រយោជន៍​យ៉ាងច្រើន ដូចជា​ងាយស្រួល​ប្រើ និង​មាន​លទ្ធផល​តេស្ត​បាន​លឿន​ក៏ដោយ តែ​មិនមាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការធ្វើ​តេស្ត​តាម​ RT-PCR ឡើយ។

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តថា ការធ្វើ​តេស្ត​តាម​ឧបករណ៍​តេស្ត​រហ័ស ទោះជា​លទ្ធផល​អវិជ្ជមាន​ក៏ដោយ ក៏​មិនអាច​ស​ន្និ​ដ្ធា​ន​បាន​ថា អ្នក​ដែល​ទទួល​ការធ្វើ​តេស្ត​នេះ​មិនបាន​ឆ្លង​ជំងឺ​កូ​វីដ១៩ឡើយ។

លោកស្រី​បន្ថែមថា “យើង​សូម​ផ្តល់យោបល់​ដល់​រដ្ឋាភិបាល​ថា ទោះបីជា​លទ្ធផល​នៃ​ការធ្វើ​តេស្ត តាម​ឧបករណ៍​តេស្ត​រហ័ស ចេញមក​អវិជ្ជមាន​ក៏ដោយ ចាំបាច់​ត្រូវតែ​អោយ​អ្នក​ដែលមាន​ហ​និ​ភ័យ​ខ្ពស់ បន្ត​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ពី​គេ​ដដែល” ។

លោកស្រី​វេជ្ជបណ្ឌិត Li Ailan បានបញ្ជាក់​ផងដែរ​ថា ក្នុង​ករណីខ្លះ ក្រសួង​ក៏​នឹងធ្វើ​តេស្ត​តាម ​RT-PCR ដែរ ដើម្បី​ជៀសវាង​មាន​បញ្ហា​ថ្លោះធ្លោយ។ អង្គការ​សុខភាព​ពិភពលោក នឹង​វាយតម្លៃ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ដើម្បី​អនុញ្ញាតឱ្យ​ប្រើប្រាស់​ជា​លក្ខណៈ​បន្ទាន់។

យោងតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក គិត​ត្រឹម​ថ្ងៃទី៩ ខែមេសា​កន្លងមកនេះ អ្នក​ដែល​បានទទួល​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ១៩មាន​ចំនួន​ជាង៧០០លាន​ដូ​ស នៅ​ទូទាំង​ពិភពលោក​ប៉ុន្តែ​ការរីក​រាលដាល នៃ​ពិភពលោក​មាន​និន្នាការ​កើនឡើង​ទៅវិញ។

មូលហេតុ​មួយ គឺ​ដោយសារតែ​ការ​ចែកចាយ​វ៉ាក់សាំង​មិន​ស្មើគ្នា ដោយ​ក្នុងនោះ​មាន៨៧ភាគរយ​នៃ​វ៉ាក់សាំង ត្រូវបាន​ប្រមូលផ្តុំ​នៅក្នុង​ប្រទេស​អ្នកមាន ដែល​ធ្វើអោយ​ប្រទេស​ជាច្រើន មិន​បានទទួល​វ៉ាក់សាំង​គ្រប់គ្រាន់ ដើម្បី​ចាក់​វ៉ាក់សាំង​ដល់​បុគ្គលិក​ពេទ្យ​និង​ក្រុម​ដែលមាន​ហានិភ័យ​ខ្ពស់​នោះទេ។

លោក​វេជ្ជបណ្ឌិត Li Ailan បាន​សង្កត់ធ្ងន់ថា “វ៉ាក់សាំង​គឺជា​ឧបករណ៍ ដ៏​មាន​ឥទ្ធិពល​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​វ៉ាក់សាំង​តែមួយ​មុខ​មិន​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​ការរីក​រាលដាល​នោះទេ” ។

លោកស្រី​បញ្ជាក់ថា វ៉ាក់សាំង​អាចជួយ​កាត់បន្ថយ​អត្រា​ចូល​មន្ទីរពេទ្យ និង​ជំងឺ​ធ្ងន់ធ្ងរ។ ដូច្នេះហើយ​ត្រូវតែ​រក្សារ​ការពារ​កុំអោយ​ប្រព័ន្ធ​សុខាភិបាល​ដួលរលំ ប៉ុន្តែ​លោកស្រី​បាន​ព្រមាន​ថា ប៉ុន្តែ​មិនមាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បី​បង្ហាញថា​វ៉ាក់សាំង គឺ​គ្រប់គ្រាន់​ដើម្បី​ការពារ​មនុស្ស​ពី​ការឆ្លង​ជំងឺ​កូ​វីដ១៩ឡើយ។ ដូច្នេះ​ទោះបីជា​អ្នក​ដែល​ទទួល​ការចាក់​វ៉ាក់សាំង​ហើយក៏​ដោយ អ្នក​នៅតែ​អាច​ឆ្លង និង​ចម្លង​ទៅ​អ្នកដទៃ​បាន​ដដែល ប៉ុន្តែ​វា​គ្រាន់តែ​អាច​កាត់បន្ថយ​ជំងឺ​អោយមាន​ស្ថានភាព​ធូរស្រាល” ៕

ឧកញ៉ា​ម៉ន សុខាៈ​ការសម្រេច​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​ខេត្ត ជាការ​យកចិត្តទុកដាក់​លើ​សុខមាលភាព និង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ការ​សាទរ និង​គាំទ្រ​ទាំងស្រុង​ទៅនឹង​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ឧកញ៉ា​ម៉ន សុខា​បាន​លើកឡើងថា ការសម្រេច​បញ្ចប់​ហាមឃាត់​ការធ្វើដំណើរ និង​បញ្ចប់​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​រាជរដ្ឋាភិបាល​ទៅលើ​សុខមាលភាព​សង្គម និង​សេដ្ឋកិច្ចជាតិ​កម្ពុជា។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា (CLDA) ឧកញ៉ា​ម៉ន សុខា បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ នៅ​ល្ងាច​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មួយរូប និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញទំហឹង និង​គោរព​តាម​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស។

លោក​ឧកញ៉ា​បន្តថា ការចេញ​សេចក្ដីសម្រេច​លេខ៥៣ សសរ ចុះ​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​យ៉ាងខ្ពស់ ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ទៅលើ​ការសម្រួល​ដល់​ស្ថានភាព​លំបាក របស់​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់ ទៅលើ​សុខមាលភាព​សង្គម និង​សេដ្ឋកិច្ចជាតិ​ផងដែរ។

លោក​ឧកញ៉ា​ម៉ន សុខា បាន​បញ្ជាក់ថា ការអនុញ្ញាត​ឱ្យមាន​ចរាចរណ៍​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ពី​ខេត្ត​មួយ​ទៅ​ខេត្ត និង​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​តំបន់​រមណីយដ្ឋាន​នានា​ទូទាំងប្រទេស លើកលែងតែ​តំបន់​បិទ​ខ្ទប់​មួយចំនួន ដូចជា​រាជធានី​ភ្នំពេញ ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តា​ក ក្រុងព្រះសីហនុ និង​តំបន់ផ្សេងៗមួយចំនួនទៀត​នោះ​គឺអាច​បង្ហាញ​បាន​ថា ដង្ហើម​ក៏ដូចជា​ចរន្ត​សេដ្ឋកិច្ច នឹងមាន​ភាពល្អប្រសើរ​ជាង​អំឡុង​ពេលដែល​មានការ​បិទ​ចរាចរណ៍​កាលពី​ពេល​កន្លងទៅថ្មីៗនេះ។

យ៉ាងណាក៏ដោយ លោក​ឧកញ៉ា​បាន​បញ្ជាក់ថា បើទោះជា​មានការ​សម្រេច​អនុ   ញ្ញាត​ឱ្យមាន​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​តំបន់ និង​បណ្តា​ខេត្ត​ក្រុង​ទូទាំងប្រទេស​លើកលែងតែ​ភូមិសាស្ត្រ​បិទ​ខ្ទប់ ជាពិសេស​ការបើក​ឱ្យមាន​ដំណើរការ នូវ​តំបន់​រមណីយដ្ឋាន​នានា​ទូទាំងប្រទេស​នៅពេលនេះ គឺ​សំដៅ​តែ​ចំពោះ​តំបន់ ដែល​មិនមាន​ការរីក​រាលដាល​ដែល​ត្រូវបាន​ហាមឃាត់​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​ការបង្ហាញ ឱ្យឃើញ​ពី​ភាព​ធូ​ស្បើយ​នៃ​ការឆ្លង​ជំងឺ​នោះឡើយ។

ជាក់ស្ដែង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កំណើន​នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ មាន​រាប់រយ​នាក់​ជាប់​ជាប្រចាំ ដែល​តម្រូវឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចូលរួម​ពង្រឹង​ការអនុវត្ត​វិធានការ ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យបាន​ខ្ជាប់ខ្ជួន​ជាទីបំផុត៕

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស

ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន។

យោងតាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១!

តើ​មេរោគ​កូ​វីដ១៩ដែល​កំពុង​រាលដាល​នៅ​កម្ពុជា​ជា​ប្រភេទ​មេរោគ​បំ​លែង​ថ្មី ឬ​យ៉ាងណា

ដោយៈ​ស៊ីវ ម៉េង

ភ្នំពេញៈ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី Li Ailan បាន​មានប្រសាសន៍ថា មូល​ហេតុដែល​បណ្តាលឱ្យ​មានការ​ផ្ទុះឡើង​ខ្លាំង នៃ​ជំងឺ​កូ​វីដ១៩ខ្លាំងឡើងៗ ជា​វីរុស​កូ​វីដ១៩បំ​លែង​ថ្មី​ប្រភេទ B.1.1.7 ដែល​វា​មាន​ការឆ្លង​កាន់តែខ្លាំង។

ការរីក​រាលដាល​មេ​រោ​អ​នេះ ដែល​មិនអាច​គ្រប់គ្រង​គឺមាន​កត្តាធំ៣យ៉ាង រួមមាន ទី១ បច្ចុប្បន្ន​វីរុស​កូ​វីដ១៩ដែល​កំពុង​ចរាចរ​ក្នុងប្រទេស​កម្ពុជា គឺជា​វីរុស​កូ​វីដ១៩បំ​លែង​ថ្មី​ប្រភេទ B.1.1.7 ដែល​វា​មាន​ការឆ្លង​កាន់តែខ្លាំង។ ទី២ ការកើនឡើង​នៃ​អ្នក​ដែល​បាន​ឆ្លង ដែល​មិន​ចេញ​រោគសញ្ញា បណ្តាលអោយ​ការយឺតយ៉ាវ ក្នុង​ធ្វើតេស្ត​រកឃើញ​ករណី​ថ្មី នៃ​វិជ្ជមាន​កូ​វីដ១៩ ។ ទី៣ ការគោរព​វិធានការ​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ របស់​ប្រជាជន​ចាប់ផ្តើម​ធ្លាក់ចុះ។

លោកស្រី​ក៏បាន​សម្តែង​ការព្រួយបារម្ភ អំពី​បរិយាកាស​ការងារ នៅក្នុង​រោងចក្រ​និង​ទីផ្សារ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដោយ​លោកស្រី​ចង្អុល​បង្ហាញថា នៅ​ទីនោះ​ភាគច្រើន គឺ​មិនបាន​បំពេញ​តាម​ស្តង់ដារ បង្ការ​ជំងឺឆ្លង​វីរុស​កូ​វីដ១៩នោះទេ ដោយ​កន្លែង​ទាំងនោះ​ខ្វះ​ខ្យល់​ចេញចូល បរិយាកាស​ការងារ​ចង្អៀត ដែលមាន​មនុស្ស​ច្រើន​កុះករ និង​ពិបាក​រក្សា​អនាម័យ​ជាដើម។

លោកស្រី Li Ailan បានចង្អុលបង្ហាញ​ថា ការបិទ​ទីក្រុង​គ្រាន់តែ​ជា​គោលនយោបាយ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ ព្រោះ​វា​នឹង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សង្គម និង​សេដ្ឋកិច្ច ហើយ​នឹងមាន​សំពាធ​កាន់តែ​តានតឹង​ជាខ្លាំង ចំពោះ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​មួយចំនួន​នៅក្នុង​សង្គម។ ដូច្នេះហើយ​វិធាន​ការបិទ​ខ្ទប់ វា​មិនមែនជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​វែង​នោះទេ។

លោកស្រី​បន្តថា “គ្រាន់តែ​បិទ​ទីក្រុង​គឺ​មិន​គ្រប់គ្រាន់​ទេ។ យោងតាម​បទពិសោធន៍​ពី​បណ្តា​ប្រទេសផ្សេងៗបង្ហាញថា មានតែ​វិធានការ​អនាម័យ​ជា​មូលដ្ឋាន​ដូចជា ការ​លាងដៃ​ញឹកញាប់ ពាក់​ម៉ាស កុំទៅ​កន្លែង​ដែលមាន​មនុស្ស​ច្រើន បញ្ឈប់​ការប្រមូលផ្តុំ និង ថែរក្សា​ស្តង់ដារ​ការពារ​ការ​រាតត្បាត នៅតាម​កន្លែងធ្វើការ​ជាដើម” ។ លោកស្រី​បន្តថា “បើ​មិន​ដូច្នោះ​ទេ ទោះបី​រយៈពេល​ខ្លី​មានការ​ថយចុះ នៃ​ចំនួនវិជ្ជមាន​កូ​វីដ១៩ក៏ដោយ វា​នឹង​កើនឡើង​វិញ ប្រសិនបើ​មិន​គោរព​រឺ​អនុវត្តតាម​វិធានការ​ខាងលើ” ។

លោកស្រី​បាន​បញ្ជាក់ថា រាល់​វិធានការណ៍​បង្ការ​ការឆ្លង​រីក​រាលដាល គឺមាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ប្រសិនបើ​ប្រជាជន​ទាំង​អាច សុទ្ធតែ​អាច​គោរព​បាន​យ៉ាង​តឹងរឹង នូវ​រាល់​វិធានការ​បង្ការ​ការរីក​រាលដាល​ទាំងនោះ ប្រាកដជា​អាច​កាត់ផ្តាច់​ខ្សែចម្លង​នៃ​មេរោគ​កូ​វីដ១៩បាន៕

ដំណឹង​ល្អៈ ចិន​ត្រៀម​ជួ​យកម្ពុជា​ក្នុងការ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​កូ​វីដ១៩

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោក ចាវ លី​ចៀន ( Zhao Lijian ) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​ថ្លែងថា ក្នុងនាម​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា ចិន​នឹង​បន្ត​ជួយ​កម្ពុជា​តាម​សមត្ថភាព សម្រាប់​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ១៩ ទៅតាម​ការស្នើសុំ​ជា​បន្តបន្ទាប់​ទៀត។ នេះ​បើ​យោងតាម​ការចុះផ្សាយ ដោយ​គេហទំព័រ​របស់​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១នេះ។

ការបញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការបរទេស​ចិន​ខាងលើ បានធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​សារព័ត៌មាន China Daily ដែល​បាន​សួរ​ពាក់ព័ន្ធ​នឹង​ចំនួន អ្នក​ឆ្លង​កូ​វីដ១៩ នៅ​កម្ពុជា​ប្រចាំថ្ងៃ ដែល​បន្ត​រក្សា​ចំនួន ៣ខ្ទង់ រហូតដល់​មានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ថែមទាំង​មានការ​រឹតត្បិត​ការធ្វើដំណើរ​ជាដើម។

លោក​ចាវ លី​ចៀន បាន​ថ្លែងថា ចិន​កំពុង​តាមដាន​ស្ថានការណ៍​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា​យ៉ាង​យកចិត្តទុកដាក់។ តាម​អ្នកនាំពាក្យ​រូបនេះ ចិន​ជឿជាក់ថា ក្រោម​ព្រះរាជកិច្ច​គាំពារ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ក្រោម​ការដឹកនាំ​ដ៏​រឹងមាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រជាជន​កម្ពុជ ច្បាស់​ជា​អាច​ទទួលបាន​ដំណោះស្រាយ​ដ៏​ល្អ ឆ្លើយតប​នឹង​វិបត្តិ​បច្ចុប្បន្ននេះ ហើយក៏​ធានាបាន​នូវ​ជ័យជម្នះ​លើ​ជំងឺ​កូ​វីដ១៩ យ៉ាង​ឆាប់រហ័ស។

លោក​បន្ថែមថា “តាំងពី​ឆ្នាំមុន ចិន និង​កម្ពុជា​បាន​ឈរ​រួមគ្នា​គ្រប់​កាលៈទេសៈ។ អំឡុងពេល​មាន​ស្ថានភាព​ប្រកបដោយ​គ្រោះថ្នាក់ គឺ​ពេលដែល​ចិន​កំពុង​ប្រយុទ្ធ​នឹង​កូ​វីដ១៩ សម្តេច​តេ​ជោ ហ៊ុន សែន​បានធ្វើ​ទស្សនកិច្ច​នៅ​ចិន ជា​និមិត្តរូប​នៃ​ការគាំទ្រ។លោក​បន្តថា “ទំនាក់ទំនង​ទ្វេភាគី និង​មិត្តភាព​រវាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ បាន​ស្តែងចេញ​កាន់តែខ្លាំងឡើងៗ នៅក្នុង​ការរួម​គ្នា​ឆ្លើយតប​នឹង​វិបត្តិ​ជា​សកល​នេះ” ។

អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់ទៀតថា “ក្នុងនាម​ជា​មិត្ត​ដែកថែប វា​ជា​ក្រិត​ក្រម​ធម្មជាតិ​ទៅហើយ នៅពេលដែល​កម្ពុជា កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ចិន​នឹង​ប្រឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​សហការ​ជាមួយ​កម្ពុជា ក្នុងការ​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ជំងឺ​នេះ។ នេះ​មិន​ត្រឹមតែ​ជាស​ក្ខី​បទ បង្ហាញ​ពី​ទំនាក់ទំនង​ពិសេស​របស់​យើង​ទេ ប៉ុន្តែ​ថែមទាំង​ផ្នែក​ដ៏​សំខាន់​មួយ នៅក្នុង​ការ​ប្រឹង​ប្រឹង​រួមគ្នា កសាង​សហគមន៍​រួម​វាសនា​តែមួយ

លោក​ចាវ លី​ជាង ក៏បាន​លើកឡើង​ពី​ជំនួយ​របស់​ចិន ទាំង​ផ្នែក​ហិរញ្ញវត្ថុ វ៉ាក់សាំង និង​គ្រឿង​បរិក្ខា​នានា ក្នុង​គោលដៅ​ចូលរួម​សមរភូមិ​កូ​វីដ១៩ នៅ​កម្ពុជា​ផងដែរ។

លោក​បន្តថា ក្នុងនាម​ជា​មិត្ត​ដែកថែប​ជាមួយ​កម្ពុជា) ចិន​នឹង​បន្ត​ជួយ​កម្ពុជា​តាម​សមត្ថភាព សម្រាប់​ការទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ១៩ ទៅតាម​ការស្នើសុំ​ជា​បន្តបន្ទាប់​ទៀត» ។ នេះ​ជាការ​បញ្ជាក់ច្បាស់ៗ ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។

ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ចិន​បានផ្តល់​ឲ្យ​កម្ពុជា ទាំង​ផ្នែក​ហិរញ្ញវត្ថុ វ៉ាក់សាំង និង​គ្រឿង​បរិក្ខា​ជាច្រើន។ សរុប​មកទល់ពេលនេះ វ៉ាក់សាំង​ដែលជា​ជំនួយ​របស់​ចិន​ផ្ដល់ជូន​កម្ពុជា ប្រភេទ​ស៉ី​ណូ​ហ្វា​ម មាន​ចំនួន ១,៣lលាន​ដូ​ស។

ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ-១៩រដ្ឋាភិបាល​ចិន ក៏បាន​សម្រេច​ផ្តល់ជំនួយ ឥត​សំណង​ជា​វ៉ាក់សាំង​ស៉ី​ណូ​ហ្វា​ម​ចំនួន៤០ម៉ឺន​ដូ​ស បន្ថែមទៀត​ដល់​ភាគី​កម្ពុជា។ បើតាម​ការប្រកាស​រប​ស់​ស្ថានទូត​ចិន​នៅ​កម្ពុជា វ៉ាក់សាំង​ទាំងនេះ នឹង​ដឹកជញ្ជូន​មកដល់​កម្ពុជា នា​ចុងខែ​មេសា ឆ្នាំ២០២១ខាងមុខនេះ តាមរយៈ​ជើងហោះហើរ​ពាណិជ្ជកម្ម៕

ប្រភព៖ Fresh News